All posts by មេគង្គ ប៉ុស្តិ៍

WB នឹងផ្តល់១៥លានដុល្លារសម្រាប់គម្រោងបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជាមុនចូលបម្រើការងារ

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគាពិភពលោក នៅថ្ងៃទី៣១ឧសភា ២០២០នេះ បានអនុម័តកញ្ចប់ថវិកាចំនួន ១៥លានដុល្លារអាមេរិក ដែលជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដល់គម្រោង ពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជាមុនពេលចូលបម្រើការងារ ដើម្បីជួយប្រទេសនេះ ក្នុងការពង្រឹងការបំប៉នជំនាញដល់គ្រូពេទ្យមុនចូលបម្រើការងារ ក្នុងគោលដៅឈានទៅកែលម្អគុណភាពសេវាថែទាំសុខភាពឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង ។

យោងតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកបានអោយដឹងថា ប្រទេសកម្ពុជានៅជួបការខ្វះខាតគ្រូពេទ្យជំនាញមានគុណវុឌ្ឍិច្រើន ពិសេសនៅក្នុងផ្នែកសាធារណៈ ហើយបើគិតជាចំនួនវិញ គឺមានវេជ្ជបណ្ឌិតចំនួន ១,៤នាក់ និងគិលានុបដ្ឋាយិកានិងឆ្មប៩,៥នាក់ តែប៉ុណ្ណោះ សម្រាប់មនុស្ស ១០ ០០០ នាក់។ អត្រាទាំងនេះគឺនៅទាបមែនទែនធៀបទៅនឹងអត្រាមានវេជ្ជបណ្ឌិត ៩នាក់ និងគិលានុបដ្ឋាយិកា ១៩នាក់សម្រាប់មនុស្ស ១០ ០០០នាក់ នៅក្នុងចំណោមបណ្តាប្រទេសមានចំណូលទាប និងមធ្យមកម្រិតទាប ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។

នៅប្រទេសកម្ពុជា វេជ្ជបណ្ឌិតច្រើនតែធ្វើការនៅតាមអគារព្យាបាលជំងឺកម្រិតទីពីរ(មធ្យម) និងកម្រិតទីបី(ខ្ពស់) រីឯអាគារថែទាំកម្រិតបឋមវិញ មានបុគ្គលិកសុទ្ធសឹងតែជាគិលានុបដ្ឋាយិកានិងឆ្មប ជាអ្នកមើលថែទាំជំងឺ។ ភាគច្រើនៃវេជ្ជបណ្ឌិតជំនាញទូទៅបម្រើការងារនៅតាមមន្ទីរពេទ្យខេត្ត (មាន ៦៣ភាគរយ) ខណៈដែលវេជ្ជបណ្ឌិតឯកទេសច្រើនលើសលប់ត្រូវបានគេដាក់ពង្រាយនៅតាមមន្ទីរពេទ្យក្នុងទីក្រុង (មានដល់ទៅ ៧៩ភាគរយ)។

ដើម្បីជួយប្រទេសកម្ពុជាដោះស្រាយបញ្ហាប្រឈមទាំងនេះ គម្រោងនឹងជួយនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចការអប់រំវិជ្ជាជីវៈពេទ្យ ក្នុងនោះមាន ការពង្រឹងបទប្បញ្ញត្តិ និងការធ្វើស្តង់ដានីយកម្មសម្រាប់ការអប់រំបណ្តុះបណ្តាលគ្រូពេទ្យ, ការប្រលងសមត្ថភាពពេទ្យបញ្ចប់ការសិក្សាថ្នាក់ជាតិ, និងការផ្តល់ជំនួយបច្ចេកទេស និងការដោះដូរចំណេះដឹងបទពិសោធន៍ស្តីពីការអប់រំគ្រូពេទ្យជំនាញ។

