All posts by មេគង្គ ប៉ុស្តិ៍

ប្រេ​ស៊ី​ល​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន​១៣,៩៤៤​នាក់​ក្នុង​១​ថ្ងៃ​

ប្រេ​ស៊ី​ល ​៖ យោងតាម​ទិន្នន័យ​ចុងក្រោយបង្អស់ ស្តីអំពី​ស្ថានការណ៍ COVID-19 នៅក្នុង​ប្រទេស​បានបង្ហាញ​ឲ្យ​ដឹងថា ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​សរុប ២០២,៩១៨​ករណី បន្ទាប់ពី​ក្រសួងសុខាភិបាល​បានប្រកាសថា ក្នុង​រយៈពេល​ត្រឹម ២៤​ម៉ោង​កន្លងមកនេះ ខ្លួន​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ១៣,៩៤៤​ករណី ដែលជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​ពុំ​ធ្លាប់មាន​។​

​ជាមួយគ្នា​នោះ​ដែល​អាជ្ញាធរ​បានបញ្ជាក់​ថា អ្នកជំងឺ​សរុប​ចំនួន ១៣,៩៩៣​នាក់ បាន​បាត់​បង់ជីវិត​នៅ​ទូទាំងប្រទេស បន្ទាប់ពី​មាន ករណី​ស្លាប់​ចំនួន ៨៨៤​នាក់​បន្ថែមទៀត​។ ទោះបែបនេះក្ដី ប្រធានាធិបតីប្រេស៊ីលលោក ​Jair Bolsonaro​ បែរជាបានជំរុញឲ្យថ្នាក់ដឹកនាំអាជីវកម្មធំៗ ដកបទបញ្ជារឹតត្បិតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុសៅប៉ូឡូវិញ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិ៕

IOC ៖ ការពន្យារពេល​កីឡា​អូឡាំពិក​នៅ​តូ​ក្យូ​ ខាត​ថវិកា​អស់​ប្រមាណ ៨០០​លាន​ដុល្លារ

គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ​(IOC) លោក Thomas Bach រំពឹងថា នឹងត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ ៨០០​លាន​ដុល្លារ​សម្រាប់​ការរៀបចំ​របស់​ស្ថាប័ន​មួយ​នេះ​ក្នុងការ​ពន្យារពេល​ព្រឹត្តិការណ៍​ប្រកួត​កីឡារ​អូឡាំពិក​ឆ្នាំ ២០២០ ទីក្រុង​តូ​ក្យូ ដែល​ត្រូវ​ទៅធ្វើ​នៅ​ឆ្នាំក្រោយ​វិញ​។​

​កាលពី​ខែមីនា​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ​និង​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ចិត្ត​ពន្យារ​ពេល​ព្រឹត្តិការណ៍​នេះ​ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ក្នុង​ខែកក្កដា​ឆ្នាំនេះ ដោយសារតែ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​

​លោក Bach បាន​ថ្លែង​នៅក្នុង​សន្និសីទ​មួយ​ក្រោយ​ចប់​ការប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ថា “​យើង​នឹងត្រូវ​រ៉ាប់រង​ចំណាយ​ប្រមាណ​៨០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​បន្ទុក​របស់​យើង​ក្នុងការ​ពន្យារពេល​ព្រឹត្តិការណ៍​មួយ​នេះ​”។ ​លោក​បាន​បញ្ជាក់ថា ​ទឹកប្រាក់​ចំនួន ៦៥០ លាន​ដុល្លារ​អាមេរិក​នឹងត្រូវ​រៀបចំឡើង​សម្រាប់​ព្រឹត្តិការណ៍​កីឡា​នៅ​ឆ្នាំក្រោយ​និង​១៥០ លាន​ដុល្លារ​ទៀត​ដើម្បី​គាំទ្រ​សហព័ន្ធ​អន្តរជាតិ​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​៕

 

