All posts by មេគង្គ ប៉ុស្តិ៍

បីខែដើមឆ្នាំ កម្ពុជានាំចូលអំបិលពីឥណ្ឌា ៤ពាន់តោនបំពេញតម្រូវការក្នុងស្រុក

ភ្នំពេញ ៖ ថ្វីត្បិតតែកម្ពុជាមានធនធានទឹកសមុទ្រដែលអាចផលិតអំបិលបានក្ដី តែកម្ពុជាមិនអាចផលិតអំបិលសម្រាប់ផ្គត់ផ្គង់គ្រប់នៅលើទីផ្សារនោះទេ គឺបាននាំចូលពីប្រទេសក្រៅមកបំពេញតម្រូវការ ជាក់ស្ដែងកន្លងទៅ កម្ពុជា បាននាំអំបិលពីប្រទេសចិនហើយឆ្នាំ ២០២០នេះ គិតចាប់ពីខែ មករា ដល់ខែ មីនា កម្ពុជាបាននាំចូលអំបិលពីប្រទេសឥណ្ឌាប្រមាណ៤០០០តោន ដើម្បីបំពេញការខ្វះខាតនៅលើទីផ្សារ។ការខ្វះខាតអំបិលនៅកម្ពុជា ទើបតែកើតឡើងនៅក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះតែប៉ុណ្ណោះ គឺដោយសារតែពលរដ្ឋដែលធ្លាប់ផលិតអំបិលកាលពីមុននោះ បានបោះបង់ចោលការផលិតជាបន្តបន្ទាប់ ព្រោះតែខ្វះកំលាំងពលកម្ម ។

បើតាម លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្មនៃក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ដោយសារតែអំបិលជាទំនិញយុទ្ធសាស្ត្រ ក្រសួងបានតាមដានជាប់ជាប្រចាំដោយត្រួតពិនិត្យទៅលើអំបិលក្នុងស្តុកតើគ្រប់នឹងតម្រូវការដែរទេ ។បើមិនគ្រប់នាំត្រូវអនុញ្ញាតអោយឈ្មួញនាំចូលបន្ថែម ដើម្បីបំពេញតម្រូវការ ។ ជាលទ្ធផល រហូតមកដល់ពេលនេះ អំបិលមាននៅក្នុងឃ្លាំងប្រមាណជាង៣ម៉ឺនតោន ហើយតម្រូវការក៏មានប្រមាណជាង៣ម៉ឺនតោននេះដែរ ។

លោកបន្តថា ចាប់តាំងពីខែ មករា ដល់ខែ មីនា ដើមឆ្នាំ ២០២០នេះ ឈ្មួញអំបិលម្នាក់បាននាំចូលអំបិលពីប្រទេសឥណ្ឌាប្រមាណ៤ពាន់តោននិងសល់ក្នុងឃ្លាំងប្រមាណ៥០០តោនទៀតផងដែរ ដូច្នេះឆ្នាំនេះ ការផ្គត់ផ្គង់អំបិលឆ្នាំនេះ នឹងមិនមានការខ្វះខាតទេ ហើយក៏អាចរក្សាបាននូវស្ថិរភាព តម្លៃផងដែរ ។ បច្ចុប្បន្នតម្លៃអំបិលលក់លើទីផ្សារក្នុងប្រទេសកម្ពុជា មានតម្លៃចន្លោះពី ១៥០០រៀលទៅ២០០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។

លោកបន្តទៀតថា ដើម្បីធានាបាននូវនិរន្តរភាពផលិតផលអំបិលក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ និងជំរុញអោយមានការវិនិយោគលើការផលិតអំបិលដោយទំនើបកម្ម ក៏ប៉ុន្តែការងារនេះ គឺជាការងារធំ ដូច្នេះត្រូវធ្វើការម្ដងមួយដំណាក់ៗ មិនអាចធ្វើបានលឿនរហ័សនោះទេ ។ លោកថា កន្លងមកមានអ្នកសិក្សាជាច្រើនមកហើយពីការផលិតអំបិលតាមទំនើបកម្ម ក៏ប៉ុន្តែនៅមិនទាន់ចេញជាលទ្ធផលនៅឡើយទេ ។
លោកបន្ថែមថា បច្ចុប្បន្ននេះ ការផលិតអំបិលនៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងតាមរូបភាពជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដោយមិនមានការផលិតជាលក្ខណៈសហគមន៍ដូចពីមុនទៀតឡើយ ដោយសាតែមិនមានកំលាំងពលកម្មគ្រប់គ្រាន់ក្នុងការផលិតជាលក្ខណៈសហគមន៍ ។

