កម្ពុជាសម្រេចទិញអគ្គិសនីផលិតដោយធ្យូងថ្ម២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2019 ក+ ក-

ភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃពុធនេះ បានអនុម័ត គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម២៤០០មេហ្កាវ៉ាត់ ពីប្រទេសឡាវ។ ការសម្រេចទិញប្រភពថាមពលដើរដោយធ្យូងថ្មពីឡាវនាពេលនេះ គឺនៅមុនមួយថ្ងៃនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត មកកាន់ព្រះរាជាណាចក្រកម្ពុជា។

គម្រោងទិញប្រភពអគ្គិសនីផ្ទាល់ ពីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មចំនួន២ របស់ប្រទេសឡាវ ដែលមានអានុភាពសរុប២៤០០មេហ្កាវ៉ាត ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង។ កម្ពុជានឹងទទួលបានផលប្រយោជន៍នៃការទិញប្រភពអគ្គិសនី សម្រាប់ផលប្រយោជន៍យុទ្ធសាស្រ្តវែងឆ្ងាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់ ឯ.ឧ ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯ.ឧ ផៃ ស៊ីផាន ឲ្យដឹងថា ការសម្រេចទិញអគ្គិសនីបន្ថែមពីឡាវនេះ គឺដោយសារ កំណើននៃការវិនិយោគ និងការរីកចំរើននៃសេដ្ឋកិច្ចយ៉ាងលឿនរហ័ស ដែលធ្វើឲ្យតម្រូវការអគ្គិសនីកើនលើសការគ្រោងទុក។ គម្រោងវិនិយោគលើរោងចក្រផលិតអគ្គិសនីទាំង២ ដែលមានអានុភាព២៤០០ មេហ្កាវ៉ាត់ ក្នុងខេត្តចំនួនពីរគឺខេត្តសេកុង និងខេត្តសាឡាវ៉ាន ប្រទេសឡាវ គឺជាគម្រោងប្រើបា្រស់ រ៉ែធ្យូងថ្មនៅនឹងកន្លែង ហើយត្រូវផ្គត់ផ្គង់អគ្គិសនីផ្តាច់មុខទាំងអស់មកប្រទេសកម្ពុជា ដោយភ្ជាប់ផ្ទាល់មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា ដូចគម្រោងប្រភពអគ្គិសនីក្នុងប្រទេសកម្ពុជា មិនឆ្លងកាត់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីឡាវឡើយ។

តាមការឯកភាព គ្នារវាងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៃប្រទេសទាំងពីរ តម្រូវឲ្យ ក្រុមហ៊ុនវិនិយោគ និងផលិតអគ្គិសនីរបស់ប្រទេសឡាវទាំង២ មានកាតព្វកិច្ចសាងសង់អនុស្ថានីយនិងខែ្សបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីរោងចក្រផលិតអគ្គិសនី មកព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចំប៉ាសាក់ ជាប់នឹងខេត្តស្ទឹងត្រែង ចំណែកអគ្គិសនីកម្ពុជាមានកាតព្វកិច្ចសាងសង់អនុស្ថានីយ និងខែ្សបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅភ្ជាប់ នឹងខែ្សបញ្ជូននេះដើម្បីទទួលយកប្រភពអគ្គិសនី។ កម្ពុជាធានាទិញគឺ៨៥% នៃអនុភាពបញ្ចេញរបស់រោងចក្រផលិតអគ្គិសនីរបស់ក្រុមហ៊ុនទាំង២ ។ថ្លៃលក់ថាមពលអគ្គិសនីឲ្យអគ្គិសនីកម្ពុជានៅចំណុចព្រំដែន គឺស្មើនឹង៧,៧ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង និងថេរសម្រាប់អាណត្ត នៃកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រយៈពេល៣០ឆ្នាំ។ អ្នកនាំពាក្យ អះអាងថា ការទិញអគ្គិសនីដើរដោយធ្យូងថ្មពីឡានេះ នឹងមិនមានផលប៉ះពាល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ តាមការគ្រោង ទុក រោងចក្រទាំងពីរ នឹងអាចដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី នៅចុងឆ្នាំ ២០២៤។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជានឹងទទួលផលចំណេញច្រើនពីការទិញប្រភពអគ្គិសនីពីគម្រោងផលិតអគ្គិសនីទាំង២ ដែលវានឹងជួយកាត់បន្ថយការទិញអគ្គិសនី ដែលមានតម្លៃថ្លៃពីប្រភពនាំចូលមកពីប្រទេសវៀតណាម និងប្រទេសថៃ ធានាបាននូវការផ្គត់ផ្គង់បន្ថែមដល់ប្រព័ន្ធជាតិ ឲ្យមានស្ថិរភាព ជាពិសេសនៅរដូវប្រាំង។ ពិសេសវា នឹងផ្គល់លទ្ធភាព ឲ្យរាជរដ្ឋាភិបាលកម្ពុជា វិនិយោគសាងសង់ខែ្សបញ្ជូនតង់ស្យុងខ្ពស់ ៥០០ គីឡូវ៉ុល ថ្មីបន្ថែមទៀត ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជាអាចទិញថាមពលដែលមានថ្លៃទាបសមរម្យ ពីបណ្តុំស្ថានីយវារីអគ្គិសនីនៅភាពខាងត្បូងនៃប្រទេសឡាវ មុនឆ្នាំ២០២៤ សម្រាប់បំពេញកង្វះខាតអគ្គិសនីនៅក្នុងប្រទេសយើង។ ប្រព័ន្ធខែ្សបញ្ជូនថ្មីទាំងនេះក៏នឹងផ្តល់ឱកាសថ្មីឲ្យប្រទេសកម្ពុជាអាចទិញថាមពល បន្ថែមពីប្រភពផ្សេងៗទៀត ដែលមានថ្លៃទាបនៅថ្ងៃអនាគត។

គួរបញ្ជាក់ដែរថា ទំហំវិនិយោគរបស់គម្រោងទាំង ២របស់ឡាវនេះ សរុបចំនួន ៤៩៧០ លានដុល្លារអាមេរិក ដែលគិតទាំងហេដ្ឋារចនាសម្ព័នអណ្តូងរ៉ែធ្យូងថ្ម រោងចក្រផលិតអគ្គិសនី អនុស្ថានីយ និងខែ្សបណ្តាញបញ្ជូនអគ្គិសនីមកដល់ព្រំដែនកម្ពុជា-ឡាវ៕