All posts by មេគង្គ ប៉ុស្តិ៍

ក្រុមហ៊ុន Samsung សង​ជិត​៥៤០​លាន​ដុល្លារ​ឲ្យ​ក្រុមហ៊ុន Apple ក្នុង​ជម្លោះ​ចម្លងម៉ូដ​ទូរស័ព្ទ​

​ទីបំផុត សង្គ្រាម​ផ្លូវច្បាប់ រវាង​ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Samsung ជុំវិញ​ករណី​ការចម្លង​ការ​រចនា​ម៉ូដ​ទូរស័ព្ទ iPhone រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ត្រូវបាន​បញ្ចប់ ដោយ​តុលាការ​អាមេរិក​បានចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Samsung បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន Apple ជិត​៥៤០ លាន​ដុល្លារ​អាមេរិក
​ក្រុមហ៊ុន Samsung និង ក្រុមហ៊ុន Apple ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំជាងគេ​ក្នុង​ពិភពលោក បាន​ប្តឹងប្តល់​គ្នា​ជុំវិញ​ការលួចចម្លង​ការ​រចនា​ម៉ូដ​ទូរស័ព្ទ​iPhone រយៈពេល​៧​ឆ្នាំ​មកហើយ​។

ប៉ុន្តែ​យោងតាម​ឯកសារ​របស់​តុលាការ​អាមេរិក​កាលពី​ថ្ងៃ​ពុធ បញ្ជាក់ថា​សង្គ្រាម​ដណ្តើម​ប៉ាតង់​រវាង​ក្រុមហ៊ុន​យក្ស​ទាំងពីរ​នេះ បាន​ឈានដល់​ការបញ្ចប់​ជម្លោះ​ហើយ បន្ទាប់ពី​ចៅក្រម​តុលាការ​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Samsung បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន Apple ប្រហែល ៥៣៩ លាន​ដុល្លារ​ដោយសារ​ការចម្លង​លក្ខណពិសេស​ប៉ាតង់​ទូរស័ព្ទ iPhone​។

​ទោះជា​យ៉ាងណា ចំពោះ​លក្ខខណ្ឌ​ដំណោះស្រាយ​ដោយ​ទូទាត់​តាមរយៈ​ហិរញ្ញវត្ថុ​នេះ មិនត្រូវ​បានបង្ហាញ​ជា​សាធារណៈ​នោះទេ ហើយក៏​មិនមាន​ក្រុមហ៊ុន​ណាមួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​២ អត្ថាធិប្បាយ​លម្អិត​នៅក្នុង​បទបញ្ជា​តុលាការ​ដែល​បាន​ច្រានចោល​ជម្លោះ​ដែល​កើតមាន​តាំងពី​ឆ្នាំ ២០១១ នេះដែរ​។

ប៉ុន្តែ​ចំនួន​ប្រាក់​ដែល​តុលាការ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Samsung បង់​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុមហ៊ុន​Apple ដែល​បាន​អះអាង​នៅ​តុលាការ​ថា​ការ​រចនា​មាន​សារៈសំខាន់​ចំពោះ​ទូរស័ព្ទ iPhone៕

ច្រក​អន្តរជាតិ​កម្ពុជា​ថៃ គីឡូ​ត៍​១៣ ឲ្យ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំអូស​រទេះ​ដឹកទំនិញឆ្លងដែន​ដោយ​សេរី​

​បាត់ដំបង ៖ ថ្វី​ត្បិត​ច្រក​តំបន់​គីឡូ​13 ស្ថិតក្នុង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ឈម​ទៅនឹង​ទឹក ដី​ថៃ ច្រក​ខៅ​ឌី​ន ស្ថិតក្នុង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ បានប្រែក្លាយ​ជា​ច្រក​អន្តរជាតិ​គីឡូ​ត៍​១៣ (​ហៅ ច្រក​ភ្នំ​)​ដី ទៅហើយ​ក្តី ប៉ុន្តែ​នៅតែ​មានកា​រិះគន់​ជាខ្លាំង ពី​សំណាក់​មហាជន​នៅ​ជុំវិញ​តំបន់ ច្រក​មួយ នេះ ទៅលើ​អ្វីដែល​ពួកគាត់​បាន​ចាត់ទុកថា សមត្ថកិច្ច​នៅ​ច្រក​នេះ គ្មាន​ការកែប្រែ​ឡើយ គឺ​ក្មេង​អូស រទេះដឹក​ទំនិញ នៅតែ​កើតមាន​យ៉ាងច្រើន​ជា​រៀងរាល់​ព្រឹក ខុសពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង ខេត្ត បន្ទាយមានជ័យ​។​

​ប្រភព​នៅ​ច្រក​ខាងលើ​ឧ្យ​ដឹងថា ខាង​ភាគី​ថៃ គេ​បាន​ទប់ស្កាត់​មិន​ឲ្យ​ក្មេងៗ​ទាំងនោះ អូស​រទេះ ចូលទៅ​ទឹកដី​របស់គេ​នោះទេ គឺ​ខុសពី​ខាង​កម្ពុជា សែ​ល​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បែរជា​នាំគ្នា​អោបដៃ ឬ​អង្គុយ​មើល​មិន​ទប់ស្កាត់​ទៅវិញ ឬក៏​អាច​កោសរូស​ក្មេងៗ​នោះ​ទៀតផង​។​

​មជ្ឈដ្ឋាន​លើកឡើង​ថាៈបើ​ច្រក​ខាងលើ បានប្រែក្លាយ​ពី​ច្រក​តំបន់ ទៅជា​ច្រក​អន្តរជាតិ​ទៅ ហើយ ហេតុអ្វី​នៅ​ច្រកទ្វារ​មួយ​នេះ គួរតែមាន​ការកែប្រែ​ដូចគ្នា​ទើប​ល្អ ពិសេស​ករណី​ក្មេងប្រុស​ស្រី អូស​រទេះដឹក​ទំនិញ​តែម្តង​។​

​ជំវិញ​ករណី​ខាងលើ​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី​(​គីឡូ​ត៏​១៣)​ប្រាប់ថា ពេល​អូស​រទេះ​ចេញពី​កម្ពុជា មនុស្ស​ធំ​ជា​អ្នក​អូស ព្រោះ​ខាង​ភាគី​ថៃ គេ​ទប់ស្កាត់​មិន​ឲ្យ​មាន​កុមារ​មិន​គ្រប់​អាយុ​អូស​រទេះ ចូល​លើ​ទឹកដី​គេ​ឡើយ ប៉ុន្តែ​រទេះ​មួយចំនួន ខណៈ​អូស​ត្រឡប់​ចេញផុត​ពីមុខ​សមត្ថកិច្ច​ថៃ បែរជា មនុស្ស ធំ​បណ្តោយ​ឲ្យ​ក្មេងៗ​អូស​ជំនួស​វិញ កាត់មុខ​សមត្ថកិច្ច​ខ្មែរ គ្រប់​ជំនាញ​ដែល​អង្គុយចាំ​ទារប្រាក់ ពីមុខ​ទំនិញ​ប៉ុណ្ណោះ​។​

​បញ្ហា​នេះ​លោក​អភិបាលស្រុក​សំពៅ​លូន​ងៀវ ប៊ុន​យៀង​មាន​ប្រសា​ស​ន៏​តាម​ទូរ​សព្ទ​ថាៈ បញ្ហា នេះ មិនមែន​តែ​ទើប​មាន​ឥឡូវ​នោះទេ តែ​លោក​ចាប់​អារ​ម្ម​ណ៏​យូរណាស់​មកហើយ តាំងតែ​ពី​លោក នៅ​ជាម​ន្ត្រី​ម្ល៉េះ ព្រោះ​លោក​ធ្លាប់​ធ្វើការ​ផ្នែក​ខាង​ជួយ​ក្មេងៗ នេះ​។ លោក​បន្ថែមថា ក៏ប៉ុន្តែ​វា​មិន​អស់ ដោយសារតែ​ពលរដ្ឋ​មួយចំនួន​គាត់​ចំណាកស្រុក​មកពី​ចម្ងាយ ដូច្នេះ ក្មេង​ទាំងនោះ មក​ធ្វើការ​ជាមួយ ម្ដាយ​របស់គាត់ តែ​លោក​ព្យាយាម​ដែរ​តែ​ធ្វើទៅ​វា​មិនទាន់​អស់​។​

