ពិធីចូលឆ្នាំប្រពៃណីខ្មែរ មានចំនួនបីថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត គឺរួមមានវារៈមហាសង្ក្រាន្ត រាប់ ថាថ្ងៃទី១ វារៈវ័នបត ជាថ្ងៃទី២ និងវារៈឡើងស័ក ជាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់ពិធីសង្ក្រាន្តឆ្នាំថ្មី។ តើពិធីត្រស្ដិ សង្ក្រាន្ត និងរបៀបរៀបចំប្រារព្វពិធីនេះ មានអត្ថន័យ យ៉ាងណាក្នុងជំនឿខ្មែរនោះ យើង ខ្ញុំនឹងលើកយកមកជម្រាបជូនដូចតទៅ ៖ …………
ពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិធីបុណ្យប្រចាំឆ្នាំធំមួយរបស់ប្រជាជាតិកម្ពុជា ក្នុងចំណោមបុណ្យជាតិមួយចំនួនទៀត ដូចជា ភ្ជុំ-បិណ្ឌ និងបុណ្យ អុំទូក ជាដើម។ពិធីចូលឆ្នាំប្រពៃណីខ្មែរ មានចំនួនបីថ្ងៃ ដែលហៅថា មហាសង្ក្រាន្ត គឺរួមមាននៅថ្ងៃទី១ គឺវារៈមហាសង្ក្រាន្ត , ថ្ងៃទី២ គឺវារៈវ័នបត និងវារៈឡើងស័ក ជាថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃពិធីសង្ក្រាន្តឆ្នាំថ្មី។
កាលពីសម័យដើម ព្រះបរមរាជា បានដឹកនាំធ្វើពិធីសង្រ្កានទាំង៣ថ្ងៃនេះ ធំជាងគេ នៅក្នុងព្រះបរមរាជវាំង គឺវិសេស វិសាលជាងសង្ក្រាន្ត ដែលរៀបចំដោយប្រជារាស្រ្តសាមញ្ញ និងគេនិយមធ្វើនៅ តាមភូមិ និងនៅតាមទីវត្តអារាម ឬទីប្រជុំជននានា។ ចាស់ទុំពីបុរាណ បានហៅពីធីនៅក្នុងព្រះរាជ វាំងនោះថា «ពិធីត្រស្ដិ សង្ក្រាន្ត»។
ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ ដែលនឹងឈានមកដល់នារសៀលថ្ងៃនេះ បងប្អូន ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បានរៀបចំរួចជាស្រេចសម្អាតគេហដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មី សិរីសួរស្តី ទៅតាមជំនឿរៀងៗ។
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា គ.ស ២០១៩ ម៉ោង១៥ ៖ ១២នាទី ។
ទេពធីតាដែលនឹងយាងចុះមកគ្រប់គ្រងរក្សាភពផែនដី និងប្រជានុរាស្ត្រក្នុងឆ្នាំថ្មីនេះ គឺព្រះនាង ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈបទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នងស្ដេចគ្រុឌ ជាពាហនៈ។
តាមទំនៀមទម្លាប់ប្រពៃណីជាតិ ព្រះបរមរាជវាំងនៅរដូវចូលឆ្នាំថ្មី តែងតែធ្វើពិធីទទួលទេវតាឆ្នាំថ្មី ឬហៅថា ពិធីត្រស្ដិ សង្ក្រាន្ត៖ «សង្ក្រាន្ត ចែកចេញជាពីរ គឺសាមញ្ញសង្ក្រាន្ត និងអយ័ន្តសង្ក្រាន្ត។ សាមញ្ញសង្ក្រាន្ត គឺលោកសំដៅទៅលើព្រះអាទិត្យដើរត្រង់ទៅលើក្បាល នោះជាសង្ក្រាន្ត ចំណែកអយ័ន្តសង្ក្រាន្ត គឺសំដៅទៅលើព្រះអាទិត្យដើរចំហៀង។ជាធម្មតា គេច្រើនយកតាមសាមញ្ញសង្ក្រាន្ត ដែលគេគិតតាមដំណើរសុរិយគតិ ហើយពាក្យថា ត្រស្ដិសង្ក្រាន្ត គឺបានន័យថា ផ្លាស់សង្ក្រានចាស់ចូលកាន់សង្ក្រាន្តថ្មី រៀបចំឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលឲ្យឈ្មោះថា ត្រស្ដិសង្ក្រាន្ត»។
វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានសរសេរពន្យល់ថា ត្រស្ដិ (ត្រស់) ក្លាយមកពីភាសាសំស្រ្កឹត ប្រែថា ត្រុដ សំដៅយកសេចក្ដីថា “ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី”; មានទំនងជាលំអានឲ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ដែលបុរាណជាន់ដើមហៅថា “ពិធីផ្ដាច់ឆ្នាំ” ។
អ្នកជំនាញខាងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃជាតិ បានបញ្ជាក់ឲ្យដឹងដែរថា អត្ថន័យរៀបចំបុណ្យចូលឆ្នាំថ្មី តាំងពីបុរាណកាលមក ពលរដ្ឋខ្មែរតែងតែគោរពស្រលាញ់ព្រហ្មញ្ញសាសនា ដែលមានជំនឿលើក្បួនហោរាសាស្ត្រ និងការផ្លាស់ប្ដូរទេវតាឆ្នាំថ្មី ហើយទេវតាឆ្នាំថ្មីនាំឱ្យពួកគេមានលាភជ័យ និងសុខទុក្ខតាមជំនឿនៃឆ្នាំនីមួយៗ។
ក្នុងសម័យកាលបន្តមកទៀត ក្នុងរយៈពេលនៃសង្ក្រាន្តចូលឆ្នាំទាំងបីថ្ងៃប្រជាពលរដ្ឋនាំគ្នារៀបចំពិធីប្លែកៗ ពីគ្នាខ្លះ ទៅតាមជំនឿ និងប្រពៃណីតាមតំបន់ផ្សេងៗ ដូចជា នៅថ្ងៃវារៈមហាសង្ក្រាន្ត ដែលជាថ្ងៃទី១ ជាពេលទទួលទេវតាឆ្នាំថ្មី គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិកាដែលបានចែកឋានទៅកាន់ទីបរលោកទៅហើយ។ សង្ក្រាន្តថ្ងៃទី២ ជាវារៈវ័នប័ត គេនាំគ្នាពូនភ្នំខ្សាច់ ដោយនៅពេលល្ងាច គេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយ នៅជុំវិញវិហារវត្ត ឬជុំវិញដើមពោធិ៍ណាមួយដែលមាននៅក្នុងបរិវេណវត្ត ដើម្បីរំដោះកម្មវេរា។នៅពេល ព្រលប់ គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តព្រះសង្ឃចំរើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា។ នៅថ្ងៃទីពីរ នេះដែរ កូនចៅជូនសម្លៀកបំពាក់នំ ចំណី ប្រាក់កាស ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូន ជីតា ជាដើម។
សង្ក្រាន្តថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក គឺជាពេលដែលកូនចៅប្រុសស្រីធ្វើពិធីស្រង់ព្រះ និងឪពុកម្ដាយរបស់ខ្លួន ដើម្បីជម្រះចោលនូវគ្រឿងសៅហ្មងទាំងឡាយ។ នៅថ្ងៃទីបី នេះដែរ ពេលព្រឹកគេនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប។អ្នកស្រុកខ្លះនិយម អញ្ជើញមាតាបិតា ជីដូនជីតាចាស់ទុំ ម៉ែ ឪ មកងូតទឹកឲ្យ ជាកិច្ចតបស្នងសងគុណចំពោះពួកគាត់ និងបុព្វការីជនរបស់គេផង។
ក្រៅពីពិធីសាសនា ក្នុងរយៈពេលបីថ្ងៃនៃបុណ្យចូលឆ្នាំថ្មី មនុស្សម្នាទាំងចាស់ទាំងក្មេង ទាំងកំលោះ ទាំងក្រមុំ ប្រជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗតាមចំណូលចិត្ត។ ល្បែងដែលគេនិយមលេងជាងគេ គឺល្បែងចោលឈូង ល្បែងបោះអង្គញ់ លាក់កន្សែង រាំវង់ និងល្បែងប្រជាប្រិយខ្មែរពេញនិយមជាច្រើនទៀត៕ ដោយ ៖ រត្ន សិលា