All posts by មេគង្គ ប៉ុស្តិ៍

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បាននាំយកគ្រឿងឧបភោគ បរិភោគនិងថវិកាប្រគេនព្រះសង្ឃនៅស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម ៖ ដើម្បី ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម និង លោក ស្រី គឹមឆយ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម រួម ជាមួយ ថ្នាក់ដឹកនាំ ជា ច្រើន រូប ទៀត បាននាំយកសម្ភារៈបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកាប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តកោះកែវ និងវត្តគង្គារាម (ហៅវត្តចុងបឹង) ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

នាឱកាសនោះ លោក ស្រី គឹមឆយ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្ងៃនេះ លោកស្រីផ្ទាល់ ក៏ដូចជា លោក ស្រី ជាអ្នកតំណាងរាស្ត្រដូចគ្នា រួមជាមួយ សាខាសមាគមនារីកម្ពុជា ដើម្បី អភិវឌ្ឍន៍សាខា ខេត្តកំពង់ចាម និងសប្បុរសជននានា បានបរិច្ចាកនូវធនធានផ្ទាល់ខ្លួន នាំនូវសម្ភារៈបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បី ចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេស ការជួយទំនុកបម្រុង ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នៅវត្តកោះកែវ និងវត្តគង្គារាម ។ ដែលក្នុង ១វត្តៗ មាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ និងថវិកា ១.២០០.០០០រៀល ។

បន្ទាប់ពិធីវេរ នូវសម្ភារៈបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសាសនា រួចមក ព្រះគ្រូចៅអធិការ នៃវត្តទាំង ២ ក៏បានធ្វើការចម្រើនពរ អរគុណ ចំពោះ លោកឲ ស្រី គឹមឆយ ក៏ដូចជា សហការី ជាថ្នាក់ដឹកនាំទាំងអស់ ដែលបាននាំយកនូវ សម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកប្រគេនដល់វត្ត ដើម្បី ទុកជាប្រយោជន៍ សម្រាប់ផ្គត់ផ្គង់ ជីវភាពព្រះសង្ឃ ដែលត្រូវគង់ចាំព្រះវស្សា រយៈពេល ៣ខែ ក្នុងរដូវចូលព្រះវស្សានេះ ផងដែរ៕ ដោយ ៖ ប៉ែន សុផល

នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រារួមគ្នានឹងធ្វើឡើង​នៅកន្លែងផ្តល់សេវាតែមួយ

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​ឱ្យដឹងថា នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រារួមគ្នា នឹងធ្វើឡើង​នៅកន្លែងផ្តល់សេវាតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ត្រូវបានឯកភាព​គ្នា​ ដោយ​គ្រោងដាក់ឱ្យដំណើរការនៅក្នុង​ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

កាលពី​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាការងារជាមួយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា និងពិនិត្យទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង នាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ច​ប្រជុំពិភាក្សានេះ ក្នុងគោលបំណងដើម្បីពិនិត្យទៅលើលំហូរនីតិវិធីក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តភ្ជាប់ជាមួយប្រព័ន្ធបច្ចេកវិទ្យារបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ បង់សេវា និងបង់ពន្ធប្រថាប់ត្រា ក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញក្នុងការផ្តល់សេវាផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា។

លោក​ទេសរដ្ឋមន្ត្រី និង​លោក​ប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា បច្ចេកទេសផ្តល់សេវា តាមលំហូរចរន្តការងារដំណើរការផ្ទេរកម្មសិទ្ធិយានជំនិះតាមប្រព័ន្ធបច្ចេកវិទ្យានេះ លំហូរចរន្តដំណើរការនីតិវិធី នៃការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រានេះ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យានេះ នឹងដំណើរការទៅបានយ៉ាងរលូន និងចូលរួមចំណែកយ៉ាងសំខាន់ ទៅដល់ការពង្រឹងនូវការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងមធ្យោបាយធ្វើដំណើរ និងការគ្រប់គ្រងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយពង្រឹងនូវការប្រមូលចំណូលសារពើរពន្ធផងដែរ។ ទាំងនេះស្តែងឱ្យឃើញពីការគិតគូរដិតដល់ និងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជាគន្លឹះសំខាន់ក្នុងការជួយសម្រួលនីតិវិធីជូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួល កាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ការចំណាយក្រៅផ្លូវការ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

