រាជធានីភ្នំពេញ ៖យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក ក្នុងនោះយប់ ១លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់៤នាក់ (ប្រុស) និងរបួសស្រាល ១នាក់ (ប្រុស)។
ប្រភពដដែលបន្តថា នៅក្នុង ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បានបណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ៩គ្រឿង រួមមាន ម៉ូតូចំនួន ៣គ្រឿង, រថយន្តធុនតូច ៤គ្រឿង, រថយន្តធុនធំ ១គ្រឿង, យានផ្សេងៗ ១គ្រឿង។ មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន១លើក (ស្លាប់១នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់១នាក់) , មិនគោរពសិទ្ធិ ១លើក(ស្លាប់១នាក់),ប្រជែង ១លើក (ស្លាប់២នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ៦នាក់ (ថ្ងៃ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៣លើក, ផ្លូវខេត្តក្រុង ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ១លើក រថយន្តធុនតូច ២លើក, រថយន្តធំ ១លើក, គោយន្ត ១លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន បន្ទាយមានជ័យ ១លើក ស្លាប់២នាក់ ,ភ្នំពេញ ២លើក ស្លាប់១នាក់ របួស៣នាក់, ពោធិសាត់ ១លើក ស្លាប់១នាក់ របួស ២នាក់ និងតាកែវ ១លើក ស្លាប់១នាក់។ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៥.៣៧០ គ្រឿង, អប់រំ ១.៩១៣ គ្រឿង, ពិន័យ ៣.៤៥៧ គ្រឿង៕
ដោយះប៉ែនសុផល
បាត់ដំបង៖ នៅអំឡុងម៉ោងជិត៣៖០០នាទី រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងខេត្តបាត់ដំបង មានការភ្ញាក់ផ្អើល១ តាមរយៈការប្រកាស ព័ត៌មានលើទំព័រហ្វេសប៊ុកដោយប្រាប់ឲ្យមានការប្រុងប្រយ័ត្នពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែនឈមនឹងប្រទេសថៃក្នុងនោះមានខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
គួរបញ្ជាក់ថា ការភ្ញាក់់ផ្អើលនេះកើតឡើងបន្ទាប់ពីនៅប្រទេសថៃក្នុងខេត្តដែលឈមគ្នានឹងខេត្តបាត់ដំបង ប៉ៃលិន បានរងការបោកបក់ដោយកំលាំងខ្យល់ព្យុះ យ៉ាងខ្លាំងក្លាដោយពពកឡើងខ្មៅខ្មួលខ្មាញ់ហើយធ្លាក់ភ្លៀងជោកជាំលាយឡំដោយខ្យល់ ផ្គរ រន្ទះ និងធ្លាក់ព្រិលទៀតផង គឺ ផ្ទុយគ្នានិងពេលវេលាដូចគ្នានៅក្នុងខេត្តបាត់ដំបងអាកាសធាតុមានផ្ទៃមេឃស្រឡះល្អធម្មតា។
យោងតាមបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងភេករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអោយដឹងថាះ នៅវេលាម៉ោង៣៖៣០រសៀលថ្ងៃដដែលនេះស្ថានភាពខ្យល់ព្យុះនិងភ្លៀងនៅប្រទេសថៃបានធូរស្រាលឡើងវិញហើយ មិនរាលដាលដល់ កម្ពុជាទេ៕
លោក រតនៈ
