All posts by មេគង្គ ប៉ុស្តិ៍

លោកស្រី ប៉ាង ដានី ថ្លែងថា បរិស្ថានស្អាត ថែរក្សាបរិស្ថានជាភារកិច្ចរបស់យើងទាំងអស់គ្នា

កំពង់ចាម ៖ នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋប្រមាណជិត ១ពាន់នាក់ ក្នុងទិវាទីក្រុងស្អាត និងក្នុងគោលបំណងពង្រឹងផ្សព្វផ្សាយទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីថែរក្សាបរិស្ថានជុំវិញខ្លួន នឹងបានចូលរួមចំណែកលើកកម្ពស់អនាម័យសុខភាពដែលរងផលប៉ះពាល់ពីសម្រាមផងដែរ។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវចូលរួមវេចខ្ចប់ ទុកដាក់ និងថែរក្សាសំរាម គឺចេញពីខ្លួនយើងទាំងអស់គ្នា ហើយជាពិសេសស្ត្រីមេផ្ទះ ធ្វើយ៉ាងណាវេចខ្ចប់សំរាបតាមប្រភេទ ដើម្បីអនាម័យខ្លួន យើងគ្រួសារយើង នឹងសង្គមទាំងមូលផងដែរ។ ហើលោកស្រីអភិបាលរងខេត្តកំពង់ចាម រូបនេះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណ: ត្រូវថែរក្សា នឹងជួយសម្អាតបរិស្ថានឲ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងការពារពាន់រង្វាន់ទីក្រុងស្អាត លើកស្ទួយមុខមាត់ខេត្តកំពង់ចាម ទាំងមូល៕ ដោយ ៖ សុផល

អាជ្ញាធរខេត្តកំពង់ចាមបើកកិច្ចប្រជុំបូកកាងារប្រចាំខែ

កំពង់ចាម ៖ នារសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ ចាម អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណា ក់លោក អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក-លោកស្រីអភិ បាល អភិបាលរងក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោក បានលើកឡើងថាការប្រជុំនេះ ធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ២០១៩ ដោយក្នុងកិច្ចប្រជុំមានរបៀបវារៈជាច្រើនដែលយើងត្រូវធ្វើការផ្សព្វផ្សាយ និងដោះស្រាយក្នុងកិច្ចការចាំបាច់ នានា ក្នុងដំណាក់កាលនេះ របៀបវារៈទាំងនោះ រួមមាន៖
១.ការបង្ហាញពីការ អនុវត្តន៍ កម្មវិធីវិនិយោគបីឆ្នាំរំកិល។
២.របាយការណ៍ របស់សាខាពន្ធដារស្ដីពីការប្រមូលពន្ធប្រចាំឆ្នាំ ២០១៨ ។
៣.របាយការណ៍ស្ដីពីការផ្ទេរសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋប្រចាំឆ្នាំ ២០១៨ ។
៤.ការចូលរួមមតិយោបល់របស់លោក-លោកស្រីអភិបាល-អភិបាលរងស្រុក-ក្រុងពាក់ព័ន្ធនិងការផ្ទេរកម្មសិទ្ធិដីធ្លីទៅតាមបណ្ដាស្រុក-ក្រុងរបស់ខ្លួនក្នុងឆ្នាំ ២០១៨។

លោក បានបន្ថែមទៀតថា យើងមានទួនាទីយ៉ាងសំខាន់សម្រាប់ដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយក្នុងការផ្តល់សេវាសា ធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដែលនេះគឺជារឿងចាំបាច់បំផុតរបស់យើងក្នុងនាមជាអ្នកផ្តល់សេវាកម្មជូនពួកគាត់។

លោក បានផ្តាំផ្ញើដល់អង្គពិធីទាំងមូលត្រូវខិតខំប្រមូលព័ត៌មានតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកឡើងជាមតិ យោបល់ល្អៗ ដើម្បីជាគន្លឹះសម្រាប់យកទៅអនុវត្តទៅតាមមូលដ្ឋានរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់បំផុត។

លោក ឈុំ សុជាតិ បដិសេធថា មិនបាននិយាយអំពីគម្រោងបាញ់បង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានបញ្ជាក់នាព្រឹកថ្ងៃទី១១ ខែកុម្ភៈថា ក្នុងឆ្នាំ២០១៩នេះ លោកមិនបាននិយាយអំពីគម្រោងបាញ់បង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជាជាមួយសារព័ត៌មាន ឬនៅក្នុងវេទិកាណាមួយឡើយ។

លោកបានថា «ខ្ញុំមានការងឿងឆ្ងល់បន្តិចដែរ ដែលឃើញសារព័ត៌មានមួយចំនួន បានចុះផ្សាយបន្តគ្នាថា ខ្ញុំបានធ្វើអត្ថាធិប្បាយទាក់ទងនឹងគម្រោងបង្ហោះប្រព័ន្ធផ្កាយរណបរបស់កម្ពុជា នាថ្មីៗនេះ។ ទោះបីជារឿងនេះ ជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែខ្ញុំសូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ»។