​យ៉ាណា​ក៏ដោយ​ក្មេង​ទាំងនោះ គេ​ឃើញថា មាន​អូរ​រទេះ​ដឹកទំនិញ​ច្រើន​ឆ្នាំ​មកហើយ គឺ​មិនទាន់ មាន​មន្ត្រី​ជំនាញ​ណា​មាន​វិធានការ​លុបបំបាត់​នោះទេ ធ្វើ​ឧ្យ​ពួកគាត់​បាត់បង់​ការសិក្សា​ដែល​ឪពុកម្ដាយ បង្ខំ​លក់​កម្លាំង​ពលកម្ម​របស់​ពួកគេ​ជា​រាងរាល់ថ្ងៃ ដើម្បី​ជួយ​រក​ចំណូល​បន្ថែម​បំពេញ​សេចក្តី ត្រូវការ​ក្នុង គ្រួសារ​៕​

កងទ័ព ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥

 

​បាត់ដំបង ៖ កាលពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៥ ខេត្ត បាត់ដំបង បានរៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ ទី​៥ ថ្ងៃទី ២៨ ខែមិថុនា ១៩៨៨ ថ្ងៃទី​។​​ពិធី​អបអរសាទរ​រំលឹក​ខួប​៣០​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ នេះ ត្រូវបាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ ចូលរួម​ពី​សំណាក់​នាយទាហាន នាយទាហានរង និង ពលទាហាន យោធភូមិភាគ​ទី ៥ ចំនួន ២០៨៨​នាក់​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន សេង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បានឱ្យដឹងថា ៖ យោធភូមិភាគ​ទី​៥ មាន​ចំនួន​៤​ខេត្ត​រួមមាន​៖ ខេត្តបាត់ដំបង​, ខេត្ត​ប៉ៃលិន​, ខេត្តពោធិ៍សាត់​, ខេត្ត បន្ទាយមានជ័យ​។ ក្នុង​រយៈពេល​៣០​ឆ្នាំ កន្លងទៅនេះ យោធភូមិភាគ​ទី ៥ បាន​បង្កើត​នូវ​ស្នាដៃ ធំៗ​ជាច្រើន​ជូន​ប្រទេសជាតិ ក្នុង​កិច្ចការ​ការ ពារ​សន្តិសុខ និង ការពារ​បូរណភាព​ទឹកដី ការងារ ហ្វឹកហ្វឺន ការកសាង​អង្គភាព​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង និង ការងារ​មនុស្សធម៌ និង កិច្ចការ​សង្គម ។​
​នៅក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ ថ្ងៃទី ២៨ ខែមិថុនា ១៩៨៨ ថ្ងៃទី ២៨ ខែមិថុនា ២០១៨ នាឱកាស​នោះ យោធភូមិភាគ​បាន រៀបចំ ធ្វើ​ក្បួន​ព្យុះ​ហយា​ត្រា ដែលមាន​ចំនួន ២៩ ផែន ដែលមាន​ផែន​ដើរ ផែន​គ្រឿងចក្រ បង្ហាញជូន ភ្ញៀវ​ទស្សនា​ផង​ដែល ។​

​ថ្លែង​ទៅកាន់​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ឆ្នាំ ថ្ងៃ​បង្កើត​យោធភូមិភាគ​ទី​៥ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយ​ទា​ហន​រង និ ង​ពលទាហាន ក្នុង​យោធភូមិភាគ​ទី ៥ ទាំងអស់ ដែល​ក្នុង​រយៈ ពេល ៣០ កន្លងមកនេះ បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ កម្ពុជា រហូត ដណ្តើមបាន​នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ជូន​ជាតិ មាតុភូមិ ។

សម្តេច​បាន​ជំរុញ​ដល់​នាយទាហាន នាយ ទាហាន​រង និង​ពលទាហាន យោធ​ភ​មិ​ភាគ​ទី ៥ ទាំងអស់​ត្រូវ​បន្ត​ការពារ​ឱ្យបាន​នូវ​សុខសន្តិភាព ហើយ​មិន​ថា​កាលៈទេសៈ​ណា​នោះទេ​ត្រូវ​កំចាត់​ចោល​នូវ​រាល់​បុគ្គល​ណា ដែលមាន​ចេតនា ចង់ បំ​ផ្លិត​បំផ្លាញ​ជាតិ​នោះ ។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ជំរុញ​ឱ្យ​គ្រប់​បណ្តា​អង្គភាព យោធភូមិ ភាគ​ទី ៥ ត្រូវ​បន្ត​ការកសាង​ធនធានមនុស្ស តាមរយៈ​ការងារ​ហ្វឹកហ្វឺន បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ​កងទ័ព ដើម្បីឱ្យ​កងទ័ព​កាន់​តែមាន​សមត្ថភាព​ខ្ពស់ ក្នុង​កិច្ចការ​បំពេញភារកិច្ច​ការពារជាតិ​មាតុភូមិ ។ ដោយ​យោធភូមិភាគ​ទី ៥ បាន​ដើរតួនាទី​សំខាន់​ក្នុងការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានប្រកាស​ក្នុង​ពិធី​នោះ អំពី​ការយក​ទីតាំង​ខេត្ត ប៉ៃលិន សំរាប់ធ្វើ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ ដើម្បី​ទុកជា​និមិត្តរូប នៃ សន្តិភាព​ទៅ​ថ្ងៃ​អនាគត ។ ជា​ចុងក្រោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​បាន​ជំរុញ​ដល់​នាយ ទាហាន នាយ​ទា​ហន​រង និ ង​ពលទាហាន យោធ​ភ​មិ​ភាគ​ទី ៥ ទាំងអស់​ឱ្យទៅ​ចូលរួម​បោះឆ្នោត ឱ្យបាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បន្តទៀត ដើម្បី​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ របស់​ប្រទេស​អោយ​កាន់តែ​មានការ​រីកចំរើន​ទៅ​ថ្ងៃ​អនាគត​៕​

ប្លន់សម្លាប់ស្ត្រីរកស៊ីចងការប្រាក់ នៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ជាមួយនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ និងនគរបាលប៉ុស្តិស្ទឹងមានជយ័១ បាននាំខ្លួនជនសង្សយ័ដែលជាឃាតករ ប្រុស ស្រីចំនួន៣នាក់ មកចង្អុលទីកន្លែងដែលពួកគេវាយសម្លាប់នារីរកស៊ីរាប់លុយម្នាក់ មកទំលាក់ចោល ក្នុងប្រឡាយទឹកស្អុយ ស្ថិតនៅតាមផ្លូវ៣៧១ ភូមិអូបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ។

យោងតាមចម្លើយសារភាពពីជនសង្សយ័បានអោយដឹងថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ វេលាម៉ោង ៥ល្ងាច ជនសង្សយ័ បានទូរស័ព្ទហៅនារីរងគ្រោះអោយទៅផ្ទះរបស់ខ្លួន ដើម្បី ខ្ចីលុយ ហើយនារីរងគ្រោះបានទៅផ្ទះជនសង្សយ័ ដោយនឹកស្មានមិនដល់ថា ជនសង្សយ័រៀបចំ គម្រោង វាយប្លន់សម្លាប់នោះឡើយ។ ជនសង្សយ័បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ពួកគេមានគ្នីគ្នា ចំនួន ៤នាក់ បានបិទទ្វារព្រួតវាយនារីរងគ្រោះ នៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតនៅភូមិទ្រា ២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជ័យ រហូតដល់ស្លាប់ ហើយបានប្រមូលយកលុយដែល មាន នៅក្នុងខ្លួនរបស់ជនរងគ្រោះ។ លុះនៅវេលាម៉ោង៩យប់ ថ្ងៃដដែល ក្រុមជនសង្ស័យទាំង៤នាក់ បានយកសពនារីរងគ្រោះដាក់ចូលក្នុងកញ្ឆេដាក់នំបុង័មួយ រួចសែងទៅដាក់លើ រទេះអូសយកមក ទម្លាក់ចោលចូលក្នុងប្រឡាយទឹកស្អុយមួយកន្លែងនៅផ្លូវ៣៧១ ព្រំប្រទល់ជាមួយ ខណ្ឌមានជយ័ និងខណ្ឌសែនសុខ។
ក្រោយទទួលបានពាក្យបណ្តឹង ក្រសួងមហាផ្ទៃបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់នៅខេត្តព្រៃវែង ដែលមានឈ្មោះដូចខាងក្រោម៖ ១. ឈ្មោះ កែវ សុផានិត ភេទប្រុស អាយុ ២៨ឆ្នាំ។ ២ ឈ្មោះ អាន អឿន ភេទស្រី អាយុ៣១ឆ្នាំ និងទី៣ ឈ្មោះ រ៉ាន់ ដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ទាំងបីនាក់រស់នៅ ភូមិម្រេញ ឃុំត្រពាំងស្រែ ស្រុកមេសាង។

