All posts by មេគង្គ ប៉ុស្តិ៍

សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​មន្ត្រី​សន្តិសុខ​មី​យ៉ាន់​ម៉ា 7​នាក់ ពាក់ព័ន្ធ​អំពើហិង្សា​លើ​ពួក រ៉ូ​ហ៊ី​ន​យ៉ា​

 

​មី​យ៉ាន់​ម៉ា ៖ សហភាព​អឺរ៉ុប ដាក់បញ្ចូល​មន្ត្រី​សន្តិសុខ មី​យ៉ាន់​ម៉ា 7 នាក់ ទៅក្នុង​បញ្ជី​ទណ្ឌកម្ម ចំពោះ​ការជាប់​ពាក់ព័ន្ធ​របស់​អ្នក​ទាំងនោះ ក្នុង​អំពើហិង្សា​ទៅលើ​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា ដោយ​មន្ត្រី សហភាព​អឺរ៉ុប បញ្ជាក់ថា ទណ្ឌកម្ម​ចំពោះ​មន្ត្រី​សន្តិសុខ​ទាំង 7 រូប នឹង​រួម​ប​ញ្ជូ​ល​ទាំង ការ​បង្កក​ទ្រព្យសម្បត្តិ និង​ហាមប្រាម​មិន​ឲ្យ​ចូល សហភាព​អឺរ៉ុប ។ ប្លុក​ធំ​បំផុត​លើ​ពិភពលោក​នេះ​បាន​ហាមប្រាម​មិន​ឲ្យ​ប្រទេស​ជា​សមាជិក​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស មី​យ៉ាន់​ម៉ា និង​ហាមប្រាម​សហប្រតិបត្តិការ​យោធា​មួយចំនួន​រវាង​ប្រទេស​ក្នុង សហភាព​អឺរ៉ុប និង មី​យ៉ាន់​ម៉ា ដូចជា​ការហ្វឹកហ្វឺន​ក​ង​ទ័ព​ជាដើម ។​

នេះ​ជា​ទណ្ឌកម្ម​ដំបូង​របស់ សហភាព​អឺរ៉ុប ចំពោះ​មន្ត្រី មី​យ៉ាន់​ម៉ា ចាប់តាំងពី​ផ្អាក​ទណ្ឌកម្ម​ក្រោយ​រដ្ឋាភិបាល​ស៊ីវិល​ដំបូង​កើតឡើង​ក្នុងប្រទេស មី​យ៉ាន់​ម៉ា ប៉ុន្តែ​អំពើហិង្សា​របស់​កងទ័ព​ចំពោះ​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា ញ៉ាំង​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សហគមន៍​អន្តរជាតិ ចំណែក អង្គការសហប្រជាជាតិ និង សហរដ្ឋអាមេរិក ហៅ​ប្រតិបត្តិការ​យោធា​ក្នុង​រដ្ឋ រ៉ា​ក់​ខា​ញ ប្រទេស មី​យ៉ាន់​ម៉ា ក្នុង​ឆ្នាំ 2017 ថា​ជាការ​បោ​សម្អាត​ជនជាតិភាគតិច ។​

​កាលពី​ខែ ធ្នូ ឆ្នាំ 2017 សហរដ្ឋអាមេរិក បន្ត​ដាក់ទណ្ឌកម្ម​ប្រទេស មី​យ៉ាន់​ម៉ា ឡើងវិញ ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នៅពេលនោះ ចំណែក​ប្រទេស កាណាដា ក៏បាន​ដាក់ទណ្ឌកម្ម​ផងដែរ ក្រោយ​ជនជាតិ រ៉ូ​ហ៊ី​ន​យ៉ា 10 ត្រូវបាន​គេ​សម្លាប់​កប់​ក្នុង​រណ្ដៅ​សាកសព​តែមួយ ក្នុងភូមិ អ៊ី​ន​ឌី​ន ប្រព្រឹត្ត​ដោយ​ទាហាន និង អ្នកភូមិ​ដែល​គាំទ្រ​ប្រតិបត្តិការ​យោធា ។ កា​សម្លាប់​មនុស្ស 10 នាក់​កប់​ក្នុង​រណ្ដៅ​សាកសព​តែមួយ ជា​ផ្នែក​មួយ​នៃ​រឿងអាស្រូវ​ក្នុង​រដ្ឋ រ៉ា​ក់​ខា​ញ និង​ជា​មូល​ហេតុដែល​អាជ្ញាធរ​ចាប់ខ្លួន​ភ្នាក់ងារ​សារព័ត៌មាន​បរទេស​ពីររូប ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​នោះ​៕

កង​ពិសេស​ថៃ​សម្រុក​ស្វែងរក​មនុស្ស​13​នាក់​ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​ខេត្ត ឈៀង​រ៉ៃ​

