All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងអប់រំ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ រៀបចំការប្រឡងបញ្ចប់ឆ្នាំ ចំនួន២ថ្ងៃ

ភ្នំពេញ ៖ បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីជូនដំណឹងថ្មីមួយ អនុញ្ញាតឲ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡារៀបចំការប្រឡងបញ្ចប់ឆ្នាំពីរថ្ងៃ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថា ដោយសារតែតាមលក្ខណៈបច្ចេកទេស គ្រឹះស្ថានឧត្តមសិក្សារដ្ឋ មិនអាចរៀបចំការប្រឡង ONLINE បាន ក្រសួង អប់រំ យុវជន និងកីឡា អនុញ្ញាតគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលបង្រៀនតាមប្រព័ន្ធ ONLINE រៀបចំការប្រឡងបញ្ចប់ឆ្នាំ ដោយត្រូវរៀបចំបន្ទប់ប្រឡង ដែលមានចំណុះ ១៥ ទៅ ២០នាក់ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធាន ការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការ WHO៕

 

ពលរដ្ឋក្រីក្រជាង ២ម៉ឺនគ្រួសារបន្ថែមទៀត នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលនៅជុំទី២

ភ្នំពេញ ៖ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋានទទួលបន្ទុក ព្រមទាំងមន្ទីរផែនការរាជធានីខេត្ត ក្រុង ទូទាំងប្រទេស តាមរយៈប្រព័ន្ធ Video Zoom។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានថ្លែង តាមដែលទទួលបានទិន្នន័យគ្រួសារក្រីក្រ ដែលរាជរដ្ឋាភិបាល ជាពិសេសក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងដំណើរការឧបត្ថម្ភសាច់ប្រាក់ ដែលមកទល់ថ្ងៃនេះ គ្រួសារទាំងជាង ៥៦០,០០០គ្រួសារ (ជុំទី១) ស្ទើរតែទទួលបានថវិកាដំណាក់កាលទី១ ទាំងអស់គ្នាហើយ។ គ្រួសារដែលទទួលបានការឧបត្ថម្ភនេះ កំពុងនៅជុំទី១ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០គ្រួសារដែលទទួលបានការឧបត្ថម្ភ នេះ កំពុងសប្បាយរីករាយ និងថ្លែងអំណរគុណចំពោរាជរដ្ឋាភិបាលដែលមានគិតគូពីសុខទុក្ខ និង ការលំបាករបស់ពួកគាត់។

ទន្ទឹមនឹងការឧបត្ថម្ភសាច់ប្រាក់ដំណាក់កាលទី១ បញ្ចប់ ការផ្តល់ក្នុងដំណាក់កាលទី២ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលនឹងត្រូវប្រើប្រាស់ទិន្នន័យបច្ចុប្បន្នភាព ក្រោយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដែលជាការបូកបញ្ចូលគ្នានៃគ្រួសារក្រីក្រនៅជនបទ និងទីប្រជុំជន ដែលទិន្នន័យគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ (បណ្តោះអាសន្ន) មានគ្រួសារក្រីក្របានកើនចំនួន២៤៩១៥ គ្រួសារ ហើយទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីប្រទេសជាតិ ប្រជាជន និង មុខមាត់ របស់ក្រសួងផែនការ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ទោះបីជាយើងបានព្យាយាមខិតខំសម្រចបាននូវភារកិច្ចដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រជូនរាជរដ្ឋាភិបាល ប្រទេសជាតិ និងប្រជាជនកម្ពុជា យ៉ាងនេះក៏ដោយ ក៏យើងនៅតែមានជួបនូវបញ្ហាប្រឈមជាច្រើនដូចជា ការកំណត់ពេលផ្តល់ទិន្នន័យមានរយៈពេលខ្លីបំផុត និង ទាមទារគុណភាពទិន្នន័យ ,ការប្រើប្រាស់ tablets ជាការប្រើប្រាស់លើកដំបូង នៅមានភាពរអាក់រអួល ទាំងប្រព័ន្ធ និង មន្រ្តី។ រដូវនេះ ជារដូវធ្លាក់ភ្លៀង បានប៉ះពាល់ដល់ដំណើរការប្រព័ន្ធទាក់ទង ការបញ្ជូនទិន្នន័យ ការធ្វើដំណើរ ស្ថានភាពរបស់ខេត្តមិនដូចគ្នា ខ្លះឆ្ងាយ ផ្លូវពិបាក និង ខ្លះជាតំបន់កោះ និង ជ្រលងភ្នំ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា រឿងដែលសំខាន់បំផុត និងប៉ះពាល់ដល់ការងារផ្តល់ការឧបត្ថម្ភសាច់ប្រាក់នេះគឺ ប្រតិកម្មពីប្រជាជន ដូចជាអ្នកមានជីវភាពល្អប្រសើរនៅមានប័ណ្ណ និងទទួលបានការឧបត្ថម្ភ, ប័ណ្ណខ្លះ ផុតសុពលភាព (លើសពី៣ឆ្នាំ) មានអ្នកបំផុសឱ្យទៅទទួលការឧបត្ថម្ភ, គ្រួសារក្រីក្រពិតប្រាកដមិនទទួលបានប័ណ្ណ និងការឧបត្ថម្ភ, គ្រួសារខ្លះនៅបន្តប្រើប័ណ្ណអាទិភាព Post ID របស់ក្រសួងសុខាភិបាលមកទាមទារ, គ្រួសារខ្លះជាគ្រួសារចំណាកស្រុក ឬ មិនមានសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ, ប័ណ្ណរហែក/បាត់ជាដើម។

