All posts by មេគង្គ ប៉ុស្តិ៍

ថ្ងៃនេះមិនមានអ្នកជំងឺកូវីដ១៩សះស្បើយ និងពុំមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២១នាក់។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដនៅសល់ម្នាក់គត់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែល ទទួលបានមុននេះបន្តិច៕

 

អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីឆ្លងវីរុសកូរ៉ូណា និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ម៉ូស្គូ ៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន គឺលោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ត្រូវបានបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យហើយ បន្ទាប់ពីការធ្វើតេស្តរកឃើញថា លោកបានឆ្លងវីរុសកូរ៉ូណា (COVID-19)។ នេះបើយោងតាមកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចេញផ្សាយនៅយប់ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ។

លោក Dmitry Peskov បានប្រាប់សារព័ត៌មានក្នុងស្រុករុស្ស៊ីថា «ពិតមែនហើយ! ខ្ញុំពិតជាមានជំងឺ (COVID-19) ប្រាកដមែន។ ខ្ញុំកំពុងស្ថិតក្នុងតំណាក់កាលព្យាបាល»។ ការប្រកាសអំពីការឆ្លងជំងឺ នៃមន្ត្រីប្រចាំវិមានក្រឹមឡាំងរូបនេះ កើតមានឡើងបន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្រទេសរុស្ស៊ីទទួលបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាឆ្លងជំងឺ COVID-19 និងបានសម្រេចឲ្យដកការរឹតត្បិត មួយចំនួនចេញវិញផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ រុស្ស៊ីមានករណីឆ្លងជំងឺ COVID-19 សរុប ២៣២,២៤៣ករណី ក្នុងនោះស្លាប់ ២,១១៦នាក់ និងជាសះស្បើយឡើងវិញ ៤៣,៥១២នាក់ ខណៈមនុស្ស ៥.៨លាននាក់ហើយ បានទទួលការធ្វើតេស្ដរក COVID-19។

តាមរយៈតួលេខអ្នកឆ្លងសរុបខាងលើបានធ្វើឱ្យរុស្ស៊ី វ៉ាដាច់ចក្រភពអង់គ្លេសជាថ្មី ឡើងទៅឈរនៅលេខរៀងទី ៣ ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេនៅលើពិភពលោក តាមពីក្រោយអេស្ប៉ាញ និងសហរដ្ឋអាមេរិក៕

ថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ផាកពិន័យយានយន្តល្មើស១,២១៦គ្រឿង នៅទូទាំងប្រទេស

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានរកឃើញយានយន្តល្មើស ចំនួន១,២១៦គ្រឿង ក្នុងនោះ មានម៉ូតូ៨៩០គ្រឿង និងរថយន្ត ៣២៦គ្រឿង។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់បទល្មើសម៉ូតូ គឺភាគច្រើនមិនពាក់មួកសុវត្ថិភាព និងល្មើសផ្សេងៗ។ ដោយឡែកបទល្មើសរថយន្ត ភាគច្រើនអត់ខ្សែក្រវាត់ បើកលើសល្បឿន ផ្ទុកលើសចំណុះ និងមិនគោរពភ្លើងសញ្ញា។

បើសរុបយានយន្តល្មើសទាំងរយៈពេល១២ថ្ងៃ (ថ្ងៃទី០១-១២ ខែឧសភា) មានចំនួន២០,៨៩៦រឿង ក្នុងនោះម៉ូតូចំនួន១៥,៣៨៨គ្រឿង និងរថយន្ត៥,៥០៨គ្រឿង៕

 

សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ ផ្កល់​អំណោយ​ជូន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ក្នុងឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរ​ណ៍ផ្លូវ​ទឹក

​
ដោយ ប៉ែន សុផល
កំពង់ចាម​ ÷ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៏សាខាកាកបាទក្រកម្ពុជាខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនក្រុមគ្រួសារ​ជនរងគ្រោះ​ ចំនួន៣គ្រួសារ នៅភូមិទី២ ឃ៉ំកោះសំរោង ស្រុកកំពង់សៀម ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ផ្លូវ​ទឹក​ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កន្លង​ទៅ​ថ្មីៗ​នេះ​ ខណៈ​ដែលជន​រងគ្រោះ​ទាំង​នោះ​ធ្វើដំណើរត្រឡប់មកពីពិធីមង្គលការនៅឃុំរំចេកវិញ។