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ និងពុំមានករណីជាសះស្បើយទេ

ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២១នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសល់តែម្នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលដែល ទទួលបានមុននេះបន្តិច៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៥លាននាក់ ស្លាប់ជាង ៣០ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃស្រុក ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៥២១,១៧៤ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣០៣,០៧០នាក់ និងជាសះស្បើយឡើងវិញ ១,៧០២,១១៣នាក់។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤៥៦,៧៤៥នាក់ ស្លាប់ចំនួន ៨៦,៩០០នាក់ និងជាសះស្បើយចំនួន ៣១៧,៩៨៨នាក់៕

 

UN ៖ COVID-19 កំពុងបង្កជាវិបត្តិសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ

ឡុងដ៍ ៖ អ្នកជំនាញសុខភាព អង្គការសហប្រជាជាតិបានព្រមានថា ជំងឺឆ្លងរាតត្បាត COVID-19 បាន និងកំពុងបង្កជាវិបត្តិសុខភាពផ្លូវចិត្តសកលធ្ងន់ធ្ងរ ខណៈមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ត្រូវបានឡោមព័ទ្ធដោយព័ត៌មានពីមនុស្សស្លាប់, ករណីឆ្លង​, ត្រូវនៅដាច់ដោយឡែកពីគេ, ភាពក្រីក្រ និងអារម្មណ៍ស្មុគស្មាញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

លោកស្រី Devora Kestel ជានាយកផ្នែកសុខភាពផ្លូវចិត្តនៃអង្គការសុខភាពពិភពលោក (WHO) ធ្វើការព្រមានបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មាន មួយនៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រី Kestel បានគូសបញ្ជាក់ដូច្នេះថា៖ «ភាពឯកោ, ការភ័យខ្លាច, ភាពមិនច្បាស់លាស់, ចលាចលសេដ្ឋកិច្ច សុទ្ធសឹងតែជាមូលហេតុ ឬអាចនឹងបង្កជាជំងឺផ្លូវចិត្ត»។ លោកស្រី បន្ថែមថា សុខភាពផ្លូវចិត្ត និងសុខមាលភាពនៃសង្គមទាំងមូល កំពុងរងផលប៉ះពាល់ យ៉ាងខ្លាំងដោយសារ COVID-19 ដែលតម្រូវឱ្យបណ្ដាប្រទេសទាំងអស់ត្រូវយកចិត្តទុកដាក់ជាអាទិភាពមួយ ដើម្បីដោះស្រាយ។

ក្រៅពីលោកស្រី Devora Kestel អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានអំពាវនាវផងដែរឱ្យបណ្ដាប្រទេសទាំងអស់ ទូទាំងពិភពលោក ធ្វើសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិសុខភាពផ្លូវចិត្ត ដែលបង្កឡើងដោយ COVID-19៕

 

ព្រឹកនេះគណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន

ភ្នំពេញ​ ៖ នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៨ និង​៣០​នាទី​ព្រឹក គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នឹង​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ដូចខាងក្រោម​៖

 

១- សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។​

២- សេចក្តីព្រាងច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​

៣- សេចក្តីព្រាងច្បាប់​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។​

៤-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​៖

៤.១- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ កិច្ច​ព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ម៉ាឡេស៊ី​។​

៤.២- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្ការ​គេចវេះ​ពន្ធ និង​ការចៀសវាង​ពន្ធ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​។​

៤.៣- សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​ទីក្រុង​ប៊ែ​ន​ស្តីពី​កិច្ចការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ​ឆ្នាំ​១៨៨៦ និង​វិសោធនកម្ម​ឆ្នាំ​១៩៧៩​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​មាន​ជំងឺ​កូ​វីដ​១៩ បានកើត​មាននៅ​ប្រទេស​កម្ពុជា​មក រាជរដ្ឋាភិបាល បានប្រកាស​​ផ្អាក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ហើយ​នៅថ្ងៃនេះ គឺជា​កិច្ចប្រជុំ​ដំបូង បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩​កម្ពុជា បាន​ធូរស្រាល​ស្ទើរតែ​ទាំងស្រុង ព្រោះ​នៅសល់តែ​អ្នកជំងឺ​ម្នាក់​គត់​កំពុង​សម្រាក​ព្យាបាល​៕

 

