All posts by មេគង្គ ប៉ុស្តិ៍

ជនបរទេសដែលចូលកម្ពុជាតម្រូវឲ្យមានលិខិតបញ្ជាក់សុខភាព និងប្រាក់ធានារ៉ាប់រងសុខភាព៥ម៉ឺនដុល្លារ 

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានសម្រេចឲ្យជនបរទេសទាំងអស់ដែលចង់ចូលប្រទេសកម្ពុជា តម្រូវឲ្យមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ ចំនួន៧២ម៉ោងមុនថ្ងៃចេញដំណើរ និងធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ។ នេះបើតាមរបាយការណ៍ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

របាយការណ៍របស់ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងដូច្នេះថា អង្គប្រជុំបានឯកភាពគ្នា ធ្វើការរឹតបន្ដឹងការត្រួតពិនិត្យសុខភាព នៅតាមច្រកចេញចូលអន្តរជាតិ ដោយរៀនសូត្រ ពីបទពិសោធន៍ ការងារចាត់ចែង គ្រប់គ្រងអ្នកដំណើរ និងដាក់ចេញនូវ ដំណោះស្រាយលើបញ្ហាមួយចំនួន ដូចជា ៖ ការរកទីកន្លែងសម្រាប់ដាក់ធ្វើចត្តាឡីស័ក, ការបង់ថ្លៃស្នាក់នៅ និងចំណីអាហារដោយសាម៉ីអ្នកដំណើរ, ក្នុងអំឡុងពេលស្នាក់នៅធ្វើចត្តាឡីស័ក តម្រូវការឲ្យមានវិញ្ញាបនបត្រសុខភាព បញ្ជាក់ពីភាពគ្មានវីរុសកូវីដ-១៩ ចំនួន៧២ម៉ោង មុនថ្ងៃចេញដំណើរ និងការធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់៥ម៉ឺនដុល្លារ (សម្រាប់ជនបរទេស) ជាដើម។

សូមបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជា មានអ្នកការឆ្លងជំងឺកូវីដ១៩ សរុប១២៤ករណី ដោយក្នុងនោះមានអ្នកជំងឺ១២២នាក់បានជាសះស្បើយ និង ២នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦លាននាក់ ស្លាប់ជិត ៣៦ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៧៨១,៦៤៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៥៦,៨២៦នាក់ និងជាសះស្បើយឡើងវិញ ២,៤៩៣,១២៨នាក់។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧៤៥,៦៨៩នាក់ ស្លាប់ចំនួន ១០២,០៩៥នាក់ និងជាសះស្បើយចំនួន ៤៨៨,៤៦៥នាក់៕

 

ថៃផ្តល់ថវិកា២លានបាតដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា

ភ្នំពេញ ៖ លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup ) ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិកាចំនួន២លានបាត ដើម្បីចូលរួមចំណែកដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបនៅព្រឹកម៉ិញថា លោកអគ្គរាជទូតថៃ បានធ្វើការជាមួយនឹងបណ្ដាក្រុមហ៊ុនថៃនៅកម្ពុជា ដោយធ្វើការណែនាំធ្វើយ៉ាងណាមិនឲ្យក្រុមហ៊ុនទាំងនោះតម្លើងតំលៃទំនិញនៅកម្ពុជា ពិសេសបានធ្វើការជាមួយក្រុមហ៊ុនទាំងនោះ ឲ្យមានការចែករំលែកនូវសម្ភារៈអនាម័យ ដូចជាម៉ាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលដែលជំងឺកូវីដ១៩ នៅកម្ពុជា។ លោក បានណែនាំក្រុមហ៊ុនថៃទាំងអស់ ធ្វើយ៉ាងណាគោរពនូវរាល់វិធានការទាំងឡាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសថៃ លោកបានពាំនាំនូវថវិកាចំនួន២លានបាត ប្រគល់ជូនសម្ដេចតេជោ ដើម្បីជាការចូលរួមចំណែកក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺ១៩។