សមត្ថកិច្ចបានអោយដឹងថា នារីរងគ្រោះខាងលើមានឈ្មោះ ខ្នើយ សឹង អាយុ៣១ឆ្នាំ មុខរបរ ជាអ្នកចងការលុយ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជយ័១ ខណ្ឌមានជយ័ ដោយមានការបាត់ សមាជិកក្រុមគ្រួសាររយៈពេល១០ថ្ងៃ បងប្អូនជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ស្ទឹងមានជយ័ទី១។ ក្រោយពីទទួលបានពាក្យបណ្តឹងពីបងប្អូនជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ ស្ទឹងមាន ជយ័ ទី១ សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័ នគរបាលព្រហ្មទណ្ឌក្រុង និងនគរ បាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាតករដែលជាបុរសសង្សយ័ប្រុសចំនួន២នាក់ និងស្ត្រីម្នាក់ ចំណែកជនសង្ស័យម្នាក់ទៀត កំពុងរត់គេចខ្លួន។

បច្ចុប្បន្នជនសង្សយ័ទាំង៣នាក់ខាងលើ ត្រូវសមត្ថកិច្ចបន្តការសាកសួរបន្ថែម ដើម្បីរៀបចំ សំណុំរឿង និងជាពន្លឺសម្រាប់បន្តស្រាវជ្រាវឈានទៅរកមុខសញ្ញាម្នាក់ទៀត ដែលកំពុងរត់គេច ខ្លួន៕

ឃាត់រថយន្តមួយគ្រឿង ដឹកជញ្ជូនស្រោមអាវុធវែង ខ្លី និងសម្លៀកបំពាក់ទ័ព

​បន្ទាយមានជ័យ ៖​ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបស្ទាក់ចាប់ឃាត់រថយន្តក្រុងដឹកអ្នកដំណើរនៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃពុធ១៥កើតខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក្ត ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចនាំយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីត្រួតពិនិត្យ។

លោកវរសេនីយ៍ត្រី យឹម នី នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា៖បន្ទាប់ពីទទួលបានព័ត៌មានថា មានរថយន្តក្រុងដឹកអ្នកដំណើរ លោកបានស្នើសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោក សេងគឹមឡាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បន្ទាយមានជ័យ កម្លាំងនគរបាលជំនាញ ប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន៣នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ រស់ អៀម នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះធ្វើការស្ទាក់ចាប់រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងនេះម៉ាក ហ៊ីយុនដាយ ពណ៌ស លឿង ចង្កូតឆ្វេង ផលិតនៅឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 3A-9545 ដែលជារបស់ក្រុមហ៊ុនK S Oដែលបើកបរដោយឈ្មោះ អ៊ុក ចំរើន ភេទប្រុសអាយុ ៣៥ឆ្នាំ ទីលំនៅរាជធានីភ្នំពេញយកមកស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមនីយ៍ត្រីចាប សុផាប្ញទ្ធិ ស្នកងាររង ទទួលផែន ប្រឆាំងបទល្មើស បានឲ្យដឹងថា៖នៅថ្ងៃ១រោចខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៨ កម្លាំងជំនាញ ដែលមានការចូលរួមពី ស្ថាប័នអយ្យការផងនោះ បានធ្វើការត្រួតពិនិត្យរកឃើញមានទំនិញចម្រុះចំនួន១២មុខ ក្នុងនោះសម្ភារៈកងទ័ពមាន អាវយឺត រូបកាំភ្លើងមាន.ក ចំនួន៣៥ អាវ,អាវយឺតវៀល.ក ពណ៌ត្រេអ៊ីចំនួន១៥អាវ,កាបូបដាក់អាវុធចំនួន៩,ស្រោម ខ្នោះដៃចំនួន៥៥,ស្រោមអាវុធខ្លីចំនួន១២,ស្រោមអាវុធខ្លីមានខ្សែ ចំនួន១០ ,ខ្សែអាវុធវែង AK 47ចំនួន៥០ខ្សែ។ចំពោះទំនិញទាំងនេះ កម្លាំងនគរបាលជំនាញកំពុង កសាងសំណុំរឿងតាមនិតិវិធីច្បាប់៕

រាជធានី​ភ្នំពេញ​នឹង​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​បន្ថែមទៀត​

​ភ្នំពេញ ៖ ការកកស្ទះ​ចរាចរណ៍​នៅតែ​បញ្ហា​ធំ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​រស់​រាជធានី​ភ្នំពេញ ដែល តម្រូវ​ឲ្យ​រក​វិធី​ដោះស្រាយ​បន្ទាន់​។ ឆ្លើយតប​ចំពោះ​បញ្ហា​នេះ សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​បានបង្ហាញ​នូវ​ម​ហិ​ច្ច​តា ក្នុងការ​សាងសង់​ស្ពាន អាកាស​បន្ថែមទៀត ដើម្បី​រំដោះ​ចរាចរណ៍ ក្នុង ក្រុង កាត់បន្ថយ​ការកកស្ទះ​ចរាចរ ណ៍ តាមរយៈ​យុទ្ធសាស្ត្រ​យក​ក្រុង​ចិញ្ចឹម​ក្រុង​។​

​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល ចោមចៅ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ ខែមិថុនា សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា បានបង្ហាញ​នូវ​ម​ហិ​ច្ច​តា​របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​សាងសង់​ស្ពាន​អាកាស បន្ថែមទៀត ជាមួយនឹង​ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដំណាក់កាល​ទី​៣​នាពេលខាងមុខ ដើម្បី​សម្រួល ការកកស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​។​
​ការកកស្ទះ​បាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ នៅក្នុង​ក្រុង នៅ​គ្រា​ដែល​កំណើនប្រជាជន​ចេះតែ កើនឡើង ជាមួយនឹង​វត្តមាន យាន្ត​យន្ត​ជាង​២​លាន​គ្រឿងក្នុង​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប្រជា​ពល រដ្ឋ​រអ៊ូរទាំ រៀងរាល់ថ្ងៃ​។

បើតាម​សម្តេច​តេ​ជោ តាមរយៈ​យុទ្ធសាស្ត្រ​យក​ក្រុង​ចិញ្ចឹម​ក្រុង រឺ​យុទ្ធ សាស្ត្រ យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​បានធ្វើ​ឲ្យ​សមិទ្ធផល​ជា​ស្ពាន​អាកាស​ចំ នួន​៥​ហើយ​ត្រូវ បាន លេចចេញ​ជា​រូបរាង ក្នុងនោះ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស ៧​មករា ស្ពាន​អាកាស​៥​មករា និង​ស្ពាន​អា កាស​ផ្សារ​ដី​ហុយ ដែល​នឹងត្រូវ​សម្ពោធ​នៅ​ថ្ងៃទី​០២ កក្កដា​ខាងមុខនេះ​។​

​ក្រៅពី​ម​ហិ​ច្ច​តា​នៃ​ការសាងសង់​ស្ពាន​អាកាស សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា រាជ រដ្ឋាភិបាល បានស្នើ​ទៅ​ជប៉ុន​ដើម្បី​សិក្សា​ក្នុងការ​សាងសង់​រថភ្លើង​លើ​អាកាស​ចាប់ពី​រាជធានី​ម្តុំ​ផ្សារ​ថ្មី​ដល់​ព្រលានយន្តហោះ​។ ទន្ទឹមនឹងនោះ​សម្តេច​ក៍បាន​ស្នើសុំ ទៅកាន់​ភាគី​ចិន​ដើម្បី​ធ្វើការ​សាងសង់​ផ្លូវ ក្រវ៉ាត់ ក្រុង​ដំណាក់កាល​ទី​៣​បន្ថែមទៀត គោលបំណង​តែមួយ​គឺ​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​កាត់ បន្ថយ​ការស្ទះ ចរាចរណ៍​។

​គួរ​បញ្ជាក់ថា សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​រង្វង់​មូល​ចោមចៅ​នេះ​នឹងត្រូវ​សាងសង់ ដោយ​ក្រុមហ៊ុន វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​គ្រោង​ប្រើប្រាស់​ថវិកា សាង សង់ ២២​លាន​ដុល្លារ​អាមេរិក​។​តាម​គម្រោង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នឹង​ប្រើ​រយៈពេល​សាង សង់ ៣០​ខែ ពោល​ចាប់ពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០៕​