លោកបន្ដថា ទោះបីជារឿងនេះជារឿងវិជ្ជមានក៏ពិតមែន ប៉ុន្តែនាយឧត្ដមសេនីយ៍ សូមស្នើឱ្យសារព័ត៌មានមួយចំនួននោះ ធ្វើការកែតម្រូវឡើងវិញ ដែលរូបនាយឧត្ដមសេនីយ៍ផ្ទាល់ ក្នុងឆ្នាំ២០១៩នេះ មិនដែលបាននិយាយ អំពីរឿងនេះជាមួយសារព័ត៌មាន ឬនៅក្នុង វេទិកាណាមួយទាល់តែសោះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា យល់ថា អ្នកសារព័ត៌មានដែលសរសេរ រឿងនេះអាចទំនងមានការភាន់ច្រឡំចំពោះ ប្រភពដែលផ្តល់ព័ត៌មានខាងលើនេះ។

សូមជម្រាបថា ការប្រកាសបដិសេធនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន ក្នុងស្រុកមួយចុះផ្សាយថា នៅប៉ុន្មានឆ្នាំខាងមុខនេះ ប្រទេសកម្ពុជា មានគម្រោងបាញ់បង្ហោះប្រព័ន្ធផ្កាយរណប ដើម្បីសម្រួលដល់ការគ្រប់គ្រង ខាងផ្នែកសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងការគ្រប់គ្រងនូវ សន្តិសុខតាម បណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង៕

គណៈកម្មការបោះឆ្នោតជាតិថៃ នឹងចាត់ការលើបក្សនយោបាយដែលតែងតាំងព្រះអង្គម្ចាស់ Ubolratana ជាបេក្ខភាពនាយករដ្ឋមន្ត្រី

បាងកក ៖ គណៈកម្មាធិការបោះឆ្នោតជាតីថៃ នៅថ្ងៃច័ន្ទ ទី១១ កុម្ភៈ នេះ នឹងចាប់ផ្តើមពិនិត្យ ពិចារណាចំពោះការតែងតាំងព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពីមានការជំទាស់ពីសំណាក់ព្រះមហាក្សត្រថៃ និងហៅការតែងតាំនេះថា មិនសមរម្យ និងមិនស្របតាមរដ្ឋធម្មនុញ្ញ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

សារព័ត៌មានខាងលើនេះបានបន្តទៀតថា ការចាត់វិធានការនោះ គឺអាចជាការរារាំងបក្សថៃរក្សាជាតិ មិនឲ្យចូលរួមឆាកនយោបាយ តបតាមការអំពាវនាវពីគណបក្សនយោបាយមួយ ដែលមានទំនោរគាំទ្ររបបយោធា ខណៈការបោះឆ្នោតសកលឡើងវិញនៅប្រទេសថៃ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ពីតំណែងនាយករដ្ឋមន្ត្រីថៃ កាលពីខែឧសភា ឆ្នាំ២០១៤។

ប្រទេសថៃបានក្លាយជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៣២ ប៉ុន្តែរាជវង្សានុវង្សពុំដែល ចេញមុខលេងនយោបាយនោះឡើយ។ ដូច្នេះការតែងតាំងព្រះនាងម្ចាស់ Ubolratana ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សថៃរក្សាជាតិ ដែលត្រូវបានគេមើលឃើញថា អាចមានប្រជាប្រិយភាពខ្លាំងក្នុងការបោះឆ្នោតនោះ បានធ្វើឲ្យមហាជនក្នុងប្រទេសថៃចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត ហើយសារព័ត៌មានធំៗទូទាំងសកលលោក ក៏បានចុះផ្សាយជាបន្តបន្ទាប់ អំពីរបត់នយោបាយថ្មីមិនធ្លាប់ បានបំបែកប្រពៃណីដ៏យូរអង្វែងរបស់សមាជិកនៃគ្រួសាររាជវង្សដែលស្ថិតនៅពីលើនយោបាយនៅក្នុងប្រទេសអាស៊ានមួយនេះផងដែរ។

សូមជម្រាបថា យោងតាមឯកសារគណៈកម្មការរៀបចំការបោះឆ្នោតថៃបានផ្សាយថា ម្ចាស់ក្សត្រី Ubolratana Rajakanya Sirivadhana Varnavadi វ័យ៦៧ បងស្រីរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ត្រូវបានចុះឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គណបក្ស Thai Raksa Chart ដែលគាំទ្រលោកនាយករដ្ឋមន្ត្រី Thaksin Shinawatra៕

បិទខារ៉ាអូខេ “ឡាហ្វីរ៉ា” ក្រុងប៉ោយប៉ែត បន្ទាប់ពីចិនពីរក្រុមបាញ់ឲ្យរបួសមនុស្សម្នាក់