ភ្នំពេញ ៖ បន្ទាប់ពីបាត់វត្តមានផលិតខ្សែភាពយន្តអស់រយៈពេលជាង២ឆ្នាំ ផលិតករនិងអ្នកនិពន្ធស្រីល្បីឈ្មោះ អ្នកស្រីពាន់ ភួងបុប្ផា នឹងបង្ហាញស្នាដៃរបស់អ្នកស្រីជាថ្មីក្នុងខ្សែភាពយន្តខ្នាតធំរឿង”បណ្តឹងស្រីទាំង៥”។ ខ្សែភាពយន្តបែបស៊ើបអង្កេតខ្នាតធំនេះនឹងផលិតឡើងក្រោមកិច្ចសហការរវាងផលិតកម្មផ្កាប្រាំរបស់អ្នកស្រីនិងផលិតកម្មមហាហង្ស។
ការប្រកានេះត្រូវបានធ្វើឡើងគ្រាដែលផលិតកម្មទាំងពីរបានរៀបចំពិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្តកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០១៦នៅតំបន់ព្រែកឯង។
អ្នកស្រី ពាន់ ភួងបុប្ផា បានបញ្ជាក់ថាការវិលមករកការផលិតខ្សែភាពយន្តជាថ្មីនេះគឺក្រោយការសម្រាកលំហែអារម្មណ៍អស់មួយរយៈពេលធំ ហើយការវិលមកជាថ្មីនេះក៏ស្របតាមការសំណូមពររបស់ទស្សនិកជនដែលទទូចចង់ទស្សនាខ្សែភាពយន្តដែលជាស្នាដៃផលិតរបស់អ្នកស្រី។អ្នកស្រីបន្តថា កិច្ចសហការផលិតនេះបានធ្វើឡើងក្រោយពីការពិភាក្សាជាច្រើនមុនពេលចាប់ផ្តើមដំណើរការផលិតដើម្បីឲ្យប្រាកដថានេះគឺជាខ្សែភាពយន្តល្អប្រចាំឆ្នាំ២០១៦នេះ។ អ្នកស្រីបន្តថា ខ្សែភាពយន្តនឹងធ្វើឲ្យទស្សនិកជនមានទស្សនីយភាពមួយប្លែកខុសពីខ្សែភាពយន្តមុនៗទាំងសាចរឿង និងការសម្តែងដែលប្រកបដោយគុណភាពប្រកួតប្រជែង។ អ្នកស្រីបញ្ជាក់ថា តារាប្រុសស្រីល្បីឈ្មោះដែលចូលរួមសម្តែងខ្សែភាពយន្តនេះពិតជាសម្រិតសម្រាំង នឹងចង់ឲ្យទីផ្សារផលិតភាពយន្តខ្មែរមិនមានតែជាខ្សែភាពយន្តខ្មោច និងកំប្លែងតែមួយមុខនោះទេ។ ទោះបីជាការផលិតខ្សែភាពយន្តនេះបែបស៊ើបអង្កេតដែលជារឿងប្លែកសម្រាប់អ្នកទស្សនាប៉ុន្តែសាច់រឿងនឹងពិសេសមិនឲ្យមហាជនអស់ទំនុកចិត្តដូចដែលទស្សនិកជនធ្លាប់ទុកចិត្តស្នាដៃដែលស្ថតិក្រោមការផលិតរបស់អ្នកស្រីកន្លងមក។
អ្នកស្រីបញ្ជាក់ថា ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងនៅរោងភាពយន្តទាំងអស់នៅភ្នំពេញនិងបណ្តាខេត្តក្រោយការផលិតសម្រិតសម្រាំងអស់រយៈពេលជាច្រើនខែ។ អ្នកស្រីរំពឹងថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនហើយក៏ឆ្លើយតបការសំណូមពររបស់ទស្សនិកជនដែលទន្ទឹងរងចាំស្នាដៃផលិតខ្សែភាពយន្តរបស់អ្នកស្រី។ អ្នកស្រីបញ្ជាក់ថាបច្ចុប្បន្នមានខ្សែភាពយន្តនិងផលិតកម្មជាច្រើនបានសម្រុកក្នុងការផលិតខ្សែភាពយន្តឡើងវិញ ប៉ុន្តែអជាមួយគ្នានេះអ្នកស្រីក៏សំណូមពរឲ្យផលិតករសិល្បករទាំងអស់គួររួមគ្នាផលិតខ្សែភាពយន្តប្រកបដោយគុណភាពដើម្បីទទួលបានការគាំទ្រពីទស្សនិកជនបានយូអង្វែង។
អ្នកស្រីបញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយដែលអ្នកស្រីនឹងវិលប្រឡូកក្នុងអាជីពជាអ្នកផលិតខ្សែភាពយន្តឡើងវិញនេះអ្នកស្រីនឹងបង្កើនសមត្ថភាពគុណភាពនៃការផលិតខ្សែភាពយន្តធំៗជាច្រើនពិសេសខ្សែភាពយន្តដែលអាចប្រកួតប្រជែងមិនត្រឹមតែក្នុងស្រុកទេគឺនឹងឈានដល់ការប្រកួតប្រជែងក្នុងតំបន់ពិសេសនៅតំបន់អាស៊ី៕
