សុខភាព៖ផ្លែគូលែនវាមានសាច់ថ្លាល្អក់ ដែលអាចបរិភោគបានទាំងផ្លែស្រស់ ផ្លែស្ងួត និងច្រកកំបុងដូចផ្លែមៀននិងសាវម៉ាវដែរ។ ផ្លែគូលែន ជាប្រភពនៃវីតាមីនC។
ផ្លែគូលែនក៏មានផ្ទុកប្រូតេអ៊ីន សារធាតុសរសៃ កាបូនអ៊ីដ្រាត កាល់ស្យូម ខ្លាញ់និងជាតិទឹកផងដែរ។ លោកអ្នកពិសាផ្លែគូលែនមួយផ្លែអាចទទួលបានវីតាមីន C ៤០ភាគរយ ច្រើនជាងវីតាមីន C នៅក្នុងផ្លែក្រូមមួយ។
គ្រាប់គូលែនត្រូវបានប្រើប្រាស់សម្រាប់អ្នកមានបញ្ហាពោះវៀន ហើយវាក៏អាចប្រើសម្រាប់ព្យាបាលការឈឺចាប់ផ្នែកសរសៃប្រសាទបានផងដែរ មួយវិញទៀតផ្លែកូលែនមានថាមពលខ្លាំងក្នុងការជួយលើកកម្លាំងនិងជួយរំលាយអាហារ ទៀតផង៕

បាល់ទាត់៖លោក David Moyes អតីតគ្រូបង្វឹក Everton អាចនឹងក្លាយជាគ្រូបង្វឹករបស់ក្រុម Celtic នៅប្រទេសស្កុតឡែន បន្ទាប់ពីលោក Ronny Delia បានប្រកាសថា គាត់នឹងចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះ។
បន្ទាប់ពីអស់ការងារជាគ្រូបង្វឹកនៅក្លឹប Real Sociedad កាលពីវិច្ឆិការួចមក គ្រូបង្វឹកវ័យ ៥២ ឆ្នាំរូបនេះ បាននិយាយថា គាត់សង្ឃឹមថា នឹងវិលត្រឡប់មកពិភពបាល់ទាត់វិញ ហើយមុននេះបន្តិច គាត់បានជាប់ទាក់ទងនឹងការងារដឹកនាំនៅក្រុម Aston Villa ដែលបានធ្លាក់ទៅក្របខ័ណ្ឌ Championship ហើយនោះ។
ការប្រកាសពីការចាកចេញរបស់លោក Delia បានកើតឡើង បន្ទាប់ពី Celtic បានធ្លាក់ចេញពីការប្រកួត Scottish Cup នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងគូសត្រូវចាស់វស្សាដែលខានជួបគ្នាអស់រយៈពេលដ៏យូរ Rangers។
អតីតគ្រូរបស់ Celtic លោក Neil Lennon ក៏កំពុងជាប់ទាក់ទងនឹងការងារនេះដែរ ស្របពេលលោក Roy Keane និង Owen Coyle កំពុងប្រជែងគ្នាដើម្បីការងារនេះ៕

ខេត្តកំពងឆ្នាំង៖នៅតាមផ្លូវកៅស៊ូ ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ផ្ទះ១៥ខ្នង ត្រូវរងគ្រោះអគ្គិភ័យឆេះគ្មានសល់។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៣ និង០៥នាទី រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦៕
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋអោយដឹងថា ម្តុំផ្ទះដែលអគ្គិភ័យឆាបឆេះនេះ គឺជាផ្ទះ
ស្តុបត្រីឆ្អើរលក់ ហើយការដុតភ្លើងកំដៅត្រីឆ្អើរទាំងអស់នោះផងដែរ ដែលជាហេតុនាំអោយគេសង្ស័យថាអគ្គិភ័យនេះ ឆាបឆេះពីផ្ទះស្តុបត្រីឆ្អើរ។ ដោយឡែក លោក ឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពងឆ្នាំង បានអោយដឹងថា មិនទាន់បានដឹងពីមូលហេតុជាក់លាក់ណាមួយ ដែលបណ្តាលអោយមានគ្រោះអគ្កីភ័យខាងលើនេះឡើយ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិត ៕
នៅពេលកំពុងកើតហេតុ មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង បានជួយអន្តរាគមន៍បាញ់ពន្លត់រយៈពេលជាង១ម៉ោង ទប់ស្កាត់សភាពការណ៍បាន អស់ទឹកប្រមាណជាង១០រថយន្ត។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចកំពុងធ្វើការបូកសារុបនូវការខូតខាត៕



