All posts by មេគង្គ ប៉ុស្តិ៍

មិនទាន់​រកឃើញទេ ​កីឡាករ​ថៃ​១២​នាក់ និង​គ្រូ​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​

​បាងកក ៖ ក្រុម​អ្នកជំនាញ​រុករក​ក្រោម​រូងភ្នំ​បីនាក់ មកពី​អង់គ្លេស កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​តាម​ស្វែងរក​ក្មេង​ជំទង់ ១២​នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ក្នុង​រូង​ល្អាង​ភ្នំ​មួយ​ក្នុង​ខេត្ត​ឈៀង​រ៉ៃ តាំងតែ​ពីថ្ងៃ​សៅរ៍​មកម្ល៉េះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន The Nation នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ​។​

​ក្មេង​ជំទង់ ១២​នាក់ ដែលជា​កីឡាករ​បាល់ទាត់​មកពី​ក្លឹប មូ​ប៉ា (Mu Pa Academy) និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ម្នាក់ បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង តាំងតែ​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មកម្ល៉េះ រីឯ​ក្រុម​អ្នក​ជួយសង្គ្រោះ​ជឿជាក់ថា អ្នក​ទាំងនេះ​កំពុង​ជាប់​នៅក្នុង​រូងភ្នំ ថា​ម​លួង ណា​ង ណុន (Tham Luang Nang Non) ដែល​ស្ថិត​ភាគ​ជើង​នៃ​ខេត្ត ឈៀង​រ៉ៃ (Chiang Rai) និង​ជា​រូងភ្នំ​វែង​ជាងគេ​បំផុត​ទី​០៤ របស់​ថៃ​។​

​ក្មេង​ទាំងនេះ​មាន​អាយុ​ចន្លោះ​ពី ១១​ឆ្នាំ ដល់ ១៦​ឆ្នាំ ហើយ​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​មាន​អាយុ ២៥​ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា មិនអាច​ចាកចេញ​ពី​រូងភ្នំ​នេះ​បានឡើយ នៅ​មុនពេល​មានទឹក​ជន់​លិច ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​កំពុង​បង្ក​ការរំខាន​ដល់​ក្រុម​អ្នក​ជួយសង្គ្រោះ​។​

​ប៉ុន្តែ​យ៉ាងណា មកទល់ពេលនេះ ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​បន្ត​ធ្វើឡើង ដោយ​រដ្ឋមន្ត្រី​មហាផ្ទៃ​ថៃ​ផ្ទាល់ លោក អនុពង្ស ផាវ​ចិន្តា (Anupong Paochinda) បានឱ្យដឹងថា ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ចាប់ផ្តើម​ជីក​ប្រហោង​មួយ​ចូលទៅ​កាន់​រូងភ្នំ ដើម្បី​ចូលទៅ​ដល់ កន្លែង​អ្នក​បាត់​ខ្លួន​។ លើសពីនេះទៅទៀត ក្រុម​អ្នកជំនាញ​រុករក​ក្រោម​ល្អាង​ភ្នំ​បីនាក់ មកពី​អង់គ្លេស ដែល​មកដល់​ប្រទេស​ថៃ​កាលពី ថ្ងៃ​ពុធ រួមទាំង​ក្រុម​កុម្ម៉ង់ដូ​ពិសេស​អាមេរិក SEAL ក៏​កំពុង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះដែរ ជាមួយ​ក្ដី​រំពឹងថា​អាច​នឹង រកឃើញ​អ្នក​បាត់​ខ្លួន​ទាំងនោះ​។​

​គួរ​បញ្ជាក់ថា យោធា​ថៃ ក៏បាន​ដាក់ពង្រាយ​ទាហាន​របស់ខ្លួន​ច្រើនជាង ១,០០០​នាក់ ឱ្យទៅជួយ​ក្រុម​អ្នក​ជួយសង្គ្រោះ​ទាំង ១២​ក្រុម ផងដែរ​ខណៈ​ការបាត់​ខ្លួន​របស់​ជង​រងគ្រោះ បាន​ឈាន​ចូលដល់​ថ្ងៃទី​០៥​ហើយ​៕​

ភ្នំពេញ សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ថ្មី នៅក្រោម​សួនច្បារ​ខាងលិច​វត្តភ្នំ​

​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បាននិងកំពុង​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​នៅ​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ ដែល​ស្ថិតនៅ​ខាងលិច​វត្តភ្នំ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​ប៉ានី​យ៉ា​រ៉ា​ក់ព​ល់​ធុ​ប​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ថៃឡង់​ដ៏​ប្រចាំ​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុងជំនួប​នោះ លោក ឃួ​ង ស្រេង បាន​លើកឡើងថា នៅ​រាជធានី​ភ្នំពេញ មាន​សួនច្បារ​ជាច្រើន ក្នុងនោះ​មាន​សួនច្បា​មួយ ដែលជា​សួនច្បារ​និមិត្តរូប នៃ​ចំណងមិត្តភាព សាមគ្គីភាព រវាង​ប្រទេស​ទាំងពីរ កម្ពុជា​- ថៃ ដោយ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បានរួម​គ្នា​ដាំ​ដើមឈើ​ជា​និមិត្តរូប នៅលើ​សួន​នេះ​។ ប៉ុន្តែ​ជា​គម្រោង​សម្រាប់​រាជធានី​ភ្នំពេញ ក្រោម​ការឯកភាព​ពី​រាជរដ្ឋាភិបាល​ទីតាំង​សួនច្បារ​នេះ ត្រូវ​សាងសង់​ចំណត់​រថយន្ត នៅ​ផ្នែក​ខាងកើត ដែល​ទាមទារ​ឱ្យមាន​ការរុះរើ​សួនច្បារ​ចាស់​ចេញ​។​

​លោក អភិបាល​បញ្ជាក់ថា ក្រោយ​ការស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ហើយ នឹង​ស្ថាបនា​សួន​ឡើងវិញ ដោយ​រក្សា​ទ្រង់ទ្រាយ​ដើម ហើយ​មាន​ក្រុម​អ្នកបច្ចេកទេស​មកពី​ប្រទេស​ថៃ មក​មើល​ផងដែរ​។ ការរុះរើ​សួនច្បារ​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​នេះ វា​មិន​ប៉ះពាល់ ដល់​ដើមឈើ​ប្រភេទ​ធំៗ ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ដាំ​នោះទេ ដោយហេតុថា ដើមឈើ​ទាំងនោះ ស្ថិតនៅលើ​សួនច្បារ​ប៉ែក​ខាងលិច​ប៉ុណ្ណោះ​។​

​ក្រៅពី​ការលើកឡើង​ខាងលើ លោក ឃួ​ង ស្រេង នូវ​បានលើកឡើង​ពី​ការរីកចំរើន របស់​រាជធានី​ភ្នំពេញ ចេញពី​បាតដៃ​ទទេ ក្រោយ​របប​ប្រល័យពូជសាសន៍ ដែល​ពេលនេះ​មាន​សំណង់​អគារ​​ខ្ពស់ៗ ផ្លូវថ្នល់ ស្ពាន​អាកាស សាលា វត្ត​អារាម​ជាច្រើន ខណៈដែល​កំណើន​ប្រជាពលរដ្ឋ​មានការ​កើន​ឡើងជា​លំដាប់ ធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ការវិវត្ត​ន៍​រីកចំរើន ពិសេស​លើ​វិស័យ​អចលនទ្រព្យ​។ ទន្ទឹមនឹង​ការរីកចំរើន​នេះហើយ បានជា​រាជធានី​ភ្នំពេញ ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដូចជា​បញ្ហា​កកស្ទះ​ចរាចរ បញ្ហា​សំរាម និង​គ្រឿងញៀន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​គិតគូរ និង​ដោះស្រាយ​ជា​បន្តបន្ទាប់​។​
​លោក ប៉ានី​យ៉ា​រ៉ា​ក់ព​ល់​ធុ​ប បានលើកឡើង​ផងដែរ​ថា ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​រប​ស់រាជ​ធានី​ភ្នំពេញ ដែលមាន​កង្វះ​ចំណតរថយន្ត នៅ​ចំពោះមុខ​នោះ ភាគី​ថៃ មិនមាន​អ្វី​ទំ​ទាស់​នោះឡើយ គ្រាន់តែ​ស្នើឱ្យ​អ្នកជំនាញការ​រួមគ្នា​សិក្សា​ឱ្យបាន​ល្អិន​ល្អ ដើម្បី​រក្សា​ឱ្យបាន​នូវ​ទ្រង់ទ្រាយ​ដើម របស់​សួន​មិត្តភាព កម្ពុជា​-​ថៃ​នេះ​។​