គួរ​រំលឹក​ផង​ដែរ​ថា​ មនុស្ស​ចំនួន​៣នាក់​ ក្នុង​ចំណោម​១០នាក់​ ត្រូវ​បានបាត់ខ្លួន​ និងម្នាក់​ទៀត​ត្រូវ​រងរបួស ខណៈ​ទូក​អូស​យ៉ាងកាវ​ បេីកបុក​ជាមួយ​ទូក​ប្រជាពលរដ្ឋ​ ដែល​ជិះ​​ឆ្លង​ទន្លេ​ គ្រា​ដែល​​ជនរងគ្រោះ​​ត្រឡប់​មក​ពី​ពិធី​មង្គលការ​មួយ​ ហើយ​ឆ្ពោះ​ទៅកាន់លំនៅឋាន​របស់​ខ្លួន​ ស្ថិត​នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២០ ។
មេឃុំកោះសំរោងលោក សន សុខ បាន​ឲ្យដឹង​ថា នៅយប់ថ្ងៃកើតហេតុ មានករណីគ្រោះថ្នាក់ រវាង ទូកអូសយ៉ាំងកាវ បានបុកជាមួយនឹងទូកចាប់គែម របស់ប្រជាពលរដ្ឋ រស់នៅភូមិទី២ ឃុំកោះសំរោង ស្រុកកំពង់សៀម ដែលបានធ្វើដំណើរឆ្លងមកពី ចូលរួមពិធីមង្គលការ នៅឃុំរំចេកត្រើយម្ខាង មានប្រជាពលរដ្ឋចំនួន១០នាក់ជិះលើកូនទូកនោះ ក្នុងគោលដៅវិលត្រឡប់មកកាន់លំនៅដ្ឋាននៅកំពង់ក្បាលកោះជ័យ ក៏ត្រូវបានជួបគ្រោះថ្នាក់ដោយទូកអូសយ៉ាំងកាវ បើកបុក នៅចំណុច កណ្ដាលទន្លេ រវាងឃុំរំចេក និងឃុំកោះសំរោង បណ្ដាលឲ្យលិចទូកចាប់គែមរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យមនុស្សចំនួន៣នាក់បាត់ខ្លួន និងម្នាក់ទៀតរងរបួស ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនរងគ្រោះ​ទាំង០៣នាក់នោះ ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ។
ទី២-ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ​ ។
​ទី៣-ឈ្មោះ ឡាង ប៉េងហ៊ត់​ ភេទប្រុស អាយុ៣៣ឆ្នាំ​ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ សព​ជនរងគ្រោះ​ទាំង​៣នាក់​ ត្រូវ​បានរក​ឃើញ​ ហើយ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ​ ខណៈ​ដែល​ក្រុម​គ្រួសារ​សព​ បាន​ទទួល​អំណោយ​មនុស្សធម៌​ ពី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ៕

កម្ពុជាអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននៅពាក់កណ្ដាលឆ្នាំនេះ

យោងតាមអ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោកស៊ាង ថៃ បានអោយដឹងថា គិតមកដល់ពេលនេះ ការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលចរចាជុំទី២ហើយ ហើយការចរចាជុំទី២នេះ ក៏បានបញ្ចប់រួចរាល់កាលពីថ្ងៃទី០៩ ខែ មេសា ឆ្នាំ ២០២០តាមរយៈវីដេអូអនឡាញ ព្រោះតែបញ្ហាកូវីដ ទើបភាគីមិនអាចជួបផ្ទាល់និងតម្រូវអោយចរចាតាមរយៈវីដេអូអនឡាញវិញ ។ ដោយឡែកកិច្ចចរចាបន្ទាប់ភាគីទាំងពីរនឹងជំរុញអោយបានលឿនបំផុតគឺនៅត្រឹមខែមិថុនា ឆ្នាំ ២០២០នេះ ទៅតាមការគ្រោងទុក ។

លោកបានបន្តថា នៅក្នុងការចរចាជុំទីពីរ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់និងចរចាយ៉ាងសកម្ម ហើយបានឯកភាពគ្នាលើជំពូកមួយចំនួន ដូចជាជំពូកទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស កិច្ចសហប្រតិបត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ ក្នុងនោះដែរក្រុមការងារបានចរចានិងឯកភាពជាគោលការណ៍លើបញ្ហានានា ដែលមិនទាន់បានដោះស្រាយមួយចំនួន ព្រមទាំងបានកំណត់គោលការណ៍ និងដាក់ទិសដៅអោយក្រុមការងារតូចៗទាំង១០យកទៅ ពិភាក្សាបន្តហើយរាយការណ៍មិនអោយលើសពីពាក់កណ្ដាលខែឧសភា ២០២០នេះ ដើម្បីប្រធានក្រុមចរចានៃភាគីនីមួយៗយកទៅ ពិភាក្សាផ្ទៃក្នុងរៀងៗខ្លួន ។

