All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជា បានបញ្ជូនសាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ទៅកាន់ប្រទេសជាសមាជិកអាស៊ាន

ភ្នំពេញ ៖ នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា បានថ្លែងដោយចំហ និងជាលើកដំបូង ថា សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី បានបញ្ជូនទៅកាន់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីឲ្យដឹងថា បុគ្គលរូបនេះ បានប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា និងត្រូវចាប់ខ្លួន។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ដ្រីប្រទេសឡាវ លោក ថងលូន ស៊ីស៊ូលីត នៅវិមានសន្ដិភាព នារាជធានីភ្នំពេញ វេលាថ្ងៃត្រង់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គេនឹងចាត់ទុកថា ក្រុមនោះ (ទណ្ឌិត សម រង្ស៊ី) នឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា ខ្ញុំចង់ឲ្យឯកឧត្តម នាយករដ្ឋមន្ដ្រីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន អំពីគោលការណ៍របស់ឡាវ ដែលមិនផ្ដល់ មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងប្រទេសកម្ពុជា ឬប្រឆាំងជាមួយប្រទេសជិតខាង»។

«ខ្ញុំក៏សូមបញ្ជាក់ជូនផងដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃ បានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែល មានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូនសាលដីកាតុលាការនោះ ទៅកាន់ប្រទេសទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង។ ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ» ។

គួរជម្រាបថា ការប្រកាសដោយចំហរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ បានធ្វើឡើងនៅបន្ទាប់ពីមានការវិភាគរបស់បណ្ឌិតខ្មែរម្នាក់ ដែលលើកឡើងថា កម្ពុជាបានស្វែងរកអន្តរាគមន៍ពីឡាវ មុនពេលក្រុមទណ្ឌិត ដឹកនាំដោយលោក សម រង្ស៊ី នឹងចូលទឹកដីកម្ពុជាតាមប្រទេសឡាវ៕

កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុប ចុះអនុស្សរណៈប្រឆាំងផលិតផលក្លែងក្លាយ

ភ្នំពេញ ៖ អនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាមួយសភាពា ណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី១២ កញ្ញានេះ ដើម្បីបើកផ្លូវឱ្យភាគីទាំងពីរធ្វើកិច្ច សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងចំពោះការនាំចូល ការផលិត និងការចែកចាយនូវផលិតផលក្លែងក្លាយ នៅ ក្នុងប្រទេសកម្ពុជា។

លោក នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងពិធីនេះ មានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់នាថ្ងៃ នេះ ធ្វើឡើងក្នុងគោលបំណងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផលខូចគុណភាព ផលិតផលហួសកាលបរិវច្ឆេទប្រើប្រាស់ និងផលិតផលបំពាន ច្បាប់ដទៃទៀតនៅកម្ពុជា ដោយនាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការនេះ មិនត្រឹម តែផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ គឺថែមទាំងជាការការពារសុខុមាលភាពប្រជាពលរដ្ឋ និងដើម្បី ការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបមុខរបរស្របច្បាប់ លើកទឹកចិត្តការប្រកួតប្រជែង ដោយភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានគូសបញ្ជាក់ថា បញ្ហាឱសថក្លែងក្លាយ ឱសថអន់គុណភាព ការ រក្សាទុក និងការបាត់បង់ប្រសិទ្ធភាពឱសថ បញ្ហាចំណីអាហារខូចគុណភាពដែលមានផ្ទុកសារធាតុគីមីពុល ការលួច ចម្លងផលិតផល ការរំលោភកម្មសិទ្ធិបញ្ហា ក៏ដូចជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ក្លែងក្លាយគឺសុទ្ធ សឹងជាបញ្ហា ដែលកំពុងកើតមាន និងបានញាំញី គំរាមកំហែងដល់សុខភាព អាយុជីវិតប្រជាជនក្នុងសង្គមកម្ពុជានា ពេលបច្ចុប្បន្ន ដែលតម្រូវឱ្យមានការចាត់វិធានការក្នុងការបង្កើតជាយន្តការចំរុះ និងធ្វើកិច្ចសហប្រតិបត្តិការទាំង ថ្នាក់តំបន់ និងសកលលោក និងអនុវត្តឱ្យមានប្រសិទ្ធភាពនៃច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិ មានការចូលរួមពី គ្រប់ភាគីពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងសកម្មភាពល្មើសច្បាប់ទាំងនេះឱ្យមានប្រសិទ្ធភាព ដាក់ទោសទណ្ឌដល់ ឧក្រិដ្ឋជនឱ្យបានធ្ងន់ធ្ងរតាមស្ថានភាពទម្ងន់ទោសដែលមានចែងក្នុងច្បាប់ជាដើម៕

អាជ្ញាធរខេត្តបាត់ដំបង និងខេត្តស្រះកែវ របស់ថៃ បើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី២ ស្តីពីកិច្ចការ ព្រំដែន

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋានស្តីពីកិច្ចការព្រំដែន (កម្ពុជា-ថៃ) ថ្នាក់មូលដ្ឋាន លើកទី២ ប្រចាំឆ្នាំ២០១៩ រវាងខេត្តស្រះកែវ(ថៃ)និងខេត្តបាត់ដំបង
(កម្ពុជា) បានជួបគ្នាបើកកិច្ចប្រជុំពិភាក្សាដោយយ កកំណត់ហេតុកិច្ចប្រជុំ RBC-27ជាគោល សំរាប់ផ្តោតការពិភាក្សាលើកជាសំណូមពរ ក្នុងការផ្តល់ ជាអនុសាសន៍ផ្សេងៗ រកចំណុចឯកភាពរួម រវាងភាគីទាំង២( ខេត្តបាត់ដំបង និង ខេត្តស្រះកែវ) ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ រវាងក្រុមលេខាធិការដ្ឋាន ខាងភាគីខេត្តបាត់ដំបង ដឹកនាំដោយ លោក មូល ធន នាយករងរដ្ឋបាលខេត្ត។ ភាគីខេត្តស្រះ
កែវ ដឹកនាំដោយលោក សាក់ វ៉ាន់នីត សុរិយៈគុ ណាក់ អាយុទ្ធថៃយ៉ា អភិបាលស្រុកអារញ្ញប្រៈថេត នៅព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ នេះ នៅឯសណ្ឋាគារ”ស្តេសិនវ័ន្ត” ស្រុកអារញ្ញប្រៈថេត ខេត្តស្រះកែវ នៃ ព្រះរាជាណាចក្រថៃ ។

