All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រី ក្រើនរំលឹកដល់ពលរដ្ឋអោយប្រុងប្រយ័ត្ន និងកុំចេញក្រៅផ្ទះបើមិនចាំបាច់

 

ភ្នំពេញ ៖ នៅក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ ១៩ នៅកម្ពុជា មិនមានអ្នកឆ្លងថ្មីទេ តែមានអ្នកជាសះស្បើយពីជំងឺនេះកាន់តែច្រើន ធ្វើអោយចំនួនអ្នកកំពុងព្យាបាល ក្នុងមន្ទីរពេទ្យ មានតែ១២នាក់ប៉ុណ្ណោះ ។ ដោយឃើញស្ថានភាពបែបនេះ ពលរដ្ឋកម្ពុជា ក៏ចាប់ផ្ដើមចេញក្រៅផ្ទះ ដោយសង្កេតឃើញថាចរាចរតាមដងផ្លូវក៏ចាប់ផ្ដើមមមាញឹកនិងណែនណាន់តាន់តាប់ឡើងវិញ ។

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញការព្រួយបារម្ភ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងបន្តស្នាក់នៅក្នុងផ្ទះ បើពុំចាំបាច់សូមកុំចេញក្រៅយផ្ទះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីបានអោយដឹងថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

សម្ដេចបន្តថា ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើររណែនរកកស្ទះចរាចរណ៍ទៀតផង។ សូមក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ ៕

ថៃ ដាក់កម្ពុជា និងប្រទេស៤ផ្សេងទៀតក្នុងតំបន់អាស៊ានជាប្រទេសប្រឈមហានិភ័យឆ្លងកូវីដ១៩ខ្ពស់

ភ្នំពេញ ៖ យោងតាមការចុះផ្សាររបស់កាសែត The Nation របស់ប្រទេសថៃ បានដាក់ប្រទេសចំនួន៥ក្នុងនោះ ក៏មានកម្ពុជាផងដែរ ជាប្រទេសដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ខ្ពស់ ។ប្រទេសទាំងបួននោះ រួមមានកម្ពុជា ម៉ាឡេស៊ី ឡាវ ឥណ្ឌូនេស៊ី និងប្រទេសមីយ៉ាន់ម៉ា ។

ការចុះផ្សាយរបស់កាសែត The Nation នេះ គឺយោងទៅតាមគេហទំព័រ Royal Gazette ហើយក្រសួងសុខាភិបាលថៃ ក៏បានចុះហត្ថលេខាទទួលស្គាល់ថាដូច្នោះដែរ ។

សូមរំលឹកថាកាលពី ថ្ងៃទី ៦ ខែមីនាកន្លងទៅ ប្រទេសថៃក៏បានដាក់ឈ្មោះប្រទេសចំនួន ៤ គឺចិន (រួមមានហុងកុងនិងម៉ាកាវ) កូរ៉េខាងត្បូងអ៊ីតាលីនិងអ៊ីរ៉ង់ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគ Covid-19 ដែរ ។

គិតត្រឹមថ្ងៃទី ២៤ ខែមេសា ២០២០ នេះ ថៃ មានអ្នកមានឆ្លងមេរោគកូវីដ ១៩ ចំនួន ២.៨៣៩នាក់ មានអ្នកស្លាប់ ៥០នាក់ ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងមេរោគនេះ ចំនួន ៧.៧៧៥នាក់ មានអ្នកស្លាប់៦៤៧នាក់ ប្រទេសម៉ាឡេស៊ីមានអ្នកឆ្លង ៥.៦០៣នាក់ ក្នុងនោះអ្នកស្លាប់មាន៩៥នាក់ ប្រទេសមីយ៉ាន់ម៉ា មានអ្នកឆ្លង១៣២នាក់ មានអ្នកស្លាប់៥នាក់ និងប្រទេសកម្ពុជា ដែលកាសែតថៃ បានចាត់ទុកថាជាប្រទេសមានហានីភ័យខ្ពស់ឆ្លងខ្ពស់មានអ្នកឆ្លងជំងឺនេះ ចំនួន ១២២នាក់ និងមិនទាន់មានអ្នកស្លាប់នៅឡើយ ៕

ធនាគារ​ជាតិ​ ស្នើឱ្យ​ធនាគារឯកជន លើកលែងការផាកពិន័យ​ចំពោះ​អតិថិជន

ភ្នំពេញ ៖ ក្នុងអំឡុង​វិបត្តិកូវីដ១៩នេះ ធនាគារ​ជាតិ​នៃកម្ពុជា​ស្នើសុំការយោគយល់​ពីគ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ផ្តល់​ការ​អនុគ្រោះបន្ថែម​ដល់​អតិថិជន​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់​មួយ​កម្រិត​ទៀត​ក្នុងគ្រា​លំបាក​នេះ ដូចជា​ការបន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង/ឬ លើកលែង​ការផាកពិន័យ​ផ្សេងៗ​ចំពោះ​អតិថិជន​របស់ខ្លួន រហូតដល់​ដំណាច់ខែធ្នូ ឆ្នាំ​២០២០។