រដ្ឋាភិបាល​ស្នើការ​យោគយល់ ខណៈ​ទឹក​ជន់​លិច​ទីក្រុង​ពេល​មាន​ភ្លៀងខ្លាំង​

​ភ្នំពេញ ៖ ជំនន់​ទឹកភ្លៀង​លិច​ទីក្រុងភ្នំពេញ តែងតែ​កើតមាន​ញឹកញាប់​នៅពេលមានភ្លៀង​ធ្លាក់ខ្លាំង​ជាប់ៗ​គ្នា​ម្តងៗ​។ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​សុំ​ការយោគយល់​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ក្រុងភ្នំពេញ ចំពោះ​បញ្ហា​ទឹកលិច​ក្រុង​។ យ៉ាងណា​ក៍ដោយ​សម្តេច​តេ ជោ​បាន​ពន្យល់ថា បញ្ហា​លិច​ក្រុង​នៅពេល​ភ្លៀង​ធ្លាក់​នោះ មិនមែន​ទើបនឹង​កើត ឡើង​នោះទេ​ស្ថានភាព​បែបនេះ កើតឡើង​តាំងពី​ពេល សម្តេច​មករ​ស់ នៅ ភ្នំពេញ ដំបូង​មកម្ល៉េះ​។ ការ​លិច​ក្រុង​គឺ​ដោយសារ​ទឹកភ្លៀង​មាន​ចំនួន​ច្រើន ស្របពេល ដែល ប្រឡាយ និង​លូ​មិនអាច​ទប់ទល់​នឹង​ធារទឹក​ដែលមាន​លើសលុប​។ ជា​វិធានការ​របស់​សាលាក្រុង បាន​បន្ត​ការស្តារ​ប្រឡាយ​ឲ្យ​បាន​ជ្រៅ និង​ការ​ស្តារលូ​នៅតាម​ខណ្ឌ ដើម្បី​ពង្រីក​ធារទឹក​ឲ្យ​បាន ធំ ជាង​មុន​។

​សម្តេច​តេ​ជោ ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ទុកដាក់​ថង់​ប្លា​ស្ទីក ឲ្យ​បានល្អ​កុំ​ឲ្យ​ហូរ​ចូល​លូ បង្ក​ឲ្យ មានការ​កកស្ទះ​លូ​ជាដើម​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម បណ្តោយ ប្រឡាយ នានា កុំ​ឲ្យ​មានការ​ភ័យ​បារម្ភ រដ្ឋបាល​ក្រុង​បានសម្រេច​ជា គោលការណ៍​គឺ​ផ្តល់ ដី​កម្មសិទ្ធិ ស្រប ច្បាប់ ជូន​ពួកគាត់​នៅលើ​ប្រឡាយ​នោះ តាម រយៈ​ការ​បង្រួម​ទំហំ​ប្រឡាយ និង​ជីក​ប្រឡាយ ឲ្យ​ជ្រៅ ជាង​មុន​ដើម្បី​សល់​ដីស​ម្រា ប់​ជូន​ប្រជាពលរដ្ឋ​៕

ភ្លៀង​ធ្លាក់​ខ្លាំង ផ្អាក​ការ​តាមរក​ក្រុម​កីឡាករ​ក្មេងៗ​ថៃ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​នៅ​ខេត្ត​ឈៀង​រ៉ៃ​

​ថៃ ៖ ការស្វែងរក​ក្រុម​កីឡាករ​បាល់ទាត់​ក្មេងៗ​១២​នាក់ និង​គ្រូ​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ ថា​ម​លួង ក្នុង​ខេត្ត​ឈៀ​រ៉ៃ ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​នៅ​យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ ដោយសារ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​មានការ​ពិបាក​ដល់​ក្រុម​សង្គ្រោះ​មិនអាច​រុលទៅមុខ​តាម​រូងភ្នំ​ដែលមាន​ប្រវែង​ប្រមាណ​១០ គីឡូម៉ែត្រ​នោះ​ទៀតបាន​។​

​កាសែត Bangkok Post បាន​រាយការណ៍​ថា ខណៈ​នេះ ( ម៉ោង​១០ យប់ ថ្ងៃទី​២៨ មិថុនា​) ឧបករណ៍​រុករក​ខួង និង​បូមទឹក ត្រូវបាន​យកចេញ​ពី​រូងភ្នំ​សិន ដោយ​ត្រូវ​រង់ចាំ​កម្រិត​ទឹកជំនន់​ស្រក​ចុះ ទើប​ប្រតិបត្តិ​ការសង្គ្រោះ​អាច​បន្តទៅទៀត​បាន​។​

​សូ​មម្រាប​ថា គិត​ត​មកដល់​ថ្ងៃនេះ សមាជិក​កីឡាបាល់ទាត់​ដែលមាន​ក្មេងៗ​១២​នាក់ (​អាយុ​ពី ១១​ឆ្នាំ ដល់ ១៦​ឆ្នាំ​) និង​គ្រូបង្វឹក​ម្នាក់​អាយុ ២៥​ឆ្នាំ បាន​បាត់​ខ្លួន​នៅក្នុង​រូងភ្នំ​ខាងលើ​អស់​រយៈពេល​៥​ថ្ងៃ​មកហើយ ខណៈដែល​ក្រុម​អ្ន​ជំនាញ​ភូមិសាស្ត្រ​ជឿជាក់ថា ពួកគេ​បាន​រុលចូល​យ៉ាងជ្រៅ​ទៅក្នុង​រូងភ្នំ​ដែលមាន​ជម្រៅ​ប្រមាណ​១០​គីឡូម៉ែត្រ ហើយ​ទំនងជា​ដោយសារតែ​ផ្លូវ​ដែល​ពួកគេ​ត្រូវ​ចេញមក​វិញ​នោះ ត្រូវបាន​ទឹក​លិច​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើ​ឲ្យ​ពួកគេ​បន្ត​រុលទៅមុខ​ទៀត​។ បើតាម​ប្រវត្តិ​នៃ​រូបថត​មួយចំនួន​របស់​ក្រុម​ក្មេងៗ​កីឡាករ​ទាំងនេះ គឺ​ពួកគេ​ធ្លាប់​ទៅកាន់​ទីនោះ​កាលពី​ចុងឆ្នាំ​២០១៦​។​

​កាសែត បាងកក​ប៉ុស្តិ៍ បន្តថា នៅ​ល្ងាច​ថ្ងៃទី​២៨ ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដោយផ្ទាល់ ដើម្បី​ពិនិត្យ​សកម្មភាព​នៃ​ការជួយ​សង្គ្រោះ និង​លើកទឹកចិត្ត​សមាជិក​ក្រុមគ្រួសារ​នៃ​មនុ​ស្សទាំង ១៣​នាក់ ដែល​កំពុង​រង់ចាំ​ចម្លើយ​ពី​ក្រុម​សង្គ្រោះ​។​
​យ៉ាងណាក៏ដោយ រហូតមក​ទល់នឹង​យប់​ថ្ងៃទី​២៨ ខែមិថុនា នេះ ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​បន្ត​ដដែល ហើយ​មិនទាន់មាន​តម្រុយ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នៅឡើយ​ទេ តែ​ក្រុម​សង្គ្រោះ​ដែលមាន​ទាំង​អ្នកជំនាញ​មកពី​អង់គ្លេស និង​អាមេរិក​ផងដែរ បានសម្រេច​ផ្អាក​ការរុករក​សិន​ដោយសារតែ​ភ្លៀង​ក្នុង​តំបនភ្នំ ថា​ម​លួង ខេត្ត​ឈៀង​រ៉ៃ បាន​បន្ត​ធ្លាក់​ខ្លាំង​ជាថ្មីទៀត​៕​

ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​នៅ​រង្វង់​មូល​ចោមចៅ ចាប់ផ្តើម​សាងសង់​

​ភ្នំពេញ ៖ ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី នៅ​រង្វង់​មូល​ចោមចៅ ដែលមាន​តម្លៃ​ប្រមាណ​២២​លាន​ដុល្លារ​អាមេរិក នៅ​រសៀល​ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រា​រព​ពិធី​ក្រុង​ពាលី ដើម្បី សុំ​សេចក្តីសុខ ពី​ម្ចាស់​ទឹក ម្ចាស់​ដី សម្រាប់​ដំណើរការ​សាងសង់ ដែល​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន សាងសង់​នៅ​ថ្ងៃទី​២៩ ខែ មិថុនា​នេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី រង្វង់​មូល​ចោមចៅ​នេះ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ម៉ៅការ គឺ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ក្រោម​គម្រោង របស់​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ក្នុង​រយៈពេល​៣០​ខែ​។​

