នគរបាលរាជធានីភ្នំពេញបង្ហាញមុខក្រុមក្មេងទំនើងចំនួន២៧នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 February, 2025 ក+ ក-

ក្រុមក្មេងទំនើងនៅតែបង្ករអុកឡុករាជធានីភ្នំពេញហាក់ដូចជាមិនស្បើយសោះនិងពុំខ្លាចច្បាប់អ្វីឡើយ ទោះបីសមត្ថកិច្ចរឹតបន្តឹង បង្ក្រាបបានជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ជាក់ស្ដែងក្រុមក្មេងទំនើង២៧ នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌនានាបង្ក្រាបបានជាបន្តបន្ទាប់ហើយធ្វើការបង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៥។តាមលោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយមានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ កម្លាំង នគរបាល ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានសហការតាមបណ្តាខណ្ឌនានាបង្ក្រាបបានក្មេងទំនើងដែលបង្កហិង្សានិងលួចឆក់ប្លន់បានចំនួន២៧ នាក់ហើយធ្វើការបង្ហាញមុខជាសាធារណៈនៅពេលនេះ។

តាមលោកវរសេនីយ៍ឯក ម៉ម សាវនបានឲ្យដឹងទៀតថា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើងឈ្មោះ កាវុតស្អុយ (KRS) និងក្រុម មនុស្សតូចៗ(MTT) ចំនួន១៥ នាក់ នៅចំណុចមុខក្លឹបនិកអ៊ុច សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពី ធ្វើសកម្មភាពបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកដុំថ្មតប់ជនរងគ្រោះតែមិនត្រូវ ហើយព្រួតគ្នាយកដុំថ្មគប់ម៉ូតូបណ្តាល បែកក្បាំងខាងឆ្វេង និងខូចខាតត្រង់ម៉ាស៊ីនកាលពីវេលាវេលាម៉ោង០១ និង៤០ នាទី រំលងអធ្រាតថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៥នៅចំណុចមុខផ្សារទំនើងអ៊ីអនម៉ល៣ ផ្លូវវាលេខ៦០ ម៉ែត្រ ក្រុម៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ការប្រើហិង្សានេះបន្ទាប់ពីក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវហើយជនរងគ្រោះក៏បានយកកាមេរ៉ាទូរស័ព្ទថតជាហេតុធ្វើឲ្យជនក្រុមក្មេងទំនើងផ្ទុះកំហឹងបង្កហិង្សាតែម្ដង។ដោយឡែកក្រុមក្មេងសំឡើងចំនួនពីរនាក់ទៅបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២១ និង ៣០ នាទីយប់នៅចំណុចមុខផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញបន្ទាប់ពីធ្វើសកម្មភាពបង្ក ហិង្សាដោយចេតនា (យកជើងធាក់ម៉ូតូបណ្តាលឲ្យ ដួលម៉ូតូរងរបួសដាច់ភ្នែកគោល និងជង្គង់ខាងឆ្វេង) ។

ដោយឡែកជនសង្ស័យជាក្មេងទំនើងចំនួន១០នាក់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌនានាស្រាវជ្រាវឃាត់បានជាបន្តបន្ទាប់នៅក្នុងនោះនគរបាលខណ្ឌចំការមនឃាត់បាន២នាក់ ,នគរបាលខណ្ឌទួលគោកឃាត់បាន១នាក់,ខណ្ឌដង្កោឃាត់ខ្លួនបាន១នាក់និងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់បាន៦នាក់។សរុបទាំងអស់២៧នាក់យកមកបង្ហាញមុខរួមគ្នាជាសាធារណៈនៅពេលនេះ។ក្នុងការឃាត់ខ្លួនក្រុមក្មេងទំនើងនេះសមត្ថកិច្ចប្រចាប់យកវត្ថុម៉ូតូដែលជិះធ្វើសកម្មភាពចំនួន ៨គ្រឿងផងដែរ។បន្ទាប់ពីបង្ហាញមុខ សង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/gECt6zqrfxQ