All posts by មេគង្គ ប៉ុស្តិ៍

សិក្ខាកាមយោធាកម្ពុជាចំនួន៣រូបដែលកំពុងរៀន​នៅរុស្ស៊ី ឆ្លងកូវីដ១៩

ភ្នំពេញ ៖ សិក្ខាកាមយោធាកម្ពុជាចំនួន៣រូប ដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី បានឆ្លងនៅជំងឺកូវីដ ១៩ (COVID-19) បន្ទាប់ពីបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក៏បានរកឃើញលទ្ធផលវិជ្ជមាន។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យអនុព័ន្ធយោធាកម្ពុជាប្រចាំនៅម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០។

របាយការណ៍បន្តថា សិក្ខាកាមទាំងបីនាក់នេះ កំពុងសិក្សាឆ្នាំទី៣ ជំនាញវេជ្ជសាស្ត្រទូទៅ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធានៃទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី។

ប្រភពដដែលបញ្ជាក់ថា មូលហេតុ នៃការឆ្លងនេះ គឺដោយសារមានការឆ្លងពីបណ្តាសិក្ខាកាមយោធាជនបរទេសដទៃទៀតដែលសិក្សាជំនាញជាមួយគ្នា។ បច្ចុប្បន្នសិក្ខាកាមយោធាកម្ពុជាទាំងបីរូបត្រូវបានខាងសាលាបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងកំពុងតាមដានសុខភាពបន្តទៀត។

យោងតាមការរាយការណ៍ពីប្រធានក្រុមប្រចាំសាលាផ្ទាល់ គឺស្ថានភាពជំងឺរបស់សិក្ខាកាមទាំងាំងបីនាក់ នៅមិនទាន់មានសភាពធ្ងន់ធ្ងរទេ ដោយសារពួកគាត់បានរាយការណ៍ពីសក្ខីភាព និងស្ថានភាពជំងឺរបស់គាត់ទាំងអស់គ្នាប្រាប់ទៅពេទ្យដើម្បីពិនិត្យរកមេរោគកូវីដ១៩ ទាន់ពេល៕

 

​អ្នកទោស​​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​​ហែក​គុក​រត់គេច​ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ក្រុមទណ្ឌិតប្រមាណ៣០នាក់ នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បាននាំគ្នាវាយមន្ត្រីពន្ធនាគារឲ្យរងរបួសប្រុងរត់ចេញពីគុក ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការចាប់ជនសង្ស័យបានមកវិញទាំអស់ភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីលោក វ៉ី សំណាង គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។

បើតាមលោក វ៉ី សំណាង បានបញ្ជាក់ថា ចំពោះមូលហេតុដែលនាំឲ្យមានអ្នកទោសប្រុងរត់ និងវាយមន្ត្រីពន្ធនាគារឲ្យរបួសនេះ ដោយអ្នកទោសម្នាក់បានឈឺ ហើយត្រូវយករថយន្តសង្គ្រោះដឹកទៅព្យាបាល ពេលនោះរថយន្តសង្គ្រោះចូលទៅក៏ត្រូវ បានក្រុមអ្នកទោសបះបោរឈាន ទៅវាយមន្ត្រីពន្ធនាគារតែម្តង ហើយមានឱកាសក៏នាំគ្នារត់ចេញពីគុក ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានមកវិញ៕

អាមេរិក ៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនលើស ៤០,០០០ នាក់ និងឆ្លងជាង៧៥ម៉ឺននាក់

វ៉ាស៊ីនតោន ៖ គិតត្រឹមម៉ោង ០០ និង៣០នាទីចូលព្រឹកថ្ងៃច័ន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនលើស ៧៥០,០០០ករណីហើយ ក្នុងនោះមនុស្សស្លាប់សរុបលើស៤០,០០០នាក់។ នេះបើយោងតាមគេហទំព័រ Worldometer ។

ចំនួនអ្នកស្លាប់នៅអាមេរិកជាង៤០,០០០នាក់នេះ គឺជាចំនួនជាងច្រើន២ដង នៃប្រទេសអេស្ប៉ាញ ដែលស្លាប់ប្រមាណ២០,០០០នាក់ និងអ៊ីតាលី ស្លាប់ប្រមាណជាង២៣,០០០នាក់ ស្របពេលបារាំងចំនួនស្លាប់សរុបក្បែរ២០,០០០នាក់ដែរ។