ខេត្តព្រះវិហារ៖តាមបណ្តាភូមិឃុំមួយចំនួនក្នុងស្រុកជាំក្សាន្តដែលជាស្រុកយុទ្ធសាស្ដ្រនៃតំបន់ព្រំដែនប្រាសាទព្រះវិហារកំពុងប្រឈមខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំនេះសម្រាប់កងទ័ពក៏ដូចជាប្រជាពលរដ្ឋសរុបរាប់ពាន់គ្រួសារហើយពេលនេះអាជ្ញាធរមូលដ្ឋានកំពុងរកមធ្យោបាយជួយដោះស្រាយសំណើរសុំអណ្តូងទឹកពីសំណាក់ប្រជាពលរដ្ឋ។
លោកប្រាក់ភីមេឃុំស្រអែមបានអោយដឹងនៅថ្ងៃទី២០ ខែមេសានេះថាប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រអែមរាប់រយគ្រួសារក្នុងចំណោមជាង១ពាន់គ្រួសារកំពុងខ្វះខាតអណ្តូងទឹកប្រើប្រាស់ដោយសាររដូវប្រាំងឆ្នាំនេះក្តៅខ្លាំងហើយការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋមានការកើនទ្បើងទ្វេដង។លោកមេឃុំបន្តថាអណ្តូងទឹកសរុបទាំងអស់ក្នុងឃុំស្រអែមមានចំនួនត្រឹមតែជាង៤រយអណ្តូងស្នប់តែប៉ុណ្ណោះនៅខ្វះប្រមាណ៥០អណ្តូងស្នប់ទៀតទើបសម្រាលការលំបាកបាន។
លោកមេឃុំបញ្ជាក់ថាអាជ្ញាធរបានដោះស្រាយធ្វើអណ្តូងស្នប់ជូនប្រជាពលរដ្ឋដែលស្នើសុំអោយជួយពួកគាត់បានចំនួន១២អណ្តូងរួចហើយ។ប្រជាពលរដ្ឋមួយចំនួនធំដែលគ្មានអណ្តូងទឹកប្រើប្រាស់បានសម្រុកនាំគ្នាប្រើគោយន្តកន្ត្រៃ និងរទេះទៅដឹកទឹកឆ្ងាយៗពីលំនៅដ្ឋានរបស់ពួកគាត់ដើម្បីយកមកប្រើប្រាស់។ ដំណាំបន្លែរួមផ្សំរបស់ប្រជាពលរដ្ឋក៏ត្រូវក្រៀមស្វិតស្ទើរអស់ថែមទៀតដោយសាររដូវប្រាំងឆ្នាំនេះអាកាសធាតុក្តៅខ្លាំងចម្លែកនិងគ្មានភ្លៀងកក់ខែ ប៉ុន្តែមិនមានងាប់សត្វគោក្របីមាន់ និងទានៅទ្បើយទេ។
លោកសាម៉ែនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកជាំក្សាន្តក៏បានថ្លែងអោយដឹងផងដែរថារដូវប្រាំងឆ្នាំនេះអាកាសធាតុក្តៅខ្លាំងជាងរដូវប្រាំងឆ្នាំ២០១៥ធ្វើអោយអង្គភាពរបស់លោកកំពុងខ្វះខាតទឹកប្រើប្រាស់។ តាមអូរ,ព្រែកនិងដងស្ទឹងដែលនៅជិតអង្គភាពសឹករងកំពុងរីងទឹកស្ទើរអស់។
លោកមេបញ្ជាការបន្តថាកំលាំងទាហានបានប្រើសំបកប៊ីដុងចំណុះ៣០លីត្រដើម្បីទៅដឹកទឹកតាមម៉ូតូពីបុស្បូវជាំតែចម្ងាយប្រមាណ១៥គីទ្បូមែត្រយកមកកាន់អង្គភាព។ ក្នុង១ថ្ងៃអង្គភាពសឹករងរបស់លោកត្រូវការទឹកប្រើប្រាស់ជាធម្មតាចំនួន២០កាន។ រីឯអាជ្ញាធរស្រុកជាំក្សាន្តសង្ស័យគ្មានលទ្ធភាពដោះស្រាយធ្វើអណ្តូងទឹកជូនប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួននោះទេ។
គួររំលឹកថាលោកជាគឹមសេងអភិបាលស្រុកជាំក្សាន្តបានពោលពាក្យថាគាត់មិនចង់អោយអ្នកកាសែតសួរនាំគាត់ច្រើនរាល់ថ្ងៃនោះទេ ព្រោះរំខានការងារដ៏មមាញឹកបស់គាត់៕

រាជធានីភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានចូលខ្លួនទៅបំភ្លឺនៅ សាលាដំបូងរាជធានីភ្នំពេញ ព្រឹកនេះ តាមការកំណត់ពាក់ព័ន្ធនឹងដំណើររឿង ក្លែងបន្លំលិខិត និងផ្ដល់ព័ត៌មានមិនពិត។ យ៉ាងណាក៏ដោយក៏មានការតាមឃ្លាំមើលពី សហជីព និងមន្ត្រីអង្គការសង្គមស៊ីវិល ប្រមាណជាជិត២០នាក់ផងដែរ។
សូមជ្រាមថា លោក ប៉ាវ ស៊ីណារងនូវបណ្តឹង ចំនួន៦ ករណីគឺ៖ ទីមួយ ករណីបង្កហិង្សា នៅផ្លូវវេងស្រេង ករណីទីពីរ ការតវ៉ា បិទផ្លូវនៅខេត្តស្វាយរៀង ករណីទីបី ការញុះញ៉ុងឲ្យមានការតវ៉ា នៅកំពង់ស្ពី និងករណីទី៤ ការក្លែងឯកសារ លិខិត និងផ្តល់ ព័ត៌មាន មិនពិត និងករណីទី៥ និងទី៦ ពីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា ដោយចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ប្រមាថអ្នករាជការសាធារណៈ និងបិទផ្លូវសាធារណៈថែមទៀត៕

ភ្នំពេញ៖តំណាងក្រុមនិស្សិត និងយុវជនមួយចំនួន លោក ស្រី ចំរើន បានលើកឡើងថា ៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អាចប្រឈមនឹងការបាត់បង់ភ័យឯកសិទ្ធិ ក្នុងនាមជាតំណាងរាស្ត្រ ដោយសារតែមានការពាក់ព័ន្ធនឹង៥ករណី រួមមាន៖ ទី០១៖ ពីបទបរិហាកេរ្តិ៍ (បណ្តឹងកញ្ញា ធី សុវណ្ណថា)។ ទី០២៖ បទរំលោភលើសេចក្តីទុកចិត្ត និងពាក់ព័ន្ធអំពើពុករលួយ ដោយបានយកលុយដែលប្រមូលបានពីមូលនិធិ នៅក្នុងនិងក្រៅ ប្រទេសយកទៅប្រើប្រាស់ ជាប្រយោជន៍ផ្ទាល់ខ្លួន (មាត្រា៣៩១ ក្រមព្រហ្មទណ្ឌ) ។ ទី០៣៖ ជាប់ពាក់ព័ន្ធញុះញ៉ុង និងបញ្ជាឲ្យ ស្រីមុំ ផ្តល់សក្ខីកម្មក្លែងក្លាយ ដល់អជ្ញាធរមានសមត្ថកិច្ច (នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន)។ទី០៤៖ បញ្ជា ញុះញ៉ុង និងផ្តើមគំនិត បង្ខំឱ្យស្រីមុំ យកកូនចេញ គឺជាបទឧក្រិដ្ឋ សម្លាប់មនុស្ស។ទី០៥៖ អាចជាប់ពីបទសញ្ចារកម្ម គឺបានល្បួង លួងលោម នារីជាច្រើនមិនថា ចំពោះស្រីមុំ ដើម្បីយកទៅបំរើ កាមតណ្ហា របស់ខ្លួនដោយសន្យា ក្នុងការផ្តល់លុយ ទិញផ្ទះ និងដី បើកហាងរកស៊ីផ្សេងៗ៕

