All posts by មេគង្គ ប៉ុស្តិ៍

អភិបាលថ្មីរបស់ខេត្តកំពង់ចាម ជំរុញជួយសង្គ្រោះដំណាំស្រូវនៅស្រុកជើងព្រៃ

​ដោយ ៖ សុផល

ខេត្តកំពង់ចាម ៖ បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចុះពិនិត្យស្ថានភាពបង្កបង្កើនផល របស់ បងប្អូនប្រជាពលរដ្ធ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ និងបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយសង្រ្គោះស្រូវដែលកំពុងខ្វះខាតទឹក រហូតមកដល់ពេលនេះក្រុមការងាររបស់មន្ទីរធនធានទឹក បានធ្វើការស្តារប្រឡាយមេ ប្រវែង៧៥០ម៉ែត្រ និងកែរសម្រួលសម្រុតលូ០១កន្លែង ដើម្បីបង្កលក្ខណៈងាយស្រូលជូនប្រជាកសិករ ក្នុង ការយកទឹកប្រើប្រាស់ បង្កបង្កើនផលដំណាំស្រូវ ។

គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានសេចក្តីទុកចិត្តពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក អ៊ុន ចាន់ដា ក្នុងនាមជាអភិបាលខេត្តថ្មី នៃគណៈ អភិបាល ខេត្តកំពង់ចាម ក្នុងថ្ងៃដំបូងនាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធចុះពិនិត្យស្ថានភាពខ្វះខាតទឹកធ្វើស្រែរបស់ប្រជាកសិករ ក្នុងភូមិកុមារ ភូមិ ដូនតោ និងភូមិសណ្ដែក ស្ថិតក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងបានដាក់ម៉ាស៊ីនបូមទឹកជួយសង្គ្រោះស្រូវ ប្រជាកសិករ ១២៥ហិកតា ក្នុងចំណោម៥២០ហិកតា ចំពោះស្រូវដែលនៅសេសសល់ នឹងត្រូវជួយសង្គ្រោះ បន្តទៀតទោះបីជាតំបន់នោះ មានភ្លៀងធ្លាក់តិច ឬច្រើនក្តី ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសារតែមួយរយះពេលកន្លងមក នៅតំបន់ខាងលើនេះ ជួបបញ្ហាគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យស្រែរបស់ប្រជាពលរដ្ឋ ចំនួន៣ភូមិគឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់។ ដោយមើលឃើញការជួប ភាព លំបាកបែបនេះ និងមានការសម្របសម្រួលពីអជ្ញាធរឃុំគឺបានខិតខំដាក់ម៉ាស៊ីនដើម្បីធ្វើការបូមទឹក។

ជាមួយគ្នានេះរដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រើប្រាស់ម៉ាស៊ីនបូមទឹកបន្ថែមទៀតរបស់មន្ទីរធនធានទឹក ដើម្បីបូមទឹកចូល ក្នុង ប្រឡាយនានា ដើម្បីអាចឲ្យប្រជាពលរដ្ឋ អាចបូបបន្តចូលទៅក្នុងស្រែរបស់គាត់បាន ៕

ជំងឺគ្រុនឈាម នៅដើមឆ្នាំនេះសាហាវជាងឆ្នាំមុន សម្លាប់មនុស្ស ២៥នាក់

ភ្នំពេញ ៖ គ្រុនឈាមបានកើនឡើងប្រមាណ ៥ដងបើធៀបនឹងឆ្នាំមុន និងបានសម្លាប់ជិវិតមនុស្សចំនួន២៥នាក់ ជំងឺ។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានលើកឡើងដោយគិតមកត្រឹមដើមខែ៧ នៃឆ្នាំ២០១៩។

ក្រសួងសុខាភិបាលបានលើកឡើងថ្ងៃទី១០ ខែកក្កដា នេះ ថា ជំងឺគ្រុនឈាម នៅកម្ពុជា បានផ្ទុះឡើងខ្លាំងកាលពីដើមខែឧសភា កន្លងទៅ ដោយរាយប៉ាយនៅតាមភូមិសាស្ត្រមួយចំនួនក្នុង រាជធានី ខេត្ត នានា ដែលការរាយការណ៍ពីការផ្ទុះជំងឺនេះ ចំនួន១ម៉ឺន៥ពាន់ករណី។
ក្រសួងក៏បានឲ្យដឹងបន្ថែមផងដែរថា ក្រោយការធ្វើអន្តរាគមន៍ដាក់ថ្នាំសម្លាប់ដង្កូវទឹកនៅតាមភូមិ សាស្ត្រខេត្តរាជធានីដែលមានជំងឺនេះកើតឡើង ឃើញថាខេត្តចំនួន១១ មានការមានការថយចុះជំងឺនេះ ខណៈខេត្តក្រចេះ កំពត ព្រៃវែង និងកែប មិនមានជំងឺនេះផ្ទុះឡើងឡើយ។

ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាមនេះ ក្រសួងសុខាភិបាល អះអាងថា ខ្លួនបានត្រៀមថ្នាំសម្រាប់សម្លាប់ដង្កូវទឹក ១៨៤ តោន សម្រាប់ចែកឱ្យប្រជាពលរដ្ឋ ខណៈជំងឺបានផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនៅឆ្នាំនេះ៕

រដ្ឋមន្រ្តីការទូត ផ្តល់អនុសាសន៍ដល់និស្សិតកម្ពុជាដែលជាប់អាហារូបករណ៍សិក្សានៅជប៉ុន ឆ្នាំ២០១៩

ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ ២០១៩ បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចំនួន២៤នាក់ ដែលបានប្រឡងជាប់អាហារូបករណ៍ក្រោមគម្រោង JDS របស់រដ្ឋាភិបាលជប៉ុន ហើយត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

លោក ឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះនិស្សិតទាំង២៤នាក់ ដែលប្រឡងជាប់អាហារូបករណ៍ ដើម្បីសិក្សានៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៩នេះ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានចែករំលែកដល់និស្សិតអាហារូបករណ៍ នូវចំណេះដឹង និងព័ត៌មានមួយចំនួន ទាក់ទងនឹងប្រជាជន និងប្រទេសជប៉ុន ដែលធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាមពីអតីតកាល ហើយអាចអភិវឌ្ឍក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣លើពិភពលោកនាពេលបច្ចុប្បន្ន ក៏ព្រោះតែមានការរួមចំណែកយ៉ាងធំធេងពីធនធានមនុស្ស។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់បច្ចុប្បន្ន ប្រទេសជប៉ុន ក្រោមកម្មវិធី JICA Japanese Scholarship JDS បានទទួលនិស្សិត ក៏ដូចជាមន្ត្រីរាជការពីក្រសួង/ស្ថាប័នរដ្ឋ ចំនួន៤៤០នាក់ ដើម្បីទៅបំពេញការសិក្សានៅប្រទេសជប៉ុន។ ក្នុងឆ្នាំ២០១៨កន្លងមក ជប៉ុនបានតំឡើងចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ដល់ទៅ២៦នាក់ ក្នុងមួយឆ្នាំ ដោយ ២៤កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) និង២កន្លែង សម្រាប់ថ្នាក់បណ្ឌិត។

ដោយឡែក និស្សិតកម្ពុជាទាំងអស់ ដែលបានចេញទៅសិក្សានៅប្រទេសជប៉ុនចាប់តាំងពីឆ្នាំ២០០១ មកដល់សព្វថ្ងៃ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញចំនួន ៣៦៨នាក់ហើយ (ស្រ្តី ៧២នាក់) ដោយ៧២នាក់ទៀត កំពុងបន្តការសិក្សានៅប្រទេសជប៉ុននៅឡើយ។ សម្រាប់ឆ្នាំ២០១៩នេះ និស្សិតដែលទទួលបានអាហារូបករណ៍ JDS មានចំនួន ២៦នាក់ (២៤នាក់ថ្នាក់ Master និង ២នាក់ថ្នាក់បណ្ឌិត) ហើយក្នុងចំណោមនិស្សិតទាំង២៤នាក់ នៅក្នុងជំនួបសំណេះសំណាលនាព្រឹកនេះ ក៏មានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន ១នាក់ផងដែរ៕

៣ខែចុងក្រោយនេះ សមត្ថកិច្ចបានចាប់ការនាំចូលលុយគ្មានប្រភពច្បាស់លាស់ជាង១០លានដុល្លារ

ភ្នំពេញ ៖ ជាលើកទី៣ ហើយដែលមន្រ្តីគយ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនជាតិចិន៣នាក់ ដោយសារនាំលុយចូលចំនួន៩០ម៉ឺនដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ បន្ទាប់ពីចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយនឹងប្រាក់ជាង២លានដុល្លារនៅព្រលានយន្តហោះខេត្តសៀមរាបកាល ពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ និងចាប់ខ្លួនជនជាតិចិន ៣នាក់ផ្សេងទៀត រួមនិងលុយ ៣,៥លានដុល្លារ នៅព្រលានយន្តហោះភ្នំពេញ។