តាមទៅលើតួលេខខាងលើនេះ សហរដ្ឋអាមេរិកមិនត្រឹមតែនៅតែបន្តឈរលេខ១ លើពិភពលោក ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតប៉ុណ្ណោះទេ តែក៏កំពុងរ៉ាប់រងករណីឆ្លងជាង ៣០% នៃករណីឆ្លងជំងឺនេះសរុប ២.៣លាននាក់ នៅទូទាំងពិភពលោកផងដែរ៕

 

ព្រឹកនេះក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០វេលាម៉ោង៩៖៣០នាទី រៀបចំសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា។ សន្និសីទសារព័ត៌មាននេះត្រូវធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល។

សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាបអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ។ សន្និសីទក៏នឹងផ្តល់ព័ត៌មានស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ។

សូមជម្រាបថា ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា អ្នកជាសះស្បើយសរុបកើនដល់១០៥នាក់ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមានត្រឹមតែ១៧នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕

 

(Video) បង្រៀនប្រពន្ធបើកឡាន បុករះរបួសធ្ងន់ម្នាក ស្រាល២នាក់ រថយន្តជ្រុលធ្លាក់ពីលើស្ពាន

បន្ទាយមានជ័យ ៖ មនុស្សយ៉ាងហោចណាស់បីនាក់បានរងរបួសធ្ងន់ស្រាល រីឯរថយន្តចុះដេកក្នុងទឹក ខណៈដែលបុរសម្នាក់បង្រៀនប្រពន្ធអោយបើកបរ។ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង១០នាទីរសៀលថ្ងៃទី១៩ខែមេសាឆ្នាំ២០២០ស្ថិតលើខ្នងអាងចំនុចស្ពានទី១រមណីយ៍ដ្ឋានអាងត្រពាំងថ្ម ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។

យោងតាមសម្តីអ្នកឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2A 9331បើកពីកើតទៅលិចមកដល់ចំនុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកអ្នកលក់ឈូកលើខ្នងអាងពេញទំហឹងបណ្តាលអោយធ្លាក់ទាំងមនុស្ស រថយន្ត ចូលទៅក្នុងទឹកអាង។

លោក យ៉ត សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកបានអោយដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន
១.ឈ្មោះ ព្រីញ ដា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅភូមិ មាត់ស្រះ ឃុំ ស្រះជីក ស្រុក ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ( របួសធ្ងន់ បែកក្រោមត្របកភ្នែកខាងឆ្វេង) ២.ឈ្មោះ លាង ភាឡៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ត្រូវជាប្តី រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់ រលាត់ជញ្ជើមឆ្វេង)ជាម្ចាស់រថយន្ត និងទី៣- ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងថ្មជើង ឃុំ ប៉ោយចារ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ ជាអ្នកឈូក គៀនត្រជៀកស្ពានទី ១ ផ្នែកខាងលិច (របួសធ្ងន់ ) ។

លោកអធិការបានអោយដឹងទៀតថាក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកភ្នំស្រុក ដោយស្ថានភាពធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី ។

ហេតុការណ៍នេះដែរ បើយោងតាមការបញ្ជាក់ពីលោកអធិការបានអោយដឹងថា គឺបណ្តាលមកពីឈ្មោះ ព្រីញ ដា រៀនបើកបរ ដោយខ្វះការប្រុងប្រយ័ត្ន ៕

EBCA ផ្ញើលិខិតទៅ EU សុំពន្យារការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA) ពីកម្ពុជា

​ភ្នំពេញ ៖ លោក ខេន លូ អគ្គលេខាធិការ  GMAC បានបញ្ជាក់ថា បច្ចុប្បន្នសមាគម (GMAC) កំពុងធ្វើការងារជិតដិតជាមួយសម្ព័ន្ធសម្លៀកបំពាក់ម៉ាកល្បីៗនៅអឺរ៉ុប (EBCA) ជុំវិញការស្នើសុំទៅសហភាពអឺរ៉ុប (EU) ពាក់ព័ន្ធការដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា ដោយសារតែការរីករាលដាលកូវីដ ១៩ បានប៉ះពាល់ដល់វិស័យឧស្សាហកម្មកាត់ដេរ។ លោកថ្លែងថា «យើងកំពុងសហការសម្របសម្រួលជាមួយ EBCA ជុំវិញការស្នើសុំទៅ EU ហើយសង្ឃឹមថា EU នឹងពិចារណា និងយល់ព្រមចំពោះការស្នើនេះ។

