All posts by មេគង្គ ប៉ុស្តិ៍

ការរៀបចំការឺឡាថ្មីនៅចិញ្ចើមផ្លូវព្រះនរោត្តម រួចហើយ តែនៅមានការរំលោភដដែល

ភ្នំពេញ ៖ ដើម្បីលើកកំពស់សោភ័ណ្ឌភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់ សម្រាប់អ្នកថ្មើរជើង ឱ្យបាន ល្អ ប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការឺឡាថ្មី នៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពី មណីយដ្ឋាន វត្តភ្នំដល់ វិមានឯករាជ្យ ហើយគម្រោងនេះ ក៏មានការរៀបចំតម្រាយផ្លូវសម្រាប់ជន ពិការផងដែរ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រោយការស្ថាបនារួចរាល់ គេនៅតែឃើញមាន នៅមុខផ្ទះ ប្រជាពលរដ្ឋ និងនៅតាមមុខបណ្តាក្រុមហ៊ុន គ្រឹះស្ថាន មួយចំនួន មិនបានចូលរួមសហការជាមួយរដ្ឋបាលរាជ ធានី ភ្នំពេញឡើយ ដោយយករថយន្តទៅចតពាសពេញ លើការ៉ូឡាថ្មី និងចិញ្ចើមផ្លូវទាំងនោះដែល ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរថ្មើជើងនៅឡើយ។

នៅក្រោយពេលរៀបចំការ៉ូឡាថ្មី និងចិញ្ចើមផ្លូវរួចរាល់ អ្នកយកព័ត៌មានយើង បានផ្តិតយករូបភាព ជាច្រើន ពីការចតរថយន្ត និងម៉ូតូ នៅតាមចិញ្ចើមផ្លូវថ្មី នៃមហាវិថី ព្រះនរោត្តម ទាំងសងខាង ចាប់ ពីស្ពាននាគ រហូតដល់វិមានឯករាជ្យ ដែលរដ្ឋបាលរាជធានី បានរៀបចំទុកឲ្យអ្នកថ្មើរជើងដើរ។ ភាគច្រើន នៃអ្នករំលោភចំណីផ្លូវទាំងនោះមានដូចជា នៅមុខក្រុមហ៊ុនទិញលក់រថយន្ត មុខហាង កាហ្វេ មុខធនាគារ មុខសាលារៀន និងនៅមុខឱសថស្ថានជាដើម។

រាល់សកម្មភាពរំលោភយកចិញ្ចើមផ្លូវខាងលើនេះ គេមិនទាន់ឃើញ អាជ្ញាធរខណ្ឌ ដូនពេញ និង កម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធ មានវិធានការអ្វីនៅឡើយទេ ឬ មួយក៏អាជ្ញាធរ មានសមត្ថកិច្ច នៅ ថ្នាក់មូលដ្ឋាននេះ ខ្លាចបុណ្យសក្តិ ឬ មានហេតុផលអញវីផ្សេង ទើបមិនចូលរួមរៀបចំលើ គម្រោង នេះ ។

ដើម្បីលើកកំពស់សោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់អ្នកថ្មើរជើង ឱ្យបានល្អ ប្រសើរ នៅតាមបណ្តោយមហាវិថីខាងលើ រដ្ឋបាលរាជធានី សុំឱ្យអ្នករំលោភផ្លូវថ្មើជើងទាំងនេះ គិតដល់ប្រយោជន៍សាធារណៈជាធំ ប្រសើរជាងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។

សូមបញ្ជាក់ថា គម្រោងរៀបចំការឺឡាថ្មី នៅចិញ្ចើមមហាវិថី ព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ត្រូវបានបញ្ចប់កាលពីបំណាច់ខែធ្នូ២០១៨ ប៉ុន្តែមកដល់ពេលនេះ អ្នកថ្មើជើង នៅតែមានឧបសគ្គ ក្នុងការធ្វើដំណើរ ប្រឈមនឹងបញ្ហាគ្រោះថ្នាក់ កើតឡើង នៅឡើយ។ ដូច្នេះសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋ ក្រុមហ៊ុន គ្រឹះស្ថាននានា នៅតាមបណ្តោយមហាវិថី ព្រះនរោត្តម ចូលរួមសហការទាំងអស់គ្នា ដើម្បីសោភណ្ឌភាព សុវត្ថិភាពក្នុងរាជធានីភ្នំពេញ ដែល ជាបេះដូង នៃប្រទេសកម្ពុជា៕

ក្រុមមេធាវីតេជោសែន នឹងជួយស្ត្រីក្រីក្រទូទាំងប្រទេសដោយឥតគិតថ្លៃ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបាន ត្រៀមថវិកាចំនួនជាង ២ ០០០លានរៀល ដើម្បីដំណើរការក្រុមមេធាវីមួយក្រុម ដឹកនាំដោយសម្តេចផ្ទាល់ ដើម្បីជួយស្ត្រីការពារស្ត្រីក្រីក្រលើផ្លូវច្បាប់នៅទូទាំង ប្រទេស ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅស្រុក អង្គស្នួល ខេត្តកំពង់ស្ពឺ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសនៅព្រឹកថ្ងៃពុធនេះថា សម្តេចបានត្រៀមកញ្ចប់ថវិកាចំនួនជាង២ពាន់លានរៀល រឺ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីបង្កើតជាក្រុមមេធាវីតេជោសែន ដែលដឹកនាំផ្ទាល់ដោយសម្តេច ដើម្បីជួយការពារក្តីជូនស្ត្រីក្រីក្រី រាប់ទាំងកម្ម ការិនីនៅទូទាំងប្រទេស។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានចាត់ឲ្យលោក គី តិច ដែលជាមេធាវីតំណាងដោយអាណត្តិរបស់រាជរដ្ឋាភិបាល រៀបចំបង្កើតក្រុមការងារមេធាវីដែលមានចំនួន៥០នាក់ បែងចែកតាមបណ្តាខេត្ត យ៉ាងណាហោចណាស់ពីរនាក់ ក្នុងមួយខេត្ត ដើម្បីត្រៀមជួយការពារក្តីជូនស្ត្រីក្រីក្រ ខ្វះខាត គ្មានលទ្ធភាពក្នុងការស្វែងរកមេធាវីការពារក្តី។

