ព័ត៌មានខ្លីសំខាន់ៗប្រចាំថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 March, 2020 ក+ ក-

 

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ទៅលោក រ៉ុង ឈុន ឱ្យឈប់ទាមទារ EBA ២០ ភាគរយ

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នាព្រឹកថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានបញ្ជាក់ជំហរដូចលើកមុនៗថា កម្ពុជា នឹងមិនយកអធិបតេយ្យភាពដូរជាមួយប្រព័ន្ធអនុគ្រោះពន្ធ និងមិនសុំឱ្យសហភាពអឺរ៉ុបផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ ២០ភាគរយមកវិញទេ។ ជាមួយនេះ សម្តេចតេជោ ក៏បានប្រាប់ទៅលោក រ៉ុង ឈុន ជាមន្ត្រីអង្គការសង្គមស៊ីវិល ឱ្យឈប់វិភាគពីរឿងនេះ៕

អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា បានធ្លាក់ចុះ៥២ភាគរយ

ភ្នំពេញ ៖ ក្នុងពេលវីរុសកូរ៉ូណា ឬជំងឺកូវីដ១៩ កំពុងផ្ទុះនៅលើពិភពលោកនិងរាលដាលឆ្លងដល់ពលរដ្ឋជាង៧០ប្រទេស ក្នុងនោះភ្ញៀវចិន បានធ្លាក់ចុះ ៨០ភាគរយក្នុងខែកុម្ភៈ ២០២០។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអោយដឹងថា ទោះបីជាអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំងបី បានធ្លាក់ចុះក្ដី ក៏មិនមានក្រុមហ៊ុនអាកាសចរណ៍ណាមួយបានបិទជើងហោះហើរ ឬផ្អាកគោលដៅជើងហោះហើរដែរ គ្រាន់តែកាត់បន្ថយជើងហោះហើរក្នុងមួយថ្ងៃៗ ឬមួយសប្ដាហ៍ៗប៉ុណ្ណោះ ៕

សមត្ថកិច្ចថៃ រឹតបន្តឹងការត្រួតពិនិត្យលើអ្នកធ្វើដំណើរនៅព្រំដែនខាងទឹកដីថៃ ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ប៉ោយប៉ែត ៖ បន្ទាប់ពីមានពលរដ្ឋខ្មែរម្នាក់បានឆ្លងជំងឺកូវិដ ១៩ នៅ ខេត្តសៀមរាប។ អ្នក ធ្វើ ដំណើរ អះអាង ថា ការ ត្រួតពិនិត្យ នេះ ប្រសិនបើគេរកឃើញមានពលរដ្ឋខ្មែរណាមានកម្តៅខ្លាំង ខុសប្រក្រតី គេនឹងមិនអនុញ្ញាតឱ្យចូលទៅប្រទេសថៃឡើយ។

គួរជម្រាបថា អាជ្ញាធរថៃ បានដាក់មន្ត្រីសុខាភិបាល និង ទាហានឈុតខ្មៅរបស់ថៃ ជាច្រើននាក់ ចាប់តាំងពីសប្តាហ៍មុនដើម្បីប្រចាំការពិនិត្យអ្នកដំណើរនៅមាត់ច្រកព្រំដែនខាងទឹកដីថៃ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តែមិនទាន់រកឃើញអ្នកដំណើរណាម្នាក់ ត្រូវបានហាមឃាត់ នោះឡើយ៕

សម្តេចតេជោប្រកាសថា នឹងទៅខេត្តសៀមរាបដែលកំពុងកើតមានកូរ៉ូណា

ខេត្តពោធិសាត់ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងទៅកាន់តែខេត្តសៀមរាប ដើម្បីជាសារមួយកុំឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចច្រួលច្របល់ក្រោយពេលរកឃើញជនជាតិខ្មែរដំបូង ឆ្លង COVID-19 នៅក្នុងខេត្តនេះ។

