All posts by មេគង្គ ប៉ុស្តិ៍

លោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ផ្តល់អំណោយជួនពលរដ្ឋក្រីក្រខ្វះខាត២០គ្រួសារក្នុងឃុំចំនួនពីរ

ដោយប៉ៃនសុផល

ខេត្តកំពង់ចាម ៖​ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-19) នៅទូទាំងប្រទេសកម្ពុជា និងសកល លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃដឹកនាំដោយផ្ទាល់បានរៀបចំយុទ្ធនាការចែកអំណោយជួនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នំា២០២០នេះ លោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានដឹកនំាក្រុមការងារចុះចែកអំណោយជួនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតដែលជាអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមវេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំផ្តៅជុំចំនួន ១០គ្រួសារ។

សមាសភាពនៃការរួមមានលោកវរសេនីយ៍ឯកប្រាក់ សុគន្ធ អធិការស្រុកជេីងព្រៃ លោកខាត់ សុខនរួមជាមួយក្រុមការងារ លោកមេឃុំ លោកមេភូមិនឹងមន្ដ្រីក្រោមឱវាទ។

ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ៥កំប៉ុង ទឹកដោះគោខាប់ ៣កំប៉ុង សាប៊ូលាងដៃ ១ដុំ មី ១កេះ ទឹកស៊ីអ៉ីវ ២ដប ស្ករស ១គីឡូក្រាម និងថវិកាចំនួន ៤ម៉ឺនរៀល។

ដោយឡែកនាព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០២០នេះលោក អូត ឈាងលី អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃអមដំណេីរដោយលោកវរសេនីយ៍ឯកប្រាក់ សុគន្ធ អធិការស្រុកជេីងព្រៃ នឹងលោកខាត់ សុខនរួមជាមួយនឹងក្រុមការងារបាននាំយកអំណោយដ៍ថ្លៃថ្លារបស់ឯកឧត្តមវេង សាខុន ចែកជួនបងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតរស់នៅឃុំគោករវៀង ស្រុកជេីងព្រៃ ចំនួន11 គ្រួសារទៀត។

ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ៥កំប៉ុង ទឹកដោះគោខាប់ ៣កំប៉ុង សាប៊ូលាងដៃ ១ដុំ មី ១កេះ ទឹកស៊ីអ៉ីវ ២ដប ស្ករស ១គីឡូក្រាម និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ ។

ក្នុងឱកាសនោះដែរលោក អូត ឈាងលី ក៍ណែនាំបងប្អូនប្រជាពលរដ្ឋទាំពីរឃុំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-19នឹងវីធីការការពារជម្ងឺកូវីដ-19ដោយលាងដៃនឹងសាប៊ួ អាកុល ជែលអោយបានញឹកញាប់នឹងជៀសនៃការជួបជុំ៕

មានពលករខ្មែរជាង ៨ម៉ឺន ៥ពាន់នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា មកទល់ពេលនេះ យ៉ាងហោចណាស់ក៏មានពលករចំណាកស្រុកប្រមាណជាង ៨ម៉ឺន ៥ពាន់នាក់ បានវិលត្រឡប់មកកាន់កម្ពុជាវិញពីបណ្តាប្រទេសនានា ជាពិសេសពីប្រទេសថៃ ដោយសារវិបត្តិកូវីដ១៩ ហើយដែលពួកគេកំពុងស្ថិតនៅរាយប៉ាយតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជា ដែលពលករទាំង នោះមួយចំនួន គឺមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពខ្លួនឯងសម្រាប់រយៈពេលវែងបាននោះទេ ហើយ ជាទូទៅពួកគាត់តែងតែងចង់ត្រឡប់ទៅប្រទេសគេវិញ ដើម្បីធ្វើការងារ និងបានប្រាក់ចំណូល តែសម្រាប់ ស្ថានភាពបច្ចុប្បន្ននេះ យើងមិនអាចអនុញ្ញាតឱ្យពួកគាត់ចេញចូល ឬឆ្លងកាត់ព្រំដែនបានឡើយ ព្រោះថា ថៃ ក៏បានបិទព្រំដែន ហើយថៃក៏មានបញ្ហាកូវីដធ្ងន់ធ្ងរនៅឡើយ ជាពិសេសថៃបានដាក់ប្រទេសរបស់គេឱ្យ ស្ថិតក្នុងគ្រាអាសន្នថែមទៀតផង ដូច្នេះហើយកម្មករចំណាកស្រុករបស់យើងមិនទាន់អាចវិលត្រឡប់ទៅ វិញបានទេក្នុងពេលនេះឡើយ ដែលនេះគឺជាបញ្ហាដែលយើងត្រូវរួមគ្នារកដំណោះស្រាយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសនៃការដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតប ទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាលនៃជំងឺ កូវីដ១៩ នាទីស្តីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២២ មេសា ដែលមានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមទាំងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា បញ្ហាខាងលើ វាមិនមែនលំបាកសម្រាប់តែបង ប្អូនពលករចំណាកស្រុកដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញនោះទេ តែវាក៏ជាបញ្ហាសង្គមផង ដែរ ដែលនាំឱ្យរាជរដ្ឋាភិបាលបានចេញនូវវិធានការណ៍ និងគោលការណ៍ជាក់ស្តែងជាបន្តបន្ទាប់រួចមក ហើយដែរ ក្នុងនោះក្រសួងសុខាភិបាលគឺជាអ្នកនាំមុខក្នុងការទប់ស្កាត់ជំងឺនេះ។ ដោយឡែកក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ក៏បានចេញនូវសេចក្តីសម្រេចជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម មាន ន័យថា យន្តការនានាត្រូវបានរៀបចំឡើង និងបានដំណើរការមួយចំនួនធំរួចហើយ។

ដោយឡែកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្តីបារម្ភ ចំពោះជំងឺកូវីដ១៩ សម្រាប់ពិភពលោកទាំងមូលគឺគ្មានសញ្ញាអ្វីថា ថមថយនៅឡើយទេ ផ្ទុយទៅវិញយើង បារម្ភកាន់តែខ្លាំង ព្រោះវាកំពុងតែរាតត្បាតពាសពេញពិភពលោកទៅហើយ ហើយចំពោះបណ្តាប្រទេស ដែលមានពលករខ្មែរយើងទៅធ្វើការដូចជា ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសកូរ៉េខាងត្បូងជាដើម ក៏នៅពុំ មានសញ្ញាថមថយនៃការរាតត្បាតនៃជំងឺដ៏កាចសាហាវនេះនៅឡើយដែរ ដែលទន្ទឹមនឹងនេះចលនានៃការ វិលត្រឡប់របស់ពលរដ្ឋខ្មែរដែលជាពលករចំណាកស្រុកទាំងនោះមកកាន់គ្រួសារ និងសហគមន៍ ជាពិ សេស ការឆ្លងកាត់ព្រំដែននៅតែបន្តមានជារៀងរាល់ថ្ងៃដោយហេតុថា ពួកគាត់មិនអាចរស់នៅក្នុងប្រទេស គោលដៅទាំងនោះ ដោយគ្មានការងារ មុខរបរ និងគ្មានប្រាក់ចំណូលបានទេ ដែលពួកគាត់ទាំងនោះ បានព្យាយាមរកគ្រប់មធ្យោបាយដើម្បីបានវិលត្រឡប់មកផ្ទះវិញ បើទោះបីជាមានបំរាម ឬក៏វិធានការណ៍ បិទច្រកព្រំដែនយ៉ាងណាក៏ដោយ ដោយគិតមកទល់នឹងថ្ងៃទី២១ មេសា ម្សិលមិញ ពោលគឺរយៈពេល ត្រឹមតែ ១ខែក្រោយពីយើងប្រកាសបិទព្រំដែន គឺមានពលករចំណាកស្រុកត្រឡប់វិញប្រមាណជាង ៨ម៉ឹន ៥ពាន់នាក់ ហើយពួកគាត់ទាំងនោះកំពុងរស់នៅរាយប៉ាយនៅតាមបណ្តារាជធានី ខេត្ត ទូទាំងប្រទេស។