ភ្នំពេញ៖លោក គួច ចំរើន ប្រធានកត្តិយសអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ បាននាំយកអំណោយសម្ដេចកត្តិបណ្ឌិតប៉ុន រ៉ានីហ៊ុនសែន ជាមួយក្រុមការងារកាកបាទក្រហមអនុសាខាខណ្ឌនឹងកាកបាទក្រហមសង្កាត់ចុះចែកដល់ស្ដ្រីឆ្លងទន្លេបាន៣ បីថ្ងៃនឹងធ្លាក់ឈាមច្រើនឈ្មោះ ឡុង ស្រីម៉ៅកាលពីម្សិលមិញ។
លោកប្រធានកិត្តិយស្ដបានលើកឡើងពីសម្ដេចប្រធានដែលបានផ្ដស់ជាអំណោយដល់ប្រជាពលរដ្ឋដែលមានបញ្ហាគ្រោះថ្នាក់ពេលឆ្លងទន្លេនេះនឹងសូមអោយនាំកូនទៅចាក់ថ្នាំការពារនៅមន្ទីរពេទ្យកុមារជាតិកុំបីខកខាន។
អំណោយដ៏ថ្លៃថ្លាមានអង្ករ៣០គីឡូ មី១កេស. ត្រីខរមួយយួរ. សារុង១ ភួយ១នឹងថវិកាផ្ទាល់រប្រធានកិត្តិយស្ដ. ៥០០.០០០រៀល។ ប្អូនស្រីម៉ៅ រំភើបនឹងស្រក់ទឹកភ្នែកនិយាយថាសូមសម្ដេចកត្តិព្រិត្ធបណ្ឌិតជួប តែសេចក្ដីសុខ.គ្រប់ប្រការ។ អនុសាខាកាកបាទក្រហមខណ្ឌដូនពេញ៕


បាត់ដំបង៖ទំនាស់ពាក្យសំដីរវាងក្មេងទំនើងពីរក្រុមក្នុងវង់រាំធុងបាស់ក្លាយជាជម្លោះដេញវាយនិងចាក់សម្លាប់គ្នាផ្អើលពេញវត្ត។
សាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា៖ ក្នុងចំណុចបរិវេណវត្តបឹងទឹម ឃុំតាប៉ុន បានដំណើរការរាំធុងបាស់រៀងរាល់យប់ជាការអបអរសាទរពិធីបុណ្យចូលឆ្នាំ នៅយប់ម៉ោង១០ និង១៥នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះមានក្មេងទំនើងក្នុងភូមិចំនួន២ក្រុមបានទាស់ពាក្យសំដីនិងគ្នារហូតដល់ប្រើអំពើហឹង្សា ដោយខ្លះបានទាញយកដំបងឈើ ដំបងដែកនិងកាំបិតដេញវាយ ចាក់គ្នាបង្ករការភ្ញាក់ផ្អើលទាំងយប់ ទីបំផុតជនរងគ្រោះបានត្រូវភាគីម្ខាងទៀតចាក់មួយកាំបិតត្រូវផ្នែកក្រោយខ្នង ខាងស្ដាំត្រង់ចំនុចបោះដៃផុតហើយប្រកាច់ក្អួតឈាមនៅនិងកន្លែង។
ប្រភពដដែលបានបន្ដថា បន្ទាប់ពីហេតុការណ៍បានកើតឡើងភាគីជនដៃដល់ដែលមានបក្សពួកច្រើនបានគេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យប៉ុន្ដែបានស្លាប់នៅពាក់កណ្ដាលផ្លូវ។
នគរបាលមូលដ្ឋានឃុំតាប៉ុនបានបញ្ជាក់អោយដឹងថា ជនរងគ្រោះមានឈ្មោះ ឡង វ៉ាន់ស៊ុយ អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មុនពេលកើតហេតុខ្លួននិងមិត្តភក្តិមានគ្នាចំនួន៤បាននាំគ្នាទៅលេងរាំធុងបាស់នៅក្នុងវត្តបឹងទឹមក៏បានប្រទះនិងមានទាស់ពាក្យសំដីជាមួយភាគីម្ខាងទៀតដែលមានច្រើនជាងខ្លួន រហូតឈានដល់ការប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបសួរដើម្បីកំណត់មុខសញ្ញាចាប់ខ្លួនជនដៃដល់និងអ្នកពាក់ព័ន្ធផ្សេងទៀតមកទទួលខុសត្រូវទៅតាមផ្លូវច្បាប់៕ ប៉ែនសុផល