ការគ្មានលទ្ធភាពការពារ ក្តីនេះហើយ ដែលធ្វើឲ្យចំនួនស្ត្រីដែលជាប់ឃុំជាច្រើន មិនត្រូវបានលើកយក មកាត់ទោសទាន់ពេលវេលា និងអូសបន្លាយដល់ការឃុំខ្លួនក្នុងពន្ធនាគារយូរទៀតផង។ បើតាមសម្តេចតេជោ ថវិកាក្នុងការប្រតិបត្តិការ និងបង្កើតជាក្រុមមេធាវីនេះ គឺជាថវិការបស់សម្តេចផ្ទាល់ ជាមួយនឹងសប្បុរសជននានាផ្សេងទៀត។ រីករាយជាងនេះ ក្រុមមេធាវីតេជោសែន នឹងលេចចេញជារូបរៀងនៅពេលដ៏ខ្លីខាងមុខនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅក្នុងពិធីបូកសរុបការងារប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានជំរុញឲ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលើសំណុំរឿងរបស់ស្ត្រីនៅក្នុងពន្ធនាគារដែលកំពុងមានផ្ទៃពោះ ឬមានកូនតូចនៅក្នុងពន្ធនាគារ ដើម្បីពន្លឿននីតិវិធីកាត់ទោស ហើយឈានទៅស្នើសុំបន្ធូរបន្ថយទោស ឬលើកលែងទោស ឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរ នៅខែមេសាខាងមុខនេះ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ការពិនិត្យសម្រួលព្យួរទោសនេះ ត្រូវធ្វើឡើងប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យដល់ស្ត្រីទាំងនោះ ដើម្បីឲ្យពួកគេមានសេរីភាពនិងត្រលប់ទៅផ្ទះវិញ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯ.ឧ គឹម សន្តិភាព បានបញ្ជាក់ថា ក្រសួងនឹងពិនិត្យមើលលើករណីរបស់ស្ត្រីដែលមានកូនតូច និងស្ត្រីដែលមានផ្ទៃពោះ ដែលពួកគេកំពុងជាប់នៅក្នុងពន្ធនាគារ។

ការពិនិត្យមើល នឹងធ្វើឡើងនៅក្នុងពន្ធនាគារទាំងអស់នៅទូទាំងប្រទេស និងឲ្យបានមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ បច្ចុប្បន្ននេះ មានស្ត្រីប្រមាណជា ២ ៥០០នាក់ ដែលកំពុងជាប់ពន្ធនាគារនៅទូទាំងប្រទេស ហើយក្នុងនោះមានស្ត្រីដែលមានកូននៅក្នុងបន្ទុកចំនួន១៦៦នាក់ និងស្ត្រីដែលមានផ្ទៃពោះចំនួន៥១នាក់៕

ចិន បង្ហាញទស្សនីយភាពរបាំសណ្តែកក្រហមប្រចាំខេត្តជាំងស៊ូ នៅម្ពុជា

ភ្នំពេញ ៖ ចិន បានដាក់សម្ភោធមហោស្រព ទស្សសនីយភាព របាំសណ្តែកក្រហម ភាគខាងត្បូងនៃវប្បធម៍ ខេត្តជាំងស៊ូ ប្រទេសចិន នៅលើទឹកដីកម្ពុជា កាលពីដើមសប្ដាហ៍នេះ នៅមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីបង្ហាញជូនភ្ញៀវទេសចរ និងវិនិយោគិនរបស់ខ្លួន កំពុងមានវត្តមាននៅលើទឹក ដីប្រទេសកម្ពុជា ។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា ចិនបានថ្លែងក្នុងពិធីសម្ភោធ មហោស្រព ទស្សនីយភាពរបាំប្រចាំ ខេត្តជាំងស៊ូនេះថា យើងទាំងអស់គ្នាបានដឹងហើយថា ឆ្នាំ២០១៩នេះ គឺជា ឆ្នាំដ៏ប្រពៃបន្ថែមមួយកម្រិតទៀត នៃមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ដែលប្រមុខដឹកនាំនៃ ប្រទេសទាំងពីរ បានកំណត់យកថាជាឆ្នាំវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន។ លើសពីនេះ ឆ្នាំ២០១៩ ជាការចាប់ផ្តើមនៃគីឡូម៉ែត្រថ្មីនៃសករាជទំនាក់ទំនងរវាងកម្ពុជានិងចិនលើការផ្សារភ្ជាប់យុទ្ធសាស្ត្រខ្សែក្រវាត់១ ផ្លូវ១ និងយុទ្ធសាស្រ្តចតុកោណ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រ ជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ខេត្តជាំងស៊ូ គឺជាខេត្តសេដ្ឋកិច្ចមួយ ដែលរីកចម្រើនៅតំបន់ឆ្នេរសមុទ្រ ភាគ ខាងកើតនៃប្រទេសចិនហើយជាខេត្តមួយក្នុងចំណោមខេត្តរីកចំរើនបំផុតនៅក្នុងប្រទេសចិន តាំងពី សម័យបុរាណ ។ជាពិសេសចាប់តាំងពីមានការកំណែទម្រង់ និងការបើកចំហរបស់ប្រទេសចិន ខេត្ត ជាំងស៊ូ តែងតែឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយក្នុងរយៈ ៤០ ឆ្នាំ ជាប់គ្នានៃការអភិវឌ្ឍយ៉ាងឆាប់រហ័សដែលធ្វើអោយការរស់នៅរបស់ប្រជាជនក្នុងទីក្រុងនិងជនបទមានការផ្លាស់ប្តូរនិងស្ថិតនៅលំដាប់ជួរមុខគេ ។

លោកបន្តថា បន្ថែមពីលើសេដ្ឋកិច្ច ខេត្តជាំងស៊ូ ក៏មានវប្បធម៌ជាទីមោទនភាពផងដែរ ។ រចនាបថជំនាន់អ៊ូ និងហាន ដែលមានរួមបញ្ចូលធាតុទាំងខាងជើង និងខាងត្បូង គឺមានគ្រឹះយ៉ាង ជ្រាល ជ្រៅ ។ ភាពទាក់ទាញនៃទេសភាពភាគខាងត្បូងដ៏សម្បូរបែបជាបេតិកភណ្ឌអរូបីដែលបានបង្ហាញ ពីតំបន់ និងលក្ខណៈពិសេសរបស់ខេត្ត។ ការបង្ហាញរបាំនេះ ដែលមានចំណងជើងថា “សណ្តែកក្រហម ហុងនូវប្រទេសភាគខាងត្បូង” គឺជាប្រធានបទទាក់ទងតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុដែល ជាស្នាដៃសិល្បៈពិតប្រាកដនិយម។ អាចជួបជជែកជាមួយអ្នកស្នងមរតកទាំងនេះដោយផ្ទាល់។

លោកបញ្ជាក់ថា ប្រទេសចិននិងកម្ពុជាគឺជាមិត្តល្អនិងអ្នកជិតខាងល្អនឹងគ្នា ។ ថ្មីៗនេះ ដំណើរ ទស្សន កិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដែលបានជួបជាមួយមេដឹក នាំចិន និងបានឈានដល់ការមូលមតិគ្នា ជាថ្មីលើការអភិវឌ្ឍបន្ថែមទៀតនូវភាពជាដៃគូ កិច្ចសហ ប្រតិបត្តិការជាយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរបានកំណត់នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយបញ្ជាក់យ៉ាងច្បាស់ថា ភាគីចិនមានឆន្ទៈបន្តគាំទ្រអាជីវកម្មមានកេរ្តិ៍ឈ្មោះរបស់ចិនក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាដោយអនុវត្តកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងសំខាន់ដទៃទៀតតួយ៉ាងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម”។

