ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានអំបាវនាវដល់ពលរដ្ឋឈប់ប្រើប្រាស់ជាបន្ទាន់ នូវផលិតផលឱសថ និងគ្រឿងសម្អាងជាង២០មុខ ដែលគ្មានការអនុញ្ញាត និងបង្គាប់ឲ្យម្ចាស់ហ្វេសប៊ុកនេះ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយលក់។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៨ ខែមករា ក្រសួងសុខាភិបាល បានហាមឃាត់ផលិតផលជាង២០មុខ ដូចជាថ្នាំជំនួយសុខភាព គ្រឿងសម្អាង ថ្នាំធ្វើឲ្យស្បែកស និងថ្នាំពង្រីកដើមទ្រូង ជាដើម ដែលគ្មានការចុះបញ្ជិកាប្រតិវេទន៍ គ្មានការពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតដែលកំពុងចែកចាយដោយគណនីហ្វេសបុកឈ្មោះ Family Doctor Cambodia។
គួរជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលក្រសួងបានហាមប្រាមបែបនេះ ហើយបើគិតពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងហាមប្រាមស្រដៀងគ្នានេះចំនួន៦ ទៅលើហ្វេសប៊ុកលកើគ្រឿងសម្អាង ថ្នាំសម្រករាង ថ្នាំប៉ូវកម្លាំង និងជំនួយសុខភាពផ្លូវភេទបុរស មិនតិចជាង ៥០ មុខនោះទេ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងសុខាភិបាលបានត្រួតពិនិត្យ និងតម្រូវឲ្យឱសថស្ថានទាំងអស់មកចុះបញ្ជី និងសុំលិខិតអនុញ្ញាតពីក្រសួងរួចរាល់អស់ហើយ តែអ្វីដែលជាបញ្ហាថ្មីនោះ គឺមាននិន្នាការនៃការលក់តាមអនឡាញ ដោយមិនបង្ហាញទីតាំងជាក់លាក់យ៉ាងផុសផុល ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់៕

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ បានប្រកាសនៅថ្ងៃទី៩ មករា នេះថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនកែច្នៃយានយន្ដខុសបច្ចេកទេស ដោយគ្មានច្បាប់អនុញ្ញាត ត្រូវតែបិទចោលទាំងអស់ ។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី៩ ខែមករា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ឆ្នាំនេះ ក្រសួងនឹងរកនិតីវិធីដើម្បីតាមដានគ្រប់គ្រង និងឈានទៅដល់បិទក្រុមហ៊ុន ឬអាជីវកម្មរថយន្តដឹកទំនិញកែច្នៃ ខុសលក្ខណៈបច្ចេកទេសឲ្យអស់ទាំងស្រុង។
កន្លងមកក្រសួង ក៏បានធ្វើដែរ តែធ្វើតាមក្រដាស តែពេលនេះ ធ្វើការតាមដានតាមប្រព័ន្ធអនឡាញម្ដង ដើម្បីកុំឲ្យមានករណីកែច្នៃ កាត់ត ទ្រុងឡាន កើតឡើងដដែលៗ ដូច្នេះឆ្នាំ២០១៩ នេះ ត្រូវតែបិទក្រុមហ៊ុនកែច្នៃយានយន្ដដែលល្មើសច្បាប់៕
ភ្នំពេញ ៖ លោក គង់ គាំ និងលោក គង់ បូរ៉ា ជាកូនប្រុស អតីតមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះ ជាតិ បានដាក់លិខិតជាផ្លូវការព្រមគ្នាទៅក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិចូលធ្វើនយោបាយជាថ្មីឡើង វិញ។
លោក គង់ បូរ៉ា បញ្ជាក់នៅលើបណ្តាញសង្គម facebookផ្ទាល់ខ្លួនថា លោកធ្វើនេះ គឺប្រឆាំងនឹង ការអំពាវនាវរបស់លោក សម រង្ស៊ី ដែលតាំងខ្លួនជា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក្រៅច្បាប់ នឹងនាំអន្តរជាតិមកបំផ្លាញកម្ពុជា។ លោកបញ្ជាក់ថា«ខ្ញុំ គង់ បូរ៉ា មិនអាចបន្តរួមដំណើរក្នុងអំពើក្បត់ ប្រទេស ក្បត់ប្រជាពលរដ្ឋតទៅទៀតបានឡើយ»។
យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក្រៅពីលោក គង់ គាំ និងលោក គង់ បូរ៉ា មិនទាន់ឃើញ សមាសភាពទាំងជាង១០០នាក់ របស់អតីតគណបក្សប្រឆាំង បង្ហាញបំណងសុំសិទ្ធិនយោបាយឡើងវិញ នោះទេ៕

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ មករា ២០១៩ នេះ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក Wang Chun Xian ដែលជាតំណាងក្រសួងពាណិជ្ជកម្មចិន បានអញ្ជើញទៅធ្វើជាសាក្សី និងពិនិត្យការផ្គុំដំឡើងកៅអី សម្រាប់អង្គុយទស្សនាបាល់ទាត់ ក្នុងពហុកីឡដ្ឋាន មរតកតេជោ។
ការផ្គុំកៅអីថ្មនេះ មានចំនួន ៤.៦២៤ផ្ទាំង ជណ្ដើរមាន ២.៣៩២កាំ និងបង្កាន់ដៃ ចំនួន ១៩២ ។ កៅអីនេះ អាចផ្ទុកមនុស្សបានចំនួន ៥៥.០០០នាក់ និងកៅអីបម្រុងចំនួន ៥.០០០ កៅអី។ កីឡដ្ឋាននេះ មានសមត្ថភាពជម្លៀសមនុស្សដោយប្រើពេលតែ ៧នាទីប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋាន ដែលធ្វើឡើង ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលចិននេះ មាន តម្លៃជាង ១៦០ ឮលានដុល្លារសហរដ្ឋអាមេរិក ។ មកទល់ពេលនេះ កសាងសម្រេចបានជាង ៤០ ភាគរយ។ បើតាមការគ្រោងទុក ការសាងសង់ នឹងបញ្ចប់នៅចុងឆ្នាំ២០២០ ដែលពេលនោះ រដ្ឋា ភិបាលចិន នឹងប្រគល់ជូនរដ្ឋាភិបាលកម្ពុជា តែម្ដង ៕




ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែមករា នេះ បានបញ្ជាក់ថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ចម្ងាយជាង១៩០គីឡូម៉ែត្រ អាច បើកការដ្ឋានសាងសង់នៅក្នុងអំឡុងខែកុម្ភៈ ឬដើមខែមីនា ខាងមុខនេះ ខណៈអ្នកបច្ចេកទេស-វិស្វកម្មចិនប្រហែល២០០នាក់ បានមកដល់កម្ពុជាហើយ ចំណែកគ្រឿងចក្រដែលមានតម្លៃប្រមាណ១០០លានដុល្លារ នឹងមកដល់នៅចុងខែមករា ខាងមុខនេះ។
ទោះជាយ៉ាងនេះក្តី លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា រដ្ឋាភិបាលមិនទាន់បានដោះស្រាយផលប៉ះពាល់បញ្ហាដីធ្លីរួចរាល់នៅឡើយ ដោយក្រសួងសាធារណការ កំពុងតែរៀបចំជំរុញការារនេះជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអាចបើកការដ្ឋានបាន។
សូមជម្រាបថា ផ្លូវល្បឿនលឿននេះ ប្រវែងជាង១៩០គីឡូម៉ែត្រ មានទទឹង ២៤,៥ម៉ែត្រ មានគន្លង សម្រាប់ម៉ូតូ សម្រាប់ថ្មើរជើង មានសួននៅអ័កកណ្តាលទ្រូងផ្លូវ និងមានស្ពាន ៨៩កន្លែង ដោយ គ្រោងចំណាយថវិកាប្រមាណ ១.៩០០លានដុល្លារ ដែលសាងសង់ដោយក្រុមហ៊ុនចិន ក្រោមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)៕
ខេត្តកែប ៖ តាមរបាយការណ៍ខណ្ឌរដ្ឋបាលជលផលខេត្ត បានបង្ហាញថាឆ្នាំ២០១៨ នេះ ផលនេសាទសមុទ្រខេត្តកែប បានប្រមាណ ៥.១០០តោន កើនឡើងលើសឆ្នាំមុនជាងមួយរយតោន។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកែប លោក ជុគ វីរៈ បានប្រាប់ឲ្យដឹងថា ផលនេសាទសមុទ្រខេត្តកែបមានច្រើនប្រភេទ ហើយនៅឆ្នាំនេះប្រមូលបានចំនួន៥.១០០តោន ច្រើនឆ្នាំមុនជាងមុនដូចជា ត្រី មឹក ក្តាម បង្គារ បបែប ខ្យង ជាដើម និងត្រូវបានដាក់លក់នៅលើទីផ្សារក្នុងខេត្ត និងចែកចាយទៅបណ្តាខេត្តផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជា។
លោកថា ដោយសារចំនួនអ្នកនេសាទកើនឡើង បានធ្វើឲ្យឆ្នាំនេះ តម្លៃក្តាមធ្លាក់ចុះទាបជាងឆ្នាំមុនផងដែរ។