លោកជំទាវថា សម្រាប់ស្ថានពភាពបច្ចុប្បន្ន ប្រទេសគោលដៅ គឺមិនអំណោយពលសម្រាប់ពលករម្ចាស់ ស្រុក និងពលករចំណាកស្រុកដើម្បីរកប្រាក់ចំណូលឡើយ ដែលវាជាកត្តាជម្រុញឱ្យពលករចំណាកស្រុក ត្រូវតែបង្ខំចិត្តវិលមកស្រុកកំណើតវិញ ដែលការវិលត្រឡប់របស់ពួកគាត់យ៉ាងដូច្នេះ បានក្លាយជាបន្ទុក របស់គ្រួសារ ហើយព្រោះតែការអូសបន្លាយនៃជំងឺកូវីដ១៩នេះ នឹងអាចក្លាយទៅជារឿងអសន្តិសុខសង្គម ថែមទៀតផង៕

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមរយៈប្រព័ន្ធវីដេអូ នឹងចាប់ផ្តើមនៅថ្ងៃស្អែក

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងការបរទេស។

បើតាបរបៀបវារៈ កិច្ចប្រជុំដែលមានលោក ម៉ៃឃើល ផុមផេអូ រដ្ឋមន្ត្រីការបរទេសអាមេរិក ចូលរួមផងដែរនោះ នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹងការរីករាលដាលនៃជំងឺ COVID-19 ក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក៕

សូមកុំប្រើផលិតផលសម្រកទម្ងន់ Slim-Me ប្រយ័ត្នគ្រោះថ្នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការព្រមានចាត់វិធានការចំពោះ គណនីហ្វេសប៊ុកឈ្មោះ Tey Loner កំពុង ផ្សព្វផ្សាយលក់ផលិតផលសម្រកទម្ងន់ឈ្មោះ Slim-Me គ្មាន លេខបញ្ជិកាពីក្រសួងសុខាភិបាល ហើយបានផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិត។ ក្រសួងអំពាវនាវ ឲ្យពលរដ្ឋបញ្ឈប់ការទិញផលិតផលនេះ ព្រោះអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចបណ្តាលឲ្យស្លាប់ ដោយសារការគាំងបេះដូង និងដាច់សរសៃឈាម៕

ច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានទៅដល់ដៃក្រុមប្រឹក្សាធម្មនុញ្ញហើយ

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានទៅដល់ដៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហើយ។ នៅព្រឹកថ្ងៃទី ២២ មេសា នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តមមកើត រិទ្ធ បានអញ្ជើញទៅការពារច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនិងធ្វើការពិនិត្យថាតើសេចក្តីព្រាងច្បាប់នេះរំលោភទៅលើរដ្ឋធម្មនុញ្ញ ឬក៏យ៉ាងណា។

​លោក ជិន ម៉ាលីន បញ្ជាក់ថា មិនមែនច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការហើយភ្លាម នឹងត្រូវដាក់ប្រទេសក្នុងគ្រា អាសន្ននោះទេ។ ប្រទេសកម្ពុជា មិនទាន់ស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ ឡើងនឹងត្រូវដាក់ឲ្យអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននោះឡើយ៕

ក្រុមហ៊ុនសំណង់របស់កូរ៉េឈ្នះការដេញថ្លៃសាងសង់គម្រោងផ្សារទំនើបធំមួយនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនសំណង់ហ៊ីយ៉ាន់ដាយរបស់កូរ៉េ បានឈ្នះនូវការដេញថ្លៃសាងសង់គម្រោងផ្សារទំនើបអ៊ីអនទី៣ នៅកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ១៦៤លានដុល្លារអាមេរិក ។ នេះ បើតាមការចុះផ្សាយរបស់គេហទំព័រកូរ៉េមួយកាលពីថ្ងៃទី២២មេសា ២០២០នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ បានអោយដឹងថា ក្រុមហ៊ុនវិស្វកម្មហ៊ីយ៉ាន់ដាយ បានឈ្នះនូវការដេញថ្លៃសាងសង់គម្រោងផ្សារទំនើបរបស់ជប៉ុនអ៊ីអនម៉លនៅកម្ពុជា ហើយក៏ត្រូវបានចាត់ទុកជាគម្រោងធំមួយសម្រាប់គម្រោងផ្សារទំនើបនានានៅក្នុងប្រទេសកម្ពុជាផងដែរ ។ គម្រោងនេះ នឹងត្រូវសាងសង់មានកំពស់៥ជាន់ជាមជ្ឈមណ្ឌលផ្សារទំនើប និងចំណតធំទូលាយ មានទីតាំងនៅជាយរាជធានីភ្នំពេញ ។