​ជាមួយគ្នា​នោះ ឯកអគ្គរាជទូត ក៏បាន​ស្នើឱ្យ​ប្រតិភូ រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច និង​ផ្លាស់ប្តូរ​បទពិសោធន៍ នៅ​ទីក្រុង​បាងកក នៅពេល​ខាងមុខនេះ​។​

​គួរបញ្ជាក់​ផងដែរ​ថា រាជធានី​ភ្នំពេញ និង​ទីក្រុង​បាងកក បាន​ចងសម្ព័ន្ធ​មេត្រីភាព ជាមួយគ្នា តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ហើយ​ភាគី​ទាំងពី​ចង់ឱ្យ​កិច្ចសហប្រតិបត្តិការ​នេះ កាន់តែ​ល្អប្រសើរ​ថែមទៀត​៕

រដ្ឋបាល​រាជធានី និង Jica ចុះ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​សមត្ថភាព ប្រព័ន្ធ​ប្រឡាយ​លូ​

ភ្នំពេញ ៖ ក្រុមការងារ​រៀបចំ​ផែនការ​លម្អិត និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្ពុជា ព្រមជាមួយ​អង្គការ Jica ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ នេះ បាន​ចុះហត្ថលេខា លើ​កិច្ច​សហ​ប្រ​តិ្ត​ប​ត្ត​ការ​បច្ចេកទេស​ប្រទេស​ជប៉ុន សម្រាប់ គម្រោងការ​អភិវឌ្ឍន៍​សមត្ថភាព​លើ​ការងារ​គ្រប់​គ្រង់ ប្រព័ន្ធ​ប្រឡាយ លូ នៅ​ភ្នំពេញ និង​ដើម្បី​ពង្រឹងសមត្ថភាព ដល់​មន្ត្រី​ជំនាញ ដើម្បី​ទ្រទ្រង់ ដល់​ដំណើរការ កែលម្អរ​បរិស្ថាន ក៏ដូចជា​ការអភិវឌ្ឍ នៅ​រាជធានី​ភ្នំពេញ នាពេល​អនាគត ។​

​ពិធី​ចុះហត្ថលេខា​នេះ បានសម្រេច​បង្កើត “​គណៈកម្មការ​ធិ​ការ សម្របសម្រួល​រួម និង​គណៈកម្មាធិការ​ប​ច្ចេកទេស ” ហៅ​កាត់​ថា JCC និង TC រៀងៗ​ខ្លួន ។ ក្នុងនោះ​រដ្ឋបាល រាជធានី បាន​ឯកភាព​ទទួលយក គម្រោង​ផែនការ​ម៉ា​ទ្រី​ច (Project Design Matrix) របស់​ក្រុម​ជំនាញការ ដែល​បានគ្រោង​សម្រាប់ ការអនុវត្ត​គម្រោង នាពេលខាងមុខ ។

​គម្រោង​ផែនការ​ម៉ា​ទ្រី​ចនេះ នឹង​ប្រើប្រាស់ សម្រាប់​ធ្វើជា​ឧបករណ៍ ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​តាមដាន លើ​ការងារ​គ្រប់គ្រង​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ​។ សម្រាប់​គម្រោង​នេះ អាច​នឹង​កែសម្រួល ទៅតាម​តម្រូវការ នៅក្នុង​អំឡុងពេល នៃ​ដំណាក់កាល​អនុវត្ត​គម្រោង ដោយមាន​ការពិគ្រោះ​យោបល់​គ្នា ទៅវិញទៅមក​រវាង​ភាគី​កម្ពុជា​និង JICA ។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ពិធី​ចុះហត្ថលេខា​នេះ មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុងការ​ពង្រឹងសមត្ថភាព ដល់​មន្ត្រី​ជំនាញ ដើម្បី​ទ្រទ្រង់ ដល់​ដំណើរការ កែលម្អរ បរិស្ថាន ក៏ដូចជា​ការអភិវឌ្ឍ នៅ​រាជធានី​ភ្នំពេញ នាពេល​អនាគត ឱ្យមាន​និរន្តរភាព និង​ប្រសិទ្ធភាព​។

​លោក​បណ្ឌិត អិ​តូ អិ​ម​ប៉េ​អិ ប្រធាន​គ្រប់គ្រង​បរិស្ថាន​ក្រុមការងារ​ទី​១ នៃ​នាយកដ្ឋាន​បរិស្ថាន​សក​ល Jica ប្រទេស​ជប៉ុន បាន​លើកឡើងថា “​រដ្ឋាភិបាល​ជប៉ុន តែងតែមាន​ការសហកា​រ​ជាមួយ រដ្ឋាភិបាល​កម្ពុជា ដោយ​ស្ថាប័ន​ទាំងពីរ មានការ​សហការគ្នា​យ៉ាង​ល្អ លើ​វិស័យនេះ ទោះបីជា​ស្ថាប័ន​នីមួយៗ មានការ​អភិវឌ្ឍន៍​ផ្សេងៗ​គ្នា​យ៉ាងណាក៏ដោយ តែ​សម្រាប់​ព័ត៌មាន ក៏ដូចជា​បញ្ហា​សហការ​នានា គឺ​បាន​ផ្លាស់ប្តូរ​គ្នា និង​បាន​សហការ​យ៉ាង​ជិតស្និត ។​

​ប្រធាន​គ្រប់គ្រង​បរិស្ថាន​រូបនេះ​បន្តថា អង្គការ Jica មិន​ត្រឹមតែ​ធ្វើ​ការងារ អភិវឌ្ឍ​គម្រោង ផ្នែក​បច្ចេកទេស​នោះទេ ក៏ប៉ុន្តែ​មាន​គម្រោង ជំនួយឥតសំណង​ជាច្រើន​ទៀត ដែល​ធ្វើ​ការងារ ដើម្បី​អភិវឌ្ឍ ក្នុង​រយៈពេល​វែង នៃ​ស្ថាប័ន​ទាំងពីរ ក៏មាន​សំ​រៈ​សំខាន់​ផងដែរ​។​
​លោក​បណ្ឌិត បញ្ជាក់ថា ប្រទេស​ជប៉ុន តាមរយៈ Jica ក៏បាន​សម្រេចចិត្ត​គាំទ្រ និង​ផ្តល់ជំនួយ សម្រាប់​គម្រោង​រយៈពេល​៤​ឆ្នាំ ដែល​នេះ​ជាការ​ចាប់ផ្តើម​អនុវត្ត​គម្រោង ក្រោម​កិច្ចសហការ ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សាលា​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា លើ​ការអភិវឌ្ឍន៍​ប្រឡាយ​លូ​នៅ​ភ្នំពេញ​៕

