All posts by មេគង្គ ប៉ុស្តិ៍

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៤.២លាននាក់ ស្លាប់ជិត២៩ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,២៥២,៣០៣ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៨៧,១៣៣នាក់ និងជាសះស្បើយឡើងវិញ ១,៥២៥,៨៨៨នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៨៥,៨១៣ នាក់ ស្លាប់ចំនួន ៨១,៧៩១នាក់ និងជាសះស្បើយចំនួន ២៦១,១៤១នាក់៕

 

ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,២២៩គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានរកឃើញ យានយន្តល្មើសចំនួន១,២២៩គ្រឿង ក្នុងនោះមានម៉ូតូ៨៩៤គ្រឿង និងរថយន្ត ៣៣៥គ្រឿង។ នេះបើតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បញ្ជាក់ថា សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្តភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងមិនគោរពភ្លើងសញ្ញា។

បើរបាយការណ៍ដដែលបង្ហាញថា សរុបយានយន្តល្មើសទាំងរយៈពេល ១១ថ្ងៃ (ថ្ងៃទី០១-១១ ខែឧសភា) មានចំនួន ១៩,៦៧៩រឿងក្នុងនោះម៉ូតូចំនួន១៤,៤៩៧គ្រឿង និងរថយន្ត៥,១៨២គ្រឿង៕

 

ឃាត់ខ្លួនបុរសម្នាក់ពីបទលួចទ្រព្យសម្បត្តិក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ អេ.អឹម.ខេ

ព្រះវិហារ ៖ កម្លាំងជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ​បាន បំបែក​សំណុំរឿងស្រាវជ្រាវឈានដល់ទៅបង្ក្រាប​និងចាប់ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធ​ករណីចោរកម្មលួចទ្រព្យសម្បត្តិ​ កាលពីថ្ងៃទី​១០ខែឧសភា​ឆ្នាំ២០២០​ ម្សិលមិញនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅវេលាម៉ោង១២ និង០៥នាទី នាព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០នេះ។

ជនសង្ស័យដេកស្នាក់នៅចំណុចផ្ទះសំណាក់ត្បូងពេជ្រ​ពីរ​ស្ថិតនៅភូមិអណ្ដូងពោធិ៍​ សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​ ខេត្តព្រះវិហារ​ បានមកធ្វេីសកម្មភាព របស់​ក្រុមហ៊ុនមី​ក្រូ​ហិរញ្ញវត្ថុ​ អេ.អឹម.ខេ
(​AMK)។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យ​ឈ្មោះ​ កៅ​ វ៉ាន់សុខ​ ភេទប្រុស​ អាយុ​២៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​(ធ្លាប់ជាបុគ្គលិកចាស់បានបញ្ឈប់នៅឆ្នាំ២០១៩)​ រស់នៅភូមិចំរេីន​ ឃុំច្រាច់​ ស្រុកជ័យសែន​ ខេត្តព្រះវិហារ។

បច្ចុប្បន្នសមត្ថកិច្ច​នគរបាលជំនាញកំពុងឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួមទាំងវត្ថុតាងដើម្បីកសាងសំណុំរឿង​បញ្ចូនទៅកាន់សាលាដំបូងខេត្ត​ចាត់ការ​តាម​និតិវិធី៕ កូវ ប៊ុនហេង

រថយន្ដបែនកាច់ចង្កូតបត់ក្បាលកៀបប៊ីដុងប្រេងក្រោយកាប៊ីនផ្ទុះឆេះនៅមុខមន្ទីរស្រុកបាធាយ

 