បើតាមមន្ត្រី ជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកន្លងមកលោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និងផ្ដល់អត្ថប្រយោជន៍ដល់កម្ពុជានូវឱកាសនាំចេញទៅកាន់ប្រទេសចិនជាច្រើនមុខទំនិញ ហើយនឹងអាចជំរុញដល់ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនផងដែរ ។

បើតាមមន្ត្រីរូបនេះថា ចិនគឺជាទីផ្សារធំមួយសម្រាប់ទំនិញកម្ពុជា ក៏ប៉ុន្តែកន្លងមក កម្ពុជាមិនបាននាំចេញទៅចិនច្រើននោះទេ គឺដោយសារតែរបាំងភូតគាមអនាម័យ និងស្ដង់ដារផលិតផល ជាក់ស្ដែងទំនិញកសិផលដែលកម្ពុជានាំចេញទៅចិនមានតែប៉ុន្មានមុខប៉ុណ្ណោះ ដូចជាអង្ករ ដំឡូងមី និង ចេកជាដើម ខណៈកម្ពុជានៅមានផលិតផលកសិកម្មជាច្រើនទៀតត្រូវការទីផ្សារធំៗដូចប្រទេសចិន ។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសក៏ដូចជាភ្ញៀវទេសចរមកកាន់កម្ពុជា។ ចិនក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជាផងដែរ នាពេលបច្ចុប្បន្ន ។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិន មានចំនួនសរុបប្រមាណ ៦,៥ពាន់លានដុល្លារ កើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ពាន់លានដុល្លារ។ នៅក្នុងឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ កើនឡើងដល់ចំនួន ៨,២ពាន់លានដុល្លារ ដែលកើនឡើងលើសឆ្នាំ២០១៨ ដល់ទៅប្រមាណ២៧ភាគរយ ។ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសកម្ពុជា និងចិន នឹងអាចជំរុញអោយទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងមួយកម្រិតទៀតផងដែរ ជាពិសេសគឺការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន ៕

ទីក្រុង​វូ​ហានគ្រោង​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​ដើម្បី​ស្វែងរក​អ្នកជំងឺ​កូ​វិដ​១៩​ថ្មី​

​ប៉េកាំង ៖ ទីក្រុង​អ៊ូ​ហាន​ដែលជា​ចំណុចកណ្តាល​នៃ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វិដ​១៩​នៅក្នុង​ប្រទេស​ចិន គ្រោង​នឹងធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​រយៈពេល​១០​ថ្ងៃ​ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ​កូ​វិដ​១៩​ករណី​ថ្មី​។ ​នេះ​បើ​យោងតាម​ប្រភពពី Reuters​។​

​អាជ្ញាធរ​សង្កាត់​ទាំងអស់ នៅ​ទីក្រុង​អ៊ូ​ហាន តម្រូវឱ្យ​រៀបចំ​ផែនការ​សម្រាប់​ការធ្វើ​តេស្ត​រក​អ្នកជំងឺ​កូ​វីដ​១៩ និង​ប្រគល់​ឯកសារ​ត្រៀម​ធ្វើតេស្ត ជូន​ថ្នាក់លើ យ៉ាងយូរ​ត្រឹម​ថ្ងៃ​អង្គារ ទី​១២ ខែឧសភា​នេះ​។​យ៉ាងណាមិញករណី​សារព័ត៌មាន​ខាងលើ​មិនទាន់​អាចទាក់ទង​ជាមួយ​អាជ្ញាធរ​សុខាភិបាល​ទីក្រុង​អ៊ូ​ហាន ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ករណីនេះ​នៅឡើយ​។​

​ទីក្រុង​មាន​ប្រជាជន​ចំនួន ១១​លាន​នាក់​បាន​រាយការណ៍​ថា បាន​រកឃើញ​ការឆ្លង​វីរុស​កូ​វីដ​១៩ ជា​ចង្កោម​ថ្មី​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​អាជ្ញាធរ​ទីក្រុង​អ៊ូ​ហាន បាន​បន្ធូរបន្ថយ​នូវ​វិធាន​ការបិទ​ទីក្រុង កាលពី​ថ្ងៃទី​០៨ ខែមេសា​កន្លងមក​៕

 