នៅក្នុងរបៀបវារៈសំខាន់ៗ ក្នុងការផ្តោតនូវការ ពិភាក្សារវាងក្រុមលេខាធិការដ្ឋានទាំង២ ក្នុងនោះដូចជា៖ កិច្ចសហប្រតិបត្តិការសន្តិសុខតាមបន្ទាត់ព្រំដែនរវាងខេត្តនៃប្រទេសទាំង២។ ការទប់ស្កាត់និងបង្ក្រាបអំពើល្មើសច្បាប់តាមព្រំដែន។ការងារពាក់ព័ន្ធពលករខុសច្បាប់។កិច្ចការងារផ្នែកបរិស្ថា ន។កិច្ចការផ្នែកសុខាភិបាល។ វិស័យអប់រំសិក្សានិងវិស័យទេសចរណ៍ ជាដើម…។

នេះជាកិច្ចប្រជុំពិភាក្សានូវចំណុចខ្លឹមសាររួមដើម្បីក្រុមលេខាធិការដ្ឋានរបស់ភាគីទាំង២ ដែលបានផ្តោតក្នុងការកែលម្អលើខ្លឹមសាររួមមួយចំនួនមុននឹងឈានដល់ការឯកភាពខ្លឹមសាររួមគ្នាមួយដើម្បី និងឈានដល់កិច្ចប្រជុំពេញលេញនិងអានសេចក្តីខ្លឹមសាររួមមួយ រវាងភាគីទាំង២ ខេត្តបាត់ ដំបង (កម្ពុជា) និង ខេត្តស្រះកែវ (ថៃ) ដែលនិងប្រព្រឹត្តទៅវេលាព្រឹកថ្ងៃទី១៣ខែកញ្ញានេះ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តទាំង២ (ខេត្តបាត់ដំបង និង ខេត្តស្រះកែវ) ៕

កម្ពុជា-ឡាវ ព្រមព្រៀងដោះស្រាយបញ្ហាព្រំដែននៅសេសសល់ដោយមិត្តភាព

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលឡាវ បានឯកភាពក្នុងការរៀបចំឲ្យមានសន្ធិសញ្ញាព្រំដែននៃប្រទេសទាំងពីរ ដែលបានឯកភាពរួចរាល់ ហើយបន្តប្តេជ្ញារួមគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ ដោយឈរ លើគោលការណ៏សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ នៅថ្ងៃនេះដែរ ភាគីទាំងពីរកម្ពុ-ឡាវ ក៏បានឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ចំនួន៥ ដែលផ្តោតធំបំផុតទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងការងារ។

នាយករដ្ឋមន្ត្រីព្រះរាជណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលស្វាគមន៏ដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់នាយករដ្ឋមន្ត្រីឡាវបណ្ឌិតថងលូន ស៊ីសូលីត នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ បញ្ហាព្រំដែននៃប្រទេសទាំងពីរ បានក្លាយជាប្រធានបទស្នួល នៅក្នុងកិច្ចពិភាក្សាទ្វេភាគីរវាងប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ បញ្ហាព្រំដែន នៃប្រទេសទាំងពីរ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានជួបនូវបញ្ហារកាំរកូស នៅត្រង់ចំណុចមួយចំនួនដែលមិនទាន់បានបោះបង្គោល និងមិនទាន់មានការឯកភាព គ្នានៅឡើយ។

តាមរយៈជំនួបទ្វេភាគី ថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាព ប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាងឲ្យបានឆាប់បំផុត នូវសន្ធិសញ្ញាស្តីពីការខណ្ឌសីមាព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងឡាវពាក់ព័ន្ធទៅនឹងការកំណត់ព្រំដែន ដែលភាគីទាំងពីបានកំណត់ខណ្ឌសីមា រួចរាល់ហើយចំនួន៨៦ភាគរយនៃខ្សែបន្ទាត់រវាងប្រទេសទាំងពីរ។

ចំពោះការកំណត់ព្រំដែនដែលនៅសេសស់ មិនទាន់ខណ្ឌសីម៉ា ភាគីទាំងពីរបានព្រមព្រៀងគ្នាថានឹងបន្តពិភាក្សារិះរកផ្លូវដោះស្រាយបញ្ហាដោយសន្តិវិធីឲ្យបានឆាប់រហ័សបំផុត។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅក្នុងសន្និសីទកាសែតរួមគ្នា នៅព្រឹកថ្ងៃព្រហស្បត្តិ៏នេះ។

នៅក្នុងសន្និសីទកាសែតរួមគ្នានោះ ឯ.ឧ ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីឡាវ បានឯកភាពចំពោះសម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិភាព និងមិត្តភាព។ កម្ពុជា-ឡាវ ក៏បានឯកភាពគ្នាក្នុង ការលើកកំពស់ទំនាក់ទំនងឲ្យដល់កំរិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងបំណងពង្រឹង និងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ មានព្រំខណ្ឌសីម៉ាជាប់គ្នាប្រវែង ប្រមាណជា៥៤០គ.ម ដោយបានឯកភាពគ្នា និងបានបោះបង្គោលខណ្ឌសីម៉ារួចរាល់បាន៨៦% នៃខ្សែព្រំដែនរួម ដោយបានបោះបង្គោលព្រំដែន បានចំនួន១២១បង្គោល លើចំនួនសរុប១៤៥បង្គោល ពោលគឺនៅសល់១៤%ទៀតប៉ុណ្ណោះ។

តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា ភាគីទាំងពីរ បានឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឯកសារ ចំនួន ៥
១. អនុស្សារណៈ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើ វិស័យ ការងារ រវាង ប្រទេសទាំងពីរ ២. កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល រវាងកម្ពុជា និងឡាវ ៣. កិច្ចព្រមព្រៀងទិញ-លក់ អគ្គិសនីរវាងអគ្គិសនីកម្ពុជា និងអគ្គិសនីឡាវ សម្រាប់ការនាំចូលអគ្គិសនីអនុភាព ៥០០ មេហ្គាវ៉ាត់ពីវារីអគ្គិសនី អាត់តាពើ ប្រទេសឡាវ ៤. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រ ផលិត អគ្គិសនីដុតធ្យូងថ្ម អនុភាព៦00 មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ និង ទី៥. កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនីរវាងអគ្គិសនីកម្ពុជា និងក្រុមហ៊ុនXEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនី ដុត ធ្យូងថ្ម អនុភាព១៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង៕

កម្ពុជាសម្រេចទិញអគ្គិសនីផលិតដោយធ្យូងថ្ម២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ

ភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃពុធនេះ បានអនុម័ត គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម២៤០០មេហ្កាវ៉ាត់ ពីប្រទេសឡាវ។ ការសម្រេចទិញប្រភពថាមពលដើរដោយធ្យូងថ្មពីឡាវនាពេលនេះ គឺនៅមុនមួយថ្ងៃនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត មកកាន់ព្រះរាជាណាចក្រកម្ពុជា។

គម្រោងទិញប្រភពអគ្គិសនីផ្ទាល់ ពីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មចំនួន២ របស់ប្រទេសឡាវ ដែលមានអានុភាពសរុប២៤០០មេហ្កាវ៉ាត ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង។ កម្ពុជានឹងទទួលបានផលប្រយោជន៍នៃការទិញប្រភពអគ្គិសនី សម្រាប់ផលប្រយោជន៍យុទ្ធសាស្រ្តវែងឆ្ងាយសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមហ្វេសប៊ុករបស់ ឯ.ឧ ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯ.ឧ ផៃ ស៊ីផាន ឲ្យដឹងថា ការសម្រេចទិញអគ្គិសនីបន្ថែមពីឡាវនេះ គឺដោយសារ កំណើននៃការវិនិយោគ និងការរីកចំរើននៃសេដ្ឋកិច្ចយ៉ាងលឿនរហ័ស ដែលធ្វើឲ្យតម្រូវការអគ្គិសនីកើនលើសការគ្រោងទុក។ គម្រោងវិនិយោគលើរោងចក្រផលិតអគ្គិសនីទាំង២ ដែលមានអានុភាព២៤០០ មេហ្កាវ៉ាត់ ក្នុងខេត្តចំនួនពីរគឺខេត្តសេកុង និងខេត្តសាឡាវ៉ាន ប្រទេសឡាវ គឺជាគម្រោងប្រើបា្រស់ រ៉ែធ្យូងថ្មនៅនឹងកន្លែង ហើយត្រូវផ្គត់ផ្គង់អគ្គិសនីផ្តាច់មុខទាំងអស់មកប្រទេសកម្ពុជា ដោយភ្ជាប់ផ្ទាល់មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា ដូចគម្រោងប្រភពអគ្គិសនីក្នុងប្រទេសកម្ពុជា មិនឆ្លងកាត់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីឡាវឡើយ។

តាមការឯកភាព គ្នារវាងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនៃប្រទេសទាំងពីរ តម្រូវឲ្យ ក្រុមហ៊ុនវិនិយោគ និងផលិតអគ្គិសនីរបស់ប្រទេសឡាវទាំង២ មានកាតព្វកិច្ចសាងសង់អនុស្ថានីយនិងខែ្សបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីរោងចក្រផលិតអគ្គិសនី មកព្រំដែនកម្ពុជា-ឡាវ ក្នុងខេត្តចំប៉ាសាក់ ជាប់នឹងខេត្តស្ទឹងត្រែង ចំណែកអគ្គិសនីកម្ពុជាមានកាតព្វកិច្ចសាងសង់អនុស្ថានីយ និងខែ្សបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅភ្ជាប់ នឹងខែ្សបញ្ជូននេះដើម្បីទទួលយកប្រភពអគ្គិសនី។ កម្ពុជាធានាទិញគឺ៨៥% នៃអនុភាពបញ្ចេញរបស់រោងចក្រផលិតអគ្គិសនីរបស់ក្រុមហ៊ុនទាំង២ ។ថ្លៃលក់ថាមពលអគ្គិសនីឲ្យអគ្គិសនីកម្ពុជានៅចំណុចព្រំដែន គឺស្មើនឹង៧,៧ សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង និងថេរសម្រាប់អាណត្ត នៃកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រយៈពេល៣០ឆ្នាំ។ អ្នកនាំពាក្យ អះអាងថា ការទិញអគ្គិសនីដើរដោយធ្យូងថ្មពីឡានេះ នឹងមិនមានផលប៉ះពាល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ តាមការគ្រោង ទុក រោងចក្រទាំងពីរ នឹងអាចដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី នៅចុងឆ្នាំ ២០២៤។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជានឹងទទួលផលចំណេញច្រើនពីការទិញប្រភពអគ្គិសនីពីគម្រោងផលិតអគ្គិសនីទាំង២ ដែលវានឹងជួយកាត់បន្ថយការទិញអគ្គិសនី ដែលមានតម្លៃថ្លៃពីប្រភពនាំចូលមកពីប្រទេសវៀតណាម និងប្រទេសថៃ ធានាបាននូវការផ្គត់ផ្គង់បន្ថែមដល់ប្រព័ន្ធជាតិ ឲ្យមានស្ថិរភាព ជាពិសេសនៅរដូវប្រាំង។ ពិសេសវា នឹងផ្គល់លទ្ធភាព ឲ្យរាជរដ្ឋាភិបាលកម្ពុជា វិនិយោគសាងសង់ខែ្សបញ្ជូនតង់ស្យុងខ្ពស់ ៥០០ គីឡូវ៉ុល ថ្មីបន្ថែមទៀត ដែលអនុញ្ញាតឲ្យប្រទេសកម្ពុជាអាចទិញថាមពលដែលមានថ្លៃទាបសមរម្យ ពីបណ្តុំស្ថានីយវារីអគ្គិសនីនៅភាពខាងត្បូងនៃប្រទេសឡាវ មុនឆ្នាំ២០២៤ សម្រាប់បំពេញកង្វះខាតអគ្គិសនីនៅក្នុងប្រទេសយើង។ ប្រព័ន្ធខែ្សបញ្ជូនថ្មីទាំងនេះក៏នឹងផ្តល់ឱកាសថ្មីឲ្យប្រទេសកម្ពុជាអាចទិញថាមពល បន្ថែមពីប្រភពផ្សេងៗទៀត ដែលមានថ្លៃទាបនៅថ្ងៃអនាគត។