បើតាមលោក ខាត់ សាមឿនផលិតករអំបិលមួយរូប នៅក្នុងខេត្តកំពត បានអោយដឹងថា បច្ចុប្បន្ននេះបញ្ហាសម្រាប់អ្នកផលិតអំបិល នៅក្នុងខេត្តកំពត គឺមិនមានកំលាំងពលកម្មសម្រាប់ផលិត ដូច្នេះហើយទើប អ្នកផលិតអំបិលភាគច្រើនចាប់ផ្ដើមបោះបង់ការផលិតរបស់ខ្លួន ព្រោះតែរកកំលាំងពលកម្មមិនបាន ។

លោកបន្តថា កំលាំងពលកម្មមានដែរ តែជាមនុស្សចាស់ៗ ព្រោះថាកំលាំងពលកម្មក្មេងៗ ពួកគេ នឹងមិនធ្វើការក្រោមកំដៅថ្ងៃទេ គឺពួកគេនឹងទៅរកការងារធ្វើនៅក្នុងរោងចក្រក្រោមម្លប់ ងាយស្រួល និងអាចរកប្រាក់ចំណូលបានច្រើនជាងផងដែរ ។ អ្នកផលិតអំបិលក៏ចង់អោយកម្រៃពលកម្មទៅកម្មករច្រើនដែរ ក៏ប៉ុន្តែ មិនអាចផ្ដល់ជូនច្រើនបាននោះទេ គឺបានតែមួយសមល្មម ហើយត្រូវធ្វើការនៅក្រោមកំដៅថ្ងៃទៀត ៕

រោងចក្រ​ថ្មី​ចំនួន ៧៧ ត្រូវ​បាន​បង្កើតឡើង​នៅ​កម្ពុជាក្នុងត្រីមាស​ទី១ ឆ្នាំ២០២០​នេះ

ភ្នំពេញ ៖ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងរយៈ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២០នេះ វត្តមានរោងចក្រថ្មីៗនៅក្នុងវិស័យឧស្សាហកម្មមានចំនួន ៧៧រោងចក្រសហគ្រាស ត្រូវបានរាជរដ្ឋាភិបាល គាំទ្រឱ្យមានដំណើរនៅកម្ពុជា និងបានផ្តល់ឱកាសការងារប្រមាណ ២៧ ៩០៩នាក់ ស្របពេលដែលរោងចក្រចំនួន៦ ត្រូវបានសម្រេចបិទទ្វារឈប់ដំណើរការទាំងស្រុង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសានេះ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងចំណោមរោងចក្រថ្មីៗដែលត្រូវបានអនុញ្ញាតឱ្យមានដំណើរការទាំង៧៧នេះ ក្នុងនោះមាន ចំនួន៧៤ ចេញដោយក្រសួង និងសម្រេចចេញដោយសាលារាជធានីភ្នំពេញមានចំនួន១ និងរោងចក្រដំណើរការឡើងវិញចំនួន២ ដោយបានបង្កើតឱកាសការងារ ២៧ ៩០៩នាក់។

បើតាមលោក ហេង សុខគង់ថា គិតត្រឹមដើមត្រីមាសទី១ ឆ្នាំ២០២០ រោងចក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ មានចំនួន១ ៨០១ រោងចក្រ ដែលក្នុងនោះផ្តល់ឱកាសការងារដល់កម្មករ-កម្មការិនី ប្រមាណ ១ ០៦៣ ០៣១នាក់។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ តម្លៃសរុបបវិមាណផលិតផលមានចំនួនប្រមាណ ១៤,៨៧៥លានដុល្លារ កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះតម្លៃសរុបបរិមាណផលិតផលនាំចេញមានប្រមាណ ១១,១៨៥លានដុល្លារ កើនឡើង ១៤ភាគរយ និងតម្លៃសរុបបរិមាណផលិតផលលក់ក្នុងស្រុកប្រមាណ ៣,៦៩០លានដុល្លារ កើនឡើងប្រមាណ១១%៕

 

វៀតណាម បញ្ចប់​វិធានការ “គម្លាតសង្គម ” ក្រោយ​អត់មាន​ករណី​ឆ្លងកូវីដ១៩ថ្មី​

ហូជីមិញ ៖ វៀតណាម ​អត់មាន​ជួបករណីកូវីដ១៩ថ្មី ប្រមាណ១សប្តាហ៍​មកហើយ ពោលគឺមាន​អ្នកជំងឺ​ចំនួន ២៦៨នាក់ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០២០ ខណៈអ្នកជាសះស្បើយ កើនដល់ ២២៣នាក់។ នេះបើយោងតាមសារព័ត៌មាន  Vietnam News។

