ភ្នំពេញ ៖ កិច្ចប្រជុំវិសាមញ្ញនៃរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានអនុម័តរួចហើយ នូវមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលចែងពីបទប្រមាថចំពោះព្រះមហាក្សត្រ។ មាត្រា៤៣៧ ដែលទើបត្រូវបានតាក់តែងថ្មីឡើងនេះ នឹងដាក់ឲ្យអនុវត្តនាពេលខាងមុខ បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រម។
មាត្រាថ្មីនេះ នឹងកំណត់ដល់អ្នក ដែលប្រមាថព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគារពី ១ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១0លានរៀល។ រីឯ នីតិបុគ្គល (សំដៅលើស្ថាប័ន) អាចនឹងត្រូវពិន័យជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងត្រូវទទួលទោសផ្សេងៗទៀត។
សូមជម្រាបថា នីតិបុគ្គល គឺសំដៅទៅលើ ស្ថាប័ន ក្រុមហ៊ុន គ្រឹះស្ថាន អង្គភាព អង្គការ សមាគម សហជីព និងគណបក្សនយោបាយ ជាដើម អាចនឹងត្រូវបានតុលាការបញ្ជាឲ្យផ្អាកសកម្ម ភាព រឹបអូសទ្រព្យសម្បត្តិ ឬក៏ឈានដល់រំលាយចោលតែម្តង ប្រសិនបើរកឃើញថា មានទោសពី បទប្រមាថលើព្រះមហាក្សត្រប្រាកដមែន។
ឯ.ឧ. ប៉ែន បញ្ញា តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការជំនាញផ្នែកនីតិកម្មនៃរដ្ឋសភា បានពន្យល់ថា ទោសបន្ថែមដែលតុលាការ អាចនឹងលើកមកអនុវត្តលើនីតិបុគ្គលពីបទប្រមាថចំពោះព្រះមហាក្សត្រនេះ គឺស្ថិតក្នុងមាត្រា១៧0 មាត្រា១៧១ មាត្រា១៧២ មាត្រា ១៧៦ និងមាត្រា១៧៨ ជាដើម នៃក្រមព្រហ្មទណ្ឌ។
មាត្រាទាំងនោះ ចែងច្បាស់អំពីការរំលាយចោល ការបិទ ការផ្អាកសកម្មភាព ការរឹបអូសទ្រព្យសម្បត្តិ និងការដាក់នីតិបុគ្គល ឲ្យស្ថិតក្រោមការតាមដានរបស់តុលាការ ឬទទួលទោសទណ្ឌបន្ថែមទៀត។
បន្ថែមពីលើនេះ ក្នុងមាត្រា១៧៨ ថ្មី បានចែងថា កាលបើរឹបអូសបានក្លាយជាស្ថាពរហើយ វត្ថុរឹបអូសទាំងនោះ នឹងក្លាយជាកម្មសិទ្ធិរបស់រដ្ឋ។
តំណាងរាស្ត្រដែលមានវ័យចំណាស់ ឯ.ឧ. ប៉ែន បញ្ញា បានពន្យល់បន្ថែមពីនិយមន័យនៃការ ប្រមាថយ៉ាងដូច្នេះថា ៖«ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលប៉ះពាល់សេចក្តី ថ្លៃថ្នូរនៃបុគ្គល រីឯការប្រមាថចំពោះព្រះមហាក្សត្រត្រូវផ្តន្ទាទោស ៕