អង្គភាពហេឡូត្រាសទទួលយកគ្រាប់មិនផ្ទុះចំនួន១៥គ្រាប់ដែលបន្សល់ទុកតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ ៖  នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ អង្គភាពហេឡូត្រាស់ ប្រចាំខេត្តបន្ទាយមានជ័យ បានទទួលយកគ្រាប់មិនទាន់ផ្ទុះចំនួន១៥គ្រាប់ពីនគរបាលការពារព្រំដែន ៨០៧ បឹងត្រកួន ដើម្បីយកទៅកំទេចចោល។ គ្រាប់មិនទាន់ផ្ទុះទាំង១៥គ្រាប់ត្រូវបាន  ប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចចម្ងាយពីបង្គោលសីម៉ាលេខ៣២ប្រហែល ១៧០ម៉ែតតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ស្ថិតក្នុងភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨០៧ បានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ឈ្មោះ ជុំ រស្មី អាយុ៥៣ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ បានភ្ជួរដីធ្វើចំការ ក៏បានប្រទះឃើញ  ហើយរាយការណ៍មកកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត បានសហការជាមួយកម្លាំងសំអាតមីនអង្គភាពហេឡូត្រាស ចុះទៅពិនិត្យជាក់ស្តែងរួចក៏បានធ្វើការប្រគល់គ្រាប់មីនទាំងនោះ ទៅកម្លាំងសំអាតមីនអង្គភាពហេឡូត្រាស យកទៅធ្វើការបំផ្លាញចោល បញ្ចៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោក ឡុង សំណាង បានញ្ជាក់ផងដែរថាគ្រាប់មិនទាន់ផ្ទុះទាំងនេះគឺជាគ្រាប់ដែលកប់ចោល បន្សល់ទុកក្នុងអំឡុងប្រទាញប្រទង់គ្នារវាងកងទ័ពរាជរដ្ឋាភិបាលជាមួយកងទ័ពតស៊ូរបស់ខ្មែរក្រហម។ហើយគ្រាប់ទាំងនេះផងដែរត្រូវបានគេដាក់នៅរាយប៉ាយពាស់ពេញដីដើម្បីប្រឆាំងមនុស្ស។គ្រាប់នៅមានច្រើនទៀត ដូច្នេះបើបងប្អូនជួបប្រទះត្រូវតែរាយការណ៍បន្ទាន់មកអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចដើម្បីមានវិធានការសំអាតកំទេចចោល៕

លោកជំទាវឧកញ្ញ៉ា ម៉ៅ មាល័យ កែ គឹមយ៉ាន អញ្ជើញសួរសុខទុក្ខពលរដ្ឋខ្វះខាត១៥០គ្រួសារនៅស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ លោកជំទាវឧកញ៉ា ហេម ចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ មាល័យ កែ គឹមយ៉ាន និងជាប្រធានកិត្តិយសសមាគន៍នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត អមដំណើដោយ លោក លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារដែលមានជីភាពខ្វះខាត និងចាស់ជរា ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅបរិវេណសាលាស្រុកស្វាយចេក។       

ថ្លែងក្នុងឱកាសនោះ លោក ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើ សូមបងប្អូនប្រជាពលរដ្ឋ យើងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ។ ជាពិសេស បងប្អូនមិនត្រូវមើលស្រាលចំពោះជំងឺកូវីដ-១៩នេះដាច់ខាត ហើយសូមថែរក្សាសុខភាព ដោយអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ខ្ទប់មាត់និងច្រមុះពេលក្អកកណ្តាស់ជាដើម។

លោក ប៉ាល់ សំអឿន បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរា ចំនួន៥០គ្រួសារចំនួន៤ចំណុចរួមមាន៖
១,យើងទាំងគ្នារក្សាការពារអោយបានរឹងមាំនៅសុខសន្តិភាព សូមអរគុណសន្តិភាព មានសន្តិភាពមានការអភិវឌ្ឍន៍។
២,ចូលយើងប្រុងប្រយ័ត្នខ្ពស់អោយបានគ្រប់ៗគ្នា គ្រប់ក្រុមគ្រួសាររួមគ្នាបន្តប្រយុទ្ធប្រឆាំង ទប់ស្កាត់ការីករាលដាល ជំងឺកូវីដ-១៩ ដោយត្រូវចងចាំជានិច្ច។
៣,ខិតខំជំរុញការងារកសិកម្ម(ធ្វើស្រែ ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំផ្សេងៗ)។

៤,ចូលយើងគ្រប់ៗគ្នា ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍កាត់បន្ថយគ្រោះថ្នាក់និងស្លាប់តាមដងផ្លូវ ស្របតាមការណែនាំ និងវិធានការសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាល។ឯកឧត្តមក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋត្រូវធ្វេីការដាំដុះបន្លែរបង្កា រ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ហេីយបេីបងប្អូនដែលចង់ដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់បង្កេីនសេដ្ឋកិច្ចគ្រួសារ និងបំពេញតម្រូវការទីផ្សារ ។