សូម​អាន​បន្ថែម​ក្នុងលិខិតខាងក្រោម៖

ទំនាស់​ពាក្យសំដី​ក្នុង​វង់​ផឹកស៊ី ផ្ទុះហិង្សាប្អូនថ្លៃ កាប់បងថ្លៃ​ស្លាប់ ​

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈពេល​ជនសង្ស័យ​នឹង​ជនរងគ្រោះ​ជា​បង​ប្អូនថ្លៃ ហើយ​ពេល​កំពុង​ផឹកស៊ី​ក៏​ទាស់​ពាក្យសំដី រហូតដល់​ប្អូនថ្លៃ​យក​កាំបិត​កាប់​ទៅលើ​បងថ្លៃ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម។ ក្រោយពេល​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់។ ហេតុការណ៍​នេះ​​កើតឡើង​កាលពី​ថ្ងៃ​២៣ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង២០​ និង​១៥​នាទី​យប់ ស្ថិតក្នុង​ភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ។

​នគរបាល​ស្រុក​ទ្រាំង​បានឲ្យដឹងថា ករណី​ឃាត​កម្មនេះ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យន់ រង្សី ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរ​បបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ (​ត្រូវជា​ប្អូនថ្លៃ​) បាន​យក​កាំបិត​បុ័ងតោ​កាប់​ជាច្រើន​កាំបិត​ទៅលើ​ជនរងគ្រោះ​ជា​បងថ្លៃ ឈ្មោះ សោ វុទ្ធី ភេទ​ប្រុស អាយុ៥៣​ឆ្នាំ ចំនួន​៧​កាំបិតបណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម​ជនរងគ្រោះ​មានមុខ​របបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ជាមួយគ្នា។

​តាម​មន្ត្រីនគរបាល​ស្រុក​បានអោយដឹង​ទៀតថា​មុនពេល​កើតហេតុ បុរស​ដែលជា​ជា​សាច់ថ្លៃ​ចំនួន​៤​នាក់​(​ប្រពន្ធៗ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​) បាន​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​នឹង​បាន​និយាយ​ជជែក​គ្នា​ជាធម្មតា​ស្រាប់តែ​ជនរងគ្រោះ​ជា​បងថ្លៃ​និយាយ​លេងសើច​ទៅកាន់​ជនសង្ស័យ​ជា​ប្អូនថ្លៃ​ថា​នៅតែ​ផ្ទះ​ដើរ​ស៊ីផឹក​មិន​គិត​រកស៊ី​ចឹ​ញ្ចឹ​ម​ប្រពន្ធ​កូន​ទេ។

ប្រភពបន្តថា ភ្លាមៗ​នោះ​ជនសង្ស័យ​ជា​ប្អូនថ្លៃ​បាន​ស្ទុះ​យក​កាំបិត​បុ័ងតោ​កាប់​ជាច្រើន​កាំបិត ទៅលើ​បងថ្លៃ​របស់ខ្លួន​ស្លាប់​ក្នុង​ថ្លុកឈាម​ហើយ​ក្រុមគ្រួសារ​បងថ្លៃ​នេះ​មិនបាន​រាយការណ៍​មកដល់​កំលាំង​នគរបាល​ភ្លាមៗ​នោះទេ​គឺ​ទុក​រហូត​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០ ទើប​មកប្តឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្វាវ​នេះ​ជាការ​រៀបចំ ដើម្បី​ទុកពេល​អោយ​ជនសង្ស័យ​ដើម្បី​រត់គេចខ្លួន​តែប៉ុណ្ណោះ។ មន្ត្រីនគរបាល​ស្រុក​បាន​បញ្ជាក់ថា កំលាំង​ជំនាញ សហការ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​ប្អូនថ្លៃ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​អោយ​ទាល់តែ​បាន៕

 

កម្ពុជា​ត្រៀម​មន្ដ្រី​ឆ្លើយតប​រហ័ស​ប្រមាណ​ជិត​៥​ម៉ឺន​នាក់​ក្នុងការប្រយុទ្ធ​នឹង​ជំងឺ COVID-19

​ភ្នំពេញ ៖ កម្ពុជា​ត្រូវបាន​គេ​ដឹងថា បាន​ត្រៀម​រួចជាស្រេច​ហើយ​នូវ​ក្រុមមន្ត្រី​ឆ្លើយតប​រហ័ស​ជិត​៥​ម៉ឺន​នាក់ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 បើទោះបីជា​បច្ចុប្បន្ននេះ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ​នៅ​ស្រួចស្រាល​នៅឡើយ​ក៏ដោយចុះ។​

​នេះ​បើ​យោងតាម​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ដែល​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​លើក​ទី​៣​លើ​ការងារ​ឆ្លើយតប​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 កាលពី​ម្សិលមិញ​នៅ​ទីស្តីការក្រសួង។​