 

​ថៃ ៖ កងកម្លាំង​ពិសេស ថៃ ដែលមាន​ឈ្មោះថា Navy SEAL បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការស្វែងរក​មនុ​ស្ស 13 នាក់ ដែលមាន​ក្មេង​12 នាក់ បាត់​ខ្លួន​ក្នុង​រូងភ្នំ​ខេត្ត ឈៀង​រ៉ៃ ក្រោយពី​ពួកគេ​ចូលទៅក្នុង​រូងភ្នំ ថា​ម​លឿង​ណា​ង​ណុន កាលពី​ថ្ងៃ សៅរ៍ សប្ដាហ៍​មុន ប៉ុន្តែ​មិនអាច​ចេញមក​វិញ​បាន ដោយសារ​ទឹកជំនន់​ជន់​លិច​មាត់ច្រក​របស់​រូងភ្នំ ។

​មនុស្ស​ទាំង 13 នាក់ មាន​សមាជិក​ក្រុមបាល់ទាត់​ក្មេងៗ 12 នាក់ មាន​អ​យុ​ច្រើន​បំផុត 15 ឆ្នាំ និង គ្រូបង្វឹក​ម្នាក់​អាយុ 25 ឆ្នាំ បាន​ចូលទៅក្នុង​រូង ដោយ​ទុក​កង់​ចំនួន 11 គ្រឿង​នៅ​ខាងក្រៅ ហើយ​លូន​ឆ្លងកាត់​ច្រក​តូច​មួយ​មាន​ប្រវែង 15 ម៉ែត្រ ប៉ុន្តែ​ភ្លៀង​ខ្លាំង​ធ្វើ​ឲ្យ​មាន​ទឹកជំនន់​ជន់​ជម្រៅ 5 ម៉ែត្រ​លិច​ច្រក​តូច​នោះ ។ អាជ្ញាធរ​បញ្ជាក់ថា រូងភ្នំ ថា​ម​លឿង​ណា​ង​ណុន មាន​ប្រវែង​ប្រមាណ 8 ម៉ែត្រ ។

​កងកម្លាំង​ពិសេស ថៃ ឬ Navy SEAL 17 នាក់ បាន​មុជទឹក​ព្យាយាម​ស្វែងរក​ច្រកចូល​ទៅខាង​ក្នុង​ជា​កន្លែង​មាន​រូង​ស្មុគស្មាញ​ច្រើន ប៉ុន្តែ​មន្ត្រី​ឧទ្យាន​ជាតិ​បញ្ជាក់ថា បំណង​ស្វែងរក​ច្រក​ផ្លូវ​ក្នុង​រូងភ្នំ​ដែល​លិច​ក្នុង​ទឹក​បរាជ័យ ដោយសារ​ច្រក​ផ្លូវ​តូច​ពេក ហើយ​ទឹល​លិច​ធ្វើ​ឲ្យ​ច្រកចូល​ទៅខាង​ក្នុង​កប់​ដោយ​ដីខ្សាច់ និង ភក់ ។ មន្ត្រី​និយាយថា កន្លងមក​អ្នកទេសចរ​ធ្លាប់​ជាប់​នៅ​ខាងក្នុង​ដោយសារ​ទឹកជំនន់ ប៉ុន្តែ​ត្រូវបាន​សង្គ្រោះ​ក្រោយពី​ទឹក​ស្រក ដោយ​រង់ចាំ​ជាច្រើន​ថ្ងៃ ។ នៅ​ខាងក្រៅ​មាត់​រូង​មាន​ស្លាក​សញ្ញា​ព្រមាន​មិន​ឲ្យ​ចូលទៅ​ខាងក្នុង ក្នុង​រដូវភ្លៀង ព្រោះ​មាន​ប្រព័ន្ធ​ទឹក​ហូរ​ក្នុង​រូងភ្នំ​ដែលមាន​ច្រកចេញចូល​ច្រើន ដែល​អាចមាន​ទឹកជំនន់​គ្រប់ពេល​ប្រសិនបើ​មាន​ភ្លៀង​ខ្លាំង ។ មន្ត្រី​ព្រួយបារម្ភ​ថា ភ្លៀង​ធ្លាក់​បន្ថែមទៀត​នឹងធ្វើ​ឲ្យ​កម្រិត​ទឹក​ក្នុង​រូងភ្នំ​កាន់តែ​ខ្ពស់ ហើយ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក៏​កាន់តែ​លំបាក ។