កំពង់​ចាម​ ÷ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០​ វេលាម៉ោង​ ១១និង២០​ នាទី​ លើ​បណ្តោយ​ផ្លូវជាតិលេខ៦ ចំណុចមុខមន្ទីរស្រុកបាធាយ ក្នុងភូមិបាធាយ​ ឃុំបាធាយ ស្រុកបាធាយ ខេត្ត​កំពង់ចាម​ មានកណីអគ្គិភ័យ​កើតឡើង ដោយរថយន្ត​មួយ​គ្រឿងម៉ាកហីណូបត់ក្បាលប៉ះនិងកាដុងប្រេង។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាណីអគ្គិភ័យ​កើតឡើង ដោយរថយន្ត​មួយ​គ្រឿងម៉ាកហីណូណ៍ស ពាក់ស្លាកលេខ កំពង់ចាម​ 3A​-8193បត់ក្បាលប៉ះនិងដុងប្រេង បើកបរដោយឈ្មោះ​ អ៊ុន សុផាត ភេទ​ ប្រុស អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅបច្ចុប្បន្ន ភូមិឬស្សីវាល​ ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើ បានវាក់និងកូនឡានក៏បង្អង់ល្បឿនបត់ឆ្វេង ហើយបានចាប់ហ្វាំងពេលនោះ សឺមីរឺម៉កក៏បានរុញបត់ក្បាលប៉ះនិងពីដុងប្រេងចំនួន​ ០៣​ កាន​ ដែលដាក់នៅខាងក្រោយកាប៊ីន បណ្តាលឲ្យធ្លាយឆេះតែម្តង​ ។

ក្រោយពេលកើតហេតុ បានហៅអ្នកបើកបរ មកសាកសួរត្រួតពិនិត្យ ។
ក្នុងហេតុការណ៍នេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ប្រើប្រាស់ទឹកអស់ចំនួន ០៣​ រថយន្ត ៕ ដោយ ៖ ប៉ែន សុផល

(Video)អភិបាលរងខេត្តព្រះវិហារ ស្នើពលរដ្ឋដែលមានបញ្ហារឿងដីធ្លីចូលអោយកៀកជាមួយថ្នាក់ដឹកនាំ

ខេត្តព្រះវិហារ​ ៖ នៅក្នុងកិច្ចជំនួបពិភាក្សារកដំណោះស្រាយបញ្ហាដីធ្លីជាមួយតំណាងប្រជាពលរដ្ឋនៅភូមិពោធិទាប ឃុំម្លូរព្រៃ១ស្រុកឆែបនាព្រឹកថ្ងៃទី១១ខែឩសភាឆ្នាំ២០២០នេះលោកអ៊ុង វុទ្ធីអភិបាលរងខេត្តព្រះវិហារតំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារបានលើកឡើងថាក្នុងនាមលោកដែលជាថ្នាក់ដឹកនាំដែលប្រសូត្រចេញពីប្រជាពលរដ្ឋលោកចង់អោយបងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណានៅពេលមានបញ្ហាអ្វី១នឹងកើតឡើងត្រូវនៅអោយកៀករវាងថ្នាក់ដឹកនាំនឹងបងប្អូនប្រជាពលរដ្ឋដោយលោកបានសង្កត់ធ្ងន់ថាបើសិនបងប្អូនមានបញ្ហាអ្វី១នឹងកើតឡើងហើយបងប្អូននៅគម្លាតឆ្ងាយពីថ្នាក់ដឹកនាំនោះអញ្ចឹងផលលំបាក់សម្រាបថ្នាក់ដឹកនាំក្នុងការកដំណោះស្រាយជូនបងប្អូននោះៗវាដោះស្រាយមិនចេញនោះឡើយ។

លោកអភិបាលរងខេត្តបានលើកឡើងទៀតថា យ៉ាងណាមិញដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើនេះជាដើមដែលបងប្អូនកំពុងមានបញ្ហារឿងដីធ្លីសព្វថ្ងៃនេះក្នុងនាមលោកដែលជាថ្នាក់ដឹកនាំខេត្តគឺលោកចង់អោយបងប្អូនលើកយកបញ្ហារបស់បងប្អូនទាំងអស់យកមកដាក់លើតុដើម្បីជជែកពិភាក្សានឹងរកដំណោះស្រាយក៏ប៉ុន្តែក្នុងកាជជែកដោះស្រាយនេះទៀតសោតលោកអភិបាលរងខេត្តក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដោយធ្វើយ៉ាងណាត្រូវចូលរួមគោរពច្បាប់អោយបានទាំងអស់គ្នាយ៉ាងណាមិញដូចករណីដែលបងប្អូនកំពុងទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នាពេលបច្ចុប្បន្ននេះជាដើមក្នុងនាមអាជ្ញាធរតែងតែព្យាយាមរកដំណោះស្រាយជូនបងប្អូនតាមកាដោះដូរដោយរកកន្លែងដីណាមួយដែលមិនមានផលប៉ះពាល់នឹងដីរបស់រដ្ឋនោះដើម្បីជាថ្នូរសម្រាបដោះដូរជូនបងប្អូនដោយមិនទុកអោយបងប្អូនណាម្នាក់រស់នៅដោយអត់ដីនៅនោះឡើយ។