ពួកគាត់បាននាំគ្នាផ្ទុះការតវ៉ា ដោយផ្ទាល់ ប្រយោល ជាពិសេសតាមបណ្តាញសង្គម ទោះបីមានការពន្យល់ ណែនាំ ជាពិសេសក្រសួងផែនការតាមបណ្តាញសង្គម សារព័ត៌មាន វិទ្យុ ទូរទស្សន៍ និង ចុះដោះស្រាយដល់ទីតាំងផ្ទាល់ ក៏នៅមិនទាន់មានភាពជ្រះស្រឡះ និងនៅតែបន្ត។ ជាមួយនេះដែរ មានក្រុមការងារជាតិចុះតាមឃុំ/សង្កាត់ ក៏នៅតែខិតខំជួយតាមដានការងារនេះផងដែរ។

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញក្រសួង មន្ត្រីមន្ទីរផែនការរាជធានី ខេត្ត ក្រុង ត្រូវពិនិត្យ តាមដាន និង ដោះស្រាយការងារនេះឱ្យបានម៉ត់ចត់ ប្រុងប្រយ័ត្ន មិនត្រូវផ្តេកផ្តួល ជាពិសេស ការឧបត្ថម្ភសម្រាប់តែប្រជាជនក្រីក្រ និងចុះជាប់នៅឯមូលដ្ឋានជាមួយអាជ្ញាធរឃុំ សង្កាត់ ជានិច្ច ដើម្បីក្តាប់ឱ្យជាប់សភាពការណ៍ និងជួយពន្យល់ ណែនាំអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ត្រូវបំបាត់ឱ្យអស់បក្សពួក និងគ្រួសារនិយម ហើយក្រសួងផែនការកំពុងដំណើរការរៀបចំយន្តការដើម្បីដោះស្រាយ និង ផ្តល់តម្លាភាពដល់ ប្រជាជនផងដែរ ។

សម្រាប់ទិន្នន័យបឋមអំពីបញ្ហា ដែលខេត្តចំនួន១៣ បានផ្តល់មក និងបានដោះស្រាយរួចរាល់រួមមាន ប័ណ្ណអស់សុពលភាព មានចំនួន ១៨៥ករណី, អ្នកកាន់ប័ណ្ណដែលមានជីវភាពប្រសើរឡើង មានចំនួន ២,៣៤១ ករណី (នៅសល់តែ២៣០ករណីកំពុងកាន់ប័ណ្ណ), អ្នកក្រដែលមិនមានប័ណ្ណ មានចំនួន ៥៩៩ ករណី, ប័ណ្ណរហែក ឬបាត់ មានចំនួន ២,៧៥៣ករណី៕

កូរ៉េខាងជើង ៖ ខ្លួន​គ្មានចេតនា​អង្គុយ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ទៀតឡើយ

កូរ៉េខាងជើង៖ អ្នកការទូតជាន់ខ្ពស់ម្នាក់បាននិយាយថា កូរ៉េខាងជើងបានប្រកាសនៅថ្ងៃអង្គារនេះថាខ្លួនគ្មានចេតនាអង្គុយចរចាជាមួយសហរដ្ឋអាមេរិកឡើយ ហើយបានទទូចឲ្យកូរ៉េខាងត្បូងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសដទៃ។

លោក គ្វុន ជុងហ្គាន់ (Kwon Jong Gun) អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកនៅឯក្រសួងការបរទេសកូរ៉េខាងជេីងបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជេីងដោយបានរិះគន់កូរ៉េខាងត្បូងចំពោះការនិយាយតាមតែចិត្តខ្លួនឯងអំពីពាក្យចចាមអារ៉ាមមិនពិតដែលថា «នឹងមានជំនួបកំពូលមួយទៀតរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ»។

លោក ត្រាំ និងលោក គីម បានជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំ២០១៨នៅប្រទេសសិង្ហបុរីដែលជំនួបនោះបានបង្កើនក្តីសង្ឃឹមសម្រាប់ការចរចាបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ប៉ុន្តែកិច្ចប្រជុំកំពូលលើកទី២របស់មេដឹកនាំទាំងពីរក្នុងឆ្នាំ២០១៩ និងកិច្ចប្រជុំកម្រិតការងារនៅប្រទេសវៀតណាមបានទទួលបរាជ័យ។

អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ស្តេវិន ប៊ីហ្គាន់ (Stephen Biegun) ដែលបានដឹកនាំកិច្ចពិភាក្សាជាមួយក្រុមមន្ត្រីកូរ៉េខាងជេីងគ្រោងនឹងទៅដល់ក្រុងសេអ៊ូលនៅល្ងាចថ្ងៃអង្គារនេះដើម្បីពិភាក្សាជាមួយក្រុមមន្រ្តីទីក្រុងសេអ៊ូលជុំវិញការរិះរកមធ្យោបាយដើម្បីស្រោចស្រង់ការចរចាឡើងវិញ។

កាលពីខែមុនប្រទេសកូរ៉េខាងជើងបានបង្កើនភាពតានតឹងភ្លាមៗជាមួយប្រទេសកូរ៉េខាងត្បួង និងបានបំផ្ទុះបំផ្លាញចោលការិយាល័យទំនាក់ទំនងរួមជាមួយកូរ៉េខាងត្បូងនៅតំបន់ព្រំដែន ហេីយក្រោយមកក៏បានផ្អាកយ៉ាងតក់ក្រហល់នូវផែនការប្រេីចំណាត់ការយោធាប្រឆាំងកូរ៉េខាងត្បូង៕

 

 

តុលាការសម្រេចចោទប្រកាន់អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ជាផ្លូវការ

ភ្នំពេញ ៖ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ តំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរ័ត្ន បានសម្រេចចោទប្រកាន់លោកឧកញ៉ា សង ថន ពីបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត ចំណែកលោកអភិបាលរងខេត្តបាត់ដំបងឈ្មោះ ស៊ូ អារ៉ាហ្វាត់ ត្រូវបានចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងមួយទៀត គឺបទស៊ីសំណូក។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា សំណុំរឿងនេះត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរតាមនីតិវិធី។

សូមជម្រាបថា អភិបាលរងខេត្តបាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាថ្មីម្តងទៀត នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា វិវាទដីធ្លីនៅស្រុកគាស់ក្រឡរវាងឧកញ៉ា សង ថន និងប្រជាពលរដ្ឋបានក្លាយជាព្រឹត្តិការណ៍កក្រើក និងចាប់អារម្មណ៍ខ្លាំងក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរ។ វិវាទដីធ្លីនេះ នាំឱ្យសម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចប់តំណែងអភិបាលស្រុកគាស់ក្រឡលោក ម៉ៅ សុចាន់។

ជាមួយគ្នានេះ លោកឧកញ៉ា សង ថន និងអភិបាលរងខេត្តបាត់ដំបង គឺលោក ស៊ូ រ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហៅមកសួរនាំផងដែរ កាលពីព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីលោកឧកញ៉ា សង ថន ដែលត្រូវបាន ACU នាំខ្លួនទៅសាកសួរក្នុងសំណុំរឿងមួយនេះផងដែរ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងក៏ដកតួនាទីអភិបាលស្រុកកោះក្រឡពីតួនាទីផងដែរ។

ចំពោះការនាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ដោយACUនេះ ដោយសារលោកធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង។ ចំណែកលោកឧកញ៉ា សង ថន គឺជាបុគ្គលតែម្នាក់ដែលមានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។ រីឯលោក ម៉ៅ សុចាន់ អភិបាល ស្រុកគាស់ក្រឡ ក៏ត្រូវបានដកតួនាទីឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ៕

 

 

ថ្ងៃនេះ​ ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​៨​នាក់​ទៀត ដែលជា​ករណី​នាំចូល​

ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ខ្លួន​បានទទួល​របាយការណ៍​នៃ​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៨​ដែល​ត្រូវបាន​បញ្ជាក់​នៅលើ​ចិនដីគោក​កាលពី​ថ្ងៃ​ច័ន្ទ ដែល​ករណី​ទាំងអស់នេះ​សុទ្ធតែជា​ករណី​នាំចូល​។​

​គណៈកម្មការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា គ្មាន​អ្នកស្លាប់​ថ្មី​នោះទេ ទាក់ទង​នឹង​ជំងឺ​នេះ​ត្រូវបាន​គេ​រាយការណ៍​ទេ​កាលពី​ថ្ងៃ​ច័ន្ទ ខណៈ​ទីក្រុង​ប៉េកាំង​រាយការណ៍​គ្មាន​ករណី​ឆ្លង​សូម្បីតែ​ម្នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៦​ខែកក្កដា ប្រទេស​ចិន​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន ៨៣.៥៦៥ នាក់ ខណៈ​ចំនួន​អ្នកស្លាប់​នៅតែមាន ៤.៦៣៤ នាក់​ដដែល​៕