នេះជាករណីរឹបអូសសាច់ប្រាក់នាំចូលខុសច្បាប់ផ្ទួនៗគ្នា ជាតុល្យការធ្វើឲ្យចំនួន ទឹកប្រាក់ដែលរឹបអូសបានកើនឡើងដល់ជាង១០លានដុល្លារអាមេរិក ក្នុងការបង្រ្កាបការនាំចូលលុយខុសច្បាប់ក្នុងរយៈពេល៣ខែចុងក្រោយនេះ។

ជនជាតិចិន៣នាក់ ដែលសមត្ថកិច្ចកម្ពុជាចាប់ខ្លួនដោយដកហូតបានលុយ ៩០ ម៉ឺនដុល្លារ នៅល្ងាចថ្ងៃទី០៩កក្កដាគឺមានឈ្មោះ Huang Canming អាយុ២៧ឆ្នាំ ឈ្មោះ Yang Yongwei អាយុ២៦ឆ្នាំ។ អ្នកទាំងពីរធ្វើដំណើរចេញពីទីក្រុងហុងកុង ប្រទេសចិន មកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ខណៈឈ្មោះ Zizheng Zheng អាយុ៣២ឆ្នាំ ជាអ្នកមកចាំទទួលនៅភ្នំពេញ។

ប្រាក់ដែលជន សង្ស័យ ដាក់ក្នុងកាបូបយួរដៃចំនួន៣ គឺមានចំនួន ៩០ម៉ឺនដុល្លារ ដោយមន្ដ្រីគយ និងរដ្ឋាករ បញ្ជាក់ថា ជាប្រាក់ដែលមិនមានប្រភពច្បាស់លាស់ ដូចគ្នាទៅចម្លើយរបស់ជនដែលត្រូវបានចាប់ខ្លួនកាលពីលើកមុនៗដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែកក្កដា សមត្ថកិច្ចកម្ពុជានៅព្រលានយន្ដហោះខេត្តសៀមរាប ក៏បានចាប់ខ្លួនជនជាតិកូរ៉េ២នាក់ ជាមួយទឹកប្រាក់ជាង២លានដុល្លារ មកពីទីក្រុងហុងកុងផងដែរ៕

ការលក់ដូរ ការចត​យានយន្តគ្មានសណ្តាប់ធ្នាប់នៅម្តុំផ្សារអូរឡាំពិក នៅតែជាបញ្ហា

ភ្នំពេញ ៖ បើក្រឡេកទៅមើលជុំវិញផ្សារអូរឡាំពិក ស្ថិតនៅក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងបានឃើញកត្តាទាំងអស់នេះហាក់ដូចជាមានភាពធូររលុងនូវឡើយដែលបណ្តែតបណ្តោយឲ្យអាជីវករមួយចំនួនលក់ និងអ្នករត់តាក់ស៊ីឈប់ចត គ្មានសណ្តាប់ធ្នាប់យ៉ាងរំភើយ ។ប្រជាពលរដ្ឋបានលួចប្រាប់ថានេះប្រហែលជា អាជ្ញាធរផ្សារ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបើកដៃហើយមើលទៅ។

ការលក់ដូរ ឈប់ចត គ្មានសណ្តាប់ធ្នាប់បែបនេះបង្កឲ្យកកស្ទះចរាចរណ៏ បាត់បង់សណ្តាប់ធ្នាប់សង្គម និងសោភ័ណភាពទីក្រុងជាដើម ហេតុដូចនេះហើយមហាជន សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់សូមចុះណែនាំរឹតបណ្តឹងបន្ថែមដល់ពួកគាត់កុំឲ្យធ្វើទង្វើបែបអាណាធិតេយ្យដូច្នេះទៀតព្រោះថាចិញ្ចើមផ្លូវគឺជាផ្លូវសាធារណ:មិនមែនសំរាប់បុគ្គលមួយចំនួនតូចបែបនេះទេ៕

ទាក់ទិនទៅនឹងបញ្ហាខាងលើនេះក្រុមការងារបានព្យាយាមទូរស័ព្ទទៅខាងគណ:កម្មាធិការផ្សារ ក៏ដូចជាអាជ្ញាធរមូលដ្ឋានដើម្បីសុំការបំភ្លឺ តែមិនអាចទាក់ទងបាន៕

ស្រ្តីសិចស៊ីលក់ឡេ ប្រកាសដកពាក្យបណ្តឹងករណីសង្សារវាយតប់ ព្រោះខ្លាចបាត់…..

