All posts by មេគង្គ ប៉ុស្តិ៍

ក្រសួងកំពុងស្រាវជ្រាវករណីទណ្ឌិតវាយឆ្មាំគុក និងបម្រុងរត់ចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ មានបានប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី២០ មេសា នេះថា វីអូឌីនៅថ្ងៃនេះថា នៅម៉ោងប្រហែល ៧ យប់ថ្ងៃទី១៩ មេសា មានជនជាប់ចោទម្នាក់ដែលមន្ត្រីពន្ធនាគារដាក់ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ទើបតែបញ្ជូនចូលឃុំជាមួយពិរុទ្ធជន ជនជាប់ឃុំជាង ៣០នាក់ទៀត បានប្រាប់មន្ត្រីពន្ធនាគារថា ឈឺពោះ សុំទៅពេទ្យ។  ខណៈមន្ត្រីពន្ធនាគារយកសម្ភារត្រៀមបញ្ជូនទៅពេទ្យ ស្រាប់តែពិរុទ្ធជន និងជនជាប់ឃុំប្រមាណជា ៣២នាក់ បានវាយមន្ត្រីពន្ធនាគារពីរនាក់បណ្តាល ឱ្យរងរបួសក្បាល ចិញ្ចើម និងពោះ ហើយនាំគ្នាបម្រុងរត់គេចចេញ។ ប៉ុន្តែភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានទាំងអស់នៅកន្លែងកើតហេតុ។

មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគាររូបនោះបញ្ជាក់ថា ក្រុមការងារជំនាញកំពុងស្រាវជ្រាវរកអ្នកផ្តើមគំនិត និងអ្នកសមគំនិត ដែលនាំគ្នារត់ចេញពីពន្ធនាគារ ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការច្បាប់៕

ទីតាំងចត្តាឡីស័ក ១០កន្លែងនៅភ្នំពេញ សម្រាប់ត្រួតពិនិត្យសុខភាពកម្មករ ដែលត្រឡប់មកពីចូលឆ្នាំនៅស្រុកកំណើត

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំឱ្យមានមណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង រាយតាមតំបន់ដែលមានរោងចក្រច្រើននៅរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិត ឱ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ក្រោយពួកគាត់ត្រលប់ពីស្រុកកំណើត និងឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅ។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា នៅរាជធានីភ្នំពេញ ក្រសួងការងារ បានរៀបចំមណ្ឌល ពិនិត្យសុខភាព បណ្តោះអាសន្នចំនួន១០កន្លែង គឺមាននៅតំបន់ផ្លូវវេងស្រេងចំនួន៣កន្លែង, តំបន់ឧស្សាហ៍កម្មវឌ្ឍនៈ២កន្លែង, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ១កន្លែង, វិទ្យាល័យជម្ពូវ័ន្ត១កន្លែង, អនុវិទ្យាល័យដង្កោរ១កន្លែង, វិទ្យាល័យឬស្សីកែវ១កន្លែង និងវិទ្យាល័យគោកបញ្ជាន់ ១ន្លែង”៕

ចំនួនករណីឆ្លង COVID-19 ទូទាំងពិភពលោកកើនលើស ២.៤៨លាននាក់

បរទេស ៖ គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៤៨១,០២៦នាក់ហើយ ដោយក្នុងនោះអ្នកជំងឺ ដែលបានបាត់បង់ជីវិតមានចំនួន ១៧០,៤២៣នាក់ និងជាសះស្បើយឡើងវិញ ៦៤៦,៦៧៥នាក់ នៅតាមបណ្តាប្រទេស និងដែនដីចំនួន ២១០។ នេះបើយោងតាមនេះ​បើ​យោងតាម​ទិន្នន័យ​ពី​គេហទំព័រ worldometer៕

 

ទីម័រខាងកើត ស្នើកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដោយសារជំងឺកូវីដ១៩

ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈពិភពលោកកំពុងទទួលរងឥទ្ធិពល ប្រទេសជាច្រើនកំពុងមានការព្រួយបារម្ភពីការខ្វះខាតស្បៀង ក្នុងនោះប្រទេសទីម័រខាងកើតក៏កំពុងព្រួយបារម្ភ ហើយបានស្នើសុំកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដោយសារតែជំងឺឆ្លងដ៏សាហាវនេះ ។
នៅក្នុងជំនួបរវាងអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា រួមនឹងក្រុមហ៊ុនហ្គ្រីនត្រេដ អគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតបានស្នើភាគីកម្ពុជា នាំអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដែលអាចកើតឡើងដោយសារតែជំងឺកូវីដ ១៩ ។
តាមសម្រង់សម្ដីលោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជាថ្លែងប្រាក់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា កាលពីមុនទីម័រខាងកើតបានបញ្ជាទិញអង្ករពីប្រទេសវៀតណាម តែក្រោយមកវៀតណាមក៏បានបិទ ការនាំចេញទើបទីម័រចាប់អារម្មណ៍មកលើអង្ករកម្ពុជា និងបានទាក់ទងមកកម្ពុជា ដើម្បីស្នើសុំទិញសម្រាប់ផ្គត់ផ្គង់វិញ ។
លោកបន្តថា បើពិនិត្យទៅមើលលទ្ធភាព និងស្ដុកអង្កររបស់កម្ពុជា ឃើញថាកម្ពុជាអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត ក្នុងបរិមាណ ២ ទៅ៣ម៉ឺនតោនក្នុងមួយខែ ។ ប៉ុន្ដែខាងភាគីកម្ពុជាបានស្នើសុំឲ្យភាគីទីម័រខាងកើតបញ្ជូនលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស ដោយបញ្ជាក់លើបរិមាណ រយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗនៃការផ្គត់ផ្គង់ ដូចជាការវេចខ្ចប់ ការដឹកជញ្ជូន និងប្រភេទអង្ករ ដែលត្រូវការជាដើម ហើយខាងភាគីកម្ពុជានឹងរង់ចាំសហការ និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលជានិច្ច។
លោកបញ្ជាក់ថា លទ្ធភាពឥឡូវនេះ យើងនៅចាំគាត់សិន ទី១យើងចាំលិខិតផ្លូវការរបស់គាត់ ព្រោះការងារនេះ ធ្វើឡើងរវាងរដ្ឋនឹងរដ្ឋ។ ដូច្នេះ ចាំមើលលិខិតផ្លូវការរបស់គាត់ផ្ញើពីរដ្ឋាភិបាលគាត់មកខាងរដ្ឋាភិបាលយើងសិន ហើយទី២ ទាក់ទងនឹងបរិមាណយើងមានផ្គត់ផ្គង់ឲ្យគាត់២ ទៅ៣ម៉ឺនតោនក្នុងមួយខែក៏បានដែរ អត់មានចំណុចជាបញ្ហាចោទទេ! ហើយទី៣ វាអាស្រ័យលើតម្លៃ ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ២០២០ កម្ពុជា សម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណ ជាង២៣ម៉ឺនតោន ក្នុងនោះទីផ្សារចិននៅតែជាទីផ្សារធំជាងគេ ដែលបាននាំចេញប្រមាណជាង១០ម៉ឺនតោន ។ សម្រាប់ទីផ្សារប្រទេសអាស៊ានកម្ពុជាបាននាំចេញអង្ករប្រមាណជាង២ម៉ឺន៨ពាន់តោនផងដែរ ៕

 ថ្ងៃនេះមាន​អ្នកជំងឺ៣នាក់​ទៀត​​ជាសះស្បើយ​ពីកូវីដ១៩ និងអត់មានអ្នកឆ្លងថ្មីទេ

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។

ករណីជាសះស្បើយចំនួន០៣នាក់រួមមាន ៖ បុរសជនជាតិខ្មែរ អាយុ៤៧ឆ្នាំ និងស្ត្រីជាភរិយា អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ។  បុរសជនជាតិចិនសញ្ជាតិកាណាដាអាយុ ៥០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់បឹងកេងកងមួយខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយដោយទទួលបានលទល់តែស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាន់ស្រែក្រោម៕

 

 

 

អភិបាលខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាលកងកម្លាំងកងពលលេខ៩០ ជួយដឹកជញ្ជូនប្រជាពលរដ្ឋ

ដោយ ៖ នូ វី

បន្ទាយមានជ័យ ៖ នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃអាទិត្យទី១៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយថវិកាលើកទឹកចិត្តបន្ថែម ដល់កងកម្លាំងយោធាកងដឹកជញ្ជូនលេខ៩០ ចំនួន ៥២នាក់ ឡានចំនួន៥០ គ្រឿង ដែលបានចូលរួមជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ រយៈកាលកន្លងនេះ ។