គួរបញ្ជាក់ផងដែរ នៅក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្ដេចព្រះរៀម នរោត្តមបុប្ផាទេវី សមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ក៏បានយាងចូលរួម និងទតនៅការសម្ដែងរបស់សិល្បករ មកពីខេត្តជាំងស៊ូប្រទេសផងដែរ ក្នុងនោះទ្រង់ក៏មានព្រះបន្ទូលថា ទំនាក់ទំនងល្អរវាប្រទេសចិន និងប្រទេសកម្ពុជា មិនមែនទើបតែ កើត ឡើងនៅពេលថ្មីៗនេះទេ ពោលគឺបានកើតយូរមកហើយ ជាពិសេសនៅជំនាន់សម្ដេច ព្រះ នរោត្តមសីហនុ ដែលបានរឹតចំណងមិត្តភាពប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ៕

នៅខេត្តបន្ទាយមានជ័យ ដាក់លក់ឈើចម្រុះស្រស់ៗដោយសេរី​យ៉ាងអនាធិបតេយ្យ

បន្ទាយមានជ័យ ៖ ឈើធ្វើជាអុសស្ទែរចម្រុះ រាប់ពាន់ម៉ែត្រគូប ត្រូវបានក្រុមឈ្មួញកាប់ដឹកជញ្ជូន យកមក ស្តុបទុកខាងក្រោយស្នាក់ការបរិស្ថាននៅចំណុចអូរពោធិ៍ ក្នុងឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ដែលគេសង្ស័យថា សមត្ថកិច្ចជំនាញនៅទីនោះមានកាឃុបឃិតគ្នា ទើបមិនមានការត្រូតពិនិត្យ និង បង្ក្រាប។

អ្វីដែលពិសេសនោះ គឺ ប្រជាពលរដ្ឋកំពុងតែធ្វើការងឿងឆ្ងល់ និងរិះគន់ទៅលើមន្រ្តីបរិស្ថាន ដែល ប្រចាំការនៅស្នាក់ការអូរពោធិ៍ខណៈគេឃើញគំនរឈើតូចធំចម្រុះរាប់ពាន់ម៉ែត្រគូបនៅខាងក្រោយ ស្នាក់ការរបស់បរិស្ថាន ចំងាយប្រហែល(1000m)។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅទីនោះ បានអោយដឹងថា ឈ្មួញដែលកំពុងតែកាប់ បំផ្លាញព្រៃឈើទាំងនេះ មានឈ្មោះ ហៀង ដែលឈើទាំងអស់នោះកាប់ចេញពីព្រៃសហគមន៍ និង ព្រៃការពារដោយរដ្ឋមួយចំនួនផ្សេងទៀតផង ដែរ។

ប្រភពដដែល បានបន្តទៀតថាឈ្មោះ ហៀង នេះកំពុងតែបន្តកាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិប តេយ្យ ដោយយកលេសជ្រកក្រោមស្លាក ក្រុមហ៊ុន សុវណ្ណភូមិ តាមការពិតនៅលើដី របស់ក្រុម ហ៊ុន មួយនេះ មិនមានឈើនៅសេសសល់ច្រើននោះទេ ពីព្រោះធ្វើការសំអាត និងដាំដុះដើមកៅស៊ូជាច្រើនឆ្នាំមកហើយ។

ប្រភពពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានច្រើននាក់ទៀត បានឱ្យដឹងថា អុសស្ទែរទាំងនេះ ជាប្រភេទឈើចំរុះ ដែលគេបានកាប់ដឹកចេញពីព្រៃសហគមន៍ និងព្រៃការពាររសបស់រដ្ឋមួយចំនួនផ្សេងទៀត ដែលគ្រប់គ្រងផ្ទាល់ដោយផ្នែករដ្ឋបាលព្រៃឈើ។

ពួកគាត់បានលើកឡើងថា ក្នុងមួយថ្ងៃៗ គេឃើញមានគោយន្ត រាប់សិបគ្រឿង បានដឹកដើមឈើគ្រប់ប្រភេទមកអារអង្កន់ធ្វើជាអុសស្ទែរដាក់តាំងលក់ ស្ថិតខាងក្រោយស្នាក់ការបរិស្ថាន នៅចំណុច អូរពោធិ៍ ក្នុងឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ ហើយមិនដែលឃើញអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ធ្វើការទប់ស្កាត់ ឬ បង្ក្រាបឡើយ។ ករណីនេះត្រូវបានគេរិះគន់ និងសង្ស័យថា សមត្ថកិច្ចជំនាញបានបើកដៃ និងឃុបឃិតទទួលប្រាក់ពីអ្នកកាប់អុសទាំងនោះ។

ពួកគាត់បន្តថា អុសស្ទែរដែលមានមុខកាត់ចាប់ពី ២តឹក ដល់៤តឹក និង មានបណ្តោយប្រវែង ប្រមាណ១ ម៉ែត្រឡើងទៅ ដែលក្នុងមួយកន្លែងៗ មានរហូតដល់រាប់រយម៉ែត្រគូបនោះ ត្រូវបានក្រុម ឈ្មួញយកមកតំរៀបដាក់លក់ និងមានរថយន្តធំៗ ចេញចូលដឹកទាំងយប់ទាំងថ្ងៃយ៉ាងរំភើយ ដោយ មិនខ្លាចក្រែង និងមិនឃើញមានសមត្ថកិច្ចជំនាញណាធ្វើការបង្ក្រាបនោះឡើយ៕

ការវិនិយោគរបស់ជប៉ុននៅកម្ពុជាកើនពី ៦៣លានដុល្លារ កាលពីឆ្នាំ២០១៧ ដល់ ៨៨០លានដុល្លារ នៅឆ្នាំ២០១៨

ភ្នំពេញ ៖ អាស្រ័យដោយទំនាក់ទំនងល្អរវាងកម្ពុជាជប៉ុន និងការមានទំនុកចិត្តកាន់តែកក់ក្តៅ ឡើងពីសំណាក់អ្នកវិនិយោគទុនជប៉ុនធ្វើឲ្យទំហំនៃការវិនិយោគរបស់ជប៉ុនបានកើនឡើងខ្លាំង ពោលគឺកើនឡើងពី ៦៣លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៧ ដល់ ៨៨០លានដុល្លារអាមេរិកនៅឆ្នាំ២០១៨ ហើយទំហំនៃការវិនិយោគនេះនឹងមានការកើនឡើងបន្ថែមនាពេលអនា គត។