បន្ទាយមានជ័យ ៖ តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចបិទទ្វារទាំងស្រុងខារ៉ាអូខេយីហោ “ឡាហ្វីរ៉ា” ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីរកឃើញថា មានការបាញ់បោះ និងកាប់ចាក់រវាងមនុស្សពីរក្រុម(ចិនដូចគ្នា) បណ្តាលអោយមានអ្នករងរបួស។ ហេតុការណ៍នេះ បង្កឡើងនៅម៉ោង៤ទៀបភ្លឺ ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមនុស្សពីរក្រុម ក្រុមទី១ជាភ្ញៀវក្នុងខារ៉ាអូខេ និងក្រុមទី២ បង្កមកពីខាងក្រៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីផ្ទុះអាវុធដែលកើតឡើងរវាងស្ទាវ ២ក្រុម បង្កឡើងដោយជនជាតិចិនដូចគ្នា ដែលធ្វើអោយមានជនជាតិចិនម្នាក់រងរបួសធ្ងន់ ដោយសារការបាញ់ និងវាយប្រហារពីក្រុមម្ខាងទៀតរបួសត្រង់ភ្លៅខាងស្តាំ ក៏ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន។

យោងតាមសម្តីអ្នកឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុ គេឃើញមនុស្សមួយក្រុម មានគ្នាយ៉ាងតិច៨នាក់ ប្រដាប់ដោយអាវុធ ដំបង កាំបិតគ្រប់ដៃ ខ្លះបិទមុខ ដឹកដោយរថយន្តទូរីសមួយគ្រឿង បានសម្រុកចូលទៅក្នុងខារ៉ាអូខេខាងលើ ហើយបានធ្វើសកម្មភាពវាយទាត់ធាក់ កាប់និងបាញ់ទៅលើមនុស្សមួយក្រុម ដែលកំពុងស្ថិតក្នុងខារ៉ាអូខេនោះ បណ្តាលបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយបង្កហេតុ កម្លាំងអាវុធហត្ថបានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ភ្លាមៗ ១.ឈ្មោះ Wen Lin ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ២.ឈ្មោះ លីវ ហាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ៣.ឈ្មោះ សុខ ស៊ុសាក់ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចអាវុធហត្ថក្រុងប៉ោយប៉ែត។

ទោះជាយ៉ាងណាក៏ដោយ ក្នុងការឆែកឆេរនោះ មិនទាន់រកឃើញមូលហេតុអ្វីនោះទេ ព្រោះខាងម្ចាស់ខារ៉ាអូខេ ដែលគេស្គាល់ថា ជាមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាអោយកូនចៅកាត់ផ្តាច់ប្រព័ន្ធកាមរ៉ាសុវត្ថិភាព ហើយមិនព្រមប្រគល់អង្គចងចាំ (Memory) អោយសមត្ថកិច្ចអាវុធហត្ថនិងព្រះរាជអាជ្ញា ដែលមានភារកិច្ចចុះអង្កេត បំបែកសំណុំរឿងនេះឡើយ៕

ក្រសួងទេសចរណ៍ត្រៀមបើកព្រឹត្តិការណ៍ទិវាជាតិទីក្រុងស្អាតលើកទី៧ នៅថ្ងៃទី២៥ ខែកុម្ភៈ

ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំទិវាប្រចាំមួយនេះនាទីស្តីការក្រសួងកាលពីព្រឹក ថ្ងៃទី១១ កុម្ភៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ចំពោះបញ្ហា ទីក្រុងស្អាតនេះ យើងពិតជាធ្វើឲ្យសម្រេចបានមួយចំនួនធំហើយទាំងបញ្ហាបរិស្ថាន បញ្ហាអនា ម័យ រួមទាំងការរីកចំរើនជាទូទៅរបស់ទីក្រុងរបស់យើង ជាពិសេសរាជធានីភ្នំពេញដែលកំពុង មានការលូតលាស់ខ្លាំង និងដែលកំពុងទទួលបានការសរសើរពីភ្ញៀវជាតិ អន្តរជាតិ។