គួររំលឹកថា កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ សមាគមសម្លៀកបំពាក់ម៉ាកល្បីៗនៅអឺរ៉ុប (EBCA ) បានដាក់លិខិតមួយទៅសហភាពអឺរ៉ុប (EU) ដើម្បីស្នើសុំទៅលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបឲ្យពន្យារពេលការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា ដោយលើកឡើងថា ការរីករាលដាលជំងឺកូវីដ ១៩ កំពុងបង្កឲ្យមានបញ្ហាប្រឈមដែលមិនធ្លាប់មាននៅពាសពេញពិភពលោក រួមទាំងកម្ពុជាផងដែរ។

សូមបញ្ជា្កក់ថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុប (EU) បានកើនឡើង ៥,៤ ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០១៨។ ក្នុងនោះចំនួន ៩៥,៧ ភាគរយ ឬ ៥,២ ពាន់លានអឺរ៉ូ ក្នុងចំណោម ៥,៤ ពាន់លានអឺរ៉ូ ចូលទៅទីផ្សារ EU ស្ថិតក្រោមប្រព័ន្ធអនុគ្រោះពន្ធ(EBA)៕

ផ្ទះមួយខ្នងរបស់នាយកមណ្ឌលកុមារមេគង្គរងការឆាបឆេះ

បន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងដែលសង់ឡើងអំពីថ្មក្រោមឈើលើ ស្ថិតក្នុងមណ្ឌលកុមារមេគង្គ ក្នុងភូមិអូរំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានរងការឆាបឆេះអស់ស្ទើរទាំងស្រុងខណៈដែលម្ចាស់មិននៅ ។ហេតុការណ៍នៃការឆាបឆេះនេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ប៊ុន ផេង ស្នងការរង ទទួលការងារគ្រប់អាវុធជាតិផ្ទុះនិងអគ្គីភ័យ បានឲ្យដឹងថា៖ផ្ទះដែលរងការឆាបឆេះមានទំហំ៩ម៉ែត្រគុណ៦ម៉ែត្រថ្មក្រោមឈើលើ ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ាតាំង ឆាលម៉ាំងឌីយ៉ូ ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិ ស្វីស សញ្ជាតិ ខ្មែរ ជាប្រធានមណ្ឌលកុមារមេគង្គ ។

លោកបន្តថានៅពេលកើតហេតុម្ចាស់ផ្ទះមិននៅដោយរវល់ចុះទៅធ្វើការងារនៅស្រុកម៉ាឡៃ រួចចាក់សោទុកចោល ។ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ ដែររថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងមានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ១គ្រឿងនិងរថយន្តរបស់ស្នងការដ្ឋាននគរ បាលខេត្តចំនួន២គ្រឿងបានចេញអន្តរាគមន៍ ហើយបាញ់ទឹកពន្លត់ អស់ចំនួន៤រថយន្ត ទើបគ្រប់គ្រងស្ថានការបាន នៅវេលាម៉ោង៣រសៀល ភ្លើងរលត់ទាំងស្រុង ។

យោងតាមការសន្និដ្ឋានចំពោះការខូចខាតនៃគ្រោះអគ្គីសភ័យបានបញ្ជាក់អោយដឹងថា ផ្ទះខូចខាតអស់៧០% ផ្នែកឈើខាងលើឆេះអស់ទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន។ចំពោះមូលហេតុដែលបង្កឲ្យឆេះ នេះគឺបណ្តាលមកពីទុស្សេរខ្សែភ្លើង៕

រដ្ឋបាលខេត្តព្រះវិហារ ប្រគេនបច្ច័យជាង៣ពាន់ដុល្លារ និងទេយ្យវត្ថុដល់ព្រះសង្ឃនៅវត្តកែវសិក្ខាគិរីស្វារៈ លើកំពូលភ្នំដងរែក