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ូជិ ក្នុងកិច្ចប្រជុំលើក ទី១៧ នៃគណៈកម្មាធិការចំរុះកម្ពុជាជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជម្រុញ និងការការពារវិនិយោគនៅទីស្តីការក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២០ កុម្ភៈ នេះមានប្រសាសន៍ថា៖ ឯកឧត្តមពេញចិត្ត ចំពោះការលុបចោលកាំកុងត្រូលនៅតាមព្រំដែន និងអង្គភាពកាំសាបជាដើម ដែលវាអាចជា ការរួមចំណែកបន្ថែមទៀតនៃកំណើនវិនិយោគរបស់ជប៉ុននៅកម្ពុជា។ លោកបន្តថា យើង នឹងសហការគ្នាក្នុងការដោះស្រាយបញ្ហានានា និងបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាយកចិត្ត ទុកដាក់ក្នុងការស្តាប់មតិនានារបស់ក្រុមហ៊ុនជប៉ុន។

ដោយឡែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា លោក សុខ ចិន្តាសោភា មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបានសម្រេចលុបចោល ទាំងស្រុងនូវការឈរជើងរបស់មន្ត្រីកាំកុងត្រូលនៅតាមច្រកព្រំដែន កំពង់ផែ តំបន់សេដ្ឋកិច្ច ពិសេស ព្រលានយន្តហោះ។ល។ ហើយរាល់ការត្រួតពិនិត្យទៅលើមុខទំនិញនាំចូល នាំចេញ នឹងត្រូវធ្វើដោយអង្គភាពតែមួយគត់ នោះគឺភ្នាក់ងារនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករតែម្តង។

ពួកគេត្រូវពិនិត្យចំពោះភាពស្របច្បាប់នៃទំនិញនាំចេញ នាំចូលនោះ ដើម្បីគិតពីអត្រាពន្ធ ក្នុងករណីត្រូវមានការបង់ពន្ធ ហើយនៅពេលមានការកត់សម្គាល់ពីភាពមិនប្រក្រតីពាក់ព័ន្ធ
ទៅលើគុណភាពទំនិញ នៅពេលនោះភ្នាក់គយនឹងអញ្ជើញមន្ត្រីកាំកុងត្រូលមកពិនិត្យអំពី
គុណភាពទំនិញនោះ នេះមានន័យថា ការងាររបស់កាំកុងត្រូលនៅតែមាន តែមិនមែននៅ
ប្រចាំការត្រួតពិនិត្យរាល់ទំនិញនាំចេញ នាំចូល នៅតាមច្រកព្រំដែន កំពង់ផែ តំបន់សេដ្ឋកិច្ច ពិសេស ព្រលានយន្តហោះនោះទៀតទេ៕

ប្រវត្តិ និងអត្ថន័យនៃការប្រារព្វពិធីបុណ្យមាឃបូជា

សាសនា ៖ មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា ដែលរួមមាន : មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្នាក់ៗ ត្រូវយកមក សិក្សាឲ្យយល់ដឹង និងអនុវត្ត។

រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែមាឃ ម្ដងៗ ពុទ្ធសាសនិកតែងតែនាំគ្នាប្រារព្ធពិធីដ៏ធំមួយគឺបុណ្យ «មាឃបូជា»។ ពិធីនេះគឺជាឱកាសអោយពុទ្ធសាសនិករំឭកដល់ព្រឹត្តិការណ៍សំខាន់មួយចំនួនដែលបានកើតឡើងនៅក្នុងសម័យពុទ្ធកាល។

ពិធីបុណ្យមាឃបូជា ជាទូទៅត្រូវពុទ្ធបរិស័ទ ឬអ្នកកាន់ព្រះពុទ្ធសាសនាប្រារព្ធធ្វើនៅតាមវត្តអារាម ឬមួយធ្វើនៅឯព្រះសក្យមុនីចេតិយ ជាទីតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ។

អ្នកសិក្សាស្រាវជ្រាវផ្នែកព្រះពុទ្ធសាសនាបញ្ជាក់ថា ថ្ងៃមាឃបូជា គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងព្រះពុទ្ធសាសនា ឬកាលដ៏អស្ចារ្យមួយដើម្បីរំឭកដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូ កាលពីទ្រង់នៅមានព្រះជន្មាយុនៅឡើយ។

ក្នុងថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជានេះ ពុទ្ធសាសនិកនៅកម្ពុជា ភាគច្រើនបានធ្វើចង្ហាន់ដើម្បីប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ស្របគ្នានេះ ពុទ្ធបរិស័ទនៅតាមវត្តអារាមមួយចំនួនក៏បានដង្ហែក្បួនដាក់បង្ហាញគំនូរដែលនិយាយពីពុទ្ធប្រវត្តិដែរ។

អ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាបានបញ្ជាក់ប្រាប់ដែរថា ការប្រារព្ធពិធីបុណ្យមាឃបូជា ដែលពុទ្ធបរិស័ទបច្ចុប្បន្នធ្វើ គឺដើម្បីរំឭកដល់ព្រះមហាករុណាទិគុណព្រះសម្មាសម្ពុទ្ធ ដែលទ្រង់ប្រជុំចតុរង្គសន្និបាត ឬសម្ដែងឱវាទបាតិមោក្ខក្តី និងកាលដែលទ្រង់ដាក់អាយុសង្ខារក្តីណានោះ គឺការគោរពបូជាមិនមែនសំដៅ យកតែចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តនោះទេ ការបូជាដ៏សំខាន់ក្នុងថ្ងៃមាឃបូជា គឺពុទ្ធបរិស័ទទាំងអស់ គប្បីគោរពតាមពុទ្ធឱវាទ ដូចជានាំគ្នារក្សាសីល រួមមានសីល៥ សីល៨ ជាដើមឡើងទៅ។

ក្រៅពីនេះអ្នកសិក្សាផ្នែកព្រះពុទ្ធសាសនាក៏បានណែនាំថាពុទ្ធសាសនិកគប្បីនាំគ្នាបដិបត្តិធម៌វិបស្សនាកម្មដ្ឋាន និងចម្រើនមេត្តាភាវនាផងដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងអម្បាលម៉ាននេះ ជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងសព្វសត្វទាំងអស់ ឲ្យបានដល់នូវសេចក្តីសុខ ពិសេសឲ្យបានដល់មនុស្សទូទៅក្នុងសង្គមជាតិខ្មែរ ដែលសព្វថ្ងៃកំពុងជួបបញ្ហាលំបាកផ្នែកនយោបាយមានអំពើហិង្សា សូមឲ្យបានស្បើយពីបញ្ហានេះ និងបានចុះសម្រុងគ្នាឡើងវិញ ដើម្បីរួមគ្នាកសាងកម្ពុជា ឲ្យមានសុខសន្តិភាព និងចម្រើនរុងរឿងតទៅមុខ៕