ការមិនរកឃើញ​ករណីថ្មីបែបនេះ បាន​ធ្វើឱ្យ​វិធានការ​គម្លាតសង្គម ឬ Social Distancing ត្រូវបាន​ដកចេញវិញហើយ នៅក្រុងធំៗដូចជា ហាណូយ និង​ហូជីមិញ ចាប់ពីថ្ងៃទី២៣ ខែមេសានេះ។ ជាមួយគ្នានេះ សេវាមួយចំនួន​​ ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ។ ចំណែក​បណ្តាខេត្តចំនួន ៥៩ផ្សេងទៀត ដែល​ស្ថិតក្នុង​ហានិភ័យកម្រិតទាប កំពុងត្រៀម​ឱ្យសិស្សចូលរៀននៅសាលាវិញ​ផងដែរ៕

 

ក្រសួងការងារបង្ហាញតួលេខបន្ថែមស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មករបន្ទាប់ពីឈប់សម្រាកអំឡុងបុណ្យចូលឆ្នាំ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយទៀត ដើម្បីបង្ហាញអំពីការធ្វើបត្តាឡីស័កចំពោះកម្មកររោងចក្រ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការជាវិញ។ នេះបើតាមសេចក្តីប្រកាសក្រសួងការងារ។

បើតាមរបាយការណ៍ដែលបង្ហាញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លទ្ធផលនៃការត្រួតពិនិត្យសុខភាព កម្មកររោងចក្រ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១៨:០០នាទីយប់ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៥១៦នាក់ ក្នុងនោះដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ៥០៥នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ (វិទ្យាល័យជម្ពូវន) ចំនួន៦នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលបត្តាឡីស័កកម្រិត២ (វិទ្យាវ័យជម្ពូវ័ន) ចំនួន ៥នាក់ និងយកសំណាកទៅពិសាធបន្ត ចំនួន៦នាក់។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ចំនួន៦០នាក់ ក្នុងនោះ ចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ១១នាក់ និងកម្រិត២ ចំនួន ៤៩នាក់។

ដោយឡែកលទ្ធផលទី២៣ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១១:០០នាទីព្រឹក មានកម្មករ រោងចក្រមកត្រតពិនិត្យសុខភាព ចំនួន ៩៥នាក់ ក្នុងនោះ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ ចំនួន ៩៣នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ០០នាក់ និងដាក់ឱ្យស្នាក់នៅបណ្ដូលចត្តាឡីស័កត២ ចំនួន២នាក់។ នេះបើតាមសេចក្តីប្រកាសដដែ៕

 

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមប្រព័ន្ធ Video Conference បានចាប់ផ្តើម

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំនេះ លោក ម៉ៃឃើល ផុមផេអូ (Michael R. Pompeo) រដ្ឋមន្រ្តី ការបរទេសអាមេរិក និងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងនឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពី វិធីសាស្ត្រនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំង រួមគ្នា ទៅ នឹងការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ក្នុងក្របខណ្ឌ ភាពជាដៃគូយុទ្ធសាស្ត្រ អាស៊ាន-អាមេរិក។ កិច្ចពិភាក្សាក៏នឹងផ្តោតផងដែរ ទៅលើសកម្មភាពនានាដើម្បីដោះស្រាយគ្រោះអាសន្នលើវិស័យសុខាភិបាលសាធារណៈ ដែលជាសេចក្តីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ឋសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេលវែង។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្ររជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាម រយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ-១៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

គួរជម្រាបថា កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្ត រវាង អាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខនៃបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩៕

រោងចក្រកាត់ដេរមួយនៅក្រុងតាខ្មៅត្រូវបិទទ្វារដោយគ្មានអ្នកបញ្ជាទិញ

ខេត្តកណ្តាល ៖ រោងចក្រកាត់ដេរមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ទំនងជាត្រូវបិទទ្វារជាស្ថាពរ ដោយអះអាងថា គ្មានអ្នកបញ្ជាទិញ និងកំពុងប្រឈមខ្លាំងទៀតលើដំណោះស្រាយសំណងដល់ក្រុមកម្មករ កម្មការិនី ប្រមាណ ៣ពាន់នាក់ដែលបញ្ឈប់ពីការងារ។

ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារនៅរោងចក្រ ប្រឹភីសឹស (Propitious Cambodia Garment Ltd) ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានអះអាងថា ពួកគាត់ប្រហែល ៣ពាន់នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រមួយនេះ ត្រូវបានថៅកែបញ្ឈប់ពីការងារក្រោមហេតុផលគ្មានអ្នកបញ្ជាទិញ។

កម្មការិនីម្នាក់ ដែលសុំមិនប្រាប់ឈ្មោះ បានប្រាប់ថា រោងចក្រនេះ មានកម្មករ-កម្មការិនី ប្រហែល ៣ពាន់ ត្រូវបានថៅកែប្រកាសបញ្ឈប់ពីការងារភ្លាមៗ កាលពីម្សិលមិញ ដោយមិនបានជូនដំណឹងជាមុននោះឡើយ។