អំណោយសម្រាប់សម្ភារៈចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា ចំនួន១៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម,មី១កេស,ទឹត្រីក១យួរ,ទឹកសីុអីុវ១យួរ,ត្រីខ១០កំប៉ុង។

បន្ទាប់ចប់ពិធីសំណេះសណាលរួចមក ឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានបន្តអញ្ជើញចុះពិនិត្យមើលការសាងសង់ស្ពាននាគ ក្នុងស្រុកស្វាយចេក ជាមួយគ្នានោះ ឯកឧត្តម លោកជំទាវ បានឧបត្ថម្ភថវិកាចំនួន៦០០ដុល្លាសម្រាប់ជួយដល់ការសាងសង់ស្ពាននោះផងដែរ៕

អាមេរិកចោទប្រកាន់ចិនលួច​ទិន្នន័យ​ការបង្កើត​វ៉ាក់សាំង​ប្រឆាំងនឹង​វិ​រុស​កូ​វិដ​១៩

អាមេរិក ៖ ការិយាល័យ​ជំនាញ​ស៊ើបអង្កេត ​និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធ័​រ​ណេ​តរបស់​សហរដ្ឋអាមេរិក​ជឿជាក់ថា ចិន​កំពុង​ព្យាយាម​លួច​យក​ទិន្នន័យ​ការបង្កើត​វ៉ាក់សាំង​ប្រឆាំងនឹង​វិ​រុស​កូ​វិដ​១៩​។​ នេះ​បើ​យោងតាម​ប្រភពពី CNA។​

​សារព័ត៌មាន FBI និង​នាយកដ្ឋាន​សន្តិសុខ​មាតុភូមិ​គ្រោង​នឹង​ចេញ​ការព្រមាន​អំពី​ការចូល​លួច​ទិន្ន័យ​នេះ ខណៈដែល​រដ្ឋាភិបាល ​និង​ក្រុមហ៊ុន​ឯកជន​ប្រជែង​គ្នា​ក្នុង​ការបង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វិ​​ដ​១៩។​

​របាយការណ៍​បាន​និយាយថា​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់ថា ក្រុម​ពួក Hacker ខាងលើ មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ចិន ដោយ​ក្នុងនោះ​ពួកគេ​ក៏បាន​ព្យាយាម​លួច​ទិន្នន័យ អំពី​ការគ្រប់គ្រង ព្យាបាល និង​ធ្វើតេស្ត​ពាក់ព័ន្ធ​នឹង​ជំងឺ COVID-19 ផងដែរ​។​

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​លោក​បាន​និយាយថា​ប្រទេស​ចិន​ប្រឆាំង​ដាច់ខាត​រាល់​ការវាយប្រហារ​តាម​អ៊ីនធឺណិត​គ្រប់​ប្រភេទ​។​ លោក Zhao Lijian បាន​និយាយថា “​យើង​កំពុង​ដឹកនាំ​ពិភពលោក​ក្នុងការ​ព្យាបាល​និង​ការចាក់​វ៉ាក់សាំង​ការពា​កូ​វិដ​១៩​។ វា​ជា​រឿង​អសីលធម៌​ពេកហើយមកលើ​ប្រទេស​ចិន​ជាមួយនឹង​ពាក្យ​ច​ចាម​អារាម​និង​ការនិយាយ​បង្កាច់បង្ខូចដោយគ្មាន​ភស្តុតាង​ណាមួយ​របស់សហរដ្ឋអាមេរិក”៕

 

ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ថ្មី​មួយ​ករណី ដែលជា​ករណី​នាំចូល​

​ចិន ៖ យោងតាម​ទិន្នន័យ​ពី​គណៈកម្មាធិការ​សុខភាព​ជាតិ​នៅ​ថ្ងៃ​អង្គារ​ទី​១២ ឧសភា​នេះ ប្រទេស​ចិន​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​កូ​វិដ​១៩ ថ្មី​មួយ​ករណី​ទៀត​កាលពី​ម្សិលមិញ​គឺជា​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​គ្មាន​អ្នកស្លាប់​ថ្មី​ទេ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA។​