នាយករដ្ឋមន្ត្រី​អំពាវនាវ​វិនិយោគិន​ពង្រីក​អាជីវកម្ម​នៅ​ខេត្តកំពង់ឆ្នាំង​

​កំពង់ឆ្នាំង ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំ ពា​វ​នាវ​ដល់​អ្នករកស៊ី ក្នុង និង​ក្រៅប្រទេស មក​វិនិយោគ​លើ​វិស័យ​នានា​នៅ​ខេត្តកំពង់ឆ្នាំង ត្បិត​ខេត្ត​មួយ​នេះ​នៅមាន​សក្តានុពល​ច្រើន​វិស័យ​នៅឡើយ​។ រាជរដ្ឋាភិបាល នឹង​ខិតខំ​រក្សា​វត្តមាន​រោងចក្រ​នៅ​កម្ពុជា​ឲ្យ​គង់វង្ស ជាមួយនឹង​ការទាក់ទាញ​វិនិយោគ បង្កើត​រោងចក្រ​ឲ្យ​បាន​កាន់​ច្រើន ដើម្បី​បង្កើត​ការងារ​ធ្វើ​ជូន​កម្មករ ក​ម្មា​រិ​នី ។​

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​២​ម៉ឺន​១​ពាន់​នាក់​មកពី​រោងចក្រ​ចំនួន​១៤ នៅ​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន​បញ្ជាក់ថា ការវិនិយោគ​នៅ​ខេត្តកំពង់ឆ្នាំង នៅ​មិនទាន់​អស់​សក្តានុពល​នៅឡើយ​ទេ កំពង់ឆ្នាំង​នៅមាន​លទ្ធភាព​ទាក់ទាញ​នូវ​បណ្តា​រោងចក្រ​ដើម្បី​មក​វិនិយោគ​។ ការវិនិយោគ​នោះ​មិនមែន​ត្រឹមតែ​វិស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង​តែមួយ​មុខ​ទេ ប៉ុន្តែ​អាចមាន​វិនិយោគ​ថ្មីៗ​បន្ថែមទៀត​អាច​ស្វែងរក​ឱកាស​វិនិយោគ និង​ទទួលបាន​ប្រាក់ចំណេញ​។ សម្តេច​បាន​អះអាងថា ប្រាក់ចំណេញ​របស់​អ្នកវិនិយោគ ក៍​ជា​ប្រាក់ចំណេញ​របស់​ប្រជាជន ក្នុង​ការទទួល​បានកា​រងារ​បន្ថែមទៀត​។ សម្តេច​តេ​ជោ បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​វត្តមាន របស់​រោងចក្រ​ជាច្រើន​នៅ​ខេត្តកំពង់ឆ្នាំង ដែល​បានផ្តល់​ការងារ​ធ្វើ​ជូន​កម្មករ កម្មការិនី​រហូតដល់​ជាង​៤​ម៉ឺន​៣​ពាន់​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង​៩៤​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​
​សម្តេច​បន្តថា យើង​កំពុង​រក្សា​ចាស់ និង​បង្កើន​ថ្មី​តាមរយៈ​ខិតខំ​ធានា​ធ្វើយ៉ាងណា​ឲ្យ​រោងចក្រ​នៅ​កម្ពុជា​ដែល​កំពុងមាន​សព្វថ្ងៃនេះ បន្ត​រក្សា​វត្តមាន​នៅក្នុង​ប្រទេស​របស់​យើង និង​ទាក់ទាញ​ការវិនិយោគ​មកពី​ក្រៅ ប្រទេស​បន្ថែមទៀត ដើម្បី​បង្កើត​ការងារ​ថ្មី​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​។ ក្មួយៗ​មានការ​ងារ​ធ្វើ​ដឹងថា ប្អូន​មិនទាន់មាន​ការងារ​ធ្វើ ដូច្នោះ​ហើយ​បានជា​យើង​ត្រូវ​បន្ត​រួមគ្នា​ដើម្បី​ដោះស្រាយ​ការងារ​ធ្វើជា​បន្តទៀត​។​

​សម្តេច​តេ​ជោ​បាន​អះអាង ដែរ​ថា អ្វីដែល​ធ្វើ​ឲ្យ​វិនិយោគិន​មករក​ស៊ី​នៅ​កម្ពុជា ក៍​ព្រោះ​កត្តា​សន្តិភាព និង​ស្ថេរភាព​នយោបាយ​ទូទាំងប្រទេស ពិសេស​ការផ្តល់​លទ្ធភាព​ឲ្យ​វិនិយោគិន​បោះទុន​វិនិយោគ​១០០​ភាគរយ ដោយ​មិនបាច់​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន ក្នុងស្រុក​នោះទេ​។​អ្វីដែល​រដ្ឋាភិបាល​បន្ត​ធ្វើ​នោះ​គឺ​ការខិតខំ​បញ្ចុះតម្លៃ​អគ្គិសនី​ការសាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ពូ័​ន្ធ​ប្រទាក់ក្រឡា​គ្នា សាងសង់​កំពង់ផែ​ថ្មី​ជាមួយនឹង​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការវិនិយោគ​នៅ​កម្ពុជា​។

​សម្តេច​តេ​ជោ​បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​គោលនយោបាយ​ពង្រាយ​រោងចក្រ​នៅតាម​បណ្តា​ខេត្ត​ដែល​បានផ្តល់​ការងារ​ធ្វើ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​កាត់បន្ថយ​ការចំណាយ​នានា​និង​មិនចាំបាច់​ប្រមូលផ្តុំ​គ្នា​តែ​នៅ​ទីក្រុង ។

​សម្តេច ក៍​មោទនភាព​ចំពោះ​ប្រាក់បៀវត្ស​របស់​កម្មក​រ កម្មការិនី​ដែល​បន្ត​កើនឡើង​រហូតដល់​១៧០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ បូករួម​ជាមួយ​ប្រាក់ អត្ថប្រយោជន៍​នានា បានធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ប្រសើរ​ថែមទៀត​។ សម្តេច​អះអាងថា រាជរដ្ឋាភិបាល​មិនទាន់​ស្កប់ស្កល់​នូវ​ប្រាក់ខែ​១៧០​ដុល្លារ​សម្រាប់​កម្មករ​នោះទេ ឆ្នាំ​២០១៩ និង​ឆ្នាំ​បន្តទៀត នឹង​នៅតែ​បន្ត​កើនឡើង​បន្ថែមទៀត​ផងដែរ​៕

អតីត​អភិបាល​ខេត្តតាកែវ ឡាយ វណ្ណៈ ដែល​កំពុង​ជាប់ឃុំ​ត្រូវបាន​ដំឡើង​ឋានៈ​

​ភ្នំពេញ ៖ អ​តី​តៈ​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ថា​នៈ​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ មកជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៣ បើទោះបីជា​លោក​កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​ក្នុង​រឿងក្ដី​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទៅលើ​ស្រី​កំណាន់​របស់ខ្លួន និង​កំពុង​ត្រូវ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​យ៉ាងណាក្តី​។​

​ព្រះរាជក្រឹត្យ​ដែល​ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នា២០១៨ នេះ បាន​ធ្វើឡើង​យោងតាម​សេចក្ដីក្រាបបង្គំទូលថ្វាយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​ត្រាស់បង្គាប់​ដំឡើង​ថ្នាក់​តាម​វេន​ប្រចាំឆ្នាំ​ដល់​មន្ត្រីរាជការ ១៧៩​រូប ក្នុង​ថា​នន្តរ​ស័ក្តិ «​ឧ​ត្ត​ម​មន្ត្រី​» នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។ នៅក្នុង​ចំណោម​មន្ត្រី​ដែល​តែងតាំង​ទាំង​១៧៩​នាក់​នោះ គេ​ឃើញ​មានឈ្មោះ លោក ឡាយ វណ្ណៈ ដែល​ស្ថិតនៅ​លេខ​រៀង​ទី​៤៧ ត្រូវបាន​ដំឡើង​តំណែង​ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ មកជា​ថ្នាក់​លេខ​៣ ផងដែរ​។​