គម្រោងនេះនឹងជួយផងដែរដល់ការអភិវឌ្ឍ និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមជ្ឈមណ្ឌលបណ្តុះបណ្តាលតំបន់ នៅក្នុងកម្មវិធីគ្រូពេទ្យជំនាញចំនួនប្រាំមួយ គឺ ផ្នែកវេជ្ជសាស្ត្រទូទៅ, ផ្នែកទន្តសាស្ត្រ, ផ្នែកឱសថសាស្ត្រ, ផ្នែកថែទាំងជំងឺ, ផ្នែកសម្រាលកូន, និងផ្នែកមន្ទីរពិសោធន៍។ កម្មវិធីទាំងនេះត្រូវបានកំណត់ជាអាទិភាពនៅក្នុងយុទ្ធសាស្ត្រផែនការជាតិ ដែលត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ សម្រាប់ការអប់រំបណ្តុះបណ្តាលមុនចូលបម្រើការងារនៅក្នុងវិស័យសុខាភិបាលនៅកម្ពុជា សម្រាប់ឆ្នាំ២០២០-២០២៥។ រាល់ទិដ្ឋភាពយេនឌ័រ និងទិដ្ឋភាពបរិយាបន្នសង្គមនឹងត្រូវបានបញ្ជ្រាបចូលទៅក្នុងការអភវិឌ្ឍរៀបចំ និងក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាពទំាងនេះ នាពេលខាងមុខ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការវិនិយោគទៅលើការកសាងសមត្ថភាពសម្រាប់គ្រូពេទ្យជំនាញតាមរយៈការបំប៉នពួកគេឱ្យទទួលបានចំណេះដឹង និងជំនាញកាន់តែប្រសើរ ដើម្បីផ្តល់សេវាក្នុងស្ថានភាពមានគ្រោះបន្ទាន់ ដូចជាការផ្ទុះជំងឺកូវីដ-១៩ និងការពង្រឹងអភិបាលកិច្ចវិស័យសុខាភិបាល គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រព័ន្ធផ្តល់សេវាសុខាភិបាលនៃប្រទេសកម្ពុជា»។ លោកស្រីពោលបន្តទៀតថា៖ «ធនាគារពិភពលោកប្តេជ្ញាចិត្តជួយគាំទ្រកម្ពុជាក្នុងកិច្ចខិតខំកែលម្អសេវាថែទាំសុខភាពសម្រាប់ប្រជាជនកម្ពុជា ពិសេសសម្រាប់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះបំផុត»៕

អាកាសយានដ្ឋានអន្តរជាតិកម្ពុជាគ្រោងកាត់បន្ថយបុគ្គលិកខណៈស្ថានភាពអាជីវកម្មបន្តស្ងប់ស្ងាត់

ភ្នំពេញ ៖ ខណៈស្ថានភាពជំងឺកូវីដ១៩នៅតែបន្តរាលដាលនៅបណ្ដាប្រទេសជាច្រើនលើពិភពលោក បានជំរុញអោយវិស័យមួយចំនួនដែលគាំទ្រដល់ការលូតលាសនៃប្រទេសនៅតែបន្តធ្លាក់ចុះ ជាក់ស្ដែងវិស័យទេសចរ អាកាសដែលជាវិស័យសំខាន់ក្នុងចរន្តសេដ្ឋកិច្ចនៅតែបន្តស្ងប់ស្ងាត់ និងមិនមានសកម្មភាពខ្លាំងឡើងវិញវិស័យនេះគ្រោងនឹងកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ ។

យោងតាមប្រសាសន៍អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ក្នុងពេលកូវីដ ១៩នៅតែរាលដាលខ្លាំងនៅលើពិភពលោក និងមិនមានភាពប្រសើរឡើង ចង់មិនចង់ អាកាសចរអាកាសយានដ្ឋានអន្តរជាតិកម្ពុជា នឹងចាប់ផ្ដើមកាត់បន្ថយបុគ្គលិករបស់ខ្លួន ព្រោះតែមិនមានអ្វីសម្រាប់បុគ្គលិកធ្វើដូចពីមុន ។

លោកបន្តថាប្រសិនជាស្ថានភាពនេះ នៅតែបន្តអូសបន្លាយថែមទៀតនោះការកាត់បន្ថយបុគ្គលិកនៅក្នុងវិស័យអាកាសចរនឹងមានកាន់តែច្រើនថែមទៀត ហើយទុកតែបុគ្គលិកណាសំខាន់តែប៉ុណ្ណោះ ។ លោកថា៖« សកម្មភាពអាជីវកម្មនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ទាំងបីរបស់កម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីកើតមានជំងឺកូវីដ ១៩នេះឡើយ ប៉ុន្តែនៅអំឡុងខែមករា កុម្ភៈ និងមីនា សកម្មភាពនៅតែមានគ្រាន់តែមិនច្រើន រហូតដល់ខែមេសា និងឧសភា សកម្មភាពនៅតាមបណ្ដាអាកាសយានដ្ឋានស្ទើរតែលែងមានទៅហើយ ជាក់ស្ដែងដូចឃើញស្រាប់កាលពីមុនក្នុងមួយថ្ងៃមានយន្តហោះ ហោះហើរនិងចុះចតច្រើន ប៉ុន្តែមកដល់ពេលនេះ ស្ងប់ស្ងាត់ណាស់ ហើយយន្តហោះដែលហោះហើរបច្ចុប្បន្ននេះ មួយចំនួនបានបង្វែរពីការដឹកមនុស្សមកដឹកទំនិញវិញម្ដង ដើម្បីរកចំណូលបានខ្លះសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ៕

