ភ្នំពេញះគណៈកម្មការទី១០នៃរដ្ឋសភា ទទួលបន្ទុកអង្កេត និងប្រឆាំងអំពើពុករលួយ គ្រោងនឹងកោះហៅអាជ្ញាធរអប្សរា មកឆ្លើយបំភ្លឺនៅរដ្ឋសភា ឬក៏ចុះទៅអង្កេតមើលជាក់ស្តែងដល់កន្លែង ពីចំណូលនានារបស់អាជ្ញាធរអប្សរា។ នៅពេលនេះ ក្រុមការងារសភា កំពុងប្រមូលឯកសារពាក់ព័ន្ធមកពិនិត្យជាមុនសិន។
ក្រោយពីរកឃើញថា ប្រាក់ចំណូលរបស់អាជ្ញាធរអប្សរាបានពីភ្ញៀវទេសចរ នៅតែមានភាពមិនប្រក្រតី គណៈកម្មការទី១០រដ្ឋសភា គ្រោងចុះទៅពិនិត្យជាក់ស្តែងនៅកន្លែងការងាររបស់អាជ្ញាធរអប្សរា ឬក៏កោះអញ្ជើញក្រុមការងារនេះមកឆ្លើយបំភ្លឺនៅមន្ទីររដ្ឋសភា នៅខែមីនា ខាងមុខ។
ថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី៣១ ខែមករា ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា លោក ហូរ វ៉ាន់ មានប្រសាសន៍ថា នៅពេលនេះលោកមានឯកសារមួយចំនួនក្នុងដៃ ដែលមិនទាន់ឆ្លើយតបទៅនឹងរបាយការណ៍ស្ដីពីចំណូលរបស់អាជ្ញាធរ អប្សរា។ លោកបន្តថា ទោះអាជ្ញាធរអប្សរាមិនព្រមមកឆ្លើយបំភ្លឺនៅរដ្ឋសភា ក៏ក្រុមការងារលោកទាំងពីរគណបក្ស នឹងចុះទៅខេត្តសៀមរាប ដើម្បីជួបអាជ្ញាធរនេះតែម្តង៖ «ចង់ដឹងឲ្យបានច្បាស់ពីអ្វីដែល យើងសង្ស័យ។ ករណីយើងឃើញច្បាស់លាស់ហើយ នឹងបញ្ជូនទៅស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ តុលាការ និងនគរបាលយុត្តិធម៌»។
ទាក់ទងចំណូលចំណាយរបស់អាជ្ញាធរអប្សរានេះដែរ កាលពីខែធ្នូ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បានចុះទៅអង្កេតម្តងរួចហើយពីចំណូលចំណាយរបស់អាជ្ញាធរអប្សរា។ នៅពេលនោះ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ឯកភាពចំពោះការបង្ហាញរបស់អាជ្ញាធរនេះ។ ប៉ុន្តែអ្នកតំណាងរាស្ត្របក្សប្រឆាំង មិនទាន់ឯកភាពចំពោះរបាយការណ៍របស់អាជ្ញាធរអប្សរាទេ និងថាអាជ្ញាធរនេះលាក់លៀមព័ត៌មានពិតពីការលក់សំបុត្រភ្ញៀវចូល ទស្សនានៅតំបន់អង្គរ។
លោក ហូរ វ៉ាន់ បញ្ជាក់ថា ក្រុមការងារលោកទៅអង្កេត ឬសាកសួរនៅកន្លែងណាមួយរបស់អាជ្ញាធរអប្សរា ដែលលោកសង្ស័យថាមានលាក់លៀមព័ត៌មាន ឬមានអំពើពុករលួយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធិ បានទេ ដោយទូរស័ព្ទលោកនៅក្រៅតំបន់សេវា។
អាជ្ញាធរអប្សរា បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា ក្នុងឆ្នាំ២០១៤ មានភ្ញៀវទេសចរជាង ៥លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជាង ២លាននាក់ បានទៅទស្សនាតំបន់អង្គរដោយទិញប័ណ្ណក្នុងប្រាក់ចំណូលទទួលបានជិត ៦០លានដុល្លារ។ ប៉ុន្តែមន្ត្រីបក្សប្រឆាំងអះអាងថា ចំណូលបានពីលក់សំបុត្រយ៉ាងហោចណាស់អាចបាន ១៥០លានដុល្លារក្នុងមួយឆ្នាំៗ៕
គណៈកម្មការទី១០រដ្ឋសភាគ្រោង កោះហៅអាជ្ញាធរអប្សរាមកបំភ្លឺ