​លោកស្រី​បញ្ជាក់ថា ក្រសួងសុខាភិបាល នៅតែ​បន្ដ​បណ្ដុះបណ្ដាល និង​ពង្រឹង​ក្រុមមន្ដ្រី​ឆ្លើយតប​រហ័ស​ប្រមាណ​៤-៥​ម៉ឺន​នាក់ សម្រាប់​ត្រៀម​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) ទោះ​បច្ចុប្បន្ន ស្ថានភាព​ជំងឺ​នេះ​នៅ​ស្រួចស្រាល​នៅឡើយ។​

​លោកស្រី​រដ្ឋលេខាធិការ បានបញ្ជាក់​បន្ថែមថា ខណ​នេះ​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ (COVID-19) បាន​លើកយក​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ជា​បន្ដបន្ទាប់ និង​ត្រៀម​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​ឱ្យ​គ្រប់គ្រាន់​ជានិច្ច ដោយ​បច្ចុប្បន្ន មាន​ម៉ាស​ចំនួន​១១​លាន​ម៉ាស​, ម៉ាស​N95 ចំនួន​៥០​ម៉ឺន (​បច្ចុប្បន្ន​មាន​ជាង​៣០​ម៉ឺន​ម៉ាស​ហើយ​), សម្លៀកបំពាក់​សុវត្ថិភាពរ​របស់​មន្ដ្រី​សុខាភិបាល​៥​ពាន់​សម្រាប់ និង​មុង​ភួយ​កន្ទេល​ខ្នើយ សម្រាប់ អ្នកជំងឺ​មក​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​។​

​ប៉ុន្តែ​បើសិនជា​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ទ្រង់ទ្រាយ​ធំ​ដ៏​ធ្ងន់ធ្ងរ​បំផុត រហូតដល់​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នោះ កម្លាំង​ពេទ្យ​របស់​បច្ចុប្បន្ន​ចំនួន​៦​ពាន់​នាក់ គឺ​មិន​គ្រប់គ្រាន់​នោះឡើយ យើង​នឹង​អាច​បញ្ចេញ​កម្លាំង​យ៉ាងហោច​ក៏​ជាង​១​ម៉ឺន​នាក់ សម្រាប់​កម្លាំង​ពេទ្យ​នៅក្នុង​ក្រសួងសុខាភិបាល កម្លាំងយោធា​៥​ពាន់ នាក់ និង​ប៉ូលីស​រាប់ពាន់នាក់​ទៀត ដែល​សរុប​ទូទាំងប្រទេស​ប្រមាណ ៤-៥​ម៉ឺន​នាក់ ដែល​បាន​បណ្ដុះបណ្ដាល នឹង​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ៕

 

រឹបអូសម៉ូតូស៊េរីទំនើបៗពីទីតាំងមួយកន្លែងសង្ស័យនាំចូលតាមច្រករបៀង

ក្រុងប៉ោយប៉ែត ៖ ទីតាំងលក់ម៉ូតូមួយកន្លែងយីហោ« ជុំ សារិទ្ធ លក់ទិញម៉ូតូគ្រប់ប្រភេទ» ស្ថិតភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងគយចល័តក្រសួងប្រចាំគល់ស្ពានទឹកថ្លាបង្ក្រាប ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នេះ ដោយសង្ស័យថា ជាម៉ូតូដែលក្រុមរកស៊ីក្រៅច្បាប់ឃុបឃិតជាមួយមន្ត្រីមានអំណាចតាមព្រំដែន នាំចូលតាមច្រករបៀងរបស់ខេត្តខ្មែរជាប់ប្រទេសថៃ។

ម៉ូតូដែលកម្លាំងគយបង្ក្រាបនោះគេឃើញភាគច្រើនម៉ូតូម៉ាក់ PCX សេរីទំនើប ក្នុងនោះគេឃើញកម្លាំងគយបានឲ្យកម្លាំងកម្មករលើកម៉ូតូទាំងអស់ដាក់រថយន្តដឹកជញ្ញជូនទៅទីតាំង កម្លាំងគយប្រចាំគលស្ពានទឹកថ្លាដើម្បី កោះហៅម្ចាស់ទៅសួរនាំ និងបងពន្ធតាមច្បាប់។

ប្រភពថា ម៉ូតូនៅក្នុងក្រុងប៉ោយប៉ែត ដែលដាក់តាំងលក់មួយភាគគីជាម៉ូតូនាំចូលតាមច្រករបៀង បង់ពន្ធតាមទូរស័ព្ទ មួយភាគទៀតចូលមកតាមរយៈខ្សែបក្ខពួកក្រុមឈ្មួញ ហូរចូលស្ទើររៀងរាល់ថ្ងៃយប់តាមបន្ទាត់ព្រំដែនក្នុងស្រុកចំនួនបីខាងជើងផ្លូវជាតិលេខ៥ ដូចជាស្រុកអូរជ្រៅ ស្រុកស្វាយចេកនិងស្រុកថ្មពួក។ មិនតែប៉ុណ្ណោះ មានទាំងនាំរថយន្តចង្កួតដ្ដាំសេរីទំនើបៗ យកប្ដូរពណ៏ថ្នាំត្រេអ៊ី ជាច្រើនផងដែរ ។