លោក អ៊ុន ចាន់ មេបញ្ជាការរងការពារព្រំដែនលេខ៥០៣ រងការរិៈគន់រឿងស្តុកទំនិញគេចពន្ធ

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងល្បាតយោធាការពារព្រំដែនលេខ៥០៣ កំពុងមានការិៈគន់ពីសំណាក់កូនទាហានរបស់ខ្លួន ថា បានបើកដៃឲ្យស្ត្រីជនជាតិថៃម្នាក់ឈ្មោះ ម៉ែ ឡាត់ យកទំនិញគ្រប់ប្រភេទពីប្រទេសថៃ មកដាក់ស្តុកក្នុងឃ្លាំងមួយនៅជាប់ច្រករបៀងណងចាន់ ឋិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាឃ្លាំងឯកជន។ទំនិញទាំងនេះសម្រាប់ចែកចាយបន្តជាងដប់ឆ្នាំមកហើយឲ្យពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមទីផ្សារនៅក្នុងខេត្តបន្ទាយមានជ័យ យកទៅលក់ ដោយអនុវត្តផ្ទុយពីថ្នាក់ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាលដែលបានដាក់មកឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តន៍រួមទាំងស្ថាប័នប្រដាប់អាវុធគរប់ប្រភេទ ដើម្បីទប់ស្កាត់ឲ្យបានរាល់បទល្មើស់ឆ្លងដែន តាមច្រករបៀងនានានៅព្រំដែនខ្មែរ-ថៃ ពិសេសដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្ស បទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព។ក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នច្រករបៀង ណងចាន់ ក្នុងភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលគ្រប់គ្រងដោយលោក អ៊ុន ចាន់ មេបញ្ជាការរងយោធាការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ នៅតែបន្ត ដំណើរការយ៉ាងរលូនឲ្យជនជាតិថៃ យកទំនិញមកស្តុកក្នុងឃ្លាំងដើម្បីចែកចាយដល់ឈ្មួញតូចធំ
ធ្វើឲ្យបាត់បង់ថវិកាជាតិតាមរយៈមិនបង់ពន្ធចូលរដ្ឋ។

ប្រភពច្បាស់ការពីពលទាហាន ជាកូនចៅរបស់លោក អ៊ុន ចាន់ ដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាច្រករបៀងមួយនេះមាននាំចូលមកដូចជាម៉ូតូគេចពន្ធ សាច់មាន់ខូចគុណ
ភាព គ្រឿងក្នុងជ្រូកជាដើម។ មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញនោះទេ ដែលអាចប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាពដល់ប្រជាពលរដ្ឋជាអ្នកទិញទៅបរិភោគ ដោយថាការនាំចេញទំនិញមកនេះឈ្មួញបានបង់លុយឲ្យស្ថាប័នគយ នគរបាលសេដ្ឋកិច្ចខេត្តនៅប្រចាំច្រកខាងលើរួចហើយ តែគ្មានវិក្កយបត្រ័នោះទេគ្រាន់តែបង់ប្រាក់តាមការព្រមព្រៀងរួច អាចចេញចូលទៅបានយ៉ាងរលូន។

ទោះយ៉ាងណា មន្រ្តីផ្នែកច្បាប់បានពន្យល់ថា ការបង់ពន្ធចូលរដ្ឋតាមរយៈគយ ឬនគរបាលសេដ្ឋ្ឋកិច្ចគ្មានវិក្កយប័ត្រ គឺជាអំពើពុករលួយរបស់មន្រ្តី ។

ពួកគាត់លើកឡើងថា ៖ ច្រករបៀងខាងលើដែលគ្រប់គ្រងដោយ លោក អ៊ុន ចាន់ មេបញ្ជាការរងកងល្បាតការពារព្រំដែន៥០៣យោធភូមិភាគទី ៥ ត្រូវ សម្តេចក្រឡាហោម ស ខេងបញ្ជាឲ្យបិទច្រករបៀងនេះរួចទៅហើយ ដោយយល់ឃើញថា ធ្វើឲ្យខាតបង់ថវិកាជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងមួយនេះ និងអាចនាំឲ្យមានការលួចបន្លំចរាចរណ៍នូវគ្រឿងញៀនផងែរ។ ប៉ុន្តែនៅច្រករបៀងនេះ នៅតែដំណើរការរហូតដល់បច្ចុប្បន្នដែលគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញក្នុងមូលដ្ឋានទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ។