ក្រុមកម្មការិនី បានត្អូញត្អែរថា ពួកគេកំពុងបារម្ភអំពីការដោះស្រាយសំណងមិនត្រឹមត្រូវតាមផ្លូវច្បាប់ ខណៈថៅកែរោងចក្រ បានសន្យាបើកលុយសំណង និងអត្ថប្រយោជន៍ផ្សេងៗឲ្យពួកគេនៅថ្ងៃទី៣០ ខែមេសា ខាងមុខនេះ។

អ្នកស្រី គួច ដាវី ប្រធានរដ្ឋបាលរោងចក្រ ប្រឹភីសីស បានប្រាប់ថា គម្រោងរោងចក្របញ្ឈប់កម្មករពីការងារនេះ គឺដោយសារគ្មានអ្នកបញ្ជាទិញ និងពុំមានប្រាក់គ្រប់គ្រាន់សម្រាប់បើកជូនកម្មករ។ ប៉ុន្តែ យ៉ាងណាក្តី អ្នកស្រីបញ្ជាក់ថា ចំពោះការដោះស្រាយសំណងវិញ ខាងរោងចក្រកំពុងដំណើរការដោះស្រាយតាមផ្លូវច្បាប់ជូនកម្មករហើយ៕

តាមចាប់ខ្លួនមន្ត្រីនគរបាល​ប៉ុស្តិ៍​បាក់​ខែង​ដែល​បាញ់សម្លាប់​ប្អូនថ្លៃ​នៅ​ខេត្តស្ទឹងត្រែង​

ខេត្តកណ្តាល ៖ កម្លាំងចម្រុះ​នគរបាល​បាន​សហការ​តាម​ចាប់ខ្លួន​មន្ត្រីនគរបាល​ប៉ុស្តិ៍ បាក់​ខែង ដែល​បាន​បាញ់សម្លាប់​ប្អូនថ្លៃ នៅ​ឃុំ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល រហូតដល់​ខេត្តស្ទឹងត្រែង ហើយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​ម្សិលមិញ​នៅ​ចំណុច​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​សូមបញ្ជាក់ថា អំពើ​ឃាតកម្ម​ឈានដល់​បាញ់សម្លាប់​គ្នា​នេះ កើតឡើង​នៅ​ម៉ោង​៦,៣០​នាទី​យប់ ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​បងថ្លៃ​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​បាក់​ខែង​ម្នាក់ បាន​បាញ់សម្លាប់​ប្អូនថ្លៃ ព្រោះតែ​ភ្លើង​ប្រចណ្ឌ​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ៅ ប៊ុនហេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ សែន រ៉ា​នុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បាក់​ខែង​។ ដោយ​ប្រពន្ធ​ជនសង្ស័យ និង​ជនរងគ្រោះ ជា​បងប្អូន​បង្កើត​នឹង​គ្នា៕

 

ចំនួនអ្នកឆ្លងជំងឺ COVID-19 ទូទាំងពិភពលោកកើនដល់២,៦៣៧,៤១៤នាក់

បរទេស ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ២,៦៣៧,៤១៤ករណីហើយ ក្នុងនោះមនុស្សសរុប ១៨៤,២០៤នាក់ស្លាប់ និង៧១៧,៦២៥នាក់ជាសះស្បើយឡើងវិញ។ នេះបើយោងតាមគេទំព័រអន្តរជាតិ Worldometer។

ជំងឺរាតត្បាតសកល COVID-19 នៅពេលនេះបានឆ្លងចូលដល់ប្រទេស និងដែនដីសរុបចំនួន២១០ ហើយក្នុងនោះប្រទេសធំៗដែលមានករណីឆ្លង រហូតដល់រាប់សែនករណីនោះមានដូចជា សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៊ីតាលី, បារាំង, អាល្លឺម៉ង់ និងចក្រភពអង់គ្លេស៕

 

អាល្លឺម៉ង់ និងអង់គ្លេសចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19

ប៊ែរឡាំង ៖ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ក្នុងដំណាក់កាលដំបូង ត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តទៅហើយក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