សម្តេចតេជោ គ្រោងបង្កើត និងគ្រប់គ្រងផ្ទាល់ «ក្រុមមេធាវីការពារក្តី ជួយស្រ្តីងាយរងគ្រោះ»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញពីបំណងបង្កើត«ក្រុមមេធាវីការពារក្តី ដើម្បីជួយជនរងគ្រោះជាស្ត្រីក្រីក្រ» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច។ សម្តេចតេជោ បានបញ្ជាក់បែបនេះ នៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៩ ។

បើតាមផេកហ្វេសបុកសម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់ថា៖ «ដើម្បីជួយស្ត្រីរងគ្រោះទន់ខ្សោយអោយកាន់តែមានប្រសិទ្ធភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងពិចារណាក្នុងការបង្កើត “ក្រុមមេធាវីការពាក្តី” ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់សម្តេចតេជោដើម្បីជួយដល់ជនរងគ្រោះដែលជាស្ត្រីក្រីក្រ»។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹក និងជំរុញឲ្យក្រសួងកិច្ចការនារីនិងក្រសួងយុត្តិធម៌ ត្រូវពិនិត្យមើលទណ្ឌិតជាស្ត្រីដែលកំពុងជាប់ឃុំ ឃាំងគឺត្រូវរៀបចំកាត់ទោសនិងបន្ឋូរបន្ថយទោសឲ្យបានលឿនព្រោះស្ត្រីអ្នកទោសមួយចំនួនកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាមានកូនក្នុងបន្ទុក ដែលត្រូវចិញ្ចឹមមើលថែ ហើយត្រូវបានប្តីបោះបង់ចោលជាដើម។ ដូច្នេះ ត្រូវពិនិត្យសម្រួលព្យួរទោសដោះចេញឲ្យពួកគាត់មានសេរីភាពឡើងវិញ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យដល់ស្ត្រីទាំងនោះ គឺ ត្រូវដោះស្រាយលើកលែងសម្រួលទោស ដោយមិនរង់ចាំតែថ្ងៃបុណ្យទានឡើយ ជាពិសេសមុនពេលចូលឆ្នាំខ្មែរ២០១៩ នេះគឺត្រូវរៀបចំកាត់ទោសផ្តល់សេរីភាពឲ្យពួកគាត់បានទៅផ្ទះវិញ»៕

ការបញ្ជូនពលករកម្ពុជាទៅបំរើការងារនៅប្រទេសជប៉ុន ងាយស្រួលជាងមុន

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់កម្ពុជាបានបញ្ជាក់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ នេះថា ច្បាប់ថ្មី របស់រដ្ឋាភិបាលជប៉ុន សម្រាប់ការបញ្ជូនពលករពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន មិនមែនជាកម្មសិក្សាការីទៀតទេគឺជាកម្រិតពលកម្មជំនាញដែលមានសិទ្ធិដូចពលករដទៃទៀត ក្នុងនោះក៏ទាមទារឲ្យមានទាំងជំនាញ និង ភាសាផងដែរ។

មានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័តមាន ក្រោយជំនួប ការងាររវាង លោក ហ៊ិដេហ៊ីសា ហ៊ូរីណូអ៊ូជិ (Hidehisa HORINOUCHI) ឯកអគ្គរាជទូត ជប៉ុនប្រចាំប្រទេសកម្ពុជា ពាក់ព័ន្ធនឹងច្បាប់ថ្មី ស្តីពី ការទទួលបានសិទ្ធិ ក្នុងការស្នាក់នៅ របស់ពលករជំនាញ នៅទីស្តីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ឱ្យដឹងថា នេះជាឱកាសថ្មីមួយ ដែលជប៉ុន បានបើកទូលាយ ការបញ្ជូនពលករយ៉ាងដូច្នេះពីកម្ពុជា ក៏ដូចជាប្រទេសដៃគូនានា ដើម្បីឲ្យទៅធ្វើការនៅជប៉ុន ហើយម្យ៉ាងទៀតក៏ដើម្បីបំពេញតម្រូវការ នៃការខ្វះខាតកម្លាំងពលកម្មរបស់ជប៉ុន និងសម្រាប់កម្ពុជា ក៏ដូចជាប្រទេសនានា ក្នុងការផ្តល់ឱកាសការងារ និង ការហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ ដែលមានកម្រិតខ្ពស់ នៅក្នុងប្រព័ន្ធនៃការងារ ក៏ដូចជាប្រព័ន្ធសេដ្ឋកិច្ច ឧស្សាហកម្ម និង សេវាកម្ម នៅឯប្រទេសជប៉ុនផងដែរ។

លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា នេះជាឱកាសថ្មីមួយ ហើយក៏ជាកិច្ចសហប្រតិបត្តិការ ឡើងមួយកម្រិតទៀត រវាង រដ្ឋាភិបាលប្រទេសទាំងពីរ។ ដើម្បីអនុវត្តន៍កិច្ចការនេះ ភាគីជប៉ុនបានបញ្ជាក់ពីប្រព័ន្ធថ្មីនេះ នឹងចាប់អនុវត្តន៍ ចាប់ពី ខែមេសា ឆ្នាំ២០១៩ តទៅ ខណៈដែលប្រទេសទាំងពីរ បានធ្វើការជាមួយគ្នា ដើម្បីរៀបចំអនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការ ជាមួយគ្នា ទាក់ទងនឹងការជ្រើសរើសបណ្តុះបណ្តាលនិងបញ្ជូនពលករទៅប្រទេសជប៉ុន។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ កម្ពុជាបានបញ្ជូនកម្មសិក្សាការី សរុបជាង៩ពាន់នាក់ ទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុន ដោយពលករម្នាក់ៗ ទទួលបានប្រាក់ឈ្នួល ជាមធ្យមប្រមាណ ១,៥០០ដុល្លារ សហរដ្ឋអាមេរិកឡើងទៅក្នុងមួយខែៗ៕

​«នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងគណៈប្រតិភូកម្ពុជាបាន អញ្ជើញជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ ដែលកំពុងសិក្សា និងធ្វើការនៅប្រទេសជប៉ុន។» រូបភាពឯកសារ

លោកស័ក្ត៥ម្នាក់ សង្ស័យសតិមិនល្អអុកឡុក​ក្នុងវត្តស្រះចក

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ដែលពាក់ឯកសណ្ឋានជាមន្រ្តីយោធា ពាក់ស័ក្ត៥លើស្មា បានដើរចូលទៅសុំលុយព្រះសង្ឃមិនបាន ហើយក៏បង្កហេតុ ធ្វើអោយមានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ ចុះមកអន្តគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ។ បុរសស័ក្ត៥ខាងលើ ដែលពាក់សំលៀកបំពាក់ជាមន្រ្តីយោធា ឈ្មោះ អ៊ុ ណាត អត្តលេខ 230581។