លោក អ៊ុន ចាន់ មេបញ្ជាការរងអង្គភាពខាងលើអ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ ខែឧសភា នេះ ដើម្បីសុំការបញ្ជាក់បញ្ហានាំទំនិញរបស់ស្ត្រីជនជាតិថៃម្នាក់ឈ្មោះ ម៉ែ ឡាត់ ដែលយកទំនិញមកស្តុកក្នុងឃ្លាំងដែលគ្រប់គ្រងដោយលោកផ្ទាល់នៅក្បែរច្រករបៀងខាងលើនោះ ហើយលោកប្រាប់ថា ជាប់ទៅរៀននៅភ្នំពេញ តែពេលសាកសួរកូនចៅរបស់លោកដែលប្រចាំការនៅទីនោះ បានប្រាប់ថាលោក អ៊ុន ចាន់ គាត់នៅកន្លែងច្រករបៀងខាងលើនោះ លោកមិនទៅភ្នំពេញស្អីនោះឡើយ។

ទាក់ទិនករណីខាងលើនេះ លោក ឃួន ជឿន មេបញ្ជាការកងល្បាតការពារព្រំដែន៥០៣យោធ ភូមិ ភាគទី ៥ បានប្រាប់ភ្នាក់ងារកាសែតនគរវត្តកាលពីរសៀលថ្ងៃទី២៨ ខែឧសភានេះថា រឿងឃ្លាំងផ្ទុកទំនិញខុសច្បាប់នេះមិនពាក់ព័ន្ធនឹងអង្គភាពរបស់លោកទេ។លោកបានដេញឲ្យសួរលោក អ៊ុន ចាន់ ជាមេបញ្ជាការរងរបស់លោកដែលពាក់ព័ន្ធគ្រប់គ្រងឃ្លាំងឯកជនមួយនេះ ព្រោះមិនមែនជាឃ្លាំងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពនោះទេ៕

ខែឧសភា នៅកម្ពុជាមានព្រឹត្តិការណ៍ធំពីរដែលធ្វើអោយពលរដ្ឋចលាចល

ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ ២០២០នេះដែលធ្វើអោយពលរដ្ឋជ្រួលច្របល់ និងល្បីតៗគ្នាតាមបណ្ដាញសង្គម ដោយសារតែការទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ។

រឿងទី១ គេកត់សម្គាល់ឃើញថា នៅខែឧសភា ឆ្នាំ ២០២០ គឺជាពេលវេលា ដែលសមត្ថកិច្ចចរាចរណ៍ ចាប់ផ្ដើមរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី ហើយកាលនោះ ប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅធ្វើឆៀករថយន្ត និងទៅធ្វើ ឬប្តូរបណ្ណបើកបរថ្មី ដើម្បីគេចពីការផាកពិន័យរបស់សមត្ថកិច្ចចរាចរណ៍ដែលចាំផាកនៅតាមដងផ្លូវសំខាន់ៗ ។ ការផាកពិន័យនេះ ត្រូវបានមើលឃើញថាមានទឹកប្រាក់ច្រើនលើសលប់ ហើយមន្ត្រីជាន់ខ្ពស់ផ្នែកចរាចរណ៍នេះ ក៏បានអះអាងថា ការធ្វើបែបនេះមិនមែនចង់បានលុយពីពលរដ្ឋទេ គឺចង់អោយពលរដ្ឋគោរពច្បាប់ចរាចរណ៍តែប៉ុណ្ណោះ ។

រឿងរ៉ាវទី២ ដែលជាការកត់សម្គាល់ដែរនោះ និងបង្កចលាចលដល់ពលរដ្ឋ គឺពាក់ព័ន្ធនឹងទៅក្រដាសប្រាក់១ដុល្លារ២ដុល្លារ និង៥ដុល្លារ ដោយធនាគារជាតិនៃកម្ពុជា គ្រាន់តែប្រកាសអញ្ជើញតំណាងធនាគារពាណិជ្ជនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាមកប្រជុំស្ដីពីការផ្អាកទទួកយកក្រដាសប្រាក់ដុល្លារទាំងបីប្រភេទ ធ្វើអោយបណ្ដាសារព័ត៌មានមួយចំនួនយកចុះផ្សាយដោយនិយាយថាធនាគារជាតិប្រកាសផ្អាកយកប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ហើយក៏បានធ្វើអោយប្រជាពលរដ្ឋអាជីវករតាមផ្សារនានា បដិសេធក្នុងការទទួលយកប្រកាសប្រាក់ដុល្លារទាំងបីប្រភេទនោះ បើទោះបីជាធនាគារជាតិ និងប្រមុខរាជរដ្ឋាភិបាលចេញប្រកាសថា ក្រដាសប្រាក់ដុល្លារទាំងបីប្រភេទនៅតែអាចចាយវាយធម្មតាក្ដី៕