ថ្ងៃម្សិលមិញនគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស៧៦៥គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានរកឃើញយានយន្តល្មើស ចំនួន៧៦៥គ្រឿង ក្នុងនោះ មានម៉ូតូ៤៨២គ្រឿង និងរថយន្ត២៨៣ គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងមិនគោរពភ្លើងសញ្ញា។

បើសរុបយានយន្តល្មើសទាំងរយៈពេល១៤ថ្ងៃ (ថ្ងៃទី០១-១៤ ខែឧសភា) មានចំនួន២២,៨០៧រឿង ក្នុងនោះម៉ូតូចំនួន១៦,៦១៦គ្រឿង និងរថយន្ត៦,១៩១គ្រឿង។

សូមជម្រាបថា ដើម្បីផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់អំពីច្បាប់ចរាចរណ៍ ពិសេសការអនុវត្តន៍ការផាកពិន័យ ចំពោះការល្មើសច្បាប់ចរាចរណ៍ តាមអនុក្រឹត្យថ្មីនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការជាផ្លូវការ លេខទូស័ព្ទទាន់ហេតុការណ៍ ១១៧ ដែលមានមន្ត្រីប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ការទូរស័ព្ទសាកសួរអំពីចម្ងល់នានា ពាក់ព័ន្ធច្បាប់ចរាចរណ៍ទៅលេខ១១៧ គឺមិនមានការគិតប្រាក់ទេ សម្រាប់គ្រប់ប្រព័ន្ធទាំងអស់៕

 

ព្រះរាជជីវប្រវត្តិ ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី

ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រសូត្រ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ។ ព្រះអង្គ​ជា​រាជ​បុត្រា​របស់​ព្រះបាទ​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ។ ព្រះអង្គ​ ឡើង​គ្រង​រាជសម្បត្តិ នា​ថ្ងៃ​ទី២៩ ខែតុលា ឆ្នាំ​២០០៤។​

ខាងក្រោមនេះ ជា​ព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពរបស់​ព្រះអង្គ៖

១៩៥៩-១៩៦២ -សិក្សានៅសាលាបឋមសិក្សានរោត្តម វិទ្យាល័យដេកាត ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

១៩៦២-១៩៦៧ -សិក្សានៅសាលាបឋមសិក្សា និងមធ្យមសិក្សា នៅវិទ្យាល័យប្រាគ (ឆេកូស្លូវ៉ាគី)

១៩៦៧-១៩៧១ -សិក្សាផ្នែកសិល្បៈ របាំ-តូរ្យតន្រ្តី-ល្ខោន នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ

១៩៧០ -មធ្យមសិក្សាប័ត្រ នៅប្រាគ (និទ្ទេសល្អណាស់)

១៩៧១ -ជ័យលាភីលេខ១ ផ្នែករបាំបុរាណ នៅវិទ្យាស្ថានអភិរក្សជាតិប្រាគ

១៩៧១-១៩៧៥ -សិក្សានៅសកលវិទ្យាល័យ បណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ

១៩៧៥ -បរិញ្ញាប័ត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្រ្តី ប្រាគ

១៩៧៥ -ព្រះរាជនិពន្ធនិក្ខេបបទស្តីពីទស្សនៈ និងការគ្រប់គ្រងសាលាសិល្បៈនៅកម្ពុជា

១៩៧៥-១៩៧៦ -ឧត្តមសិក្សាខាងផ្នែកភាពយន្ត នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)

១៩៧៦-១៩៧៩ -ជាប់ក្រោមការឃុំឃាំង របស់ខ្មែរក្រហម ជាមួយព្រះវរាជបិតា និងព្រះវររាជមាតា និងព្រះអនុជ សម្តេច នរោត្តម នរិន្ទ្រៈពង្ស

១៩៧៩-១៩៨០ -ព្រះលេខាផ្ទាល់ ព្រះវររាជបិតា ក្នុងពេលព្រះអង្គគង់ប្រថាប់នៅសាធារណរដ្ឋប្រជាមានិតចិន