គួរបញ្ជាក់ដែរថា ទំហំវិនិយោគរបស់គម្រោងទាំង ២របស់ឡាវនេះ សរុបចំនួន ៤៩៧០ លានដុល្លារអាមេរិក ដែលគិតទាំងហេដ្ឋារចនាសម្ព័នអណ្តូងរ៉ែធ្យូងថ្ម រោងចក្រផលិតអគ្គិសនី អនុស្ថានីយ និងខែ្សបណ្តាញបញ្ជូនអគ្គិសនីមកដល់ព្រំដែនកម្ពុជា-ឡាវ៕

១១កញ្ញានេះ កាលពី១៨ឆ្នាំមុន ជាថ្ងៃយន្ដហោះបុកកម្ទេចអគារពាណិជ្ជភ្លោះនៅក្រុងញូវយ៉ក

បរទេស ៖ ថ្ងៃទី១១ ខែកញ្ញា នេះ កាលពី១៨ឆ្នាំមុនគឺជាថ្ងៃនៃព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ដ្ររបស់អាមេរិក ដែលអគារពាណិជ្ជកម្មភ្លោះពិភពលោក ស្ថិតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ត្រូវបានយន្ដហោះបុកកម្ទេច ។ ការវាយប្រហារកាលនោះ គឺជាផែនការរបស់ក្រុមភេរវករអាល់កៃដា ដែលចង់បង្កមហន្ដរាយដល់អាមេរិក។

គេនៅចាំបានថា នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរ៤គ្រឿង ដែលគ្រោងចាកចេញពីអាកាសយានដ្ឋាននៅភាគឦសានសហរដ្ឋអាមេរិកឆ្ពោះទៅរដ្ឋCalifornia ត្រូវបានក្រុមអាល់កៃដាមានគ្នា១៩នាក់ប្លន់ ក្នុងគោលដៅបើកបុកអគារសំខាន់ៗនៅអាមេរិក។ ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះពីរគ្រឿងគឺប្រភេទAmerican Airlines Flight 11 និងប្រភេទUnited Airlines Flight 175 បានបើកបុកផ្នែកខាងជើង និងខាងត្បូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងញូវយ៉ក តែម្ដង ដោយយន្ដហោះទីមួយហោះបុកអគារនៅម៉ោង៨និង៤៦នាទីព្រឹក និងយន្ដហោះទីពីរហោះបុកអគារនៅម៉ោង ៩និង០៣នាទីព្រឹកម៉ោងក្នុងតំបន់។

ក្រោយត្រូវយន្ដហោះបុកទម្លុះ រយៈពេល១ម៉ោងនិង៤២នាទី អគារពាណិជ្ជកម្មភ្លោះទាំងពីរដែលមានកម្ពស់១១០ជាន់ ត្រូវរលំខ្ទេចខ្ទីឆេះរាលដាលដល់អគារសំខាន់ៗនៅជិតនោះផងដែរ។ ជាលទ្ធផលមនុស្ស២,៩៩៧នាក់ត្រូវស្លាប់ ក្នុងនោះមានទាំងក្រុមចោប្លន់យន្ដហោះ១៩នាក់ និងរបួសជាង៦ពាន់នាក់។ ការខូចខាតគិតជាទឹកប្រាក់វិញ មានយ៉ាងតិចណាស់១០ពាន់លានដុល្លារអាមេរិក៕

ការសង្ស័យបានធ្លាក់ទៅលើក្រុមអាល់កៃដាយ៉ាងឆាប់រហ័ស ហើយអាមេរិកបានឆ្លើយតបចំពោះសកម្មភាពបុកកម្ទេចអគារពាណិជ្ជកម្មភ្លោះ តាមរយៈការចាប់ផ្ដើមធ្វើសង្គ្រាមប្រឆាំងភេរវកម្ម និងបានលុកលុយចូលប្រទេសអាហ្វហ្គានីស្ថាន ដើម្បីកម្ចាត់ក្រុមតាលីបង់បង្កើតឡើងជាក្រុមអាល់កៃដា។ ប្រទេសជាច្រើនទៀតបានពង្រឹងច្បាប់ប្រឆាំងភេរវកម្មកាន់តែខ្លាំងជាងមុន ការពារការវាយប្រហារដោយសកម្មភាពភេរវកម្ម។

ហេតុការណ៍នេះទោះបីដំបូងឡើយមេដឹកនាំក្រុមអាល់កៃដា លោកអូសាម៉ា ប៊ីនឡាដិនបដិសេធមិនពាក់ព័ន្ធក៏ដោយ ប៉ុន្ដែនៅឆ្នាំ២០០៤លោកបានអះអាងទទួលខុសត្រូវ។ បន្ទាប់ពីសារភាពបែបនេះហើយ មិនថាខំរត់គេចបែបណាក៏ដោយ លោកអូសាម៉ា ប៊ីនឡាដិននៅទីបំផុតត្រូវចាប់ខ្លួនបាន និងត្រូវសមាជិកយោធាអាមេរិកសម្លាប់នៅខែឧសភាឆ្នាំ២០១១។ តែទម្រាំចាប់ខ្លួនបាន អាមេរិកត្រូវចំណាយពេលប្រមាណជា១០ឆ្នាំ៕

 

អ្នកជំនួញប្រាប់អ្នកប្រើប្រាស់ ត្រូវស្គាល់មុខទំនិញឲ្យបានច្បាស់ មុនសម្រេចចិត្តទិញ

ភ្នំពេញ ៖ ដោយមើលឃើញថា មានទំនិញមួយចំនួន ដែលដាក់លក់នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា លួចលក់មិនមានច្បាប់អនុញ្ញា ឬ គ្មានការត្រួតពិនិត្យ គុណភាព និងសុវត្ថិភាពច្បាស់លាស់ ពិសេសទំនិញដាក់លក់តាមប្រព័ន្ធអនឡាញជាដើម ត្រូវបានក្រុមហ៊ុន ក្នុងស្រុកមួយ ធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ មុនជ្រើសរើសផលិតផលមកប្រើប្រាស់ ត្រូវដឹងច្បាស់ពីព័ត៌មានលម្អិតជាមុនសិន ជៀសវាងក្រោយការប្រើប្រាស់បង្កឱ្យមានផលប៉ះពាល់ ដល់ សុខភាព។