ដោយ ៖ កូវ ប៊ុនហេង

ខេត្តព្រះវិហារ ៖ វត្តកែវសិក្ខាគិរីស្វារៈ គឺជាវត្តដ៏ចំណាស់មួយ សង់នៅជាប់នឹងចម្រាក់ភ្នំ ឡើងទៅកាន់ប្រាសាទព្រះវិហារ ស្ថិតនៅលើកំពូលភ្នំដងរែក ដ៏ខ្ពស់របស់កម្ពុជា។ វត្តដាច់ស្រយាលមួយនេះ ត្រូវគេដឹងថា មិនសូវមានប្រជាពុទ្ធបរិស័ទ នាំយកទេយ្យវត្ថុ ឬ បច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅទីនោះឡើយ ក្រៅពីអភិបាលរខេត្ត អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋាន នៅក្នុងដែនដីនោះប៉ុណ្ណោះ។

លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តនិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត នាំយកថវិកាជាង ៣០០០ដុល្លារអាមេរិក ទេយ្យទាន រួមទាំងភ័ស្តារជាច្រើនមុខ ទៅប្រគេនព្រះសង្ឃដែលគង់ចាំអស់ត្រីមាស ក្នុងពុទ្ធសីមា។ ការប្រគេនបច្ច័យនោះ ថ្នាក់ដឹកនាំខេត្ត បានធ្វើឡើងកាលពី ថ្ងៃទី១៨ខែមេសាឆ្នាំ២០២០ នេះ នៅវត្តកែវសិក្ខាគិរីស្វារៈ នៃប្រាសាទព្រះវិហារ នៅក្នុងកាលៈទេសៈមួយដ៏លំបាក គ្រាដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលជាសកល នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ ហើយនៅកម្ពុជា នាគ្រាបច្ចុប្បន្ន អ្នកផ្ទុកជំងឺកូវីដ១៩នេះ បានជាសះស្បើយជាបន្តបន្ទាប់ និងនៅមានអ្នកកើតកូវីដ ថយមកនៅចំនួនតិចតួច ប៉ុណ្ណោះ។

បន្ទាប់ពីថ្នាក់ដឹកនាំខេត្តព្រះវិហារ បានប្រគេនបច្ច័យ និងទេយ្យទាន ជូនព្រះសង្ឃរួចហើយ បលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមនឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានអញ្ជើញឡើងទៅកាន់ប្រាសាទព្រះវិហារ ដែលជារមណីដ្ឋានបុរាណ និងបង្កប់ទៅដោយវប្បធម៌រូបិយ និងអរូបិយ ជាច្រើន នៅលើកំពូលភ្នំដងរែក ដែលជាទីខណ្ឌចែកទឹកដី រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីថ្វាយបង្គុំ និងបួងសួងសុំសេចក្តីសុខ ពីព្រះគុណព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធ កែវទាំងបី និងបារមីលោកតាឌី ដែលជាអតីតមេទ័ពប្រមុខ ការពារប្រាសាទព្រះវិហារ របស់ប្រទេសកម្ពុជា ឲ្យបានគង់វង្សមកទល់សព្វថ្ងៃ និងបានបួងសួង បន់ស្រន់សុំសេចក្តីសុខ ពីទេព្តាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី បុត្រីទី២ កបិលមហាព្រហ្ម ប្រោសប្រទានសេចក្តីសុខ ចម្រើន សិរីមង្គល វិបុលសុខ បរវមហារប្រសើរ ជូនដល់ប្រមុខរាជរដ្ឋាភិបាល រដ្ឋសភាជាតិ ព្រឹទ្ធសភាជាតិ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំខេត្តព្រះវិហារ មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ និងប្រពលរដ្ឋខ្មែរ គ្រប់ក្រមគ្រួសារ ជានិច្ចនិរន្តន៍។

ស្របពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានបំពាក់ក្រមា និងឧបត្ថម្ភថវិកាមួយចំនួន ដល់យុទ្ធជនការពារព្រំដែន និងមន្ត្រីអភិរក្សតំបន់ប្រាសាទព្រះវិហារ ដែលកំពុងឈរជើងការពារទឹកដី នៅលើកំពូលភ្នំដងរែក នៃប្រាសាទព្រះវិហារ។ ក្រៅពីនោះ ថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកា ១លានរៀល ដល់មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ យ៉ោក វណ្ណលុច ទទួលបន្ទុកការងារសន្តិសុខ អាជ្ញាធរជាតិព្រះវិហារ ទុកដោះស្រាយ នៅក្នុងការបំពេញភារកិច្ច ការពារជាតិ ៕