​ករណី​ថ្មី​គឺជា​ការឆ្លង​នាំចូល​ដែល​ពាក់ព័ន្ធ​នឹង​អ្នកធ្វើដំណើរ​ត្រឡប់​មកពី​បរទេស​។ នៅ​ថ្ងៃមុន​ប្រទេស​ចិន​បាន​រាយការណ៍​អំពី​ករណី​នាំចូល​ថ្មី​ចំនួន៧។ ករណី​នាំចូល​ថ្មីៗ​ត្រូវបាន​រាយការណ៍​ថា​មានការ​កើនឡើង​១៥​ករណី​ធៀប​នឹង​១២​ថ្ងៃមុន​។​

​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​ចិន​បាន​កើន​ឡើងដល់ ៨២.៩១៩ នាក់ ដោយ​ក្នុងនោះ​ចំនួន​អ្នកស្លាប់​នៅតែ​មិន​ប្រែប្រួល​គឺ ៤.៦៣៣ នាក់​ដដែល​៕

 

 

ប្រាសាទកណ្ដាលស្រះស្រង់ដែលត្រូវបាក់រលំរាប់រយឆ្នាំនោះនឹងចេញរូបនៅចុងឆ្នាំនេះ

ខេត្តសៀមរាប ៖ ស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើងដំបូងគេបង្អស់ក្នុងចំណោមព្រះរាជសមិទ្ធផលនានារបស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទតាព្រហ្ម នៅឆ្នាំ១១៨៦។
នៅកណ្ដាលស្រះស្រង់ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះត្រូវបានបាក់រលំជាច្រើនរយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរាបានបើកការជួសជុលប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ឲ្យបានរួចរាល់នៅចុងឆ្នាំ២០២០នេះ។

នាពេលថ្មីៗនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាបានរកឃើញបុរាណវត្ថុមួយចំនួនពីការធ្វើកំណាយនៅក្រោមប្រាសាទកណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន ៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ គេក៏បានធ្វើកំណាយរកឃើញចម្លាក់ថ្មរូបសត្វអណ្ដើក ២ ទៀតដែរ ខណៈក្រុមការងារកំពុងវិភាគស្រាវជ្រាវរកអំណះអំណាងបន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ៕

 

សម្តេចតេជោក្រើនរំលឹកពលរដ្ឋឱ្យបន្តស្មារតីប្រយ័ត្នជាប់ជានិច្ចចំពោះជំងឺកូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកនាព្រឹកនេះថា ទោះកម្ពុជា​មាន​ចំនួនអ្នកជាសះស្បើយបាន​ច្រើន ហើយពុំមានអ្នក​ឆ្លងថ្មីក៏ដោយ គឺ​សម្តេចបានអំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ជាប់ជានិច្ច។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា តែក្នុងមួយប៉ប្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ19 នៅក្នុងពិភពលោក បានកេីនជាង៤លាននាក់។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។

សម្រាប់កម្ពុជាមកដល់ព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់ ត្រូវបានព្យាបាលជាសះស្បើយ១២១នាក់ហើយ នៅសល់តែ ១នាក់ទៀតប៉ុណ្ណោះ។ ជាមួយគ្នារយៈពេលជិត ១ខែហើយ មិនមានអ្នកឆ្លងថ្មីទៀតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងបានដាក់ចេញវិធានការជាច្រើន ដើម្បីបញ្ចៀសការរាតត្បាតជំងឺកូវីដ១៩មកលើប្រជាពលរដ្ឋនោះ នៅតែមានការបារម្ភចំពោះការរីករាលដាលនៃជំងឺនេះ។ សម្តេចនាយករដ្ឋមន្ត្រី បន្តរំលឹកឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះអនាម័យសុខភាពជាប្រចាំ។

សម្តេចតេជោ ហ៊ុន សែន រំលឹកប្រជាពលរដ្ឋត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគ។ លើសពីនេះទៀត ត្រូវពាក់ម៉ាស ឬក្រម៉ាកុំឱ្យឆ្លងរោគ ព្រោះជំងឺដ៏កាចសាហាវនេះងាយឆ្លងលឿនណាស់។

សម្តេចតេជោ ក៏បានរំលឹកឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាប​ថា យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០២០នេះ ឱ្យដឹងថា កម្ពុជាមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន១នាក់ទៀត ពោលគឺសល់តែ១នាក់ចុងក្រោយប៉ុណ្ណោះ ដែលមិនទាន់ជាសះស្បើយ៕

 

 