លោកស្រី ចាន់ ភារី អគ្គនាយិកាក្រុមហ៊ុន គីណូ ឃ៊ែរ ខនស៊្យូមើរ ខេមបូឌា បានឱ្យដឹងថា សព្វថ្ងៃ បើសិនជាគ្មានតម្រូវការ ក៏គ្មានការផលិតដែរ ដូច្នេះទាមទារឲ្យអ្នកប្រើ ត្រូវគិតគូរឲ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តទិញផលិតផលណាមួយមកប្រើប្រាស់ ជាពិសេសផលិតផលបរិភោគ ផលិតផលថែរក្សាសម្ភស្ស សុខភាព និងបំប៉នកម្លាំងជាដើម។

លោកស្រីបានសំណូមពរដល់មន្រ្តីមានសមត្ថកិច្ច ធ្វើការសហការជាមួយ វិស័យឯកជន ឲ្យមានការចុះបញ្ជីឱ្យបានត្រឹមត្រូវ មានគុណភាព និងមានស្តង់ដារត្រឹមត្រូវ ដើម្បីចាត់វិធានការណ៍ ក្នុងការទប់ស្កាត់រាល់ផលិតផល ដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។

លោកស្រី ចាន់ ភារី លើកឡោះងដូចនេះ នៅក្នុងពិធីប្រកាសដំណើរការជាផ្លូវការ ការនាំចូលផ្តាច់មុខ នូវផលិតផលចំនួន៣ប្រភេទពីប្រទេសឥណ្ឌូនេស៊ី មកកាន់ទីផ្សាកម្ពុជា កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា រវាង ក្រុមហ៊ុន គីណូ ឃ៊ែរ ខេមបូឌា និង ក្រុមហ៊ុន គីណូ អ៊ិនធើណេស្យុងណាស់(Kino International) នៅប្រទេសសឹង្ហបុរី។ ដែលផលិតផលទាំងនោះរួមមាន៖ ផលិតផលថែរក្សាសក់, ផលិតផលប្រើប្រាស់សំរាប់ទារក និងកុមារ និងអាហារបំប៉នខ្ញីទឹកឃ្មុំ ដែលជាផលិតផលផ្សំពីធម្មជាតិ តាមក្បួនខ្នាតបុរាណ សំរាប់ទ្រទ្រង់សុខភាព៕

ឆ្លងចរន្តអគ្គិសនីឆេះតូបក្នុងផ្សារឃ្លាំងរំសេវផ្អេីលសមត្ថកិច្ចទាំងកណ្ដាលយប់

ភ្នំពេញ​៖​ គ្រោះអគ្គិភ័យមួយបានកេីតឡេីងឆាបឆេះតូបក្នុងផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩​ នៅចំណុចផ្សារឃ្លាំងរំសេវ​ ផ្លូវម៉ៅសេទុង​ សង្កាត់ផ្សារដេីមគរ​ ខណ្ឌទួលគោក។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញអគ្គីភ័យបានឆេះផ្តេីមចេញពីតូបលេខ២០២​ ២០៤​ និង២០៥​ ដែលជាតូបលក់ទូរស័ព្ទខាងមុខគេ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់តែអគ្គិភ័យនៅតែបន្តឆាបឆេះកាន់តែខ្លាំងឡេីងៗដោយក្រុមពន្លត់អគ្គិភ័យពិបាកបាញ់ព្រោះតូបនីមួយៗជាប់សោរ។

សមត្ថកិច្ចបានឲ្យដឹង រហូតមកដល់វេលាម៉ោង១២និង២០នាទីទេីបអគ្គិភ័យរលត់ទៅវិញ​ទាំងស្រុង។ ពាក់ព័ន្ធនិងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះការប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រេីនគ្រឿងទេីបអាចគ្រប់គ្រង់បាន។

សមត្ថកិច្ចបានបន្តថា​ ចំនួនតូបដែលឆាបឆេះនោះចំនួន៤០តូបទាំងស្រុងចំណែកសំភារះដែលខូចខាតមិនអាចប៉ាន់ស្មានដឹងពីចំនួនអោយពិតប្រកដនោះទេ៕

បង្ក្រាបល្បែងស៊ីសងតាមអនឡាញនៅសកលវិទ្យាល័យ Excelpolitan University ចាប់ជនជាតិចិន១០៥នាក់

ភ្នំពេញ ៖ សកលវិទ្យាល័យ Excelpolitan University ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃបានធ្វើការឡោមព័ទ្ធនិងឆែកឆេរបង្ក្រាបល្បែងស៊ីសងតាម Online ខុសច្បាប់ ដោយឃាត់ខ្លួនជនជាតិចិន ចំនួន១០៥នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាក្បាលព្រលប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្នុងទីតាំងសាកលវិទ្យាល័យ Excelpolitan Universityអគារកម្ពស់៩ជាន់ នៅតាមបណ្តោយផ្លូវណតប្រ៊ិតចំណុចស្ពានអាកាសផ្សារដីហុយក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មានអោយដឹងថានៅវេលា ម៉ោងប្រមាណ៦យប់ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃបានធ្វើការឡោមព័ទ្ធនិងឆែកឆេរបង្ក្រាបល្បែងស៊ីសង Online ខុសច្បាប់ ដោយបើកលេងនៅក្នុងសាលាតែម្តង។ប្រតិបត្តិការ រហូតដល់ម៉ោងប្រមាណ១០យប់ ។

តាមព័ត៌មានជនជាតិចិន ១០៥នាក់ ក្នុងនោះមានស្រីចំនួន ១០នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (DeskTop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន៨០គ្រឿង។

ជនជាតិចិនរួមទាំងវត្ថុតាង ត្រូវបាននគរបាលបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់៕

កម្ពុជាកម្ទេចគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចម្រុះប្រភេទដែលខូចគុណភាព២៥០តោន