កំពង់ឆ្នាំង ៖អំពើហិង្សាដែលបង្កឡើងពីការជំរិតទារប្រាក់ពីប្រជាពលរដ្ឋគោយន្តដឹកអុសចំនួន៣គ្រឿងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ករណីនេះកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៩នាទីយប់ នៅចំណុចខាងត្បូងផ្លូវដែកក្នុងភូមិដំណាក់អំពិលឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទឹកផុសថា មានករណីហិង្សាដោយចេតនា របួសសងខាង នៅចំណុចខាងត្បូងផ្លូវដែកក្នុងភូមិដំណាក់អំពិលឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលបង្កឡើងដោយមនុស្សពីរក្រុមមានឈ្មោះដូចខាងក្រោមទី១.ឈ្មោះ ចែម ស៊ឺន ភេទប្រុសអាយុ១៦ឆ្នាំ( របួសសៀតផ្កាខាងស្ដាំ និងក្បាល) ទី២.ឈ្មោះ ផាត់ សុំ ភេទប្រុស អាយុ២២ឆ្នាំ ទី៣.ឈ្មោះ អឿន ផា ភេទប្រុស អាយុ៣៨ឆ្នាំ(របួសថ្ពាល់សងខាងនិងក្បាល)។ អ្នកទាំងបីនាក់ខាងលើរស់នៅភូមិតាំងគ្រោឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង និងក្រុមទីពីរទី១.ឈ្មោះ ណុង វណ្ណាត(ហៅកុយ)ភេទប្រុស អាយុ៣០ឆ្នាំ ទី២.ឈ្មោះ ណុង វណ្ណា ហៅក្រឹម ភេទប្រុស អាយុ២៨ឆ្នាំ (របួសពីរលើក្បាលនិងដៃសងខាង) អ្នកទាំងពីររស់នៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
មូលហេតុបណ្ដាលមកពីខាងក្រុមទី២ជំរិត ទារលុយពីរក្រុមទី1ក្នុងគោយន្ដមួយថ្លៃ ប្រាំពាន់រៀល មិនបានតាមបំណង ក៏ផ្ទុះហឹង្សាតែម្ដង។ ក្រោយពេលកើតហេតុកម្លាំងនគរបាលបានចុះឃាត់ខ្លួនបានចំនួន២នាក់និងកសាងសុំណុំរៀងបញ្ជូនបន្តតាមនីតិវិធី។
ករណីនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងលោកឧត្ដមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី បានឲ្យដឹកថា លោកនិងចាត់វិធានការតាមផ្លូវច្បាប់មិនអោយជនល្មើសរួចផុតពីសំណាញ់ច្បាប់ត្រូវតែបញ្ជូនសំណុំរឿងទៅតុលាការ។
បើទោះយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតំបន់ក្ដុលនិងដំណាក់អំពិលនិយាយថាជនល្មើសគ្មានតួនាទីសំអាងលើបងប្រុសរបស់ខ្លួនជាប្រជាការពារនិងជាបងធំនៅតំបន់ក្ដុលតែងតែដើជំរិតទារប្រាក់ពីប្រជាពលរដ្ឋដឹកអុសនិងបង្គោលរបងហើយបង្កជម្លោះជាញឹកញាប់រហូតធ្លាប់វាយគេបាក់ដៃទៀតផងតែត្រូវបានដោះលែង។
ករណីហិង្សាខាងលើនេះ គេមិនសង្ឃឹមថា ជនល្មើសជាប់ទោសនោះឡើយ ដោយប្រជាពលរដ្ឋអះអាងថាកំពុងមានអ្នករត់ការដោះលែងទៀតដូចពីពេលមុនទៀតហើយ ។
ម្យ៉ាងវិញទៀតរបាយការណ៍នគរបាលហាក់ដូចជាមានការជួយជនសង្ស័យយដោយមិនបានចោទបន្ទុកពីករណីជំរិតទារប្រាក់នោះទេ៕