សូមជម្រាបថា ខេត្តកែប ជាខេត្តទេសចរណ៍តំបន់ឆ្នេរដ៏ទាក់ទាញរបស់កម្ពុជា និងមានឈ្មោះល្បីល្បាញទទួលបានពានរង្វាន់ជាច្រើនទាំងក្នុងគ្របខណ្ឌជាតិ និងអាស៊ាន ក្រៅពីនោះ ក៏មានធនធានសមុទ្រដ៏សម្បូរបែបផងដែរ៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលទី៩ ខែមករា ឆ្នាំ២០១៩ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំសំខាន់ៗចំនួន២។
តាមការគ្រោងទុក កិច្ចប្រជុំទី១ គឺកិច្ចប្រជុំលើកទី១០ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ ដែលកាលពីឆ្នាំកន្លងទៅ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយនៅឆ្នាំនេះ ភាគីវៀតណាមបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវិញម្ដង។
កិច្ចប្រជុំទី២ ស្ដីពីកិច្ចសហប្រតិបត្តិការ និងដើម្បីចុះហត្ថលេខាលើផែនការបន្តកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០១៩ រវាងអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ដែលភាគីទាំង២ តែងតែផ្លាស់ប្ដូរគ្នាទទួលធ្វើជាម្ចាស់ផ្ទះដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធនៃប្រទែសទាំងពីរផងដែរ៕

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈចំនួន៣ នៅ វេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ នេះនើយោងតាមសេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
ក្នុងនោះ របៀបវារៈចំនួនពីរ នឹងពិភាក្សាសម្រេចលើសំណើរបស់គណៈកម្មការទី៦ នៃព្រឹទ្ធសភា ពាក់ព័ន្ធ នឹងវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង និងវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុង ខេត្ត ស្រុក ខណ្ឌ និងទី៣ កំណត់កាល បរិច្ឆេទបន្តសម័យប្រជុំលើទី២ នៃព្រឹទ្ធសភាអាណត្តិនីតិកាលទី៤៕

ភ្នំពេញ ៖ ក្នុងយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៩ នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣.៧៨២គ្រឿង រកឃើញ ល្មើសច្បាប់ ៤៩៩គ្រឿង (ម៉ូតូ៧០%) អប់រំ ២០១គ្រឿង និងផាកពិន័យ ២៩៨គ្រឿង។
តាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា ចំពោះការត្រួតពិនិត្យមួកសុវត្ថិភាព និងកញ្ចក់នៅថ្ងៃទី០៨ ខែមករា នេះដែរ ត្រួតពិនិត្យ បានចំនួន ២.៤០៥គ្រឿង, អប់រំ ១២២គ្រឿង និងផាកពិន័យ ២២២គ្រឿង។
របាយការណ៍បញ្ជាក់ថា រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមករា នេះ នគរបាលបានត្រួត ពិនិត្យយានយន្ត ចំនួន៣៨.៩៧៧គ្រឿង រកឃើញយានយន្តល្មើស ៥.៣៨០គ្រឿង (ម៉ូតូ៧៩%) ក្នុងនោះអប់រំ ១.៧២១គ្រឿង និងផាកពិន័យ ៣.៦៥៩គ្រឿង៕

ភ្នំពេញ ៖ គិតចាប់តាំងពីពេលដំណើរការដំបូង ក្នុងឆ្នាំ២០០៨ រហូតមកដល់ដើមឆ្នាំ២០១៩ នេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន៣១៤.០៧៦នាក់ និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាថែទាំសុខភាព បានចំនួន២៥៨.៥១១ លើក។
នេះបើតាមលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស) បានឲ្យដឹង នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកិច្ចការនារី។