ខេត្តកំពង់ស្ពឺ ៖ ពិធីកម្ទេចគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទចម្រុះដែលខូចគុណភាពចំនួន ២៥០តោន បានចាប់ផ្តើមឡើងនៅថ្ងៃទី ១០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំនេះ នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីបញ្ចៀសពីហានិភ័យដែលអាចកើតមានជាយថាហេតុដល់ប្រជាពលរដ្ឋ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូន កងកម្លាងចូលរួមបេសកកម្មថែរក្សា សន្តិភាពរបស់អង្គការសហប្រជាជាតិ បានទទួលស្គាល់ថា កងកម្លាំងមួកខៀវកម្ពុជា បច្ចុប្បន្ននេះ បានប្រ ឈមនឹងគ្រោះថ្នាក់ ពេលទៅបំពេញបេសកកម្មមនុស្សធម៌ក្រៅប្រទេស ជាមួយអង្គការសហប្រជាជាតិ។

ការលើកឡើងរបស់ ប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅក្រោយពីពិធីដុតកម្ទេចគ្រាប់ខូចគុណភាព ២៥០តោន នៅសាលាហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ស្ថិតក្នុងភូមិក្អែកពង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំង រក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបាន ឲ្យដឹងថា ពិធីកម្ទេចគ្រាប់ខូចគុណភាពនេះគឺធ្វើឡើងនៅទីតាំងសាលា ហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសដោយមានការអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិចូលរួមផងដែរ។

បើតាមសេចក្តីប្រកាសដដែលបានបញ្ជាក់ថា៖ «គ្រាប់ខូចគុណភាពចំនួន ២៥០ តោនក្នុងនោះមួយចំនួនជាប្រភេទគ្រាប់ WP នៅពេលត្រូវកម្ដៅថ្ងៃខ្លាំងបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ RPG7 មានស្ថានភាពពុកផុយងាយនឹងផ្ទុះ អាចប្រឈមនឹងហានិភ័យខ្ពស់ ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជន និងទប់ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិនឹងរៀបចំពិធីកម្ទេចគ្រាប់ខូចគុណភាពទាំងអស់នេះចោល ចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៩»។

ទាក់ទងនឹងការរៀបចំកម្ទេចគ្រាប់នេះ មជ្ឈមណ្ឌលជាតិក៏បានជូនដំណឹងដល់អាជ្ញាធរដែនដីក៏ដូចពលរដ្ឋដែល កំពុងរស់នៅក្នុង និងជុំវិញបរិវេណ (អាសេអូ) ក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កុំឲ្យមានការភ្ញាក់ផ្អើលផងដែរ៕

ម្សិលមិញបរាជ័យ ថ្ងៃនេះបន្តទាញសាឡង់ដឹកខ្សាច់ចេញពីក្រោមស្ពានព្រែកតាមាក់ម្តងទៀត

ខេត្តកណ្តាល ៖ ក្រោយពីធ្វើការពិភាក្សាគ្នារវាងក្រសួងសាធារណៈការនិងដឹកជញ្ជូនដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយរដ្ឋបាលខេត្តកណ្តាល តំណាងដោយលោក ម៉ៅ ភិរុណ អភិបាលខេត្ត និងលោក ហ៊ឺ ផាវី នាយកកំពង់ផែស្វយ័តរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ កញ្ញា ២០១៩ នេះ គណៈកម្មការក៏បានឯកភាពគ្នា ប្រើកប៉ាល់ជាច្រើនគ្រឿងដើម្បីអូសរំកិលសាឡង់ដឹកខ្សាច់ដែលគាបជាប់ទម្រសសរស្ពានព្រែកតាមាក់ចេញ។ ប៉ុន្តែទោះជាព្យាយាមអូសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចយកចេញបាន លុះវេលាម៉ោងប្រមាណ ៥ល្ងាចថ្ងៃដដែល ទើបសម្រេចផ្អាកនិងធ្វើការជជែកគ្នាសារជាថ្មី ថាហ្នឹងធ្វើការបូបខ្សាច់ចេញ និងធ្វើការវះបាតសាឡង់ដើម្បីបង្ហូរខ្សាច់ចោល ដើម្បីឱ្យសាឡង់ស្រាល ងាយស្រួលក្នុងការអូសចេញ ដើម្បីកុំឱ្យមានការប៉ះទង្គិចជាមួយសសរស្ពាន។ដោយសារយប់ងងឹតទៅហើយនោះ នៅវេលាម៉ោង ៧យប់ គណៈកម្មការក៏បានសម្រេចអនុវត្តផែនការបន្ទាប់នៅព្រឹកថ្ងៃទី១០ ខែកញ្ញា បន្តទៀត។

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ដោយសារយប់ងងឹតទៅហើយនោះ ក្រុមការងារសម្រេចធ្វើការផ្អាកសកម្មភាពសិន រង់ចាំព្រឹកស្អែកទើបអនុវត្តផែនការបន្ទាប់ទៀត នឹងសង្ឃឹមថាអាចអូសចេញប្រកបដោយសុវត្ថិភាព ហើយការអូសនេះគឺមានការប្រុងប្រយ័ត្នណាស់ ព្រោះសាឡង់នោះ ផ្ទុកទម្ងន់ប្រមាណជាង៦០០តោនឯណោះ ហើយក្រៅពីមន្ត្រីជំនាញ និងអាជ្ញាធរ ម្ចាស់សាឡង់ ឈ្មោះ ង៉ូវ ចាន់ណា ក៏បានសហការណ៍ល្អជាមួយគណៈកម្មការ ហើយក៏សុខចិត្តយល់ព្រមទទួលខុសត្រូវទៅលើការខូចខាតទាំងអស់ដែរ ប្រសិនបើមាន។

គួរបញ្ជាក់ដែរថា ឧបទ្ទវហេតុសាឡង់ដឹកខ្សាច់បុកទើរលើទម្រសសរស្ពានព្រែកតាមាក់នេះ បានកើតឡើងកាលពីអំឡុងម៉ោង២រសៀលថ្ងៃទី០៨ កញ្ញា ២០១៩ កន្លងទៅ ហើយមកដល់ពេលនេះនៅមិនទាន់ ធ្វើការអូសចេញនៅឡើយនោះទេ ហើយមកដល់ពេលនេះក៏មិនទាន់អាចប៉ាន់ ប្រមាណថាប៉ះពាល់ឬមិនប៉ះពាល់ទៅដល់សសរ ស្ពាននោះដែរ៕

ផលប៉ះពាល់នៃសំណល់ប្លាស្ទិកទៅលើបរិស្ថាននិងការរស់នៅ

ភ្នំពេញ ៖ យោងតាមរបាយការណ៍សិក្សា ថង់ផ្លាស្ទិកចំនួនជាង ១០លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅរាជធានីភ្នំពេញ។ ថង់ប្លាស្ទិកងាយស្រួលសម្រាប់ការវេចខ្ចប់ប៉ុន្តែភាគច្រើនប្រើវាតែម្តងរួចក៏បោះចោល។

ហេតុអ្វីត្រូវខ្វាយខ្វល់ ?