រាជធានីភ្នំពេញ ៖សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា មកសាកសួរនៅថ្ងៃទី២៨ ខែមេសានេះ អំពីដំណើររឿងដែលខ្លួនប្តឹងអំពីអំពើបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សំឡេង។
ទន្ទឹមនោះតុលាការក៏បានកោះហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ ឲ្យចូលមកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ផងដែរ។
ពាក់ព័ន្ធករណីខាងលើនៅថ្ងៃនេះ ម្ចាស់ Page «រឿងពិត CNRP» ដែលត្រូវបានគេស្គាល់ថា ជា Page មួយបានទម្លាយខ្សែអាត់សំឡេង នៃការសន្ទនារបស់លោក កឹម សុខា ជាមួយស្រីស្នេហ៍ ជាច្រើននាក់ ក៏ បានកោតសរសើរនូវសេចក្តីក្លាហានរបស់ស្រី មុំ ដែលបានទម្លាយការពិតពីទំនាក់ទំនងជាមួយលោក កឹម សុខា៕
សុខភាព ៖យោងតាមការបង្ហើបឱ្យដឹងពីសមាគមរោគបេះដូងនៅសហរដ្ឋអាមេរិក ដោយមានលោកសាស្ត្រាចារ្យ គ្រីស្ទីនសេយ៍ បានធ្វើការពិសោធន៍ទៅលើស្ត្រីចំនួន៤១៦៦នាក់នោះបានរកឃើញថា ស្ត្រីដែលទទួលទានភេសជ្ជៈមាន រសជាតិផ្អែមច្រើន ទោះបីជាប្រភេទណាក៏ដោយ ក្នុងមួយថ្ងៃពីរកែវ គឺប្រឈមជាមួយនឹងការកើនឡើងនៃកម្រិត ទ្រីគ្លីសឺរីក ខ្ពស់ជាងស្ត្រីធម្មតា រហូតដល់៤ដងឯណោះ។
ទ្រីគ្លីសឺរីកនេះឯង ដែលជាដើមចមដ៏សំខាន់បង្កឱ្យកើតមានរោគបេះដូង និងរោគទឹកនោមផ្អែម ទោះបីវាមិនបង្ហាញសញ្ញាណកើនឡើងនៃ ទម្ងន់ខ្លួន ឬករណីខ្លះអាចត្រឹមតែសង្កេតឃើញថា មានសាច់ក្បាលពោះដុះឡើងតែបន្តិចបន្តួចប៉ុណ្ណោះ។
ដូច្នេះស្ត្រីដែលបរិភោគផ្អែមជា ពិសេសទឹកសេរ៉ូ គឺមានឱកាសប្រឈមនឹងរោគបេះដូង និងរោគទឹកនោមផ្អែមខ្ពស់ជាងអ្នកមិន បានទទួលទានរសជាតិផ្អែម ។ ដើម្បីចៀសវាងឱ្យបាននូវអាការរោគដ៏សាហាវខាងលើនេះ សុភាពស្ត្រីទាំងឡាយ គួរចៀសចេញឱ្យឆ្ងាយពីភេសជ្ជៈ ប្រភេទផ្អែមទាំងអស់នោះ៕
បាល់ទាត់ ៖លោក Nasser Al-Khelaifi ម្ចាស់ក្លឹប Paris St Germain ចង់បានលោក Jose Mourinho ជាអ្នកដឹកនាំក្រុមដើម្បី ជំនួសលោក Laurent Blanc នៅរដូវក្តៅខាងមុខ បន្ទាប់ពីទម្រង់លេងមិនសូវល្អនៅក្របខ័ណ្ឌ Champions League ។
ក្រុម PSG បានគ្រងជើងឯក Ligue 1 កាលពីដើមខែមីនានេះ ប៉ុន្តែអស់រយៈពេលប្រាំឆ្នាំបន្ទាប់មហាសេដ្ឋីកាតា លោក Al-Khelaifi ពីទិញក្លឹបមួយនឹងចង់ឃើញទម្រង់លេងល្អនៅតំបន់អឺរ៉ុប ។
លោក Mourinho ដែលឈ្នះពានរង្វាន់បីជាមួយ Inter កាលពីឆ្នាំ ២០១០ បានជាប់ទាក់ទងចូលរួមជាមួយក្រុម Manchester United ដើម្បីជំនួសលោក Louis van Gaal ឬក៏លទ្ធភាពត្រឡប់ទៅក្លឹប Real Madrid វិញ ប៉ុន្តែ PSG គិតថា គាត់ចង់ទៅក្លឹបណាដែលមានគោលដៅច្បាស់លាស់។
គួរបញ្ជាក់ថា លោក Mourinho ទំនេរពីការងារបាល់ទាត់ ជិតកន្លះឆ្នាំហើយ ចាប់តាំងពីត្រូវ Chelsea បណ្ដេញចេញ ពីតំណែងកាលពីខែធ្នូឆ្នាំមុនមក៕
