All posts by មេគង្គ ប៉ុស្តិ៍

ក្រសួង ស្នើឲ្យតុលាការពន្លឿនការកាត់ក្តី ព្រោះអ្នកកំពុងជាប់ឃុំចង្អៀតណែន

ភ្នំពេញ ៖ បច្ចុប្បន្នមានអ្នកជាប់ពន្ធនាគារនៅទូទាំងប្រទេសប្រហែល ៣ម៉ឺន ១ពាន់នាក់ ហើយ ក្នុងចំនួននេះ ភាគច្រើនជាអ្នកជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ប្រហែលជិត ២ ភាគ ៣ នៃចំនួនសរុប។

ជាមួយគ្នានេះក្រសួងមហាផ្ទៃ បានសហការជាមួយស្ថាប័នតុលាការ តែមិនហ៊ាននិយាយថា ជម្រុញឲ្យគាត់ត្រូវតែកាត់ក្តីនោះ ទេ តែយើងស្នើឲ្យកាត់ពន្លឿនការកាត់ក្តី ព្រោះបើមិនអ៊ីចឹងទេ ឃើញថាវាសល់ច្រើននូវចំនួន អ្នកជាប់ឃុំដែលពុំទាន់ត្រូវបានកាត់ក្តី នោះហើយគឺជាបញ្ហា ដែលនឹងនាំឲ្យយើងមានការប្រជុំ ពិសេសដាច់ដោយឡែកមួយទៀតទាក់ទងនឹងកិច្ចការនេះ។នេះជាការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតបូក សរុបការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ កុម្ភៈនេះ។

ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងជា ទូទៅរបស់ក្រសួងមហាផ្ទៃនាពេលកន្លងទៅផងដែរ ដោយសម្តេចបានគូសបញ្ជាក់ថា ឆ្នាំ ២០១៨ គឺជាឆ្នាំដែលក្រសួងមហាផ្ទៃកាន់តែមានភាពមមាញឹកក្នុងការពង្រឹងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីចូលរួមអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៥ នៃរដ្ឋ សភា។

សម្តេចថា ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបានក្នុងការអនុវត្តកម្មវិធី កំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជានៅតែបន្តរក្សាបាននូវ សន្តិភាព សន្តិសុខផ្ទៃក្នុងជាតិ និងកំណើនសេដ្ឋកិច្ចខ្ពស់ ទោះបីសភាពការណ៍សន្តិសុខតំបន់ និងពិភពលោកមានការវិវត្តប្រែប្រួលស្មុគស្មាញ ហើយសេដ្ឋកិច្ចសកលមានភាពមិនទៀងទាត់ យ៉ាងណាក៏ដោយចុះ៕

ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីដំណើរនៃនីតិវិធីរបស់ EU ករណី EBA លើកម្ពុជា

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងដំណើរនីតិវិធីរបស់ EU ករណី EBA ពាក់ព័ន្ធនឹងករណី EBA ដែលសហភាពអឺរ៉ុប កំពុងដំណើរការនីតិវិធីផ្អាកជាបណ្ដោះ អាសន្ន មកលើប្រទេសកម្ពុជា បានធ្វើអោយមានការព្រួយបារម្ភ និងបង្ហាញការសោកស្ដាយចំពោះនីតិវិធីរបស់អឺរ៉ុប លើការព្យួរEBA។

ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលជាស្ថាប័នសំខាន់ក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផលកម្ពុជា ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយផងដែរ ដើម្បីឆ្លើយតបទៅនឹងនីតិវិធីរបស់ សហភាពអឺរ៉ុប។

នៅក្នុងសេចក្តីថ្លែងការណ៍បានអោយដឹងថា តាមមាត្រា១៩ នៃបញ្ញតិ្តរបស់សហភាពអឺរ៉ុប ទាក់ទងនឹងវិធី សម្រាប់ស៊ើបអង្កេត ដើម្បីឈានទៅធ្វើការសម្រេចចិត្តក្នុងការព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី EBA ដែលបានផ្ដល់ឱ្យបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច កាលពីឆ្នាំ ២០១២ និងដើម្បីធានាសង្គតិភាព នៃការអនុវត្តកាតព្វកិច្ចរបស់កម្ពុជា ជាមួយនឹងលក្ខខណ្ឌមានចែងនៅក្នុងបញ្ញត្តិខាងលើអោយបានពេញលេញ គណៈកម្មការអឺរ៉ុប បានសម្រេចផ្ដួចផ្ដើមគំនិតក្នុងការចាប់ផ្ដើមនីតិវិធីនេះ ចាប់បីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០១៩ នេះតទៅ តាមរយៈការពិគ្រោះយោបល់ជាមួយកម្ពុជា និងភាគីពាក់ព័ន្ធ ។

ការផ្ដួចផ្ដើមគំនិតនេះ មិនមែនមានន័យថា សហភាពអឺរ៉ុបចាប់ផ្ដើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ តែវាជាពេលវេលាដែលចាប់ផ្ដើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា រយៈពេលគិតចាប់ផ្ដើម រហូតដល់ការចូលជាធរមាននៃសេចក្តីសម្រេចចុងក្រោយណាមួយ មានចំនួន ១៨ ខែ គិតចាប់ពីថ្ងៃទី១២ កុម្ភៈ ២០១៩ ហើយរយៈពេលនេះ ត្រូវបានកំណត់ជាពីរដំណាក់ ។ ដោយដំណាក់កាលពីទី១ មានរយៈពេល៦ខែ ហើយវាជាដំណាក់កាលដែលគណៈកម្មការធ្វើការពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីស្វែងយល់បន្ថែមពីវឌ្ឍនភាព នៃការអនុវត្តកាតព្វកិច្ច និងបទបញ្ញត្តិ ។ ដំណាក់កាលទី២ មានរយៈពេល៦ខែ ដូចគ្នាដែរ ហើយបើសិនព្រមព្រៀងគ្នានឹងត្រូវអនុវត្តដកពីកម្ពុជា គឺត្រូវការពេលវេលា៦ខែទៀត ដើម្បីចូលជាធរមានជាផ្លូវការ ។