អេក្វាទ័រ៖គ្រោះធម្មជាតិរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ ដែលបានវាយប្រហារ ភាគខាងជើងឈៀងខាង លិចប្រទេសអេក្វាទ័រនោះ បានបណ្តាលឲ្យមនុស្សស្លាប់សរុប ៥២៥ នាក់ហើយ ស្របពេលដែល មនុស្សជាង៤,០០០នាក់ផ្សេងទៀត ត្រូវបានគេអះអាងថា បានទទួលរងរបួស។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិចដោយសារព័ត៌មាន ស៊ិនហួរ នៅយប់ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។
នេះជាគ្រោះធម្មជាតិរញ្ជួយដី ដ៏អាក្រក់បំផុត សម្រាប់អេក្វាទ័រ ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេល ៨២ឆ្នាំកន្លងមកនេះ ស្របពេលដែល ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្ត ដែលអាចនាំឲ្យចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា មនុស្សជាង ២០០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ស្របពេលដែលមនុស្សជាង ២០,០០០នាក់បាត់បង់ទីជម្រក។ រដ្ឋាភិបាលអេក្វាទ័រ បានសន្និដ្ឋានថា ការខាតបង់សរុបសម្រាប់ អេក្វាទ័រចំពោះសេដ្ឋកិច្ចនោះ គឺមានប្រមាណ ៣ពាន់លានដុល្លារអាមេរិកឯណោះ។ ក្នុងនោះដែរ ប្រទេសចិនបានផ្តល់ជំនួយ ១០០,០០ ដុល្លារអាមេរិក និង សិង្ហបុរី ៦៧,០០០ដុល្លារអាមេរិក ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀតក៏បានជួយផងដែរ៕

រាជធានីភ្នំពេញ៖រាជរដ្ឋាភិបាលបានចេញនូវសេចក្តីជូនដំណឹងមួយស្តីពីនីតិវិធីទទួលបានភាពស្របច្បាប់សម្រាប់ពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។
តាមសេចក្តីជូនដំណឹងនោះ រាជរដ្ឋាភិបាលបានផ្តល់លេខទូរស័ព្ទស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីពលករកម្ពុជា បានរាយការណ៍អំពីជនណាមួយដែលបន្លំជាមន្ត្រីទូត ហើយបានយកប្រាក់កម្រៃពីពលករទាក់ទងសេវាទទួលបានភាពស្របច្បាប់រស់នៅនិងធ្វើការនៅប្រទេសថៃ៕

ខេត្តត្បូងឃ្មុំ៖បុរសជាប្តីម្នាក់ដោយខឹងប្រពន្ធ មិនចេះនៅផ្ទះក៏ កើតការក្តៅក្រហាយ ដុតផ្ទះខ្លួនឯងចោលនៅម៉ោង១៩ និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
អាជ្ញាធរមូលដ្ឋាន អះអាងថា ហេតុការណ៍នេះធ្វើអោយផ្ទះឈើ០១ខ្នង ប្រក់ក្បឿង ទំហំ ៧ម X ៨ម ឆេះហ្មត់ដែលបង្ករដោយម្ចាស់ផ្ទះឈ្មោះ ឈន់ ឈឿន អាយុ ៣៧ឆ្នាំ ប្តី ។ តាមសាក្សីប្រាប់ថា ហេតុការណ៍នោះបានកើតឡើង ក្រោយពីប្តីដែលជាជនបង្កបានឈ្លោះជាមួយប្រពន្ធឈ្មោះ ញ ស៊ីណា អាយុ៣៥ឆ្នាំ និងមានកូនក្នុងបន្ទុក៤នាក់៕


ខេត្តពោធិ៍សាត់៖ផ្ទះប្រជាពលរដ្ឋត្រូវអគ្គិភ័យបំផ្លាញអស់ចំនួន៨ខ្នងផ្ទះ និងរងរបួសមនុស្សចំនួន៣នាក់ ខណដែលភ្លើងបានឆាបឆេះផ្សារភូមិពោធ៍ ស្ថិតក្នុងភូមិពោធិ៍ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហើយបានរាលដល់ផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩៖០៥នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីចាប់ផ្តើមឆេះនៅម៉ោងជាង៨យប់។
សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ គេបានឃើញមានភ្លើងចាប់ផ្តើមឆេះ ពីផ្ទះឈ្មោះ វី ដោយមានអណ្តាតភ្លើងឆេះសន្ធោសន្ធៅទៅហើយមួយសន្ទុះក្រោយមកក៏រាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត៕