សេចក្តីប្រកាសដដែលនេះ បានអោយដឹងថា គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ប្រមាណ២៧ខែគិតចាប់តាំងពីពេលបើកការដ្ឋានរហូតដល់បញ្ចប់គម្រោងទាំងមូល ។

គួររំលឹកផងដែរថា ផ្សារទំនើបអ៊ីអនម៉ល ត្រូវបានសាងសង់និងកំពុងដំណើរការពីរគម្រោងរួចហើយ ក្នុងនោះមានអ៊ីនអនម៉លភ្នំពេញ មានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញ ទី២ ផ្សារទំនើបអ៊ីនអនម៉លសែនសុខ មានទីតាំងនៅភាគខាងលិចឈៀងខាងជើងរាជធានីភ្នំពេញ និងមួយគម្រោងទៀតនោះ នឹងចាប់ផ្ដើមសាងសង់នៅពេលឆាប់ៗ ដោយក្រុមហ៊ុនរបស់កូរ៉េ ។ ចំពោះក្រុមហ៊ុនសាងសង់ផ្សារទំនើបអ៊ីអនម៉លនេះ ក៏មានបទពិសោធន៍សាងសង់នូវគម្រោងសំណង់ជាច្រើន ក្នុងនោះក៏មានអគារធនាគារអេស៊ីលីដា អគារភ្នំពេញថៃរើរ៍ ជាដើម ៕

កងទ័ពចិន-កម្ពុជា ដែល​ចូលរួមលំហាត់សមយុទ្ធនាគមាស ពុំមានជំងឺកូវីដ-១៩នោះទេក្រោយធ្វើតេស្ត

ភ្នំពេញ ៖ កងទ័ពរំដោះប្រជាជនចិនដែលមកចូលរួមលំហាត់សមយុទ្ធនាគមាស បានធ្វើដំណើរដល់ប្រទេសចិនចំនួន ២០ថ្ងៃហើយ និងបានប្រកាសថា កងទ័ពទាំងអស់ដែលបានធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ គឺពុំមានជំងឺកូវីដ-១៩នោះទេ។ ចំណែកភាគីកងទ័ពកម្ពុជា ពិសេសកងកម្លាំងនៃកងពលតូចលេខ៧០ ក៏មិនមានអ្នកណាម្នាក់ឆ្លងវីរុសនេះដែរ ក្នុងពេលធ្វើសមយុទ្ធរួមគ្នា។ ការប្រកាសនេះ គឺក្រោយពេលនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ និងធ្វើតេស្តចំនួន៦ថ្ងៃមកហើយ។

សូមជម្រាបថា ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នានោះ កងពលតូចលេខ៧០ បានចាត់វិធានការយ៉ាងតឹងរឹងក្នុងការចេញចូលបរិវេណទីតាំងទាំង២ គឺសាលាហ្វឹកហ្វឺនតេជោសែនជុំគិរីរបស់កងពលតូច លេខ៧០ និងបញ្ជាការដ្ឋានកងពលនៅភ្នំពេញ ពិសេសគឺការបាញ់ថ្នាំសម្លាប់មេរោគ តាម គោល ដៅ ដែលថ្នាំមួយចំនួនគឺទទួលបានពីខាងភាគីចិន និងបានអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ក្នុងការបង្ការជំងឺកូវីដ-១៩ នេះ។

បើតាមភាគីមិត្តចិនបានបញ្ជាក់ថា លទ្ធផលដែលបង្ហាញអំពីការមិនឆ្លងជំងឺរវាងកង ទ័ពនៃប្រទេសទាំង២នេះ គឺជាជោគជ័យមួយដ៏ធំធេង ពោលគឺមិនត្រឹមតែជោគជ័យលើការហ្វឹកហាត់ជំនាញប្រឆាំងអំពើភេវរកម្មរួមគ្នានោះទេ ប៉ុន្តែក៏ជាជោគជ័យនៃការការពារ និងថែទាំសុខភាពជាមួយគ្នាបានយ៉ាងល្អ ក្នុងនាមជាមិត្តផងដែរ ដោយក្នុងនោះមានកងពលតូចលេខ៧០ ជាអ្នកទទួលធានាការពារការពារក្នុងទីលានសមយុទ្ធនៅសាលាតេជោសែនជុំគិរី និងនៅបញ្ជាការដ្ឋានកងពលនៅភ្នំពេញ។