បញ្ហាការនាំចូលរថយន្ត ម៉ូតូរួមទាំងមុខទំនិញគេចពន្ធតាមបន្ទាត់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យនៅតែបន្តមានកើត បើទោះជាអនុសាសន៌សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យបិទច្រករបៀងក៏ដោយ។ ហើយការខាតបង់ថវិកាចូលរដ្ឋក្នុងមួយខែៗ ជាច្រើនដោយសារតែការនាំចូលមុខទំនិញ ឬរថយន្ត ម៉ូតូគេចពន្ធរបស់ក្រុមឈ្មួញជាមួយមន្ត្រីខិលខូចមួយចំនួនតូចតាមបន្ទាត់ព្រំដែន។
ប្រភពបន្តថា បើគយចល័តប្រចាំតាមច្រករបៀងមិនបើកដៃ ធ្វើយ៉ាងណាទើបម៉ូតូ និងទំនិញគេចពន្ធផ្សេងៗទៀតនាំឆ្លងដែនមកខាងទឹកដីកម្ពុជាបានបែបនេះ។

ករណីខាងលើលោក ឈុន សុធាវណ្ណារី អនុប្រធានគយចល័តក្រសួង ស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ប្រចាំខាងលិចស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ ប្រាប់ថា ការដែលលោកសហការដឹកនាំកំលាំងចម្រុះចុះចាប់កន្លែងលក់ម៉ូតូខាងលើនេះ គឺលក់ម៉ូតូអត់ពន្ធ និងគ្មានពន្ធនាំចូល ដែលម្ចាស់លក់ម៉ូតូ នាំចូលតាមច្រករបៀងមកដាក់តាំងលក់ដោយគ្មានច្បាប់ ហ៊ានរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន (ហុងដា.HONDA)ដែលនាំចូលផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា។

លោកបានបន្ត ថា ម៉ូតូសេរីទំនើបផលិតឆ្នាំ២០១៩/២០២០ មានចំនួន ១០គ្រឿងជាង ត្រូវបានកំលាំងលោករឹបអូសបាន គឺខាងលោកយករថយន្តដឹកយកទៅទីចាត់ការគយនិងរដ្ឋាករក្រសួង ដើម្បីអោយម្ចាស់សាមី ចូលទៅបង់ពន្ធជូនចូលរដ្ឋអោយបានត្រឹមត្រូវតែប៉ុណ្ណោះ៕

អាងស្តុកទឹកស្ទឹងដូនទ្រី អាចផ្គត់ផ្គង់ទឹកលើដីកសិកម្មជាង៤ម៉ឺនហិកតា គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣

ខេត្តបាត់ដំបង ៖ ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ដែលមានទីតាំងស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី បានខេត្តបាត់ដំបង គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៣ ខាងមុខនេះ។ ទំនប់នេះ អាចផ្គត់ផ្គង់ទឹកទៅដល់ដីកសិកម្មប្រមាណជា៤ម៉ឺនហិកតា ហើយជួយកាត់បន្ថយការជន់លិចក្នុងតំបន់បានប្រមាណ ៣០ភាគរយទៀតផង។

លោក ជុង តំណាងក្រុមហ៊ុនកូរ៉េ ដែលកំពុងសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ទំនប់ស្ទឹងដូនទ្រី សម្រេចការសាងសង់បានប្រមាណ ២០ភាគរយ ទំនប់ស្ទាក់ទឹកនេះ អាចផ្ទុកទឹកបាន ១៧៧លានម៉ែត្រគីប។ពេលសាងសង់រួច រាល់នឹងអាចជួយកាត់បន្ថយការជន់លិចនៅក្នុងតំបន់នោះបានប្រមាណ៣០ភាគរយ ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២២ ប៉ុន្តែដោយមានការកែប្រែខ្លះ ទើបការសាងសង់អូសបន្លាយដល់ឆ្នាំ២០២៣។

លោក ឡុង ផល្គុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃ ២៣ ខែមេសា នេះថា ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី មានសមត្ថភាពអាចជួយស្រោចស្រពលើផ្ទៃដីកសិកម្ម បានប្រមាណជាង ៤ម៉ឺនហិកតានៅក្នុងស្រុកចំនួន៣ មានស្រុករុក្ខៈគិរី ស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ។ទំនប់នេះសាងសង់ឡើង ក្នុងលក្ខណៈបច្ចេកវិទ្យាទំនើប ដោយមានការចោះភ្នំ ខណៈដែលប្រព័ន្ធធារាសាស្ត្រផ្សេងៗនៅក្នុងប្រទេសកម្ពុជាពុំទាន់មានធ្វើបែបនេះនៅឡើយ។ ទំនប់នេះនឹងបើកឲ្យទៅផ្គត់ផ្គងដល់ទំបន់បាសាក់ សម្រាប់ចែកចាយបន្ត។