ប្រភពព័ត៌មានពីពូម៉ូតូឌុបនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលបុរសវ័យចំណាស់ខាងលើនេះ ដែលមានសំលៀកបំពាក់ជាមន្រ្តីយោធារូបនេះតែងតែចូលទៅសុំលុយព្រះសង្ឃនៅក្នុងវត្តនេះ តែថ្ងៃនេះ ប្រហែលជាសុំមិនបាន ទើបអុកឡុកបង្កហេតុនៅក្នុងវត្ត ទើបនាំគ្នារាយការណ៍ជូនទៅអាជ្ញាធរតែម្តង។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានអោយដឹងទៀតថា បុរសខាងលើនេះ សង្ស័យសតិមិនប្រក្រតី ទើបនិយាយមិនដឹងខុសត្រូវ ហើយក៏មិនមានអ្នកណាស្គាល់ដែល ២-៣ថ្ងៃតែងតែឃើញមកចូលក្នុងវត្តនេះសុំលុយលោកសង្ឃម្តង តែលើកនេះ សង្ស័យសុំលុយលោកមិនបានទើបបង្កអោយមានធ្វើអោយមានការភ្ញាក់ផ្អើលបែបនេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចកិច្ចមូលដ្ឋានរួមទាំងកងរាជអាវុធហត្ថខណ្ឌដូនពេញបានចុះទៅដល់កន្លែងកើតហេតុរួចក៏បានសួរនាំ ទើបដឹងថា បុរសខាងលើនេះពិតជានិយាយមិនដឹងខុសត្រូវពិតប្រាកដមែន ហើយសមត្ថកិច្ចបានអោយលុយចំនួន១០,០០០រៀលទើបព្រមចាកចេញពីវត្តបាត់ទៅ៕

ប្រធាន អនុប្រធាន៤រូប និងចៅក្រម ៦រូប នៃសាលាដំបូងរាជធានីភ្នំពេញ ត្រូវផ្លាស់ប្តូរ

ភ្នំពេញ ៖ លោក តាំង ស៊ុនឡាយ ត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រេចបញ្ចប់ដំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ ។ ជាមួយគ្នានេះ អនុប្តរធាន៤រូប និងចៅក្រមចំនួន៦រូប ក៏ផ្លាស់ប្តូរដែរ។ ទោះបីយ៉ាងណា ពេលនេះ ពុំទាន់ដឹងថា លោកតាំង ស៊ុនឡាយ ត្រូវផ្លាស់ប្តូរដំណែងទៅខាងណានោះទេ ។

នេះបើយោងបញ្ជីស្ថិតិបញ្ជាក់ពីចំនួន ប្រធាន អនុប្រធាន ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ ដែលដល់វេនត្រូវផ្លាស់ប្ដូរក្នុងឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោក សំ ប្រជាមានិត អគ្គលេ ខាធិការនៃអគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ ។

គួររំឭកថា លោក តាំង ស៊ុនឡាយ បានចូលកាន់ដំណែងជាប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ជំនួសលោក អាំង មាលតី ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ក្នុងការដឹកនាំស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ក៏លេចឮរឿងមិនប្រក្រតីមួយចំនួនផងដែរ រហូតអង្គភាពប្រឆាំងអំពើពុករលួយ ACU រកឃើញថា”មានទំនាស់ផ្ទៃក្នុង”នៃសាលាដំបូងរាជធានីភ្នំពេញ៕

ពុលត្រីក្រពត ស្ត្រីម្នាក់បានស្លាប់ និងក្មេង៤នាក់ទៀតកំពុងជួយសង្គ្រោះ

បន្ទាយមានជ័យ ៖ ក្មេងៗចំនួន៤នាក់ កំពុង ជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ ខណៈស្ត្រីជាម្តាយ បានស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ។ ហេតុការណ៍ស្លាប់និងកំពុងជួយសង្គ្រោះនេះ ត្រូវបានគេរាយការណ៍ថាគឺបណ្តាលមកពីហូបត្រីក្រពត។

លោក កែវ សុភ័ក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា លោកបានទទួលបានព័ត៍មានពីការពុលនេះភ្លាម នៅរសៀលម៉ោង៥.០០ថ្ងៃទី១៧ ខែកុម្ភៈ ២០១៩ លោកបានចុះពិនិត្យ និងអោយក្រុមគ្រូពេទ្យសង្រ្គោះ និងពិនិត្យព្យាបាលយ៉ាងយកចិត្តទុក្ខដាក់ ដែលរហូតដល់ម៉ោង ៧៖១០នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកបានដាក់បទបញ្ជា ដល់ក្រុមគ្រូពេទ្យត្រូវទទួលការតាមដានយ៉ាងហ្មត់ចត់ ដោយបញ្ជូនព័ត៌មានតាមប្រពន្ធ័ Hot Line មក RRT PHD ក្នុងការរកវិធីសង្គ្រោះ ដែលជម្រើសចុងក្រោយ គឺបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ។

លោកបានបង្ហោះក្នុងហ្វេសប៊ុកលោកថា អ្នកជំងឺដែលកំពុងសង្គ្រោះករណីពុលត្រីក្រពត នៅក្នុងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានចំនួន៥នាក់ (កូន៤) ក្នុងនោះ ស្ត្រីជាម្តាយ បានទទួលមរណភាពនៅពេលដែលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត ។

សូមជម្រាបថា នេះជាលើកទី៣ ហើយ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលអ្នកស្រុកមិនបានដឹង ឬមិនរាងចាលក្នុងការបរិភោគត្រីក្រពត បណ្តាលអោយពុលស្លាប់ នៅភូមិស្រះគោគ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ។ ជាមួយគ្នានោះអាជ្ញាធរ បានអំពវានាវ សូមបងប្អូនកុំបរិភោគជាដាច់ខាតនូវគ្រប់ប្រភេទត្រីក្រពត៕

លោក សម រង្ស៊ី ប្រកាសលទ្ធផលភ្នាល់មុនឱសានវាទថា មិនវិលចូល​កម្ពុជាទេ

ភ្នំពេញ ៖ តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី បានប្រកាសជំហរមិនវិលត្រឡប់ចូលមកកម្ពុជា ទៅតាមការភ្នាល់ជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ខណៈដែលឱសានវាទនៃការភ្នាល់នៅសល់តែជាង១០ទៀតប៉ុណ្ណោះ។