វ៉ាក់សាំងខាងលើកំពុងស្ថិតក្រោមការអភិវឌ្ឍ របស់ក្រុមហ៊ុនឯងទេសខាងជីវ-បច្ចេកវិទ្យា បាយអូធីនធិច (BioNTech) ដែលមានមូលដ្ឋាននៅទីក្រុង មែនស៍ (Mainz) របស់ប្រទេសអាល្លឺម៉ង់។ ការធ្វើតេស្តនៃវ៉ាក់សាំងនោះ នឹងធ្វើឡើងចំពោះមនុស្សសុខភាពល្អចំនួន ២០០នាក់ ដែលមានអាយុចន្លោះ ១៨-២៥ឆ្នាំនៅដំណាក់កាលដំបូង ហើយដំណាក់កាលបន្ទាប់នឹងធ្វើឡើងចំពោះ អ្នកដែលប្រឈមហានិភ័យខ្ពស់ពី COVID-19។

ទន្ទឹមគ្នានេះការធ្វេស្តវ៉ាក់សាំង COVID-19 ទៅលើមនុស្ស ក៏កំពុងត្រៀមប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ បើតាមការបញ្ជាក់ពី រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស។

គួរជម្រាបថា សម្រាប់នៅសហរដ្ឋអាមេរិក និងប្រទេសចិនវិញ ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សកំពុងតែបន្តប្រព្រឹត្តទៅ។ យ៉ាងណាក្តីទម្រាំសម្រេចបានវ៉ាក់សាំង COVID-19 ដែលអាចប្រើប្រាស់បានក្នុងលក្ខណៈទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាសុវត្ថិភាពនោះ គឺត្រូវចំណាយពេលចន្លោះពី ១-២ឆ្នាំឯណោះ ព្រោះវាត្រូវការការធ្វើតេស្តសាកល្បងជាច្រើន រហូតទទួលស្គាល់អំពីប្រសិទ្ធភាព និងសុវត្ថិភាព ១០០% ពីស្ថាប័នអន្តរជាតិ៕

 

 

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលប ទទួលបានមុននេះបន្តិច៕ 

 

សង្កាត់​ដែលត្រូវដាច់ភ្លើងចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមេសា

ភ្នំពេញ ៖ តំបន់​មួយ​ចំនួន​ក្នុងរាជធានីភ្នំពេញ នឹងត្រូវអគ្គិសនី​កម្ពុជា ផ្អាកការផ្គត់ផ្គង់​ភ្លើង​ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែមេសា ឆ្នាំ​២០២០ ​ដើម្បី​អនុវត្តការងារ​ជួសជុល ផ្លាស់ប្តូរដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្ក​លក្ខណៈ​ដល់ការដ្ឋាន​ពង្រីកផ្លូវ។

សូម​អាន​បន្ថែម​ក្នុងសេចក្តីជូនដំណឹង​ខាងក្រោម៖

 

«ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន» ហេតុអ្វីបរទេសធ្វើបាន ហើយកម្ពុជាធ្វើមិនបាន ?

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា កម្ពុជាមិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ បើស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ បានល្អ ដូចពេលបច្ចុប្បន្ននេះ។ ការបញ្ជាក់នេះ ធ្វើឡើនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹក២២ ខែមេសា នេះនៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ក្នុងការដាក់ប្រទេស ក្នុងភាពអាសន្ន អាចអនុវត្តទៅបានគឺស្ថិតនៅក្នុងដំណាក់កាលប្រទេសជាតិជួបគ្រោះអាសន្នធ្ងន់ធ្ងរ និងត្រូវមានការឯកភាពពីឥស្សរជនជាន់ខ្ពស់ចំនួន៣រូប រួមមាននាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងព្រឹទ្ធសភា។

បើតាមអ្នកនាំពាក្យ កម្ពុជាមិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ បើស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ បានល្អដូចពេលបច្ចុប្បន្ននេះ។

សេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានទៅដល់ដៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហើយនៅព្រឹកថ្ងៃទី២២ មេសា នេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានអញ្ជើញទៅការពារច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។

លោក ជិន ម៉ាលីន បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេស ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការហើយនោះ មិនមែនមានន័យថា កម្ពុជាត្រូវដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ។ លោកថាច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន មិនមែនដើម្បីបំបិទសិទ្ធិសេរីភាព ឬរំលោភសិទ្ធិប្រជាពលរដ្ឋនោះទេ ប៉ុន្តែគឺដើម្បីប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស និងដើម្បីការពារផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋកម្ពុជា។

សូមជម្រាបថា មកដល់ពេលនេះ មានប្រទេសចំនួន ៧០ហើយ ដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ហើយក្នុងតំបន់អាស៊ានក៏មានប្រទេសចំនួន ៦ហើយ ដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន។ លោកបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺអនុលោមទៅតាមច្បាប់អន្តរជាតិ និងមានភាពត្រឹមត្រូវ។ បណ្ដាប្រទេសផ្សេងទៀតអនុវត្តបាន ចុះហេតុអ្វីកម្ពុជា អនុវត្តមិនបាន៕