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ស្ត្រីលក់ឡេដ៏សិចស៊ីម្នាក់ ឈ្មោះ ថៃ ស្រីនាង បានប្រកាសបញ្ចប់ការប្តឹងផ្តល់លើបុរសម្នាក់ដែលជាសង្សាររបស់ខ្លួន និងបានសុំទោសជាសាធារណៈដល់មជ្ឈដ្ឋានទូទៅ រួមទាំងសមត្ថកិច្ចផងដែរ ករណីដែលខ្លួនបានបង្ហោះរូបភាពមិនគប្បីធ្ចើឥ្យមានការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សេចក្តីថ្នូរ។ ​ការដកពាក្បបណ្តឹងនេះ ​ ត្រូវបាននាងអះអាង ថា កុំឲ្យបាត់បង់ការងាររបស់បុរសជាសង្សារ និងប៉ះពាល់កិត្តិយស្ត។

ស្ត្រីលក់ឡេដ៏សិចស៊ីម្នាក់ ឈ្មោះ ថៃ ស្រីនាង បានសរសេរក្នុងផេកហ្វេសប៊ុកថា “នាងខ្ញុំ សុំអភ័យទោសផង សម្រាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រឡោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសម្រេចដកពាក្យបណ្តឹងវិញហើយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់ឲ្យមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់ឲ្យគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រច័ណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស ឲ្យគាត់ ព្រមទាំងនាងខ្ញុំផង ខ្ញុំទាំងពីរ បានស្រឡាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ៕

ថៃ ស្រីនាង បានសរសេរលើ page facebook ថ្ងៃទី ១០ ខែកក្កដា នេះ ថា នាងសុំបញ្ចប់រឿងត្រឹមនេះ ហើយសុំដកពាក្យបណ្ដឹងវិញ ក៏ព្រោះមិនចង់ឱ្យប្រុសស្នេហ៍របស់នាង បាត់បង់មុខតំណែងការងារ និងកិត្តិយស ដែលបច្ចុប្បន្ន លោកទឹម សាវុធ មានមុខងារ ជាអនុប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ។ ថៃ ស្រីនាង បានបញ្ជាក់ ថា ពួកយើងទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែដោយសារតែភ្លើងប្រច័ណ្ឌខ្លាំងពេក ទើបបានបង្កឲ្យមានរឿងនេះកើតឡើង៕

បើករថយន្តឆ្លងផ្លូវដែកត្រូវរថភ្លើងបុកខ្ទេចមួយចំហៀូង

 

ភ្នំពេញ ៖ នារីរូបស្រស់២នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ បើករថយន្តឡិចសុីសមួយគ្រឿងឆ្លងផ្លូវរថភ្លើងមិនប្រយ័ត្ន ត្រូវរថភ្លើងបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយចំហៀង តែមិនបណ្ដាលឲ្យមនុស្សរងរបួសឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវដែកផ្សារដីហុយ (តាមផ្លូវហាន់ណូយ) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានរថភ្លើងមួយគ្រឿង បំណងបើកឆ្លងកាត់ផ្លូវហាន់ណូយ ដោយមានអ្នកប្រចាំការជួយឲ្យសញ្ញាសម្រាប់រថភ្លើងឆ្លងកាត់ តែមិនបានទាញប៉ារ៉ាស់ទំលាក់នោះទេ ដល់ពេលរថភ្លើងឆ្លងកាត់ ក៏មានរថយន្តម៉ាក ឡិចសុីស RX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2T-4519 បើកបរដោយបុរសម្នាក់ជាជនជាតិចិនមានសភាពស្រវឹង ព្រមទាំងមាននារីជនជាតិខ្មែរ២នាក់រួមដំណើរជាមួយ បានឆ្លងកាត់មិនប្រយ័ត្ន ក៏ត្រូវរថភ្លើងបុកចំពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទៀតចេញពីផ្លូវរថភ្លើងប្រហែល១០ម៉ែត្រ រងការខូចខាតមួយចំហៀងយ៉ាងដំណំ ចំណែករថភ្លើងមិនខូចខាតនោះទេ តែសំណាងល្អមួយ ក្នុងហេតុការណ៍នេះមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុ ភាគីខាងរថយន្តដែលរងការខូចខាតសុំយករថយន្តរបស់ខ្លួនយកទៅជួសជុលដោយខ្លួនឯង តែភាគីខាងរថភ្លើងមិនយល់ព្រម ព្រោះគិតថាខ្លួនឯងត្រូវ ក៏សុំឲ្យសមត្ថកិច្ចជំនាញធ្វើការវាស់យករថយន្តឡិចសុីសទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