លោក ថោង ខុន បានគូសបញ្ជាក់ថា កម្ពុជា ជាទឹកដីដ៏សម្បូរបែបនៃតំបន់ ទេសចរណ៍បែបវប្បធម៌ និងបែបធម្មជាតិ អញ្ចឹងហើយទើបរាជរដ្ឋាភិបាលបាន និងកំពុងខិតខំ ប្រឹងប្រែងជាខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្ត ដើម្បីយើងអាចទាញយក ចំណូលពីពួកគេមកចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។ ដូច្នេះដើម្បីអាចទាក់ទាញអ្នកទេសចរ បានយើងត្រូវមានការផ្សព្វផ្សាយពីអ្វីដែលយើងមានឲ្យគេបានដឹង ហើយទៅពេលដែលពួកគេ ធ្វើដំណើរមកដល់ គឺមិនឲ្យខកចិត្ត មានន័យថា យើងត្រូវមានកញ្ចប់ទេសចរណ៍មួយល្អសំរាប់ ភ្ញៀវទេសចរ គឺល្អទាំងតម្លៃ ល្អទាំងសេវាកម្ម រួមទាំងភាពទាក់ទាញនានាដែលប្រកបដោយ ស្មាមញញឹម រួសរាយរាក់ទាក់ និងស្មោះត្រង់របស់ប្រជាជនកម្ពុជា។ លោកថា ការរៀបចំ ទិវាជាតិទីក្រុងស្អាតប្រចាំឆ្នាំ គឺមានសារសំខាន់ណាស់ក្នុងការកលើកកម្ពស់ការយល់ដឹង សំរាប់អាជ្ញាធរផង និងសំរាប់ប្រជាពលរដ្ឋផងឲ្យមានការរួមគ្នាក្នុងការធ្វើឲ្យទីក្រុងរបស់ខ្លួន ស្អាត ដើម្បីក្លាយជាទីចាប់អារម្មណ៍របស់អ្នកទេសចរ។

ដោយឡែកលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតមានប្រសាសន៍ថា ការរៀបចំ ទិវាជាតិទីក្រុងស្អាតប្រចាំឆ្នាំលើកទី៧ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ នឹងមានការប្រគល់រង្វាន់ដល់ជ័យលាភីចំនួន៣ រួមមាន៖ រង្វាន់សម្តេចតេជោនាយក រដ្ឋមន្ត្រីសំរាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី៣, ជ័យលាភីសំរាប់ទីក្រុងដែលបាន រៀបចំពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេលើកទី១ រួមនិងជ័យលាភីបង្គន់អនាម័យសាធារណៈ កម្ពុជាស្អាតលើទី១ ផងដែរ៕

រថយន្តបែនដឹក បុកជាមួយរថភ្លើងនៅស្រុកព្រៃនប់ គ្មានមនុស្សរងរបួសទេ

ព្រះសីហនុ ៖ រថយន្តបែនដឹកមួយគ្រឿង បានបើកបុកក្បាលរថភ្លើងដែលកំពុងធ្វើដំណើរពេញទំហឹង បណ្តាលឱ្យរថភ្លើងធ្លាក់ចេញពីផ្លូវដែក តែសំណាងល្អមិនបង្កឲ្យមានមនុស្សរបួសឡើយ។

ហេតុការណ៍ខាងលើបានកើតឡើង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០នឹង១៥នាទី លើផ្លូវដែក ត្រង់ចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយ រថយន្តបែនដឹកដី១គ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចឆ្ពោះទៅ កើតលុះដល់ចំណុចខាងលើបានបុក រថភ្លើងដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើងចេញពីលើផ្លូវដែក។

ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ រីឯវត្ថុតាង រថយន្ត១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

សំណង់លើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ពីភ្នំពេញ ទៅព្រលានយន្តហោះ ត្រូវរុះរើចេញ

ភ្នំពេញ ៖ ដើម្បីរៀបចំកែលម្អសោភ័ណភាព និងសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវសាធារណៈសងខាងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តម ដល់មុខអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យកាន់តែមានភាពទាក់ទាញនោះ សាលាក្រុងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ដែលបានសាង សង់សំណង់នៅតាមបណ្តាយមហាវិថីខាងលើនេះ ត្រូវរុះរើចេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ចុះថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា មូលហេតុដែលសាលាក្រុងសម្រេចចិត្តអោយប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មរុះរើ នូវសំណង់របស់ខ្លួននេះ ដោយសារតែកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណៈទាំងសងខាង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ចាប់ពីមហាវិថីព្រះនរោត្តមដល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសភាពចាស់ទ្រុឌទ្រោម ដោយសារតែបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួនបានប្រើប្រាស់ធ្វើជាទីតាំងលក់ដូរ ធ្វើចរាចរណ៍លើការ៉ូឡា និងមួយចំនួនទៀតបានរៀបចំក្រាលការ៉ូឡា ជាលក្ខណៈឯកជន និងជួសជុលនៅពេលដែលរងការខូចខាតម្តងៗដោយខ្លួនឯង មិនស្របតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឲ្យចិញ្ចើមផ្លូវមានកម្រិតកម្ពស់មិនស្មើគ្នា បណ្តាលឲ្យបាត់បង់សោភ័ណភាព ព្រមទាំងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរ អង្គភាព ជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវតែសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ ក្នុងការធ្វើចរាចរណ៍លើកំណាត់ផ្លូវខាងលើនេះផងដែរ៕