​បន្ទាប់ពី​ព្រះរាជក្រឹត្យ​នេះ​ត្រូវបាន​ចែក​ផ្សាយ មាន​មហាជន​ជាច្រើន​បាន​ងឿងឆ្ងល់​យ៉ាងខ្លាំង ព្រោះ​គេ​ឃើញ​ឈ្មោះ​លោក ឡាយ វណ្ណៈ ម្នាក់​នៅក្នុង​ការដំឡើង​ឋានៈ​នោះ ខណៈដែល​លោក​កំ​ពុ​ងា​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​PJ​ជា​បណ្ដោះអាសន្ន​នៅឡើយ ពាក់ព័ន្ធ​នឹង​អំពើ​មនុស្សឃាត​ទៅលើ​ស្ត្រី​កំណាន់​របស់ខ្លួន​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​គួររំលឹកថា លោក ឡាយ វណ្ណៈ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​ជា​អភិបាល​ខេត្តតាកែវ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែមីនា ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ក្រុង​ដូន​កែវ កាលពី​ថ្ងៃអាទិត្យ​ទី​១ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ីម បន្ទាប់ពី​បានចេញ​ពី​ពិធី​ផ្ទេរតំណែង​របស់លោក​ពី​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តតាកែវ​ទៅ​ឲ្យ​លោក អ៊ូច ភា ដែលជា​អភិបាលខេត្ត​ថ្មី​។ លោក ឡាយ វណ្ណៈ និង​បងប្រុស​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ត្រូវបាន​ព្រះរាជអាជ្ញារង​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​មនុស្សឃាត ហើយ​បើសិនជា​ចៅក្រម​ស៊ើបសួរ​រកឃើញថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន លោក និង​បងប្រុស​អាច​ជាប់ពន្ធនាគា​រ​ពី​១០ ទៅ​១៥​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នេះ​មាន​ជនសង្ស័យ ៥​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​មាន​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​ង​ខេត្តតាកែវ និង​ជា​បងប្រុស​លោក ឡាយ វណ្ណៈ ,​ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម វុ​ធ ជា​អ្នកបម្រើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា ដែលជា​នារី​រងគ្រោះ ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឲ្យ​លោក ឡាយ ណា​រិ​ទ្ធ​។ ការចាប់ខ្លួន​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាក់បាំង​បទល្មើស មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច​។ ខណៈនោះ ក្រោយ​ការ​សួរ មាន​នាំ​មនុស្ស​២​នាក់​ត្រូវបាន​ដោះលែង​អោយទៅ​ផ្ទះ​វិញ​។​

​នៅ​មុនពេល​ចាប់ខ្លួន​លោក ឡាយ វណ្ណៈ បានទទួល​ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា លោក​ពិត​ជាមាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​ស្ត្រី​មេម៉ាយ​កូន ៣ ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា ពិតមែន ហើយ​លោក​ក៏បាន​បង្ហោះ​រូបថត​ស្និទ្ធស្នាល​ជាច្រើន​សន្លឹក​ជាមួយ​ស្ត្រី​មេម៉ាយ​រូបនេះ​ផងដែរ​។ ទោះយ៉ាងណា លោក​បាន​បដិសេធថា លោក និង​បងប្រុស​របស់លោក មិនបាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​នោះទេ​។​ប៉ុន្តែ​លោក​ថា ការស្លាប់​របស់​នាង ចេ​វ សុ​វ​ឌ្ឍ​នា គឺ​មកពី​ការធ្វើអត្តឃាត​ដែល​លោក​អះអាងថា នាង​បាន​ប៉ុនប៉ង​សម្លាប់ខ្លួន​ជាច្រើនលើក​រួចមកហើយ​។​

គេ​នៅ​ចាំបាន​ថា នៅមុន​ពេល​ត្រូវ​ចាប់ខ្លួន លោក ឡាយ វណ្ណៈ សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​សូមបញ្ជាក់​អះអាងថា រូបខ្ញុំ និង​ប្អូនស្រី ចេ​វ សុ​វ​ឌ្ឍ​នា មាន​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់គ្នា ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លងមកនេះ​! ក្រោយមក​ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំនាក់​ទំនងជា​មួយ​គាត់​ដែល​ធ្វើ​ឲ្យ​គាត់​ខឹងសម្បា​នឹង​ខ្ញុំ រហូតដល់​គាត់​គិត​ខ្លី​ធ្វើអត្តឃាត​ខ្លួនឯង​! នេះ​ជា​រឿង​ពិត​! អ្វីដែល​ខ្ញុំ​ធ្វើ​ខុសឆ្គង ខ្ញុំ​ហ៊ាន​ទទួល​»៕

សាច់មាន់ និង​គ្រឿងក្នុង​ជ្រូក​នាំចូល​រាប់​តោន​ក្នុង​មួយថ្ងៃ យូរៗទើប​ចាប់​ម្តង​

​ប៉ោយប៉ែត ៖ មន្ត្រី​ជម្នាញ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ​ចាប់បាន​សាច់មាន់​1​រទេះ​នៅ​ល្ងាច​ថ្ងៃ​27 ខែមិថុនា 2018 នេះ នៅលើ​ដងផ្លូវ​ជាតិ​លេខ​5​ក្នុងភូមិ​ក្បាលកោះ​សង្កាត់ និង​ក្រុង​ប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ដើម្បី​ដុត​កំទេចចោល​។​

​ក្រុមកម្មករ​ច្រកទ្វារព្រំដែន​អន្តជាតិ​ប៉ោយប៉ែត​បង្ហើប​ថា តាំងពី​លោក សាន វិជ្ជា​សា​រ៉ាវុធ ឡើងកាន់​ជា​ប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ​ជំនួស លោក ស៊ាន​ស៊ី​ណាត ដែល​ត្រូវ​ថ្នាក់លើ​ធ្វើការ​ផ្លាស់ប្តូរ​ទៅ​កន្លែង​ផ្សេង​គេ​ឃើញ​សាច់មាន់​ចម្រុះ​និង​ពោះជ្រូក​ពិសេស​ប្រហិត​ត្រូវ​ឈ្មួញ​ដឹក​ចូល​កម្ពុជា តា ម​ច្រកទ្វារ​អន្តរជាតិ​មួយថ្ងៃៗ​រាប់សិប​រទេះដែក​និង​រទេះ​ឈើ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​កាំកុងត្រូល ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត យកចិត្តទុកដាក់​ប​ង្ក្តា​ប​ឡើយ​ហាក់បីដូចជា​ក្រុម​ឈ្មួញ​បង់ប្រាក់​ប្រចាំខែ ខណៈ​សុខភាព​ពលរដ្ឋ​បច្ចុប្បន្ន​ទាំង​អ្នកមាន​អ្នកក្ររ​ត់រក​ពេទ្យ​ក្នុង និង​ក្រៅប្រទេស​រាល់ថ្ងៃ​ដោយសារ​បញ្ហា​សុខភាព​ទទួលទាន​បន្លែ​ត្រី​សាច់​នាំចូល​ពី​ប្រទេសជិតខាង​សង្ស័យ​មកពី​ការ​ធ្វេស​ប្រ​ហេស​របស់​ម​ន្ត្តី​។​ប្រភពពី​អ្នកចេញ​ចូល​ផ្សារ​រុង​ក្លៃ​ស្រុក​អារញ្ញ​ទឹកដី​ថៃ ខ្សឹប​ដាក់​ត្រចៀក​ថា រាល់ថ្ងៃ​សាច់មាន់​ប្រហិត និង​ពោះជ្រូក​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ច្រើនណាស់​ហើយ​ថា​ការ​វេច​ខ្ចប់​ដឹក​ចេញ​មាន​គ្រប់​រូបភាព​ខណៈ​មន្ត្រី​ជំនាញ​មិនដែល​ខ្វល់​និង​ពិនិត្យមើល​រទេះដឹក​ទំនិញ​ចូល​ពី​ថៃ​ផង​នោះ​បណ្ដោយ​ឲ្យ​កូនចៅ​របស់​ចាំ​កត់​ក្បាលរទេះ​បង់ប្រាក់​ប្រ​ចៃ​ខែ​។​

​មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ហាក់​ស្ងាត់ស្ងៀម​សង្ស័យ​ឲ្យ​កូនចៅ​រាប់​តែ​ចំនួន​ជើង​រទេះ​គិតតែ​ប្រាក់​ទេ​មើលទៅ​។​
​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ធ្លាប់​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិនបាន​ហាមឃាត់​ពី​ការ​នាំចូល​សាច់សត្វ​ពី​ប្រទេសជិតខាង​ទេ​ពោលគឺ​មាន​ទាំង​ច្បាប់​អនុញ្ញាតិ​ឲ្យ​ដឹក​ថែមទៀត​ដោយសារ​ម្ហូបអាហារ​លើ​ទីផ្សារ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​។​លោក​ថា លើកលែងតែ​សាច់​ទាំងនោះ​មិនបាន​វេច​ខ្ចប់​ត្រឹមត្រូវ​ឬ​គ្មាន​ការ​ក្លាស្សេ​ទឹកកក​តាម​ស្តង់ដា​បើ​ឃើញ​គឺ​ចាប់​ហើយ​។​

​ប្រភព​បង្ហើប​ថា​ដោយ​សង្ស័យ​សំអាង​លើ​ហេតុផល​នេះហើយ​បានជា​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ទាំង​មេ​ទាំង​កូន​ពិសេស​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជិៈ​សេះ​លែងដៃ​។​ជំវិញ​ករណី​ខាងលើនេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ មិនទាន់មាន​ការបកស្រាយ​ឡើយ​ព្រោះ​ទូរស័ព្ទ​ចូល​មិន​ទទួល​៕​

ប្រទេស​ឥណ្ឌា​អំពាវនាវ​ឱ្យ​ធនាគារ AIIB ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន នៅត្រឹម​ឆ្នាំ 2020

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi បាន​អំពាវនាវ​ឱ្យ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន ពង្រីក​ការផ្តល់​ហិរញ្ញប្បទាន ដល់​បណ្តា​ប្រទេស​ជា​សមាជិក រហូតដល់ 40 ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2020 ។​

​លោក​ម៉ូ​ឌី​បាន​និយាយថា វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ ដែល​ធនាគារ AIIB បានអនុម័ត​គម្រោង​ចំនួន 25 នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន ដែលមាន​ហិរញ្ញប្បទាន​សរុប ចំនួន​ជាង 4 ពាន់​លាន​ដុល្លារ​។ ដោយ​លើកឡើង​ពី​តម្រូវការ​សម្រាប់​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ក្រុម​ដែលមាន​សមាជិក​ចំនួន 87 ប្រទេស នោះ​លោក​ម៉ូ​ឌី​បាន​អំពាវនាវ​ឱ្យ​ធនាគារ AIIB ពង្រីក​ការផ្តល់​ប្រាក់កម្ចី​ដល់​ទៅ 10 ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ 2020 និង 100 ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំ 2025 ។​

ប្រទេស​ចិន គ្រោង​នឹង​វិនិយោគ​ទឹកប្រាក់​ជាង 100 ពាន់​លាន​ដុល្លារ តាមរយៈ​គម្រោង​ខ្សែក្រវ៉ាត់​និង​ផ្លូវ ដើម្បី​សាងសង់​ផ្លូវ​ហាយវ៉េ ផ្លូវដែក កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត ដែល​ភ្ជាប់ តំបន់​អាស៊ីអាគ្នេយ៍ តំបន់​អឺរ៉ុប និង​អាហ្វ្រិក​។

​លោក​ម៉ូ​ឌី​ក៏បាន​បញ្ជាក់​សារជាថ្មី នូវ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល ចំពោះ​ការរួមបញ្ចូល​គ្នា​នៃ​សារពើពន្ធ ហើយ​បាន​និយាយថា មូលដ្ឋានគ្រឹះ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​នេះ មាន​ភាពរឹងមាំ នៅក្នុង​កម្រិត​វិនិយោគទុន​បរទេស​។ ទន្ទឹមនឹង​នេះដែរ ប្រធាន​ធនាគារ AIIB លោក Jin Liqun បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ទប់ទល់​នឹង​ការការពារ​និយម និង​លើកកម្ពស់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក បើកចំហ​។

​គួរ​បញ្ជាក់ថា ប្រទេស​ឥណ្ឌា គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​ទី 2 របស់​ធនាគារ AIIB និង​ជា​អ្នកទទួល​ធំ​បំផុត នៃ​មូលនិធិ​របស់​ធនាគារ​។ ប្រាក់កម្ចី​របស់​ធនាគា​រ AIIB រួមមាន​ការសន្យា ទឹកប្រាក់ ចំនួន 200 លាន​ដុល្លារ សម្រាប់​មូលនិធិ​វិនិយោគ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ឥណ្ឌា ដើម្បី​ចំណាយ​លើផ្លូវ លំនៅដ្ឋាន និង​ការអភិវឌ្ឍ​ទីក្រុង ហើយ​ធនាគារ​នឹង​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ឥណ្ឌា សម្រេចចិត្ត​ប្រើ ថវិការ​ទាំងនេះ​។​

ផ្លូវដែក​តំលៃ​រាប់ពាន់​លាន​ដុល្លា នឹង​ត​ភ្ជាប់​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​

​ប្រទេស​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង បានចាប់ផ្តើម​ធ្វើ​កិច្ចចរចា ដើម្បី​ពិភាក្សា​ពី​មធ្យោបាយ​ត​ភ្ជាប់ និង​ធ្វើ​ទំនើបកម្ម​ផ្លូវដែក​អន្តរ​កូរ៉េ​។​

​គណៈប្រតិភូ​មកពី​ភាគី​ទាំងពីរ បានចាប់ផ្តើម​ការចរចា ដូចដែល​បានគ្រោង​ទុក នៅ​វិមាន​សន្តិភាព នៅ​ភូមិ​ព្រំប្រទល់ Panmunjom ។ កិច្ចពិភាក្សា​នេះ មាន​គោលបំណង​ដើម្បី​ពិភាក្សា អំពី​ការតភ្ជាប់​ផ្លូវដែក តាម​បណ្តោយ​ច្រករបៀង​ភាគ​ខាងកើត និង​ខាងលិច នៅ​ទូទាំងប្រទេស​កូរ៉េ​ទាំងពីរ និង​ការធ្វើ​ទំនើបកម្ម​ផ្លូវដែក​របស់​កូរ៉េខាងជើង​។