ជាមួយគ្នានោះលោក សុខ សាន្តដារា អភិបាលស្រុកឆែបក៏បានលើកឡើងផងដែរថាដោយមួយរយះកាលកន្លងមកមានក្រុមប្រជាពលរដ្ឋសំណាក់មកពីបណ្តាខេត្តផ្សេងបាននាំគ្នាមកចាប់នឹងទន្រ្ទានដីរបស់រដ្ឋក្នុងស្រុករបស់លោកហើយក៏មានពាក្យចរចាបអារ៉ាមថាលោកជាអ្នកនាក់នៅពីក្រោយខ្នងប្រជាពលរដ្ឋដើម្បីគៀងគរប្រជាពលរដ្ឋទាំងនេះអោយទៅចាប់ទន្ទ្រានដីរដ្ឋនោះទៀតផងចំនុចត្រង់នេះលោកអភិបាលស្រុកក៏បានបដិសេធដោយដាច់អហង្កាថាលោកមិនបានជាប់ពាក់ពន្ធ័នឹងករណីដូចអ្វីដែលមតិមួយចំនួនបានលើកឡើងមកនោះឡើយតែក្នុងករណីនេះលោកអភិបាលស្រុកកំពុងស្រាវជ្រាវរកឃើញតំរុយអ្នកនៅពីក្រោយខ្នងនេះខ្លះៗហើយ ៕ ដោយ ៖ កូវ ប៊ុនហេង

ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី នឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៣

ភ្នំពេញ ៖ បើទោះបីជាកម្ពុជាកំពុងជួបបប្រទះនូវបញ្ហាជំងឹកូវីដ ១៩ ហើយបានរារាំងសកម្មភាពក្នុងវិស័យអាកាសចរណ៍ក្ដី តែការអភិវឌ្ឍន៍ អាកាសយានដ្ឋាននានា ក្នុងប្រទេសកម្ពុជានៅតែបន្តសកម្មភាពដដែលជាក់ស្ដែងតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថាព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តសៀមរាប នឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ ២០២៣ខាងមុខនេះ ។

នៅក្នុងជំនួបរវាងរដ្ឋមន្ត្រី ទទួលបន្ទុកលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយលោក លូ វៃ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុកជារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងអំពី កិច្ចសហប្រតិបត្តិការជិតស្និតរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ដោយប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយ ប្រទសចិនតែមួយ និងជាពិសេសបើទោះបី ក្នុងពេលប្រទេសចិនកំពុងមានជម្ងឺ COVID19 ក្តី រដ្ឋាភិបាលប្រទេសចិនបានទទួលនូវការធ្វើទស្សកិច្ចផ្លូវការ ពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ចំពោះសកម្មភាពនិងផែនការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាប ក្នុងនាមថ្នាក់ដឹកនាំ របស់រដ្ឋលេខាធិការដ្ឋានអាកា សចរស៊ីវិល តែងតែគាំទ្រយ៉ាងពេញទំហឹង និងជម្រុញដំណើរសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅតាមផែនការដែលបានកំណត់ ។

លោក លូ វៃ (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) បានអោយដឹងថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។ ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៏បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន ។

លោកម៉ៅ ហាវណ្ណាល់ បានជម្រុញ និងឯកភាពឱ្យ ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារ បញ្ហប្រឈម រកដំនោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី ២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើវន្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន។

បើតាមមន្ត្រី អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថា បានអោយដឹងផងដែរថា រហូតមកដល់ពេលនេះ សកម្មភាពចរាចរណ៍តាមផ្លូវអាកាសធ្លាក់ចុះស្ទើរតែទាំងស្រុង ក៏ប៉ុន្តែកម្ពុជាមិនបានបិទ សកម្មភាពទាំងស្រុងនោះទេ ។ ក្រុមហ៊ុនអាកាសចរណ៍ នានាដែលចង់ហោះហើរមកកាន់កម្ពុជានៅតែអាចចុះចតបានដដែល ។