គួរបញ្ជាក់ផងដែរថានៅក្នុងខេត្តបាត់ដំបង មានប្រព័ន្ធធារាសាស្ត្រ បានសាងសង់ចប់រួចរាល់និងបានជួយស្រោចស្រពដំណាំកសិកម្ម របស់ប្រជាពលរដ្ឋ មានដូចជា ទំនប់ពហុបំណងសេកសក់ ទំនប់កង្ហត់ ទំនប់បឹងកំពីងពួយ ទំនប់ស្ទឹងបវេល និងទំនប់បាសាក់ ។នៅមានប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀតដែលកំពុងធ្វើការសាងសង់ មានដូចជា ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី ទំនប់អាងត្រជាក់ចិត្ត ទំនប់អាងរាមគន់ ទំនប់អាងពោធិ៍ និងទំនប់សាលាតាអនជាដើម។ទំនប់ទាំងអស់នេះនឹងជួយបង្កើនការដាំដុះ ពិសេសដំណាំស្រូវរបស់កសិករ បានធ្វើច្រើនដងក្នុងមួយឆ្នាំៗ ។ ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី គឺជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំមួយបន្ថែមទៀត របស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ស្រោចស្រពដំណាំកសិកម្មរបស់ពលរដ្ឋនៅស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង៕

ចិនប្រកាសផ្តល់ជំនួយ៣០លានដុល្លារបន្ថែមទៀតដល់ WHO ក្នុងការប្រយុទ្ធប្រឆាំង COVID-19

ប៉េកាំង ៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានប្រកាសថា ខ្លួននឹងបរិច្ចាគថវិកាចំនួន ៣០លានដុល្លារអាមេរិកបន្ថែមទៀតដល់អង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមសារព័ត៌មាន CNA។

ការប្រកាសនេះធ្វើឡើងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកបង់វិភាគទានធំបំផុតរបស់ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា នឹងផ្អាកបង់វិភាគទានទៅឲ្យអង្គការនេះ ដោយបានលើកជាហេតុលផលថា WHO មិនបានគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 តាំងតែពីជំងឺនេះផ្ទុះឡើងដំបូងនៅប្រទេសចិន។

ការផ្តល់ជំនួយរបស់ចិនខាងលើនេះ គឺជាការបន្ថែមទៅលើថវិកាជំនួយ ២០លានដុល្លារអាមេរិក កាលពីលើកដំបូង ដែលចិនបានផ្តល់ដល់ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ខណៈប្រទេសជាច្រើនសុទ្ធតែយល់ស្របដូចៗគ្នាថា អង្គការសុខភាពពិភពលោក ពិតជាដើរតួរនាទីចាំបាច់ណាស់នៅពេលនេះ និងត្រូវតែបន្តឈរនៅរឹងមាំទៅមុខទៀត៕

 

ប្រទះឃើញគ្រាប់កាំភ្លើងផ្លោង105mmចំនួន ៥៨គ្រាប់កប់ក្នុងដីសម័យសង្រ្គាមនៅស្រុកកំរៀង

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិលំផាត់ ឃុំអូរដារស្រុកកំរៀង បានប្រទះឃើញគ្រាប់កាំភ្លើងផ្លោង 105 mm សេសសល់ពីសម័យសង្រ្គាមជាច្រើនគ្រាប់កប់នៅក្នុងដី ហើយរាយការណ៍ភ្លាមៗដល់កម្លាំងសមត្ថកិច្ចកាលពីថ្ងៃទី ២២ ខែមេសាឆ្នាំ២០២០។

លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនៃអធិការដ្ឋាននគរ បាលស្រុកកំរៀង បានឲ្យដឹងថាប្រជាពលរដ្ឋឈ្មោះ ឈុត ហឿប ភេទប្រុស អាយុ៦៦ឆ្នាំ ជាម្ចាស់ដីចម្ការមួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើ បានប្រើប្រាស់ត្រាក់ទ័រភ្ជួរ ដីចម្ការរបស់គាត់ ដើម្បីបង្កបង្កើនផលដូចរាល់ឆ្នាំ ប៉ុន្តែឆ្នាំ នេះពេលគាត់កំពុងភ្ជួរដី បានប្រទះ ឃើញវត្ថុកប់នៅក្នុងដីដែលគួរឲ្យសង័្សយ។ពេលគាត់ឈប់ភ្ជួរដោយត្រាក់ទ័រ យកដៃកាយពិនិត្យមើលក៏ឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ទើបគាត់ផ្តល់ព័ត៌មានទៅដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានភ្លាមៗក្រោយពេល ពិនិត្យ បានរាយការណ៍ជូនទៅមន្រ្តីអង្គភាពកំចាត់មីនកម្ពុជាCM ACមកពិនិត្យតែម្ដង។យុទ្ធភ័ណ្ឌទាំងនោះជាសំណល់ពីសង្រ្គាមនេះហើយវាជាប្រភេទក្បាលគ្រាប់កាំភ្លើងផ្លោង១០៥មីល្លីម៉ែត្រមានចំនួន៥៨គ្រាប់ ដែលកប់ទុកក្នុងដីកាលពីសម័យសង្គ្រាមជាយូរមកហើយ។