​បើតាម​អ្នកបច្ចេកទេស នៃ​មន្ទីរ​សា​ធារ​ការបង្ហាញ​នូវ​លក្ខណៈ​បច្ចេកទេស នៃ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី រង្វង់​មូល​ចោមចៅ​នេះ គឺមាន ស្ពាន​ទី​១៖ ជា​ស្ពាន​អាកា​សមេ ត​ភ្ជាប់​ចរាចរ ពី​មហាវិថី​សហព័ន្ធរុស្ស៊ី មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប​៤០៨​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ដែលមាន​ចរាចរ​ពីរ​គន្លង​ទៅ នឹង​ពីរ​គន្លង​មក ជម្រាល​ស្ពាន ៤,៥​ម៉ែត្រ និង​មាន​កម្ពស់ អតិបរមា ដែល​អាច​ចរាចរ​ក្រោម​ស្ពាន មាន​៥,៥​ម៉ែត្រ​។

​ស្ពាន​ទី​២៖ បំបែក​ចេញពី​ស្ពាន​អាកា​សមេ បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​មហាវិថី​សហព័ន្ធរុស្ស៊ី​ឆ្ពោះទៅ ផ្លូវ វេ​ង​ស្រេង សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត មាន​ប្រវែង​សរុប​២០២​ម៉ែត្រ (​ស្ពាន​អាកាស ប្រវែង​៤០​ម៉ែត្រ ផ្លូវ​ក្រោម​ដី ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង ៤៤​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ​។

​ស្ពាន​ទី​៣៖ ជា​ស្ពាន​កោង​បត់​ឆ្វេង​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង​សរុប ២០៦​ម៉ែត្រ (​ស្ពាន​អាកាស​ប្រវែង​៦០​ម៉ែត្រ ផ្លូវ​ក្រោម​ដី​ប្រវែង​១១៨​ម៉ែត្រ និង​ផ្លូវ​លើដី​ប្រវែង​២៨​ម៉ែត្រ​) ទទឹង​៥,២៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​មួយ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។​

​ផ្លូវ​និង​ផ្លូវ​ក្រោម​ដី ៖ ជា​ផ្លូវ​កោង ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវ​វេ​ង​ស្រេង មក​ផ្លូវជាតិ​លេខ​៤ មាន​ប្រវែង​សរុប ១៣០​ម៉ែត្រ (​ផ្លូវ​ក្រោម​ដី ប្រវែង​១៣​ម៉ែត្រ និង​ផ្លូវ​លើដី ប្រវែង​១១៧​ម៉ែត្រ​) ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។

​លើ​ផ្ទៃដី ៖​ជា​ផ្លូវ​មេ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវ​វេ​ង​ស្រេង មាន​ប្រវែង​សរុប ២៣៥​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។
​ផ្លូវ​ក្រោម​ដី ៖ ជា​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤ មក​មហាវិថី​សហព័ន្ធរុស្ស៊ី ដែលមាន​ប្រវែង​សរុប ៤៧០​ម៉ែត្រ ទទឹង​៨,៥​ម៉ែត្រ សម្រាប់​ចរាចរ​មួយ​ទិស ដែលមាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោចក្រយានយន្ត​។ ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ទទឹង​៨,៥​ម៉ែត្រ ។ ល្បឿន​សុវត្ថិភាព ២៥​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង សម្រាប់​ផ្លូវ​ទទឹង​ទំហំ ៥,២៥​ម៉ែត្រ និង​ទំហំ​៥,៥​ម៉ែត្រ ។

​សូមបញ្ជាក់ថា ស្ពាន​នេះ​នឹងមាន​អាយុកាល​១០០​ឆ្នាំ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ រៀបចំ​បណ្តាញ​ជុំវិញ​បរិវេណ​ស្ពាន​អាកាស និង​អាង​ស្តុក​ទឹក​ក្រោម​ដី មាន​ទាំង​បំពាក់​ម៉ូ​ទ័​រ​បូមទឹក​ស្វ័យប្រវត្តិ​ផងដែរ​៕

កម្ពុជា​នាំចេញ​កង់​ជាង​១,៤​លាន​គ្រឿងទៅ​ទីផ្សារ​សហភាព​អឺរ៉ុប នាំមុខកោះ តៃវ៉ាន់

​ភ្នំពេញ ៖ កម្ពុជា ឆ្នាំ​២០១៧ បាន​នាំចេញ​កង់​ល្អ​បំផុត​ទៅ​ប្រទេស​ទាំង​២៨ នៃ​សហភាព​អ៉ឺ​រ៉ុ​ប ដែល​បាន​ជំរុញ​ឲ្យ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​នាំចេញ​កង់​ច្រើនជាងគេ​ទៅកាន់​ទីផ្សារ ដោយ​ជំនួស​តំណែង​ទី​១ របស់​កោះ​តៃវ៉ាន់ ដែលជា​អ្នក​នាំចេញ​កង់​ច្រើនជាងគេ​ទៅ EU អស់​រយៈពេល​ជាង ២០​ឆ្នាំ ជា​បន្តបន្ទាប់​។​

​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​គេហទំព័រ Bike-EU.com ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា នេះ បង្ហាញថា ប្រទេស​កម្ពុជា បាន​នាំចេញ​កង់​ចំនួន​ជាង​១​លាន​៤​សែន​២​ម៉ឺន​គ្រឿង នៅក្នុង​ឆ្នាំ​២០១៧ ទៅកាន់​ទីផ្សារ​សហភាព​អ៊ឺរ៉ុប ដែលមាន​ប្រទេស​ទាំង​២៨​។ ចំនួន​នាំចេញ​កង់​នេះ​បាន​កើនឡើង ៩ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៦ ដែលមាន​ចំនួន​ជិត ១​លាន​៣​សែន​គ្រឿង​។

​ចំណែក កោះ​តៃវ៉ាន់​ដែលជា​អ្នក​នាំចេញ​កង់​លេខ​មួយ​ទៅ EU កន្លងមក​បាន ធ្លាក់ចុះ​១៥ ភាគរយ មក​នៅត្រឹម​ជាង​១​លាន​៣​សែន ក្នុង​ឆ្នាំ​២០១៧ គឺ​បរិមាណ​នាំចេញ​បាន​ថយចុះ​ជាង​កាលពី​ឆ្នាំ​២០១៦ ដែលមាន ១​លាន​៥​សែន​៦​ម៉ឺន គ្រឿង​។ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា ក៏​ធ្លាប់បាន​បញ្ជាក់ថា ការផលិត​កង់​របស់​កម្ពុជា​បាន​ផ្លាស់ប្តូរ​ជា​បណ្ដើរៗ​ពី​ការ​នាំចូល​គ្រឿងបន្លាស់​សម្រាប់​ការដំឡើង​ទៅជា​ឧស្សាហកម្ម​មួយ​ដែល​ផលិត​គ្រឿង​ផ្គុំ​ក្នុងស្រុក​កាន់តែច្រើន​។​

វិធានការ​នេះ​បាន​ជួយ​កម្ពុជា​អាចបំពេញ​លក្ខខណ្ឌ​តម្រូវ​ពី​សហភាព​អឺរ៉ុប ដើម្បី​នាំចេញ​កង់​ដោយ​រួច​ពន្ធ​។ កង់​ដែល​ផលិត​នៅ​កម្ពុជា​អាច​ចូលទៅ​សហភាព​អឺរ៉ុប​ដោយ​រួច​ពន្ធ ដោយសារ​ការកែសម្រួល​លក្ខខណ្ឌ​ច្បាប់​ដែល​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ ២០១៤ ដែល​តម្រូវ​ឲ្យ​មាន​គ្រឿង​ផ្គុំ​៣០ ភាគរយ​ផលិត​នៅ​កម្ពុជា ទើប​អាច​នាំ​ចេញទៅ​EU ដោយ​ស្ថិតក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​។ ការអនុគ្រោះ​ពន្ធ​នេះ​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដាក់បញ្ចូល​គ្រឿងបន្លាស់​ពី​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ជា​គ្រឿង​ផ្គុំ​ក្នុងស្រុក​។ ប៉ុន្តែ​ការលើកលែង​គ្រឿង​ផ្គុំ​ក្នុងស្រុក​អប្បបរមា​ត្រូវផុត​កំណត់​កាលពី​ឆ្នាំ​២០១៧ ទើប​រាជរដ្ឋាភិបាល​កំ​ពុង​ស្វែងរក​ការបន្ត​រយៈពេល ៣​ឆ្នាំ​ទៀត​ដើម្បី​ការពារ​ឧស្សាហ​កម្មនេះ​។

​ភាគច្រើន​នៃ​ក្រុមហ៊ុន​ផលិត​កង់​ទាំងអស់​នៅ​កម្ពុជា​មកពី​កោះ​តៃវ៉ាន់ ហើយ​មាន​ការិយាល័យ​កណ្ដាល​នៅក្នុង​ប្រទេស​កម្ពុជា ។ បច្ចុប្បន្ន ក្នុងប្រទេស​កម្ពុជា មាន​ក្រុមហ៊ុន​ផលិត​កង់​ចំនួន​៥ ដែលមាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​៕