ក្រសួង ប្រាប់នីតិវិធីសម្រាប់កម្មករ និយោជិត អាចទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារពេលរោងចក្រព្យួរការងារ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំថ្មី សំដៅជួយដល់រោងចក្រ សហគ្រាស និងកម្មករ និយោជិតនៅកម្ពុជា ក្នុងពេលវិបត្តិកូវីដ១៩។ ក្រសួងការងារ បាន ប្រាប់នីតិវិធីសម្រាប់កម្មករ និយោជិត ក្នុងការទទួលបានប្រាក់ឧបត្ថម្ភ៤០ដុល្លារ អំឡុងពេលរោងចក្រព្យួរការងារ។

នៅក្នុងសេចក្តីណែនាំនៅថ្ងៃទី១៧ មេសានេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានប្រាប់ឲ្យរោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ត្រូវរួសរាន់ផ្តល់លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទផ្ទាល់ខ្លួន ដែលអាចទាក់ទងបានទៅម្ចាស់ រឺនាយករោងចក្រ សហគ្រាស គ្រឹះស្ថានក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៏ ដើម្បីចងក្រងជាបញ្ជីផ្តល់ជូនក្រសួង យកទៅរៀបចំនីតិវិធីបើកផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន៤០ដុល្លារក្នុងមួយខែ តាមរយៈធនាគារឯកទេសវីង ទៅកម្មករ និយោជិត។ ក្នុងករណីគ្មានលេខទូរស័ព្ទផ្ទាល់ខ្លួន ត្រូវផ្តល់ លេខទូរស័ព្ទជារបស់ប្តី ប្រពន្ធ កូន ឪពុក ម្តាយ រឺបងប្អូនបង្កើត និងមិនត្រូវផ្លាស់ប្តូរលេខទូរស័ព្ទជាដាច់ខាត។ ការទទួលបានប្រាក់ឧបត្ថម្ភនេះ គឺសម្រាប់រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យទេសចរណ៏ គ្រាដែលរោងចក្រ សហគ្រាស របស់ខ្លួន ត្រូវបានព្យួរ រឺផ្អាកដំណើរការ ដោយសារវិបត្តិកូវីដ១៩។

តាមសេចក្តីជូនដំណឹង បានបន្ថែមថា កម្មករ និងនិយោជិត នឹងទទួលបានប្រាក់១៥ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ ទទួលបានប្រាក់៣០ដុល្លារ សម្រាបើការព្យួរកិច្ចសន្យារយៈពេល១១ថ្ងៃ ដល់២០ថ្ងៃ និងចំនួន៤០ដុល្លារ សម្រាប់ការព្យួរកិច្ចសន្យាការងារយៈពេល២១ថ្ងៃ ដល់១ខែ។ ក្រោយពេលព្យូរកិច្ចសន្យាការងារចំនួន១០ថ្ងៃ កម្មករនិយោជិត នឹងទទួលបានសារតាមទូរស័ព្ទពីធនាគារ ឯកទេសវីង ដែលជម្រាបដំណឹងអំពីចំនួនទឹកប្រាក់ដែលត្រូវទទួលបាន។

ក្រសួងការងារ ក៏បានក្រើនរំលឹកកម្មករ និយោជិត ត្រូវសហការផ្តល់លេខ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព័្ទដែលអាចទំនាក់ទំនងបាន ទៅរោងចក្រ សហគ្រាស ជាដាច់ខាត ដើម្បីងាយស្រួលទាក់ទងនៅបើកថវិកាឧបត្ថម្ភ។ ក្រសួងការងារ ក៏បានព្រមានថា កម្មករ និយោជិតណាម្នាក់ ដែលខកខាន មិនបានផ្តល់អត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរ និងលេខទូរសព័្ទដល់រោងចក្រ សហគ្រាស គ្រឹះស្ថាន មានន័យថា សាម៉ីជនបានស្ម័គ្រចិត្តមិនទទួលយកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលមានចំនួន៤០ដុល្លារក្នុងមួយខែនេះទេ៕