ប៉ូលិសស្រុក​ស្អាង កំពុង​តាមចាប់ខ្លួន​បុរស​ជា​ប្ដី​ដែល​វាយសម្លាប់​ប្រពន្ធ​

ខេត្តកណ្តាល ៖ សមត្ថកិច្ចប៉ូលិស ស្រុក​ស្អាងបាន​រាយការណ៍ នៅថ្ងៃទី១១ ឧសភាម្សិលមិញថា មាន ករណីសង្ស័យជា​អំពើឃាតកម្មដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តីវាយ​សម្លាប់​ប្រពន្ធ បន្ទាប់ពីលែងលះគ្នារយៈពេល​ជាង​១​ខែ​មកហើយ។ ករណីនេះ​កើតឡើងនៅ​ថ្ងៃទី​១០ ខែឧសភា​ ឆ្នាំ២០២០ វេលា​ម៉ោង​១៦ ​និង​៣០នាទី នៅ​ចំណុចចិញ្ចើមផ្លូវ​បេតុង​ចូល​វត្តស្អាង​ភ្នំ​ខាងកើត ស្ពានបឹង​កាចា​ន់ ស្ថិតនៅ​​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង។

មន្ត្រីប៉ូលិសបុស្តិ៍រដ្ឋបាល ឃុំស្អាងភ្នំបានប្រាប់ឲ្យដឹងថា ​ជនរងគ្រោះ​ជា (​ប្រពន្ធ​) ឈ្មោះ​ នី ឡេ​ហ្សា អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​កម្មការិនីរោងចក្រ មាន​ទីលំនៅ​ភូមិពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង (​ស្លាប់​)។ ចំណែកជនសង្ស័យ​ជា ​(​ប្ដី​) ឈ្មោះ​ ជួន សារ៉ន ​អាយុ​៣៧ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង។​
​ប្រភពបន្តថា កន្លងមក​ជនសង្ស័យ និង​ជនរងគ្រោះ​ជា​ប្តី​ប្រពន្ធបាន​ឈ្លោះលែងលះគ្នា​រយៈពេល​ជាង​១​ខែ​មកហើយ​។ លុះដល់​ថ្ងៃខែ​កើតហេតុ ជនសង្ស័យ​បាន​ជិះ​ម៉ូតូទៅ​កៀរ​ម៉ូតូ​របស់ជនរងគ្រោះ​បណ្ដាល​
ឲ្យ​ធ្លាក់​ពីចិញ្ចើមផ្លូវ រួច​អង្គុយ​និយាយជាមួយ​ប្រពន្ធ បាន​បន្តិច​ជនសង្ស័យបាន​យកដៃ​ឆ្វេង​គៀកករ ហើយ​យកដៃ​ស្ដាំ​ដាល់​ទៅលើដើមទ្រូង​ជនរងគ្រោះ។ ប្រភពបញ្ជាក់ថា ពេល​វាយ​រួច​ជនសង្ស័យ បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។ ចំណែក​ជនរងគ្រោះ​បានដួល​ផ្កាប់មុខ​ទៅលើ​ដី ហើយ​បាន​ក្រុមគ្រួសារ​ដឹក​យកទៅ​ពេទ្យ តែ​ជនរងគ្រោះ​ក៏បាន​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​។​

ប្រភពឲ្យដឹងទៀតថា ដោយបាន​ការបញ្ជា​ដឹកនាំ​ពីលោកស្នងការ ប៉ូលិសខេត្តកណ្តាល និងទទួលបាន​ការសម្របសម្រួល នីតិវិធី​ពី​លោកព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ព្រឹក​ថ្ងៃទី​១១ ឧសភា ២០២០ មន្ត្រី​ជំនាញ ខេត្ត ស្រុក ប៉ុស្តិ៍​​បាន​ដំណើរការធ្វើ​កោសល្យវិច័យ​លើ​សាកសព និង បើក​ការ​ស៊ើប អង្កេតរកបទល្មើស ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង។ ជា​លទ្ធផលត្រួតពិនិត្យ​សាកសព​សមត្ថកិច្ចសន្និដ្ឋានថា​ ជនរងគ្រោះ​ស្លាប់​ដោយ​អំពើ​(​ឃាតកម្ម​)។ ចំណែកសាកសព ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារញាតិសន្តានយកទៅធ្វើបុណ្យតាមគន្លងប្រពៃណី។ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតាមដានស្វែងរកចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់៕