សូមជម្រាបជូនផងដែរថា៖ ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវបានអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យ ONLINE តាមរយៈគេហទំព័រ vehicle.mpwt.gov.kh ឬអាចមកកាន់ទីតាំងផ្តល់សេវាផ្ទាល់ដើម្បីមន្ត្រីជំនាញធ្វើការបំពេញសំណុំបែបបទជូន រួចធ្វើការបងប្រាក់សេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នីតិវិធីរួមនៃការផ្ទេរកម្មសិទ្ធិយានជំនិះនេះ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងសម្រេច ផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់ នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ៕

 

​កម្ពុជា-វៀតណាម ឯកភាព​ពន្លឿន​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅសល់

ភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក ង្វៀន ហ៊្វូជុង ប្រធានរដ្ឋវៀតណាមបាន​សម្តែង​នូវការ​អបអរដ៏ខ្លាំងក្លា​ចំពោះ​ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ទទួលស្គាល់​សមិទ្ធផល​នៃការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោករវាង​ប្រទេស​ទាំងពីរ ដែល​សម្រេចបាន ៨៤% ព្រមទាំង​ឯកភាព​ពន្លឿន​ការដោះស្រាយ​បញ្ហា​ព្រំដែន​១៦% ដែលនៅសេសសល់ ដើម្បី​កសាង​ព្រំដែន​កម្ពុជា-វៀតណាម ជាព្រំដែន​សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ។ ការលើកឡើង​នេះ ធ្វើឡើង​តាម​រយៈ​កិច្ចសន្ទនាតាមទូរសព្ទ កាលពីថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ​២០២០។

សូមអាន​បន្ថែម​ក្នុងសេចក្តី​ប្រកាសព័ត៌មាន​ខាងក្រោម៖

 

 

កម្ពុជា-កូរ៉េប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានជួបប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកស្រី យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដើម្បីចាប់ផ្តើមចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ។

មុននឹងឈានមកដល់ការប្រកាសជាផ្លូវការនេះ ក្រុមការងារនៃប្រទេសទាំងពីរ បានជួបប្រជុំជាច្រើនលើកច្រើនសារមកហើយ តាមរយៈប្រព័ន្ធវីដេអូ និងបានឆ្លងកាត់ជាច្រើនដំណាក់កាល រួមមាន ការសិក្សារួមស្តីពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី, ការរៀបចំគោលការណ៍រួមនៃការចរចា និង ការស្នើសុំគោលការណ៍អនុញ្ញាតពី រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ការសិក្សា បានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៩ មានប្រមាណ ១.០៣២លានដុល្លា មានការកើនឡើង ២៥៤%ធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១លានដុល្លា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ ១៥% ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានបង្ហាញជំហរសុទិដ្ឋិនិយម និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ ដែលបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលពឹងផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសដើម្បីជួយស្តារសេដ្ឋកិច្ចឡើងវិញឱ្យបានឆាប់រហ័សបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ក្រៅពីនោះក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងការវិវត្តរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងបានបញ្ចេញទស្សនៈរួមស្តីពីការបន្តគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រទេសជាសមាជិក ទាំងកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា ផងដែរ។

ជាមួយគ្នានេះដែរ ការងារចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តនេះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ សំដៅធ្វើពិពិធកម្មទីផ្សារ និងផលិតផលនាំចេញរបស់កម្ពុជាបន្ថែមទៀត៕

អ្នកនាំពាក្យក្រសួងប​រិស្ថា​ន ៖ អន្ទាក់គឺជាឃាតករលាក់មុខសម្លាប់សត្វព្រៃកម្ពុជា

ខេត្តកោះកុង ៖ លោក នេត្រ ភក្ត្រា រដ្ឋ​លេ​ខាធិការ និងជាអ្នកនាំពាក្យក្រសួងប​រិស្ថា​នបានបញ្ជាក់ថា អន្ទាក់ គឺជាឃាតករលាក់មុខដែលបានសម្លាប់សត្វព្រៃជាច្រើនរាប់មិនអស់ ហើយអន្ទាក់ចាប់សត្វព្រៃសរុបចំនួន២០ ១៧៩អន្ទាក់ ត្រូវបានដោះយកចេញពីតំបន់ការពារធម្មជាតិ ក្នុងរយៈពេល៦ខែ ក្នុងឆ្នាំ២០២០។