គួរបញ្ជាក់ថា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា បណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធ ធ្វើកំណែទម្រង់ស៊ីជម្រៅ ដែលបានជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ដឹកជញ្ជូន និងលើកស្ទួយអត្ថប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ដល់កម្មករ កម្មការិនី និងកសិករ ព្រមទាំងប្រជាជនកម្ពុជា គ្រប់រូប ។ ដោយឡែកក្រសួងពាណិជ្ជកម្មបានលុបចោលនូវការយកកម្រៃ សម្រាប់គ្រប់គ្រងការនាំចេញ មិនតម្រូវអោយបង់កម្រៃ និងសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ និង បានរំកិលទីតាំងឈរជើង របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលកិច្ចការទាំងអស់នេះ តម្រូវអោយរដ្ឋទទួលបន្ទុកពីការខាតបង់ចំណូលរាប់សិបលានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ៕

ពេញមួយឆ្នាំ២០១៨ សមត្ថិកច្ចរឹបអូសគ្រឿងញៀនបាន ៥៣៦,៣៦ គ.ក្រ

ភ្នំពេញ ៖ ក្នុងរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពេញ មួយឆ្នាំ២០១៨ សមត្ថិកច្ចរឹបអូសគ្រឿងញៀនបាន ៥៣៦,៣៦ គ.ក្រ ព្រមទាំងមធ្យោបាយ និង ឧបរណ៍វេចខ្ចប់មួយចំនួនទៀត។

របាយការណ៍ដដែលបានលើកឡើងថា ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៣ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអនុវត្ត ច្បាប់បង្ក្រាបបាន ៨ពាន់ ២ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ១៦ពាន់ ២១៦នាក់ ក្នុងនោះស្រី ១ពាន់ ៣៣៣នាក់ រឹមអូសវត្ថុតាង មានគ្រឿងញៀនសរុប ៥៣៦,៣៦ គ.ក្រ ព្រមទាំងមធ្យោ បាយ និងឧបរណ៍វេចខ្ចប់មួយចំនួនទៀត ក្នុងនោះនគរបាលជាតិបង្ក្រាបបាន ៦ពាន់ ៧៩២ ករណី ឃាត់ខ្លួនមនុស្ស ១៣ពាន់ ៣៩៧នាក់ ស្រី ១ពាន់ ១១នាក់។ ដោយឡែកអនុវត្តដីកា ២៤១ដីកា ឃាត់ខ្លួនមនុស្ស ២៣៣នាក់ ស្រី ៩នាក់ ហើយជនល្មើស និងវត្ថុតាងត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

របាយការណ៍បានបង្ហាញនូវការកត់សម្គាល់ថា ការបង្ក្រាបករណីធំៗ ចាប់ពី ១គ.ក្រ ឡើង បានចំនួន ៤៧ករណី ស្មើ ៤៧ក្រុម ឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបានចំនួន ៨៣នាក់ ស្រី ២៤នាក់ ក្នុងនោះមានមេក្លោងជួញដូរគ្រឿងញៀននេះចំនួន ១៩នាក់ផងដែរ៕

ពិភពលោក ត្រូវការបន្ទប់រៀនជាងកន្លះលានបន្ទប់ទៀត សម្រាប់កុមារចំណាកស្រុក

ភ្នំពេញ ៖ របាយការណ៍ថ្មីរបស់យូណេស្កូ បង្ហាញថា មានការសម្រេចវឌ្ឍភាព ពុំគ្រប់គ្រាន់ឡើយ ជុំវិញការបញ្ចូលជនចំណាកស្រុក និងជនភៀសខ្លួន ទៅក្នុងប្រព័ន្ធអប់រំជាតិបច្ចុប្បន្ននេះ គេត្រូវការបន្ទប់រៀន ជាងកន្លះលានបន្ទប់ ដើម្បីបំពេញតម្រូវការ កុមារ ជាជនចំណាកស្រុកនិងកុមារជាជនភៀសខ្លួនក្នុងពិភពលោក។

នេះបើតាម របាយការណ៍ពិនិត្យ តាមដានការអប់រំសកលឆ្នាំ២០១៩ របស់យូណេស្កូ ក្រោមប្រធានបទ “ការធ្វើចំណាកស្រុក ការផ្លាសទីលំនៅដោយបង្ខំ និងការអប់រំ” ដែលត្រូវបានក្រសួងអប់រំយុវជន និងកីឡា រួមជាមួយ អង្គការយូណេស្កូ បានប្រកាសផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមាន លោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោកស្រី អូតទ្រី អាហ៊្សូលៃ (Audrey Azoulay) អគ្គនាយក យូណេស្កូ នៅទីក្រុងប៊ែកឡាំង។

