All posts by មេគង្គ ប៉ុស្តិ៍

វត្តច្បារអំពៅ តែងតាំងព្រះចៅអធិការថ្មីជំនួសអន្ទិត ហោ សុខុន ដែលត្រូវបញ្ចប់តួនាទី

ភ្នំពេញ ៖ ព្រះភិក្ខុ ង៉ែត រ៉ាល់ ត្រូវបានតែងតាំងជាផ្លូវការ ជាព្រះចៅអធិការវត្តច្បារអំពៅ នៅព្រឹក ថ្ងៃ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជំនួសអន្ទិត ហោ សុខុន ដែលត្រូវបានបញ្ចប់តួនាទីព្រះចៅ អធិការ វត្ត ច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ និងសង្ឃនាយក កាលពីពេលកន្លងទៅ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេចសង្ឃនាយក សម្ដេច នន្ទ ង៉ែត និងមេគណ រាជ ធានីភ្នំពេញ សម្ដេច ឃឹម សន ដោយមានការនិមន្ដ-ចូលរួមពីព្រះសង្ឃ តាជី យាយជី ពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើនផងដែរ។

ក្នុងពិធីនេះដែរ ក្រៅពីព្រះភិក្ខុ ង៉ែត រ៉ាល់ ដែលត្រូវបានតែងតាំងជា ចៅអធិការវត្តច្បារអំពៅនោះ, ភិក្ខុ ហាស់ សុជាតិ ក៏ត្រូវបានតែងតាំងជា គ្រូសូត្រស្ដាំ និងព្រះសង្ឃមួយអង្គទៀតជាគ្រូសូត្រឆ្វេង ព្រមទាំង ៥អង្គផ្សេងទៀត ត្រូវបានតែងតាំងជាគណៈវិន័យ និងលេខា។

សូមរំលឹកថា ព្រះតេជគុណ ហោ សុខុន ជាព្រះចៅអធិការវត្ត ត្រូវបានគណៈសង្ឃសម្រេចផ្សឹក នៅ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ នៅវត្តបុទុមវតី បន្ទាប់ពីបានផ្សឹកហើយនោះ លោក ហោ សុខុន ក៏ត្រូវបានបញ្ចប់តួនាទីជាចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសង្ឃនាយក នន្ទ ង៉ែត ផងដែរ។

ការសម្រេចបញ្ចប់តួនាទីនេះ បានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយមានចុះព្រះហស្ថលេខា និងហត្ថលេខាដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេច សង្ឃនាយក នន្ទ ង៉ែត រួមនិងលោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ផងដែរ៕ ស ស

ក្រសួងការបរទេសកម្ពុជា ប្រាប់ស្ថានទូតអាមេរិក ឲ្យគោរពច្បាប់ស្តីពីទំនាក់ទំនងការទូត

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បាន ប្រតិកម្មយ៉ាងម៉ឺងមាត់ចំពោះការលើកឡើងពីបញ្ហាលោក កឹម សុខា ពីសំណាក់ស្ថានតំណាងសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងបានតម្រូវឲ្យស្ថានតំណាងនេះ គោរពច្បាប់ និងបទប្បញ្ញតិនានានៃអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត រួមនិងការទាមទារឲ្យបញ្ឈប់ជាបន្ទាន់ពីសកម្មភាពដែលមានហេតុផលនយោបាយ។

ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ នេះ នៅបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហោះសារឆ្កឹះឆ្កៀលជាថ្មីទៀត ពាក់ព័ន្ធនឹងករណីលោក កឹម សុខា ដែលកំពុងស្ថិតក្នុងដំណើរការនៃនីតិវិធីរបស់តុលារ។

គួរជម្រាបថា ស្ថានទូកអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ នេះ បានបង្ហោះសារមួយតាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។

បើតាមស្ថានទូតអាមេរិក គូសបញ្ជាក់ថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងរយៈពេល ៥៣០ថ្ងៃ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងលោកឡើយ ហើយក៏មិនទាន់ការកំណត់បើកសវនាការកាត់ទោសលោកដែរ។ ទូតអាមេរកបន្តថា «គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌»។

ក្រសួងការបរទេសចាត់ទុកសារអត្ថាធិប្បាយតែមួយជ្រុងលើរឿងក្តីរបស់លោក កឹម សុខា នេះ បង្ហាញនូវចេតនាយ៉ាងច្បាស់ ដើម្បីបំភាន់សាធារណៈមតិ និងបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ហើយចាត់ទុកកាយវិការនេះថា មិនមានលក្ខណៈការទូត និងមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា និងបានទាមទារឱ្យស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលមានហេតុផលនយោបាយ និងគ្មានការទូតនេះផងដែរ។

គួររំឭកថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោកស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើងក្រោយមានការចុះផ្សាយ និងចែងរំលែកតៗគ្នានូវវីឌីអូខ្លីរបស់លោក កឹម សុខា ថ្លែងទៅកាន់ពលរដ្ឋរស់នៅបរទេសមួយក្រុម អំពីយុទ្ធសាស្ដ្រនយោបាយរបស់លោក ដែលលោកថាមានការគាំទ្រពីសហរដ្ឋអាមេរិក។

ការលើកឡើងរបស់លោក កឹម សុខា ត្រូវបានចាត់ទុកថា ជាអំពើឃុបឃិតជាសម្ងាត់ និងអំពើក្បត់ជាតិ ដូចមានចែង និងផ្តន្ទាទោសតាមបទប្បញ្ញតិនៃមាត្រា ៤៤៣ ក្នុងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ និងអំពើចារកម្ម។ មកដល់ពេលនេះ លោក កឹម សុខា កំពុងត្រូវឃុំខ្លួននៅក្នុងផ្ទះរបស់លោក ដោយមានការយាមកាមយ៉ាងតឹងរ៉ឹងពីសមត្ថកិច្ច៕