រាជធានីភ្នំពេញ៖តំណាងរាស្ត្ររបស់ គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បាននាំធាតុស្វាមីរបស់លោកស្រីដែលជាជនជាតិអាមេរិក មកដល់ប្រទេសកម្ពុជាហើយនៅម៉ោង១២៖០០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
សូមជម្រាបថា ស្វាមីលោកស្រី មួរ សុខហួរ គឺលោក ស្កុត ឡេពឺត បានទទួលមរណភាព នៅម៉ោងប្រមាណ១០៖៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ (ម៉ោងនៅកម្ពុជា) ដោយសារជំងឺមហារីក៕

ឥណ្ឌា៖រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ប្រជាពលរដ្ឋប្រមាណ៣៣០លាននាក់កំពុងរងផលប៉ះពាល់ដោយសារភាពរាំងស្ងួតដែលបណ្តាលឲ្យខ្វះទឹកប្រើប្រាស់ និងសម្រាប់ដាំដំណាំ។ នេះបើយោងតាមការផ្សាយពីសារព័ត៌មាន BBC។
រដ្ឋាភិបាលឥណ្ឌាបានលើកឡើងថាភាពរាំងស្ងួតប៉ះពាល់ដល់ស្រុកចំនួន២៥៦ ដែលប៉ះពាល់ប្រជាពលរដ្ឋ៣៣០លាននាក់ស្មើនឹងប្រមាណ១ភាគ៤នៃប្រជាពលរដ្ឋសរុបជាង១២០០លាននាក់ ខណៈដែលសីតុណ្ហភាពបានឡើងដល់កម្រិតប្រមាណ៤០អង្សាសេ។ អាជ្ញាធរថ្លែងថា ចំនួនអាចនឹងកើនឡើងច្រើនជាងនេះ ព្រោះនៅរដ្ឋដែលកំពុងប្រឈមប៉ះពាល់ផ្សេងៗទៀតមិនទាន់បានធ្វើរបាយការណ៍នៅឡើយទេ។
គួរបញ្ជាក់ថា សាលារៀនជាច្រើននៅភាគខាងកើតនៃរដ្ឋអូរីសា និងមនុស្សជាង១០០នាក់បានស្លាប់ គ្រាដែលកាលពីរដូវក្តៅឆ្នាំមុននៅភាគខាងត្បូងនៃប្រទេសបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង២០០នាក់៕

មីយ៉ាន់ម៉ា៖យ៉ាងហោចណាស់មនុស្សចំនួន២១នាក់បានស្លាប់ដែលក្នុងនោះរួមទាំងកុមារ៩នាក់ ក្នុងឧបទ្ទវហេតុក្រឡាប់ទូកនៅក្នុងទឹកនៅតំបន់ឆ្នេរសមុទ្ររបស់មីយ៉ាន់ម៉ា នៅរដ្ឋរ៉ាឃីន កាលពីថ្ងៃអង្គារ។នេះបើតាមសារព័ត៌មាន Channel News Asia។
មន្ត្រីអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាថ្លែងថា នាវាដឹកអ្នកដំណើរប្រមាណ៦០នាក់បានចេញពីជំរុំទៅផ្សារក្នុងតំបន់មួយ ហើយក៏បានក្រឡាប់លិច។ លោកបញ្ជាក់ថា ភាគច្រើនពួកគេជាអ្នកស្វែងរកកន្លែងរស់នៅក្នុងប្រទេស។
គួរបញ្ជាក់ថា រដ្ឋរ៉ាឃីនជារដ្ឋនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមបាត់បង់ផ្ទះសម្បែងរាប់ពាន់ខ្នងកាលពីពេលហិង្សាសាសនាកើតឡើងតាំងពីឆ្នាំ២០១២ ហើយពួកគេទទួលរងការរើសអើង ហើយពលរដ្ឋភាគច្រើននៅទីនោះធ្វើដំណើរតាមទូក៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