លោក សម រង្ស៊ី កាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក នូវបទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី ដោយបានបង្ហាញជំហរថា ការចូលមកកម្ពុជា គឺត្រូវធ្វើទៅតាមកាលៈទេសៈ។

លោក សម រង្ស៊ី បានលើកឡើងថា ការចូលទៅស្លាប់ គឺបានត្រឹមតែឈ្មោះវីរបុរសប៉ុណ្ណោះ ប៉ុន្តែវាគ្មានប្រសិទ្ធភាពក្នុងការជួយជាតិទេ។ លោកបានលើកឧទាហរណ៍ថា សម្ដេចព្រះ នរោត្តម សីហនុ ក្រោយពីរដ្ឋប្រហារ ព្រះអង្គមិនបានចូលមកកម្ពុជា ឲ្យមានការចាប់ខ្លួនទេ គឺព្រះអង្គចេះគេចខ្លួនមួយរយៈពេល ដល់កាលៈទេសៈអំណោយផលដល់ស្ថានការណ៍ទុំល្អ ទើបវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារបញ្ឆិតបញ្ឆៀងមួយកាលពីសប្តាហ៍មុននេះ  ដែលបើទោះបីជាមិនបានបញ្ចេញចំឈ្មោះអ្នកណាម្នាក់ក្តី ប៉ុន្តែគេគិតថា គឺសំដៅទៅលើលោក សម រង្ស៊ី ដែលគេចវេសពីការភ្នាល់របស់លោក។

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា ដៃគូប្រកួតវាយកូនគោលជាមួយសម្តេច លេងខូចខ្លាំង គឺវាយបាល់ធ្លាក់ទឹកដែលមនុស្សបានឃើញគ្រប់គ្នា ប៉ុន្តែដៃគូរបស់លោក បែរជាយកបាល់ថ្មីមកវាយ ដោយមិនខ្វល់ពីបាល់ពិន័យ។

សម្តេចសរសេរបន្តថា «ពេលនេះ គាត់កំពុងចូលបន្ទប់ទឹក ខ្ញុំរង់ចាំខាងក្រៅ ប៉ុន្តែសង្ស័យថាគាត់មិនព្រមចេញមកទេដឹង ឬគាត់ទម្លាយទ្វាររត់ចេញទៅក្រៅតារាងបាត់ហើយ។ តែទោះយ៉ាងណា ខ្ញុំត្រូវរង់ចាំគាត់រហូតផុតម៉ោងប្រកួត ព្រោះគាត់ជាអ្នកបបួលខ្ញុំភ្នាល់ដោយសម្ដីក្អេងក្អាងទៀតផង។ សុំចេញមកប្រកួតបន្តណាអ្នកខ្លាំង កុំរត់ចោលទីលានប្រកួត»។

សូមរំលឹកថា លោក សម រង្ស៊ី កាលពីខែវិច្ឆិកា បានបបួលនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្នាល់ដោយដាក់លក្ខខណ្ឌថា លោក កឹម សុខា នឹងត្រូវដោះលែងនៅពេលជាប់ឃុំបាន ១៨ខែ គឺមិនលើសពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩ នេះទេ។ លោក សម រង្ស៊ី  ថា បើសិនជាសម្តេច ហ៊ុន សែន ភ្នាល់ចាញ់គឺសុំឲ្យ ចុះចេញពីតំណែង ដោយមិនចាំបាច់កាត់ ក ខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់កាប់ព្រៃឈើនោះទេ។ ប៉ុន្តែបើលោកចាញ់(សម រង្ស៊ី) គឺលោកសុខចិត្តដើរចូលឲ្យចាប់ខ្លួន យកទៅឃុំទន្ទឹមជាមួយលោក កឹម សុខា​។

សរុបមកវិញ លទ្ធផលនៃការភ្នាល់រវាងលោក សម រង្ស៊ី ជាមួយសម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក សម រង្ស៊ី ប្រកាសជាឯកតោភាគីមុនកាលបរិច្ឆេទ ថា លោកនឹងមិនវិលត្រឡបចូលមកកម្ពុជាវីញទេ ។ លោក សម រង្សី លើកហេតុផលថា ការចូលទៅស្លាប់ គឺបានត្រឹមតែឈ្មោះវីរបុរសប៉ុណ្ណោះ ប៉ុន្តែវាគ្មានប្រសិទ្ធភាពក្នុងការជួយជាតិទេ៕

សមត្ថកិច្ចការពារព្រំដែនកម្ពុជា និងថៃ ប្រឈមមុខតានតឹងដាក់គ្នារឿងចំការដំឡូង(Video)

ខេត្តបន្ទាយមានជ័យៈ សមត្ថកិច្ចការពារព្រំដែនកម្ពុជា និងសមត្ថកិច្ចការពារព្រំដែនថៃ ប្រឈមមុខតានតឹងដាក់គ្នានៅពេលសមត្ថកិច្ចថៃយកត្រាក់ទ័របម្រុងឈូសឆាយដំឡូងមីរបស់កសិករខ្មែរ នៅតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យកម្ពុជាឈមនិងខេត្តស្រះកែវប្រទេសថៃ។

សភាពការណ៍តានតឹងដាក់គ្នារវាងសមត្ថកិច្ចកម្ពុជានិងថៃបានធូរស្រាលឡើងវិញក្រោយសមត្ថកិច្ចទាំង២បានឯកភាពគ្នាឱ្យកសិករខ្មែរដកដំឡូងមីចេញ។កសិករខ្មែរ២គ្រួសារបានបង្ខំចិត្តដកដំឡូងមីទាំងមើមមិនទាន់ដាក់ម្សៅខណៈដែលប៉ូលីសការពារព្រំដែនថៃកងរយលេខ១២៦មានគ្នាប្រមាណប២៩នាក់បានយកត្រាក់ទ័រ១គ្រឿងបម្រុងឈូសឆាយកំទេចចោលដោយប៉ូលីសថៃចោទពលរដ្ឋខ្មែរនោះថាបានដាំដំឡូងមីលើដីបន្ទាត់ព្រំដែនមិនទាន់ច្បាស់លាស់ខណៈនោះគេឃើញមាននគរបាលការពារព្រំដែនលេខ៩១១និងយោធាការពារព្រំដែនលេខ៥០៣របស់កម្ពុជាប្រមាណ១៥នាក់បានចុះទៅរារាំងមិនឱ្យប៉ូលីសថៃយកត្រាក់ទ័រទៅឈូសឆាយដំឡូងមីពលរដ្ឋខ្មែរនោះឡើយ។

ការប្រឈមតានដាក់គ្នារវាងសមត្ថកិច្ចព្រំដែនកម្ពុជានិងថៃបានធូស្បើយមកវិញ ដោយភាគីទាំង២ជជែករកដំណោះស្រាយលើស្មារតីយោគយល់គ្នា ដោយឯកភាពតម្រូវឱ្យពលរដ្ឋខ្មែរដកដំឡូងមីនោះចោល ហើយកសិករខ្មែរក៏បានយល់ព្រមដកដំឡូងមីនោះចោលមិនឱ្យលើសពីមួយអាទិត្យនោះឡើយ.