គួរបញ្ជាក់ថា តាមការចង្អុលបង្ហាញពីសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងអន្តរជាតិ កម្ពុជាបានប្រតិបត្តិយ៉ាងតឹងរ៉ឹងនូវវិធានការសុវត្ថិភាពដើម្បីការពារសុខភាពបងប្អូនកងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបាននូវការមិនឆ្លងជំងឺរាតត្បាតកូវីដ – ១៩ នេះ ខណៈដែលប្រទេស កម្ពុជា និងចិន ក៏ដូចជាបណ្ដាប្រទេសជាច្រើននៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ៕

 

 

សម្ដេច​ ស ខេង សម្រេច​ផ្អាក​ការងារ​ស្នងការរង​នគរបាល​ខេត្តកណ្ដាល

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​សម្រេចផ្អាកការងារបណ្ដោះអាសន្នចំពោះលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងបានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិករៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី។ នេះបើយោងតាមប្រកាសចុះថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០នេះ។

សូមជម្រាបថា លោកម៉ៅ ភិរុណ អតីតអភិបាលខេត្តកណ្តាល ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានបញ្ជាអោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ធ្វើយ៉ាងណាដកតំណែងលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងខេត្តកណ្តាលឲ្យទាល់តែបាន ព្រោះហ៊ានយកឈ្មោះរបស់លោកបញ្ជាចៅសង្កាត់រកាខ្ពស់ឲ្យកាត់ដីរដ្ឋជាង៤០ហិកតា។

លោក ម៉ៅ ភិរុណ បានបញ្ជាចំពោះមុខលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងកណ្តាលចំណោម មនុស្សជាង៧០០នាក់ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកណ្ដាល៕

 

 

ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅ​ប្រទេស​អ៊ីរ៉ង់កើនដល់ ​៥,២៩៧​នាក់​

តេ​ហេ​រ៉ង់​៖ ប្រទេស​អ៊ីរ៉ងបាន​រាយការណ៍​ពី​ចំនួន​មនុស្ស​ស្លាប់ ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 បាន​កើន​ឡើងដល់ ៥,២៩៧​នាក់​ហើយ ក្នុងចំណោម​ករណី​ឆ្លង​សរុប​ចំនួន ៨៤,៨០២​ករណី។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ។​

​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​អ៊ីរ៉ង់​មាន​សភាព​ធ្ងន់ធ្ងរ និង​កើន​លើស​ប្រទេស​ចិន​ក៏ពិតមែន ប៉ុន្តែ​ចំនួន​អ្នកជា​សះស្បើយ​ឡើងវិញ ក៏មាន​ចំនួន​ច្រើន​រហូតដល់ ៦០,៩៦៥​នាក់​នៅពេលនេះ​។ ដោយឡែក​អ្នកជំងឺ ៣,៣៥៧​នាក់​កំពុង​ស្ថិតក្នុង​អកា​រៈ​ធ្ងន់ធ្ងរ​៕

 

ក្នុងរយៈពេល២៤ម៉ោង អាមេរិកមានអ្នកជំងឺ COVID-19 ស្លាប់ ២,៧៥១នាក់

ញូយ៉ក ៖ ក្នុងរយៈពេល ២៤ម៉ោងអ្នកជំងឺសរុប ២,៧៥១នាក់ទៀតបានបាត់បង់ជីវិត ដែលនាំឲ្យចំនួនមនុស្សស្លាប់ ដោយសារតែជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៤,៨៤៥នាក់។ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាសាស្ត្រអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins University) ដែលដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ។

ប្រភពដដែលបានបង្ហាញឲ្យឃើញទៀតថា នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ (គិតត្រឹមម៉ោង ៨៖០០នាទីយប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៩,៤៦៩ករណីថ្មីទៀត ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ៨២៣,៧៨៦ករណី។

បើពិនិត្យមើលទៅលើតួលេខមនុស្សស្លាប់ ដែលត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារនោះ គឺវាច្រើនជាងជិត ២ដង បើធៀបនឹងតួលេខមួយថ្ងៃមុនទៀត ដោយកាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានរាយការណ៍ថា មនុស្សសរុប ១,៤៣៣នាក់បានស្លាប់ ក្នុងពេលតែ ២៤ម៉ោងដោយសារជំងឺ COVID-19 ដ៏កាចសាហាវ៕