​ប្រធាន​គណៈប្រតិភូ​កូរ៉េខាងត្បូង និយាយថា លោក​នឹង​ពិភាក្សា​ជាមួយ​ភាគី​កូរ៉េខាងជើង អំពី​បញ្ហា​ចាំបាច់​សម្រាប់​ការតភ្ជាប់​ផ្លូវ​រថភ្លើង​អន្តរ​កូរ៉េ និង​ការធ្វើ​ទំនើបកម្ម​។ លោក​បាន​និយាយថា ទោះបីជា​មានទណ្ឌ​កម្ម​អន្តរជាតិ​ប្រឆាំងនឹង​កូរ៉េខាងជើង លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ក៏ដោយ ក៏​ភាគី ទាំងពីរ អាច​ពិភាក្សា​អំពី​ការត្រៀម​រៀបចំ សម្រាប់​ការតភ្ជាប់​ផ្លូវ​រថភ្លើង​ដែល​អាចធ្វើ​ទៅបាន ។​

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in ជឿជាក់ថា ទីក្រុង​ព្យុងយ៉ាង​មាន​ភាពម៉ឺងម៉ាត់ និង​ធានា​ឱ្យ​កិច្ចពិភាក្សា​នេះ មាន​សកម្មភាព​។ គួរ​បញ្ជាក់ថា ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​របស់លោក​ជាមួយ​លោក​គីម​ជុង​អ៊ុន លោក Moon Jae-in បាន​និយាយថា លោក​បានផ្តល់​ផែនការមេ សម្រាប់​ការដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក ចំនួន 35 ពាន់​លាន​ដុល្លារ​ដែល នឹង​ភ្ជាប់​ទីក្រុង​សេ​អ៊ូ​ល ទៅ​ទីក្រុង​ព្យុងយ៉ាង មុនពេល​ទៅកាន់​បណ្តាញ​ផ្លូវដែក​របស់​កូរ៉េខាងជើង កាន់តែ​ទូលំទូលាយ​រួមទាំង​ការភ្ជាប់​ទៅកាន់​ប្រទេស​រុស្ស៊ី និង​ប្រទេស​ចិន​។​

ក្រុម​អ្នក​មុជទឹកនៅតែ​បន្ត​ស្វែងរក​ក្រុមបាល់ទាត់​យុវជន​ដែល​បាត់​ខ្លួននៅ​រូងភ្នំ​ថៃ​

 

ក្រុម​អ្នក​មុជទឹក នៅតែ​បន្ត​ស្វែងរក ក្រុមអ្នកលេង​បាល់ទាត់​យុវជន​ចំនួន​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ​ម្នាក់ ដែល​បាន​ជាប់​នៅក្នុង​រូងភ្នំ​លិច​ទឹក នៅក្នុង​ប្រទេស​ថៃ​ភាគ ខាងជើង​។ មកដល់ពេលនេះ មាន​រយៈពេល​៥​ថ្ងៃ បន្ទាប់ពី​ការកើតមាន​ឧប្បត្តិហេតុ ក្រុម ស្វែងរក​និង​សង្គ្រោះ បាន​ចូល​ទៅដល់​រូងភ្នំ ដែល​បាន​បំពាក់​បរិក្ខា​សំរាប់​មុជ​ក្នុង ជម្រៅ ទឹក​ជ្រៅ​។​កិច្ចប្រឹងប្រែង​ស្វែងរក​និង​សង្គ្រោះ​ក្នុង​ទ្រង់ទ្រាយ​ធំ ត្រូវបាន​ធ្វើឡើង​ដោយ រដ្ឋាភិបាល​ថៃ ប៉ុន្តែ​ប្រតិបត្តិការ​ណ៏ ត្រូវបាន​រារាំង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​បង្ករ​ឲ្យ កំ​រឹត​ទឹក​ឡើង​លឿន​នៅក្នុង​រូងភ្នំ​។ វា​ជាការ​រងចាំ​ដ៏​អន្ទះសារ​សំរាប់​ឪពុកម្តាយ និង​សាច់ ញាតិ របស់​ក្មេងប្រុស​ទាំង​១២​នាក់ ដែល​ជាប់​នៅ​ខាងក្នុង​រូងភ្នំ​។

នាង​កាន់​ចាន់​តាវ​ង្ស ជា ម្តាយមីង​របស់ គ្រូបង្វឹក​បាល់ទាត់​យុវជន ឈ្មោះថា អា​អែក និយាយថា ក្មួយ​របស់គាត់ ធ្លាប់បាន​ជាប់​នៅក្នុង​រូងភ្នំ​នេះ​ម្តង​រួចមកហើយ កាលពី​២​ទៅ​៣​ឆ្នាំមុន ប៉ុន្តែ​នាង​ប្រាកដថា ក្មួយ​របស់គាត់ និង​ធ្វើ​អ្វីមួយ​ដើម្បី​ការពារ ក្រុមបាល់ទាត់​យុវជន​ទាំងនេះ​បាន​។ នាង​និយាយថា គ្រូបង្វឹក​ដែលជា​ក្មួយ​របស់គាត់ និង​មើលថែទាំ​ក្មេងៗ​ទាំងនេះ​បានល្អ ហើយ​ក្មេងៗ​ទាំងនេះ​មិនដែល​ឈ្លោះ​គ្នា ឬ​បន្ទោស​គ្នា​ឡើយ​។ ស្ថានភាព​នៃ​ការបាត់​ខ្លួន របស់​យុវជន​បាល់ទាត់​ទាំង​១៣​នាក់ បានធ្វើ​ឲ្យ​មានការ​ចាប់​អារ​ម្ម​ណ៏​ខ្លាំង នៅក្នុង​ប្រទេស ថៃ និង​នៅ​ជុំវិញ​ពិភពលោក ។

ក្រៅពី​ទូរស័ព្ទ​មួយគ្រឿង ដែល​បោះបង់ចោល និង​ស្បែក ជើង​មួយគូ គ្មាន​សញ្ញា​ណាមួយ​នៃ​ជនរងគ្រោះ​ត្រូវបាន​រកឃើញ​ឡើយ​។ អ្នកជំនាញ​រូងភ្នំ ជនជាតិ​អង់គ្លេស​ម្នាក់ ឈ្មោះ វឺ​ន អាន់​ស្វ​ស បាន​ស្គាល់​រូងភ្នំ​នេះ​ច្បាស់ និង​បានផ្តល់​យោ ប​ល់ ដល់​ក្រុម​អ្នក​សង្គ្រោះ ដែល​លោក​បាន​ចូលទៅក្នុង​រោង​ភ្នំ​នេះ​២​ដង​រួចមកហើយ​។

អ្នកជំនាញ​រូបនេះ និយាយថា ប្រសិនបើ​ស្ថិតក្នុង​ទីតាំង​មួយ​ល្អ ពួកគេ​អាចជួយ​សង្គ្រោះ បាន ទោះបី​ក្នុង​រយៈពេល ៥​ទៅ​៦​ថ្ងៃ​ក៏ដោយ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​គឺ​ទឹក​ជន​លិច ដែល​កំ ពុង កើនឡើង​ខ្ពស់​ឡើងៗ ។ នៅ​ខាងក្រោម​ភ្នំ មានការ​ប៉ុនប៉ង បូមទឹក​ចេញពី​ក្នុង​រូង ភ្នំ​នេះ ប៉ុន្តែ នៅ​ទីតាំង​នេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ត ដែល​ពិបាក​ក្នុង​ប្រតិបត្តិ ការជួយ សង្គ្រោះ​។​

កំណើន​អ្នកស្លាប់​ឡើងដល់​៩​នាក់និង​បាត់​ខ្លួន​១២​នាក់ដោយ​ទឹកជំនន់និង​បាក់​ដី​នៅវៀតណាម​ភាគ​ខាងជើង​