ថ្ងៃនេះ នៅកម្ពុជាគ្មានករណីឆ្លងជំងឺកូវីដ ១៩ ថ្មីទេ តែមានអ្នកជាសះស្បើយចំនួន៥នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែមេសា នេះ បានប្រកាសពីករណីជាសះស្បើយ៥នាក់បន្ថែមទៀតពីជំងឺ COVID-19 នៅកម្ពុជា ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបឡើងដល់ ១០៣នាក់ ក្នុងចំណោមអ្នកជំងឺ ១២២នាក់។ អ្នកសះស្បើយចំនួន៥នាក់ ដែលក្រសួងបានប្រកាសនៅថ្ងៃនេះ មានជនជាតិអាមេរិក ២នាក់ និងអង់គ្លេស ម្នាក់ ជាអ្នកដំនើរលើនាវា Viking Cruise Journey ដែលចូលចតនៅខេត្តកំពង់ចាម។ ម្នាក់ទៀតជាបុរសជនជាតិកាណាដា ដែលបម្រើការនៅសាលាអន្តរជាតិមួយនៅកោះពេជ្យ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរអាយុ ៣៨ឆ្នាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន ១៩នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕

លោក ម៉ា ឈឿន ចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់កំលាំងប្រដាប់អាវុធទាំង៣នៅស្រុកជើងព្រៃ

ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ នៅសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកបណ្ឌិត ម៉ា ឈឿនតំណាងរាស្រ្តមណ្ឌលកំពង់ចាមនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខនឹងនាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត និង លោកស្រីកិត្តិបណ្ឌិត ចែកជូនដល់កំលាំងប្រដាប់អាវុធទាំង៣ ចំនួន១៤៧នាក់ដែលបានខិតខំបំពេញ បេសកម្មជូនជាតិមាតុភូមិ កន្លងមក ក្នុងម្នាក់ទទួលបាន អង្កចំនួន២៥kg ត្រីខកំប៉ុង១០កំប៉ុងនិងក្រម៉ាចំនួន១ ថវិកាចំនួន ២០ ០០០រៀល ។

លោកបណ្ឌិត និងលោកស្រីកិត្តិបណ្ឌិត តែងតែយកចិត្តទុកដាក់និងបានដោះស្រាយដល់ការលំបាករបស់ ប្រជាជនស្រុកជើងព្រៃ និងសុខទុក្ខ របស់កងកំលាំងទាំង៣ មន្ត្រីរាជការទាំងអស់ផងដែរ។

ក្នុងឱកាសនោះដែរលោកបណ្ឌិតក៍ បានថ្លែងអមណអរគុណដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដោយមិនបានសម្រាកដេីម្បីការពារសុវត្ថិភាពជួនបងប្អូនប្រជាពលរដ្ឋក៍ដូចជារួមចំណែកចូលរួមប្រយុទ្ធប្រឆាំងការីករាលដាលជំងឺកូវីដ-19រួមជាមួយរដ្ឋាភិបាល។

លោកបណ្ឌិតបានណែនាំដល់កងកម្លាំងទាំង៣ប្រភេទក៍ដូចជាពលរដ្ឋទាំងអស់អោយចេះការពារនឹងវិធីបង្ការជម្ងឺកូវីដ-19ដោយលាងដៃជាមួយសាប៊ួ អាកុលឬចែលអោយបានញឹកញាប់៕ដោយ ៖ ប៉ែន សុផល