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ បន្តចុះផ្សព្វផ្សាយវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ លោក យុង គឹមហ៊ាន បានដឹកនាំកិច្ចប្រជុំមួយ ស្តីពីការ រៀបចំផែនការ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ឲ្យបានផុលផុសថែមទៀត ដោយអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និង តាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅសម្រេចបានប្រសិទ្ធភាពការងារក្នុងការផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ និងបញ្ជ្រៀបការយល់ដឹងដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន នៅទូទាំងខេត្តព្រះវិហារ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមការបង្ហាញវត្ត មានឯកឧត្តម យុង គឹម ហ៊ាន និងមានការចូលរួមពីប្រធាន អនុប្រធាន សសយក ក្រុង ស្រុក សមាជិកគណៈកម្មាធិការ សសយកខេត្ត ព្រម ទាំងសសយកតាមបណ្តាមន្ទីរ និងអង្គភាពជុំវិញខេត្ត កាលពីថ្ងៃទី២២ខែមេសា ឆ្នាំ ២០២០។

អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបានឲ្យដឹងថា ដើម្បីបញ្ជ្រៀបការយល់ដឹងដល់ប្រជាជន ឲ្យបានយល់ច្បាស់ អំពី ភាពគ្រោះថ្នាក់ នៃជំងឺកូវីដ១៩ សហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្ត នឹងយកវិធានការណ៍សំខាន់ៗ ចំនួន៥មកអនុវត្ត ក្នុងនោះ គឹការបង្កើតក្រុមការងារផ្សព្វផ្សាយ ដែលស្រុក និងខេត្តរៀបចំសេចក្តីសម្រេចរួម, ធ្វើយ៉ាងណាឲ្យសសយក ក្រុង ស្រុក ខេត្ត មានការយល់ដឹងកាន់តែច្បាស់ រួមជាមួយអ្នកពាក់ព័ន្ធ និងវិធានការការពារជំងឺកូវីដ១៩ ដើម្បីបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ, ក្រុមការងារ សសយក តាមវិស័យ ត្រូវត្រៀមខ្លួនចូលរួមជាមួយសុខាភិបាល ក្នុងករណីណាមានការផ្ទុះជំងឺកូវីដ១៩ក្នុងខេត្ត ឬ ក្នុងករណីចបាច់, បន្តធ្វើការផ្សព្វផ្សាយតាមឃោសនស័ព្ទចល័ត ឬ តាមបណ្តាញសង្គមជាបន្តទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្វះការប្រុងយ័ត្ន និងឲ្យពួកគាត់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ និងសសយក ថ្នាក់ក្រុង ស្រុក ត្រូវត្រៀមសមាជិកសកម្មសំខាន់ៗ ដើម្បីចូលរួមធ្វើការផ្សព្វផ្សាយ ពីការទប់ស្កាត់ជំងឺ Covid-19 នេះ។

ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធកម្ពុជា ខេត្តបានមានប្រសាសន៍ថា ដើម្បីឲ្យមាន ប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចាំបាច់ត្រូវមានការសហការ និងការ ចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ។ លោកបន្តថា ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង ពីវិធានការការពារខ្លួន ពីជំងឺកូវី១៩ កាន់តែច្បាស់ ប្រធាន សសយក ថ្នាក់ក្រុង និងស្រុក ត្រូវសហការជាមួយមន្ទីរសុខាភិបាល ចុះធ្វើយុទ្ធនាការឲ្យកាន់តែសកម្ម និងផុសផុលបន្ថែមទៀត អំពីភាពគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ជាពិសេស ត្រូវជំរុញឲ្យបានកាន់តែខ្លាំង ដល់អាជីវករ និងអ្នកទិញ ត្រូវប្រើម៉ាស់ អាល់កុល ឬសាប៊ូលាងដៃ មិនត្រូវប៉ះពាល់ជាមួយនឹងភ្នែក ច្រមុះ និងមាត់ ជាដាច់ខាត។ លោកបានជម្រុញមន្ត្រីក្រោមឧិវាទ ត្រូវបន្តចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានក្នុងក្រុង ស្រុក ក្នុងខេត្ត នៅតាមទីប្រជុំជន កសិដ្ឋាន មន្ទីរ និងអង្គភាព អោយបានយល់ដឹងកាន់តែច្បាស់ ធ្វើយ៉ាងណាឲ្យអត្រាការឆ្លង ថយមកនៅកម្រិតទាបបំផុត។