របាយការណ៍នេះ បានបង្ហាញថា ចំនួនកុមារ ជាជនចំណាកស្រុក និងជនភៀសខ្លួន ដែលដល់អាយុចូលរៀន នៅជុំវិញពិភពលោក កើនឡើង ២៦% ចាប់តាំងពីឆ្នាំ២០០០មក ដែលចំនួននេះ អាចបំពេញបន្ទប់រៀន ដល់ទៅជាងកន្លះលានបន្ទប់។ ចំណែកឯ សិទ្ធទទួលបានការអប់រំ ប្រកបដោយគុណភាព របស់កុមារទាំងនេះ ត្បិតត្រូវបានទទួលស្គាល់ កាន់តែច្រើនឡើងៗ លើក្រដាសស្នាមក៏ដោយ តែត្រូវជួបនឹងឧបសគ្គ ក្នុងបន្ទប់រៀន និងក្នុងបរិវេណសាលារៀន ជារៀងរាល់ថ្ងៃ និងត្រូវបានរដ្ឋាភិបាលមួយចំនួនតូច បដិសេធន៍មិនផ្តល់ឱ្យតែម្តង។
លោកស្រី អូតទ្រី អាហ៊្សូលៃ (Audrey Azoulay) បានលើកឡើង នៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ របាយការណ៍នេះថា គ្រប់គ្នានឹងត្រូវខាតបង់ នៅពេលគេមិនយកចិត្តទុកដាក់ លើការអប់រំ សម្រាប់ជនចំណាកស្រុក និងជនភៀសខ្លួន។ ការអប់រំ គឺជាគន្លឹះ ដើម្បីលើកកម្ពស់ បរិយាបន្ន និងភាពចុះសម្រុងគ្នាក្នុងសង្គម។

លោកស្រីបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា វិស័យអប់រំ ត្រូវបានអភិវឌ្ឍយ៉ាងល្អប្រសើរ តាម រយៈ ការធ្វើកំណែទម្រង់ ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ពោលគឺ រំកិលសាលារៀន ឱ្យទៅជិតនឹងផ្ទះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង មិនថា ទីប្រជុំជន ឬ ជនបទនោះទេ។ ហើយកម្ពុជា ក៏មិនមានកុមារ ចំណាកស្រុក ឬ ជនភៀសខ្លួន ជាអន្តរជាតិនោះដែរ។ រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយ ស្ថាប័នពាក់ព័ន្ធ អំពី ផ្តល់ឱកាស ដល់កុមារ និង ជនចំណាកស្រុក បានរៀនសូត្រគ្រប់ទីកន្លែង និងគ្រប់កម្រិត។

លោកបណ្ឌិត សភាចារ្យ ហង់ ជូនណារ៉ុន បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់ វិស័យអប់រំ គឺជារឿងចាំបាច់បំផុត ក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ ដូច្នេះហើយបានជា ក្រសួងអប់រំ បានយកចិត្តទុកដាក់ ជាខ្លាំង ទៅលើកុមារ ចំណាកស្រុក ដោយផ្តល់លទ្ធភាពឱ្យពួកគេបានចូលសិក្សារៀនសូត្របាននៅគ្រប់កម្រិត។

ឯកឧត្តម បញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព នៃការអប់រំ រាជរដ្ឋាភិបាលបានបង្កើតសាលារៀនបានច្រើន នៅគ្រប់ទីកន្លែង ព្រមទាំងបានពង្រឹងសមត្ថភាពបង្រៀន របស់គ្រូឱ្យបានគ្រប់កម្រិត និងត្រូវដោះស្រាយគ្រូបង្រៀនឱ្យបានច្រើន និង បង្កើនប្រាក់បៀវត្ស ជូនគ្រូបង្រៀន នៅតាមសហគម ដាច់ស្រយ៉ាល ឱ្យបានសមរម្មណ៍ផងដែរ៕

សង្ឃទីប្រឹក្សា ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅត្រូវបានចាប់ផ្សឹក

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ព្រះចៅអធិការវត្តច្បារអំពៅ ហោ សុខុន ត្រូវបានគេដឹកចេញពីវត្តច្បារអំពៅ ឆ្ពោះទៅវត្តបុទុវតី ហើយរៀបចំពិធីផ្សឹកតែម្តង ក្រោម បទ ចោទប្រកាន់ថា ខុសធម៌វិន័យ។

ពិធីផ្សឹកព្រះតេជគុណ ហោ សុខុន មានការរអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនាបានធ្វើឡើងនៅវត្តបុទុមវតី ចំពោះព្រះភក្ត្រសម្តេចសង្ឃនាយក នន្ទ ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃជាច្រើនអង្គផ្សេងទៀត នៅក្នុងយប់នាថ្ងៃដដែល។

បន្ទាប់ពីបានផ្សឹកហើយនោះបព្វជិត ហោ សុខុន ក៏ត្រូវបានបញ្ចប់តួនាទីជាចៅអធិការវត្តច្បារអំពៅ និងទីប្រឹក្សាសម្តេចព្រះសង្ឃរាជ ទេព វង្ស និងសង្ឃនាយក នន្ទ ង៉ែត ផងដែរ។
ការសម្រេចបញ្ចប់តួនាទីនេះ បានធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ដែលចុះព្រះហស្ថលេខា និងហត្ថលេខាដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស សម្តេចសង្ឃនាយក នន្ទ ង៉ែត រួមនិងលោកទេសរដ្ឋមន្ត្រី ហឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

សូមបញ្ជាក់ថា បព្វជិត ហោ សុខុន យល់ព្រមចាកសិក្ខាបទដោយខ្លួនឯង មិនមានការចាប់បង្ខំអ្វីទេ។ ចំពោះតួនាទីជាចៅអធិការវត្ត គោរម្យងារ និងជាទីប្រឹក្សា ត្រូវបានដកហូតអស់ហើយ៕