១៩៨១-២០០០ -សាស្ត្រាចារ្យផ្នែករបាំបុរាណ និងផ្នែកគរុកោសល្យសិល្បៈ នៅវិទ្យាស្ថានអភិរក្ស MARIUS PETIPA, GABRIEL FAURE និង W.A.MOZART នៅក្រុងប៉ារីស

១៩៨៤-១៩៨៨ -ប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង និងជាអគ្គនាយក និងជានាយកសិល្បៈនៃក្រុមរបាំបាលេ “DEVA” ។

១៩៨៨-១៩៩៣ -អគ្គនាយក និងជានាយកសិល្បៈ នៃសាជីវកម្មខេមរភូមិន្ទភាពយន្ត “ខេមរាភាពយន្ត” ។ ព្រះករុណា នរោត្តម សីហមុនី ទ្រង់បានបង្កើតស្នាព្រះហស្ថនូវខ្សែភាពយន្តរបាំបាលេចំនួនពីរ រឿង១.”សុបិន្ត” ២. “ ធាតុទាំង៤”។

១៩៩២-១៩៩៣ -ជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់នៃកម្ពុជា

១៩៩៣-២០០៤ -ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ

២០០៤ -សមាជិកក្រុមប្រឹក្សាជាន់ខ្ពស់នៃបណ្តាប្រទេសនិយាយភាសាបារាំង

ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ -ព្រះមហាក្សត្រប្រោសប្រទានដំឡើង​ព្រះគោរម្យងារជា សម្តេចក្រុមឃុន

ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០០៣ -ព្រះមហាក្សត្រប្រោសប្រទានតែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០០៤ -ព្រះមហាក្សត្រប្រោសប្រទានតម្លើងព្រះគោរម្យងារជា សម្តេចព្រះបរមនាថ

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ -ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី២៩ តុលា ២០០៤ – ឡើង​គ្រង​រាជសម្បត្តិ

ភាសា ៖

ក្រៅពីភាសាជាតិ​ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ចេះ​ភាសាឆេក បារាំង និងអង់គ្លេស​ យ៉ាង​ស្ទាត់ ជំនាញ៕

មិនសាមញ្ញទេ ! មន្ត្រីធម្មការប្រកាសចាត់ការព្រះសង្ឃ ឡុង ចន្ថា បើមិនគោរពកិច្ចសន្យា

ខេត្តតាកែវ ៖ អាជ្ញាធរមានសមត្ថកិច្ច ដឹកនាំដោយលោកប្រធានមន្ទីរធម្មការ នឹងចុះទៅវត្តភ្នំបូរី ក្នងស្រុកអង្គបូរី ដើម្បីធ្វើកំណត់ហេតុ និងឃាត់ខ្លួនព្រះតេជគុណ ឡុង ចន្ថា ប្រសិនបើមិនគោរពតាមការសន្យាគិតត្រឹមម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទ១៤ ខែឧសភា នេះ ។ នេះជាការបញ្ជាក់របស់លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ នៅរសៀលថ្ងៃទី១៤ ខែឧសភា នេះ។

គណៈកម្មធិកាអាច្យារវត្តភ្នំបូរី ស្រុកអង្គបូរី និយាយថា ព្រះសង្ឃ ឡុង ចន្ថា មិនបានគង់ក្នុងវត្តភ្នំបូរីនេះ ដើម្បីសឹកតបតាមការសរសេលាយលក្ខណ៍អក្សរដែលព្រះអង្គសរសេរផ្ទាល់ដៃ ថា នឹងសឹកនៅថ្ងៃទី១៤ ខែឧសភា នេះឡើយ ។

លោក សំរិទ្ធ ស៊ុន បានប្រាប់ថា ភិក្ខុ ឡុង ចន្ថា ត្រូវបានក្រុមគ្រួសារនាំចេញពីវត្តនេះ បីថ្ងៃកន្លងមកហើយ ប្រហែលជានាំទៅវត្តមួយដែលលោកបានបួសកាលពីនៅតូច នៅក្នុងស្រុកបូរីជលសារ។

សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនឯង បន្ទាប់ពីមានការបែកធ្លាយវីដេអូ ឆាតញ៉ែស្រីម្នាក់ ប្រើពាក្យលែបខាយក្នុងន័យស្នេហាតាម Facebook ។ ក្នុងកិច្ចសន្យាដែលបានធ្វើឡើងនៅវត្តតុំ ជាវត្តព្រះមេគណ មានទីតាំងនៅភូមិតុំ សង្កាត់រកាក្រៅ ស្រុកដូនកែវ បព្វជិត ឡុង ចន្ថា បានថ្លែងថា បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះ។

នៅថ្ងៃទី៤ ខែឧសភា សម្តេចសង្ឃ នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក បានស្នើឲ្យមេគណខេត្តតាកែវ និមន្តភិក្ខុ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុងរឿងអាស្រូវដែលផ្ទុះឡើងនេះ ។ ក្រោយឆ្លងកាត់ការដោះស្រាយជាមួយគ្នាព្រះសង្ឃ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យាពីការសុខចិត្តលាចាកសិក្ខាបទដោយខ្លួនឯង។

គួររំលឹកថា បព្វជិត ឡុង ចន្ថា ប្រាប់បណ្តាញសារព័ត៌មានកាលពីល្ងាចថ្ងៃទី៤ ខែឧសភា ថា ព្រះមេគណពុំបានបង្ខំឲ្យអាត្មាសឹកឡើយ តែជាការយល់ព្រមដោយអង្គឯង ។ កុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយអាត្មាសុខចិត្តសឹក ។

ទោះជាយ៉ាងនេះក្តី បើតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់បព្វជិត ឡុង ចន្ថា នៅថ្ងៃនេះ បានលើកឡើងថា លោកមិនទាន់អស់និស័យ្សនឹងព្រះទេ។បើតាមន័យនេះ លោកទំនងជាមិនព្រមសឹកតាមការសន្យានោះឡើយ ទើបបានជាមន្ត្រីធម្មការ និងអាជ្ញាធរមានសមត្ថកិច្ច នៅថ្ងៃទី១៤ ខែឧសភា នេះបានប្រកាសស្វែងបព្វជិត ឡុង ចន្ថា ដើម្បីអនុវត្តតាមការសន្យា។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីលោករដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវ កញ្ញារិទ្ធិ បានចេញសាររិះគន់តាម Facebook ទៅលើព្រះសង្ឃ ឡុង ចន្ថា ដែលគង់នៅវត្តមួយក្នុងខេត្តតាកែវ ថា ជា«ព្រះសង្ឃបំផ្លាញ» នៅយប់ថ្ងៃដដែលនោះ ព្រះសង្ឃ ឡុង ចន្ថា ដែលពូកែលេងសើចសំដីបែបអ្នកមានអាជីពកំប្លែង បានចេញ ឃ្លីបវិដេអូ តាម Facebook ដោយ សុំទោសចំពោះសាធារណជននូវកំហុសខុសឆ្គងរបស់ខ្លួន ដែលទេសនាកន្លងមក និងនាំអោយមានការរិះគន់៕

សម្តេច ស ខេង ប្រាប់​ឱ្យអភិបាល​ខេត្ត​ជាប់ព្រំដែនទប់ស្កាត់​ប្រជាពលរដ្ឋខ្មែរ កុំឱ្យ​ឆ្លងដែន​ដោយខុសច្បាប់​ចូលទៅប្រទេសជិតខាង

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ចេញលិខិតប្រាប់​ទៅបណ្តាអភិបាលខេត្តជាប់ព្រំដែន ឱ្យទប់ស្កាត់​ប្រជាពលរដ្ឋខ្មែរ កុំឱ្យ​ឆ្លងដែន​ដោយខុសច្បាប់​ចូលទៅប្រទេសជិតខាងតាមច្រក​របៀងនានា ខណៈ​ដែលប្រទេសជិតខាងទាំងនោះ កំពុង​ដាក់ប្រទេស​ក្នុងគ្រាអាសន្ន ដើម្បីបង្ការ ទប់ស្កាត់​ការរីករាល​នៃជំងឺកូវីដ១៩។