មិនទាន់​រកឃើញទេ ​កីឡាករ​ថៃ​១២​នាក់ និង​គ្រូ​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​

​បាងកក ៖ ក្រុម​អ្នកជំនាញ​រុករក​ក្រោម​រូងភ្នំ​បីនាក់ មកពី​អង់គ្លេស កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​តាម​ស្វែងរក​ក្មេង​ជំទង់ ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ក្នុង​រូង​ល្អាង​ភ្នំ​មួយ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ តាំងតែ​ពីថ្ងៃ​សៅរ៍​មកម្ល៉េះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន The Nation នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​។​

​ក្មេង​ជំទង់ ១២​នាក់ ដែលជា​កីឡាករ​បាល់ទាត់​មកពី​ក្លឹប មូ​ប៉ា (Mu Pa Academy) និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង តាំងតែ​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មកម្ល៉េះ រីឯ​ក្រុម​អ្នក​ជួយសង្គ្រោះ​ជឿជាក់ថា អ្នក​ទាំងនេះ​កំពុង​ជាប់​នៅក្នុង​រូងភ្នំ ថា​ម​លួង ណា​ង ណុន (Tham Luang Nang Non) ដែល​ស្ថិត​ភាគ​ជើង​នៃ​ខេត្ត ឈៀង​រ៉ៃ (Chiang Rai) និង​ជា​រូងភ្នំ​វែង​ជាងគេ​បំផុត​ទី​០៤ របស់​ថៃ​។​

​ក្មេង​ទាំងនេះ​មាន​អាយុ​ចន្លោះ​ពី ១១​ឆ្នាំ ដល់ ១៦​ឆ្នាំ ហើយ​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​មាន​អាយុ ២៥​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា មិនអាច​ចាកចេញ​ពី​រូងភ្នំ​នេះ​បានឡើយ នៅ​មុនពេល​មានទឹក​ជន់​លិច ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​កំពុង​បង្ក​ការរំខាន​ដល់​ក្រុម​អ្នក​ជួយសង្គ្រោះ​។​

​ប៉ុន្តែ​យ៉ាងណា មកទល់ពេលនេះ ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​បន្ត​ធ្វើឡើង ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ​ផ្ទាល់ លោក អនុពង្ស ផាវ​ចិន្តា (Anupong Paochinda) បានឱ្យដឹងថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ចាប់ផ្តើម​ជីក​ប្រហោង​មួយ​ចូលទៅ​កាន់​រូងភ្នំ ដើម្បី​ចូលទៅ​ដល់ កន្លែង​អ្នក​បាត់​ខ្លួន​។ លើសពីនេះទៅទៀត ក្រុម​អ្នកជំនាញ​រុករក​ក្រោម​ល្អាង​ភ្នំ​បីនាក់ មកពី​អង់គ្លេស ដែល​មកដល់​ប្រទេស​ថៃ​កាលពី ថ្ងៃ​ពុធ រួមទាំង​ក្រុម​កុម្ម៉ង់ដូ​ពិសេស​អាមេរិក SEAL ក៏​កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះដែរ ជាមួយ​ក្ដី​រំពឹងថា​អាច​នឹង រកឃើញ​អ្នក​បាត់​ខ្លួន​ទាំងនោះ​។​

​គួរ​បញ្ជាក់ថា យោធា​ថៃ ក៏បាន​ដាក់ពង្រាយ​ទាហាន​របស់ខ្លួន​ច្រើនជាង ១,០០០​នាក់ ឱ្យទៅជួយ​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាំង ១២​ក្រុម ផងដែរ​ខណៈ​ការបាត់​ខ្លួន​របស់​ជង​រងគ្រោះ បាន​ឈាន​ចូលដល់​ថ្ងៃទី​០៥​ហើយ​៕​

ភ្នំពេញ សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ថ្មី នៅក្រោម​សួនច្បារ​ខាងលិច​វត្តភ្នំ​

​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​នៅ​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ ដែល​ស្ថិតនៅ​ខាងលិច​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​ប៉ានី​យ៉ា​រ៉ា​ក់ព​ល់​ធុ​ប​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ថៃឡង់​ដ៏​ប្រចាំ​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងជំនួប​នោះ លោក ឃួ​ង ស្រេង បាន​លើកឡើងថា នៅ​រាជធានី​ភ្នំពេញ មាន​សួនច្បារ​ជាច្រើន ក្នុងនោះ​មាន​សួនច្បា​មួយ ដែលជា​សួនច្បារ​និមិត្តរូប នៃ​ចំណងមិត្តភាព សាមគ្គីភាព រវាង​ប្រទេស​ទាំងពីរ កម្ពុជា​- ថៃ ដោយ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បានរួម​គ្នា​ដាំ​ដើមឈើ​ជា​និមិត្តរូប នៅលើ​សួន​នេះ​។ ប៉ុន្តែ​ជា​គម្រោង​សម្រាប់​រាជធានី​ភ្នំពេញ ក្រោម​ការឯកភាព​ពី​រាជរដ្ឋាភិបាល​ទីតាំង​សួនច្បារ​នេះ ត្រូវ​សាងសង់​ចំណត់​រថយន្ត នៅ​ផ្នែក​ខាងកើត ដែល​ទាមទារ​ឱ្យមាន​ការរុះរើ​សួនច្បារ​ចាស់​ចេញ​។​

​លោក អភិបាល​បញ្ជាក់ថា ក្រោយ​ការស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ហើយ នឹង​ស្ថាបនា​សួន​ឡើងវិញ ដោយ​រក្សា​ទ្រង់ទ្រាយ​ដើម ហើយ​មាន​ក្រុម​អ្នកបច្ចេកទេស​មកពី​ប្រទេស​ថៃ មក​មើល​ផងដែរ​។ ការរុះរើ​សួនច្បារ​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​នេះ វា​មិន​ប៉ះពាល់ ដល់​ដើមឈើ​ប្រភេទ​ធំៗ ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ដាំ​នោះទេ ដោយហេតុថា ដើមឈើ​ទាំងនោះ ស្ថិតនៅលើ​សួនច្បារ​ប៉ែក​ខាងលិច​ប៉ុណ្ណោះ​។​

​ក្រៅពី​ការលើកឡើង​ខាងលើ លោក ឃួ​ង ស្រេង នូវ​បានលើកឡើង​ពី​ការរីកចំរើន របស់​រាជធានី​ភ្នំពេញ ចេញពី​បាតដៃ​ទទេ ក្រោយ​របប​ប្រល័យពូជសាសន៍ ដែល​ពេលនេះ​មាន​សំណង់​អគារ​​ខ្ពស់ៗ ផ្លូវថ្នល់ ស្ពាន​អាកាស សាលា វត្ត​អារាម​ជាច្រើន ខណៈដែល​កំណើន​ប្រជាពលរដ្ឋ​មានការ​កើន​ឡើងជា​លំដាប់ ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ការវិវត្ត​ន៍​រីកចំរើន ពិសេស​លើ​វិស័យ​អចលនទ្រព្យ​។ ទន្ទឹមនឹង​ការរីកចំរើន​នេះហើយ បានជា​រាជធានី​ភ្នំពេញ ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​បញ្ហា​កកស្ទះ​ចរាចរ បញ្ហា​សំរាម និង​គ្រឿងញៀន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​គិតគូរ និង​ដោះស្រាយ​ជា​បន្តបន្ទាប់​។​
​លោក ប៉ានី​យ៉ា​រ៉ា​ក់ព​ល់​ធុ​ប បានលើកឡើង​ផងដែរ​ថា ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់រាជ​ធានី​ភ្នំពេញ ដែលមាន​កង្វះ​ចំណតរថយន្ត នៅ​ចំពោះមុខ​នោះ ភាគី​ថៃ មិនមាន​អ្វី​ទំ​ទាស់​នោះឡើយ គ្រាន់តែ​ស្នើឱ្យ​អ្នកជំនាញការ​រួមគ្នា​សិក្សា​ឱ្យបាន​ល្អិន​ល្អ ដើម្បី​រក្សា​ឱ្យបាន​នូវ​ទ្រង់ទ្រាយ​ដើម របស់​សួន​មិត្តភាព កម្ពុជា​-​ថៃ​នេះ​។​

​ជាមួយគ្នា​នោះ ឯកអគ្គរាជទូត ក៏បាន​ស្នើឱ្យ​ប្រតិភូ រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច និង​ផ្លាស់ប្តូរ​បទពិសោធន៍ នៅ​ទីក្រុង​បាងកក នៅពេល​ខាងមុខនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក បាន​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយគ្នា តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ហើយ​ភាគី​ទាំងពី​ចង់ឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ កាន់តែ​ល្អប្រសើរ​ថែមទៀត​៕