លោកវរសេនីយ៍ឯក គឹម ពន្លក បានបញ្ជាក់ឲ្យដឹងថាដោយ សារភូមិសាស្រ្ត ស្រុកកំរៀង ជាស្រុកមួយនៅជាប់ព្រំដែនកម្ពុជា ថៃ ហើយជាភូមិសាស្រ្តដែលជោគជាំទៅដោយសង្រ្គាមបង្ហូរឈាមពីអតីតកាលសម័យប៉ុល ពត ដូច្នេះនៅមូលដ្ឋាននេះតែងតែមានបន្សល់ទុកនូវប្រភេទ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ទើរគ្រប់ប្រភេទនិងរាយប៉ាយនៅច្រើនកន្លែង។

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានចូលរួមផ្តល់ព័ត៌មានជាបន្ទាន់ទៅដល់មន្រ្តីនគរបាលមូលដ្ឋាននៅពេលបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចៀសវាងការចាប់កាន់ ការប៉ះពាល់ឬនាំយកទៅកែច្នៃជាវត្ថុផ្សេងៗ ដែលជាហេតុនាំបង្កឲ្យមានករណីគ្រោះថ្នាក់ដល់អាយុជីវិតឬពិការភាពដោយសារយុទ្ធភ័ណ្ឌទាំងនេះ។
គួរបញ្ជាក់ផងដែរថាអង្គភាពកំចាត់មីនកម្ពុជា CMAC បានប្រមូលយកយុទ្ធភ័ណ្ឌទាំងនោះតាមលក្ខណៈបច្ចេក ទេស ដើម្បីរក្សាទុកនិងធ្វើការបំផ្លាញចោលហើយ៕

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលប ទទួលបានមុននេះបន្តិច៕ 

 

 COVID-19 ៖ ចំនួនអ្នកឆ្លងលើលោកកើនដល់ ២.៧លាននាក់ ក្នុងនោះស្លាប់១៩ម៉ឺននាក់

បរទេស ៖  គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២,៧១៧,៩២១ករណីហើយ ក្នុងនោះមនុស្សសរុប ១៩០,៦៣០នាក់ស្លាប់ និង ៧៤៥,៤៨០នាក់ជាសះស្បើយឡើងវិញ។ នេះបើយោងតាមគេទំព័រអន្តរជាតិ Worldometer។

ជំងឺរាតត្បាតសកល COVID-19 នៅពេលនេះបានឆ្លងចូលដល់ប្រទេស និងដែនដីសរុបចំនួន ២១០ ហើយក្នុងនោះប្រទេសធំៗដែលមានករណីឆ្លង រហូតដល់រាប់សែនករណីនោះមានដូចជា សហរដ្ឋអាមេរិក, អេស្ប៉ាញ, អ៊ីតាលី, បារាំង, អាល្លឺម៉ង់, ចក្រភពអង់គ្លេស និងប្រទេសតួកគី។

អង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះ ក៏បានធ្វើការព្រមានផងដែរ ចំពោះប្រទេសមួយចំនួនដែលបានសម្រេចចិត្ត ឬចង់ដកវិធានការរឹតត្បិតជុំវិញបញ្ហា COVID-19 ហើយអង្គការនេះក៏បានអំពាវនាវឲ្យគ្រប់គ្នាបន្តប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតសកលនេះ ដោយកុំបន្ធូរដៃឲ្យសោះ៕

 

អភិបាលស្រុកជើងព្រៃ អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ពលរដ្ឋក្រីក្រខ្វះខាត១០គ្រួសារនៅឃុំព្រៃចារ

ដោយ ៖ ប៉ែន សុផល

ខេត្តកំពង់ចាម ៖ នៅថ្ងៃព្រហស្បតិ៍២កើត ខែពិសាខ ឆ្នាំជូតទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោកអូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ លោកស្រី ឃី លាងស៊ីម អភិបាលរងនៃគណ:អភិបាលស្រុក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក និងលោក យន់ ឈុនលាង ប្រធានគណកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក និងក្រុមការងារ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ចុះចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដល់ខ្នងផ្ទះចំនួន១០គ្រួសារនៅឃុំព្រៃចារ។

ដោយក្នុងមួយគ្រួសារទទួលបាន ឣង្ករ៥០គីឡូក្រាម ទឹកក្រូច១កេះ និងថវិកាចំនួន ៤៉៉ម៉ឺនរៀល និងម៉ាស់មួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរលោក អូត ឈាងលី ក៍ណែនាំបងប្អូនប្រជាពលរដ្ឋរស់នៅឃុំព្រៃចារ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 និងវីធីការការពារជំំំងឺកូវីដ-19 ដោយលាងដៃនឹងសាប៊ួ​ អាកុល ជែល អោយបានញឹកញាប់នឹងជៀសនៃការជួបជុំគ្នា៕

អគ្គីភ័យឆាបឆេះឃ្លាំងអេតចាយខណៈម្ចាស់ចាក់សោទ្វារទៅលេងស្រុក

ភ្នំពេញ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងតែម្តងខណៈម្ចាស់ចាក់សោទ្វារទុកចោលហើយនាំគ្នាទៅលេងស្រុកកំណើត។