ការថ្លែងខាងលើនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០៕

កម្ពុជា នៅតែត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅចុងឆ្នាំនេះ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្ត បន្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣ ក្នុងខែវិច្ឆិកា ចុងឆ្នាំនេះ បើទោះបីជាពិភពលោកកំពុងវឹកវរទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 និងមានព្រឹត្តិការណ៍ធំៗជាច្រើននៅទូទាំងពិភពលោក ត្រូវបានលុបចោល ឬពន្យារពេលក៏ដោយ។ កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅឡាសវេហ្គាស នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដែលត្រូវបានប្រកាសលើកពេលដោយមិនកំណត់ថ្ងៃ។គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលរៀបចំនៅកម្ពុជា ក៏នឹងមានរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើនពេញមួយឆ្នាំតែម្តង។ ដូចជាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប,វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៣,កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ,កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៊ី-អឺរ៉ុប,វេទិកាការងារអាស៊ី-អឺរ៉ុប ,វេទិកាប្រជាជនអាស៊ី-អឺរ៉ុបនិង,មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង វេទិកាស្តីពីស្រ្តីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ៕

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យបាញ់ថ្នាំសម្លាប់មេរោគ កូវីដ ១៩ នៅតំបន់ដែលចាំបាច់ ពិសេសខេត្តសៀមរាប

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំឲ្យក្រសួងសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគ កូវីដ-១៩ នៅកន្លែងណាដែលត្រូវបាញ់ ជាពិសេសខេត្តសៀមរាប។

សម្តេចបានថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១០ ខែមីនា នេះ ដោយក្រើនរំលឹកថា ៖ «ចាប់ផ្តើមពីមនុស្សម្នាក់ យើងនាំគ្នាអនាម័យសម្អាតពេញភូមិ កន្លែងណា ដែលអាចបាញ់ថ្នាំសម្លាប់មេរោគបាន គឺបាញ់។ សៀមរាប ខ្ញុំថា មិនយូរទេ យើងត្រូវប្រើវិធានការបាញ់សម្លាប់មេរោគ រួចហើយសៀមរាប ទេសចរណ៍ អាចដំណើរការឡើងវិញ»៕

នាវា២គ្រឿងដឹកវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងចក្រ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ និង៣គ្រឿងទៀត ត្រៀមចូលចតបន្តបន្ទាប់

ក្រុងព្រះសីហនុ ៖ គិតត្រឹមនៅថ្ងៃទី១០ ខែមីនា នេះ មាននាវាចំនួន ២គ្រឿងហើយដែលដឹកវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់រោងចក្រកាត់ដេរ បានចូលចតកំពង់ផែខេត្តព្រះសីហនុ ខណៈនាវា ៣គ្រឿងទៀតត្រៀមចូលចតនៅកំពង់ផែក្រុងព្រះសីហនុ តាមថ្ងៃផ្សេងៗគ្នាជាបន្តបន្ទាប់។

អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ថៃ រិទ្ធី បានបញ្ជាក់ថា នាវាជើងទី១ បានដឹកជញ្ជូនវត្ថុធាតុដើមមកពីប្រទេសចិន សម្រាប់វិស័យវាយនភណ្ឌកាត់ដេរនៅកម្ពុជា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយការបំពេញឯកសារផ្សេងៗរួមទាំងការលើកដាក់ផ្ទេរសម្ភារៈបានធ្វើទាំងយប់ដោយកម្លាំងកម្មករ បុគ្គលិកនៃកំពង់ផែ និងមន្ត្រីអង្គភាព មានសមត្ថកិច្ចប្រចាំច្រកកំពង់ផែ ដើម្បីពន្លឿនការងារនេះ តាមគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយ៉ាងរលូន៕

សភាកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នៅចុងខែតុលាឆ្នាំនេះ

ភ្នំពេញ ៖ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នៅសណ្ឋាគារ សុខារ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាព»។
សូមជម្រាបថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានកោះប្រជុំលើកដំបូង នៅទីក្រុង Strasbourg ប្រទេសបារាំង ដែលបច្ចុប្បន្ន មានសមាជិកនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន ៥១ប្រទេស រួមទាំងអង្គការជាដៃគូចំនួន២ គឺ សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