កម្ពុជា គ្រោងនាំយកក្រូចពោធិសាត់ ស្នើចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំដើម្បីនាំយកក្រូចពោធិសាត់របស់កម្ពុជា ទៅចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនាពេលឆាប់ៗនេះ ដើម្បីការពារផលប្រយោជន៍អ្នកផលិត និង ជួយលើកកម្ពស់ជីវភាពផលិតករឲ្យកាន់តែមានភាពល្អប្រសើរ។

លោក អប រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្ដដល់ក្រូចពោធិ៍សាត់នេះ ដើម្បីជួយទប់ស្កាត់ក្នុងការក្លែងបន្លំប្រភពដើម និងជួយលើកកម្ពស់ជីវភាពដល់ផលិតករម្ចាស់ប្រភពទំនិញ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅផ្សាក្រៅប្រទេស ដោយសារប្រទេសមួយចំនួនតម្រូវឲ្យទំនិញមានម៉ាកសម្គាល់ភូមិសាស្ត្រនេះ។

លោក អេប រ៉ាឌី បានបន្តទៀតថា មន្ត្រីក្រសួងពាណិជ្ជកម្មបានចុះទៅបើកសិក្ខាសិលា ផ្សព្វផ្សាយម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ អំពីក្រូចពោធិសាត់-បាត់ដំបង ដល់ភាគីពាក់ព័ន្ធ ដើម្បីសិក្សាមុននឹងយកទៅចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្តទំនិញនាពេលអនាគត ដែលនឹងជួយបង្កើនតម្លៃបន្ថែមមួយកម្រិតទៀតដល់ផលិតករ៕

ក្រសួងសុខាភិបាល ប្រាប់ឲ្យប្រុងប្រយ័ត្នជំងឺឆ្លងនារដូវក្តៅនេះ

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងកាលពីពីថ្ងៃទី១៥ ខែកុម្ភៈ ដោយបានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន នៅក្នុងអំឡុងពេលរដូវក្តៅ ដែលនឹងកើតមានក្នុងអំលុងខែមីនា និងខែមេសា ឆ្នាំនេះ ដោយថា អាចប្រឈមនឹងជំងឺឆ្លងមួយចំនួន ប៉ះពាល់ដល់សុខភាព ឬឈានដល់អាយុជីវិតផង។

ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ ក្រសួងលើកឡើងថា ជំងឺដែលអាចប៉ះពាល់នារដីវក្តៅនោះរួមមាន បញ្ហាបេះដូង សួត និងអាចមានជំងឺឆ្លងផ្សេងៗទៀត ដូចជា រាក ឬជំងឺកង្វះចំណីអាហារ ….។

ក្រសួងបានណែនាំវិធីសាស្ត្រការពារមួយចំនួនដូចជា ត្រូវទទួលទានទឹកឆ្អិនឲ្យបានច្រើន និងញឹកញាប់ កាត់បន្ថយការប៉ះកំដៅព្រះអាទិត្យផ្ទាល់ និងត្រូវប្រកាន់អនាម័យជានិច្ច។

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ បានចេញសារាចរណែនាំឲ្យប្រជាពលរដ្ឋរក្សាទឹកសម្រាប់ប្រើប្រាស់ នារដូវប្រាំង ដោយកម្ពុជានឹងទទួលឥទ្ធិពលបាតុភូត អែល នីណូ (El Nino) ដែលធ្វើឲ្យអាកាសធាតុក្តៅហួតហែង នាខែមេសា ខាងមុខនេះ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យដៃគូចេញមកប្រកួតបន្តកុំរត់ចោលទីលាន

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែកុម្ភៈ នេះ បានបង្ហោះសារខ្លីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដោយរៀបរាប់ពីល្បិចក​លរបស់មិត្តភ័ក្តិ ដែលបានលេងកីឡាវាយកូនហ្គោលជាមួយ តែបានគេចវេសមិនគោរពតាមការភ្នាល់។

ទោះបីជាសម្តេចមិនបាននិយាយចំឈ្មោះក្តី ក៏សារខ្លីដែលបង្ហោះចេញពីទីលានវាលកូនហ្គោល នាពេលនេះ ត្រូវបានគេមើលឃើញថា ជាសារមួយបញ្ឆិតបញ្ឆៀងទៅកាន់លោក សម រង្ស៊ី ដែលធ្លាប់បបួលសម្តេចភ្នាល់គ្នា ពីរឿងសេរីភាពរបស់លោក កឹម សុខា ដែលកំពុងជាប់ឃុំ ហើយថានឹងត្រូវដោះលែងនៅថ្ងៃទី៣ ខែមីនា ខាងមុខនេះ។

សំណេររបស់សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា «ថ្ងៃនេះ វាយកូនគោលទៀតហើយ ដើម្បីសុខភាពផង និងការកម្សាន្តចុងសប្តាហ៍ផង។ តែថ្ងៃនេះ ដៃគូរប្រកួតដែលបានលេងភ្នាល់ជាមួយខ្ញុំ លេងខូចខ្លាំងណាស់ គាត់វាយបាល់ធ្លាក់ទឹក គេមើលឃើញគ្រប់គ្នា គាត់បែរជាដាក់បាល់ថ្មីវាយបន្តដោយមិនខ្វល់ពីបាល់ពិន័យសោះ។ ពេលនេះគាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថា គាត់មិនព្រមចេញមកទេដឹង ឬគាត់ទម្លាយទ្វារត់ចេញទៅក្រៅតារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួត ព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសំដីក្អេងក្អាងទៀតផង។ សុំចេញមកប្រកួតបន្ត ណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត»។

លោក សម រង្ស៊ី ធ្លាប់បបួលសម្តែចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់ករណីដោះលែងលោក កឹម សុខា ថា បើសិនជាសម្តេច ហ៊ុន សែន ភ្នាល់ចាញ់គឺសុំឲ្យ ចុះចេញពីតំណែង ដោយមិនចាំបាច់កាត់ ក ខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់កាប់ព្រៃឈើនោះទេ។ ប៉ុន្តែបើលោកចាញ់(សម រង្ស៊ី) គឺលោកសុខចិត្តដើរចូលឲ្យចាប់ខ្លួន យកទៅឃុំទន្ទឹមជាមួយលោកកឹម សុខា។