លោកបន្តថា ​ការដោះអន្ទាក់គ្រប់ប្រភេទចេញពី​តំបន់​កា​រ​ពា​រធម្មជាតិ៦ខែឆ្នាំ២០២០ ពីខែមករា ដល់ខែមិថុនា អន្ទាក់សរុបចំនួន ២០ ១៧៩ អន្ទា​ក់​ត្រូ​វ​បា​នដោះយកចេញមានន័យថា បានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាលឱ្យរួចរស់ជីវិត។ នៅ​ឆ្នាំ​​២០១៩កន្លងទៅអន្ទាក់ចំនួនជាង៤ម៉ឺនអន្ទា​ក់ត្រូវបាន​ដោះចេញពី​តំប​ន់​កា​រ​ពា​រ​ធ​ម្ម​ជា​តិ​។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា ធ្វើឡើងក្នុងពេលដឹកនាំប្រតិភូក្រសួងបរិ​ស្ថា​ន អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងអ្ន​កសារព័ត៌មានជាច្រើនស្ថា​ប័នទៅកាន់​ស្នាក់ការល្បា​តស្ទឺ​ង​ព្រា​​ត់ស្ថិតក្នុស្រុកថ្មបាំងខេត្តកោះកុងកាលពីថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០។ ឯកឧត្តម​បាន​ប​ញ្ជា​ក់​ថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរ​វាងក្រសួង​បរិស្ថាននិ​ងអ​ង្គ​កា​រ​ស​ម្ព័ន្ធមិត្តស​ត្វ​ព្រៃ​​ក្នុងការការពារតំបន់ការពារធម្មជាតិក្នុងខេត្តកំពង់ស្ពឺ កោះកុង និងពោធិសាត់ អន្ទា​ក់​ចំ​នួ​ន​៣២ ៣២២ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងរយៈពេល ១៨ ខែចុង​ក្រោ​យ​នេះ​ (ខែមករា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២០)។

អន្ទាក់ទាំងនោះ ខ្លះធ្វើពីខ្សែនីឡុង ឬខ្សែកាបដែកដែលបង្កគ្រោះថ្នាក់បំផុត។ អន្ទាក់កា​ន់តែមានសភាពគ្រោះថ្នាក់ឡើងនៅពេលជនល្មើសបានប្រើប្រាស់អន្ទាក់ដោយប្រើប្រាស់ចរន្តអគ្គុសនីដើម្បីឆក់សត្វក្នុងព្រៃ ឬការប្រើសំឡេងសត្វសប្បនិមិត្តដើម្បីចាប់សត្វ។ អន្ទាក់​គឺជា​ឃា​តកលាក់មុខដែលអាចសម្លាប់សត្វព្រៃគ្រប់ពេលវេលា ហើយអន្ទាក់ក៏ជាការគំ​រាមកំហែង​ដ​ល់​ប្រភេទសត្វមួយចំនួនដល់ស្ថិតក្នុងប្រភេទកម្រស្រាប់ឱ្យបាត់បង់ និងផុត​ពូជ​ពី​លើផែ​នដី​យើ​ង​នេះ​។

ចំពោះមុខនៃការគំរាមកំហែងរបស់អន្ទាក់លួចដាក់ដោយ ក្រុមព្រានព្រៃនេះ មន្ត្រីឧទ្យា​នុ​រក្សនៃក្រសួងបរិស្ថាន មិនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់បទល្មើសបំផ្លាញធនធានធម្មជាតិ កា​រកាប់បំផ្លាញព្រៃឈើទេ ប៉ុន្តែមន្ត្រីឧទ្យានុរក្សក៏បានដើរស្វែងរកអន្ទាក់ និងដោះចេញ និង​បំ​ផ្លា​ញអន្ទាក់ចោលដើម្បីសង្គ្រោះជីវិតសត្វព្រៃផងដែរ។