 

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដមានសរុបចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលប ទទួលបានមុននេះបន្តិច៕

 

សឹង្ហ​បុរី បន្ត​អនុវត្ត​វិធាន​ការបិទ​ប្រទេស​មួយផ្នែក​រហូតដល់​ថ្ងៃទី​១​ខែមិថុនា​

សឹង្ហ​បុរី ៖ នាយករដ្ឋមន្ត្រី​សឹង្ហ​បុរី​លោក Lee Hsien Loong បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ប្រទេស​សិង្ហ​បុរី​នឹង​បន្ត​អនុវត្ត​វិធានការ បិទ​ប្រទេស​មួយផ្នែក រហូតដល់​ថ្ងៃទី​១ ខែមិថុនា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត COVID-19​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​មួយ​ទៅកាន់​ប្រទេសជាតិ​លោក Lee បាន​និយាយថា​វិធាន​ការបិទ​ប្រទេស​មួយផ្នែក ក្នុងនោះ​រួមមាន​ទាំង​ការរក្សា​គម្លាត​សុវត្ថិភាព​, ការបិទ​កន្លែង​ការងារ​មួយចំនួន និង​សាលារៀន ក្នុង​គោលបំណង​គឺ​ដើម្បី​កាត់បន្ថយ​ចំនួន​ករណី​ឆ្លង COVID-19​នៅក្នុង​សហគមន៍​។ លោក​លី​បាន​មានប្រសាសន៍ថា​“ ដើម្បី​សម្រេចបាន​នូវ​គោលបំណង​ទាំងនេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វិ​រុស​ដ៏​កាច​សាហាវ​នេះ​និង​បន្ត​ទៅមុខទៀត​ជាមួយនឹង​វិធាន​របស់​រដ្ឋាភិបាល​” ។​

​សូមជម្រាបថា គិត​ព្រឹក​នេះ​សិង្ហ​បុរី​មាន​អ្នក​ឆ្លង COVID-19 សរុប ៩,១២៥​នាក់ បន្ទាប់ពី​ករណី​ឆ្លង​ថ្មី​ចំនួន ១,១១១​នាក់ ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ ខណៈ​មនុស្ស​ស្លាប់មាន​១១​នាក់ និង​ជាសះស្បើយ ៨០១​នាក់​៕

 

រដ្ឋបាលរាជធានីភ្នំពេញ ទទួលសម្ភារប្រយុទ្ធប្រឆាំងជំងឺ COVID-19 ពីក្រុងសៀងហៃ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានទទួលអំណោយជាសម្ភារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ពីក្រុងសៀងហៃ ប្រទេសចិន ខណៈដែលជំងឺនេះ បាននិងកំពុងវាយលុកយ៉ាងខ្លាំង នៅលើពិភពលោក ហើយក្នុងនោះប្រទេសកម្ពុជា ក៏កំពុងប្រឈមដែរនោះ។

ពិធីនេះ ត្រូវបានឡើងនារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ អំណោយជាសម្ភារបរិក្ខាររួមមាន ម៉ាស់ N95 ចំនួន ៣,០០០ម៉ាស់, ម៉ាស់វេជ្ជសាស្ត្រ ចំនួន២០,០០០ម៉ាស់ និងសម្លៀកបំពាក់ការពារមេរោគ ចំនួន៥០០ឈុត។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រទេសចិនដែលតែងតែជួយកម្ពុជា ពិសេសក្នុងកាលៈទេសៈនេះ បើទោះបីថានៅក្នុងប្រទេសចិនបាននិងកំពុងប្រឈមនឹងបញ្ហាការឆ្លងរីករាលដាលជំងឺ COVID-19 ក៏ដោយប៉ុន្តែចិននៅតែបន្តជួយមកកម្ពុជា ដោយបានបញ្ជូននូវគ្រឿងបរិក្ខារ ដើម្បីការពារទប់ស្កាត់នូវជំងឺនេះមកកម្ពុជាដែរ នេះគឺជាមិត្តដ៏ល្អបំផុត ដែលជួយគ្នាក្នុងគ្រាក្រ។

លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ COVID-19 នេះ ដោយត្រូវការពារខ្លួនឲ្យបានល្អប្រសើរទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺកុំភ័យខ្លាំងពេក និងកុំហ៊ានខ្លាំងពេក បន្តធ្វើអនាម័យឲ្យបានជាប់ជាប្រចាំពិសេស លាងដៃជាប្រចាំ ពាក់ម៉ាស់ការពារ ជៀសអោយបានការជួបជុំប្រមូលផ្តុំគ្នាជាដើម។

លោក វ៉ាង វិនធាន ក្នុងឱកាសនោះផងដែរ បានលើកឡើងថា ប្រទេសចិននឹងចូលរួមជាមួយកម្ពុជា ដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ។ ប្រទេសចិន គាំទ្រ និងជួយកម្ពុជាជានិច្ចការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ដោយកន្លងមកយើងបានបញ្ជូននូវគ្រឿងបរិក្ខាជាមួយនឹងពេទ្យជំនាញមកជួយកម្ពុជា ហើយចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជាត្រូវការឲ្យប្រទេសចិនជួយនោះ។

លោកបានបញ្ជាក់ថា នៅគ្រាដែលប្រទេសចិនកំពុងប្រយុទ្ឋប្រឆាំងជំងឺ គឺព្រះរាជាណាចក្រកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹងដល់ប្រទេសចិន ដូច្នេះយើងពិតជាដឹងគុណដល់ប្រទេសកម្ពុជា។ ឥឡូវប្រទេសកម្ពុជាក៏កំពុងប្រយុទ្ធប្រឆាំង COVID-19 យើងផ្តល់ការគាំទ្រយ៉ាងអស់ពីលទ្ធភាព ដើម្បីជួយដល់ប្រទសកម្ពុជា ក្នុងការប្រយុទ្ឋប្រឆាំង COVID-19 ដែលជាសត្រូវរបស់ពិភពលោកនេះ។

គួរបញ្ជាក់ផងដែរថា ទីក្រុងសៀងហៃ នៃប្រទេសចិន បានមានទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ជាមួយរាជធានីភ្នំពេញជាយូរមកហើយ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៨ ដែលមកដល់ពេលនេះ មានអាយុកាលជាង១០ឆ្នាំហើយ៕

 

សន្និសីទកាសែតស្ដីពី “ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន” នឹងធ្វើនៅថ្ងៃស្អែក

ភ្នំពេញ ៖ នៅថ្ងៃទី២២​ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៣០​នាទីនេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​នូវ​សន្និសីទ​សារព័ត៌មាន​ស្ដ​ពី “​ការគ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​” នៅ​ជាន់​ផ្ទាល់​ដី ធ្វើនៅសាលប្រជុំ​ B នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។

សេចក្ដីជូនដំណឹង​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ បានបញ្ជាក់ថា ​សន្និសីទ​នេះ មានវាគ្មិន​គឺ​លោក​ ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​។ សសន្និសីទនេះមានគោលបំណ ដើម្បី​បង្ហាញជូន​សាធារណជន​ឲ្យបាន​យល់ច្បាស់ ពី​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​សន្តិសុខ​ជាតិ និង​សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិ​សា្ថន​ផងដែរ​៕

ក្រុមជំនាញសុខភាពសត្វអន្តរជាតិ ព្រមានពីគ្រោះថ្នាក់ដោយសារបរិភោគសាច់ឆ្កែ និងឆ្មា

ភ្នំពេញ ៖ នៅកម្ពុជាក្នុងមួយឆ្នាំៗ មានសត្វឆ្កែរហូតដល់ទៅ ៣លានក្បាល ត្រូវបានប៉ាន់ស្មានថា ត្រូវបានសម្លាប់ ហើយការជួញដូរសាច់ឆ្កែ និងឆ្មានេះ គឺជាកត្តាចម្បងមួយបណ្តាលឱ្យមានហានិភ័យខ្ពស់ នៃជំងឺជាច្រើននៅកម្ពុជា រួមទាំងជំងឺឆ្កែឆ្កួតផងដែរ។

វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជា ពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថាប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការ FOUR PAWS បានលើកឡើងក្នុងសេចក្តីប្រកាសព័តមាន នៅរសៀលថ្ងៃទី ២១ មេសា ឆ្នាំ២០២០នេះថា ខណៈដែលការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលអាចកើតចេញពីទីផ្សារលក់សត្វរស់ វាសំខាន់ណាស់ និងត្រូវចងចាំថា ទីផ្សារលក់សត្វរស់ ដែលលក់សត្វឆ្កែ នៅតែបើកដំណើរការយ៉ាងសកម្មនៅកម្ពុជានៅឡើយ ហើយនេះជារឿងមួយយ៉ាងសំខាន់ ដែលយើងត្រូវចូលរួមដោះស្រាយដើម្បីទប់ស្កាត់ឱកាសនៃការផ្ទុះឡើងនូវជំងឺកាចសាហាវណាមួយផ្សេងទៀត។ លោកស្រីបន្តទៀតថា ចំពោះអ្នកបរិភោគសាច់ឆ្កែនិងឆ្មា អាចទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺអាសន្នរោគ ដែលបណ្ដាលមកពី ពពួកបាក់តេរី វីប៊្រីយ៉ូ កូឡេរ៉ា និង ជំងឺទ្រីឈីនែឡាដែលជាជំងឺប៉ារ៉ាស៊ីតក្នុងចំណីអាហារដែលចម្អិនមិនបានល្អ។

លោកស្រីវេជ្ជបណ្ឌិតបន្តថា តាមការស្រាវជ្រាវបានបង្ហាញថា សត្វឆ្កែរាប់សែនក្បាលត្រូវបានដឹកជញ្ជូនពីទីក្រុង បណ្ដាខេត្តនានា និងតំបន់ព្រំដែនទូទាំងកម្ពុជារៀងរាល់ខែ ដើម្បីបំពេញតម្រូវការអ្នកបរិភោគ។ ក្នុងនោះ ខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ គឺជាកន្លែងពេញនិយមបំផុតសម្រាប់ផ្គត់ផ្គង់សាច់ឆ្កែ។ ហើយស្រុកប៉ោយប៉ែតត្រូវបានគេចាត់ទុកថាជាប្រភពផ្គត់ផ្គង់សាច់ឆ្កែធំជាងគេសម្រាប់ហាងនានាក្នុងខេត្តសៀមរាបផងដែរ។

ទាក់ទិននិងអាជីវកម្មរីកដុះដាល ទោះបីក្នុងកំឡុងពេលមានជំងឺរាតត្បាត អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ៧០% នៃភ្នាក់ងារបង្កជំងឺដែលបង្កឱ្យមានជំងឺទូទាំងពិភពលោក ត្រូវបានរកឃើញក្នុងរយៈពេល៥០ឆ្នាំកន្លងមក គឺកើតចេញពីសត្វ ហើយកូវីដ១៩ ក៏មិនខុសគ្នាដែរ។ ទោះបីជាមានហានិភ័យសុខភាពសាធារណៈក៏ដោយ ការជួញដូរសត្វ ហើយនិងម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែនិងឆ្មាជាច្រើន បានរាយការណ៍ថា អាជីវកម្មនេះពិតជាមានការកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត។

អ្នកជំនាញខាងលើបញ្ជាក់ថា អ្នកដែលហូបសាច់ឆ្កែ និងអ្នកពាក់ព័ន្ធ នឹងការជួញដូរនេះ ក៏អាចប្រឈមនឹងជំងឺ អានត្រាក់ ជំងឺ ប៊្រុយសែសឡូស៊ីស ជំងឺរលាកថ្លើម និងជំងឺ ឡិបតូស្ដីរ៉ូស៊ីស ដែលជំងឺទាំងនេះ បង្កដោយមេរោគសាហាវ រួមមាន អ៊ីកូលី ១០៧ និង សាលម៉ូណេឡា ដែលភាគច្រើនត្រូវបានគេរកឃើញនៅក្នុងសាច់កខ្វក់។ មួយវិញទៀត អ្នកដែលទទួលទានសាច់ឆ្កែ ក៏អាចទទួលរងនូវផលប៉ះពាល់ ដោយសារធាតុពុលដូចជាសារធាតុ ប៉ូតាស្យូមស៊ីយានីត ស្ទ្រិចនីន និង ថ្នាំបន្ទន់សាច់ដុំ ស៊ូហ្សេមេថូនៀម ដែលត្រូវបានគេប្រើ ដើម្បីបំពុល និងចាប់សត្វឆ្កែ៕