លោកបន្តថា ទោះបីជាសកម្មភាពតាមអាកាសយានដ្ឋាននានានៅក្នុងប្រទេសកម្ពុជា ហាក់មានសភាពស្ងប់ស្ងាត់ក្ដី ក៏ប៉ុន្តែគម្រោងសាងសង់ព្រលាយន្តហោះនានា ដូចជានៅខេត្តព្រះសីហនុ និងខេត្តសៀមរាប នៅតែបន្តសកម្មភាពដដែល ព្រោះការអភិវឌ្ឍនេះ ដើម្បីត្រៀមទុកនៅពេលចប់ស្ថានភាពកូវីដ១៩ កម្ពុជានឹងអាចមានសមត្ថភាពទទួលជើងហោះហើរពីគោលដៅជាច្រើនជុំវិញពិភពលោក ៕

លោកបន្ថែមថា តាមពិតទៅ គម្រោងនេះ កាលពីមុនវាមានបញ្ហា ផ្ទៃក្នុងនិង ខាងក្រៅមួយចំនួន ដូចជា ទំនាស់ពាណិជ្ជកម្មរវាង ចិននិង អាមេរិក ទើប បណ្ដាលអោយគម្រោងនោះ យឺតយ៉ាវ ។ មានន័យថាគម្រោងនេះ បានចាប់ផ្ដើមតាំងពី ២០១៧ ម្ល៉េះ ក៏ប៉ុន្តែសកម្មភាព សាងសង់ គឺយឺតយ៉ាវតាមផែនការ មែន ។ ប៉ុន្តែ ក្នុង ឆ្នាំ ២០២០ នេះ ខាងក្រុមហ៊ុនសាងសង់ បានកំណត់យក ថ្ងៃទី ១៥ខែ មីនា ២០២០ ជា ថ្ងៃនៃការ ចាប់ផ្ដើមថ្មី និង សម្រុកអភិវឌ្ឍន៍ តែម្ដង ។

តាមប្រសាសន៍លោកស៊ីន ចាន់សេរីវុត្ថា ថាគម្រោងនេះ កំណត់ យក ៣ឆ្នាំ អោយហើយរួចរាល់ គឺ នៅថ្ងៃទី ១៥ខែមីនា ២០២៣ ជាថ្ងៃបង្ហើយ នៃគម្រោងទាំងសាងសង់ទាំងមូល ៕

ផ្ទះមួយខ្នងរបស់អ្នកយកព័ត៌មានទូរទស្សន៍លេខ៩ត្រូវអគ្គីសភ័យលេបត្របាក់

បន្ទាយមានជ័យ : វាពិតជាលឿនពេកហើយផ្ទះមួយខ្នងសង់អំពីឈើលើថ្មក្រោមត្រូវបានអគ្គីសភ័យលេបត្របាក់អស់ត្រឹមតែមួយប៉ព្រិចភ្នែក ដែលធ្វើអោយម្ចាស់យំក៏មិនចេញ ស្រែកក៏មិនចេញ។ហេតុការណ៍នេះកើតឡើងនៅវេម៉ោង៩ព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ស្ថិតក្នុងភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យក្រោយផ្សារអូរអំបិល។

អ្នកឃើញហេតុការណ៍និយាយថា គេបានសម្លេងទុស្សេខ្សែភ្លើង ក្រោយមកក៏ឃើញមានផ្សេងហុយចេញរួមនិងអណ្តាតភ្លើងផងដែរបង្កជាអគ្គីសភ័យកើតឡើង។ក្រោយឆាបឆេះសន្ធោសន្ធៅ រថយន្តសង្គ្រោះរបស់ក្រុមអគ្គីសភ័យនៃស្នងការដ្ឋានក៏បានមកដល់ ចាប់ផ្តើមប្រតិបត្តិការបាញ់ពន្លត់។តែដោយស្ថានភាពភ្លើងមានទំហំធំ រថយន្តពន្លត់មិនអាចគ្រប់គ្រងបាន ធ្វើអោយផ្ទះមួយខ្នងនេះឆេះគ្មានសល់អ្វី។