ហេតុការណ៏អគ្គីភ័យឆាបឆេះខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០២០
ស្ថិតនៅផ្លូវលំភូមិដំណាក់ធំ១សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រភពព័ត៍មាននៅកន្លែងកើតហតុបានឲ្យដឹងថាមុនពេលកើតហេតុឃ្លាំងអេតចាយខាងលើម្ចាស់បានចាក់សោទ្វារទុកចោលហើយក៏នាំគ្នាទៅលេងស្រុកកំណើតលុះនៅថ្ងៃកើតហេតុខាងលើស្រាប់តែគេឃើញមានអណ្តាតភ្លើងឆេះចេញមកពីក្នុុងឃ្លាំងបង្កឲ្យមានផ្សែងខ្មៅហុយយ៉ាងខ្មួលខ្មាញ់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌមានជ័យ ភ្លាមៗនោះដែរក៏មានរថយន្តពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថចំនួន៣គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញរថយន្តចំនួន២គ្រឿងនិងរថយន្តក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន២គ្រឿងចេញទៅអន្តរាគមន៏ជួយបាញ់ពន្លត់ឲ្យរលត់ជាស្ថាពរទៅវិញនៅវេលាម៉ោង៣និង២០នាទីថ្ងៃដដែល។

សមត្ថកិច្ចបានបញ្ជាកឲ្យដឹងថាអគ្គីភ័យដែលឆាបឆេះឃ្លាំងអេតចាយខាងលើគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក្នុងហេតុការណ៏អគ្គីភ័យខាងលើនេះមិនបណ្តាលឲ្យមានអ្នករងគ្រោះនោទេគ្រាន់តែខូចខាតសម្ភារះអេតចាយអស់មួយចំនួនធំនិងឆេះឃ្លាំងស្តុកអេតចាយអស់ទាំងស្រុងតែម្តង៕

អគ្គិសនីកម្ពុជាបកស្រាយបំភ្លឺ ពីការកើនឡើងបរិមាណភ្លើង

ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋដែលនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះវិក្ក័យបត្រភ្លើង និងភ្ជាប់ពាក្យមិនពេញចិត្តនឹងការកើនឡើងបរិមាណភ្លើងប្រើប្រាស់នៅក្នុងខែថ្មីនេះ ដោយអ្នកខ្លះបានឡើងដល់២ដង និងខ្លះឡើងថ្លៃតម្លៃដល់៣ដងបើធៀបនឹងការប្រើប្រាស់កាលពីខែមុន ។

ជាការឆ្លើយតបអគ្គិសនី កម្ពុជា បានបកស្រាយនូវចំងល់មួយនេះ តាមរយៈការឆ្លើយនឹងសំនួរខមិនពីអតិថិជន ។ នៅក្នុងចម្លើយនោះ អគ្គិសនីកម្ពុជាបានបកស្រាយថាអាកាសធាតុកាន់តែក្តៅខ្លាំង កុងទ័រអគ្គិសនីកើនគីឡូកាន់តែច្រើនទៀត ដោយសារ ៖
១.ទូទឹកកក គឺជាបរិក្ខាអគ្គិសនីសម្រាប់បំឡែងពីក្តៅទៅត្រជាក់ បរិយាកាសខាងក្រៅក្តៅកាន់តែខ្លាំង ទូរទឹកកកប្រឹងបំឡែងពីក្តៅទៅត្រជាក់កាន់តែខ្លាំង នាំឲ្យស៊ីថាមពលអគ្គិសនីកាន់តែច្រើន ធ្វើឲ្យកុងទ័រកើនគីឡូកាន់តែច្រើន ។
២.ម៉ាស៊ីនត្រជាក់ គឺជាបរិក្ខាអគ្គិសនី ដែលបំឡែងពីក្តៅទៅត្រជាក់ ពេលបរិយាកាសក្នុងបន្ទប់ក្រៅបន្ទប់ក្តៅកាន់តែខ្លាំង ពេលនោះម៉ាស៊ីនត្រជាក់ប្រឹងបំឡែងពីក្តៅទៅត្រជាក់កាន់តែខ្លាំងផងដែរ នាំឲ្យស៊ីថាមពល អគ្គិសនីកាន់តែច្រើន ធ្វើឲ្យកុងទ័រកើនគីឡូកាន់តែច្រើន ។

៣.កង្ហារ គឺជាបរិក្ខាអគ្គិសនីបក់ឲ្យមានខ្យល់ធ្វើឲ្យយើងត្រជាក់ បើសិនយើងបើកលេខវិលយឺត វាស៊ីថាមពលអស់តិច តែបើយើងបើកវិលលឿនវាស៊ីថាមពលអស់ច្រើន ខែក្តៅភាគច្រើនយើងបើកវិលលឿន នាំឲ្យវាស៊ីថាមពលអគ្គិសនីអស់ច្រើន កុងទ័រភ្លើងកើនគីឡូកាន់តែច្រើន ។

៤.ដោយសាឆ្នាំនេះមានបញ្ហា Covid-19 ប្រជាពលរដ្ឋភាគច្រើននៅផ្ទះ ធ្វើឲ្យការប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាមុន ។