បញ្ហានេះដោយមុនដំដូងសមត្ថកិច្ចថៃទាមទារកសិករខ្មែរដកដំឡូងមីចោលជម្រៅ១៥០ម៉ែត្រប្រវែង៥៥០ម៉ែត្ររ៉បតាមផ្លូវគ្រួសក្រហមដែលកសាងឡើងដោយភាគីថៃនោះក្រោយមកបានឯកភាពគ្នាឱ្យដកជម្រៅ៥០ម៉ែត្រប្រវែងបណ្តោយ៥៥០ម៉ែត្រ។ហេតុការណ៍នោះកើតឡើងកាលពីរសៀលថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០១៩នៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ៤២និង៤៣ក្នុងភូមិល្បើកស្វាយឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យឈមទឹកដីថៃភូមិណងយ៉ាកែវឃុំគោកធ្យូងស្រុកគោកធ្យូងខេត្តស្រះកែវប្រទសថ៕

ជម្លោះប្តីប្រពន្ធ ចាក់សាំងដុតម៉ូតូ រលាកទាំងខ្លួន ឆេះទាំងផ្ទះ អស់ទាំងទ្រព្យជាង១ម៉ឺនដុល្លារ (video)

ព្រះវិហារ ៖ ផ្ទះទាមធ្វើអំពីឈើ ក្រោមសាប ទំហំ៦×៨ម៉ែត្រ ចំនួនមួយខ្នង រួមនិងទ្រព្យសម្បិត្ត ជាង ១០.០០០ដុល្លា ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជា ពលរដ្ឋទាំងកណ្តាលយប់ មកជួយធ្វើការពន្លត់។ ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើល ឡើង នៅវេលាម៉ោងប្រមាណជាង១០ យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឋិតក្នុងភូមិកំពេញ ឃុំ យាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុ បាននិយាយប្រាប់ក្រុមការងារយើងឲ្យដឹងថា អគ្គីភ័យនេះកើត ឡើងដោយសារប្តីប្រពន្ធឈ្លោះប្រកែកគ្នា។ពលរដ្ឋបានបន្តថា ដោយសារតែភាគីខាងប្តី មិនចង់នៅ ឈ្លោះប្រកែកជាមួយនឹងប្រពន្ធ ប្តីក៏បានសុំម៉ូតូជិះទៅរកផឹក តែប្រពន្ធមិនឲ្យ ហើយប្តីថា បើមិនឲ្យ ជិះ ទៅរកផឹង សុំជិះទៅលែងផ្ទះនៅឯស្រុកជាមួយកូន ប្រពន្ធថា បើហ៊ានតែយកម៉ូតូជិះ នឹងចាក់ សាំង ដុតចោល។ ភ្លាមនោះប្រពន្ធ បានយកសាំងចាក់ដាក់លើម៉ូតូ រួចយកក្រដាស់ដុតបោះចូល ម៉ូតូនោះ បណ្តាលឲ្យអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់តែម្តង។

សូមបញ្ជាក់ថា នៅក្នុងករណីអគ្គីភ័យខាងលើនេះ បានបណ្តាលមនុស្សប្រុស/ស្រី៣នាក់រងរបួស ធ្ងន់ និងស្រាល/ ទី១ឈ្មោះ យ៉ែម សុហៃ ភេទប្រុសអាយុ២៤ឆ្នាំ (ប្តី)រងរបួសជើងធ្ងន់/ទី២ឈ្មោះ គីម សាង ភេទស្រី អាយុ៦៦ឆ្នាំ (ម្តាយ)រងរបួសខ្នងធ្ងន់ /និងទី៣ ឈ្មោះ គីម ចិដា ភេទស្រី អាយុ ៣៨ឆ្នាំ(ប្រពន្ធ) រងរបួសស្រាល។ ចំណែក ទ្រព្យសម្បិត្តដែលរងការបាត់បង់ក្នុងករណីអគ្គិភ័យនេះ មានដូចជា÷ ម៉ូតូ១គ្រឿង(សងទ្រីម០១៣)/ម៉ាស៊ីនព្រីនធ័រ១គ្រឿង/ម៉ាស៊ីនកូពីឯកសារ១គ្រឿង/cd ១គ្រឿង/វីដេអូ១គ្រឿង/ម៉ាស៊ីនថតរូបមួយ/កង់១គ្រឿង/គ្រឿងសង្ហារឹមមួយចំនួនធំ និងទ្រព្យសម្បិត្ត ជាច្រើនទៀត ដោយសរុបជាទឹកប្រាក់អស់ប្រមាណជាង១ម៉ឺនដុល្លា ត្រូវបានអគ្គីភ័យលេបត្របាក់ អស់គ្មានសល់។
ជាមួយគ្នានោះ ក៏សង្កេតឃើញមានការចូលរួមជួយអន្តរាគមន៍ពន្លត់ពីលោក ចក់ ជឿត មេភូមិ កំពេញ ផងដែរ៕

អាជ្ញាធរខេត្តព្រះវិហារ ចុះចែកទឹកដល់អ្នកទោស និងពិនិត្យការខួងអណ្តូងទឹកខ្នាតធំ

ព្រះវិហារ ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានដឹកនាំក្រុមការងារចុះចែកទឹក ជូនដល់អ្នកទោសដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។

នៅក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពខួងអណ្តូងទឹកខ្នាតធំ សម្រាប់យកទឹកប្រើប្រាស់នៅក្នុងអង្គភាពពន្ធនាគារខេត្តផងដែរ ដែលអណ្តូងទឹកនេះ គឺជាអំណោយរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។

បើតាមការឲ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ គូសបញ្ជាក់ថា ដើម្បីត្រៀមលក្ខណៈដោះស្រាយការខ្វះខាតទឹក លោក លឹម គានហោ បានផ្តល់នូវរថយន្ត២គ្រឿង និងធុងទឹកចំណុះ៥,០០០លីត្រចំនួន២ សម្រាប់ដឹកទឹកចល័តចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់។

លោកប្រធានមន្ទីរធនធានទឹកខេត្តបានបន្តថា ចំពោះអង្គភាពពន្ធនាគារខេត្ត ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក បានឧបត្ថម្ភអណ្តូងទឹកខ្នាតធំមួយ និងម៉ូទរ័បូមទឹកមួយ ព្រមទាំងរៀបចំតប្រព័ន្ធទឹក សម្រាប់បែងចែកនៅក្នុងអង្គភាពពន្ធនាគារផងដែរ