លោក អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានថ្លែងការអរគុណ និងកោតសរសើចំពោះកងកម្លាំងយោធាកងពលលេខ៩០ និងកងកម្លាំងប្រដាប់អាវុធ ក្រុមការងារគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ចំពោះមុខកន្លងមក ដើម្បីសម្របសម្រួល ជួយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង ដែលមកពីប្រទេសថៃ ។

យើងបានរួមគ្នាជួយដោះស្រាយបានយ៉ាងល្អ ទាំងការពិនិត្យសុខភាព ការអប់រំណែនាំ និងដឹកជញ្ជូនពួកគាត់ទៅកាន់ ភូមិឋាន ស្រុក ខេត្តរៀងៗខ្លួន បានដោយសុខ សុវត្ថិភាព ។

លោកអភិបាលខេត្តបន្តថា ទោះក្រោយចប់បុណ្យឆ្នាំប្រពៃណីជាតិខ្មែរ មានការអនុញ្ញាត្តឲ្យធ្វើដំណើរឆ្លងកាត់ខេត្ត ជាធម្មតា តែប្រជាពលរដ្ឋនៅតែបន្តមកពីប្រទេសថៃ យើងនៅតែបន្តកិច្ចការងារយើងទៀត ដើម្បីចូលរួមទាំងអស់គ្នា បង្ការ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីត១៩ ។

ជាមួយគ្នានោះ ក្នុងនាមរដ្ឋបាលខេត្តក៏បានឧបត្ថម្ភថវិកា បន្ថែម១លើកទៀត ដល់កងកម្លាំងកងពលដឹកជញ្ជូនលេខ៩០ ថវិកា ៥លានរៀល. អង្ករ ១តោន, ត្រីខ ,ទឹកស៊ីអ៊ីវ ទឹកត្រី មួយចំនួន ,ដល់កងកម្លាំងនគរបាលការពារព្រំដែន ថវិកា ៣លានរៀល ៕

ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២៣-២៨ ខែមេសា ភ្លៀងនឹងបង្កើនការធ្លាក់រាយប៉ាយជាលំដាប់ នៅក្នុងក្របខណ្ឌផ្ទៃប្រទេស ខណៈធាតុអាកាសក្តៅ នឹងថយចុះមួយកម្រិត៕

 

ក្រុមការងារគម្រោងតំបន់ទន្លេសាប បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ខេត្តកំពង់ចាម

ដោយ ៖ ប៉ែន សុផល
កំពង់ចាម ៖ ក្រុម ការងារ អនុវត្តន៍ គម្រោង កាត់បន្ថយ ភាព ក្រីក្រ និង អភិវឌ្ឍន៍ កសិកម្ម ខ្នាតតូចតំបន់ទន្លេសាប ជំហាន២ ដឹកនាំដោយលោក ពោយ សុខជា ប្រធានសម្របសម្រួលគម្រោង ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១.៤០០០០០៛ ជូនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដេីម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានៅកម្ពុជា ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺ កូវីដ ១៩ បានថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តន៍គម្រោងកាត់បន្ថយភាពក្រីក្រ និង អភិវឌ្ឍន៍ កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន ២ ទាំងអស់ដែលបានចូលរួមចំណែកក្នុងការឧបត្ថម្ភជា ថវិកា សម្រាប់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រេីប្រាស់តាមតម្រូវការចាំបាច់ក្នុងយុទ្ធនាការនានា ដេីម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាច សាហាវនេះ ។

គួរបញ្ជាក់ផងដែរថាសម្រាប់ខេត្តកំពង់ចាម ទាំងមូល គឺមានអ្នកកេីតជំងឺកូវីដ ១៩ សុទ្ធសឹងតែជា ជនបរទេស សរុបចំនួន១៦នាក់តែរហូតមកដល់ពេលនេះ គឺមិនមានទៀតទេដោយក្រុម គ្រូពេទ្យ ខេត្តកំពង់ចាម បានធ្វេីការព្យាបាលអ្នកផ្ទុកវីរុសទាំងនោះរហូតបានជាសះស្បើយឡើងវិញអស់ហើយ ។ ជាមួយ គ្នានោះ អាជ្ញាធរ ខេត្តកំពង់ចាម នៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ដដែលដោយបានបំពាក់ ម៉ាស៊ីនស្វ័យប្រវត្តិបាញ់សម្លាប់មេរោគ នៅតាមច្រកចេញចូលសំខាន់ៗដេីម្បីសម្រួលដល់ការធ្វើ អនាម័យព្រមទាំងបានបន្តការផ្សព្វផ្សាយសារអប់រំអំពីការធ្វើអនាម័យដើម្បីចៀសផុតពីការឆ្លងជំងឺដ៏កាច សាហាវនេះផងដែរ៕