រាជធានីភ្នំពេញ ៖លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងភរិយា ព្រមទាំងកូនស្រី ត្រូវបានមន្ត្រីជាន់ខ្ពស់ CNRP អះអាងប្រាប់អ្នកសារព័ត៌មានថា បានចាកចេញយ៉ាងស្ងាត់ស្ងៀម ក្រៅប្រទេសកាលពីវេលាម៉ោង៧៖៣០នាទីព្រលប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។
មន្ត្រីជាន់ខ្ពស់ CNRP បញ្ជាក់ថា លោក កឹម សុខា និងក្រុមគ្រួសារចេញទៅបាងកក ហើយបន្តដំណើរទៅកាន់ប្រទេសទី៣ បន្តទៀត ហើយប្រហែលជាមិនត្រឡប់មកវិញនោះឡើយ។
ការចាកចេញរបស់លោក កឹម សុខា គឺបន្ទាប់ពីកញ្ញា ខុម ចាន់ដារ៉ាទី ទទួលស្គាល់សម្លេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសម្លេងយ៉ាងពិតប្រាកដរវាងរូបនាង និយាយជាមួយលោក កឹម សុខា ដែលត្រូវបានតុលាការទម្លាយព័ត៌មានមកក្រៅ កាលពីម្សិលមិញ៕
ខេត្តមណ្ឌលគិរី ៖អតីតមន្ត្រីអាវុធហត្ថដែលមានរឿងអាស្រូវច្រើនម្នាក់ ព្រមទាំងបក្សពួកត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកអូរាំងនិង ខេត្តមណ្ឌលគិរី ចាប់ខ្លួនបាននិងត្រូវបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងភូមិសាស្ត្រតំបន់ព្រៃកាពារអភិរក្សជីវចំរុះសីមា ស្ថិតក្នុងស្រុកអូរាំងនិងស្រុកកែវសីមា។
ប្រតិបត្តិការចាប់ខ្លួនមនុស្សរួមទាំងមានវត្ថុតាងបទល្មើសព្រៃឈើនៅព្រឹកនេះ គឺបានធ្វើឡើងពីសំណាក់កងរាជអាវុធ ហត្ថដែលដឹកនាំដោយលោក សូ សំអាត មេបញ្ជាការអាវុធហត្ថស្រុកអូរាំង។
សេចក្តីរាយការបឋមបានអោយដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអតីតមន្ត្រីកងរាជអាវុធហត្ថឈ្មោះ ស៊ូ ម៉ារិទ្ធ ដែលជាមុខសញ្ញារកស៊ីជួញដូរឈើប្រណីតយ៉ាងសកម្មក្នុងស្រុកអូរាំងនិងស្រុកកែវសីមា។ហើយក្នុងនោះគេក៏បានឃាត់ខ្លួនបក្សពួក អតីតមន្ត្រីកងរាជអាវុធហត្ថខាងលើ រួមនិងរថយន្តម៉ាកឡិចស៊ីសពណ៌ខ្មៅ១គ្រឿងព្រមទាំងឈើប្រណីតចំនួន០៨ដុំ ផងនោះ ទៀត។
ប្រភពព័ត៌មានដដែលបានអោយដឹងថា លោក ស៊ូ ម៉ារិទ្ធ ជាមន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលមានរឿងអាស្រូវច្រើន ហើយត្រូវបានប្រមុខថ្នាក់ដឹកនាំខ្លួនដកចេញពីកាងារកាលពីកន្លងមក។ហើយព័ត៌មានដែលទទូលបានកន្លងមកនោះ ឈ្មោះ នេះ បានប្រព្រឹត្តនូវសកម្មភាពល្មើសមួយចំនួនដូចជា ខ្លួនជាមន្ត្រីផង ជាមុខសញ្ញារកស៊ីឈើខុសច្បាប់ផង ធ្លាប់យកកាំភ្លើងខ្លី ភ្ជង់ លោកអភិបាលស្រុកកែវសីមា ស៊ិន វណ្ណវុឌ្ឍ ក្នុងយុទ្ធនាការចាប់រថយន្តខុសបច្ចេកទេស ធ្លាប់ត្រូវបានព្រះរាជអជ្ញាចេញដឺការ ឡោមព័ទ្ធផ្ទះពាក់ព័ន្ធនិងលាក់ទុកឈើប្រណីតដ៏ច្រើនចំនួន២លើក ហើយនិងករណីផ្សេងៗទៀត ។ ដោយឡែកគេនៅមិនទាន់ទទួលព័ត៌មានលម្អិត ថាតើសមត្ថកិច្ចនិងចាត់ការលើករណីឃាត់ខ្លួនអតីតមន្ត្រី កងរាជ អាវុធហត្ថ និងបក្សពួកយ៉ាងណានោះទេ នៅថ្ងៃដដែលនេះ៕