ដើម្បីបញ្ឈប់ការបរបាញ់សត្វ បញ្ឈ​ប់​កា​រដាក់អន្ទាក់ ចាប់សត្វ សូមបង​ប្អូន​ប្រ​ជា​ព​ល​រ​ដ្ឋ​កុំបរិភោគសាច់សត្វ កុំជួញដូរសត្វព្រែ និងកុំជឿលើជំនឿថា បរិភោគសាច់សត្វ ឈាម ឬ​យ​ក​ឆ្អឹងសត្វព្រៃទៅធ្វើឱសថប៉ូវកម្លាំងឬជំនួយដល់សុខភាព តែវាអាចនឹងធ្វើឱ្យបងប្អូនប្រឈម មុ​ខ​នឹងគ្រោះថ្នាក់ទៅវិញដោយសារតែអាចមានមេរោគផ្សេងៗ។

ជាមួយគ្នានេះ ដើម្បីកាត់ផ្តាច់មុខរបរចូលព្រៃកាប់ឈើ និងចូលព្រៃដាក់អន្ទាក់សត្វព្រៃ ននិងប​របាញ់សត្វព្រៃ ក្រសួងបរិស្ថានបានរៀបចំផែនការ បង្កើនជីវភាព​ប្រជាសហគ​ម​ន៍​មូ​ល​ដ្ឋា​នដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ ឬនៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យរីក​ចម្រើ​ន​ឡើ​ង​តាមរយៈការជំរុញឱ្យមានការបង្កើតការងារថ្មីក្នុងវិស័យទេសចរណ៍ធម្មជាតិនៅក្នុងតំបន់របស់ពួកគាត់៕

ពពុះសណ្ដែក ៣៧.៩ គីឡូក្រាមមានផ្ទុកសារធាតុគីមីបូរ៉ាក់ត្រូវមន្រ្តីជំនាញរកឃើញ និងដកហូត

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រី មន្ទីរពាណិជ្ជកម្មរាជធានី និងអាជ្ញាធរដែនដីខណ្ឌមួយចំនួន បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៧ នៅរាជធានីភ្នំពេញមានដូចជា ៖ ផ្សារអូរឬស្សី ផ្សារធំថ្មី ផ្សារដើមគរ ផ្សារអូរឡាំពិក ផ្សារបឹងកេងកង ផ្សារជម្ពូវន្ត និងផ្សារពិភពថ្មីកំបូល។

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារចំនួន ៤៥ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញ ពពុះសណ្ដែក មានផ្ទុកសារធាតុគីមីហាត់ឃាត់បូរ៉ាក់ (Borax) ចំនួន ៣៧.៩ គីឡូក្រាម។ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

រដ្ឋមន្រ្តីសុខាភិបាលបញ្ជូនសារពីរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩ សម្រាប់ការយល់ដឹងទាំងអស់គ្នា

ភ្នំពេញ ៖ ក្រោយពីបានពិភាក្សា និងបានពិនិត្យលើការណែនាំរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារការចម្លងវីរុសកូវីដ-១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសាររបស់ខ្លួន មិនមានការចម្លងនៅក្នុងសហគមន៍ និងសូមពន្យល់ជូនសាធារណជនទាំងអស់នូវចំណុចសំខាន់ៗដែលពាក់ព័ន្ធទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានដូចតទៅ៖

១. ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ នៅកម្ពុជា៖

  • តាមទស្សនៈសុខភាពសាធារណៈ “រលកទីមួយ” សំដៅទៅលើខ្សែកោងនៃការរីករាលដាលនៃជំងឺឆ្លង ដែលករណីកើនឡើងដោយសារតែមានការចម្លងជំងឺជាទ្រង់ទ្រាយធំក្នុងសហគមន៍ ហើយបន្ទាប់មកក៏ធ្លាក់ចុះរហូតដល់ជិតដល់សូន្យ ដោយសារតែការអនុវត្តវិធានការសុខភាពសាធារណៈ។
  • នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការបានទាន់ពេលវេលា រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំ និងការឆ្លើយតបរហ័សរបស់យើងទាំងអស់គ្នា ព្រមទាំងមានការចូលរួមប្រតិបត្តិនូវវិធានការដែលបានដាក់ចេញ ប្រទេសកម្ពុជាទទួលបានលទ្ធផលល្អក្នុងការទប់ស្កាត់ការឆ្លងរាលដាល ហើយយើងមិនមានការចម្លងវីរុសកូវិឌ-១៩ ជាទ្រង់ទ្រាយធំក្នុងសហគមន៍នោះទេមកដល់ពេលនេះ។
  • ប្រទេសកម្ពុជា មិនមានការកើនឡើងជាស្វ័យគុណនូវករណីវិជ្ជមានវីរុសកូវីដ-១៩ ដែលបង្កបានជារលក ដូចដែលកើតមានឡើងនៅក្នុងប្រទេសដទៃទៀតនៅលើសាកលលោក។ ផ្ទុយទៅវិញ យើងកំពុងតែស្ថិតក្នុងដំណាក់កាលដំបូងដោយមានករណីវិជ្ជមានជំងឺកូវីដ-១៩ ដែល ភាគច្រើននៃករណីទាំងនោះ ជាករណីនាំចូល។

២. ជំងឺកូវីដ-១៩ គឺជាភ្លើងដ៏សាហាវមួយហើយយើងត្រូវតែបង្ការការរាលដាល

  • បច្ចុប្បន្ននៅទូទាំងសលកលោក មានករណីវិជ្ជមានវីរុសកូវីដ-១៩ ឡើងដល់ជាង១១លានករណី និងអ្នកស្លាប់កើនឡើងដល់ជាងកន្លះលាននាក់ហើយ ដែលត្រូវបានរាយការណ៍ទៅអង្គការសុខភាពពិភពលោកគិតត្រឹមថ្ងៃនេះ។ វីរុសនេះ កំពុងរាលដាលដូចភ្លើងឆេះព្រៃនៅជុំវិញពិភពលោក ដូច្នេះ ប្រទេសកម្ពុជា នៅតែប្រឈមនឹងហានិភ័យ ដរាបណាវីរុសនេះនៅកំពុងតែរាលដាលពាសពេញពិភពលោក។
  • យើងត្រូវគិតអំពីករណីនិមួយៗដូចជាផ្កាភ្លើង-ផ្កាភ្លើងដែលអាចចាប់ផ្តើមឆេះ ឬយើងអាចពន្លត់វាបានមុនពេលដែលវាមានឱកាសរីករាលដាល។
  • នេះជាមូលហេតុដែលការធ្វើតេស្តយ៉ាងតឹងរឹងដែលកំពុងត្រូវបានធ្វើឡើងនៅតាមព្រំដែន នៅពេលដែលប្រជាជនធ្វើដំណើរចូលមកក្នុងប្រទេស។ វិធានការណ៍ត្រួតពិនិត្យនៅតាមព្រំដែននិងការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ គឺជាកិច្ចការចាំបាច់ដើម្បីទប់ស្កាត់ការកើនឡើងនូវចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
  • យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយនៅក្នុងចំណោមប្រជាជនដែលងាយនឹងឆ្លងវីរុសនេះ បែបដូចជាផ្កាភ្លើងតែមួយប៉ុណ្ណោះ វាអាចធ្វើឱ្យឆាបឆេះបាន និងរាលដាលទៀតផង។
  • ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការជួបជុំកកកុញ ចៀសវាងការមានទំនាក់ទំនងជិតស្និទ្ធ និងលំហចង្អៀត ដែលយើងត្រូវតែកាត់បន្ថយនូវហានិភ័យ ក្នុងការចម្លងជំងឺពីមនុស្សម្នាក់ទៅអ្នកដទៃផ្សេងទៀត។ ប្រសិនបើយើងលាងដៃឱ្យបានទៀងទាត់ ហើយយើងពាក់ម៉ាស់នៅពេលចាំបាច់ ព្រមទាំងរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល គឺ យើងអាចការពារការចម្លង និងកាត់បន្ថយនូវឱកាសនៃការរីករាលដាល ក្នុងករណីមានផ្កាភ្លើងកើតឡើង។