បានឧបត្ថម្ភ អង្ករ ០៦បេ ទឹកស៊ីអ៊ីវ ០៦ ត្រី ខ ៣០កំប៉ុង ម៊ី៦០កញនចប់ ទឹកសុទ្ធ ៦យ៉ួរ សាប៊ូ ៥០ដុំ អាកុល ២លីត្រនិងដបបាញ់ ទឹកអាកុល ថវិកា ១០០/០០០រៀលនិងសម្ភារៈមួយចំនួន ធំផងដែរ៕

អាណាព្យាបាលសិស្ស សុំឲ្យសាលាស៊ីអាយអេបញ្ចុះតម្លៃក្នុងដំណាក់កាលនៃកូវីដ១៩

ភ្នំពេញ ៖ ឪពុកម្តាយ និងអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ ស៊ីអាយអេ ជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅមុខសាលារៀន ដើម្បីស្នើសុំឲ្យសាលារៀនស៊ីអាយអេ ធ្វើការបញ្ចុះតម្លៃសិក្សា៥០ភាគរយ ក្នុងដំណាក់កាលនៃកូវីដ១៩។

ក្រុមអាណាព្យាបាលសិស្ស បានបញ្ជាក់ថា ការស្នើសុំឲ្យសាលារៀនបញ្ចុះតម្លៃ៥០ភាគរយនេះ ដើម្បីសម្រាលការលំបាករបស់ពួកគាត់ គ្រាដែលវិបត្តិកូវីដ១៩ នៅបន្តអូសបន្លាយដោយមិនដឹងពេលណាបញ្ចប់។

លោក ប៉ា ចំរើន ជាអាណាព្យាបាលសិស្សម្នាក់ បានបញ្ជាក់ថា ការបង្រៀនតាមអន ឡាញសម្រាប់សិស្សតូចៗ គឺមិនបានពេញលេញនោះទេ មួយថ្ងៃបានមួយម៉ោងទៅ មួយម៉ោងកន្លះ ហើយឪពុកម្តាយត្រូវនៅបង្រៀន និងណែនាំដល់ កូនៗ ក្នុងពេលសិក្សាថែមទៀត។ លោកបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ការរកចំណូលផ្សេងក៏មិនងាយស្រួលនោះដែរ ធ្វើឲ្យការបង់ថ្លៃសាលារៀន ខ្ទង់ពាន់នេះ គឺអាណាព្យាបាលមិនអាចរត់រួចនោះទេ។ នៅក្នុងញ្ញត្តិរបស់អាណាព្យាបាលសិស្ស ស្នើពីរចំណុចគឺ១-ស្នើអោយសាលាផ្អាករៀនអនឡាញ ប្រសិនបើសាលានៅតែគិតថ្លៃសិក្សា១០០% ២-គាំទ្រការរៀនអនឡាញតទៅទៀត ប្រសិនបើសាលាគិតថ្លៃសិក្សា ៥០% ។

នៅក្នុងសេចក្តីជូនដំណឹងរបស់សាលារៀនអន្តរជាតិ CIA First កាលពីម្សិលម៉ិញ បានបញ្ជាក់ថា តាមរយៈការជួបពិភាក្សាជាមួយអាណាព្យាបាលសិស្សជាច្រើនលើក សាលារៀនបានសម្រេចបញ្ចុះតម្លៃសម្រាប់ថ្នាក់មតេយ្យសិក្សា សម្រាប់ K3+K4+K5 ចំនួន២៥ភាគរយ និងសម្រាប់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី ១២ បញ្ចុះតម្លៃ១៥ភាគរយ។ សាលារៀន ស៊ីអាយអេ ថែមទាំងសុំការយោគយល់ពីអាណាព្យាបាលសិស្សទាំងចំពោះផលវិបាករបស់សាលារៀន ដែលនេះជាការដោះស្រាយអស់លទ្ធភាពរបស់សាលារៀនហើយ។ ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ឆ្លើយតបចំពោះការស្នើសុំរបស់អាណាព្យាបាលទៅលើការបញ្ចុះតម្លៃនេះនោះទេ៕