កំណើន​នៃ​ការស្លាប់ និង​បាត់​ខ្លួន ដោយ​ទឹកជំនន់ និង​បាក់​ដី​នៅ ប្រទេស​វៀតណាម ភាគ​ខាងជើង កើនឡើង​អ្នកស្លាប់​៩​នាក់ និង​បាត់​ខ្លួន​១២​នាក់​ អាជ្ញាធរ​គ្រប់គ្រង​គ្រោះ មហន្តរាយ បានចេញ​របាយ​ការ​ណ៏​តាម​ព្រឹ​ត្ត​ប​ត្តិ​ព័ត៌មាន​របស់ ខ្លួន​ថា ជនរងគ្រោះ ទាំងអស់​មកពី​តំបន់ ភ្នំ នៃ​ខេត្ត ឡៃ​ចៅ ហា​ហ្គេ​ង និង​ឌៀ​ន​បៀ​ន ជា កន្លែង ដែល​ទឹកជំនន់ និង​បាក់​ដី កើតឡើង​។ ទីភ្នាក់ងារ​បាន​បន្ថែម​ថា កំណើន​នៃ​ការ ស្លាប់ អាច​កើនឡើង ខណៈដែល លទ្ធភាព​នៃ​ការរកឃើញ​អ្នក​នៅ​រស់រានមានជីវិត សង្ឃឹម​តិច ។

យោងតាម សេចក្តី​ថ្លែង​ការ​បាន​ឲ្យ​ដឹងថា ទឹកជំនន់​និង​បាក់​ដី បាន​បង្ករ ឲ្យ​មានការ​ខូចខាត​ថវិកា​ចំនួន ជាង ៣​លាន​៣​សែន ដុល្លារ​សហរដ្ឋអាមេរិក ចំពោះ​ផ្ទះ ជាច្រើន​ខ្នង ផ្លូវថ្នល់ និង​ដំណាំ នៅក្នុង​ខេត្ត ។

ប្រទេស​វៀតណាម​ជួប គ្រោះមហន្តរាយ ធម្មជាតិ​ដោយ​ទឹកជំនន់​និង ព្យុះ​ទី​ហ្វុ​ង​ដោយបាន​សម្លាប់​មនុស្ស​រា​ប់​រយ​នាក់​ជា​រៀងរាល់ឆ្នាំ​។ យោងតាម​រដ្ឋាភិបាល​បានឱ្យដឹងថា​គ្រោះ មហន្តរាយ​ធម្មជាតិ​បានសម្លាប់​មនុស្ស 389 នាក់​និង​របួស 668 នាក់​នៅក្នុង​ប្រទេស​កាល ពី​ឆ្នាំមុន​។​

អ្នកនយោបាយនៅ​ម៉ិច​ស៊ី​កត្រូវបាន​សម្លាប់មុន​ការបោះឆ្នោត​

រដ្ឋអាជ្ញា​បាន​និយាយថា រយៈពេល​៣​ទៅ​៤​ថ្ងៃមុន​ការបោះឆ្នោត ប្រធានាធិបតី នៅ​ថ្ងៃទី​១ ខែកក្កដា នៅ ក្នុងប្រទេស​ម៉ិច​ស៊ី​ក សមាជិក​៥​នាក់ នៃ​សមាជិក​គណបក្ស ប្រឆាំង ឆ្វេងនិយម ត្រូវបាន​គេ​រកឃើញ​ស្លាប់​នៅក្នុង​រដ្ឋ អូ​សា​កា​Oaxaca ភាគខាងត្បូង​។​

​ការិយាល័យ​រដ្ឋអាជ្ញារ​បស់​រដ្ឋ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក អ៊ី​ម៊ី​ក​ឌី​យ៉ូ ឡូ​ប៉េ​ស អា​វេន​ដា​ណូ ដែល​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​រដ្ឋ និង​សមា ជិ​ក​៤​នាក់​ផ្សេង ទៀត នៃ​គណបក្ស ចលនា​រស់​ឡើងវិញ​ជាតិ ត្រូវបាន​គេ​រកឃើញ​ស្លាប់ ដោយសា​គ្រាប់ កាំភ្លើង​។ អាជ្ញាធរ​បាន​រកឃើញ​លោក ឡូ​ប៉េ​ស អា​វេន​ដា​ណូ និង​សហការី​របស់លោក នៅតាម​ផ្លូវ​ជនបទ ចម្ងាយ​ប្រមាណ ៦៦​គូ​ឡូ​ម៉ែត្រ ពីរ​ដ្ឋ អូ​សា​កា​។

សមាជិកគ្រួសារ​ជនរងគ្រោះ​ដែល​ឱប​និង​យំ បាន​ជួបជុំគ្នា​នៅ​ការិយាល័យ​រដ្ឋអាជ្ញា ដើម្បី ប្រមូល​សាកសព​សាច់ញាតិ​និង​ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​។ យោងតាម​ទីភ្នាក់ងារ សន្តិសុខ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​យុទ្ធនាការ​បានចាប់ផ្តើម​នៅក្នុង​ខែកញ្ញា អ្នក​ន​យោ បាយ 113 នាក់ ត្រូវបាន​សម្លាប់​នៅ​ទូទាំងប្រទេស​។

ជនរងគ្រោះ​បាន​សាទរ​ពី គណបក្សនយោបាយ​ជាច្រើន​។ បើទោះបីជា​ករណី​ភាគច្រើន នៅតែ​មិនទាន់​ដោះស្រាយ ក៏ដោយ ក៏​អ្នកជំនាញ​សន្តិសុខ​បាន​សង្ស័យថា​ក្រុម​ជួញដូរ កូកាអ៊ីន​កំពុង ជំរុញឱ្យមាន ការសម្លាប់​មនុស្ស​ជាច្រើន​។​យោងតាម​ស្ថិតិ របស់​រដ្ឋាភិបាល បានឱ្យដឹងថា​កាលពី​ឆ្នាំ មុន​ប្រទេស​ម៉ិ​ក​ស៊ិ​ក មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ចាប់​តាំង ពី​កំណត់ ត្រា​សម័យ​ទំនើប បានចាប់ផ្តើម ហើយ​ឆ្នាំ 2018 គឺ​ស្ថិតនៅ​លើផ្លូវ​ដែល​អាច​ទទួលរង​នូវ​ការសម្លាប់ បន្ថែម ទៀត ដែល​អំពើ​ហឹ​ង្សា​ច្រើន​កើតឡើង​ដោយ ឧក្រិដ្ឋជន​ថ្នាំញៀន​។​

