​សិល្បករ​ខ្មែរ​នឹង​ផ្ទុះ​ការតវ៉ា​ប្រឆាំងនឹង​ការចាក់​បញ្ចាំងភាពយន្ត​ថៃ​ជាថ្មី​ឡើង វិញ​? ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2014 ក+ ក-

ភ្នំពេញៈ ខណៈដែល​ភាពយន្ត​ភាគ​ថៃ​ត្រូវបាន​ចាក់ផ្សាយ​នៅ​ទូរទស្សន៍​មួយចំនួន និង​គ្រោង​ចាក់ផ្សាយ​នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​មួយចំនួនទៀត​នោះ តារា​សម្តែង​ជើងចាស់​ដ៏​ល្បីឈ្មោះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ហាក់​មាន​ការមិន​ពេញចិត្ត​ចំពោះ​ការវិល​វិញ​នៃ​ភាពយន្ត​របស់​ប្រទេស​ថៃ ហើយ​នាង​បាន​អះអាងថា នាង​នឹង​ប្រមូល​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​សិល្បៈ​ដើម្បី​តវ៉ា​ប្រឆាំងនឹង ការចាក់ផ្សាយ​ឡើងវិញ​នេះ​។​

​ជុំវិញ​ភាពអាម៉ាស់​ដែល​បណ្តា​ស្ថានីយទូរទស្សន៍​ខ្មែរ​បន្ទន់ឥរិយាបថ យក​ភាពយន្ត​ថៃ​មកចាក់​ផ្សាយ​ឡើងវិញ ខណៈ​តារា​ថៃ​ធ្លាប់​ប្រមាថ​ខ្មែរ​ជា​ញឹកញយ​នោះ តារា​សម្តែង​ល្បីឈ្មោះ​ជាច្រើន​ជំនាន់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សម្តែង​ពី​អារម្មណ៍​កប់​ទុក​ក្នុង​ចិត្ត​ថា​៖«​សូម​គោរព ខ្ញុំ​ចង់​និយាយ​ពាក្យ​ថា សុំទោស នៅមុន​ពេល​ខ្ញុំ​និយាយ​អ្វីដែល​ធ្វើ​ឲ្យ​អ្នកខ្លះ​មិន​សប្បាយចិត្ត និង​មិន​គាំទ្រ ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​និយាយ​ពី​រឿងនេះ ដើម្បី​សិល្បៈ ឬក៏​ភាពយន្ត​ខ្មែរ​យើង​។ ខ្ញុំ​ចង់​ស្នើសុំ​គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​នៅ​កម្ពុជា ពន្យារ​ការចាក់ផ្សាយ​ភាពយន្ត​បរទេស ពិសេស​បំផុត​គឺ​ភាពយន្ត​ថៃ​»​។​

ដោយ​ចង្កឹះ​មួយ​កាច់​បាក់ ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់ អ្នកនាង ច​ន ច័ន្ទ​បាន​សរសេរ​បន្ត​នៅលើ​ហ្វេ​ស​ប៊ុ​កនាង​ថា​៖«​ខ្ញុំ​ចង់​សុំ​ការគាំទ្រ ពី​មិត្ត​ទាំងអស់គ្នា​ក្នុង​ការសុំ​ពន្យារពេល​បញ្ចាំង​ខ្សែ video ភាគ​បរទេស ជាពិសេស​រឿង​ភាគ​ថៃ សុំ​ឲ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ក្នុងប្រទេស​កម្ពុជា​ទាំងអស់ អាច​បញ្ចាំង​រឿង​ភាគ​បរទេស ជាពិសេស​រឿង​ភាគ​ថៃ ចាប់ពី​ម៉ោង ៩ និង​៣០ នាទី យប់ ! ហើយ​សូម​ឲ្យ​បញ្ចាំង​ខ្សែ video ខ្មែរ នៅ​ម៉ោង ៦ និង​៣០ នាទី រហូតដល់​ម៉ោង ៩ និង​៣០ នាទី​យប់ មិនមែន​យើង​មិន​ឲ្យ​បញ្ចាំង​រឿង​បរទេស​ទេ តែ​គ្រាន់តែ​សុំ​ឲ្យ​បញ្ចាំង​នៅពេល​យប់​បន្តិច​»​។​