ភ្លើងឆេះចម្ការអំពៅស្ករ​អស់ជាង៨០ហិកតា នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ ដំណាំអំពៅស្ករប្រមាណ ៨៣ហិកតា របស់ក្រុមហ៊ុនចំនួន២ ស្ថិតក្នុងឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវភ្លើងឆេះស្ទើរទាំងស្រុង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មិនទាន់ដឹងមូលហេតុនៅឡើយ។

ម្ចាស់ចម្ការអំពៅម្នាក់ឈ្មោះ កុយ សារ៉េន បានឲ្យដឹងថា មុនពេលមានភ្លើងឆេះគេឃើញមានកម្មករកំពុងកាប់អំពៅ និងមានម៉ាស៊ីនច្រូតក៏កំពុងតែច្រូតផងដែរ ហើយស្រាប់តែ មានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅហុយផ្សែងខ្មួលខ្មាញ់ នាំស្លឹកអំពៅសែលឆេះហោះរាយប៉ាយលើអាកាសពិបាកគ្រប់គ្រង។

លោកបន្តថា ខណៈភ្លើងកំពុងឆេះនោះ ក្រុមកម្មករនាំគ្នារត់មកការដ្ឋាន ដើម្បីមកយកត្រាក់ទ័រភ្ជួរកាត់ផ្តាច់ចម្ការអំពៅជាកំណាត់ៗ និងបាញ់ទឹកដែរ ប៉ុន្តែមិនបានជោគជ័យនោះទេ ដោយសារឆេះលឿនពេកកម្មករស្ទើររត់ពុំរួចផង។ ។ បើតាមការប៉ាន់ប្រមាណដំណាំអំពៅរបស់លោកឆេះអស់ចំនួន ៥៨ហិកតា និងក្រុមហ៊ុន សុផាត សំណាង អស់ចំនួន ២៦ហិកតាផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ភ្លើងរលត់ទៅវិញនៅម៉ោង ២:២០នាទីរសៀលថ្ងៃដដែល និងកំពុងធ្វើការស្រាវជ្រាវពីមូលហេតុដែលនាំឲ្យកើតមានអគ្គិភ័យ៕

មូលហេតុដែលបុរសងងុយដេក ក្រោយពេលរួមភេទ

សុខភាព ៖ ហេតុផលបែបជីវសាស្ត្រមួយបានបង្ហាញថា មនុស្សប្រុសមានអាការៈងងុយដេកក្រោយពេលរួមភេទរួច ដោយសារអស់កម្លាំង ដែលស្ត្រីភាគច្រើនយល់ថា វាគឺជាសញ្ញាមួយនៃការបាត់បង់ចំណង់របស់បុរសក្នុងទំនាក់ទំនងស្នេហា តែការយល់បែបនេះ មិនមែនជាជំនឿ ត្រឹមត្រូវនោះឡើយ។

តាមការស្រាវជ្រាវមួយ ឲ្យដឹងថា អ័រម៉ូន និងសារធាតុគីមីខុសៗគ្នាដែលត្រូវបានបញ្ចេញក្នុងរាងកាយក្រោយពីបាញ់ទឹកកាមរួច មាននាទីជំរុញអោយងងុយដេកបាត់បង់ ឱកាសធ្វើអោយបុរសអាចបន្តទៅវគ្គទីពីរថែមទៀត។ មានសារធាតុគីមី និងអ័រម៉ូនច្រើនណាស់ដែលត្រូវបានបញ្ចេញក្រោយពីបាញ់ទឹកកាមរួចដែលធ្វើអោយបុរសងងុយដេក។

ប្រូឡាក់ទីន
ការសប្បាយខាងផ្លូវភេទធ្វើអោយបញ្ចេញអ័រម៉ូន ដែលជំរុញឲ្យងងុយដេក។ បើសិនជាអ្នកចង់ជំនះអ័រម៉ូនមួយនេះ អ្នកគួរតែជ្រើសរើសប្រើសារធាតុដូប៉ាមីនវិញ (Dopamine)។ ដូប៉ាមីនគឺជាសារធាតុបង្កើនអារម្មណ៍ព្រមទាំងជួយបន្ថយប្រសិទ្ធភាពរបស់ប្រូឡាក់ទីន ក្នុងរៀងកាយទៀតផង។

អុកស៊ីតូស៊ីន
អ័រម៉ូនស្នេហាមួយនេះក៏ត្រូវបានបញ្ចេញដែរ ព្រមទាំងជួយឲ្យរាងកាយសម្រាក។ វាធ្វើឲ្យបុរសមានអារម្មណ៍ងងុយដេកក្រោយពីទទួលបានពិសោធន៍សប្បាយខាងផ្លូវភេទរួច។

វ៉ាសូប្រេសស៊ីន (Vasopressin)
អ័រម៉ូនមួយនេះធ្វើអោយសរសៃឈាមតឹង និងដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាចរន្តក្នុងរាងកាយឲ្យមានស្ថេរភាព។ អ័រម៉ូនមួយនេះត្រូវបានបញ្ចេញដោយផ្ទាល់ក្នុងខួរក្បាល និងមាននិន្នាការធ្វើឲ្យរាងកាយសម្រាក។

សារធាតុបញ្ចូនសញ្ញាសរសៃប្រសាទ៖ Serotonin, Norepinephrine និង Nitric Oxide
អ័រម៉ូនទាំងនេះគឺជាសារធាតុបញ្ជូនសញ្ញាសរសៃប្រសាទដ៏សំខាន់សម្រាប់ធ្វើឲ្យរាងកាយសម្រាក។ សារធាតុ Nitric Oxide ត្រូវបានបញ្ចេញទៅក្នុងលិង្គ។
លំហាត់ប្រាណលើរាងកាយជាទូទៅទៅបុរសប្រើប្រាស់ថាមពលរបស់រាងកាយ ក្នុងពេលរួមភេទខ្លាំងជាងស្ត្រីទៅទៀត។ ដូច្នេះមនុស្សប្រុសខ្លួនឯងត្រូវតែអស់កម្លាំងច្រើនជាងមិនខាន៕