សម្តេចក្រឡាហោម បាន​ណែនាំ​ថា ក្នុងករណី​ដែលសមត្ថកិច្ច​នៃប្រទេសជិតខាង​ បាន​ចាប់ឃាត់​បងប្អូន​ប្រជាពលរដ្ឋខ្មែរដែល​បាន​ឆ្លងដែន​ដោយខុសច្បាប់​ចូលទៅប្រទេសជិតខាង​តាមច្រក​របៀង​នានា រដ្ឋបាលខេត្ត​ត្រូវ​ទំនាក់ទំនង និង​សម្របសម្រួលជាមួយ​សមត្ថកិច្ច​នៃប្រទេស​ជិតខាង ដែលមាន​ព្រំប្រទល់​ជាប់គ្នា​ឱ្យបានឆាប់ ដើម្បី​ស្នើឱ្យ​សមត្ថកិច្ចនៃប្រទេសជិតខាងចាត់បញ្ជូនពួកគាត់​វិលត្រឡប់​មកកម្ពុជាវិញ និង​យកចិត្ត​ទុកដាក់​ត្រួតពិនិត្យ​សុខភាព ការអនុវត្ត​វិធានការចត្តាឡីស័ក និង​ការដឹកជញ្ជូន​បងប្អូន​ទៅកាន់លំនៅឋាន​រៀងៗខ្លួន​ឱ្យបានសមស្រប។

សូមអានបន្ថែមខាងក្រោម៖

 

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបន្តទទួលបានមូលនិធិគាំទ្រ ទោះបីផ្អាកប្រារព្ធពិធីរំលឹកខួបលើកទី១៥៧

ខេត្តបន្ទាយមានជ័យ ៖ ថ្វីត្បិតតែផ្អាកប្រារព្ធពិធីមិទ្ទីញអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភាតែសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ អាចគៀងគររកមូលនិធិបាន១៧៩៥២ដុល្លានិង១១០០០បាតសម្រាប់តែមួយក្រុងក្នុងក្រុងប៉ោយប៉ែត នេះបើយោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យធ្វើឡើងនៅព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០នាក្រុងប៉ោយប៉ែត។

នៅក្នុងជំនួបសំណេះសំណាលជាមួយពាណិជ្ជករ អាជីវករ នៅក្រុងប៉ោយប៉ែត លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០នេះ សាខាកាកបាទក្រហមខេត្ត សម្រេចការផ្អាកប្រារព្ធមិទ្ទីញអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកាបាទក្រហម អឌ្ឍចន្ទក្រហម ០៨ឧសភា  ដើម្បីចូលរួមចំណែក ក្នុងការទប់ស្កាត់ការរាតត្បាតវីរ៉ុសកូរ៉ូណា កូវីដ១៩ ដែលកន្លងមកថ្មីៗនេះ សម្តេចតេ ជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា យើងរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺឆ្លងកូវីដ១៩ដោយផ្អាកអោយមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំ  ដែលផ្តល់ភាពងាយស្រួលក្នុងការចម្លងមេរោគផ្លូវដង្ហើយថ្មីកូរ៉ូណា កូវិដ១៩។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍បន្តថា បើទោះបីជាសាខាកាកបាទក្រហមខេត្ត មិនបានប្រារព្ធពិធីអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អវឌ្ឍចណ្ទក្រហម ក្នុងទ្រង់ទ្រាយធំក្តី តែក៏បានធ្វើការកោះអញ្ជើញ អស់លោក លោកស្រីដែលជាអាជីវករ ពាណិជ្ជករ ក្នុងក្រុងប៉ោយប៉ែត នាថ្ងៃនេះក្នុងន័យ គៀងគរកមូលនិធីនិងស្វាគមន៍ការចូលរួមបរិច្ចាគជាថវិកាដោយស្ម័គ្រចិត្ត ពីសំណាក់អស់លោក លោកស្រី ប្រកបដោយសន្តានចិត្តសប្បុរស ដើម្បីចូលរួមចំណែកជាកម្លាំងមនុស្សធម៌ ក្នុងការឆ្លើយតបដល់ជនរងគ្រោះនិងងាយរងគ្រោះដូចជា ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា  ជនក្រីក្រជម្ងឺរ៉ាំរ៉ៃ និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ។

លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ថវិកាដែលទទួលបានពីសប្បុរសជនដែលជាពាណិជ្ជករ អាជីវករ នាពេលនេះ សាខាកាកបាទក្រហមខេត្តនឹងយកទៅផ្តល់ដល់ជនរងគ្រោះនិងងាយរងគ្រោះឲ្យចំគោលដៅនិងមានប្រសិទ្ធភាព និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោក លោកស្រី ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនចូលរួមជាកម្លាំងមនុស្សធម៌ កាយវិកានិងសន្តានចិត្តទាំងនេះគឺពិតជាបានយកចិត្តទុកដាក់យ៉ាងសកម្មដោយស្មារតីមនុស្សធម៌ខ្ពស់។

គួរបញ្ជាក់ថា ថវិកាដែលទទួលបាននាពេលនេះ សរុបជាប្រាក់ខ្មែរចំនួន ២៣លាន ៨សែន ៩ម៉ឺនរៀល ប្រាក់អាមេរិក ចំនួន១ម៉ឺន១ពាន់ ៩រយ ៨០ ដុល្លារ ,ច្រាក់ថៃ១ម៉ឺន ១ពាន់បាត។ សរុបទាំង៤លើក ដេលសាខាកាកបាទក្រហមខេត្តធ្វើការកៀរគរមូលនិធីពីសប្បុរសជនក្នុងខេត្ត សរុបជាប្រាក់អាមេរិកចំនួន១០.០៩៨០ ដុល្លារ (១០ម៉ឺន ៩រយ ៨០ដុល្លារ )៕

តំបន់ប្រតិបត្តិការសឹករង និងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ដាក់កម្លាំងជួយរុះរើ សំណង់ពីការឆេះផ្ទះរបស់ពលរដ្ឋ

ខេត្តបន្ទាយមានជ័យ ៖ យោធាតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងយុវជនមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ បានចុះជួយរុះរើសំណល់ពីអគ្គិភ័យឆាបឆេះផ្ទះ និងរៀបចំទុកដាក់សំភារៈផ្សេងៗ ដើម្បីសម្រួលការលំបាករបស់ពលរដ្ឋរងគ្រោះ ។
កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្បន្ទាយមានជ័យ ដែលបានចុះជួយរុះរើ សំណល់ខាងលើនេះ ស្ថិតក្រោមការអន្តរាគមន៍ និងការសម្របសម្រួលពីលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជារងភូមិភាគ៥ និងការបញ្ជាផ្ទាល់ពីលោក ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ មានករណីអគ្គីភ័យឆាបឆេះផ្ទះ១ខ្នងរបស់លោក អេម ពៅ និងអ្នកស្រី ឈុន វណ្ណា ស្ថិតនៅចំណុចក្រោយផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានទទឹង៨ម៉ែត្រ និងបណ្តោយ២០ សង់អំពីឈើលើថ្មក្រោម បណ្តាលឲ្យខូចខាតអស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រមាណជា៩ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។
ឆ្លើយតបទៅនឹង ចុះជួយនេះលោក អេម ពៅ និងភរិយា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជឹម ប៊ុនអាន និងកម្លាំងអាវុធហត្ថ នគរបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរស្ថាប័នមួយចំនួន និងក្រុមយុវជនចលនាយុវជនកម្ពុជាក្រុម១៥៧ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាមិត្តភក្ត័ទាំងអស់ ដែលបានសួរសុខទុក្ខ តាំងពីពេលកើតហេតុរហូតមកទល់ពេលនេះ ៕

COVID-19 ៖ ១ថ្ងៃប៉ុណ្ណោះ ឥណ្ឌាមានអ្នកឆ្លងថ្មី៣,៧២២នាក់ និងស្លាប់១៣៤នាក់

ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌាបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះមានមនុស្ស១៣៤នាក់បានស្លាប់ និង៣,៧២២នាក់ទៀតឆ្លងជំងឺ COVID-19 តែក្នុងរយៈពេល០១ថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរឥណ្ឌាបានអះអាងថា បូកបញ្ចូលទិន្នន័យបន្ថែមខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ៧៨,០០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ២,៥៤៩នាក់។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះផងដែរថា ចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 បានកើនឡើងដល់ ២៦,២៣៥នាក់ និង ៤៩,២១៩នាក់កំពុងស្ថិតក្នុងការព្យាបាល។