៣. យើងទាំងអស់គ្នាត្រូវធ្វើការដោយមានសាមគ្គីភាព

  • ប្រទេសកម្ពុជាមិនអាចកាត់ផ្តាច់ខ្លួនឯងទាំងស្រុងពីពិភពលោកបានទេ ហើយរិតតែមានសារៈសំខាន់ណាស់ ដែលសេដ្ឋកិច្ចកម្ពុជា ត្រូវតែគិតគូររក្សាឲ្យនៅរឹងមាំ។
  • នៅពេលនេះ ជំងឺកូវីដ-១៩ គឺជាការរំលឹកមួយថា សុខភាពជាសមូហភាពរបស់យើង គឺផ្អែកលើសកម្មភាពរបស់បុគ្គលម្នាក់ៗ។
  • យើងដឹងថា ផលប៉ះពាល់នៃជំងឺរាតត្បាតនេះមានទំហំធំណាស់សម្រាប់គ្រួសារ សង្គមជាតិ និងសេដ្ឋកិច្ច ហើយប្រជាជនមានការថប់បារម្ភ និងមានអារម្មណ៍អស់កម្លាំង។ ប៉ុន្តែក្នុងកាលៈទេសៈនេះ ភាពពេញចិត្តឬតម្រូវចិត្តបុគ្គលឲ្យបានគ្រប់ៗគ្នានោះ ជាការលំបាកណាស់ ដរាបណាវីរុសនេះ នៅតែបន្តរីករាលដាលនៅកន្លែងណាមួយ ដែលគ្មានប្រទេសណាមួយ និងគ្មាននរណាម្នាក់មានសុវត្ថិភាពនោះឡើយ ប្រសិនបើយើងមិនរួមគ្នាអនុវត្តន៍វិធានការការពារ។
  • បន្ថែមលើវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាល បុគ្គលម្នាក់ៗ សហគមន៍ និងធុរកិច្ចទាំងអស់ត្រូវបន្តធ្វើការជ្រើសរើសជម្រើសដែលមានសុខភាពល្អ និងចាត់វិធានការការពារ – រួមមានការអនុវត្តអនាម័យដៃ និងអនាម័យផ្លូវដង្ហើមស្អាតល្អ ស្ថិតនៅយ៉ាងតិច ១ម៉ែត្រកន្លះពីអ្នកដទៃ និងស្នាក់នៅផ្ទះប្រសិនបើមានរោគសញ្ញាសង្ស័យជាចាំបាច់។
  • យើងទាំងអស់គ្នាត្រូវចូលរួមចំណែកទាំងអស់គ្នា ដើម្បីធានាឱ្យបានថាករណីនិមួយៗមិនក្លាយជាអណ្តាតភ្លើងហើយមិនវិវត្តទៅជាភ្លើងនាពេលបន្ទាប់។ ប្រសិនបើយើងធ្វើសកម្មភាពដោយមានសាមគ្គីភាព យើងអាចការពារប្រទេសកម្ពុជា ពីការចម្លងជំងឺជាទ្រង់ទ្រាយធំក្នុងសហគមន៍ ដូចដែលយើងធ្លាប់បានឃើញនៅក្នុងបណ្តាប្រទេសមួយចំនួននៅលើសាកលលោក។
  • រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ គឺជាកាតព្វកិច្ចរបស់បុគ្គលគ្រប់រូប ដើម្បីសហគមន៍គ្មានការរាតត្បាតជំងឺដ៏កាចសាហាវនេះ៕

កូរ៉េខាងត្បូង ៖ អាមេរិក​មើលឃើញ​សារៈសំខាន់​នៃ​កិច្ចចរចា​ជាមួយ​កូរ៉េខាងជើង

កូរ៉េខាងត្បូង ៖ ប្រទេស​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហរដ្ឋអាមេរិក​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចពិភាក្សា​ជាមួយ​ប្រទេស​កូរ៉េខាងជើង ទោះបីជា​ប្រទេស​កូរ៉េខាងជើង​បាន​និយាយថា​ខ្លួន​គ្មាន​បំណង​វិល​ត្រឡប់មក​តុ​ចរចា​វិញ​ក៏ដោយ។​