ជនបរទេសម្នាក់ស្លាប់នៅក្នុងផ្ទះសំណាក់ “ណាវិន” នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ ទេសចរបទេសម្នាក់ បានស្លាប់នៅក្នុងបន្ទប់ទឹក ជាន់ទី២ នៃផ្ទះសំណាក់យីហោ “ណាវិន” ដែលសមត្ថកិច្ចសន្និដ្ឋានថា ដោយសារជំងឺបេះដូង។ ហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និងរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ OARRIE LEONARO អាយុ ៧៩ឆ្នាំ ជាជនជាតិអង់គ្លេស ស្នាក់នៅក្នុងផ្ទះសំណាក់ “ណាវិន” ជាមួយប្រពន្ធ លុះមកដល់រសៀលថ្ងៃកើតហេតុខាងលើ ប្រពន្ធបានប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ ទើបរាយការណ៍ជូនទៅម្ចាស់ផ្ទះសំណាក់ ព្រមទាំំងសមត្ថកិច្ចចុះពនិត្យនៅនឹងកន្លែង។

ក្រោយពេលសមត្ថកិច្ចបានធ្វើការពិនិត្យកោសល្យវិច្ឆ័យអស់ជាច្រើនម៉ោង សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះបានដួលស្លាប់នៅក្នុងបន្ទប់ទឹកដោយសារជំងឺគាស់បេះដូង មិនមែនជាករណីអ្វីផ្សេងនោះទេ។ ក្រោយពេលធ្វើកំណត់ហេតុរួច សពត្រូវបានដឹកទៅដំកើល់រក្សាទុកនៅមន្ទីរពេទ្យរុស្ស៉ី ដើម្បីរៀបចំចាត់ការបន្តទៀត៕

ប៉េអឹមខេត្តបាត់ដំបង ចាប់បានគ្រឿងញៀនជិត ១៦គ.ក្រ. និងមនុស្ស៣នាក់

បាត់ដំបង ៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ១១ព្រឹក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១ បានចុះបង្ក្រាបគ្រឿងញៀនមួយករណី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី២នាក់) ត្រង់ចំណុចក្រុមទី៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងដកហូតវត្ថុតាង ថ្នាំញៀនសរុបទម្ងន់ ១៥,៨គីឡូក្រាម ក្នុងនោះ ៖

ប្រភេទថ្នាំញៀនម្សៅក្រាមពណ៌សថ្លារឹង (ទឹកកក) មានទម្ងន់ ៩,៧០ គីឡូក្រាម និងថ្នាំគ្រាប់ ប្រភេទ (WY) ទម្ងន់ ៦,១០ គីឡូក្រាម។
គួររំលឹកថា ជារឿយៗ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស តែងបានដាក់បញ្ជាឲ្យអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងជាប្រចាំ ដើម្បីបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហាភូមិ/ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានមន្ត្រីជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការបន្តតាមនីតិវិធី៕ ដោយ ៖ សុផល

អត្ថប្រយោជន៍របស់មើមខ្ញី និងប្រការត្រូវប្រុងប្រយ័ត្ន

សុខភាព ៖ ក្រៅពីយកមកធ្វើជាបន្លែ ខ្ញីត្រូវបានណែនាំប្រើដូចជាឱសថធម្មជាតិមួយដែលអាចជួយ ព្យាបាលយ៉ាងមានប្រសិទ្ធភាពចំពោះជំងឺជាច្រើនប្រភេទ ប៉ុន្តែវាក៏អាចធ្វើឱ្យអាការៈធ្ងន់ធ្ងរថែមលើបញ្ហាមានស្រាប់មួយចំនួនក្នុងសរីរាង្គ ។ ដូច្នេះ អ្នកត្រូវចៀសវាង ការប្រើប្រាស់ខ្ញីដាច់ខាតក្នុងករណីមួយ ចំនួនខាងក្រោមនេះ៖

១. អ្នកមានជំងឺឈាម
ប្ញសខ្ញីជាសារជាតិប្រឆាំង កំណកឈាមមួយ, ធ្វើឱ្យឈាមរាវ, ជួយជំរុញចរាចរឈាម ។ ដូច្នេះប្រសិន អ្នកកំពុងព្យាបាលជំងឺមួយចំនួនអំពី ឈាមដូចជា ជំងឺឈាមពិបាកកក ខ្ញីនឹងក្លាយជាឱសថធ្វើឱ្យ ស្ថានភាពប្រែជា ធ្ងន់ធ្ងរជាង ហើយស្នាមកាត់តូចមួយ ក៏អាចក្លាយជារបួសធ្ងន់ធ្ងរបំផុត ។

ដោយសារឥទ្ធិពលកំណត់ របស់ខ្ញីចំពោះជំងឺសរសៃឈាមបេះដូង, រលាកសន្លាក់សណ្ឋានទាប ឬកូឡេស្តេរ៉ូល ខ្ពស់, ល្អបំផុតអ្នកមិនត្រូវប្រើប្រាស់ខ្ញី ប្រសិនមិនបានសួរយោបល់វេជ្ជបណ្ឌិត ។