សម្ដេចតេជោ បានមានប្រាសាសន៍ថា វិធានការទាំងឡាយដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ គឺមានភាពប្រាកដនិយម ហើយក្នុងចំណោមប្រជាជនកម្ពុជាបានឆ្លងកាត់ព្រំប្រទល់ថៃមកកម្ពុជា ជាង៩ម៉ឺននាក់ ហើយជាង៩ ម៉ឺននាក់នេះ ពុំមានជនណាម្នាក់នាំយកនូវជំងឺកូវីដនោះឡើយ។

សម្ដេចតេជោបានមានប្រសាសន៍ថានេះក៏ជាការឆ្លុះបញ្ចាំងមួយដែលថាប្រទេសថៃមិនមែនជាប្រទេសចម្លងមេរោគកូវីដនោះទេ។ លើសពីនេះទៀតសម្ដេចតេជោក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថៃផងដែរថា ថ្មីៗនេះឯកអគ្គរាជទូតកម្ពុជានៅប្រទេសថៃបានកំពុងតែអំពាវនាវនិងធ្វើការជាមួយនឹងប្រជាជនកម្ពុជាដែលកំពុងតែរស់នៅក្នុងប្រទេសថៃ ធ្វើយ៉ាងណាឱ្យអនុវត្តឲ្យខាងតែបានតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃដែលបានដាក់ចុះដើម្បីទប់ស្កាត់ការរីករាលដាលនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

រដ្ឋមន្ត្រីទេសចរណ៍៖ ៣សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្តជិត៤សែននាក់

ភ្នំពេញ ៖ ក្នុងរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី៤-២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៣៩៨,០៩៩នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០,៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧,១៧៧នាក់។ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១,៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧% បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភាដូចគ្នានេះ៕

 

សម្តេច ហ៊ុន សែន ៖ ពលរដ្ឋ​ខ្មែរ​អាច​ចូល​ស្រុក​បាន​ដោយ​មិនចាំបាច់​មាន​លិខិត​បញ្ជាក់ថា​គ្មាន​កូ​វីដ​១៩​ទេ

​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បានសម្រេច​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ចូលមក​ប្រទេស​កម្ពុជា​វិញ​បាន ដោយ​មិនចាំបាច់​មាន​លិខិតបញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺ​កូ​វីដ​១៩​ទេ​។

​សូមជម្រាបថា នៅថ្ងៃនេះ​សម្តេច ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ Facebook ថា « សម្តេច​បានសម្រេច​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត ឆ្លងដែន​កម្ពុជា​ហើយ​ដែល​កំពុងធ្វើដំណើរ​ឬ​មានបំណង​ធ្វើដំណើរ​ពី​ក្រៅប្រទេស​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ គឺ​មិន​តម្រូវអោយមាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩ ទេ​។ វិធានការ​នេះ​គឺ​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ឆាប់​បាន​វិលត្រឡប់ មកជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ​។​

​ប៉ុន្តែ​ពេល​វិលត្រឡប់​មកដល់​ប្រទេស​វិញ​គឺ​តម្រូវអោយ​ចូល​ពិនិត្យ​សុខភាព និង​ពិនិត្យ សំណាក ហើយ​ដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​រង់ចាំ​លទ្ធផល​សំណាក​ថា តើ​មាន​រោគ​ឆ្លង​ឬ​អត់​រោគ​ឆ្លង ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​៕

ឥណ្ឌា​រកឃើញ​អ្នក​ឆ្លង COVID-19​ថ្មីចំនួន​៦,៣៨៧​នាក់​ថែមទៀត​ក្នុង​មួយថ្ងៃ​

ញូ​ដេលី ៖ ក្រសួងសុខាភិបាល​សហ​ព័ន្ធ​ឥណ្ឌា​នៅ​ថ្ងៃ​ពុធ​នេះ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19​ចំនួន​៦,៣៨៧​នាក់​ថ្មី​ទៀត​ក្នុងកំឡុងពេល ២៤​ម៉ោង​កន្លងទៅ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​កើនឡើង​រហូតដល់ ១៥១,៧៦៧​ករណី។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