រដ្ឋបាលរាជធានី ប្រកាសចាត់ការលើការសង់រោងបុណ្យ រោងការលើផ្លូវសាធារណៈ

ភ្នំពេញ ៖ ជាថ្ងៃដែលរដ្ឋបាលសាលារាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នេះ បានប្រកាសបិទបញ្ចប់លែងឱ្យមានការសង់រោងបុណ្យ រោងការ និងរោងពិធីផ្សេងៗនៅលើដងផ្លូវសាធារណៈ ក្នុងទីក្រុងភ្នំពេញពេញទៀតហើយ ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជាធាណីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា នៅថ្ងៃទី( ខែកក្កដា នេះ សាលារាជធានីភ្នំពេញនេងចាប់ផ្តើមអនុវត្តន័នូវវិធានការតឹងរឹងចំពោះការសង់រោងបុណ្យ រោងការ ឫកម្មវិធីផ្សេងៗ នៅតាមទីសាធារណៈទៀតហើយ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ មិនទាន់ទទួលបានព័ត៌មានអំពីការសង់រោងបុណ្យ រោងការ រំលោភលើចំណីផ្លូវសាធារណៈ ក្នុងក្រុងភ្នំពេញដោយគ្មានច្បាប់នៅឡើយទេ។ ប៉ុន្តែបើឃើញមានការសង់បែបនេះមែន លោកឱ្យរាយការណ៍ទៅអាជ្ញាធរខណ្ឌនៅទីនោះ ដើម្បីឱ្យចុះទៅរុះរើការសង់រោងទាំងនោះភ្លាម មិនទុកឲ្យបង្កបញ្ហារាំងស្ទះចរាចរណ៍ និងថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋនោះឡើយ៕

ចាប់ឧកញ៉ាជួញដូរឈើ ស៊ឹង សំអុល និងគ្នីគ្នា៣នាក់ រឹបអូសរថយន្ដចម្រុះជាង៤០គ្រឿង

មណ្ឌលគិរី ៖ សមត្ថកិច្ចនៃកងរាជអាវុធហត្ថ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការនៅតំបន់មួយចំនួនក្នុងខេត្តមណ្ឌលគិរី ក្នុងរូបភាពទ្រង់ទ្រាយធំ ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿង ផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់ថា លទ្ធផលក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនមនុស្ស៤នាក់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្នកបើករថយន្ត ព្រមទាំងរថយន្ដជាង៤០គ្រឿង។

លោក ថា រថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មូញយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករកយ៉ាងក្ដៅគគុក។ លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ទៀតថា រថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃនឹងបំផ្លាញចោលនៅទីនោះតែម្ដង។
អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវឲ្យក្រុមឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ត្រូវដកខ្លួនចេញជាបន្ទាន់ បើមិនដូច្នោះទេ នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់ជាក់ជាមិនខានឡើយ៕

កម្ពុជាចង់បង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច តាមរយៈការវិនិយោគពីអាមេរិក

 ​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដឹកនាំដោយលោក Alexander Feldman និងលោក Michael W. Wichalak មានប្រសាសន៍ថា កម្ពុជាចង់បានការវិនិយោគច្រើនថែមទៀតពីអាមេរិក ដើម្បីជួយធ្វើ ពិពិធកម្មបង្កើតការងារ និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចកម្ពុជា ខណៈលោក Alexander Feldman មាន ប្រសាសន៍ថា ដំណើរទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះ មានការចូលរួមពីក្រុមហ៊ុនធំៗ អាមេរិកចំនួន ១៥ និងមានគោលបំណងស្វែងយល់នូវឱកាសវិនិយោគ ក៏ដូចជាដើម្បីធ្វើការពិភាក្សាលើបញ្ហាមួយចំនួនពាក់ព័ន្ធនឹង ការវិនិយោគ និងធុរកិច្ចរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា។

លោក វង្សី វិស្សុត បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាមេរិក-អាស៊ានទាំងអស់ ហើយថាឯកឧត្តមមានសេចក្តីសោមនស្សរីករាយ ក្នុងការពិភាក្សាលើបញ្ហានានា ដែលជាសំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមហ៊ុនអាមេរិកដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជា ក៏ដូចជាដើម្បី ទាក់ទាញការវិនិយោគថ្មីពីអាមរិកបន្ថែមទៀត ក្នុងគោលដៅពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរឱ្យដល់កម្រិតមួយថ្មីទៀត ដើម្បីផលប្រយោជន៍ទាំងសងខាងក្នុងរយៈពេលវែង។ ឯកឧត្តម បាន គូសបញ្ជាក់ថា កម្ពុជាចង់បានការវិនិយោគបន្ថែមកាន់តែច្រើនពីអាមេរិក ដើម្បីធ្វើពិពិធកម្ម, បង្កើតការងារ និងបង្កើនតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាដើម្បីតភ្ជាប់កម្ពុជាទៅកាន់ខ្សែសង្វាក់ផលិតកម្មនៅតំបន់ និងពិភពលោក ជាពិសេសការផ្ទេរនូវចំណេះដឹង, បច្ចេកវិទ្យា, នានុវត្តន៍ និងសហគ្រិនភាពជាដើម។

លោកបានបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាបាន និងកំពុងបន្តរីកចំរើនទៅមុខយ៉ាងលឿន។ ក៏ប៉ុន្តែ និន្នាការ និងភាពមិនប្រាកដប្រជាមួយចំនួនក្នុងពិភពលោក និងតំបន់បាននាំមកនូវទាំងកាលានុវត្តភាព ទាំង ហានិភ័យនិងបញ្ហាប្រឈមមកជាមួយគ្នាផងដែរ៕

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំអនុម័តសេចក្តីព្រាងស្តីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ នៅថ្ងៃទី១១ កក្កដា

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ បន្តសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៤។

លោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ឲ្យដឹងថា របៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅថ្ងៃនេះរួមមាន ៖

១-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យ ក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក។

២-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាការទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុន ស្នេថេក រីញូវេប៊ល ឯ.ក ។

៣-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម លើការធានាការទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រុមហ៊ុនស្នេថេក ខូ អិល ធីឌី។

៤-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រម ឲ្យព្រះរា ជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត និង ៥-ពិភាក្សា និងពិនិត្យលើសេចក្តីព្រាង ស្តីពីការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣៕

ក្នុងខែមិថុនា មូលនិធិគន្ធបុប្ផា ទទួលបានថវិកា១៦៩លានរៀល និងជិត១០ម៉ឺនដុល្លារ

​ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ ក្នុងខែមិថុនា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើង ដើម្បីកៀរគរអំណោយឧបត្ថម្ភធន និងវិភាគទានពីប្រភពស្របច្បាប់នានា សំដៅធានានូវចីរភាព នៃ ប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន ១៦៩,២១៣,៣០០រៀល និង៩៨,៩៨៦ដុល្លារអាមេរិក។

បន្ថែមពីនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ទើបទទួលបានថវិកាបរិច្ចាគចំនួន ៩១៣,០៨៦ ដុល្លារ អាមេរិក ដែលជាទឹកប្រាក់កាត់ទុកពីថ្លៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី២ ឆ្នាំ២០១៩ ពីគ្រឹះស្ថានអង្គរ ហើយមូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំផ្ទេរនូវថវិកានេះ ជូនទៅមន្ទីរ ពេទ្យគន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់ ក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ។

តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងឆមាសទី០១ ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាពីរាជរដ្ឋាភិបាល, កាកបាទក្រហមកម្ពុជា, គ្រឹះស្ថានអង្គរ, សមាជិក និងសប្បុរស ជននានាចំនួន ៧,៤៧៤រូបនូវទឹកប្រាក់ចំនួន ៧០២,២៤២,២៧៦រៀល និង ២,៤៣០,២២៧ ដុល្លារ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បាន ថ្លែងអំណរគុណដល់សប្បុរសជន ទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ច ដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា ផងដែរ៕

ក្រសួងពាណិជ្ជកម្មពន្យល់ពីយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មជំនាន់ទី ៤

​ដោយ ៖ ផានូរ៉ាត

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) បានរៀបចំកម្មវិធីមួយ នៅក្នុងកម្មវិធីនៃកិច្ចប្រជុំ ការត្រួតពិនិត្យឡើងវិញ ជា សកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយពីយុទ្ធសាស្ត្រ សមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជា បានកើនឡើងជាលំដាប់ តាមរយៈការកើនឡើងនូវតម្រូវការ និងការពង្រឹងទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តាមតួលេខរបស់ធនាគារពិភពលោក ការនាំចេញសម្លៀកបំពាក់ និងស្បែក ជើង ដែលមានចំណែកលើសពីរភាគបីនៃការនាំចេញទំនិញទាំងអស់របស់កម្ពុជា បានកើនឡើង ចំនួន ១៧,៦% នៅឆ្នាំ២០១៨ លើសពីកំណើន ៨,៣% ដែលទទួលបានក្នុងឆ្នាំ២០១៧ ។