WB ព្យាករថា សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះដល់២,៩ភាគរយក្នុងស្ថានភាពកាន់តែធ្ងន់

ភ្នំពេញ ៖ ដោយសារតែជំងឺកូវីដ១៩ បានបន្តរាលដាលនៅបណ្ដាប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជាផងដែរនោះ បានធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លាំង និងជាប្រវត្តិសាស្ត្រមិនធ្លាប់មានតាំងពីឆ្នាំ ១៩៩៤មក ។ នេះបើតាមការព្យាករណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ។

យោងតាមការព្យាករណ៍នេះបានបង្ហាញថា វិស័យបីដែលរងការប៉ះទង្គិចខ្លាំងជាងគេ គឺដោយសារកូវីដ ១៩ វិស័យទេសចរណ៍, ឧស្សាហកម្មផលិតសម្រាប់នាំចេញ, និងវិស័យសំណង់ មានចំណែកជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃចំនួន ៣៩,៤ភាគរយ នៃការងារសរុប នៅក្នុងឆ្នាំ២០១៩ ។ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចរបស់កម្ពុជាទំនងជានឹងថមថយកំណើនខ្លាំងមែនទែនដែលមិនធ្លាប់មានតាំងពីឆ្នាំ១៩៩៤មក ដោយវានឹងថមថយខ្លាំងធ្លាក់រហូតដល់កម្រិតរវាង -១ភាគរយ ក្នុងសេណារីយោគោល និង -២,៩ ភាគរយ ក្នុងសេណារីយោដែលទាបបំផុត ។

របាយការណ៍ធនាគារពិភពលោកបន្ថែមថា ភាពក្រីក្រអាចនឹងកើនឡើងពី ៣ ទៅ ១១ភាគរយ ពិសេសក្នុងចំណោមក្រុមគ្រួសារដែលប្រឡូកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍, ការទិញលក់ដុំនិងរាយ, វិស័យកាត់ដេរ, ផ្នែកសំណង់, ពាណិជ្ជកម្ម, ឬ ក្នុងឧស្សាហកម្មផលិត ក្នុងករណីបើពួកគាត់បាត់បង់ចំណូលអស់ ៥០ភាគរយ ក្នុងរយៈពេលប្រាំមួយខែជាប់គ្នា ។

បើតាមលោកលី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជាបានអោយដឹងថាការរីករាលដានៃជំងឺកូវីដ ១៩នេះ បានធ្វើអោយប៉ះពាល់សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសបានធ្វើអោយក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ៗទាំងបីរបស់កម្ពុជារងឥទ្ធិពលធ្ងន់ធ្ងរ ដូចជាវិស័យទេសចរណ៍ នាំចេញ និងសំណង់ ។ លោកថា៖« វិស័យទាំងបីបានផ្ដល់ការកំណើនដល់ទៅ៧០ភាគរយនៃកំណើនសេដ្ឋកិច្ចសរុបក្នុងឆ្នាំ ២០១៩កន្លងទៅ ហើយផ្ដល់ការងារដល់ទៅ២០ភាគរយនៃការងារសរុបនៃប្រទេសកម្ពុជា » ។

លោកបន្តថា ដោយសារតែការប៉ះពាល់ទៅលើក្បាលម៉ាស៊ីនសេដ្ឋកិច្ចទាំងបីនេះហើយ ធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ធ្លាក់ចុះជាអវិជ្ជមាន-១ភាគរយ និងមានការព្យការណ៍មួយទៀតជាសេនារីយ៉ូដល់ទៅ-២,៩ភាគរយឯណោះ បើសិនជាផលអាក្រក់នៅបន្តដោយសារជំងឺនេះ ។