រដ្ឋបាល​រាជធានី និង Jica ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​សមត្ថភាព ប្រព័ន្ធ​ប្រឡាយ​លូ​

ភ្នំពេញ ៖ ក្រុមការងារ​រៀបចំ​ផែនការ​លម្អិត និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា ព្រមជាមួយ​អង្គការ Jica ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ បាន​ចុះហត្ថលេខា លើ​កិច្ច​សហ​ប្រ​តិ្ត​ប​ត្ត​ការ​បច្ចេកទេស​ប្រទេស​ជប៉ុន សម្រាប់ គម្រោងការ​អភិវឌ្ឍន៍​សមត្ថភាព​លើ​ការងារ​គ្រប់​គ្រង់ ប្រព័ន្ធ​ប្រឡាយ លូ នៅ​ភ្នំពេញ និង​ដើម្បី​ពង្រឹងសមត្ថភាព ដល់​មន្ត្រី​ជំនាញ ដើម្បី​ទ្រទ្រង់ ដល់​ដំណើរការ កែលម្អរ​បរិស្ថាន ក៏ដូចជា​ការអភិវឌ្ឍ នៅ​រាជធានី​ភ្នំពេញ នាពេល​អនាគត ។​

​ពិធី​ចុះហត្ថលេខា​នេះ បានសម្រេច​បង្កើត “​គណៈកម្មការ​ធិ​ការ សម្របសម្រួល​រួម និង​គណៈកម្មាធិការ​ប​ច្ចេកទេស ” ហៅ​កាត់​ថា JCC និង TC រៀងៗ​ខ្លួន ។ ក្នុងនោះ​រដ្ឋបាល រាជធានី បាន​ឯកភាព​ទទួលយក គម្រោង​ផែនការ​ម៉ា​ទ្រី​ច (Project Design Matrix) របស់​ក្រុម​ជំនាញការ ដែល​បានគ្រោង​សម្រាប់ ការអនុវត្ត​គម្រោង នាពេលខាងមុខ ។

​គម្រោង​ផែនការ​ម៉ា​ទ្រី​ចនេះ នឹង​ប្រើប្រាស់ សម្រាប់​ធ្វើជា​ឧបករណ៍ ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​តាមដាន លើ​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​គម្រោង​នេះ អាច​នឹង​កែសម្រួល ទៅតាម​តម្រូវការ នៅក្នុង​អំឡុងពេល នៃ​ដំណាក់កាល​អនុវត្ត​គម្រោង ដោយមាន​ការពិគ្រោះ​យោបល់​គ្នា ទៅវិញទៅមក​រវាង​ភាគី​កម្ពុជា​និង JICA ។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ពិធី​ចុះហត្ថលេខា​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​ពង្រឹងសមត្ថភាព ដល់​មន្ត្រី​ជំនាញ ដើម្បី​ទ្រទ្រង់ ដល់​ដំណើរការ កែលម្អរ បរិស្ថាន ក៏ដូចជា​ការអភិវឌ្ឍ នៅ​រាជធានី​ភ្នំពេញ នាពេល​អនាគត ឱ្យមាន​និរន្តរភាព និង​ប្រសិទ្ធភាព​។

​លោក​បណ្ឌិត អិ​តូ អិ​ម​ប៉េ​អិ ប្រធាន​គ្រប់គ្រង​បរិស្ថាន​ក្រុមការងារ​ទី​១ នៃ​នាយកដ្ឋាន​បរិស្ថាន​សក​ល Jica ប្រទេស​ជប៉ុន បាន​លើកឡើងថា “​រដ្ឋាភិបាល​ជប៉ុន តែងតែមាន​ការសហកា​រ​ជាមួយ រដ្ឋាភិបាល​កម្ពុជា ដោយ​ស្ថាប័ន​ទាំងពីរ មានការ​សហការគ្នា​យ៉ាង​ល្អ លើ​វិស័យនេះ ទោះបីជា​ស្ថាប័ន​នីមួយៗ មានការ​អភិវឌ្ឍន៍​ផ្សេងៗ​គ្នា​យ៉ាងណាក៏ដោយ តែ​សម្រាប់​ព័ត៌មាន ក៏ដូចជា​បញ្ហា​សហការ​នានា គឺ​បាន​ផ្លាស់ប្តូរ​គ្នា និង​បាន​សហការ​យ៉ាង​ជិតស្និត ។​

​ប្រធាន​គ្រប់គ្រង​បរិស្ថាន​រូបនេះ​បន្តថា អង្គការ Jica មិន​ត្រឹមតែ​ធ្វើ​ការងារ អភិវឌ្ឍ​គម្រោង ផ្នែក​បច្ចេកទេស​នោះទេ ក៏ប៉ុន្តែ​មាន​គម្រោង ជំនួយឥតសំណង​ជាច្រើន​ទៀត ដែល​ធ្វើ​ការងារ ដើម្បី​អភិវឌ្ឍ ក្នុង​រយៈពេល​វែង នៃ​ស្ថាប័ន​ទាំងពីរ ក៏មាន​សំ​រៈ​សំខាន់​ផងដែរ​។​
​លោក​បណ្ឌិត បញ្ជាក់ថា ប្រទេស​ជប៉ុន តាមរយៈ Jica ក៏បាន​សម្រេចចិត្ត​គាំទ្រ និង​ផ្តល់ជំនួយ សម្រាប់​គម្រោង​រយៈពេល​៤​ឆ្នាំ ដែល​នេះ​ជាការ​ចាប់ផ្តើម​អនុវត្ត​គម្រោង ក្រោម​កិច្ចសហការ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា លើ​ការអភិវឌ្ឍន៍​ប្រឡាយ​លូ​នៅ​ភ្នំពេញ​៕

នាយករដ្ឋមន្ត្រី​អំពាវនាវ​វិនិយោគិន​ពង្រីក​អាជីវកម្ម​នៅ​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំ ពា​វ​នាវ​ដល់​អ្នករកស៊ី ក្នុង និង​ក្រៅប្រទេស មក​វិនិយោគ​លើ​វិស័យ​នានា​នៅ​ខេត្តកំពង់ឆ្នាំង ត្បិត​ខេត្ត​មួយ​នេះ​នៅមាន​សក្តានុពល​ច្រើន​វិស័យ​នៅឡើយ​។ រាជរដ្ឋាភិបាល នឹង​ខិតខំ​រក្សា​វត្តមាន​រោងចក្រ​នៅ​កម្ពុជា​ឲ្យ​គង់វង្ស ជាមួយនឹង​ការទាក់ទាញ​វិនិយោគ បង្កើត​រោងចក្រ​ឲ្យ​បាន​កាន់​ច្រើន ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​កម្មករ ក​ម្មា​រិ​នី ។​

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​២​ម៉ឺន​១​ពាន់​នាក់​មកពី​រោងចក្រ​ចំនួន​១៤ នៅ​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន​បញ្ជាក់ថា ការវិនិយោគ​នៅ​ខេត្តកំពង់ឆ្នាំង នៅ​មិនទាន់​អស់​សក្តានុពល​នៅឡើយ​ទេ កំពង់ឆ្នាំង​នៅមាន​លទ្ធភាព​ទាក់ទាញ​នូវ​បណ្តា​រោងចក្រ​ដើម្បី​មក​វិនិយោគ​។ ការវិនិយោគ​នោះ​មិនមែន​ត្រឹមតែ​វិស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង​តែមួយ​មុខ​ទេ ប៉ុន្តែ​អាចមាន​វិនិយោគ​ថ្មីៗ​បន្ថែមទៀត​អាច​ស្វែងរក​ឱកាស​វិនិយោគ និង​ទទួលបាន​ប្រាក់ចំណេញ​។ សម្តេច​បាន​អះអាងថា ប្រាក់ចំណេញ​របស់​អ្នកវិនិយោគ ក៍​ជា​ប្រាក់ចំណេញ​របស់​ប្រជាជន ក្នុង​ការទទួល​បានកា​រងារ​បន្ថែមទៀត​។ សម្តេច​តេ​ជោ បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​វត្តមាន របស់​រោងចក្រ​ជាច្រើន​នៅ​ខេត្តកំពង់ឆ្នាំង ដែល​បានផ្តល់​ការងារ​ធ្វើ​ជូន​កម្មករ កម្មការិនី​រហូតដល់​ជាង​៤​ម៉ឺន​៣​ពាន់​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង​៩៤​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​
​សម្តេច​បន្តថា យើង​កំពុង​រក្សា​ចាស់ និង​បង្កើន​ថ្មី​តាមរយៈ​ខិតខំ​ធានា​ធ្វើយ៉ាងណា​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​ដែល​កំពុងមាន​សព្វថ្ងៃនេះ បន្ត​រក្សា​វត្តមាន​នៅក្នុង​ប្រទេស​របស់​យើង និង​ទាក់ទាញ​ការវិនិយោគ​មកពី​ក្រៅ ប្រទេស​បន្ថែមទៀត ដើម្បី​បង្កើត​ការងារ​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​។ ក្មួយៗ​មានការ​ងារ​ធ្វើ​ដឹងថា ប្អូន​មិនទាន់មាន​ការងារ​ធ្វើ ដូច្នោះ​ហើយ​បានជា​យើង​ត្រូវ​បន្ត​រួមគ្នា​ដើម្បី​ដោះស្រាយ​ការងារ​ធ្វើជា​បន្តទៀត​។​