នាង​បានបញ្ជាក់​បន្តថា​៖ «​យើង​ដឹង និង​ទទួលស្គាល់ថា ការផលិត​ខ្សែភាពយន្ត​ខ្មែរ​នៅមានកម្រិត ដែល​ទស្សនិកជន​មិនទាន់​ទទួលយកបាន ហើយ​ការសម្តែង​របស់​តួ​ខ្មែរ​ក៏​មិនទាន់​បានល្អ​នៅឡើយ ប៉ុន្តែ​ម្នាក់ៗ​មានការ​ព្យាយាម​»​។​

តារា​សម្តែង​រូបនេះ​បាន​សម្តែង​ការយល់ឃើញ​មិន​ខុសពី​មហាជន​មួយចំនួន ថា​៖«​បើសិនជា​យើង​ដាក់​បញ្ចាំង​ខ្សែភាពយន្ត​ថៃ​តាម​កញ្ចក់​ទូរទស្សន៍​នោះ ខ្សែភាពយន្ត​ខ្មែរ​នឹង​ធ្លាក់ចុះ​ខ្លាំង​ជាងនេះទៅទៀត​! ខ្ញុំ​សំណូមពរ​បែបនេះ​គឺ​ចង់​ឲ្យ​ខ្សែភាពយន្ត​ខ្មែរ​អាច​នៅមាន​ជីវិត ចរាចរណ៍​លើ​ទីផ្សារ និង​ចង់​ឲ្យ​សិល្បករ ផលិតករ អ្នកដឹកនាំ​រឿង និង ក្រុមការងារ​ផលិតភាព​យន្ត​នៅមាន​ការងារ​ធ្វើ​! ខ្ញុំ​ដឹងថា​សំណូមពរ​របស់ខ្ញុំ​នឹង​មានមតិ​រិះគន់ តែ​ខ្ញុំ​គ្រាន់តែ​ធ្វើ​ដើម្បី​ឲ្យ​សិល្បៈ​ភាពយន្ត​ខ្មែរ​មានជីវិត​បានយូរ និង​មិន​ចង់​ឲ្យ​បាត់បង់​សិល្បៈជាតិ​ខ្លួន​។ ខ្ញុំ​មិន​ធ្វើ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ទេ គឺ​ដើម្បី​ប្រយោជន៍​រួម ព្រមទាំង​សង្គម​ខ្មែរ​ទាំងមូល​»​។​

​នាង​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​មិនមាន​ឱកាស​នឹង​សម្តែង​យូរ​ទៀត​ទេ ខ្ញុំ​ដឹងថា ខ្លួន​ខ្ញុំ​យ៉ាងម៉េច និង​ស្គា​ល់ពី​ស្ថានភាព​ខ្លួនឯង​ច្បាស់ ដូច្នេះ​ខ្ញុំ​ធ្វើ​ដើម្បី​ទាំងអស់គ្នា​។ ខ្ញុំ​ដឹងថា​មាន​អ្នកគាំទ្រ និង​ចូលចិត្ត​ទស្សនា​រឿង​ថៃ​ច្រើនណាស់ តែ​យើង​ត្រូវ​គិតថា បើ​យើង​គាំទ្រ​រឿង​ថៃ​ពេក វា​នឹងធ្វើ​ឲ្យ​រឿង​យើង​បាត់បង់​។ តើ​យើង​សុខចិត្ត​ឈរ​មើល​ការបាត់បង់​ខ្សែភាពយន្ត​ខ្មែរ​ជាថ្មី​ម្តងទៀត ឬក៏​យ៉ាងម៉េច​?»​។​