ក្រុមជំនាញបំផ្ទុះចោលគ្រាប់បែកបង្កៃក្នុងកាស៊ីណូហ្គោលដិនក្រោន ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ គ្រាប់បែកបង្កៃដោយកំណត់ម៉ោងដែលប្រទះឃើញនៅក្នុងកាស៊ីណូ ហ្គោលដិនក្រោន ក្រុងប៉ោយប៉ែត ត្រូវបានក្រុមជំនាញធ្វើការបំផ្ទុះចោលជាស្ថាពរហើយ។កាលពីម៉ោង០៦:១៤នាទី ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅក្នុងអគារកាស៊ីណូ ហ្គោលដិនក្រោន នាភូមិក្បាលស្ពាន១,សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងសន្តិសុខបានជន្លៀសភ្ញៀវចេញទៅទីសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីគេប្រទះឃើញគ្រាប់បែកបង្កៃមួយគ្រាប់។

ករណីនេះបានបង្កភ្ញាក់ផ្អើលហើយមានពាក្យនិយាយពីនេះពីនោះតាមមាត់និងផុសតាមបណ្តាញសង្គម។សមត្ថកិច្ចក៏មិនព្រមប្រាប់ថាគ្រាប់បែកនោះផលិតនៅប្រទេសណាហើយមានតម្រុយមុខសញ្ញាណាខ្លះនៅឡើយ។

សមត្ថកិច្ច បានឲ្យដឹងថា មានករណីបង្កៃគ្រាប់បែកនៅកាស៊ីណូហ្គោលដិនក្រោននេះ នាំឱ្យគេនឹកឃើញស្រមោលរឿងចាស់ កាលពីឆ្នាំ២.០០០បានលង គឺមានករណីបង្កៃគ្រាប់បែក ២លើក ។

គួររំឭកថា លើកទី១នៅសណ្ឋាគារហ្គោលដិនក្រោន លោកវ៉ាងមន្ត្រីនគរបាលការពារព្រំដែនគោក៩១១ និងក៏ជាប្រធានសន្តិសុខកាស៊ីណូហ្គោលដិនក្រោនបានរបួសដាច់ដៃម្ខាងពេលចុះទៅដោះយកគ្រាប់បែកបង្កៃនោះហើយវាបង្កក៏ផ្ទុះឡើង។

លើកទី២នៅខែដដែលនៃឆ្នាំ២.០០០គ្រាប់បែកបង្កៃ១គ្រាប់ទៀត ក្នុងសណ្ឋាគារ ព្រីនសេស នៃក្រុមហ៊ុនកាស៊ីណូហ្គោលដិនក្រោនដែរ បានផ្ទុះ តែមិនបង្កឱ្យរបួសមនុស្សទេ៕

មេប៉េអឹមខេត្តរតនគិរី លោក គឹម រស្មី ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌកងទ័ព

ភ្នំពេញ ៖ មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យ លុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ តបតាមការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងពេលជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនៅលើ Facebook ផ្លូវការរបស់សម្តេច ជាមួយព្រះរាជក្រឹត្យ យ៉ាងដូច្នេះថា ៖ «នេះគឺជាវះកាត់ប្រកបដោយការឈឺចាប់។ នេះជាអភិក្រមទី៥ គឺការវះកាត់»។

ការលុបឈ្មោះនេះ នៅបន្ទាប់ពីមានឃ្លីបវីដែអូមួយ ដែលបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីលោក គឹម រស្មី បានឡើងប្រកាសនៅលើវេទិកាក្នុងពិធីខួបកំណើតមួយ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយចែកប្រាក់ឲ្យកូនៗរបស់លោកចំនួន៥នាក់ ម្នាក់ៗទទួលបានចំនួន ១០ម៉ឺនដុល្លារ។

សូមជំរាបថា កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី បានប្រកាសនៅលើវេទិកានៃកម្មវិធីខួបកំណើតមួយ ដោយ ចែកប្រាក់ដល់កូនៗចំនួន៥នាក់ ម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ សរុប៥០ម៉ឺនដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជន ថា បានលុយមកពីណាចែកកូនៗ រហូតដល់កន្លះលានដុល្លារ និងបានប្រើវោហារអួតអាងមួយចំនួនផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្តេចតេជោ ហ៊ុន សែន តែងតែរំឭកនូវអភិក្រមចំនួន៥ ចំណុច«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីដាស់តឿន ដល់មន្ត្រីក្នុងជួររដ្ឋាភិបាលទាំងអស់ ឱ្យមានការភ្ញាក់រលឹក ហើយខិតខំបម្រើប្រជាពលរដ្ឋ៕

បាត់រថយន្តកាមរីបាឡែនពីខេត្តតាកែវ ប្រទះឃើញផ្លុងចោលនៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្តកាមរីបាឡែនមួយគ្រឿងត្រូវបានគេប្រទះឃើញ ចតទុកចោល សង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចចុះទៅត្រួតពិនិត្យកាលពីវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខដេប៉ូប្រេងឥន្ធនៈ យហោ ផែង ណាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៦៤-៦៥ ក្នុង ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យលួចតាំងពីខេត្តតាកែវ បើកយកមកចតទុកចោលនៅស្រុកពារាំង ។រថយន្តនេះ ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-6435 ត្រូវបានជនមិនស្គាល់មុខយកទៅចតទុកចោល ។