​សម្តេច​តេ​ជោ​បាន​អះអាង ដែរ​ថា អ្វីដែល​ធ្វើ​ឲ្យ​វិនិយោគិន​មករក​ស៊ី​នៅ​កម្ពុជា ក៍​ព្រោះ​កត្តា​សន្តិភាព និង​ស្ថេរភាព​នយោបាយ​ទូទាំងប្រទេស ពិសេស​ការផ្តល់​លទ្ធភាព​ឲ្យ​វិនិយោគិន​បោះទុន​វិនិយោគ​១០០​ភាគរយ ដោយ​មិនបាច់​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ក្នុងស្រុក​នោះទេ​។​អ្វីដែល​រដ្ឋាភិបាល​បន្ត​ធ្វើ​នោះ​គឺ​ការខិតខំ​បញ្ចុះតម្លៃ​អគ្គិសនី​ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ​ប្រទាក់ក្រឡា​គ្នា សាងសង់​កំពង់ផែ​ថ្មី​ជាមួយនឹង​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការវិនិយោគ​នៅ​កម្ពុជា​។

​សម្តេច​តេ​ជោ​បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​គោលនយោបាយ​ពង្រាយ​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​ដែល​បានផ្តល់​ការងារ​ធ្វើ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​កាត់បន្ថយ​ការចំណាយ​នានា​និង​មិនចាំបាច់​ប្រមូលផ្តុំ​គ្នា​តែ​នៅ​ទីក្រុង ។

​សម្តេច ក៍​មោទនភាព​ចំពោះ​ប្រាក់បៀវត្ស​របស់​កម្មក​រ កម្មការិនី​ដែល​បន្ត​កើនឡើង​រហូតដល់​១៧០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ បូករួម​ជាមួយ​ប្រាក់ អត្ថប្រយោជន៍​នានា បានធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរ​ថែមទៀត​។ សម្តេច​អះអាងថា រាជរដ្ឋាភិបាល​មិនទាន់​ស្កប់ស្កល់​នូវ​ប្រាក់ខែ​១៧០​ដុល្លារ​សម្រាប់​កម្មករ​នោះទេ ឆ្នាំ​២០១៩ និង​ឆ្នាំ​បន្តទៀត នឹង​នៅតែ​បន្ត​កើនឡើង​បន្ថែមទៀត​ផងដែរ​៕

អតីត​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ដែល​កំពុង​ជាប់ឃុំ​ត្រូវបាន​ដំឡើង​ឋានៈ​

​ភ្នំពេញ ៖ អ​តី​តៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ថា​នៈ​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ មកជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ បើទោះបីជា​លោក​កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​ក្នុង​រឿងក្ដី​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទៅលើ​ស្រី​កំណាន់​របស់ខ្លួន និង​កំពុង​ត្រូវ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​យ៉ាងណាក្តី​។​

​ព្រះរាជក្រឹត្យ​ដែល​ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នា២០១៨ នេះ បាន​ធ្វើឡើង​យោងតាម​សេចក្ដីក្រាបបង្គំទូលថ្វាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​ត្រាស់បង្គាប់​ដំឡើង​ថ្នាក់​តាម​វេន​ប្រចាំឆ្នាំ​ដល់​មន្ត្រីរាជការ ១៧៩​រូប ក្នុង​ថា​នន្តរ​ស័ក្តិ «​ឧ​ត្ត​ម​មន្ត្រី​» នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។ នៅក្នុង​ចំណោម​មន្ត្រី​ដែល​តែងតាំង​ទាំង​១៧៩​នាក់​នោះ គេ​ឃើញ​មានឈ្មោះ លោក ឡាយ វណ្ណៈ ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៤៧ ត្រូវបាន​ដំឡើង​តំណែង​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ មកជា​ថ្នាក់​លេខ​៣ ផងដែរ​។​

​បន្ទាប់ពី​ព្រះរាជក្រឹត្យ​នេះ​ត្រូវបាន​ចែក​ផ្សាយ មាន​មហាជន​ជាច្រើន​បាន​ងឿងឆ្ងល់​យ៉ាងខ្លាំង ព្រោះ​គេ​ឃើញ​ឈ្មោះ​លោក ឡាយ វណ្ណៈ ម្នាក់​នៅក្នុង​ការដំឡើង​ឋានៈ​នោះ ខណៈដែល​លោក​កំ​ពុ​ងា​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​PJ​ជា​បណ្ដោះអាសន្ន​នៅឡើយ ពាក់ព័ន្ធ​នឹង​អំពើ​មនុស្សឃាត​ទៅលើ​ស្ត្រី​កំណាន់​របស់ខ្លួន​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​គួររំលឹកថា លោក ឡាយ វណ្ណៈ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​ជា​អភិបាល​ខេត្តតាកែវ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្រុង​ដូន​កែវ កាលពី​ថ្ងៃអាទិត្យ​ទី​១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ីម បន្ទាប់ពី​បានចេញ​ពី​ពិធី​ផ្ទេរតំណែង​របស់លោក​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តតាកែវ​ទៅ​ឲ្យ​លោក អ៊ូច ភា ដែលជា​អភិបាលខេត្ត​ថ្មី​។ លោក ឡាយ វណ្ណៈ និង​បងប្រុស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ត្រូវបាន​ព្រះរាជអាជ្ញារង​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​មនុស្សឃាត ហើយ​បើសិនជា​ចៅក្រម​ស៊ើបសួរ​រកឃើញថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន លោក និង​បងប្រុស​អាច​ជាប់ពន្ធនាគា​រ​ពី​១០ ទៅ​១៥​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នេះ​មាន​ជនសង្ស័យ ៥​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​ង​ខេត្តតាកែវ និង​ជា​បងប្រុស​លោក ឡាយ វណ្ណៈ ,​ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបម្រើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​នារី​រងគ្រោះ ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ​។ ការចាប់ខ្លួន​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច​។ ខណៈនោះ ក្រោយ​ការ​សួរ មាន​នាំ​មនុស្ស​២​នាក់​ត្រូវបាន​ដោះលែង​អោយទៅ​ផ្ទះ​វិញ​។​

​នៅ​មុនពេល​ចាប់ខ្លួន​លោក ឡាយ វណ្ណៈ បានទទួល​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​ពិត​ជាមាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ស្ត្រី​មេម៉ាយ​កូន ៣ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ពិតមែន ហើយ​លោក​ក៏បាន​បង្ហោះ​រូបថត​ស្និទ្ធស្នាល​ជាច្រើន​សន្លឹក​ជាមួយ​ស្ត្រី​មេម៉ាយ​រូបនេះ​ផងដែរ​។ ទោះយ៉ាងណា លោក​បាន​បដិសេធថា លោក និង​បងប្រុស​របស់លោក មិនបាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​នោះទេ​។​ប៉ុន្តែ​លោក​ថា ការស្លាប់​របស់​នាង ចេ​វ សុ​វ​ឌ្ឍ​នា គឺ​មកពី​ការធ្វើអត្តឃាត​ដែល​លោក​អះអាងថា នាង​បាន​ប៉ុនប៉ង​សម្លាប់ខ្លួន​ជាច្រើនលើក​រួចមកហើយ​។​

គេ​នៅ​ចាំបាន​ថា នៅមុន​ពេល​ត្រូវ​ចាប់ខ្លួន លោក ឡាយ វណ្ណៈ សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​សូមបញ្ជាក់​អះអាងថា រូបខ្ញុំ និង​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់គ្នា ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ​! ក្រោយមក​ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​គាត់​ដែល​ធ្វើ​ឲ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ រហូតដល់​គាត់​គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង​! នេះ​ជា​រឿង​ពិត​! អ្វីដែល​ខ្ញុំ​ធ្វើ​ខុសឆ្គង ខ្ញុំ​ហ៊ាន​ទទួល​»៕