នាង​បានបញ្ជាក់​បន្ថែមថា​៖«​ខ្ញុំ​នឹង​សុំ​ការសហការ​ពី​សិល្បករ សិល្បការិនី ចាងហ្វាង​ផលិតកម្ម ផលិតករ និង អ្នកដឹកនាំ​រឿង​។ សុំ​អ្នក​ទាំងអស់គ្នា​ជួយ​ចុះហត្ថលេខា និង​ផ្តិតមេដៃ​លើ​កិច្ច​តវ៉ា​ដើម្បី​ខ្ញុំ​ដាក់សំណើ​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​ដោះស្រាយ​រឿង​ការហូរចូល​នៃ​ការចាក់​បញ្ចាំង​រឿង​ភាគ​ថៃ​លើ​កញ្ចក់ ទូរទស្សន៍​ខ្មែរ​។ ដូច្នេះ​សូម​មិត្ត​ទាំងអស់គ្នា​ជួយ​គាំទ្រ​នូវ​សំណើ​របស់ខ្ញុំ និង​ជួយផ្ដល់​មតិយោបល់​ផង ហើយ​ខ្ញុំ​ក៏​មិន​ខ្លាច​នឹង​ទទួល​ការរិះគន់​ណាមួយ​ដែរ​! ខ្ញុំ​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា​នឹង​ផ្ដល់​ការសហការ​! និង​សូម​អរគុណ​ទុកជាមុន​»​។​

ពាក់ព័ន្ធ​នឹង​ការវិល​ទៅរក​ភាពយន្ត​ថៃ​និយម​ដូច​កាលពី​១០​ឆ្នាំមុន នោះ លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បៈ​ខ្មែរ បាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​វប្បធម៌ សិល្បៈ​ភាពយន្ត​ជា​រឿង​ធម្មតា ប៉ុន្តែ​ទន្ទឹមនឹងនេះ កម្ពុជា​គួរតែ​គិត​អំពី​ផលប៉ះពាល់​ជាមុនសិន​។​

លោក​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​គិតថា បណ្តា​ស្ថានីយទូរទស្សន៍​នានា ភាគច្រើន គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន គិតតែ​យក​ភាពយន្ត​បរទេស​មកចាក់​បញ្ចាំង អត់​គិតពី​ការផលិត​ភាពយន្ត​ខ្លួនឯង សូម្បីតែ​ទូរទស្សន៍​ជាតិ ក៏​យកតែ​ភាពយន្ត​បរទេស​មកចាក់​ផ្សាយ​ព្រោងព្រាត​ដែរ នេះ​ជា​ក្តីបារម្ភ​»​។​

ទោះបីជា​យ៉ាងណា លោក​បន្ថែមថា​៖«​ភាពយន្ត​ថៃ ឬ​ភាពយន្ត​ប្រទេស​ណាមួយ​ក៏ដោយ យកមក​ចាក់​បញ្ចាំង​មិនមាន​កំហុស​នោះទេ តែ​យើង​គួរតែ​ខិតខំ​ផលិតភាព​យន្ត​យើង​ឲ្យ​មាន​គុណភាព​សិន ដើម្បី​យកទៅ​ប្រកួតប្រជែង​ជាមួយ​គេ នោះ​ទើប​ភាពយន្ត​យើង​មិន​ដួលរលំ​»​។​នៅក្នុង​ករណី​ដែល​សិល្បករ​ធ្វើការ​តវ៉ា ប្រឆាំង​ក្នុង​រូបភាព​ណាមួយ​លោក សុះ ម៉ាច បាន​និយាយថា​៖«​បើ​សិល្បករ​ពួកគាត់​រួបរួមគ្នា​តវ៉ា​រឿងនេះ ខ្ញុំ​នឹង​បំពេញ​តាម​បំណង​របស់​ពួកគេ តែ​យើង​ក៏​ត្រូវមាន​លក្ខខណ្ឌ​សមស្រប​ដែរ​»​។​