គម្រោងសាងសង់មួយចំនួនបន្តដំណើរការ ឯមួយចំនួនផ្អាក ខណៈកូវីដ១៩ កំពុងរាលដាល

ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈជំងឺកូវីដ ១៩ កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកទាំងមូល គម្រោងសាងសង់សំណង់នៅក្នុងប្រទេសកម្ពុជា មួយចំនួនត្រូវបានផ្អាក និងមួយចំនួនទៀតនៅតែបន្ត ហើយក្នុងនោះគម្រោងមិនទាន់សាងសង់មួយចំនួនទៀតក៏គ្រោងនឹងចាប់ផ្ដើមការដ្ឋានសំណង់ផងដែរ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងកាលៈទេសៈនេះ ការអភិវឌ្ឍសំណង់នៅក្នុងប្រទេសកម្ពុជា ពិតជារងផលប៉ះពាល់ធំណាស់ ដោយមានការដ្ឋានសំណង់ជាច្រើនត្រូវបានផ្អាក ហើយការទិញលក់ទៅលើអចលនទ្រព្យក៏មានការធ្លាក់ចុះច្រើនផងដែរ ក្នុងពេលកូវីដ ១៩ កំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ។ លោកថា នៅក្នុងការដ្ឋានសំណង់ ជៀសមិនផុតពីការធ្វើទំនាក់ទំនងគ្នារវាងកម្មករនិងកម្មករ ដូច្នេះដើម្បីសុវត្ថិភាពកម្មករ គម្រោងអភិវឌ្ឍន៍មួយចំនួនត្រូវបង្ខំចិត្តផ្អាកការសាងសង់បណ្ដោះអាសន្នសិន ។

លោកបន្តថា ក្រៅពីនោះ ក៏មានគម្រោងអភវិឌ្ឍន៍មួយចំនួននៅតែបន្តសាងសង់ដដែល ក៏ប៉ុន្តែពួកគេ មិនយកកម្មករសំណង់ណាថ្មីៗចូលធ្វើការឡើយ ដោយសុទ្ធចិត្តធ្វើការយឺតប្រសើរជាងយកកម្មករថ្មីៗដែលមិនដឹងប្រវត្តិថាបានពាក់ព័ន្ធជាមួយនឹងអ្នកជំងឺកូវីដ ១៩ដែរឬទេ ។ ដោយឡែកសម្រាប់គម្រោងដែលនឹងត្រូវសាងសង់ថ្មីៗនៅក្នុងដំណាក់កាលនេះក៏មានដែរ ជាក់ស្ដែងគម្រោងផ្សារទំនើបអ៊ីអនម៉លទី៣ជាដើម ។ ដោយសារតែគម្រោងនេះ ជាគម្រោងធំ និងមានផែនការគម្រោងទុកជាយូរមកហើយនោះ វាប្រហែលជាមិនមានផលប៉ះពាល់ដល់ហិរញ្ញវត្ថុនោះទេ ហើយម្យ៉ាងទៀតវាក៏ជាគម្រោងមកពីបរទេសដែរ ។

ក្រៅពីគម្រោង អ៊ីអន ម៉ល ដែលហាក់ដូចជាមិនបានប្រកាសផ្អាកនោះ មានគម្រោងអគារខ្ពស់មួយទៀត ក្រោមការវិនិយោគដោយក្រុមហ៊ុន Oxley Gem Cambodia គឺគម្រោង The Peak ក៏បានប្រកាសថា ខ្លួនកំពុងដំណើរការ ការដ្ឋានសាងសង់សំណង់របស់ខ្លួនជាមួយនឹងក្រុមហ៊ុនអ្នកម៉ៅការថ្មីបន្ទាប់ពីក្រុមហ៊ុនអ្នកម៉ៅការសំណង់ចាស់ជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ ហើយក៏បានផ្ដាច់កុងត្រាចោល ។

តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារ The Peak បានបញ្ជាក់បន្ថែមថា ទោះបីជាស្ថានភាពបែបណាក៏ដោយ គម្រោងThe Peak នៅតែបន្តការសាងសង់ ដើម្បីអោយបញ្ចប់គម្រោងទៅតាមការគ្រោងទុក ធ្វើអោយអតិថិជនអ្នកទិញគម្រោងនេះមានទំនុកចិត្ត ។

បើតាមលោកផន សុភាពប្រធានការដ្ឋាននៃក្រុមហ៊ុន OCIC បានអោយដឹងថាទោះបីជាកូវីដកំពុងរាលដាលក្ដី ក៏ប៉ុន្តែគម្រោងអភិវឌ្ឍន៍នៅក្នុងទីក្រុងរណបជ្រោយចង្វារ នៅតែបន្តដំណើរការសាងសង់ ធ្វើយ៉ាងណាដើម្បីបញ្ចប់ការសាងសង់ទៅតាមផែនការ និងការគ្រោងទុកជាពិសេសគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍នៅទីក្រុងរណបជ្រោយចង្វារ ដើម្បីយកទីតាំងនេះ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ ២០២០នេះ ។

ក្រៅពីគម្រោងនេះ ក៏មានគម្រោងមួយចំនួនទៀតបានបន្តដំណើរការសាងសង់របស់ខ្លួន ក៏ប៉ុន្តែសម្រាប់គម្រោងដែលមិនទាន់សាងសង់ មួយរយៈនេះហាក់នៅសំងំសិន ដោយមិនទាន់មានគម្រោងធំៗណាមួយបានចាប់ផ្ដើមគម្រោងនោះទេ ៕