លោក អេម ពៅ អ្នកយកព័ត៌អោយទូរទស្សន៍ ខ្មែរប៉ុស្តិលេខ៩ ប្រចាំខេត្តបាត់ដំបង និងជាម្ចាស់ផ្ទះដែលរងការឆេះបានអោយដឹងថា ភ្លើងបានចាប់ផ្តើមពីផ្នែកខាងលើចំនុចគុបភ្លើង នឹងចាប់ផ្តើមឆេះរាលពេញក្នុងផ្ទះ។លោកបន្ថែមថា លោកមិនអាចអាចធ្វើអ្វីដើម្បីបញ្ឈប់កុំអោយភ្លើងឆេះរាលបានទេ ព្រោះអំណាចនៃភ្លើងហាក់មានសន្ទុះខ្លាំងក្លា ។ ទ្រព្យសម្បត្តិដែលមានរួមនឹងឯកសារពាក់ពន្ធ័ត្រូវបានក្លាយជាចំណីព្រះអគ្គី។

លោក ប៊ុន ផេង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលផែនអគ្គីសភ័យបានអោយដឹងថានៅក្នុងប្រតិបត្តិការអន្តរាគមន៍ជួយពន្លត់នោះ កម្លាំងជួយមានមកពីតំបន់ប្រតិបត្តិការសឹករងខេត្ត យោធាទិសទី១ អាវុធហត្ថខេត្ត កម្លាំងស្នងការដ្ឋាន។ក្នុងនោះបានបញ្ចេញរថយន្តពីរគ្រឿងនឹងប្រើប្រាស់ទឹកដើម្បីជួយបាញ់ពន្លត់អស់ជិត១០រថយន្តទើបរលត់ទៅទាំងស្រុង។

សូមបញ្ជាក់ផងដែរ នៅក្នុងហេតុការណ៍ឆេះនោះដែរ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានមានវត្តដឹកនាំផ្ទាល់ក្នុងការជួយបាញ់ពន្លត់ផងដែរ​​៕

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានអនុញ្ញាតឱ្យលោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួប លោកបណ្ឌិតរដ្ឋមន្រ្តីបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការជិតស្និតរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន ដោយប្រទេសកម្ពុជាប្រកាន់ភ្ជាប់នូវគោលនយោបាយប្រទសចិនតែមួយ និងជាពិសេសបើទោះបី ក្នុងពេលប្រទេសចិនកំពុងមានជំងឺ COVID19 ក្តី រដ្ឋាភិបាលប្រទេសចិនបានទទួលនូវការធ្វើទស្សកិច្ចផ្លូវការពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជាការបញ្ជាក់នូវចំណងមិត្តភាពពិសេស «ស្គាល់មិត្តល្អ ក្នងគ្រាលំបាក»។ លោកបណ្ឌិតរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកតែងតែគាំទ្រយ៉ាងពេញទំហឹង និងជំរុញដំណើរសារសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីទៅតាមផែនការដែលបានកំណត់។

ក្នុងឱកាសនោះដែរ លោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) បានថ្លែងអំណរគុណលោកបណ្ឌិតរដ្ឋមន្រ្តីដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ជាមួយគ្នានោះដែរ លោក លូ វី (Lu Wei) បានរាយការណ៍អំពីវឌ្ឍនភាពការងារថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុនបានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០មកម្ល៉េះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល៣៦ខែ។ លោកបញ្ជាក់ថា ចំពោះដំណើរការសាងសង់ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបទអាកាសយានដ្ឋាន។
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញ និងឯកភាពឱ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (AIAI) និងក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីធ្វើការសហការគ្នាជាប្រចាំ ដើម្បីត្រូតពិនិត្យការងារបញ្ហប្រឈម រកដំណោះស្រាយ និងឱ្យមានការរៀបចំប្រជុំជារៀងរាល់ថ្ងៃទី២៥ ប្រចាំខែ ដើម្បី ពិនិត្យ លើវន្ឍនភាពការងារបច្ចេកទេស និងការសាងសង់អាកាសយានដ្ឋាន៕

 

ក្រសួងសុខាភិបាលនឹងរឹតបន្តឹងការត្រួតពិនិត្យបន្ថែមទៀត នៅតាមព្រលានយន្តហោះ

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងនឹងរឹតបន្តឹងឱ្យបានខ្លាំងក្លាបន្ថែមទៀតនៅព្រលានយន្តហោះ ដើម្បីទប់ស្កាត់ការនាំជំងឺកូវីដ-១៩ មកពីខាងក្រៅ។