​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​លោក Stephen Biegun ដែល​បានបញ្ចប់​កិច្ចពិភាក្សា​រយៈពេល ៣ ថ្ងៃ​នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​ច្រានចោល​ការរំពឹងទុក​ដែលថា​លោក​កំពុង​ស្វែងរក​ការជួប​មន្ត្រី​កូរ៉េខាងជើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ប៉ុន្តែ​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​បើក​កិច្ចចរចា ។​

​ការិយាល័យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោក Biegun បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបើក​ការសន្ទនា​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង​” ។​

​លោក Biegun ប្រេសិត​កំពូល​របស់​សហរដ្ឋអាមេរិក​ស្តីពី​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​កូរ៉េខាងជើង​ឲ្យ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​បាន​ជួប​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​គឺ​លោក Suh Hoon ។ ទន្ទឹម​នោះ​លោក Biegun ក៏​គ្រោង​នឹង​មកដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផងដែរ ។​

​កូរ៉េខាងត្បូង​បាន​ព្យាយាម​លើកកម្ពស់​កិច្ចខិតខំ​ប្រឹងប្រែង​សន្តិភាព ហើយ​លោក Suh បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​

​លោក ត្រាំ និង​លោក គីម បាន​ជួបគ្នា​ជា​លើកដំបូង​នៅ​ឆ្នាំ ២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​ដោយ​បង្កើន​ក្តីសង្ឃឹម​សម្រាប់​កិច្ចចរចា​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។ ប៉ុន្តែ​កិច្ចប្រជុំ​កំពូល​លើក​ទី ២ របស់​ពួកគេ​ឆ្នាំ ២០១៩ នៅ​ប្រទេស​វៀតណាម និង​ក្រោយមកទៀត​ក្នុង​កិច្ចពិភាក្សា​កម្រិត​ការងារ​ត្រូវបាន​បរាជ័យ ។ លោក ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​បាន​បើកចំហ​សម្រាប់​កិច្ចប្រជុំ​មួយ​ផ្សេងទៀត​ជាមួយ​លោក គីម ហើយ​គិតថា​វា​អាចមាន​ប្រយោជន៍ ។​

​ប៉ុន្តែ​កូរ៉េខាងជើង​មានការ​ខកចិត្ត​ដែល​មិនមាន​សញ្ញា​ណាមួយ​នៃ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​នេះ ហើយ​បាន​និយាយ​នៅក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ថា ខ្លួន​គ្មាន​បំណង​អង្គុយ​និយាយ​គ្នា​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ ។​
​ភាព​តានតឹង​បាន​ផ្ទុះឡើង​កាលពី​ខែ​មុន​នៅពេលដែល​ប្រទេស​កូរ៉េខាងជើង​បាន​បំផ្ទុះ​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​នៅតាម​ព្រំដែន​របស់ខ្លួន​មុន​ពេលដែល​ទម្លាក់​ការគំរាមកំហែង​នៃ​សកម្មភាព​យោធា​ប្រឆាំងនឹង​ប្រទេស​កូរ៉េខាងត្បូង ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១២.៣លាននាក់ ស្លាប់ជិត៥៦ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១២,៣៧៧,៥៤៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៥៦,៦៦៩នាក់ និងជាសះស្បើយឡើងវិញ ៧,១៨១,០៩៧នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,២១៩,៧៨០នាក់ ស្លាប់ចំនួន ១៣៥,៩១៥នាក់ និងជាសះស្បើយចំនួន ១,៤២៦,១៧០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៧៥៩,១០៣នាក់ ស្លាប់ចំនួន ៦៩,២៥៤នាក់ និងជាសះស្បើយ ១,១៥២,៤៦៧នាក់ ខណៈដែលប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៧៩៤,៨៥៥នាក់ ស្លាប់ ២១,៦២៣នាក់ និងជាសះស្បើយ ៤៩៥,៩៦០នាក់៕