រយៈពេល​ដូចគ្នានេះ​ដែល​អាជ្ញាធរ​ឥណ្ឌា​បាន​ឲ្យ​ដឹងថា  ​អ្នកជំងឺ​ដែល​បាន​បាត់បង់​ជីវិត​ចំនួន​១៧០​នាក់​បន្ថែមទៀត​ដែរ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ដោយសារ​ជំងឺ COVID-19 នៅ​ឥណ្ឌា​កើនឡើង​ដល់ ៤,៣៣៧​នាក់​។​ ដោយឡែក​សម្រាប់​ចំនួន​អ្នកជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​វិញ ក៏បាន​កើនឡើង​ដល់ ៦៤,៤២៦​នាក់​ផងដែរ ខណៈ​អ្នកជំងឺ ៨៣,០០៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

 

សម្ដេច ស ខេង បញ្ជាក់​​ថា ពលរដ្ឋ​អាច​ខ្ចី​យានជំនិះ​គ្នា​បើកបរ​បាន មិនខុសច្បាប់ទេ​

​ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ថា ពលរដ្ឋ​អាច​ខ្ចី​យានជំនិះ​គ្នា​បើកបរ​ទៅវិញទៅមក​បាន ដោយ​មិន​ខុសច្បាប់​នោះទេ លើកលែងតែ​បង្កកំហុស​ប៉ុណ្ណោះ ទើប​មានការ​អនុវត្ត​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​។

​សម្តេចថ្លែង​បញ្ជាក់​បែបនេះ​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​ព្រឹក​ថ្ងៃទី​២៧ ឧសភា​នេះ ។

​សម្តេច​បាន​សង្កត់ធ្ងន់​ថា ពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ រហូតដល់​មិន​ហ៊ាន​ខ្ចី​យានជំនិះ​គ្នា​បើកបរ​នោះ​វា​មិន​ខុសច្បាប់​នោះទេ​លើកលែងតែ​បង្កកំហុស​ចរាចរណ៍​ផ្លូវគោក ៕

 

ឆ្មក់ចាប់បានសាច់សត្វព្រៃជាច្រើន និងសត្វអណ្តើកទឹកពីភោជនីយដ្ឋានមួយនៅខេត្តកោះកុង

ខេត្តកោះកុង ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា នៅថ្ងៃ​ទី ២៥ ឧសភា ២០២០ បាន​បង្ហាញ​ពីលទ្ធផលពីការឆ្មក់ចាប់មួយនៅក្នុងខែនេះ ដោយក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ (WRRT) ដោយបានធ្វើការដកហូតសាច់សត្វព្រៃទម្ងន់៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួន១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកយ៉ាងច្រើនដែលមានទម្ងន់៥០គីឡូក្រាមពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បាន​បន្ត​ថា ចំពោះសត្វអណ្តើកដែលនៅរស់ក្រុមការងារក៏បានដោះ​លែងឱ្យត្រលប់ចូលទៅក្នុងព្រៃវិញ និងរីឯសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។

អង្គការ​សម្ព័ន្ធ​មិត្តសត្វព្រៃបានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា បញ្ឈប់ការបរិភោគសាច់សត្វ​ព្រៃ។ ការបរិភោគសាច់សត្វព្រៃគឺជាការជំរុញឲ្យមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា៕

 

២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចឃាត់យានយន្ដល្មើសច្បាប់ជិត៤ម៉ឺនគ្រឿង

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្នុងរយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា សមត្ថកិច្ច បានធ្វើការឃាត់យានយន្ដល្មើសច្បាប់ ចំនួន៣៨១៨៩គ្រឿង ក្នុងនោះ ម៉ូត២៧៨១២គ្រឿង និងរថយន្ដ ១០៣៧៧គ្រឿង ខណៈគ្រោះថ្នាក់ចរាចរណ៍ ក៏មានការថយចុះផងដែរ។