សាខាកាកបាទក្រហមកម្ពុជាប្រគល់ផ្ទះជូនលោកយាយទីទ័លក្រ១ខ្នង ក្នុងស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ ផ្ទះថ្មីមួយខ្នងមានទំហំបណ្តោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រ កំពស់៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ផ្ទះរាបបាតចាក់បេតុងចំណាយអស់ថវិការសរុបចំនួន ១,៧៦៨ដុល្លាជាជំនួយថវិការពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីប្រគល់ជូនលោកយាយ យឹម យឿម អាយុ៧៨ឆ្នាំ នៅភូមិរកាថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ពិធីប្រគល់ធ្វើឡើងនៅរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
យោងតាមសម្តីលោកមេឃុំស្វាយចេកបានអោយដឹងថាលោកយាយ យឹម យឿម ពុំមានសមាជិកគ្រួសារនោះទេ រស់នៅតែម្នាក់ឯងគ្មានប្តីគ្មានកូនបងប្អូន កូនក្មួយរស់នៅក្នុងសភាពក្រីក្រ ផ្ទះចាស់ទ្រុឌទ្រោមខ្លាំង និងមិនអាចប្រកបមុខរបរបាន ដោយវ័យចាស់ជរាគ្មានប្រភពចំណូលដោយស្ថានភាពទីទ័លក្រលំបាកខ្លាំងត្រូវបង្ខំចិត្តសុំស្នាក់នៅពឹងពាក់អាស្រ័យជាមួយអ្នកជិតខាង។
លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា៖ផ្ទះថ្មីដែលបានធ្វើពិធីប្រគល់ជូនលោកយាយ យឹម យឿម នាពេលនេះគឺជាផ្ទះមនុស្សធម៌ទី៦ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានលក្ខណៈសមរម្យហើយនឹងរឹងមាំអាចកាត់បន្ថយហានីភ័យបានមួយកម្រិត និងបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធានដឹកនាំនៃស្ថាប័នមនុស្សធម៌ធំជាងគេក្នុងប្រទេសកម្ពុជាយើង ។ ហើយគោលការណ៍របស់កាកបាទក្រហមគឺអោយតែប្រជាពលរដ្ឋជួបនូវការលំបាកទីណា គឺទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដូចមានទិសស្លោកពោលថា(កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាដោយមិនទុកនណាម្នាក់ចោលនោះឡើយ)។ក្រោយពីប្រគល់ផ្ទះជូនលោកយាយ ក៏បានផ្តល់នូវអំណោយមនុស្សធម៌បន្ថែមរួមមាន៖អង្ករ៥០គីឡូក្រាម,ត្រីខ២០កំប៉ុង,មី២កេស,ទឹកសីុអុីវ៦ដប,ប្រេងឆា១ដប,កន្ទេលជ័រ១,មុង១,ភួយ១,សារុង១,ក្រម៉ា១,អាវយឺត២,ឆ្នាំង២,ចានបាយ៥,ស្លាបព្រា១០ និងប្រជាពលរដ្ឋចូលរួមម្នាក់ៗទទួលបានក្រម៉ា១ អាវយឺត២និងសាប៊ូលាងដៃមួយចំនួន។
នាថ្ងៃដដែលនោះដែរឯកឧត្តម អ៊ុ រាត្រី និងអស់លោក លោកស្រីរួមដំណើរបានអញ្ជើញចូលរួមក្នុងការឧបត្ថម្ភជួយសាងសង់ផ្ទះ១ខ្នងទៀត ជូនលោកស្រី វ៉ាន ម៉ីន អាយុ៦២ឆ្នាំរស់នៅជាមួយចៅស្រីតូចក្នុងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានជីវភាពទ័លក្រគ្មានផ្ទះសម្បែងត្រឹមត្រូវ ហើយក្នុងការសាងសង់ផ្ទះនេះយើងឃើញថាមានការជួយជ្រោមជ្រែងពីព្រះតេជគុណព្រះអនុគុណស្រុកស្វាយចេក កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជនផងដែរ៕

ថ្ងៃនេះអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥ទៀត ធ្វើនិងពុំមានករណីឆ្លងថ្មីទេ

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៣នាក់ ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៩នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។

ចំពោះករណីអ្នកជាសះស្បើយចំនួន៥នាក់រួមមាន ៖ ជនបរទេស៣នាក់ ដែលជាភ្ញៀវមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ក្នុងនោះជនជាតិអាមេរិកាំង២នាក់ និងអង់គ្លេសម្នាក់។ បុរសជនជាតិកាណាដាម្នាក់ អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយ នៅកោះពេជ្រ ស្នាក់នៅបុរីកោះពេជ្រ និងបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលមានទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុមមោងប្ញស្សី ខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពិនិត្យអវិជ្ជនៃជំងឺកូវីដ១៩ មានចំនួន២ដង៕

 