សមត្ថកិច្ចបានត្រួតពិនិត្យរថយន្ត ទើបបានដឹងអត្តសញ្ញាណម្ចាស់ និងលេខទូរស័ព្ទនៅក្នុងរថយន្ត ក្រោយពេលសមត្ថកិច្ច ធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ ដែលបន្សល់ទុកក្នុងរថយន្ត ទើបដឹងថា ម្ចាស់រថយន្តឈ្មោះ ជុំ វុត្ថា រស់នៅខេត្តតាកែវ ហើយត្រូវជនសង្ស័យលួចយកកាលពីវេលាយប់ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ ។

ក្រោយពិនិត្យស្រាវជ្រាវនិងស្គាល់ម្ចាស់ដើមរួច សមត្ថកិច្ចយករថយន្តខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ជាបណ្តោះអាសន្ន រងចាំម្ចាស់ កាន់ឯកសារ មកបំភ្លឺ ៕

រថយន្តធុនធំបើកចុះចំណោតបុករះរថយន្តច្រើនគ្រឿង និងក្រឡាប់ចូលផ្ទះស្លាប់ម្នាក់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កកើតជាអគ្គីភ័យមួយ បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងរបួស៤នាក់។ គ្រោះថ្នាក់ដ៏រន្ធត់​នេះ ផ្តើមដោយរថយន្តដឹកថ្មធុនធំមួយគ្រឿងបើកចុះចំណោតហើយទំនងជាដាច់ហ្វ្រាំង បានជ្រុលបុករះរថយន្តជាច្រើនគ្រឿង ក្រឡាប់រណូលរណែលពេញផ្លូវ និងក្រឡាប់ជ្រុលចូលដល់ផ្ទះលក់ចាបហួយរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្លូវបំបែកស្ថានីយ៍រថភ្លើង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងជាបឋមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើ ពេលដែលរថយន្ងបង្កដឹកថ្មបុកចូលផ្ទះអ្នកលក់ឥវ៉ាន់ចាប់ហ៊ួយនោះ បណ្តាលឲ្យស្ត្រីម្នាក់ដែលកំពុងឈរទិញឥវ៉ាន់នៅផ្ទះខាងលើ ស្លាប់ភ្លាមៗផងដែរ ហើយមានបង្កកើតជាអគ្គីភ័យផងដែរ ត្រូវបានរថយន្តសង្រ្គោះ រថយន្តពន្លត់អគ្គីភ័យ សមត្ថកិច្ចចេញទៅអន្តរាគមន៍ភ្លាមៗ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើ មកពីរថយន្តធុនធំដឹកថ្ម បើកបរក្នុងទិសដៅ ភ្នំពេញ-ក្រុងព្រះសីហនុ លុះដល់ចំណុចកើតហេតុ ដាច់ហ្វ្រាំង ជ្រុលទៅបុករះរថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង ហើយបុកចូលផ្ទះ ក្រឡាប់ ស្លាប់ស្រ្តីម្នាក់ របួស៤នាក់(ស្រី២នាក់) អ្នកបើកបររថយន្តដឹកថ្មក៏រងរបួសធ្ងន់ក្នុងហេតុការណ៍នេះដែរ ៕

លោក ឯម កុសល ​អញ្ជើញសំណេះសំណាលជាមួយបេក្ខជនទើបប្រឡងជាប់ក្របខណ្ឌនគរបាលជាតិ

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ០៩ ខែកុម្ភះ ឆ្នាំ២០១៩ នៅសាលប្រជុំតូចជាន់លើ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នគរបាលខេត្ត បានប្រារព្ឋពិធីជួបជុំ និងសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ចំនួន៣៦ នាក់ (ស្រី ០៧) នាក់ ត្រៀមទៅរៀនវគ្គបណ្តុះ បណ្តាល កម្រិតបឋមវិជ្ជាជីវៈ នគរបាលរយៈពេល០៤ ខែនៅសាលានគរបាលជាតិភូមិភាគ២ និងវគ្គបណ្តុៈបណ្តាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១០ រយៈពេល ០៤ ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្នុងឳកាសនោះ លោក ស្នងការបានមានមតិផ្តាំផ្ញើរដល់បេក្ខជន បេក្ខនារី ត្រូវយកចិត្តទុកដាក់គោរពវិនយ័នគរបាលជាតិលេខ០០៦ អោយបានខ្ជាប់ខ្ជួនដោយប្រកាន់ការប្រតិបត្តិ ដេក ដើរ ឈរ អង្គុយ ត្រូវមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា ពិសេសជាមួយមហាជននិងអង្គភាពផ្សេងៗទៀត ហើយត្រូវមានសិលធម៌ល្អ។