២. អ្នកកំពុងលេបថ្នាំតាម វេជ្ជបញ្ជា
មិនចំពោះថាឱសថប្រភេទ ណាក៏ដោយ ក៏ត្រូវបានបង្កើតឡើងដើម្បី ដោះស្រាយស្ថានភាពជាក់ស្តែងតាម បែបផែនកំណត់មួយក្នុងសរីរាង្គ, អម ជាមួយនោះ គឺបង្កប់ដោយប្រតិកម្ម បន្ទាប់បន្សំអាចកើតឡើង ។ ដោយសារ ខ្ញីមានលក្ខណៈដូចជាឱសថពិតមួយ វាអាចបង្កភាពមិនប្រក្រតីពេលគួបផ្សំ ជាមួយថ្នាំផ្សេងៗ ។

ខ្ញីជាសារជាតិធ្វើឱ្យឈាមរាវ ធម្មជាតិមួយ, ជួយបន្ថយសម្ពាធឈាម និងសម្រួលបរិមាណស្ករ ក្នុងឈាម, ដូច្នេះប្រសិនត្រូវបានប្រើប្រាស់ជាមួយ ថ្នាំមានមុខងារដូចគ្នា នឹងធ្វើឱ្យលើសកម្រិត និងពិបាកគ្រប់គ្រងផលវិបាក ។

៣. ស្ត្រីមានគភ៌
តែប្ញសខ្ញីត្រូវបានបញ្ជាក់ថា ជួយបន្ថយអាការៈចង់ក្អួត និងចាញ់កូន ក្នុង៣ខែដំបូង ។ ប៉ុន្តែបន្ទាប់ពីនោះ ស្ត្រីមានគភ៌គួរកំហិតការប្រើប្រាស់ខ្ញី ព្រោះវាអាចបណ្តាលឱ្យកន្ត្រាក់មាត់ ស្បូន, ធ្ងន់ធ្ងរជាងនេះ គឺសម្រាលកូនមិន គ្រប់ខែ ឬ រលូតកូន ។

៤. អ្នកខ្វះទម្ងន់
ខ្ញីរំញោចរំលាយអាហារ, នោះជាហេតុផលដែលវាមានប្រសិទ្ធ ភាពក្នុងការព្យាបាលជំងឺពាក់ព័ន្ធដល់ ក្រពះ និងផ្លូវពោះវៀន ។ ប្រសិនអ្នក កំពុងខ្វះទម្ងន់, អ្នកចាំបាច់ត្រូវពន្យឺត ដំណើរការរំលាយអាហារ និងស្រូប យកកាន់តែច្រើននូវសារជាតិជីវជាតិពី អាហារកាន់តែល្អ ។ បរិមាណជាតិ សរសៃខ្ពស់ក្នុងប្ញសខ្ញី ធ្វើឱ្យអាហារ បន្លាស់ទីលឿនជាងក្នុងប្រព័ន្ធរំលាយ អាហារ, ទន្ទឹមនោះ សារជាតិផ្សេងៗ មានក្នុងខ្ញី ក៏អាចជំរុញការបំប្លែង សារជាតិ និងជំនួយបញ្ចុះទម្ងន់ ៕

យល់ដឹងពីពោះវៀនធ្លាក់ចូលក្នុងថង់ពងស្វាស

សុខភាព ៖ ជំងឺពោះវៀនលូនចូលពងស្វាសកើតឡើងនៅពេលដែល ជាលិការបស់ពោះវៀនតូចអាចជ្រាតចូលទៅក្នុងថង់ពងស្វាស ព្រោះជញ្ជាំងពោះមានភាពខ្សោយ។ ហេតុដូច្នេះហើយទើបធ្វើឲ្យមានថ្នក់ក្នុងពងស្វាសឈឺចាប់ខ្លាំង ជាពិសេសនៅពេលក្អក អោន ឬលើករបស់ធ្ងន់ៗ។

ជំងឺនេះមិនគ្រោះថ្នាក់នោះទេ ប៉ុន្តែវាក៏មិនបាត់វិញដោយខ្លួនឯងដែរ ព្រមទាំងអាចមានផលវិបាកចំពោះអាយុជីវិតថែមទៀត។ នៅពេលគ្រូពេទ្យរកឃើញរឿងនេះ គាត់តែងតែណែនាំឲ្យធ្វើការវះកាត់ក្នុងករណីដែលវាមានការឈឺចាប់ខ្លាំង ឬរីកធំ។

យ៉ាងណាមិញ ជំងឺពោះវៀនលូនចូលក្នុងថង់ពងស្វាសមួយចំនួនគឺមិនមានមូលហេតុនោះទេ ប៉ុន្តែក៏អាចបណ្តាលមកពីរឿងមួយចំនួនដែរដូចជា៖
– សម្ពាធក្នុងពោះកាន់តែខ្លាំងទៅៗ
– ជញ្ជាំងពោះខាងមុខខ្សោយ
– ទាំងពីរចំណុចខាងលើរួមចូលគ្នា
– ប្រឹងបន្ទោបង់ ឬនោមពេក
– ធ្វើសកម្មភាពអ្វីមួយខ្លាំងក្លាពេក
– ក្អក ឬកណ្តាសរ៉ាំរ៉ៃ៕

ថៃមិនអនុញ្ញាតឲ្យខ្មែរ-ឥស្លាម ចូលប្រទេសដោយសារមានអសន្តិសុខក្នុងខេត្តភាគខាងត្បូង

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាវេលាម៉ោង១៥ រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានទទួលបុរសជនជាតិខ្មែរ-ឥស្លាម៣នាក់ ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារខ្លងលឹក ខេត្តស្រះកែវ របស់ថៃ មិនប្រថាប់ត្រាអនុញ្ញាតឲ្យចូលប្រទេស។