ការបកស្រាយចំងល់នេះ នឹងអាចធ្វើអោយបងប្អូនមួយចំនួនអាចទទួលយកបាន ហើយក៏មួយចំនួនមិនអាចទទួលយក ដូច្នេះមេគង្គ ប៉ុស្តិ៍គ្រាន់តែផ្សព្វផ្សាយសាររបស់អគ្គិសនីកម្ពុជាជូនបងប្អូនប៉ុណ្ណោះ ៕

ឆ្នាំ២០២៥ កម្ពុជានឹងផ្គត់ផ្គង់ទឹកស្អាតអោយបានគ្រប់ទីប្រជុំជនទូទាំងប្រទេស

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី២៣ មេសា ២០២០នេះលោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជា មានស្ថាប័នផ្គត់ផ្គង់ទឹកស្អាតពីរធំៗ រួមមានរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ និងអង្គភាពរដ្ឋករទឹកខេត្តសៀមរាប ។ ក្រៅពីនេះដែរក៏មានអង្គភាពរដ្ឋករទឹករបស់រដ្ឋ១១ផ្សេងទៀត រួមជាមួយនឹងវិស័យឯកជនប្រមាណ២៦០អង្គភាពផងដែរ ។

លោកបន្តថា ក្រសួងក៏បានដាក់ផែនការរួចហើយផងដែរ ត្រឹមឆ្នាំ ២០២៣ ប្រជាពលរដ្ឋទាំងអស់ប្រមាណ៩០ភាគរយទទួលបានទឹកស្អាតប្រើប្រាស់ ហើយនៅឆ្នាំ ២០២៥ គឺ១០០ភាគរយនៃប្រជាជននៅទីប្រជុំមានទឹកស្អាតប្រើប្រាស់ និងមានគុណភាព ។

លោក បន្ថែមថា បច្ចុប្បន្ននេះបញ្ហាកង្វះទឹកបានចោទជាបញ្ហាធំមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែ សម្ពាធទឹកខ្សោយ ។ ការខ្សោយសម្ពាធទឹកនេះ គឺបណ្ដាលមកពីកំណើននៃអគារខ្ពស់ៗកាន់តែច្រើន ដោយអគារទាំងនោះត្រូវទាញទឹកយកទៅប្រើប្រាស់ក្នុងអគាររបស់ខ្លួនទាំងអគារដែលសាងសង់រួច និងអគារកំពុងសាងសង់ ។ ការទាញយកទឹកទៅប្រើប្រាស់របស់ពួកគាត់គឺធ្វើឡើងតាមរយៈការប្រើម៉ូទ័របូមឡើងដូច្នេះហើយ ទើបធ្វើអោយសម្ពាធទឹកក្នុងទុយោ កាន់តែខ្សោយនិងធ្វើអោយលំនៅឋាននៅតាមជាយរាជធានីភ្នំពេញ មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។

បើតាមលោក សោម សិទ្ធិប្រធាននាយកដ្ឋានទឹកស្អាតនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអោយដឹងថា បច្ចុប្បន្នរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញទាំងមូលផលិតទឹកបានតែប្រមាណ៦០ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ ខណៈការប្រើប្រាស់របស់ពលរដ្ឋដែលតពី រដ្ឋករទឹកភ្នំពេញ មានប្រមាណដល់ទៅជាង៧០ម៉ឺនម៉ែត្រគូប ទើបធ្វើអោយទីតាំងមួយចំនួននៅចុងបណ្ដាញមានសម្ពាធខ្សោយ ។

លោកបន្តថាការកាត់នូវតំបន់មួយចំនួនពីខេត្តជាប់រាជធានី ចូលក្នុងដែនរាជធានីភ្នំពេញ ធ្វើអោយតម្រូវការទឹកប្រើប្រាស់កាន់តែច្រើនឡើងថែមទៀត ។ ដើម្បីបង្គ្រប់នូវការប្រើប្រាស់ទឹកស្អាតរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញ រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ បានបន្ថែមផែនការមេ ដោយសាងសង់អាងពិពិធកម្មទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតបានប្រមាណ២០ម៉ឺនម៉ែត្រគូប ។ អាងពិពិធកម្មនេះ នឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ ២០២២ ។ជំហានបន្ទាប់រដ្ឋករទឹកក៏នឹងសាងសង់អាងពិពិធកម្មទឹកស្អាតមួយទៀត អាចផ្គត់ផ្គង់ទឹកបាន ២០ម៉ឺនម៉ែត្រគូប ដើម្បីត្រៀមទប់ទល់នឹងកំណើននៃការប្រើប្រាស់ ។ ក្រៅពីនេះ ជប៉ុនក៏បានជួយសាងសង់អាងពិពិធកម្មមួយទៀតនៅក្រុងតាខ្មៅ ដែលអាចផលិតបាន៣ម៉ឺនម៉ែត្រ ដូច្នេះនៅពេលរួចរាល់ហើយ កម្ពុជា នឹងមានទឹកសម្រាប់ផ្គត់ផ្គង់១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតដល់ឆ្នាំ ២០៣០ ៕