លោករដ្ឋមន្ត្រីបានលើកឡើងថា “ខ្ញុំកំពុងចេញគោលការណ៍ប្រតិបត្តិនៅតាមអាកាសយាន្តដ្ឋាន ដើម្បីត្រួតពិនិត្យអ្នកចេញ-ចូលអាកាសយានដ្ឋាន ករណីនៅស្រុកខ្មែរ គឺករណីនាំចូល អញ្ចឹងត្រូវធ្វើឱ្យបានតឹងរឹងថែមទៀត”។ លោកបញ្ជាក់ថា ការរឹតបន្តឹងនេះ និងធ្វើឡើងដោយដាក់ម៉ាស៊ីនត្រួតពិនិត្យអ្នកធ្វើដំណើរទាំងអស់ ដើម្បីស្វែករកអ្នកជំងឺកូវីដ-១៩ ហើយដាក់ពង្រឹងការតាមដានជំងឺនេះបន្ថែមទៀតពីព្រោះ ករណីចូលស្រុកខ្មែរជាករណីនាំចូល ដូច្នេះយើងពង្រឹងឱ្យបានហ្មត់ចត់ថែមទៀត។

លោកម៉ម ប៊ុនហេង បានបន្តទៀតថា ការពង្រឹងនោះ ក្រសួងនឹងដាក់ប៉ាន័រ នៅតាមព្រលានយន្តហោះ ហើយអ្នកចេញ-ចូលព្រលានយន្ដហោះ ត្រូវមានលិខិតបញ្ជាក់ថាមិនមានវីរុសកូវីដ-១៩នោះទេ ហើយត្រូវពិនិត្យក្នុងរយៈពេល៧២ម៉ោង។ ចំពោះអ្នកទាំងនោះត្រូវធ្វើចក្តាឡីស័ក១៤ថ្ងៃ ហើយត្រូវបង់លុយទុក បន្ទាប់មកក្រុមចក្តាឡី ស័ក នឹងធ្វើការជាមួយអាកាសយាន្តដ្ឋានក្នុងការអនាម័យឱ្យកាន់តែល្អថែមទៀតដើម្បីធានាថា កម្ពុជាគ្មានជំងឺកូវីដ-១៩៕

 

ក្រុមអ្នកស្ម័គ្រចិត្តចិនចុះបាញ់ថ្នាំសម្លាប់មេរោគទប់ស្កាត់ការឆ្លងកូវីដ១៩ រយៈពេលពីរថ្ងៃនៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិនសហការជាមួយអាជ្ញាធរខេត្តកំពង់ចាមចុះបាញ់ថ្នាំសម្លាប់មេរោគទៅលើទីតាំងសំខាន់ៗ នៅទូទាំងខេត្តកំពង់ចាមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២០។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាមបានឲ្យដឹងថា ការចុះបាញ់ថ្នាំសម្លាប់មេរោគដើម្បីចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺបានធ្វើឡើងនៅទីតាំងសំខាន់ៗ ចំនួន៥ទីតាំងក្នុងនោះរួមមាន ៖ ទីតាំងទី១ នៅវិហារឥស្លាម ស្ថិតក្នុងភូមិស្វាយតាហែន ឃុំរកាគយ ស្រុកកងមាស ជាទីកន្លែងដែលជនជាតិម៉ាឡេស៊ី ធ្វើពិធីសាសនានៅទីនោះ។ ទីតាំងទី២ វិហារឥស្លាម និងតាមផ្ទះប្រជាពលដ្ឋ នៅភូមិសាច់សូរ ឃុំពាមជីកង ស្រុកកងមាស ជាទីកន្លែងដែលរកឃើញបុរសជនជាតិខ្មែរ០១រូប បានឆ្លងជម្ងឺកូវីដ១៩ និងជនជាតិម៉ាឡេស៊ី ៨រូប មានផ្ទុកជម្ងឺកូវីដ១៩ ដែលមកស្នាក់នៅបណ្តោះអាសន្ន ដើម្បីធ្វើពិធីសាសនានៅទីនោះ។ ទីតាំងទី៣ នៅសណ្ឋាគាមេគង្គដែលជាទីកន្លែងសម្រាប់ដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ១៩។ទីតាំងទី៤ នៅចំណតរថយន្ត ផ្សារកំពង់ចាម និងទីតាំងទី៥ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាទីតាំងព្យាបាលអ្នកជំងឺកូវីដ១៩។  ក្នុង ការ បាញ់ ថ្នាំ សម្លាប់ មេរោគ នេះ ដែរ  ក្រុមអ្នកស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវចិន មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ នៅលើផ្ទះ ឬបុគ្គលិក នៅតាមបន្ទប់ធ្វើការ ក្នុងកំឡុងពេលបាញ់ថ្នាំនោះឡើយ គឺត្រូវទុករយ:ពេលពី២០ទៅ ៣០នាទី ទើបអាចចូលផ្ទះ ឬធ្វើការងារ ធម្មតា វិញ បាន។ ក្រុមគ្រូពេទ្យចិនក៏បានបង្ហាត់បង្ហាញ និងបង្រៀនដល់ មន្ត្រី សុខាភិបាល  នៃមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បី ឲ្យពួកគាត់ចេះបាញ់ថ្នាំ ខណ:ថ្នាំនេះមានកម្រិតខ្ពស់ ដោយបាញ់ថ្នាំក្នុងបន្ទប់ ចំហាយវាអាចទៅសម្លាប់មេរោគបានដោយងាយផងដែរ។