ក្នុងពិធីផ្សព្វផ្សាយ របាយការណ៍ជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ នៅស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា មានប្រជាពលរដ្ឋច្រើនលើសលប់ ចូលរួមគាំទ្រ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ព្រមទាំង គោរពច្បាប់ចរាចរណ៍ ផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «លទ្ធផលរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល២៦ថ្ងៃ ពិន័យ ៣៨១៨៩ករណី ក្នុងនោះ ម៉ូតូ ២៧៨១២គ្រឿង ស្មើនឹង៧៣% មួក៧៩% សញ្ញា ចរាចរណ៍ ១០% ស្រវឹង១% លើសចំណុះ១% ទូរស័ព្ទ១%។ ចំណែករថយន្ដ ១០៣៧៧ករណី ស្នើនឹង២៧% ខ្សែក្រវ៉ាត២៧% ល្បឿន៣០% ទូរស័ព្ទ៧% សញ្ញាចរាចរណ៍៨% លើសចំណុះ ៥% អត់បណ្ណបើកបរ៣% អត់ផ្លាកលេខ២% ស្រវឹង១%»។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ក្នុងរយៈពេល២៦ គ្រោះថ្នាក់ចរាចណ៍ មានការថយចុះ ១១២លើក ស្មើនឹង៣៨% បើគិតរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវទៅដល់ សមត្ថកិច្ចចំពោះគោលការណ៍ រឹតបន្ដឹងច្បាប់ចរាចរណ៍ មិនដកថយឡើយ គឺត្រូវអនុវត្ដបន្ដទៀត ដើម្បីធ្វើយ៉ាងកាត់បន្ថយ គ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា។ ជាពិសេស សមត្ថកិច្ច ត្រូវមានការគោរព ក្រមសីលធម៌វិជ្ជាជីវៈ ទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម បន្ថែមថា សម្ថកិច្ចទាំងអស់មិនត្រូវឃាត់រថយន្ដណា ដែលមិនល្មើស ច្បាប់មកសួរនាំឡើយ។ សម្ដេចក្រឡាហោម បន្ដថា បើសិនមានរថយន្ដល្មើសច្បាប់ សមត្ថកិច្ច ត្រូវនាំសួររកឯកសារនានា។

សូមរំលឹកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹងច្បាប់ ចរាចរណ៍ ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយការគ្រោះ ថ្នាក់ចរាចរណ៍ ខណៈកាលពីឆ្នាំ២០១៩ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្ស ជិតពីរពាន់នាក់ បានស្លាប់ និងរាប់ម៉ឺននាក់ បានរងរបួសធ្ងន់-ស្រាល៕

ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបអំពើជួញមនុស្ស អាជីវកម្មផ្លូវភេទ១៦៩ករណី និងឃាត់ខ្លួនជនសង្ស័យ២២៩នាក់

ភ្នំពេញ ៖ ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបចំនួន១៦៩ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០១៩ បង្ហាញក្នុងកិច្ច ប្រជុំនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

របាយការណ៍បញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាន នគរបាល រាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩/១៣៤ករណី កើន៣៥ករណី ស្មើនឹង ២៦,១១% ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩/២២៤នាក់(ស្រី៧២នាក់)។

ក្នុងនោះ ជនសង្ស័យជាអនីតិជន១១នាក់ និងជន បរទេស ចំនួន៤០នាក់ មាន៧សញ្ជាតិ រួមមាន ៖ អូស្រ្ដាលី២នាក់ រុស្ស៊ី១នាក់ អង់គ្លេស២នាក់ ថៃ១នាក់ ចិន២៩នាក់ អាមេរិក៤នាក់ និងឥណ្ឌា១នាក់។

របារការណ៍ដដែល រៀបរាប់ថា សមត្ថកិច្ចបានធ្វើការ សង្គ្រោះជនរងគ្រោះបាន ចំនួន៤៥៦/២៣០នាក់ ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១៤១នាក់ អាយុ១៥-១៧ឆ្នាំ៥៥នាក់ និងអាយុ១៨ឆ្នាំឡើង ២៦០នាក់ ។ ព្រមទាំង ប្រគល់មន្ទីរសង្គមកិច្ច ចំនួន១៦៥នាក់ និងប្រគល់ឲ្យគ្រួសារវិញជនរងគ្រោះ បានចំនួន២៩១ករណី៕