សមត្ថកិច្ចបង្ក្រាបករណីលេងល្បែងស៊ីសងជល់មាន់ខុសច្បាបមួយកន្លែង


ដោយ ៖ ប៉ែន សុផល

​ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ១០និង៣០ នាទី សមត្ថកិច្ចនគរបាលយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីលួចលេងល្បែងស៊ីសងដោយខុសច្បាប់ ជល់មាន់ នៅចំណុចភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ចុះបង្ក្រាបទីតាំង លួចលេងល្បែងស៊ីសងដោយខុសច្បាប់(ជល់មាន់) នៅចំណុចភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជាលទ្ធផលបង្ក្រាបបានអ្នកលេងល្បែងជល់មាន់ ចំនួន ០១ នាក់មានឈ្មោះ ហឿន ហាន ភេទប្រុស អាយុ ៣២ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម រួមទាំងដកហូតបានវត្ថុតាងរួមមានដូចខាងក្រោម៖
– ម៉ូតូម៉ាកវេវ ពណ៌ក្រហមគ្មានស្លាកលេខចំនួន៤ គ្រឿង ។
-ជញ្ជីងថ្លឹងមាន់ចំនួន ០១។
-មាន់ងាប់ចំនួន ០១ ក្បាល និងស្គត់រុំជើងមាន់មួយចំនួនទៀត នៅហ្នឹងកន្លែង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចយើងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសាកសួរ និងរៀបចំកសាងឯកសារ សំណុំរឿងតាមនីតិវិធី ៕

មីយ៉ាន់ម៉ារកឃើញករណីឆ្លងវីរ៉ុស COVID-19 កើនដល់១១៧ករណី

មីយ៉ាន់ម៉ា ៖ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរ៉ុស COVID-19 នៅទូទាំងប្រទេសបានកើនឡើងដល់១១៧នាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន៦នៅថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី២០ ខែមេសា។

បើតាមក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានបញ្ជាក់ថា អ្នកដែលគេរកឃើញឆ្លងថ្មីនៃវីរ៉ុសនេះ មិនមានប្រវត្តិធ្វើដំណើរនោះទេ ក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ ប៉ុន្តែពួកគេមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអ្នកជំងឺដែលមានករណីឆ្លងកន្លងមក។

គិតមកទល់ពេលនេះអ្នកជំងឺចំនួន៩នាក់ បានជាសះស្បើយពីជំងឺ ហើយ៤នាក់នៃពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនាថ្ងៃចន្ទនេះ។ មីយ៉ាន់ម៉ា បានរាយការណ៍ថា មានមនុស្សចំនួន៥នាក់ហើយដែលបានស្លាប់ ដោយសារជំងឺ COVID-19 គិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីវីរ៉ុស បានរកឃើញជាលើកដំបូង នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

យោងតាមក្រសួងសុខាភិបាល និងកីឡា បានចេញផ្សាយថា រដ្ឋាភិបាលបានហាមឃាត់ការជួបជុំគ្នា ចាប់ពីមនុស្ស៥នាក់ឡើងទៅ នៅក្នុងប្រទេស ដើម្បីជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងការរាតត្បាត ពីវីរ៉ុស COVID-19៕

 

មន្ត្រីឧទ្យាននុរក្សដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្នាក់ការតាកឹង ទទួលបានអំណោយលើកទឹកចិត្ត ពីថ្នាក់ដឹកនាំខេត្តព្រះវិហារ

ព្រះវិហារ ៖ ឯកឧត្តម ស៊ូ សិរី អភិបាលរង ខេត្តព្រះវិហារ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការបង្ក្រាប ទប់ស្កាត់បទល្មើសធនធានធម្មជាតិ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ បាននាំយកអំណោយ ដើម្បីជាការលើកទឹកចិត្ត ជូនដល់បងប្អូនកងកម្លាំង មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ស្នាក់ការតាកឹង ដែលមានទីតាំងឋិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។

ការចុះសួរសុខទុក្ខ និងផ្តល់អំណោយលើកទឹកចិត្តនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ បន្ទាប់ពីកម្លាំងបានចេញធ្វើការល្បាត អស់រយៈពេលបួនថ្ងៃ នៅតាមភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីបង្ក្រាប ទប់ស្កាត់បទល្មើស ។