សំណល់ផ្លាស្ទិកប្រើរយៈពេលជាច្រើនរយឆ្នាំ ខ្លះជាង ១០០០ឆ្នាំ ដើម្បីរលាយ។ សារធាតុគីមីនៃប្លាស្ទិកត្រូវបានបំបែកជាកម្ទេចធាតុល្អិតៗដែលនៅលាយឡំជាមួយទឹក។កម្ទេចល្អិតៗនៃប្លាស្ទិកអាចមាននៅក្នុងសារពាង្គកាយមនុស្សយើងតាមរយៈការបរិភោគទឹក ឬតាមរយៈការបរិភោគត្រីដែលមានផ្ទុកកម្ទេចល្អិតៗទាំងនោះ។

ឬអ្នកគិតថាការដុតប្លាស្ទិកជាជម្រើសល្អ? ពិតជាមិនល្អឡើយប្រសិនបើមិនបានដុតតាមបច្ចេកទេសត្រឹមត្រូវ។

ផ្សែងដែលកើតចេញពីចំហេះប្លាស្ទិកមានផ្ទុកសារធាតុPM2.5ដែលបង្កឱ្យកើតជំងឺផ្លូវដង្ហើម និងជំងឺមហារីក។ សារធាតុPM2.5 អណ្តែតនៅក្នុងបរិយាកាសហើយអាចចូលជ្រៅទៅក្នុងសួតរបស់យើងតាមរយៈការដកដង្ហើម

តើអ្វីទៅជាមធ្យោបាយដែលល្អប្រសើរ?
កុំប្រើផ្លាស្ទិក បើពុំចាំបាច់!
យើងអាចប្រើប្រាស់កន្រ្តកឬអេកូបេកជំនួសការប្រើថង់ផ្ទាស្ទិកដើម្បីវេចខ្ចប់។ ជ្រើសរើសការប្រើថង់ប្លាស្ទិកដែលផលិតពីវត្ថុធតុដើមធម្មជាតិដែលងាយនឹងរលាយ មិនប៉ះពាល់បរិស្ថាន។ ប្រើប្រាស់ចានស្រាក់ជំនួសឱ្យចានស្នោរឬប្រអប់ស្នោរ

មានដបទឹកផ្ទាល់ខ្លួនដែលអាចប្រើប្រាស់បានយូរ
គួរប្រើប្រាស់ឱ្យអស់លទ្ធភាពមុននឹងបោះវាចោល។ ធ្វើជាគ្រឿងលំអរក្នុងផ្ទះ ក្នុងសួនច្បារ ឬធ្វើជារបស់ប្រើប្រាស់ផ្សេងៗ។ កម្ពុជាបានដាក់ចុះនូវវិធានការច្បាប់មួយចំនួនដើម្បីគ្រប់គ្រងនិងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព​៕

សូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក!

លោក គន់ គីម ត្រូវទទួលជាប្រធានក្រុមការងារសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ អន្តរាគមន៍ និងសង្គ្រោះ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត ជាក្រុមការងារសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមអន្តរាគមន៍ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះ មហន្តរាយ ដោយមានលោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុ ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាប្រធានក្រុមការងារ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្យាយស្តីពីសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារនេះ នាព្រឹកថ្ងៃទី៩ កញ្ញា នៅទីស្តី ការគណៈរដ្ឋមន្ត្រី លោកទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា ក្រុមការងារសម្របសម្រួលការគ្រប់គ្រងគ្រោះ មហន្តរាយ និងក្រុមអន្តរាគមន៍ប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដែលសម្តេចតេជោនាយករដ្ឋសម្រេចបង្កើតនាពេលនេះ ដែលមានសមាសភាពមកពីច្រើនក្រសួងស្ថាប័នជាសមាជិកក្រោមបញ្ជាផ្ទាល់របស់។

សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានភារៈកិច្ចក្នុងការចូលរួម ធ្វើប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដោយផ្តោតសំខាន់លើការការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ, ចូលរួមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និងមនុស្សនៅក្នុងតំបន់ និងជុំវិញតំបន់ នៃកងឯកភាពខ្លួនទទួលខុសត្រូវ ទោះមានបទបញ្ជា ឬពុំទាន់មានបទបញ្ជារបស់ថ្នាក់លើក្តី ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅនឹងកន្លែងកើតមាន គ្រោះមហន្តរាយ,សមាជិកនៃក្រុមការងារ ត្រូវរៀបចំ និងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបំរុងសម្រាប់ការឆ្លើយតប និងការសង្គ្រោះគ្រោះមហន្តរាយតាមអង្គភាព និងស្ថាប័នរៀងៗខ្លួន និងផ្ញើជូនមកគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយនៅរៀងរាល់ដើមឆ្នាំ,ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារបរិក្ខា ដើម្បីចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះពេលមានគ្រោះមហន្តរាយកើតឡើង,សម្របសម្រួល និងសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និង កាកបាទក្រហមកម្ពុជា ដើម្បីធ្វើប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទៅតាមនីតិវិធីដែលបានរៀបចំ ឡើងជាដើម។

លោកនាយកឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈ កម្មាធិការជាតិគ្រោះមហន្តរាយបានគូសបញ្ជាក់ថា គ្រោះមហន្តរាយវាតែងកើតមានឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យយើងត្រូវតែត្រៀមលក្ខណៈក្នុងការឆ្លើយតបជាប្រចាំ បើមិនដូច្នោះទេនោះការឆ្លើយតប និងការសង្គ្រោះពិតជានឹង យឺតយ៉ាវជាក់ជាមិនខាន៕