សូមជម្រាបថា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភានេះគឺជាថ្ងៃទី ៥១ហើយ ដែលប្រទេសឥណ្ឌាអនុវត្តវិធានការបិទប្រទេស ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19។ វិធានការរឹតបន្តឹងមួយចំនួនត្រូវបានដករួចទៅហើយ នៅមុនការបិទបញ្ចប់វិធានការបិទប្រទេស ដែលត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ប៉ុន្មានថ្ងៃខាងមុខនេះក្នុងនោះមានដូចជា ការអនុញ្ញាតឲ្យខ្សែរថភ្លើងមួយចំនួនដំណើរការឡើងវិញ និងការធ្វើពាណិជ្ជកម្មខ្លះៗជាដើម៕

 

ស្នងការរាជធានីភ្នំពេញណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវតែមានការអត់ធ្មត់ខ្ពស់

ភ្នំពេញ ៖  លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ​ បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ។ លោកស្នងការ បានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះ នឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង។

លោកឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងដូច្នេះ កាលពី​ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ក្នុងពេល​អញ្ជើញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍ តាមបណ្តាអធិការខណ្ឌទាំង១៤ នៅភ្នំពេញ​ ដែលមានមន្ត្រីចូលរួម​សរុបចំនួន ៧២៨ នាក់ ( បែកចែកជា ៤ វេន ផ្សេងគ្នា ) ដើម្បីផ្សព្វផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

​លោកស្នងការ បានកោតសរសើរដល់កម្លាំងទាំងអស់ ដែលបានខិតខំទាំងយប់ថ្ងៃ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយ:ពេល ១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើន បានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍។ ល ។

​លោកស្នងការ ក៏បាន​បញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីទាំងអស់ ត្រូវតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ ( អាចនិយាយបានដោយប្រើកាស )។ បន្ថែមលើនេះលោកស្នងការ ក៏បានណែនាំដល់មន្ត្រីទាំងអស់ ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល​៕​​

 

ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​៣​នាក់​ទៀត​ក្នុងស្រុក​​

​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​បានទទួល​របាយការណ៍​នៃ​ករណី​ឆ្លង​កូ​វិដ​១៩​ថ្មី​ចំនួន ៣​ករណី​បន្ថែមទៀត ដែល​ត្រូវបាន​បញ្ជាក់​នៅលើ​ទឹកដី​ចិន​កាលពី​ថ្ងៃ​ពុធ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិន​ហួរ​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​ករណី​ឆ្លង​ថ្មី​ទាំង​៣​ខាងលើ​ត្រូវបាន​បញ្ជា​ក់ន​ទៅក្នុង​ស្រុក​ដោយ​២​រ​ករណី​នៅ​ខេត្ត Liaoning និង​១​ករណី​ទៀត​នៅ​ខេត្ត Jilin ។​

​ករណី​ឆ្លង​ថ្មីៗ​ទាំង​០៣​ករណី ដែល​បាន​រាយការណ៍​នៅថ្ងៃនេះ វា​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​ទាំងអស់ នៅ​ទូទាំងប្រទេស​ចិន​កើន​ដល់ ៨២,៩២៩​ករណី​ក្នុងនោះ​មនុស្ស ៤.៦៣៣ នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​សម្រាប់​រយៈពេល​ដូចគ្នានេះ​អាជ្ញាធរ​សុខាភិបាល​ចិន ក៏បាន​រកឃើញ​អ្នកជា​សះស្បើយ​ឡើងវិញ​ពី​ជំងឺ COVID-19 ចំនួន ០៦​នាក់​ផងដែរ ដែល​នាំ​ឲ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​នៅ​ទូទាំងប្រទេស​ចិន កើន​ដល់ ៧៨,១៩៥ ករណី​៕