សម្រាប់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី កម្ពុជានៅតែបន្តការតាំងចិត្តយ៉ាងមុតមាំលើគោលការណ៍ និង តម្លៃដែលទ្រទ្រង់ដោយអង្គការពាណិជ្ជកម្មពិភពលោក ជាមួយនឹងសកម្មភាពមួយចំនួន ដូចជាបាន បញ្ចប់ដោយជោគជ័យនូវការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា លើកទី២ ដែលជាកាតព្វកិច្ចរបស់កម្ពុជា ។ កម្ពុជាបានរៀបចំ និងវិនិយោគលើការរៀបចំស្ថានបេសកកម្ម អចិន្រ្តៃយ៍របស់កម្ពុជា នៅអង្គការពាណិជ្ជកម្មពិភពលោក ហើយក៏ក្លាយជាអ្នកសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍ តិចតួច និងត្រូវបានជ្រើសរើស ជាសមាជិកក្រុមប្រឹក្សាភិបាល របស់ក្របខណ្ឌ ពង្រឹង សមាហរណកម្ម (EIF) ក្នុងតំណែងជាតំណាងរបស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅអាស៊ី ។

លោកបន្ថែមថា ចំពោះយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ កម្ពុជា នៅតែជាប្រទេសទទួលផលនាំមុខគេ ក្នុងការអនុវត្តកម្មវិធី EIF ។ ការធ្វើបច្ចុប្បន្នភាពលើកទីបីនេះ ត្រូវបានរៀបចំជួនពេលជាមួយនឹងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់អាណត្តិទី៦នៃរាជរដ្ឋា បាល ៕

ក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ត្រូវបាន ACU ឃាត់ខ្លួនពាក់ព័ណ្ធអំពើពុករលួយ

​ដោយ ៖ សុត្ថារ៉ា

ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានឱ្យដឹងនៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ថា អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។

លោកបញ្ជាក់ថា ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួននេះ ឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកបន្តថា អង្គភាពប្រឆាំងអំពើពុករលួយបានស៊ើបអង្កេតយ៉ាងដិតដល់រហូតឈានដល់ ការចាប់ខ្លួនក្រឡាបញ្ជីម្នាក់នៃសាលាឧទ្ធរណ៍ពាក់ព័ន្ធនឹងករណី អំពើពុករលួយដោយនាំខ្លួនមកកាន់អង្គភាពប្រឆាំងអំពើពុករលួយដើម្បី សួរនាំចាត់វិធានការ។ ប៉ុន្តែទោះយ៉ាងណាអង្គភាពប្រឆាំងអំពើពុករលួយមិនបានបញ្ជាក់ថា ក្រឡាបញ្ជីរូបនោះពាក់ព័ន្ធអំពើពុករលួយក្នុងសំណុំរឿងអ្វីខ្លះនោះទេ៕

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ទើរគ្រប់កន្លែងនៅខេត្តព្រះសីហនុ រងការខូចខាតយ៉ាងគំហុក

​ដោយ ៖ សុត្ថារ៉ា

ខេត្តព្រះសីហនុ ៖ ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក ក្នុងរយៈពេលជាង ២ឆ្នាំចុងក្រោយនេះ បញ្ហាផ្លូវក្នុងក្រុងស្ទើរគ្រប់កន្លែង ក៏កំពុងតែខូចខាតយ៉ាងដំណំ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន មានការរអ៊ូរទាំ និងរិះគន់ធ្ងន់ៗ តាមបណ្តាញសង្គមផងដែរ។

សកម្មភាពចុះត្រួតពិនិត្យផ្លូវថ្នងដែលកំពុងរងការខូចខាតយ៉ាងដំណំនេះត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ ខែកក្កដាឆ្នាំ ២០១៩ ដែលបានដឹកនាំដោយ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកអីុសុខឡេង អភិបាលក្រុងព្រះសីហនុ និងលោក ណុបហេង ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រះសីហនុ រួមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធនៃមន្ទីរនានានៅក្នុងខេត្ត ទាំងអស់ផងដែរ។