បាល់ទាត់ ៖ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមយក្ស Real Madrid កីឡាករ Gareth Bale អាចអវត្តមានឲ្យក្រុមពេលជួបនឹង Villarreal នៅក្របខ័ណ្ឌ La Liga ក្នុងកីឡដ្ឋាន Estadio Santiago Bernabeu នារាត្រីថ្ងៃពុធនេះដោយរបួសរបួសសាច់ដុំ។
កីឡាករទាំងពីរនៅតែស្ថិតនៅជំរំហ្វឹកហាត់ Valdebebas ដើម្បីពន្លឿនកាយសម្បទាររបស់ពួកគេ ខណៈលោក Zinedine Zidane បានដាក់កីឡាករដែលអាចលេងបានមុនការប្រកួតក្នុងរាត្រីនេះ។
របួសសាច់ដុំ នឹងរក្សា Bale នៅក្រៅការប្រកួត ហើយអំឡុងពេលសម្រាកនេះ គាត់នឹងធ្វើការព្យាបាលដើម្បីអាចត្រឡប់មកទាន់ការប្រកួតជាមួយ Manchester City នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា Bale បានរងរបួសសាច់ដុំកំភួនជើងក្នុងអំឡុងពេលជួបប្រកួតជាមួយក្រុម Sporting Gijon៕
អេក្វាទ័រ ៖ចំនួនអ្នកស្លាប់ដោយសារគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រនៅប្រទេសអេក្វាទ័រ បានកើនឡើងដល់៤៨០នាក់ និងរងរបួស២៥៦០នាក់ គ្រដែលក្រុមជួយសង្គ្រោះបានអះអាងថា ចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ។
គួរបញ្ជាក់ថា អេក្វាទ័រ ជាប្រទេសមួយដែលស្ថិតនៅតំបន់អាមេរិកខាងត្បូងជាប់នឹងមហាសាគរប៉ាស៊ីហ្វិក។ បច្ចុប្បន្នខេត្តចំនួន០៦នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដីនៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ៕
អាហ្វហ្គានីស្ថាន ៖យោងតាមសារព័ត៌មាន BBC បានផ្សាយថា មនុស្ស២៨នាក់បានស្លាប់ និង៣២៩នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះធំមួយកាលពីថ្ងៃអង្គារម្សិលមិញនៅកណ្ដាលទីក្រុង Kabul នៃប្រទេសអាហ្វហ្គានីស្ថាន។
ការវាយប្រហារខាងលើនេះបានកើតឡើងក្នុងសង្កាត់មមាញឹក Pul-e-Mahmud ដែលផ្ដុំដោយផ្ទះប្រជាពលរដ្ឋ វិហារ សាលារៀន ហាងអាជីវកម្មក្បែរៗក្រសួងការពារជាតិ និងក្រសួងផ្សេងៗទៀត។ ទាហាននិងមន្ត្រីសន្តិសុខជាច្រើននាក់ត្រូវបានរាយការណ៍ថាស្ថិតក្នុងចំណោមអ្នកស្លាប់និងរងរបួសផងដែរ។
បើតាមការឲ្យដឹងពីប៉ូលិសនិងមន្ត្រីប្រទេស អាហ្វហ្គានីស្ថានជនអត្តឃាតបានបំផ្ទុះរថយន្តមួយគ្រឿងនិងមានការបាញ់កាំភ្លើងតបតគ្នាកើតមានឡើង។ ជាមួយគ្នានោះអ្នកនាំពាក្យក្រុមឧទ្ទាម តាលីបង់បានចេញមុខអះអាងថា ក្រុមពួកគេជាអ្នកធ្វើរឿងនោះឡើង៕