អភិបាលរងខេត្ត ឯកឧត្តម ស៊ូ សិរី ជំនួសឱ្យឯកឧត្តមប្រាក់ សុវណ្ណ បានថ្លែងនូវការ កោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះទឹកចិត្តលះបង់ខ្ពស់ របស់បងប្អូន ដោយមិនខ្លាចនឿយហត់ នៅក្នុងការចូលរួមចំណែកថែរក្សាការពារ បង្រ្កាប ទប់ស្កាត់រាល់បទល្មើសព្រៃឈើ តាមគោលដៅ នៅក្នុងតំបន់ដែលអង្គភាពខ្លួនទទួលខុសត្រូវ ។

ឯកឧត្តមស៊ូ សិរី បានបញ្ជាក់ថា៖ ដើម្បីឲ្យធនធានធម្មជាតិដកហូត ដោយនិរន្តរភាព និងយូអង្វែងសម្រាប់ទុកឲ្យកូនក្មេងជំនាន់ក្រោយបានស្គាល់ យើងទាំងអស់គ្នាត្រូវចេះស្រឡាញ់ គ្រប់គ្រងការពារ ថែរក្សាឲ្យបានគង់វង់ទាំងគ្នា។ តែបើយើងទាំងអស់គ្នាមិនចេះស្រឡាញ់ មិនខិតខំនាំគ្នារក្សាការពារទេនោះ សម្បត្តិធនធានធម្មជាតិយើងនិងអស់ ហើយវាអាចបាត់បង់អស់ទាំងដីធ្លី នៅក្នុងតំបន់សហគមន៍យើងនោះទៀតផង ។

បន្ទាប់ពីប្រសាសន៍សំណេះសំណាល ក៏ដូចជាការផ្តាំផ្ញើ បានបញ្ចប់ ឯកឧត្តម ស៊ូ សិរី អភិបាលរង ខេត្តព្រះវិហារ បានធ្វើការប្រគល់ជូននូវអំណោយ ដែលជាការលើកទឹកចិត្ត ជូនដល់បងប្អូនកងកម្លាំងមន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដោយក្នុងម្នាក់ទទួលបានថវិកាចំនួន ៤ម៉ឺនរៀល និងមីចំនួន ១កេះ៕ ដោ ៖ កូវ ប៊ុនហេង

អ្នកនាំពាក្យ ៖ស្ថានភាព COVID-19 នៅ​កម្ពុជា​នៅមាន​ស្ថានភាព​ផុយស្រួយ​នៅឡើយ​

​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែង​ឲ្យ​ដឹងថា ស្ថានភាព COVID-19 នៅ​កម្ពុជា​នៅមាន​សភាព​ផុយស្រួយ​នៅឡើយ បើទោះបីជា​រយៈពេល ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ យើង​រក​មិនឃើញ​មាន​ករណី​ឆ្លង COVID-19 ថ្មី។ ការ​ថ្លែង​បែប​នោះ​ធ្វើឡើង​នៅក្នុង​ស​ន្និសិទ​សារព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ន។​

​លោកស្រី​អ្នកនាំពាក្យ​បាន​ព្រមាន​ថា ប្រសិនបើ​យើងទាំងអស់គ្នា​ភ្លេចខ្លួន​នោះ​យើង​នឹងរង​នូវ ការវាយលុក COVID-19 មិន​ខាន​ព្រោះថា នៅ​បណ្តា​ប្រទេស​មួយចំនួន​កំពុងតែ​រង​ការ​វាយ លុក​ជំងឺ COVID-19 នោះ​នៅឡើយ។ ​ទន្ទឹម​នោះ​ក៏មាន​ប្រទេស​ចំនួន​ដែល​ស្ថានភាព COVID-19 ស្ងប់ស្ងាត់​មួយរយៈ​ទៅហើយ តែ​បែរជា​ផ្ទុះ​ឡើងវិញ។​

​ដូច្នេះ​លោកស្រី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា​កុំ​ភ្លេចខ្លួន​ឲ្យ​សោះ ហើយ​ត្រូវ​បន្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការការពារ​និង​ការរក្សា​អនាម័យ​សម្រាប់​ម្នាក់ៗ រួមទាំង​ការអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​រួមទាំង​រាជរដ្ឋាភិបាល​កម្ពុជា៕

 

ចិនរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន១២នាក់ និងគ្មានមនុស្សស្លាប់ទេ