គួររំលឹកថា លោក សម រង្ស៊ី ធ្លាប់បានយកសេរីភាពរបស់លោក កឹម សុខា ដាក់ភ្នាល់ជាមួយសម្តេច ហ៊ុន សែន ថា លោក កឹម សុខា នឹងត្រូវដោះលែង នៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៨ ឬយ៉ាងយូរបំផុត នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ហើយគិតត្រឹមថ្ងៃទី១៦ កម្ភៈ នេះ គឺនៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ដែលត្រូវបញ្ចប់ឱសានវាទនៃការភ្នាល់ ។ សូមរង់ចាំមើលទាំងអស់គ្នាថា តើម្តងនេះ លោក សម រង្ស៊ី នឹងគោរពតាមការភ្នាល់របស់ខ្លួនដែរ ឬទេ? ៕

សម្តេចតេជោស្នើក្រុមហ៊ុនបរទេសបន្តវិនិយោគនៅកម្ពុជា ទោះបី EBA ត្រូវដកក៏ដោយ

ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យក្រុមហ៊ុនបរទេស ពិសេសមកពីតំបន់អឺរ៉ុប បន្តវិនិយោគនៅកម្ពុជា ទោះជាប្រព័ន្ឋ EBA ត្រូវដកឬមិនដកចេញពីកម្ពុជាក៏ដោយ ដោយអះអាងថារដ្ឋាភិបាលកម្ពុជា កំពុងកែទម្រង់ទាំងគោលនយោបាយផ្ទៃក្នុងដើម្បីលើកទឹកចិត្តផ្នែកធុរកិច្ច រួមនិងការពង្រីកដៃគូទីផ្សារក្រៅប្រទេសផងដែរ។ សម្តេចបានថ្លែងបែបនេះ ខណៈដែលសហភាពអឺរ៉ុប បានប្រកាសពីការចាប់ផ្តើមដំណើរការនិតិវិធី ដើម្បី ឈានដល់ការសម្រេចមួយលើប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជា នាពេលខាងមុខនេះ ដែលមានរយៈពេល១៨ខែ ចាប់ពីថ្ងៃទី១២ ខែលម្ភៈ នេះតទៅ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតការងារក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងតែចាត់វិធានការកែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ សំដៅកែលម្អ និងលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសវិធានការសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយថ្លៃដើមផ្នែកធុរកិច្ច។
សម្តេចតេជោ បង្ហាញថា កម្ពុជាក៏កំពុងបន្តទំនាក់ទំនងជាមួយបណ្តាប្រទេសនានា រួមទាំង សហភាពអឺរ៉ុបផងដែរ ដោយមិនទុកឱ្យបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ក្លាយទៅជាឧបសគ្គនៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ សហគមន៍ និងសហគមន៍នោះទេ។
តាមការលើកឡើងរបស់សម្តេចតេជោ ក៏បង្ហាញទស្សនវិស័យច្បាស់លាស់ដែរថា ទោះជាយ៉ាងណា កម្ពុជា និងសមាជិកអាស៊ានផ្សេងទៀត នឹងបន្តចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន និងអឺរ៉ុប ព្រមទាំងពិនិត្យពេលវេលាសមស្រប សម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាង អាស៊ាន និងអឺរ៉ុប តាមសំណើរបស់សហភាពអឺរ៉ុប។ជាពិសេស កម្ពុជានឹងបន្តពិភាក្សាជាមួយដៃគូអឺរ៉ុប សម្រាប់ប្រធានបទ និងកិច្ចដំណើរការនៃការ ប្រជុំអាស៊ី អឺរ៉ុបលើកទី១៣ ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ នាឆ្នាំ២០២០ខាងមុខ ដោយកម្ពុជាសង្ឃឹមថា វេទិកាពហុភាគីដ៏សំខាន់មួយនេះ នឹងសម្រេចបាននូវលទ្ធផលល្អប្រសើរ។

តាមទិន្នន័យរបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុនៅកម្ពុជា (EuroCham) បង្ហាញថា មានក្រុមហ៊ុនរបស់អឺរ៉ុប ចំនួនជាង៣៥០ កំពុងវិនិយោគនៅកម្ពុជា។

គួរកត់សំគាល់ថា ក្នុងគោលដៅកាត់បន្ថយការចំណាយ និង សម្រួលដល់ដំណើរការវិនិយោគរបស់ វិស័យធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្ត និងត្រៀមអនុវត្តនូវគោលនយោបាយ និងនីតិវិធី ដែលត្រូវបានធ្វើកំណែទម្រង់ជាច្រើន មានជាអាទ៍ ការលុបបំបាត់វិញ្ញាបនបត្រប្រភពដើមទំនិញ ការកាត់បន្ថយថ្លៃស្គែនកុងតឺន័រ និងថ្លៃសេវាមួយចំនួនទៀត! ការដកកិច្ចការរបស់កាំកុងត្រូលចេញ ពីការត្រួតពិនិត្យទំនិញនាំចេញ នាំចូល ការរំសាយអង្គភាពកាំសាប ការលើកទឹកចិត្តផ្នែកសារពើ ពន្ធដល់សហគ្រាសធុនតូច និងមធ្យម និងវិធានការសំខាន់ៗជាប្រព័ន្ធជាច្រើនទៀត។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា ក៏កំពុងគិតគូរក្នុងការបញ្ចុះថ្លៃអគ្គិសនី ថ្លៃដឹកជញ្ជូន ឡូជីស្ទីក ព្រមទាំងកំពុង ពិភាក្សាឡើងវិញនូវការលុបបំបាត់ចោលថ្ងៃឈប់សម្រាកដែលមិនចាំបាច់ជាអតិបរមា ក៏ដូចជាលុប ចោលកាលើកថ្ងៃឈប់សម្រាកនៅក្នុងវិស័យឯកជនផងដែរ៕