សេដ្ឋវិទូរូបនេះ បានបន្តទៀថារដ្ឋាភិបាលត្រូវតែជួយឧបត្ថម្ភដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាអ្នកដែលធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍ វិស័យនាំចេញ អ្នកក្រីក្រ ជាដើម ។ធនាគារពិភពលោកបានព្យាករណ៍នេះ ដោយពិនិត្យមើលសកម្មភាព សេដ្ឋកិច្ចក្នុងខែកុម្ភៈ និងខែមីនា ហើយក៏សម្រេចព្យាករណ៍នៅខែមេសា ។ ការសង្កេតឃើញជាក់ស្ដែងនៅរយៈពេលខែនោះ ឃើញថា ការនាំចេញរបស់កម្ពុជានៅល្អ ។

លោកបន្ថែមថា វិស័យដែលរងប៉ះពាល់ធ្ងន់នោះគឺទេសចរណ៍ ហើយដោយសារតែវិស័យនេះជាវិស័យសំខាន់ដូច្នេះវាបានទាញអោយសេដ្ឋកិច្ចកម្ពុជាថយចុះជាអវិជ្ជមាន ។ ក្នុងរយៈពេលពីរខែមុន ភ្ញៀវទេសចរបរទេសមកកម្ពុជាបានធ្លាក់ចុះដល់ទៅ២៥ភាគរយ ហើយក្នុងខេត្តសៀមរាបវិញទេសចរបរទេសបានធ្លាក់ចុះដល់ទៅ៤០ភាគរយ ។ តែបើក្រលេកទៅមើលខែមេសា ទេសចរដែលមកលេងនៅខេត្តសៀមរាប បានធ្លាក់ចុះរហូតដល់ជាង៩៩ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងមួយមិនធ្លាប់មាន ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំខ្លាំងណាស់ដែរ ក្នុងស្រោចស្រង់នៃផលប៉ះពាល់នេះ ដោយបានបញ្ចេញថវិកាជាតិ ដើម្បីជួយដល់វិស័យដែលរងផលប៉ះពាល់ដូចជាកាត់ដេរ និងវិស័យទេសចរណ៍ ក្នុងនោះដែររដ្ឋាភិបាលក៏បានជួយបន្ធូរបន្ថយនូវការបង់ពន្ធសម្រាប់វិស័យសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋាននៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងផងដែរ ៕

២៩ថ្ងៃ មានយានយន្តចំនួន៤២៣៧៦គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យតាមអនុក្រឹត្យថ្មី

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេល២៩ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២៩ ខែឧសភា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៤២៣៧៦គ្រឿង ក្នុងនោះម៉ូតូ ៣០៩២០គ្រឿង និងរថយន្តគ្រប់ប្រភេទ ១១៤៥៦គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨លើក ស្លាប់៥នាក់ របួស១៨នាក់ (របួសធ្ងន់១១នាក់)។ សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះដែរ មានយានយន្ត ១៤៨០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ។ ក្នុងនោះ ម៉ូតូមាន ១០៦៩គ្រឿង ខណៈរថយន្តមានចំនួន ៤១១គ្រឿង។

បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ ល្មើសសញ្ញា លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ និងស្រវឹង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ២៩ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។

លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕

 

ទាហានមួកខៀវកម្ពុជាម្នាក់ស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសម៉ាលី

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ មានកងកម្លាំងមួក ខៀវកម្ពុជាម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី ដោយសារតែឆ្លងជំងឺកូវីដ១៩។

បើតាមលោកនាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ទាហានកម្ពុជាម្នាក់ដែលបានបាត់បង់ជីវិត នៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី មានឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ដែលបានទៅបំពេញបេសកកម្មមនុស្សធម៌ ក្រោមស្លាកអង្គការសហប្រជាជាតិ។ លោកបានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារ របស់យុទ្ធជនដែលបានពលីនៅប្រទេសម៉ាលីនេះផងដែរ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានកងកម្លាំងយោធាមួកខៀវកម្ពុជា ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលី បានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមាន២នាក់ជាសះស្បើយឡើងវិញ។ បច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជា ចំនួន៥ កងកម្លាំងធំៗ សរុបជិត ៨០០នាក់ ក្នុងនោះនារីជិត ៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅតាមបណ្តាប្រទេសចំនួន៤រួមមាន៖ លីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

 

កូរ៉េខាងត្បូងបិទសាលាជាថ្មីម្តងទៀត បន្ទាប់ពីករណីឆ្លង Covid19 លោតឡើងវិញ

សេអ៊ូល ៖ សាលារៀនជាង២០០ ក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានបង្ខំឱ្យបិទ ពោលតែប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានបើកដំណើរការឡើងវិញដោយសារតែមានការកើនឡើងនូវករណីវីរុស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