ប៉េកាំង ៖  ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១២ករណីបន្ថែមទៀតនៅទូទាំងប្រទេស ដោយក្នុងនោះមាន ០៨ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ០៤ ករណីផ្សេងទៀតជាករណីឆ្លងស្រុកតែម្តង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ០៤ករណីខាងលើ មាន ០៣ ករណីត្រូវបានគេរាយការណ៍ចេញពីខេត្តហៃឡុងជាំង (Heilongjiang) និង ០១ ករណីចុងក្រោយនៅតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia)។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,០៨៤នាក់ហើយ ដោយក្នុងនោះ ២២នាក់ទើបតែត្រូវបានគេព្យាបាល ឲ្យជាសះស្បើយជាស្ថាពរឡើងវិញ និងចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យទម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៧៤៧ករណី ក្នុងនោះ ៤,៦៣២ នាក់បានបាត់បង់ជីវិត៕

ដំណឹង​ល្អ! កម្ពុជាមាន​អ្នកជំងឺ២នាក់​ទៀត​​ជាសះស្បើយ​ពីកូវីដ១៩ និងអត់មានអ្នកឆ្លងថ្មីទេ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ បាន​ប្រកាសនៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២០ថា អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ទៀតហើយ បានជាសះស្បើយ និង​មិនមានអ្នកឆ្លងជំងឺថ្មីនោះទេ។

អ្នកជាសះស្បើយទី១ គឺជាបុរសជនជាតិខ្មែរ​អាយុ៤៨ឆ្នាំ រស់នៅក្រុងបាត់ដំបង ​ជាអ្នកមកពីចូលរួមពិធីសាសនា​នៅម៉ាឡេស៊ី។ ទី២ គឺ​ជាបុរសជនជាតិ​បារាំង អាយុ ៦៥ឆ្នាំ ជាភ្ញៀវទេសចរក្រុមបារាំង នៅខេត្តព្រះសីហនុ។ ដូច្នេះសរុប​ចំនួន​អ្នកជាសះស្បើយឡើងដល់ចំនួន១០៧នាក់ ក្នុងចំណោមអ្នកជំងឺសរុប១២២នាក់៕

 

 

មីយ៉ាន់ម៉ារកឃើញអ្នកឆ្លងជំងឺ COVID-19 កើនដល់១១១ករណី

រ៉ង់ហ្គូន ៖ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ានៅព្រឹកថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនដល់ ១១១ករណីហើយ ខណៈ០៤ករណី គឺជាករណីថ្មី ទើបតែបានរកឃើញកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បើតាមអាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានបញ្ជាក់ថា ក្នុងចំណោមករណីដែលបានបញ្ជាក់ថ្មីៗទាំង ០៤ករណីខាងលើ ត្រូវបានរាយការណ៍ចេញពីទីក្រុងរ៉ង់ហ្គូន (Yangon) ហើយអ្នកជំងឺអស់នោះទៀតសោត គឺពុំមានប្រវត្តិធ្វើដំណើរចេញក្រៅប្រទេសឡើយនារយៈពេល១៤ថ្ងៃចុងក្រោយនេះ។ ប៉ុន្តែមាន ០២នាក់ក្នុងចំណោមពួកគេ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយករណី COVID-19 មុនៗ។

បើគិតចាប់តាំងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសនេះ កាលពីថ្ងៃទី ២៣ ខែមីនាមក មីយ៉ាន់ម៉ាបានកត់ត្រាករណីស្លាប់ចំនួន ០៥នាក់ក្នុងចំណោមករណីសរុបទាំង ១១១ករណី ដោយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ០៧នាក់ផងដែរ។

ជាមួយគ្នានេះ នៅចំពោះមុខ នៃការរាតត្បាតជំងឺដ៏កាចសាហាវនេះ អាជ្ញាធរមីយ៉ាន់ម៉ា បានដាក់ចេញនូវបំរាមគោចរពេលយប់ នៅតាមតំបន់មួយចំនួនផងដែរ ដូចជានៅរដ្ឋធានីណៃពិដោ (Nay Pyi Taw), ទីក្រុងរ៉ង់ហ្គូន (Yangon) និងទីក្រុងម៉ាន់ដាឡាយ (Mandalay) ជាដើម។ ទន្ទឹមនោះអាជ្ញាធរក៏បានណែនាំកុំឲ្យមានការប្រមូលផ្តុំមនុស្សលើសពី០៥នាក់ឡើងទៅផងដែរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19៕