 

ឥណ្ឌា​ប្រកាស​គាំទ្រ​ឲ្យ​ប្រើ​ថ្នាំ​គ្រុនចាញ់ ដើម្បី​ប្រឆាំងនឹង​វិ​រុស​កូ​រ៉ូ​ណា​

​ឥណ្ឌា ៖ ស្ថាប័ន​ក្រុម​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​កំពូល​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​ទី ២៦ ខែ ឧសភា បានប្រកាស​គាំទ្រ​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់ hydroxychloroquine ដើម្បី​ប្រឆាំងនឹង​បង្ការ​ជំងឺ​កូ​រ៉ូ​ណា បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ផ្អាក​ការសាកល្បង​ប្រើ​ថ្នាំ​នេះ​ដោយសារតែ​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ការប្រកាស​គាំទ្រ​របស់​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ឥណ្ឌា​បានកើត​ឡើង​មួយ​សប្តាហ៍ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា​លោក​កំពុង​ប្រើ​ថ្នាំ​នេះ​ជា​វិធានការ​បង្ការ​ជំងឺ​កូ​រ៉ូ​ណា​។​

​លោក Balram Bhargava អគ្គនាយក ICMR បាន​និយាយថា​ការសិក្សា​អង្កេត​និង​ករណី​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​បង្ហាញថា​មិនមាន​ផលប៉ះពាល់​អ្វី​ធំដុំ​ទេ​ក្នុងការ​លេបថ្នាំ​នេះ​ដើម្បី​បង្កា​ជំងឺ​កូ​រ៉ូ​ណា​។ លោក​បាន​បន្ថែមថា ក្រោយ​ប្រើ​ថ្នាំ​នេះ មនុស្ស​មួយចំនួន​មាន អាកា​រៈ ចង្អោរ ក្អួត និង​ញ័រ​ទ្រូង តែប៉ុណ្ណោះ​។​

​សូមជម្រាបថា កាលពី​សប្តាហ៍​មុន ICMR បាន​ណែនាំ​ឲ្យ​មន្ត្រី​ពេទ្យ​ជួរមុខ​ឥណ្ឌា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​រ៉ូ​ណា​ឲ្យ លេបថ្នាំ​នេះ​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​វិ​រុស​នេះ​៕

 

ស្ថានភាព​​ជំងឺ​កូវីដ១៩ នៅ​កម្ពុជា គិតត្រឹម​ព្រឹកនេះ

ភ្នំពេញ ៖ រហូត​ដល់ម៉ោង​៨ និង០០ព្រឹក​ ថ្ងៃទី​ ២៧ ឧសភា​ ២០២០​ ក្រសួងសុខាភិបាល ពុំរកឃើញអ្នកជំងឺកូវីដ-១៩​ ថ្មីទេ​ ពោលគឺ​ចំនួនសរុប ១២៤នាក់ដដែល។ ក្នុងនោះចំនួន​អ្នកសម្រាកព្យាបាលនៅ​មន្ទីរ​ពេទ្យ ២នាក់​ និង​ជាសះស្បើយហើយ​ចំនួន១២២​នាក់។

ទោះជាយ៉ាងណា ក្រសួងសុខាភិបាលបញ្ជាក់​ថា ជំងឺកូវីដ១៩​ នៅតែ​បន្តគំរាម​កំហែង​ជាប់ជានិច្ច​ ដោយ​អំពាវនាវឱ្យ​បងប្អូនប្រជាពលរដ្ឋ​បន្តប្រយ័ត្ន​ជាប់ជានិច្ច ដោយ​ធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាង និង​ពិភពលោក​កំពុងបន្ត​រាតត្បាត​ជំងឺកូវីដ១៩​ ដ៏​ខ្លាំងក្លា​នៅឡើយ​ ។

«យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ល។ យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ល។

សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ យើងបានធ្វើតេស្តចំនួន​ ១៨៦០៧ស្មើនឹង​១១២០ ក្នុង១លាននាក់»៕

 

(Video) ពលរដ្ឋជាង៥០០គ្រួសារនៅស្រុកជាំក្សាន្តមិនទទួលយកដីដែលអាជ្ញាធរខេត្តរៀបចំអោយឡើយ

ខេត្តព្រះវិហារ ៖ អាជ្ញារធរខេត្តព្រះវិហារបានបើកកិច្ចពិភាក្សារកដំណោះស្រាយ បញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋជាង៥០០គ្រួសារដែលមានដីនៅចំណុចភ្នំពល ពិធីនេះបានប្រព្រឹត្តទៅនៅចំណុចក្រុមហ៊ុនមេត្រីភាព ស្ថិតនៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរព្រឹកថ្ងៃទី២៦ ខែឩសភា ឆ្នាំ២០២០ ។

នៅក្នុងកិច្ចជំនួុបនោះផងដែលលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថាក្នុងនាមលោកដែលជាថ្នាក់ដឹកនាំដែលប្រសូត្រចេញពីប្រជាពលរដ្ឋ លោកចង់អោយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណានៅពេលមានបញ្ហាអ្វី១ នឹងកើតឡើងត្រូវនៅអោយកៀករវាងថ្នាក់ដឹកនាំ ។

ដោយលោកបានសង្កត់ធ្ងន់ថា បើសិនបងប្អូនមានបញ្ហាអ្វី១នឹងកើតឡើងហើយបងប្អូននៅគម្លាតឆ្ងាយពីថ្នាក់ដឹកនាំនោះអញ្ចឹងផលលំបាកសម្រាប់ថ្នាក់ដឹកនាំក្នុងការកដំណោះស្រាយជូនបងប្អូននោះៗវាដោះស្រាយមិនចេញនោះឡើយ។

ក្នុងនាមលោកដែលជាថ្នាក់ដឹកនាំខេត្ត គឺលោកចង់អោយបងប្អូនលើកយកបញ្ហារបស់បងប្អូនទាំងអស់យកមកដាក់លើតុដើម្បីជជែកពិភាក្សានឹងរកដំណោះស្រាយ

ដូចករណីដែលបងប្អូនកំពុងទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នាពេលបច្ចុប្បន្ននេះជាដើមក្នុងនាមអាជ្ញាធរតែងតែព្យាយាមរកដំណោះស្រាយជូនបងប្អូនតាមកាដោះដូរដោយរកកន្លែងដីណាមួយដែលមិនមានផលប៉ះពាល់នឹងដីរបស់រដ្ឋនោះដើម្បីជាថ្នូរសម្រាប់ដោះដូរជូនបងប្អូន ។

ជាមួុយគ្នានោះលោក ស សា វ៉េត អនុប្រធានមន្ទីដែនដី នរគរូបនីយ៍កម្មសំណង់ សូរិយោដីខេត្ត បានលើកឡើងផងដែរថាប្រជាពលរដ្ឋប្រម៉ាន ជាង៥០០គ្រួុសារនេះ គឺសុទ្ធ តែអ្នកមកពីតាមបណ្តាខេត្តផ្សេង បាននាំគ្នាមកចាប់នឹងទន្រ្ទានកាន់កាប់ដីរបស់រដ្ឋ ដោយខុសច្បាប់ លោកបានបញ្ជាក់ថាទោះបីបងប្អូនមកពីរណាខេត្តណាក៍ដោយយើងជាខ្មែរដូចគ្នា អាជ្ញារធរមិនទុកអោយបងប្អូនរស់ដោយអត់មានដីនៅឡើយ ។

លោក បន្តទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមានដីបានហ្នឹងកំពុងកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិឃុំខាងលើ លោកនឹងរៀបចំដីសម្បទានសង្គមកិច្ច សំរាប់ការដោះដូរ ដោយក្នុង១គ្រួុសារទទួុលបានផ្ទៃដី២ហិកតា នឹងរៀបចំផ្លូវ ភូមិ អោយមានភាពល្អប្រសើរ នឹងស្របទៅតាមច្បាប់ ។