កូរ៉េខាងត្បូង កាលពីដើមទីត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបានរងគ្រោះធ្ងន់ធ្ងរមួយ ដោយសារ COVID-19 នៅក្រៅទឹកដីចិន។ ប៉ុន្តែមិនបានប៉ុន្មានប្រទេសមួយនេះ អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិនបានចាត់វិធានការបិទប្រទេស ដូចបណ្តាប្រទេសដទៃធ្វើនោះឡើយ នៅចំពោះមុខវិបត្តិសកល COVID-19 នេះ។

ទោះជាយ៉ាងណា នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ចំនួនករណីឆ្លងថ្មី ហាក់បានកើនឡើងបន្តិចមកវិញ នេះក៏ព្រោះតែមានចង្កោមថ្មីបានផ្ទុះឡើងវិញ នៅតំបន់ជាយរដ្ឋធានីសេអ៊ូល។ ជាក់ស្តែងកាលពីថ្ងៃពុធសប្តាហ៍នេះ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីរហូត ៧៩ករណី ដែលជាតួលេខបំផុតបើប្រៀបធៀបនឹងតួលេខ នារយៈពេលចុងក្រោយនេះ។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លងសរុប ១១,៤៤១ករណី ក្នុងនោះស្លាប់ ២៦៩នាក់ និងជាសះស្បើយ ១០,៣៩៨នាក់៕

 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៦លាននាក់ ស្លាប់ជាង៣៦ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,០២៦,០៩១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៦៦,៤១៥នាក់ និងជាសះស្បើយឡើងវិញ ២,៦៥៥,៩៥៣នាក់។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧៩៣,២៦៣នាក់ ស្លាប់ចំនួន ១០៤,៥៣៩នាក់ និងជាសះស្បើយចំនួន ៥១៩,៣៨១នាក់៕

 

ថ្ងៃនេះរកឃើញករណីឆ្លងកូវីដ១៩ ចំនួន១ករណីទៀត ជាករណីនាំចូល ខណៈអ្នកជំងឺ១នាក់ទៀតជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ទៀត ដែលទើបត្រឡប់មកពីចូលរួមសិក្សាសាសនានៅប្រទេសថៃ ខណៈដែលថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

បើតាមក្រសួងសុខាភិបាល, ករណីវិជ្ជមានថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី (មានតែក្រុមគាត់ ១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ន បុរសខាងលើរូបនេះ ត្រូវបានបញ្ជូនទៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃដដែល នេះរួចហើយដែរ។ ចំណែកបុរស ០៨នាក់ផ្សេងទៀត មានតេស្តអវិជ្ជមាន កំពុងដាក់បន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។ រីឯបុរសម្នាក់ទៀត កំពុងរង់ចាំយកវត្ថុ សំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ ហើយរូបគាត់ត្រូវបានដាក់ឱ្យនៅ តាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ។

ដោយឡែក ករណីជាសះស្បើយវិញ គឺស្ត្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់ មកពីសហរដ្ឋអាមេរិក។ រូបគាត់ទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ០២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រួចហើយ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន១២៥ករណីហើយ ដែលក្នុងនោះ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង២នាក់ (បូកទាំងករណីថ្មីនេះ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

 

ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ២៦,៤១៧នាក់ថែមទៀតក្នុង១ថ្ងៃ

រីយ៉ូ ៖ ប្រេស៊ីលរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ២៦,៤១៧នាក់ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងក្នុងប្រទេសអាមេរិកឡាទីនសរុបកើនដល់ ៤៣៨,២៣៨ ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) រយៈពេលមួយថ្ងៃដូចគ្នា អ្នកជំងឺ COVID-19 ប្រមាណ ១,១៥៦នាក់បន្ថែមទៀតបានបាត់បង់ជីវិត ធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់កើនដល់ ២៦,៧៥៤នាក់។ បើគិតពីអត្រាស្លាប់វិញ ប្រេស៊ីលបានជួបប្រទះអ្នកស្លាប់លើស ១,០០០នាក់ក្នុងមួយថ្ងៃបែបនេះ ប្រមាណបីថ្ងៃជាប់ៗគ្នាមកហើយ។