អាជ្ញាធរខេត្តកំពង់ចាម ប្រជុំវាយតម្លៃការបម្រើសេវាល្អរបស់ឃុំសង្កាត់ ​ឆ្នាំ២០១៨

ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភ: ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៨ និងទិសដៅកាងារ ភារកិច្ចឆ្នាំ២០១៩។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តដោយមានការអញ្ជើញចូលរួមពី  លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត អភិបាល អភិបាលរងស្រុក ក្រុងទាំង១០ លោក លោកស្រី មេឃុំ ចៅសង្កាត់ ទាំង១០៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩។

ជាកិច្ចចាប់ផ្តើម លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការវាយតម្លៃ ការអនុវត្តចលនាប្រឡងប្រណាំង អានរបាយការណ៍បូកសរុបការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អ ទទួលចំណាត់ថ្នាក់លេខ១ ឃុំព្រែកក្របៅ ស្រុកកងមាស ចំណាត់ថ្នាក់លេខ២ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ចំណាត់ថ្នាក់លេខ៣ ឃុំសូគង ស្រុកកងមាស និងចំណាត់ថ្នាក់លេខ៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម ចំណាត់ថ្នាក់លេខ៥ ឃុំគគរ ស្រុកកំពង់សៀម ចំណាត់ថ្នាក់លេខ៦ ឃុំមហាខ្ញូង ស្រុកកោះសូទិន ចំណាត់ថ្នាក់លេខ៧ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ចំណាត់ថ្នាក់លេខ៨ សង្កាត់កំពង់ចាម ចំណាត់ថ្នាក់លេខ៩ ឃុំខ្ចៅ ស្រុកកងមាស ចំណាត់ថ្នាក់លេខ១០ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់៕ ដោយ ៖ សុផល

សូមប្រយ័ត្ន ! នៅស្រុកអង្គស្នួល មានចោរ​ដើរលួចគោសម្លាប់ពន្លះយកសាច់លក់

កណ្តាល ៖ សត្វគោ ឈ្មោលមួយក្បាល ក្នុងចំណោមគោ៥ក្បាល ដែលម្ចាស់ទុកក្នុងក្រោល ត្រូវបានចោរលួចដឹកចេញទាំងយប់ នាំយកទៅសម្លាប់ពន្លះយកសាច់ភ្លៅ និងសាច់សំខាន់ៗដែលងាយៗលះយកទៅលក់ រួចទុកគ្រោងឆ្អឹងចោលដ៏គួរឲ្យតភ្ញាក់ផ្អើល ។

ហេតុការណ៍នេះត្រូវបានគេប្រទះឃើញកាលពីម៉ោងជិត ៨ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចគម្ពោតព្រៃ ភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះម្ចាស់ផ្ទះ ឈ្មោះកុយ សារី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងគ្រើល សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ស៊ុម សំណាង ភេទប្រុស អាយុ៤៦ឆ្នាំនៅ ភូមិឈូកធំ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល បានដើរទៅវាលស្រែ ចំណុចកើតហេតុ ក៏បានប្រទះឃើញសត្វគោដែលគេសម្លាប់រួចពន្លះយកសាច់ភ្លៅ ខាងឆ្វេងម្ខាង និងសាច់ចំឡក ១ចំហៀងខ្លួន យកទៅលក់បាត់ បន្សល់ទុកទាំងសាច់ឈាមស្រស់ញញឹមនៅចោលកណ្តាលវាលស្រែដ៏ គួរឲ្យភ្ញាក់ផ្អើល។

ម្ចាស់គោបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈនេះ គាត់បានដឹកគោចំនួន៥ក្បាល ចូលក្រោលហើយគាត់បានឡើងទៅដេកនៅលើផ្ទះ លុះព្រឹកឡើងគាត់ ចុះពីលើផ្ទះទើបដឹងថា បាត់គោលឈ្មួល១ក្បាល ស ហើយគាត់ និងក្រុមគ្រួសារបានដើររកមិនឃើញ លុះបន្តិចក្រោយមក
ទើបដឹងថា មានគេលួចដឹកសត្វគោនោះយកទៅសម្លាប់យកសាច់ ក៏នាំគ្នាទៅមើលទើបដឹងថា ជាគោរបស់ខ្លួន ។ ក្រោយមកបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយស្វែងរកជនខិលខូចទាំងនោះនាំយកមកផ្តន្ទាទោសឲ្យសមនឹងទង្វើដែលគេបានប្រព្រឹត្ត៕ ដោយ ៖ សុផល

កងរាជអាវុធហត្ថខេត្តក្រចេះ បង្ក្រាប​រឹបអូសឈើជិត ៤ម៉ែត្រគីប

ក្រចេះ ៖ អនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម ចិត្រា មេបញ្ជាការស្រុក សហការជាមួយជំនាញសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំដារ បានចុះបង្រ្កាបឈើប្រភេទសុក្រំចំនួន ៤៨១ដុំ ស្មើនឹង ៣,៩០០ម៉ែត្រគូប នៅចំណុច UTM (62227-1385714 ក្នុងភូមិអញ្ជាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានដឹកយកមករក្សារទុក នៅស្ថានីយ៍បណ្តុះកូនឈើខ្សារ៕ ដោយ ៖ សុផល

វៀតណាមផ្តល់កូតាមិនយកពន្ធនាំចូលអង្ករ៣០ម៉ឺនតោន និងថ្នាំជក់៣ពាន់តោនពីកម្ពុជា រយៈពេល២ឆ្នាំ

ភ្នំពេញ ៖ ឆ្នាំ២០១៩ នេះ ប្រទេសវៀតណាម បានសម្រេចថា មិនយកពន្ធលើអង្ករនាំចូលពីកម្ពុជាក្នុងកូតា ៣០ម៉ឺនតោន រួមនិងថ្នាំជក់ ៣ពាន់តោន ក្នុងទីផ្សារប្រទេសវៀតណាម ខណៈដែលប្រទេសទាំងពីរកំពុងជុះរុញញទំហំពាណិជ្ជកម្មទ្វេភាគីអោយកើនដល់ ៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០ ខាងមុខ។