កម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការសួរនាំនូវជនជាតិខ្មែរ-ឥស្លាមទាំង៣នាក់ បានឲ្យដឹងថា សមត្ថកិច្ចអន្តោប្រវេសន៍ថៃ មិនអនុញ្ញាតឲ្យចូលប្រទេស ដោយសារមានភេវរកម្ម និងអសន្តិសុខនៅក្នុងខេត្តភាគខាងត្បូងប្រទេសថៃ។ បន្ទាប់ពីបានសួរនាំរួច កម្លាំងនគរបាលប៉ុស្តិ៍បានណែនាំ និងពន្យល់ដល់ពួកគាត់ថា សមត្ថកិច្ចខាងកម្ពុជា មិនហាមឃាត់ក្នុងការធ្វើដំណើរចេញពីប្រទេសទេ តែការហាមមិនឲ្យចូលប្រទេសថៃ ជាសិទ្ធិរបស់សមត្ថកិច្ចថៃ៕

ពុលស្រានៅឥណ្ឌា ស្លាប់៩៩នាក់ និងរាប់សិបនាក់ត្រូវបានសង្រ្គោះនៅមន្ទីរពេទ្យ

ឥណ្ឌា ៖ យ៉ាងហោចណាស់មនុស្ស៩៩ នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យនៅភាគខាងជើងប្រទេសឥណ្ឌា បន្ទាប់ពីផឹកស្រាមានជាតិពុល ដោយអ្នកផលិតស្រាលួចលាក់ ។

ព័ត៌មាននៃការស្លាប់នៅរដ្ឋ Uttar Pradesh និងរដ្ឋ Uttarakhand បានកើនឡើងក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ដោយប៉ូលីសបានសង្ស័យថា ការបិតស្រាដោយលួចលាក់នេះ ត្រូវបានលាយជាមួយនឹងសារធាតុមេតាណុលហួសកម្រិត ។ស្រាដែលមានតំលៃថោកនៅតាមតំបន់ជនបទជារឿងធម្មតាមាននៅក្នុងផ្នែកខ្លះនៃតំបន់ដាច់ស្រយាលនៃប្រទេសឥណ្ឌា ហើយអ្នកបិតស្រាដោយលួចលាក់តែងតែបន្ថែមសារធាតុមេតាណុលដែលមានជាតិពុលខ្ពស់ដោយជួនកាលត្រូវបានគេប្រើដើម្បីប្រឆាំងនឹងការបង្កកដល់ផលិតផលរបស់ពួកគេដើម្បីបង្កើនកម្លាំងរបស់វា ។

អ្នកនាំពាក្យប៉ូលីសលោក Shailendra Kumar Sharma បានប្រាប់ AFP ថា នៅក្នុងសង្កាត់មួយនៃរដ្ឋ Uttar Pradesh មនុស្ស ៥៩ នាក់បានស្លាប់បន្ទាប់ពីផឹកស្រាមានជាតិពុល ។នៅក្នុងសង្កាត់ជិតខាងមន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់បាននិយាយថា មនុស្ស ៩ នាក់បានស្លាប់ដោយបន្ថែមថា អ្នកបិតស្រាលួចលាក់ចំនួន ៦៦ នាក់ត្រូវបានចាប់ខ្លួន ហើយគំរូស្រាត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើតេស្ត ។

ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៣១ នាក់បានស្លាប់នៅក្នុងរដ្ឋ Uttarakhand ដែលនៅជិតខាង ហើយមនុស្ស ២ នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានផ្គត់ផ្គង់ស្រា ។របាយការណ៍របស់កាសែតបាននិយាយថា មនុស្សប្រហែល ៣,០០០ នាក់ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរខុសច្បាប់ត្រូវបានចាប់ខ្លួននៅទូទាំងរដ្ឋ Uttar Pradesh ក្រោយពីហេតុការណ៍នេះ ៕

សហភាពអឺរ៉ុប ប្រកាសចាប់ផ្តើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា

ភ្នំពេញ ៖ សហភាពអឺរ៉ុបបានចេញសេចក្តីប្រកាសស្តីពីការចាប់ផ្ដើមនីតិវិធីផ្អាកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» (EBA) ពីកម្ពុជាហើយ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប ចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញ ដោយសម្រេចដក EBA អាចនឹងត្រូវធ្វើឡើងប្រសិនបើប្រទេសដែលទទួលផល បរាជ័យក្នុងការគោរពសិទ្ធិជាមូលដ្ឋាន និងសិទ្ធិការងារ។

បើតាមការប្រកាសនេះ បានឲ្យដឹងថា មិនទាន់ដល់ដំណាក់កាលដែលមានការផ្អាកប្រព័ន្ធអនុគ្រោះពន្ធនេះទាំងស្រុងទេ ប៉ុន្តែជាដំណើរការមួយដែលអាចឈានដល់ការផ្អាកប្រសិនបើគ្មានភាពប្រសើរឡើង លើផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេនោះ។ ដំណាក់កាលនេះស្ថិតក្នុងអ្វីដែលសហភាពអឺរ៉ុបហៅថា «ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងទាមទារឲ្យមានការចូលរួម»។