នៅក្នុងចំណោមករណីឆ្លងសរុបខាងលើនេះ ក៏មានអ្នកជាសះស្បើយឡើងវិញសរុប ១៧៧,៦០៤នាក់រួចមកហើយដែរ។ សម្រាប់តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺរដ្ឋសៅប៉ូឡូ ជាមួយនឹងករណីឆ្លងសរុប ៩៥,៨៦៥ករណី (ស្លាប់ ៦,៩៨០នាក់) និងទីក្រុងរីយ៉ូដឺចេណេរ៉ូ មានសរុប ៤៤,៨៨៦ករណី (ស្លាប់ ៤,៨៥៦នាក់)។ ប្រទេសប្រេស៊ីលមានផ្ទៃដីធំ និងប្រជាជនសរុបជាង ២១០លាននាក់ ដែលច្រើនជាងគេបំផុតនៅអាមេរិកឡាទីន៕

គ្រឿងសមុទ្រមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយជាង១១តោន ត្រូវមន្រ្តីជំនាញចាប់ដកហូត

ភ្នំពេញ ៖ ដោយទទួលបានការណែនាំពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានកិច្ចសហការពីមន្រ្តីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌដង្កោរាជធានីភ្នំពេញ។

បន្ទាប់ពីបានត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម។ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តអនុវត្តតាមនីតិវិធី។

អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ចដែលច្បាប់បានផ្តល់អាណត្តិ ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការពារអ្នកប្រើប្រាស់ ទាំងផ្នែកសុខុមាលភាព ទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំគុណភាព សុវត្ថិភាពទំនិញ និងសេវា ដើម្បីអគ្គនាយកដ្ឋានចាត់វិធានការបានទាន់ពេលវេលា៕

 

ហុងកុង​ព្រមាន​អាមេរិក​ថា ការដក​ឋានៈ​ពិសេស​របស់ខ្លួន​នឹង​អាច​ក្លាយជា​អាវុធ​មុខ​ពីរ​

ហុងកុង ៖ រដ្ឋាភិបាល​ហុងកុង​បាន​ព្រមាន​ទីក្រុង​វ៉ាស៊ីនតោន​ថា ការដក​ឋានៈ​ពិសេស​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល ចេញពី​ទីក្រុង​សេដ្ឋកិច្ច​លំដាប់​កំពូល ប្រចាំ​ទ្វីបអាស៊ី​មួយ​នេះ​នឹង​អាច​ក្លាយជាអាវុធ​មុខ​ពីរ ហើយ​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។ ​នេះបើយោងតាមប្រភពពី CNA។

​សេចក្តីថ្លែងការណ៍​នេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក Donald Trump ត្រៀម​បើក​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​ជំហរ ក៏ដូចជា​ចំណាត់ការ​របស់​អាមេរិក ឆ្លើយតប​ចំពោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ ក៏ដូចជា​ប្រទេស​ចិន​ទាំងមូល​។​

​រដ្ឋាភិបាល​ក្រុង​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​“​ទណ្ឌកម្ម​ណាក៏ដោយ គឺ​នឹង​ក្លាយជា​អាវុធ​មុខ​ពីរ ព្រោះ​វា​មិនមែន​បំផ្លាញ​តែ​ផលប្រយោជន៍​ហុងកុង​ប៉ុណ្ណោះ​ទេ តែ​ផលប្រយោជន៍​អាមេរិក​ក៏​រង​ផលប៉ះពាល់​ដូចគ្នា​។​ ប្រភព​ដដែល​បាន​បន្ថែមទៀតថា ​ចាប់ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៨ អតិរេក​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ហុងកុង​គឺ​ធំជាងគេ​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​សរុប ២៩៧ ពាន់​លាន​ដុល្លារ​អាមេរិក​និង​ក្រុមហ៊ុន​អាមេរិក​ចំនួន ១.៣០០ មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​នេះ​។​

​យ៉ាងណាមិញ ច្បាប់​សន្តិសុខ​ជាតិ​ថ្មី ដែល​ប្រទេស​ចិន​កំពុង​ត្រៀម អនុម័ត​លើ​ទីក្រុង ហុងកុង មិនទាន់មាន​នរណា​ដឹងថា បានចែង​អ្វីខ្លះ​ឲ្យ​ប្រាកដ​នោះឡើយ ប៉ុន្តែ​ដោយយោង​លើ​ព័ត៌មាន​មិនទាន់​ផ្លូវការ សហរដ្ឋអាមេរិក​បាន​ចាត់ទុកថា វា​ជា​ច្បាប់​ដែល​នឹង​រឹតត្បិត​សេរីភាព​ទីក្រុង​នេះ និង​ធ្វើ​ឲ្យ​ទីក្រុង​នេះ លែងមាន​សិទ្ធិ​ស្វ័យភាព​តទៅទៀត​៕