ប្រពន្ធចាប់ទាញស្លឹកត្រចៀក ស្មានតែទាញថើបដឹងអីទាញទៅអា.ក សោះ

បន្ទាយមានជ័យ ៖ បុរសម្នាក់បានហូរឈាមជោគពេញខ្លួន ព្រោះតែស្ត្រីជាប្រពន្ធបានចាប់ទាញស្លឹកត្រចៀកមកអា.ក បង្កឲ្យមានការភ្ញាក់ផ្អើល។ហេតុការណ៍ហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែមសាឆ្នាំ២០២០ នៅភូមិបន្ទាយថ្មីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុក អូរជ្រៅ បានឲ្យដឹងថា៖បុរសរងគ្រោះជាប្តីឈ្មោះ គុជ អាយុ ៤១ឆ្នាំ និងជនដៃដល់ជាប្រពន្ធឈ្មោះ ទឹម ម៉ៅ អាយុ៣២ឆ្នាំ ។គ្រួសារនេះ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖នៅយប់កើតហេតុ បុរសជាប្តីកំពុងផឹកស្រា រាំលេងសប្បាយជាមួយអ្នកភូមិ នៅពេលកំពុងអង្គុយផឹកសប្បាយនោះ ស្ត្រីជាប្រពន្ធបានដើរទៅជិតប្តីហើយចាប់ទាញស្លឹកត្រចៀក ពេលនោះប្តីស្មានតែចាប់ទាញស្លឹកត្រចៀកក្នុងន័យខ្នាញ់ចង់ថើបក៏អោនក្បាលទៅស្រាប់តែស្ត្រីជាប្រពន្ធអា.កនិងផ្លែឡាម បណ្តាលឲ្យចេញឈាមជោគពេញខ្លួនដួលសន្លប់នៅនឹងកន្លែង ត្រូវបាននាំបញ្ជូនទៅមណ្ឌលសុខភាពអូរបីជាន់ជួយព្យាបាលនិងសង្រ្គោះ តែដោយឈាមហូរខ្លាំងពេកបុគ្គលិកមណ្ឌលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ចំណែកស្ត្រីជាប្រពន្ធត្រូវកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំអូរបីជាន់និងវរសេនាតូចការពារព្រំដែនលេខ៩១១ឡោមព័ទ្ធ ចាប់ខ្លួនបានក្រោយធ្វើសកម្មភាព ។

លោកអធិការបានបន្តថា៖តាមការសាកសួរចម្លើយ ស្ត្រីជាប្រពន្ធ បានសារភាពថា ចំពោះបញ្ហាខ្លួនយកផ្លែឡាមអា.កប្តីនោះ ក៏ព្រោះតែខ្លួនស្រវឹងស្រា ហើយប្រច័ណ្ឌប្តី រួមទាំងចូលឆ្នាំគ្មានលុយផងនោះ ក៏មានចិត្តខឹងនឹងប្តី ។បច្ចុប្បន្នជនសង្ស័យជាប្រពន្ធ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់កំលាំងប្រដាប់អាវុធទាំង៣នៅស្រុកជើងព្រៃ

ដោយ ៖ ប៉ៃន សុផល 

ខេត្តកំពង់ចាម ÷ ព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ នៅសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម ឯកឧត្តមបណ្ឌិត ម៉ា ឈឿនតំណាងរាស្រ្តមណ្ឌលកំពង់ចាមនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចុះសួរសុខទុក្ខនឹងនាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមបណ្ឌិត និង លោកជំទាវកិត្តិបណ្ឌិត ចែកជូនដល់កំលាំងប្រដាប់អាវុធទាំង៣ ចំនួន ១៤៧នាក់ដែលបានខិតខំបំពេញ បេសកម្មជូនជាតិមាតុភូមិ កន្លងមក ក្នុងម្នាក់ទទួលបាន អង្កចំនួន២៥kg ត្រីខកំប៉ុង ១០កំប៉ុង និងក្រម៉ាចំនួន១ ថវិកាចំនួន ២០ ០០០រៀល ។

ឯកឧត្តមបណ្ឌិត និងលោកជំទាវកិត្តិបណ្ឌិត តែងតែយកចិត្តទុកដាក់និងបានដោះស្រាយដល់ការលំបាករបស់ ប្រជាជនស្រុកជើងព្រៃ និងសុខទុក្ខ របស់កងកំលាំងទាំង៣ មន្ត្រីរាជការទាំងអស់ផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្ដមបណ្ឌិតក៍ បានថ្លែងអមណអរគុណដល់កងកម្លាំងដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដោយមិនបានសម្រាកដេីម្បីការពារសុវត្ថិភាពជួនបងប្អូនប្រជាពលរដ្ឋក៍ដូចជារួមចំណែកចូលរួមប្រយុទ្ធប្រឆាំងការីករាលដាលជំងឺកូវីដ-19រួមជាមួយរដ្ឋាភិបាល។

ឯកឧត្ដមបណ្ឌិតបានណែនាំដល់កងកម្លាំងទាំង៣ប្រភេទក៍ដូចជាពលរដ្ឋទាំងអស់អោយចេះការពារនឹងវិធីបង្ការជម្ងឺកូវីដ-19ដោយលាងដៃជាមួយសាប៊ួ អាកុលឬចែលអោយបានញឹកញាប់៕