រាជធានីភ្នំពេញ ៖ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សម្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមឧប ត្ថម្ភថវិកា និងសម្ភារនានា សម្រាប់ជារង្វាន់បន្ថែមដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស សំដៅជំរុញចលនា នៃការប្រឡងសិស្សពូ កែទូទាំងប្រទេសឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណដែលការប្រឡងសិស្សពូកែទូទាំងប្រទេសសម្រាប់សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និង រូបវិទ្យា នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០១៦នេះ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប៕
ខេត្តបន្ទាយមានជ័យ ៖ពលករខ្មែរ២១នាក់ មិនបានបង់លុយឲ្យសមត្ថកិច្ចប្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចទប់ស្កាត់ នៅស្រុកម៉ាឡៃធ្វើការឃាត់ខ្លួននៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ កម្លាំងនគរបាលបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនពលករខ្មែរ២១នាក់ នៅស្រុកម៉ាឡៃបាននិយាយថា ក្រោយពីឃើញពួកគេមានបំណងចង់ឆ្លងដែនខុសច្បាប់ ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។
នៅល្ងាចថ្ងៃដដែលនោះ កម្លាំងអធិការស្រុក សហការជាមួយកម្លាំងវរះការពារព្រំដែន៨១៥ និងកម្លាំងសឹករងបានឃាត់មិនឲ្យពលករឆ្លងដែនខុសច្បាប់ចំនួន២១នាក់ ស្រី៨នាក់មកធ្វើការ អប់រំហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា បើទោះបីជាមានការរឹតបន្តឹងទប់ស្កាត់ នៃការធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសថៃ ទាំងខុសច្បាប់ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក៏ដោយ ប៉ុន្តែសកម្មភាពមួយនេះ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសកើតឡើងនៅតាមច្រករបៀង តាមព្រំដែនដែលសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធមួយចំនួនឃុបឃិតគ្នាលួចបើកច្រករបៀងនាំពលករនិងនាំទំនិញគេចពន្ធជាដើម៕
រាជធានីភ្នំពេញ ៖ជនបរទេសចំនួន១២នាក់មាន៤សញ្ជាតិត្រូវបានកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឃាត់ខ្លួនពីបទលួចឆ្លងដែនរស់នៅ និងធ្វើការខុសច្បាប់ ក្នុងរាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅសិប្បកម្មកែច្នៃឈើចំនួន៣ទីតាំង ស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រធាននាយកដ្ឋាន ស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានថ្លែងឲ្យដឹងថា ជនបរទេសទាំងអស់នោះមានសញ្ជាតិ បង់ក្លាដេសម្នាក់ ជនជាតិឥណ្ឌាម្នាក់ ជនជាតិកូរ៉េម្នាក់ និងវៀតណាមចំនួន៩នាក់ ដែលបានលួចឆ្លងដែន ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់ នៅសិប្បកម្មកែច្នៃឈើចំនួន៣ទីតាំង ស្ថិតនៅក្នុងសង្កាត់ទួលទំពូង១ សង្កាត់បឹងត្របែក ខណ្ឌចំការមន និងខ្លះមានសតិមិនប្រក្រតី៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