សូមបញ្ជាក់ផងដែលថា សំណើររបស់អារជ្ញាធរដែលបានរៀបចំដីសម្បទានសង្គមកិច្ចអោយបងប្អូន ប្រជាពលរដ្ឋនាពេលនេះ គឺពួុកមិនព្រមទទួុលយកឡើយ ដោយតិចពេក បើក្នុង១គ្រួុសារបានទទួុលតែ២ហិកតា អញ្ចឹង ដីពួុកគាត់ដែលកំពុងតែកាន់កាប់រាល់ថ្ងៃអ្នកខ្លះមាន ៥ហិកតា ១០ហិកតា ឯណ្ណោះ ដូចឆ្នោះបងប្អូនប្រជាពលរដ្ឋក៍បានសំនូមពរដល់អជ្ញារធរក្នុងការដោះដូរ ធ្វើមិចរៀបចំដីអោយពួុកគាត់ យ៉ាងតិច ៣ទៅ៤ ហិកតា បើមិនដូចឆ្នោះពួុកគាត់មិនព្រមទទួុលយកឡើយ នេះគឺជាការសំនូមពររបស់ពួុកគាត់ ៕ កូវ ប៊ុនហេង

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៦លាននាក់ ស្លាប់ជាង ៣៥ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានឲ្យដឹងថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៦៧៨,២៥៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៥១,៦៣៨នាក់ និងជាសះស្បើយឡើងវិញ ២,៤២៦,៣៨៨នាក់។

គេហទំព័រ បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧២៥,៣៨៨នាក់ ស្លាប់ចំនួន ១០០,៥៤៥នាក់ និងជាសះស្បើយចំនួន ៤៧៨,២២៥នាក់៕

 

ពលរដ្ឋងាយរងគ្រោះ៦៩គ្រួសារនៅស្រុកព្រៃឈរទទួលបានអំណោយមនុស្សធម៌

ខេត្តកំពង់ចាម ៖ ដេីម្បីឆ្លើយតបតាមការណែនាំ របស់កាកបាទក្រហកម្ពុជា ក្នុងការយកចិត្តទុកដាក់ ចំពោះ ការខ្វះខាតផ្នែកជីវភាព របស់ បងប្អូន ប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជា ប្រទេស កម្ពុជា កំពុងប្រឹងប្រែង ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នោះ នាព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម និង ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្ត បានចាត់លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយ លោកនាយក នាយករងសាខា មន្ត្រីប្រតិបត្តិ និងលោក ឡោ ចាន់លី ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុក បានអញ្ជើញចុះ សាកសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនងាយរងគ្រោះដែលកំពុងខ្វះខាតជីវភាព ចំនួន៦៩គ្រួសារ មកពី៧ឃុំ នៃមូលដ្ឋានស្រុកព្រៃឈរ រួមមាន ៖ ស្ដ្រីមេម៉ាយក្រីក្រកូនច្រើន៨គ្រួសារ ជនចាស់ជរាគ្មានទីពឹង៣៤គ្រួសរ ជនមានពិការភាព ១៧គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ ចំនួន១០គ្រួសារ ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកជំទាវ អនុអចិន្ត្រៃយ៍សាខា បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ ដោយគ្មានការរើសអើងឡើយ។

យ៉ាងណាម៉ិញ ពេលនេះ សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូនយើង បានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ ។

ដូច្នេះ ត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាព ពិសេស ការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ជៀសផុតពីការឆ្លង នៃជម្ងឺ ដ៏កាចសាហាវមួយនេះ ទាំងអស់គ្នា ។

សូមបញ្ជាក់ថា អំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនាំទៅចែកជូន ជនងាយរងគ្រោះទាំង៦៩ គ្រួសារ ដោយ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គក្រ ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ២០.០០០រៀល ផង ដែរ ៕ ដោយ ៖ ប៉ែន សុផល