​អ្នកស្រី ពាន់ ភួង​បុប្ផា អ្នកនិពន្ធ និង​ដឹកនាំ​រឿង​ដ៏​ឆ្នើម​ម្នាក់​របស់​កម្ពុជា ក៏​ធ្លាប់​បានលើកឡើង​ពី​ទស្សនៈ​របស់​អ្នកស្រី​ថា ការចាក់ផ្សាយ​ភាពយន្ត​ថៃ​នៅតាម​កញ្ចក់​ទូរទស្សន៍​ជាថ្មី​នេះ ជា​សញ្ញា​មិនល្អ​មួយ សម្រាប់​វប្បធម៌ ប្រពៃណី​ខ្មែរ ហើយ​វា​នឹង​អាច​ទាញ​ទម្លាក់​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​ដុនដាប​ដូច​កាលពី​១០ ឆ្នាំមុន​អ៊ីចឹង​។​
​អ្នកស្រី​បាន​បន្ថែមថា ក្រសួង ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​គិតគូរ​ឡើងវិញ​ពី​ចំណុច​នេះ កុំ​ឲ្យ​កង់​ប្រវត្តិសាស្ត្រ​វិល​ច្រំ​ដែល​ពេក ពិសេស​រឿង​ថៃ​នឹង​អាចធ្វើ​ឲ្យ​យុវជន​សម័យថ្មី​វង្វេងវង្វាន់​ទៀត​។​

អ្នកស្រី​បាន​និយាយថា​៖«​បើ​យើង​បើកទូលាយ​ជាថ្មី ភាពយន្ត​ខ្មែរ​អាច​នឹង​ស្លាប់​។ យើង​បាន​ព្យាយាម​ទប់ស្កាត់​បញ្ហា​នេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ យើង​មិនគួរ​ឲ្យ​ជំងឺ​នោះ​រើ​ឡើងវិញ​ទេ​។ បើតាម​គំនិត​ខ្ញុំ​យើង​មិនគួរ​ឲ្យ​ចាក់ផ្សាយ​ឡើងវិញ​ទេ កុំ​ឲ្យ​កង់​ប្រវត្តិសាស្ត្រ​វិល​ដដែលៗ​។ វប្បធម៌​ខ្មែរ ថៃ​ស្រដៀង​គ្នា ដល់​ពលរដ្ឋ​យើង​មើល​យូរៗ​ទៅ បែរជា​ថា​ខ្មែរ​យើង​ចម្លង​ពី​ថៃ​ទៅវិញ​នាំ​ឲ្យ​យុវជន​វង្វេងវង្វាន់​»​។​
​អ្នកស្រី បុប្ផា បាន​បញ្ជាក់ថា​៖«​យើង​បានធ្វើ​បដិវត្តន៍​រំលំ ភាពយន្ត​ថៃ​ម្តង​ហើយ ដូច្នេះ​មិនគួរ​ឲ្យ​កើតជា​ថ្មី​ទេ​»​។​

ប៉ុន្តែ​យ៉ាងណា លោក ស៊ិន ច័ន្ទ​សា​យ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា បើ​និយាយ​ពី​ប្រព័ន្ធ​ច្បាប់ ក្រសួង​ហាក់​មិនមាន​ច្បាប់​ណាមួយ​ទៅ​ហាមឃាត់​រឿងនេះ​ទេ ព្រោះ​ទីផ្សារសេរី ភាពយន្ត​របស់​ប្រទេស​ណា​ក៏មាន​អាទិភាព​ដូចគ្នា​។ ផ្ទុយទៅវិញ​ក្រៅពី​គ្មាន​វិធានការ​ទប់ស្កាត់ និង​ស្វែងរក​ដំណោះស្រាយ​ឲ្យ​បានល្អ លោក​បានស្នើ​ឲ្យ​អ្នកដឹកនាំ និង​និពន្ធ​ទាំងអស់​គួរ​គិតគូរ​ឡើងវិញ​ពី​ការពង្រឹង​គុណភាព​ស្នាដៃ​របស់ខ្លួន​៕ប៉ុស្តិ៍ខ្មែរUntitled-1Untitled-1

​មន្ត្រី ស្ថានទូត​ថៃ នាយក​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​សិល្បករ​ខ្មែរ​នៅ​ថ្ងៃ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការផ្សព្វផ្សាយ​ការចាក់​បញ្ចាំងភាពយន្ត​ថៃ​ឡើងវិញ​។