លោកស្នងការបានសង្កត់ធ្ងន់ថា សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ទទួលយកនូវបទពិសោធន៍ល្អពីគ្រូបង្គោល មិត្តរួមអាជីព ហ្វឹកហ្វឺនជំនាញ បច្ចេកទេស និងឯកទេសនីតិសាស្រ្តអោយបានល្អប្រសើរ។ លោកស្នងការបានបន្តថា លោកក៏៏ដូចអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទាំងមូលសង្ឃឹមថាក្មួយៗជាសិក្សាកាមទាំងអស់និងទទួលបាននិទ្ទេសល្អជូនខ្លួនឯងនិងអង្គភាព៕ ដោយ ៖ សុផល

ឃាត់ខ្លួនឧកញ៉ាម្នាក់ ពាក់ព័ន្ធរឿងរំលោភទំនុកចិត្តនៅស្រុកឧដុង្គ

​ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុរសម្នាក់ដែលគេស្គាល់ថា អ្នកគក់ជេដីដ៏ល្បីឈ្មោះមួយរូប និងឮតៗគ្នាថាជាឧកញ៉ាម្នាក់ផងដែរ ក្នុងទឹកដីឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

បុរសដែលត្រូវឃាត់ខ្លួនឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងកាហ្វេមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចបន្តទៀតថា ការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធសំណុំរឿងរំលោភលើទំនុកចិត្ត ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ដែលជនសង្ស័យបានប្រព្រឹត្ត កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិរំលេច និងនៅភូមិតារា ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ សូ សារឹម ជាអ្នករកស៊ីគួកជេដី ត្រូវប្រជាពលរដ្ឋក្នុងមូលដ្ឋានអះអាងថា បានប្រកាសខ្លួនមានងារជា ឧកញ៉ា ប៉ុន្តែមិនដែលបានបង្ហាញឲ្យពលរដ្ឋឃើញ ព្រះរាជក្រឹត្យតែងតាំងងារជាឧកញ៉ារបស់បុគ្គលម្នាក់នេះទេ ។
ក្រៅពីសំណុំរឿង ដែលសមត្ថកិច្ចកំពុងចាប់ខ្លួន ជនសង្ស័យក៏នៅមានរឿងទិញដីប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រះស្រែ ដោយគេចវេសមិនព្រមប្រគល់លុយឲ្យម្ចាស់ដីគ្រប់ចំនួន តែយកដីពលរដ្ឋទៅលក់បន្ត ជាច្រើនលើកច្រើនសារ និងមានអាជ្ញាធរមូលដ្ឋានមួយចំនួន ក៏មានការជាប់ពាក់ព័ន្ធ ក្នុងករណីទាំងអស់នេះដែរ។

ពាក់ព័ន្ធករណីចាប់ខ្លួនជនសង្ស័យ ជាអ្នករកស៊ីគក់ជេដី ដែលប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម សមត្ថកិច្ចបានបង្ហើបថា បច្ចុប្បន្ននគរបាលជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕

កម្ពុជា-ថៃ ប្តេជ្ញាពន្លឿនបើកច្រកអានសេះ ជាច្រកអន្តរជាតិ ឆាប់ៗនេះ(Video)

ព្រះវិហារ ៖ អភិបាលខេត្តព្រះវិហាររបស់កម្ពុជា លោក អ៊ុន ចាន់ដា និងអភិបាលខេត្តអ៊ូប៊ុនរបស់ថៃ លោក សារិទ្ធិ វិធូន បានប្តេជ្ញាថា និងដោះស្រាយបញ្ហារួមគ្នា នៅច្រកអានសេះនេះឲ្យបានល្អ ដើម្បីឈានដល់ការបើកច្រកនេះ ជាច្រកអន្តរជាតិក្នុងពេលឆាប់ៗនេះ។

ការប្ដេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបចរចារ រវាងអភិបាលខេត្តព្រះវិហារ និងអភិបាលខេត្តអ៊ូប៊ុន នៅច្រកអានសេះ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោក អ៊ុន ចាន់ដា បានលើកឡើងថា លោកសង្ឃឹមថា ក្រុមការងារទាំង២ពិតជាបានខិតខំ ដើម្បីដើរទៅរកភាពជោគជ័យ នាំមកនូវការអភិវឌ្ឍរីកចំរើន នៅតាមបណ្តោយព្រំដែន ដែលពិតជាបានផ្តល់នូវផលប្រយោជន៍ ជូនប្រជាពលរដ្ឋ ទទួលបាននូវផលប្រយោជន៍ ដែលអាជ្ញាធរពាក់ព័ន្ធ បានចូលរួមសហការ និងគោរពតាមកិច្ចព្រមព្រៀង តាមការណែនាំ នៃប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ។