វៀតណាម​បើក​សាលារៀន​ឡើងវិញ បន្ទាប់ពី​បន្ធូរបន្ថយ​ការទប់ស្កាត់​កូ​រ៉ូ​ណា​

​វៀតណាម ៖ អាជ្ញាធរ​នៅ​សា​លាម​ត្តេ​យ្យ និង​សាលាបឋមសិក្សា​ក្នុងប្រទេស​វៀតណាម​បានធ្វើការ​ពិនិត្យ​កម្ដៅ​របស់​កុមារ​នៅ​ក្លោងទ្វារ​នៅពេលដែល​ពួកគេ​បាន​បើក​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ការបិទ​រយៈពេល​មួយខែ​លើ​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ខណៈដែល​នៅ​ផ្នែក​ខ្លះ​នៃ​សាលារៀន​ដទៃទៀត​ក៏បាន​បើក​ឡើងវិញ​កាលពី​សប្ដាហ៍​មុន​ផងដែរ ។​

​ជាមួយនឹង​ការឆ្លង​ត្រឹមតែ ២៨៨ ករណី និង​មិនមាន​អ្នកស្លាប់​នោះ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​មិន​បានឃើញ​មានការ​ឆ្លង​ជា​សហគមន៍​រយៈពេល​ជិត​មួយខែ​មកហើយ ហើយ​បានដាក់​វា​នៅលើ​ផ្លូវ​ដើម្បី​បន្តសកម្មភាព​ឆាប់​ជាង​កន្លែង​ផ្សេងទៀត​នៅក្នុង​តំបន់ ។​

​សិស្សសាលា​ថ្នាក់​ទី ៥ ម្នាក់​ឈ្មោះ Vu Tuan Phong បាន​និយាយ​នៅ​ខាងក្រៅ​សាលាបឋមសិក្សា​របស់គាត់​នៅ​ទីក្រុង​ហាណូយ​ថា “​គ្រូបង្រៀន​បាន​ប្រាប់​យើង​ឲ្យ​ប្រើ​ទឹក​អនាម័យ​លាង​សម្អាត​ដៃ ហើយ​មិនត្រូវ​ប៉ះគ្នា​នៅ​សាលា​នោះទេ​” ។​ទន្ទឹម​នោះ​គាត់ និង​មិត្ត​រួម​សាលា​បាន​ត្រលប់​ទៅផ្ទះ​វិញ​នៅ​ពាក់កណ្តាល​ថ្ងៃ​ដោយសារ​សាលារៀន​ភាគច្រើន​មាន​រយៈពេល​បង្រៀន​ខ្លី​ជាង​មុន ខណៈពេល​មាន​ជំងឺ​រាតត្បាត​នេះ ។​

​ចំណែក​ម្តាយ​ម្នាក់​ឈ្មោះ Ngoc Anh អាយុ ២៩ ឆ្នាំ​បាន​និយាយថា “​ទាំង​ឪពុកម្តាយ​ផ្សេងៗ និង​ខ្ញុំ​ផ្ទាល់​ជឿជាក់ថា រដ្ឋាភិបាល​ក៏ដូចជា​សាលារៀន​នឹង​ចាត់វិធានការ​ល្អ​បំផុត​ដើម្បី​ឲ្យ​ក្មេងៗ​មាន​សុវត្ថិភាព​នៅក្នុង​សាលារៀន ហើយ​ឪពុកម្តាយ​មាន​សេចក្តីសុខ​ក្នុងការ​ទៅធ្វើ​ការ​ផងដែរ​” ។​បន្ថែម​ពីនេះ​ការបើក​សាលារៀន​ឡើងវិញ​ជា​ជំហាន​ចុងក្រោយបង្អស់​របស់​ប្រទេស​វៀតណាម​ក្នុងការ​បញ្ឈប់​ការទប់ស្កាត់​វីរុស​ទោះបី​ការហោះហើរ​ពាណិជ្ជកម្ម​អន្តរជាតិ ក្លឹប​រាំ និង​ខារ៉ាអូខេ​នៅតែ​ត្រូវបាន​ហាមឃាត់​ក៏ដោយ ។​

​រីឯ​សាលារៀន​សម្រាប់​កុមារ​ធំៗ​ក៏បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ផ្នែក​ខ្លះ​កាលពី​សប្តាហ៍​មុន​ផងដែរ ។​ក្នុងនោះ​លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា “​ហានិភ័យ​នៃ​ជំងឺ COVID-19 នៅ​ប្រទេស​វៀតណាម​នាពេលនេះ​គឺ​ទាប ហើយ​នោះ​គឺជា​រឿង​ល្អ ប៉ុន្តែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ផងដែរ​” ៕

 

ក្រសួងសុខាភិបាល ៖ ថ្ងៃនេះអ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ហើយពុំមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីម្នាក់ទៀតហើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១២១នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួនម្នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

អ្នកដែលជាសះស្បើយជា បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ គាត់រស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនទៅសម្រាកព្យាបាលបន្តនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្នត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