ក្នុងជំនួបរវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម ដឹកនាំដោយលោក ដូ វឹកហឹង (Do Quoc Hung) កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៩ បានបង្ហាញថា ភាគីវៀតណាម បានឯកភាពផ្តល់ភាពអនុគ្រោះពន្ធអត្រា០ភាគរយ សម្រាប់ទំនិញកម្ពុជាចំនួន៣២បន្ទាត់ពន្ធគយ រួមជាមួយកូតានាំចូលអង្ករចំនួន៣០ម៉ឺនតោន និងសន្លឹកថ្នាំជក់៣ពាន់តោន សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០។ រីឯភាគីកម្ពុជា ក៏សម្រេចផ្តល់ភាពអនុគ្រោះពន្ធអត្រា០% ដល់ទំនិញវៀតណាមចំនួន២៦បន្ទាត់ពន្ធគយផងដែរ។

ស្របទៅនឹងសញ្ញាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនេះ លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងចរចា របស់គណៈប្រតិភូមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរនាពេលកន្លងមក ជាពិសេសការសម្រេចបាននូវឯកសារ ស្តីពីកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្ម នៅតាមបន្ទាត់ព្រំដែន សម្រាប់ធ្វើការចុះហត្ថលេខា នៅក្នុងពេលឆាប់ៗខាងមុខ។
ក្នុងនោះដែរ រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយឥតសំណង សម្រាប់សាងសង់ផ្សារដារនៅក្នុងខេត្តត្បូងឃ្មុំ ដែលស្ថិតនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។

គួរកត់សំគាល់ដែរថា ប្រទេសទាំងពីរ កំពុងជម្រុញផែនការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី អោយកើនឡើងដល់៥ពាន់លានដុល្លារ អាមេរិក
នាឆ្នាំ២០២០ខាងមុខ ដោយភាគី កម្ពុជា និងវៀតណាម បានចុះកិច្ចព្រមព្រៀងយោគយល់គ្នាលើវិស័យជាច្រើន ជាពិសេសភាគីទាំងពីក៏បានយល់ព្រម ជៀងវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល ដែលចុះហត្ថាលេខាកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ កន្លងទៅផងដែរ។

កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបានគិតជាទឹកប្រាក់៣ពាន់៨រយលានដុល្លារអាមេរិក គឺកើនឡើង២៩% ធៀបនឹងឆ្នាំ២០១៦។ ទន្ទឹមគ្នានេះ តាមរយៈគម្រោងវិនិយោគចំនួន២០៦គម្រោង ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៣ពាន់២រយលានដុល្លារ បានធ្វើឱ្យវៀតណាមក្លាយជាដៃគូវិនិយោគធំទី៥របស់កម្ពុជា ខណៈក្រុមហ៊ុនរបស់កម្ពុជា បានវិនិយោគត្រឹមតែ១៨គម្រោង នៅក្នុងប្រទេសវៀតណាម ដែលតម្លៃជាទឹកប្រាក់ជាង៥៨លានដុល្លារអាមេរិកប៉ុណ្ណោះ៕

សម្តេច ហ៊ុន សែន ៖ អត់ EBA កម្ពុជាមិនស្លាប់ទេ ហើយក៏មិនក្លាយជាអ្នកមានដោយសារ EBA ដែរ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ទោះបីមាន ឬគ្មានប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏មិនអាចធ្វើឲ្យកម្ពុជាស្លាប់ ឬក្លាយទៅជាអ្នកមានបានដែរ។ សម្តេចតេជោ ក៏បានថ្លែងចំអកថា កម្ពុជាមិនអនុញ្ញាតឲ្យប្រទេសណា ប្រើប្រាស់ភាពអនុគ្រោះពន្ធ ដើម្បីមកបង្វិលកម្ពុជាតាមចិត្តចង់នោះឡើយ។

នាយករដ្ឋមន្ត្រីកម្ពុជាការបញ្ជាក់បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅបន្តឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ។

សម្តេចតេជោ បញ្ជាក់ដែរថា កម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ជាតិទៅដូរជាមួយនឹង ជំនួយជាមួយប្រទេសណាទាំងអស់ ដូច្នេះ កម្ពុជាត្រូវខិតខំធ្វើកំណែទម្រង់ សេដ្ឋកិច្ចរបស់កម្ពុជា ឲ្យកាន់តែរឹងមាំ។ សម្តេចតេជោ បានអះអាងថា ការដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ នេះ មិនមែនជាការបិទទីផ្សារទំនិញ កម្ពុជាចូលទៅកាន់អឺរ៉ុប នោះទេ ការនាំទំនិញចូលទីផ្សារអឺរ៉ុប នៅតែដំណើរការដដែល គ្រាន់តែត្រូវបង់ពន្ធប៉ុណ្ណោះ។ ការបញ្ជាក់ជំហររបស់កម្ពុជារបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះ គឺនៅគ្រាដែលសហភាពអឺរ៉ុបបានផ្តើមជាផ្លូវការហើយនូវដំណើរការនីតិវិធី ដែលអាចព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជានឹងនៅតែធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំអាស៊ីអឺរ៉ុប ដដែល ដែលប្រមុខរដ្ឋរដ្ឋាភិបាលនៃប្រទេសអឺរ៉ុប នឹងត្រូវធ្វើដំណើរមកកាន់កម្ពុជានៅឆ្នាំ២០២០ ដោយគ្មានការប្រែប្រួលនោះឡើយ។

គួរបញ្ជាក់ថា នីតិវិធីដែលអាចឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធនាំចូលអឺរ៉ុប (អ្វីៗទាំងអស់លើកលែងតែអាវុធ) EBA ជាបណ្តោះអាសន្ន ត្រូវចែកចេញជា ៣ ដោយដំណាក់កាលទីមួយ មានរយៈពេល៦ខែ គឺជាពេលវេលាសម្រាប់តាមដាន ប្រមូលព័ត៌មាន និងចរចាជាមួយភាគីរដ្ឋាភិបាលកម្ពុជា។ ដំណាក់កាលទីពីរ មានរយៈ៦ខែ ដោយចែកចេញជាពីរផ្នែក គឺ៣ខែ សម្រាប់សរសេររបាយការណ៍ និង ៣ខែទៀត សម្រាប់ស្តាប់ចម្លើយតបពីភាគីកម្ពុជា និងឈានទៅសម្រេចថាតើសហភាពអឺរ៉ុប ត្រូវព្យួរឬមិនព្យួរ EBA។ ដំណាក់កាលចុងក្រោយ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរEAB គេត្រូវទុកពេល ៦ខែទៀត ទើបសេចក្តីសម្រេចនេះចូលជាធរមាន។

សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា ពោលគឺមានទំហំប្រមាណ៤៥ភាគរយ នៃផលិតផលនាំចេញរបស់កម្ពុជា កាលពីឆ្នាំ២០១៨កន្លងទៅ។ ផលិតផលសំលៀកបំពាក់ និងស្បែកជើង គឺមានចំណែកទីផ្សារធំបំផុតនៃផលិតផលនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដែលមានតម្លៃប្រហែល ៥ពាន់លានអឺរ៉ូ។ កន្លងទៅកម្ពុជា បានចំណេញថវិកាប្រមាណជាង៦០០ ទៅ៧០០លានដុល្លារ ពីការនាំចេញដោយមិនគិតពន្ធ និងកូតាពីសហភាពអឺរ៉ុប៕

អ្នកកាសែត ៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន១យប់ ក្រោយចុះយកព័ត៌មានពីរណ្ដៅដីនៅខេត្តកណ្ដាល

ខេត្តកណ្តាល ៖ អ្នកសារព័តមានចំនួន ៣នាក់  ​នៅអង្គភាពផ្សេងគ្នា ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល ឃាត់ខ្លួន១យប់ ទៅតាមបណ្តឹងរបស់ឈ្មួញរកស៊ីដឹកដីម្នាក់កាលពីថ្ងៃម្សិលមិញនេះ។កាតអ្នកកាសែតទាំងបីនាក់ ដែលមានទំនាស់ជាមួយឈ្មួញរកស៊ីដីម្នាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោក តាក់ ជីឡៅ បានរៀបរាប់ក្នុងបណ្ដឹងនោះថា៖ «ជនសង្ស័យទាំងបីនាក់ បានធ្វើសកម្មភាពប្រព្រឹត្តបទល្មើល ដោយប្រើមធ្យោបាយយកឡានមកបាំងមុខផ្លូវចេញចូល បណ្តាលឲ្យមានការរាំងស្ទះផ្លូវ ហើយជនសង្ស័យក៏និយាយបង្ខិតបង្ខំ និងគំរាមកូនចៅខ្ញុំ ឲ្យប្រគល់លុយចំនួន៥០០០ដុល្លារ»។

អធិការនគរបាលស្រុកអង្គស្នួល លោក មាន សំណាង ប្រាប់ វីអូឌី យ៉ាងខ្លីថា ក្រោយទទួលបានពាក្យបណ្តឹងនេះ សម្ថកិច្ចរបស់លោកបានចុះទៅឃាត់ខ្លួនជនទាំង ៣នាក់នោះភ្លាម កាលពីម្សិលមិញ ដើម្បីសួរនាំ ប៉ុន្តែ បានដោះលែងវិញហើយនៅព្រឹកថ្ងៃនេះ បន្ទាប់ពីសួរនាំរួច។
លោក មាន សំណាង បន្ថែមថា៖ «បាទ ខាងសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកសួរ តែឥលូវដោះលែងទៅវិញអស់ហើយ។ ចង់ដឹងលម្អិតមកជួបខ្ញុំនៅកន្លែងមក ខ្ញុំរវល់តិច»។

បើតាមបណ្តឹង អ្នកសារព័ត៌មានទាំង ៣នាក់នោះ រួមមានលោក អួន មិនា ជាអ្នកយកព័ត៌ឲ្យសារព័ត៌មានខេមរអង្គរ លោក ទន់ ម៉ូវ អ្នកយកព័ត៌មានឲ្យសារព័ត៌មានខ្មែរណូត និងលោក ធួក សំណាង អ្នកយកព័ត៌មានឲ្យសារព័ត៌មានកំពតដេលី។ អ្នកទាំង ៣នាក់នេះ ត្រូវបានដើមបណ្តឹងប្តឹងទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។ មិនអាចសុំការបញ្ជាក់ពីអ្នកសារព័ត៌មានទាំង ៣នាក់បានទេជុំវិញករណីនេះ។
បើតាមរបាយការណ៍នគរបាលស្រុកអង្គស្នួល អ្នកសារព័ត៌មានទាំង ៣រូបនោះ បានច្រានចោលការចោទប្រកាន់របស់ដើមបណ្តឹង ដោយថា ពួកគេមិនបានយករថយន្តបិទផ្លូវ និងគំរាមយកលុយនោះឡើយ។

អ្នកកាសែតទាំង ៣នាក់នោះ បញ្ជាក់ក្នុងរបាយការណ៍ថា ពួកគេគ្រាន់តែចូលទៅយកព័ត៌មាននៅកន្លែងរណ្តៅដ៏ជ្រៅមួយដែលលោក តាក់ ជីឡៅ ជីកជ្រៅហួសគោលការណ៍ ដើម្បីយកមកផ្សព្វផ្សាយតែប៉ុណ្ណោះ។

កាលចុងខែមករាកន្លងមកនេះ អ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព លោក ស៊ីម ឈីវឈានពិសិដ្ឋ បានរងអំពើហិង្សាពីសមាជិកសហគមន៍ ខណៈលោកចុះទៅយកព័ត៌មានពាក់ព័ន្ធការឈូសបំផ្លាញព្រៃលិចទឹកជុំវិញបឹងពារាំងក្នុងខេត្តសៀមរាប។ កាលពីថ្ងៃទី៣ ខែកុម្ភៈនេះ ទីភ្នាក់ងារព័ត៌មានម្នាក់នៅកាសែតបាត់ដំបងប៉ុស្តិ៍ ត្រូវបានជនមួយក្រុមវាយសម្លាប់នៅខេត្តក្រចេះ អំឡុងពេលវិលត្រឡប់ពីរាំធុងបាស់ក្នុងភូមិជាមួយមិត្តភ័ក្រ។

របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានឲ្យដឹងថា អ្នកសារព័ត៌មាននៅកម្ពុជាយ៉ាងតិចចំនួន ១៤នាក់ ត្រូវបានគេសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ឆ្នាំ២០១៨។ ក្នុងចំណោមអ្នកសារព័ត៌មានចំនួន ១៤នាក់នោះ មាន ៥នាក់ជាអ្នកដែលសរសេររិះគន់បក្សកាន់អំណាច ចំណែក ៧នាក់ទៀតបានធ្វើការស៊ើបអង្កេត និងរាយការណ៍អំពីអំពើពុករលួយពាក់ព័ន្ធនឹងបុគ្គលជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងស្ថាប័នយោធា៕ ប្រភព ៖ VOD

ឆេះរថយន្ដដឹកប្រេងក្នុងស្ថានីយ សូគីមិច លឹម ឈុនទ្រី នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ដធុនតូចដឹកប្រេងឥន្ធនៈមួយគ្រឿង ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងស្ថានីយលក់ប្រេងសូគីមិច លឹម ឈុនទ្រី នៅផ្លូវជាតិលេខ៤ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៖៥៧នាទីរសៀលថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។

លឹម ឈុនទ្រី ដែលជាម្ចាស់ស្ថានីយ បានបញ្ជាក់ថា ស្ថានីយរបស់គាត់ ធ្លាប់ត្រូវបានអគ្គិភ័យឆាបឆេះម្ដងរួចមកហើយ កាលពីឆ្នាំទៅ ដោយសារតែជាងផ្សាដែកប្រក់ដំបូល ខ្ទាតផ្កាភ្លើងទៅប៉ះជាមួយប្រេងហៀរនៅលើឥដ្ឋបណ្ដាលឲ្យឆេះតែម្ដង។

ម្ចាស់ស្ថានីយ បន្តថា លើកនេះ គឺបណ្ដាលមកពីរថយន្ដដឹកប្រេងខ្នាតតូច (ដឹកតាមប៊ីដុង)បង្កឲ្យហៀប្រេងចេញក្រៅប៉ះជាមួយកំដៅម៉ាស៊ីន ក៏កើតមានការឆាបឆេះទៅជាអគ្គិភ័យតែម្ដង។

តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី អ៊ុម ប៊ុនធឿន ស្នងការរង បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ឆេះឡានដឹកប្រេងនេះ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចេញជួយអន្ដរាគមន៍ចំនួន៣គ្រឿង និងរថយន្ដរបស់ម្ចាស់ស្ថានីយចំនួន២គ្រឿង ប្រើទឹក និងទឹកសាប៊ូ អស់ចំនួន ១០ឡាន ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង។

សូមជម្រាបថា ករណីអគ្គីភ័យនេះ គឺបណ្ដាលមកពីរថយន្ដដឹកប្រេងខ្នាតតូច (ដឹកតាមប៊ីដុងសាំង)បង្កឲ្យហៀរប្រេងចេញក្រៅប៉ះជាមួយកំដៅម៉ាស៊ីនរថយន្ត ក៏កើតមានការឆាបឆេះទៅជាអគ្គិភ័យតែម្ដង៕

អាជ្ញាធរខណ្ឌមានជ័យ ចុះរៀបចំសណ្តាប់ធ្នាប់​លើចិញ្ចើមផ្លូវមិនស្មើភាពគ្នា

ភ្នំពេញ ៖ ក្រុមអ្នកលក់ដូរតាមចញ្ចើមថ្នល់ បានរិះគន់ និងងឿងឆ្ងល់ថា អាជ្ញាធរខណ្ឌមានជ័យ រយៈពេល២ថ្ងៃជាប់ៗគ្នានេះ គេឃើញមានកម្លាំងសណ្តាប់សាលាសង្កាត់ស្ទឹងមានជ័យទី១ និងកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់សាលាខណ្ឌមានជ័យ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវ២១៧ ចាប់ពីចំនុចមុខវត្តស្ទឹងមានជ័យ រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏បានល្អប្រសើរ ពួកគាត់ចូលរួមអបអរមិនមានអ្វីតវ៉ាជាមួយនឹងសមត្ថកិច្ចឡើយ ដោយពួកគាត់យល់ថា នេះជាបញ្ហាសង្គមដែលអាជ្ញាធរត្រូវតែរៀបចំ.

ប្រជាពលរដ្ឋបានរិះគន់ធ្ងន់ៗថា តើហេតុអ្វីអាជ្ញាធររបស់ខណ្ឌមានជ័យមិន ចុះទៅហាមឃាត់ទីតាំងផ្ញើម៉ូតូយកលុយដាក់ហោប៉ៅ ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក ជា សារ៉េត ដែលគេស្គាល់ថា ជាប្រធានផ្សារស្ទឹងមានជ័យចាស់ផង ដែលគាត់យកចំណីផ្លូវមួយចំហៀងផ្លូវបើកផ្ញើម៉ូតូនៅមុខផ្សារស្ទឹងមានជ័យចាស់ ឬក៏មានអ្វីនៅពីក្រោយភាពអនាធិបតេយ្យនេះ៕

ឯកសារស្រាវជ្រាវស្តីពី ជំងឺឆ្កែឆ្កួត ឆ្លងមកលើមនុស្ស

សុខភាព ៖ ជំងឺឆ្កែឆ្កួត គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយវីរុស ដែលឆ្លងមកមនុស្សតាមរយៈទឹកមាត់ក្រោយពីការខាំ ក្រចៅ ឬខ្វាច ដែលបង្កឡើងដោយសត្វដែលមានផ្ទុកជំងឺឆ្កែឆ្កួត។ ជំងឺនេះ គឺជាជំងឺដ៏កាចសាហាវមួយដែលអាចបង្កឲ្យស្លាប់ ប្រសិនបើអ្នកមិនបានព្យាបាលទាន់ពេលវេលា។