លោកអភិបាលខេត្ត បានបន្តថា នៅថ្ងៃខាងមុខ នឹងមានការប្រជុំ រវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ។ អីចឹងពាក់ព័ន្ធ និងការរៀបចំសណ្តាប់ធ្នាប់ ការបង្កើននូវកិច្ចសហការល្អ តាមបណ្តោយព្រំដែន ពិសេសច្រកអានសេះនេះ គឺថ្នាក់ដឹកនាំ នៃក្រសួងមហាផ្ទៃ នៃប្រទេសទាំងពីរ និងលើកយកមកជជែកគ្នាបន្ថែមទៀត។

លោកថា «ដូចនេះ ការជួបគ្នារវាងខេត្ត និងខេត្ត ស្រុក និងស្រុក កងទ័ព និងកងទ័ព បានបង្ហាញឲ្យឃើញ ពីការរឹតចំណងសាមគ្គីភាពកិច្ចសហការល្អ តាមបណ្តោយព្រំដែន ធ្វើឲ្យរក្សាបាននូវព្រំដែនសន្តិភាព សម្រាប់ប្រទេសយើងទាំងពីរ»។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានស្នើសុំនូវចំណុច៤ ដើម្បីដាក់ជូនភាគីខាងខេត្តអ៊ូប៊ុន ដើម្បីពិភាក្សារកវិធានការ ដោះស្រាយរួមគ្នា៖

ចំណុចទី១៖ លោកអភិបាលខេត្ត បានជំរុញឲ្យដំណើរការច្រកអានសេះ ទៅជាច្រកអន្តរជាតិ ហើយចំពោះការដាក់ឲ្យដំណើរការច្រកអន្តរជាតិនេះ គឺមិនពាក់ព័ន្ធ និងការបោះបង្គោលព្រំដែនទេ រឿងបង្គោលព្រំដែន កន្លែងណាៗ នោះជាភារកិច្ចរបស់គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ ដូច្នេះកំរិតខេត្ត និងខេត្ត ត្រូវធ្វើយ៉ាងណាខិតខំ ឲ្យច្រកអានសេះ ក្លាយជាច្រកអន្តរជាតិ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ចំណុចទី២៖ ការនាំចូលកសិផល និងទំនិញផ្សេងៗ ដែលប្រជាពលរដ្ឋទាំងពីរ យកទៅលក់ក្នុងទីផ្សារនៃខេត្តទាំងពីរ សូមឲ្យអនុវត្តដូចលើកមុន ព្រោះរយៈពេលចុងក្រោយនេះ មានការកំណត់ការនាំចូល នូវទំនិញ និងកសិផលប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋថៃ។

ចំណុចទី៣៖ ស្នើឲ្យខេត្តអ៊ូប៊ុន ជំរុញការដាក់ឲ្យដំណើរការបណ្ណ័ព្រំដែន ដើម្បីឲ្យប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ បានចេញចូលដោយស្របច្បាប់។ចំណុចទី៤៖ លោកអភិបាលខេត្តព្រះវិហារ បានស្នើសុំឲ្យបង្កើតភារកិច្ច ដល់ក្រុមចង្អៀតកម្រិតខេត្ត និងខេត្ត។
លោក អ៊ុន ចាន់ដា ក៏បានសំដែងនូវក្តីសង្ឃឹមថា ច្រកអានសេះ និងដាក់ឲ្យដំណើរការជាច្រកអន្តរជាតិ ស្របពេលក្នុងរជ្ជកាលអភិបាលខេត្ត សារិទ្ធិ វិធូន ជាអភិបាលខេត្តអ៊ូប៊ុន ហើយលោកជាអភិបាលខេត្តព្រះវិហារ។ លោកថា យើងទាំងពីរនាក់ នឹងត្រួសត្រាយផ្លូវឈាន ទៅដល់ការបើកដំណើរការជាផ្លូវការតែម្តង។

លោកបន្តទៀតថា រឿងនេះបានឆ្លងកាត់អភិបាលខេត្តព្រះវិហារ អស់មួយជំនាន់ទៅហើយ ចំណែកអភិបាលខេត្តអ៊ូប៊ុន បានឆ្លងកាត់អស់ជាច្រើនហើយ ទម្រាំមកដល់ពេលនេះ ដូច្នេះលោកសង្ឃឹមថា ជំនាន់លោកជាអភិបាល ខេត្តព្រះវិហារ និងជំនាន់អភិបាលខេត្តអ៊ូប៊ុននេះ ច្រកអានសេះនឹងដំណើរការជាច្រកអន្តរជាតិ។

ជាការឆ្លើយតប លោកអភិបាលខេត្តអ៊ូប៊ុន របស់ថៃ បានឯកភាពចំពោះការលើកឡើង របស់លោកអភិបាលខេត្តព្រះវិហារ ហើយក៏បានសន្យថា និងរួមគ្នាដោះស្រាយ ក្នុងការបើកច្រកអានសេះជាច្រកអន្តរជាតិ ស្របតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ៕