ជាមួយ គ្នានោះ  លោក ហាន កុសល អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ១៩ បានទទួលស្វាគមន៌យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ  ចំពោះរដ្ឋាភិបាល និងប្រជាជនចិន, ក្រុមអ្នកជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានមកជួយបាញ់ថ្នាំសម្លាប់មេរោគ ដើម្បី ចូលរួម បង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩ នៅខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួន១៨នាក់ បន្ទាប់ពីបានចុះបេសកម្មបាញ់ថ្នាំក្នុងខេត្តកំពង់ធំ រួចចុះបាញ់ថ្នាំនៅខេត្ត កំពង់ចាមនេះ ហើយនឹងបន្តដំណើរទៅបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅខេត្តត្បូងឃ្មុំផងដែរ៕ ដោយ ៖ ប៉ែន សុផល

ក្រសួងធនធានទឹកឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២០។

ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលង នៃសម្ពាធទាបបង្កើនឥទ្ធិពល មកលើភាគពាយ័ព្យ និងខាងជើងកម្ពុជា។ នៅថ្ងៃទី១៥ ខែឧសភា របបខ្យល់មូសុងនិរតីបក់មកលើកម្ពុជា ជាមួយនឹងការចាប់ផ្តើមមកដល់នូវរដូវវស្សា៕

 

ប្រទះឃើញរថយន្តគេប្លុងចោលមានភិនភាគដូចរថយន្តបុកកម្មករស្លាប់នៅផ្លូវ ២០០៤

ខេត្តកណ្ដាល ៖ នៅថ្ងៃអាទិត្យ០៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានគេប្រទះឃើញរថយន្តម៉ាក FORD RANGER ពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខចង្កូតស្ដាំមានបែកចង្កៀងមុខខាងឆ្វេង មាន តង់ជ័រសំរាប់គ្របពីលើជិត។

យោងតាមការបំភ្លឺរបស់ឈ្មោះ ព្រំ គីមសេង ភេទស្ រីអាយុ៤៧ឆ្នាំ ជាអ្នកចាំដី បានឲ្យដឹងថា ខ្លួនបានឃើញរថយន្ដនេះនៅចតចោល នៅក្នុងដីនេះចាប់តាំងពីថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០មក តែគាត់នឹកស្មានតែរថយនក្រុមឯកឧត្ដមរឺរថយន្ដរបស់មេជាងសំណង់ដែលកំពុងធ្វើសំណង់នៅក្នុងដីនេះ ម្លោះហើយក៏មិនបានសួរនាំដែរ លុះដល់ថ្ងៃទី០៩-ឧសភា-២០២០ខ្លួនគាត់បានចូលទៅបើកតង់មើលឃើញបែកចង្កៀងមុខខាងឆ្វេង រួចក៏បានទូរសព្ទ័រាយការជូនឯកឧត្ដមស៊ុនចាន់ថុល។

ប្រភពបន្តថា នៅពេលនោះលោកបានឲ្យរាយការណ៍ជូនសមត្ថកិច្ច រួចក៏បានរាយការណ៍ជូនមេឃុំ លុះថ្ងៃទី១០-ឧសភា-២០២០ទើបមេឃុំកោះធំបញ្ជូនគរបាលប៉ុស្ដិ៍កោះធំឲ្យចុះមកពិនិត្យ ក្រោយពីសមត្ថកិច្ចនគរបាលស្រុក ប៉ុស្ដិ៍ និងមេឃុំ ចុះមកពិនិត្យដល់កន្លែងរថយន្ដ ឃើញរថយន្ដមានភិនភាគដូចខាងលើ និងបានចាក់សោបិទគន្លឹះជាប់៕