តើរោគសញ្ញារបស់មនុស្សដែលផ្ទុកជំងឺឆ្កែឆ្កួតមានអ្វីខ្លះ ?
១) មានអារម្មណ៍ឈឺ ដូចជាជំងឺគ្រុនផ្ដាសាយ មានអារម្មណ៍មិនសូ​វឃ្លានអាហារ ដោយមានរោគសញ្ញាដូចជាគ្រុន ឈឺក្បាល ឈឺបំពង់ក និងក្អួតចង្អោរជាដើម។
២) មានអាកប្បកិរិយាឆាប់មួរម៉ៅ រំភើប និងមានសកម្មភាពខុសប្លែកពីមនុស្សធម្មតា។
៣) មានការឈឺចាប់​នៅលើស្បែក។
៤) ខ្លាចទឹក និងឆាប់ឈ្លក់ ទឹកជាដើម។
៥) មានអាការទន់ដៃទន់ជើង ហើយថែមទាំងមានរាកនោមទៀត ផង។

រោគសញ្ញារបស់សត្វដែលផ្ទុកជំងឺឆ្កែឆ្កួតមានដូចជា ៖
១) ខាំមនុស្ស និងសត្វដទៃ
២) ចេញមកក្រៅនាពេលថ្ងៃ ដូចជាសត្វប្រជៀវចេញមកក្រៅនាពេលថ្ងៃ ខណៈសត្វនេះតែងតែចេញរកចំណីនៅពេលយប់។

ជំងឺឆ្កែឆ្កួតអាចព្យាបាលតាមវិធីណា ?
នៅពេលដែលជំងឺនេះចាប់ផ្ដើមចេញរោគសញ្ញា ពិបាករកការព្យាបាលណាស់។ មនុស្សភាគច្រើន ដែលមានរោគសញ្ញាជំងឺឆ្កែឆ្កួត ប្រឈមមុខនឹងការស្លាប់តែម្ដង។ ដូចនេះ ការការពារ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។  ប្រសិនបើអ្នកគិតថា អ្នកមានការប្រឈមទៅនឹងជំងឺប្រភេទនេះ សូមប្រញាប់ប្រញាល់ស្វែងរកការព្យាបាលជាបន្ទាន់ ដើម្បីការពារកុំឲ្យមេរោគឆ្លងចូលទៅក្នុងខ្លួនប្រាណ និងខួរក្បាលរបស់អ្នកដែលបង្កជារោគសញ្ញាដូចខាងលើ។

ប្រសិនបើអ្នកមានរោគសញ្ញាជំងឺនេះ វេជ្ជបណ្ឌិតអាចធ្វើការព្យាបាលឲ្យធូរស្រាលបាន(មិនជាដាច់ទេ) ដោយអ្នកអាចស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យនានាបាន។ ការព្យាបាល គឺជួយកាត់បន្ថយការឈឺចាប់ និងសម្រួលការដកដង្ហើម។

តើយើងអាចការពារជំងឺឆ្កែឆ្កួតតាមវិធីណាខ្លះ ?
ប្រសិនបើអ្នកត្រូវសត្វខាំ ក្រចៅឬខ្វាច អ្នកត្រូវធ្វើរឿងទាំងនេះជាបន្ទាន់៖
១) លាងសម្អាតកន្លែងរបួសជាមួយនឹងសាប៊ូ និងទឹកស្អាត
២) ប្រញាប់ទៅកាន់មន្ទីរពេទ្យ ដើម្បីរកការព្យាបាល
៣) ប្រសិនបើអ្នកមានសត្វចិញ្ចឹម សូមយកទៅចាក់ថ្នាំបង្ហារជំងឺឆ្កែឆ្កួតជាប្រចាំ
៤) កុំប៉ះពាល់សត្វផ្ដេសផ្ដាស បើទោះបីវាដូចជាស្លាប់ក៏ដោយ។

ជំងឺឆ្កែឆ្កួត

ជំងឺឆ្កែឆ្កួតគឺជាជម្ងឺឆ្លងដែលបង្កពីវីរុស រ៉ាបិក បណ្ដាលឲ្យមានកាឲ្យមានការរលាកខួរក្បាលយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងពពួកសត្វដែលមានឈាមក្ដៅផ្សេងៗទៀត

អាការៈរោគដំបូងៗអាចមានជាអាទិ៍ ៖
– ក្ដៅខ្លួន និងឈឺឆៀបៗនៅត្រង់កន្លែងដែលមុត។
– ចលនាដោយបង្ខំ
– ឥរិយាបថសប្បាយលីលា
– ខ្លាចទឹក
– មិនអាចកម្រើកផ្នែកណាមួយនៃរាងកាយបាន
– វង្វេងវង្វាន់ និងការបាត់បង់ស្មារតី
– ឡប់ៗលែងដឹងខុសត្រូវ

*** បន្ទាប់ពីរោគសញ្ញានានាបានលេចឡើងហើយនោះ ជានិច្ចកាល ភាគច្រើននៃជំងឺឆ្កែឆ្កួតបណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិត។

រយៈពេលនៃការកកើតជំងឺ និងការចាប់ផ្ដើមចេញរោគសញ្ញា តាមធម្មតា គឺ  ៖
– មានចាប់ពីមួយទៅបីខែ
– អាចប្រែប្រួលពីក្រោមមួយសប្ដាហ៍រហូតដល់ជាងមួយឆ្នាំ
– រយៈពេលនេះអាស្រ័យលើចម្ងាយដែលមេរោគតមេរោគតត្រូវតែចូលទៅដល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល
ប្រសិនបើអ្នកត្រូវសត្វខាំ ឬក្រចៅ សូមទៅជួបវេជ្ជបណ្ឌិត ដើម្បីទទួលការពិនិត្យ ព្យាបាល និង ចាក់វ៉ាក់សាំងអោយបានត្រឹមត្រូវ នឹងឲ្យបានទៀតទាត់៕