ឆ្មក់បង្រ្កាបហាងម៉ាស្សា៤កន្លែងឃាត់ខ្លួនជនជាតិចិន និងវៀតណាម ២៩នាក់

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប ហាងចិនចំនួន ៤កន្លែងដែលបង្កប់សេវាផ្លូវភេទឃាត់ជនជាតិចិន និងវៀតណាមចំនួន ២៩នាក់។

ក្នុងប្រតិបត្តិ ការណ៍ខាងលើនេះបានធ្វេីឡេីងកាលពីវេលា ម៉ោង ៨យប់ថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៩ នៅចំណុចហាង ៤កន្លែងជិតៗគ្នា ដែលទីតាំងទី១ មានយីហោ កន្លែងសំរាកកាយ ទី២យីហោ អេស៊ាងទីស្បាម៉ាស្សា ទី៣ យីហោ សំរាកលំហែរម៉ាស្សា ទី៤មានយីហោ ម៉ាស្សាផ្ទះក្រហម ទីតាំងទាំង៤ នៅតាមផ្លូវលេខ១១៣k ភូមិព្រៃទា ១សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ទីតាំងខាងលេីជារបស់ជនជាតិចិនជួលបេីកហាង យីហោខាងលេីដោយមានបុគ្គលិកនារីៗជាជនជាតិចិននិងវៀតណាមជាច្រេីនដោយសង្ស័យទីតាំងខាងលេីបង្កប់សេវាផ្លូវភេទ។

ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វេីការស៊ើបអង្កេតរហូតចុះទៅបង្ក្រាបជាក់ស្តែងតែម្តងក្នុងប្រតិបត្តិការ ខាងលេីនេះកម្លាំងអាវុធហត្ថធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៩នាក់ក្នុងនោះនារី ចំនួន១៧នាក់ជនជាតិចិន១៤នាក់វៀតណាម៣នាក់និងបុរសជនជាតិចិន១២នាក់ផងដែរ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលេីត្រូវបានកម្លាំងជំនាញ នាំខ្លួនទៅទីបញ្ជាការអាវុធហត្ថរាជធានីដេីម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ដោយឡែកទីតាំងទាំង៤ខាងលេីត្រូវបានបិទទ្វាបណ្តោះអាសន្ន៕

សាឡង់ដឹកខ្សាច់ចំណុះរាប់់សិបតោនបើកបុកគៀបជាប់ចន្លោះសសរកណ្តាលស្ពានព្រែកតាមាក់

ខេត្តកណ្តាល ÷ សាឡង់ដឹកខ្សាច់មួយគ្រឿង បានគៀបជាប់សសរ បង្គោលកណ្តាលរបស់ស្ពានព្រែកតាមាក់ នៃទន្លេមេគង្គ ដោយសារចរន្តទឹកហូរបុកកួចខ្លាំង ហើយសាឡង់ផ្ទុកខ្សាច់មានទម្ងន់ធ្ងន់ មិនអាចបញ្ជាគ្រប់គ្រងបាន។ ករណីនេះ មិនបណ្តាលឱ្យមានគ្រោះថ្នាក់មនុស្សទេ ប៉ុន្តែអាចទទួលរងផលប៉ៈពាល់ខូចខាត នេះបើតាមការវាយតម្លៃជំហានដំបូង។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឱ្យដឹងថា សាឡង់ដឹកខ្សាច់ខាងលើ ម្ចាស់អាជីវកម្មឈ្មោះ ចាន់ ណា ភេទប្រុស ជនជាតិខ្មែរអាយុ ៦១ ឆ្នាំ ទីលំនៅផ្ទះលេខ17AE1E0 ផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចេញមុខមកទទួលខុសត្រូវ។ ចំណែកអ្នកបើកបរ សាឡង់ បានលោតទឹក ហើយត្រូវបានប្រជាពលរដ្ឋ ជួយស្រង់សង្គ្រោះយកឡើងគោក តែបន្ទាប់មកបានគេចខ្លួនបាត់ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ មានសាឡង់ដឹកខ្សាច់មួយគ្រឿងពាក់ស្លាកលេខ ភ.ព ៨២ ៦៣ ធ្វើដំណើរ ពីជើងទៅត្បូងគោលបំណងឆ្លងកាត់ក្រោមស្ពាន តែពេលមកដល់ចំណុចកើតហេតុ បានបើកបរមកបុកប៉ៈ សសរស្ពានផ្នែកកណ្ដាលហើយគៀបជាប់នឹងសសរស្ពាន ខណៈចរន្តទឹកហូរបុកកួចខ្លាំង ហើយសាឡង់ផ្ទុកដោយខ្សាច់មានទម្ងន់ធ្ងន់ ។ តែយ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបានបញ្ជាក់លម្អិតពីទម្ងន់ចំណុះរបស់សាឡង់ដឹកខ្សាច់នោះទេ។

ករណីនេះកម្លាំងជំនាញខេត្ត ស្រុក ប៉ុស្តិ៍រដ្ឋបាល និងអាជ្ញាធរមូលដ្ឋានអភិបាលខេត្តស្រុក កំពុងរកដំណោះស្រាយ ជាមួយម្ចាស់អាជីវកម្មខ្សាច់ ដើម្បីបញ្ជៀស ការប៉ៈពាល់ការខូចខាត និងរកវិធីទាញអូសក្បាលសាឡង់ ចេញពីចន្លោះសសរស្ពាន។

សូមបញ្ជាក់ថា ស្ពានព្រែកតាមាក់ ស្ថិតនៅចម្ងាយប្រមាណ ៤០គ.ម ភាគខាងជើងរាជធានីភ្នំពេញ ដែលបានផ្ដល់ការតភ្ជាប់រវាងច្រាំងខាងកើត និងច្រាំងខាងលិចនៃទន្លេមេគង្គ។ ស្ពាន ព្រែកតាមាក់មានប្រវែង សរុប១.០៦០ម៉ែត្រ និងទទឹងប្រវែង ១៣,៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ ៤៣,៥លានដុល្លារ ក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០ កន្លងទៅ៕