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះមិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច៕

 

អូស្ត្រាលីចាប់ផ្តើមបើកសាលារៀនឡើងវិញបណ្តើរៗហើយ

ស៊ីដនី ៖ ក្មេងៗនៅតាមបណ្តារដ្ឋមួយចំនួននៃប្រទេសអូស្ត្រាលី អាចទៅកាន់សាលារៀននៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នេះ ដើម្បីបន្តការសិក្សាពួគគេឡើងវិញ ក្រោយពីសម្រាកអស់ជាច្រើនសប្តាហ៍ ដោយសារតែការរឹតបន្តឹង ពាក់ព័ន្ធជំងឺរាតត្បាតសកល COVID-10។ នេះបើតាមការចេញផ្សាយដោយ CNA។

ក្មេងៗនៅរដ្ឋញូសោតវែលស៍ (New South Wales) និង ឃ្វីនស៍លែនដ៍ (Queensland) ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនជាងគេបំផុត នៅប្រទេសអូស្ត្រាលី បានចូលសាលារៀនវិញជាបណ្តើរៗហើយ ប៉ុន្តែស្ថិតនៅក្រោមការអនុវត្តន៍ វិធានការអនាម័យយ៉ាងខ្ជាប់ខ្ជួន ក្នុងនោះមានដូចជាការលាងសម្អាតដៃ និងការវាស់ស្ទង់កម្តៅរាង្គកាយជាប្រចាំផងដែរ។

ជុំវិញការអនុញ្ញាតឲ្យសិស្សចូលរៀនវិញនេះ ប្រធានរដ្ឋបាលប្រចាំរដ្ឋ ញូសោតវែលស៍ លោកស្រី ក្លេឌីស៍ ប៊ឺរេជីកលីអេន (Gladys Berejiklian) បានប្រាប់អ្នករាយការណ៍ព័ត៌មាននានានៅទីក្រុងស៊ីដនីថា «ខ្ញុំគិតថា នេះជាការសម្រាលបន្ទុកដ៏ធំធេងមួយ សម្រាប់ក្រុមគ្រួសារនានា។ វាក៏ជាការសម្រាលបន្ទុកដ៏ធំ សម្រាប់អាជ្ញាធររដ្ឋផងដែរ ពីព្រោះយើងដឹងថា តើវាមានសារៈសំខាន់កម្រិតណា ក្នុងការអនុញ្ញាតឲ្យសិស្សានុសិស្សទាំងអស់ ទទួលការអប់រំដោយផ្ទាល់ជាមួយលោកគ្រូអ្នកគ្រូ»។​

លោកស្រីបន្តថា សម្រាប់ការបើកឡើងវិញនៅថ្ងៃចន្ទនេះ គឺជាតំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ ហើយការបើកសាលារៀនពេញលេញ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ចុងខែឧសភា បន្ទាប់រាជរដ្ឋាភិបាល បានសម្រេចធ្វើការរឹតបន្តឹង និងបិទសាលារៀនទូទាំងប្រទេសអស់ជាង៣សប្តាហ៍មកហើយ នៅពេលមើលឃើញសន្ទុះកើនឡើងនៃការឆ្លង COVID-19។

សូមជម្រាបថា បច្ចុប្បន្នតួលេខអ្នកឆ្លងជំងឺ COVID-19 សរុបនៅអូស្ត្រាលីមាន ៦,៩៤១ករណី ក្នុងនោះស្លាប់៩៧នាក់ និងជាសះស្បើយ ៦,១៦៣នាក់៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ៤.២លាននាក់ ខណៈស្លាប់ជាង២៨ម៉ឺននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,១៧៩,៨៥៨ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៨៣,៨៥០នាក់ និងជាសះស្បើយឡើងវិញ ១,៤៩០,៥៣៥នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។

គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៦៧,៣៩៧នាក់ ស្លាប់ចំនួន ៨០,៧៧៤នាក់ និងជាសះស្បើយចំនួន ២៥៦,២៨២នាក់៕