រដ្ឋជាច្រើនប្ដឹង លោកដូណាល់ត្តាំ លើបញ្ហាគ្រួសារជនអន្តោប្រវេសន៍

រដ្ឋចំនួនជាង 10 បានប្តឹងរដ្ឋបាលោកដូណាល់ត្រាំលើបញ្ហា អន្តោប្រវេសន៏នៃ ការបែងចែកកុមារនិងឪពុកម្តាយរបស់ពួកគេ នៅតាមព្រំដែនម៉ិកស៊ិក-សហរដ្ឋអាមេរិក ដោយនិយាយថាបទបញ្ជា របស់លោកប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុន កំពុង ធ្វើឲ្យមានការបែកបាក់គ្រួសារ។ នៅក្នុងពាក្យបណ្តឹងមួយដែលបានដាក់ ទៅតុលា ការ ក្នុងរដ្ឋស៊ីថលបានឲ្យដឹងថា រដ្ឋចំនួន17 និងសង្កាត់កូឡុំប៊ី បានអះអាងថាគោល នយោបាយរបស់រដ្ឋបាលលោកត្រាំ គឺមិនសមស្របតាមរដ្ឋធម្មនុញ្ញ ជាផ្នែកមួយ ដែល ត្រូវបានជម្រុញដោយកំហឹងនិងបំណង ប្រាថ្នាធ្វើការរារាំងដល់ជនអន្តោប្រវេសន៍ ដែល មកពីអាមេរិកឡាទីន។ ការបំបែកបំបាក់គ្រួសារនេះបានចាប់ផ្តើមដោយសារតែគោលនយោបាយ “គ្មានការ អត់ធ្មត់” រយៈពេល 2 ខែ នៃរដ្ឋបាលលោកដូណាល់ត្រាំ ក្នុងការស្វែងរកការកាត់ ទោស មនុស្សពេញវ័យដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់រួមទាំងអ្នកដែលធ្វើដំណើរជាមួយកុមារ។ ប៉ុន្តែ លោកដូណាល់ត្រាំ បានបង្វែរគោលនយោបាយមករកភាពដើមវិញ ខណៈ ពេលមាន ការខឹងសម្បារ ជាសកល ដែលកើតឡើងដោយ រូបភាពជាច្រើន របស់កុមារ ត្រូវឃុំខ្លួននៅក្នុងទ្រុង។ នៅក្នុងបទបញ្ជាប្រតិបត្តិ ដែលកំពុងបញ្ចប់ការបំបែកបំបាក់ គ្រួសារ លោកដូណាល់ត្រាំ មិនបានពន្យល់ពីរបៀបដែលគោលនយោបាយ អន្តោប្រ វេសន៍របស់លោក អាចត្រូវបានកែតម្រូវដើម្បីរក្សាគ្រួសារឱ្យនៅដដែលនិង ផ្តល់ជម្រក ដល់ពួកគេ រហូត ស្ថានភាពស្របច្បាប់ ត្រូវបានវាយតម្លៃ។

បង្ក្រាប​គ្រឿងញៀន​១២០​គ​.​ក្រ ដឹក​តាម​ឡានក្រុង​ពី​ឡាវ​ ចូល​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង ៖ បុរស​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក អ៊ិ​ច​ស្ដា​ហ្ស៊ី ចំនួន​១២០​ដុំ​ស្មើនឹង ១២០​គីឡូក្រាម​នៅ​តំបន់​ច្រកទ្វារព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោងជាង​២ ៖ ៣៥​នាទី​រសៀល​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨​។ នេះ​បើតាម​លោក ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ដែល​ដឹកនាំ​ការបង្ក្រាប​នេះ បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ប្រតិបត្តិ​ការណ៍​ភ្លាមៗ​។​

​លោក​បញ្ជាក់ថា ក្នុងការ​បង្ក្រាប​នេះ ប៉ូលិសអន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​ចំនួន​៣​នាក់​ដែល​ពួកគេ​បាន​នាំ​ចេញពី​ប្រទេស​ឡាវ ចូល​ប្រទេស​មក​កម្ពុជា​ដោយ​តាម​រថយន្តក្រុង​ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ បានបញ្ជាក់​ទៀតថា ករណីនេះ ត្រូវ​បន្តធ្វើ​ការស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត ហើយ​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បានប្រគល់​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​ឲ្យ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង និង​លោក​អភិបាលខេត្ត ដើម្បី​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​៕

ឃាត់ខ្លួន​បុរស​ពី​នាក់​ដកហូត​ថ្នាំញៀន​៨​កញ្ចប់​និង​អាវុធខ្លី​១​ដើម​

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ជា​មុខសញ្ញា​២​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​បង្ក្រាប​ឃាត់ខ្លួន​ពាក់ព័ន្ធ​ទៅនឹង​ករណី​រក្សាទុក​ឬ​ជួញដូរ​ថ្នាំញៀន​ដោយ​ខុសច្បាប់​។​
សមត្ថកិច្ច​បានអោយដឹង​ថា នៅក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​០៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ដំរី ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។​

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​
១- ឈ្មោះ សឿន សារ៉ាត់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​
២- ឈ្មោះ ឡេង តេង​ឡុង ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ រស់នៅ​ភូមិ ត្រ​ពាំ​ថ្លឹង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។​
វត្ថុតាង​ដកហូត​បានរួម​មាន​៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៨​កញ្ចប់​
-​ជញ្ជីង​ថ្លឹង​ថ្នៃ​ញៀន​ចំនួន​១​គ្រឿង​
-​អាវុធខ្លី​ម៉ាក​រ៉ូឡូ​ចំនួន​១​ដើម និង​គ្រាប់​១២​គ្រាប់​
-​រថយន្ត​ឡុ​ច​សីស​RX300​ព៌​ណស​១​គ្រឿង​រួម​និង​សំភារៈប្រើប្រាស់​មួយចំនួនទៀត​។​

ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​ក៏​សាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​តាម​នីតិវិធី​៕

ថៃ ពន្យារពេល​ការបោះឆ្នោត​ពី​ខែកុម្ភៈ ទៅដល់​ដើមខែ​ឧសភា ឆ្នាំក្រោយ​

 

​ថៃ ៖ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​សញ្ញា​ពី​លទ្ធភាព​នៃ​ការពន្យា​ពេល​បន្ថែមទៀត នៃ​ការបោះឆ្នោត​ដែល​បានកំណត់​ពេលធ្វើ​នៅ​ខែ​កុ​ម្ភះ ដែល​លោក​និយាយថា​ប្រទេស​ថៃ​និង​ធ្វើការ​បោះឆ្នោត​សកល នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំក្រោយ​។ ប្រទេស​ថៃ បាន​សន្យា​ធ្វើ ការបោះឆ្នោត​សកល ប៉ុន្តែ​បាន​ជម្រុញ​ដដែលៗ ការកំណត់​កាលបរិច្ឆេទ យក​ពេលវេលា ដដែល មិន​ពន្យា​ពេល ដែល​កមណត់​ធ្វើ​នៅ​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​។

​ប៉ុន្តែ​ឧបនាយករដ្ឋមន្ត្រី លោក វី​សា​នុ គ្រៀ​ង៉ា​ម បានលើកឡើង​ពី​ពេលវេលា​ដែល​កំណត់ដោយ លក្ខខណ្ឌ រដ្ឋ​ធម្ម នុ​ញ្ញ​និង​ជំហាន​នីតិប្បញ្ញត្តិ ដែល​បាន​ប្រាប់​អ្នកយកព័ត៌មាន​នូវ​កាលបរិច្ឆេត​នានា​អាច ធ្វើ ទៅបាន​ចាប់ពី​ថ្ងៃទី 24 ខែកុម្ភៈ ហើយ​ពេល​ចុងក្រោយ​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក Wissanu បាន​និយាយ ថា​របប​យោធា​នឹង​បន្ធូរបន្ថយ​សកម្មភាព ហាមឃាត់​សកម្ម ភាព​នយោបាយ​នៅ​ចន្លោះ​ខែកញ្ញា​និង​ខែធ្នូ​ឆ្នាំនេះ​ដែល​អនុញ្ញាតឱ្យ​ពួកគេ​អនុវត្ត​ភារកិច្ច​រដ្ឋបាល​ដើម្បី​រៀបចំ​ការបោះឆ្នោត​។ អ្នកតំណាង​នៃ​គណបក្សនយោបាយ​ចំនួន 73 បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​រដ្ឋាភិបាលយោធា​ហើយ​អ្នកខ្លះ​បាន​និយាយថា​ពួកគេ​សប្បាយរីករាយ​ជាមួយនឹង​ការលើកលែង​ការហាមឃាត់​សកម្មភាព​នយោបាយ​៕