លោក អ៊ុក សមវិទ្យា បានបន្ថែមថា ប.ស.ស បានផ្តល់តាវកាលិក (អត្ថបទប្រយោជន៍) ផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះជាកម្មករនិយោជិត បានជាង២១៦០០០នាក់ ក្នុង ចំណោមកម្មករនិយោជិត ជាសមាជិកជាង១ ៦១០ ០០០នាក់ នៃសហគ្រាស ជាង១២៦០០សហគ្រាស។ សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិត ជាង១ ៨៥០ ០០០ដង។
បើតាមការបញ្ជាក់ពី លោកអ៊ុក សមវិទ្យា បានឲ្យដឹងថា ប័ណ្ឌ ប.ស.ស អាចប្រើប្រាស់បាន នៅគ្រប់មន្ទីរពេទ្យសាធារណៈ (ពេទ្យរដ្ឋ) និងបណ្តាមន្ទីរពេទ្យឯកជនមួយចំនួន ដែលមានដាក់ស្លាកសញ្ញា ប.ស.ស។ ដោយឡែក ក្នុងករណីសង្គ្រោះបន្ទាន់ អ្នកមានប័ណ្ណ ប.ស.ស អាចចូលសម្រាកព្យាបាលបានគ្រប់មន្ទីរពេទ្យ ហើយយកវិក័យបត្រចំណាយ មកជូនមន្ត្រី ប.ស.ស ដើម្បីទូទាត់ប្រាក់ជូនវិញ៕
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន និងកំពុងរៀបចំធ្វើការអភិរក្ស និងចុះបញ្ជីសាកសពជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតាមទីកន្លែងវាលពិឃាតនានា ទូទាំងប្រទេសកម្ពុជា ដើម្បីទុកជាភស្ដុតាង និងទុកឯកសារសម្រាប់មនុស្សជំនាន់ក្រោយ។ នេះបើយោងតាមការបញ្ជាក់ពីលោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក វឿន វុទី្ធ បានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០១៩ នេះ នាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានផ្ទៀងផ្ទាត់ អភិរក្ស និងចុះបញ្ជីសាកសព ជនរងគ្រោះ (ការធ្វើកោសល្យវិច្ច័យ) បានជាង១០ម៉ឺនអដិ្ឋធាតុ និងផ្នូរសាកសពរួម នៅតាមទីតាំងវាល ពិឃាត នៅទូទាំងប្រទេស គឺមានជិត ២០០ផ្នូរ សាកសពរួម។
សូមបញ្ជាក់ថា គម្រោងអភិរក្សមួយនេះមានលក្ខណៈវិទ្យាសាស្ត្រ ដែលត្រូវបានអនុវត្តន៍ដោយបុរាណវិទូខ្មែរ និងយករូបមន្តបច្ចេកទេសពីបរទេស ដើម្បីថែរក្សាអដ្ឋិធាតុទាំងនោះ ឱ្យមានអាយុកាលយូរអង្វែង និងមានតម្លៃសម្រាប់ជាប្រវត្តិសាស្ត្រកម្ពុជាតទៅអនាគត៕
ព្រះសីហនុ ៖ នាវាចម្បាំងកងទ័ពរំដោះប្រជាជនចិន ចំនួន ៣គ្រឿង នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ ជាមួយនេះ ក៏នឹងមានការប្រកួតកីឡាជាមិត្តភាពរវាងក្រុមនាវិកចិន និងនាវិកកម្ពុជា នៅក្នុងមូលដ្ឋានសមុទ្រ ព្រមទាំងមានការ ធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាផងដែរ។
លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានបញ្ជាក់នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នេះ ថា នាវាចម្បាំងមហាយក្សចិន ចំនួន៣គ្រឿង នឹងសុំចតនៅកំពង់ផែខេត្តព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៩-១២ ខែមករា ឆ្នាំ២០១៩ ដើម្បីរឹតចំណងមិត្តភាពជាមួយកងទ័ពជើងទឹកកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀត។
នាវាកងទ័ពរំដោះប្រជាជនចិន ចំនួន៣គ្រឿង ដែលនឹងសំចតនៅកំពង់ផៃស្វយ័ត ខេត្តព្រះសីហនុ នេះ រួមមាន ៖
*ទី១៖ ឈ្មោះ PLANS WUHU(FFG.529) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ផ្ទុកជាងបួនពាន់តោន។
*ទី២៖ នាវាឈ្មោះ PLANSHANDA (FFG.579) មានបណ្តោយ១៣៥ម៉ែត្រ ទទឹង១៦ម៉ែត្រ ជម្រៅទឹក៦ម៉ែត្រ ផ្ទុកជាងបួនពាន់តោន។
*ទី៣៖ ឈ្មោះ PLANS DONG PING LAKE (AOR960) បណ្តោយ១៧៩ម៉ែត្រ ទទឹង២៥ម៉ែត្រ ជម្រៅទឹក១០ម៉ែត្រ ផ្ទុកជាងពីរម៉ឺនតោន៕
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