ទន្ទឹមនេះអាជ្ញាធរក្រុង-ខេត្តព្រះសីហនុ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក៏កំពុងតែមានក្តីកង្វល់យ៉ាងខ្លាំង និងបានជួបប្រជុំពិភាក្សាគ្នារកដំណោះស្រាយជាបន្តបន្ទាប់។ដោយសារទំហំ នៃការខូចខាតផ្លូវ នានានៅក្នុងក្រុងព្រះសីហនុ យើងត្រូវ ការចំណាយថវិកាជួសជុល ក៏មានទំហំធំសម្បើម ខណៈខ្ទង់ថវិកាក្នុ្ងងការជួសជុលឡើងវិញនៅមានកម្រិត។ ជារៀងរាល់ថ្ងៃ បើទោះជាមានភ្លៀងធ្លាក់មិនឈប់ឈរ ក៏ក្រុមការងារបានធ្វើសកម្មភាពជួលជុលទាំងហាលភ្លៀងហាលខ្យល់ ទោះណាជាមិនអាចបំពេញចិត្តអ្នកប្រើប្រាស់ផ្លូវថ្នល់បានជាទីគាប់ចិត្តក្តី។

ទាក់ទងនឹងបញ្ហានេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា ចំពោះមុខនេះលោកបានជម្រុញឲ្យមន្ទីរសាធារណការ ជួសជុលផ្លូវដែលកំពុងរងការខូចខាតទាំងនោះជាបន្ទាន់ ដើម្បីឲ្យពលរដ្ឋអាចធ្វើចរាចរណ៍បាន។
នៅពេលរាំងភ្លៀងនឹងរៀបចំជួសជុលឡើងវិញទៀត ព្រោះពេលនេះភ្លៀងសើមជោគជាំពេកមិនអាចធ្វើកើត សូមឲ្យសាធារណជនមានការយោគយល់។

ជាមួយនេះ លោកអភិបាលខេត្ត ក៏បានទទួលស្គាល់ចំពោះការរិះគន់ដើម្បីស្ថាបនារបស់ពលរដ្ឋ តែក្នុងនោះមានបុគ្គលខ្លះ បានរិះគន់ដោយមានចរិតវាយប្រហារតាមមនោគតិទុច្ចរិត ទាំងមិនបានយល់ច្បាស់អំពីស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គ្រានេះមានភ្លៀងធ្លាក់ខ្លាំងស្ទើររាល់ថ្ងៃ ហើយអ្នកបច្ចេកទេស មិនអាចធ្វើការជួសជុលឲ្យមានគុណភាពបានទេ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានបញ្ជក់ថា មូលហេតុនាំឲ្យផ្លូវខូចស្ទើរគ្រប់កន្លែងបែបនេះណ្តាលមកពីមូលហេតុ៖

ទី១៖ ផ្លូវចាស់មានអាយុកាលជាង១០ឆ្នាំទៅហើយ វាដល់អាយុកាលត្រូវធ្វើឡើងវិញទាំងអស់
ទី២៖ ឆ្នាំនេះមានភ្លៀងធ្លាក់ឥតឈប់ធ្វើឲ្យផ្លូវកាន់តែពុកផុយដូចក្រណាត់ចាស់អញ្ចឹង
ទី៣៖ ខេត្តព្រះសីហនុមានការអភិវឌ្ឍគំហុកពេក ការដឹកជញ្ជូនក៏កើនគំហុកទាំងយប់ទាំងថ្ងៃ ទាំងដឹកគ្រឿងសំណង់ ដឹកដី ដឹកបេតុង ជាដើម ហើយដឹកធ្ងន់ទៀតផង។

លោក ណុប ហេង បន្ថែមថា តាមការប៉ាន់ប្រមាណផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើឲ្យល្អឡើងវិញត្រូវការថវិកាច្រើនណាស់ រហូតខ្ទង់លានដុល្លារ។ ចំពោះថវិការបស់ខេត្តនៅមានកម្រិត មិនអាចធានាការជួសជុលបានទាំងអស់ឡើយ។ ដើម្បីដោះស្រាយបញ្ហានេះបាន លោក ណុប ហេង យល់ឃើញថា មានតែថ្នាក់ជាតិ គឺរាជរដ្ឋាភិបាលប៉ុណ្ណោះទើបអាចដោះបាន។តែសព្វថ្ងៃនេះ មន្ទីរក៏បានធ្វើការជួសជុលជាលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។

ការធ្វើរាល់ថ្ងៃទាំងហាលភ្លៀងបែបនេះ មិនអាចធានាគុណភាពប្រើប្រាស់បានយូរអង្វែងឡើយ គ្រាន់តែដោះបញ្ហាចំពោះមុខប៉ុណ្ណោះ។ ទោះជាបែបនេះក្តី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញជំហរថា នឹងខិតខំដោះស្រាយ ស្តារ និង កែលម្អរ ផ្លូវថ្នល់ និង ប្រព័ន្ធលូ រំដោះទឹកភ្លៀងនានានៅក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុ ឲ្យបានប្រសើរឡើងវិញនៅពេលខាងមុខនេះ៕