លោកស្រី Federica Malmstrom ប្រធានគណៈកម្មការអឺរ៉ុប ផ្នែកពាណិជ្ជកម្ម បានថ្លែងថា ក្នុងដំណាក់កាលត្រួតពិនិត្យ និងវាយតម្លៃនេះ សហភាពអឺរ៉ុប ត្រៀមខ្លួនចូលរួមជាមួយភាគីកម្ពុជា ដើម្បីរកដំណោះស្រាយទៅមុខទៀត។ លោកស្រីបានពន្យល់ថា សហភាពអឺរ៉ុប ផ្ដល់ភាពអនុគ្រោះពន្ធ ដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសដែលទទួលបាន EBA នេះ មានសេដ្ឋកិច្ចរីកចម្រើន។ ប៉ុន្តែក្នុងការផ្ដល់នេះ ទាមទារឲ្យប្រទេសដែលទទួលបានប្រព័ន្ធនេះ គោរពគោលការណ៍ចម្បងមួយចំនួន។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃនេះទៅមានរយៈពេល ៦ ខែ សម្រាប់ការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងដើម្បីពិភាក្សាជាមួយភាគីកម្ពុជា។ បន្ទាប់មក មានរយៈពេល ៣ ខែទៀត ដែលសហភាពអឺរ៉ុបត្រូវចំណាយលើការរៀបចំរបាយការណ៍។ គណៈកម្មការអឺរ៉ុប នឹងសម្រេចក្នុងរយៈពេល ១២ ខែគិតចាប់ពីថ្ងៃម្សិលមិញតទៅថា តើត្រូវផ្អាក EBA ឬអត់ រួមទាំងការសម្រេចថា ការផ្អាកនោះស្ថិតក្នុងទំហំប៉ុនណាឬរយៈពេលយូរប៉ុនណា។

ទោះយ៉ាងណា ការផ្អាកជាផ្លូវការ ឬការចាប់ផ្ដើមយកពន្ធពីកម្ពុជា អាចចាប់ផ្ដើមនៅ ៦ខែក្រោយការសម្រេច ឬ ១៨ ខែ គិតចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ម្សិលមិញនេះ៕

អង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើអតីតមេ PM ខេត្តរតនគីរី

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី ១១ កុម្ភៈនេះ បានសម្រេចបើកការស៊ើបអង្កេតពីបទពុករលួយ លើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីគឺ លោក គឹម រស្មី។ ការស៊ើបអង្កេតនេះ បានធ្វើឡើងបន្ទាប់ពីមានការបង្ហោះវីដេអូឃ្លីបមួយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីលោក គឹម រស្មី បានចែកប្រាក់ដល់កូនៗរបស់លោកចំនួន៥នាក់ ក្នុងម្នាក់ចំនួន១០ម៉ឺនដុល្លារ។

គួរជម្រាបថា ការស៊ើបអង្កេតនេះដែរ បានធ្វើឡើងក្រោយពីលោក គឹម រស្មី ត្រូវបានព្រះមហាក្សត្រ លុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៩ ខែកុម្ភៈ។

នៅថ្ងៃទី ១១ កុម្ភៈ នេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់បណ្តាញព័ត៌មាន ថា អង្គភាពរបស់លោកបានសម្រេចបើកការស៊ើបអង្កេតករណីនេះ។លោកថា ការស៊ើបអង្កេតនេះ មិនមានការបង្គាប់បញ្ជា ឬបន្ទាប់ពីមានពាក្យបណ្តឹងពីអង្គការសង្គមស៊ីវិលណាមួយនោះទេ គឺអង្គភាពរបស់លោក បានចាប់ផ្តើមប្រមូលឯកសាររួចហើយនៅក្នុងរឿងនេះ។

លោក គឹម រស្មី អតីតឧត្តមសេនីយ៍ត្រី និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យលុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៩ ខែកុម្ភៈ បន្ទាប់ពីមានសំណើរពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រះរាជក្រឹត្យដែលចុះថ្ងៃទី៩ ខែកុម្ភៈ នេះ គឺនៅ៤ថ្ងៃក្រោយពីការបែកធ្លាយវីដេអូឃ្លីបស្តីពីកម្មវិធីឃួបកំណើតមួយ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយលោក គឹម រស្មី បានប្រកាសពីលើវេទិកាដោយបែងចែកប្រាក់ដល់កូនៗចំនួន៥នាក់ របស់លោក ដោយម្នាក់ៗទទួលបានសែកចំនួន ១០ម៉ឺនដុល្លារ។

មហាជនបានរិះគន់ថា តើឧត្តមសេនីយ៍ត្រី ដែលសម្ញែងលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយឬទេ? ចំណែកអ្នកប្រើប្រាស់តាមបណ្តាញសង្គម Facebook មួយចំនួនទៀត ក៏បានដាក់ការចោទប្រកាន់ថា លោក គឹម រស្មី គឺជាអ្នកនៅពីក្រោយនៃការរកស៊ីឈើខុសច្បាប់នៅខេត្តរតនគិរី ។

សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានថ្លែងថា ការលុបឈ្មោះលោក គឹម រស្មី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទនេះ គឺជាការវះកាត់ប្រកបដោយការឈឺចាប់។ ប៉ុន្តែនេះ គឺជាអភិក្រមទី៥ ដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសដាក់ឲ្យមន្ត្រីរបស់លោកអនុវត្តន៍ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងចុងក្រោយ គឺការវះកាត់នេះឯង។

គួរបញ្ជាក់ថា នេះគឺជាករណីទីមួយហើយ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានធ្វើចំណាត់ការភ្លាមៗ លើករណីសង្ស័យពីការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល។ ប៉ុន្តែ យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបដិសេធពីការសន្និដ្ឋានពីទោសកំហុសលឿនពេកថា លោក គឹម រស្មី នឹងត្រូវបានចោទប្រកាន់ពីបទពុករលួយ ឬអត់នោះទេ? ឬថា តើគាត់ត្រូវបានចោទប្រកាន់ពីបទអ្វីនោះដែរ?៕