​ទោះយ៉ាងណា អាជ្ញាធរ​ជឿថា អ្នក​ទាំងនោះ​នៅរស់ ព្រោះ​ទឹកជំនន់​មិន​លិច​រូងភ្នំ​ទាំងស្រុង​ឡើយ ។ Navy SEAL បាន​ចុះផ្សាយ​ក្នុង​គេហទំព័រ​ថា ដោយសារ​ភ្លៀង​បន្ត​ធ្លាក់ ធ្វើ​ឲ្យ​កម្រិត​ទឹក​ឡើងជា​លំដាប់ ហើយ​ពួកគេ​បាន​រកឃើញ​ស្នាម​ដៃ​នៅតាម​ជញ្ជាំង​រូង ប៉ុន្តែ​នៅ​មិនទាន់​រកឃើញ​មនុស្ស​នៅឡើយ​៕

ភ្លើង​ឆេះ​ព្រៃ​បន្ត​រាលដាល​យ៉ាង​រហ័ស​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ា

​អាមេរិក ៖ ភ្លើង​ឆេះ​ព្រៃ​ដែល​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ភាគ​ខាងជើង​រដ្ឋ កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បាន​បំផ្លាញ​សំណង 22 កន្លែង និង​កំពុង​បន្ត​ឆាបឆេះ​កាន់តែ​លឿន​ដោយសារ​ខ្យល់​បោកបក់​ខ្លាំង រួម​ជាមួយនឹង​អាកាសធាតុ​ក្ដៅ បង្ខំ​ឲ្យ​មនុស្ស​ប្រមាណ 3 ពាន់​នាក់​ភៀសខ្លួន ។​

​ភ្លើង​ឆេះ​ព្រៃ​ចាប់ផ្ដើម​ឆាប់ឆេះ​កាលពី​ថ្ងៃ សៅរ៍ ក្បែរ​ឧទ្យាន​ជាតិ Mendocino ចម្ងាយ​ជាង 100 គីឡូម៉ែត្រ​ពី​ទីក្រុង Sacramento បាន​បំផ្លាញ​ដីព្រៃ​ជាង 3 ពាន់​ហិច​តា និង​គំរាម​ដល់​សំណង​យ៉ាងតិច 600 ផ្សេងទៀត​ដែល ។ អភិបាលរដ្ឋ កាលីហ្វ័រ​ញ៉ា លោក Jerry Brown បានប្រកាស​អាសន្ន​តំបន់ Lake County ជា​កន្លែង​ដែលមាន​ភ្លើង​ឆាបឆេះ​ខ្លាំង និង​បញ្ជូន​កងកម្លាំង​ទៅកាន់​តំបន់​នោះ​ដើម្បី​ទប់ស្កាត់​ការឆេះ​រាលដាល ។ លោក​អភិបាលរដ្ឋ​និយាយថា ភ្នាក់ងារ​គ្រប់គ្រង​ភាពអាសន្ន​បាន​ចូលរួម​ជួយ​ដល់​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ជាង 200 នាក់ ។

​កាលពី​ខែ តុលា ឆ្នាំមុន ភាគ​ខាងជើង​រដ្ឋ California ជួបនឹង​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ជា​ពេលដែល​ភ្លើង 21 កន្លែង​បាន​បំផ្លាញ​សហគមន៍​ជាច្រើន​ក្នុង​តំបន់ Napa, Lake, Sonoma, Mendocino, Butte, and Solano ភាកច្រើន​ស្ថិតនៅក្នុង​រដ្ឋ កាលីហ្វ័រ​ញ៉ា ។ អគ្គិភ័យ​ឆ្នាំមុន គឺជា​ភ្លើង​ឆេះ​ព្រៃ​ដែល​បំផ្លាញ​ច្រើន​បំផុត​គិត​ជា​ទឹកប្រាក់​ជិត 10 ពាន់​លាន​ដុល្លារ ចំណែក​ផលប៉ះបាល់​សេដ្ឋកិច្ច​មានទឹក​ប្រាក់​ជាង 80 ពាន់​លាន​៕

NATO ធ្វើ​សមយុទ្ធ​យោធា​ប្រឆាំង​នាវាមុជទឹក​នៅ​ភាគ​ខាងជើង​ប្រទេស Norway

​ណា​តូ ៖ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិច​ខាងជើង​ឬ NATO ចាប់ផ្ដើម​សមយុទ្ធ​យោធា​ប្រឆាំង​នាវាមុជទឹក​នៅ​ភាគ​ខាងជើង​ប្រទេស Norway មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីកន្លែង​ដែល​ប្រទេស រុស្ស៊ី ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ដែល​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ ។ ចំណែក​សមយុទ្ធ​របស់ Norway មាន​គោលដៅ​បង្កើន​សមត្ថភាព​ដេញតាម​នាវាមុជទឹក រុស្ស៊ី ក្នុង​សមុទ្រ​ឆ្ងាយ​ពី​ឧបទ្វីប Kola ជា​សមយុទ្ធ​មាន​រហស្សនាម​ថា Dynamic Mongoose ឬ ចលនា​សត្វ​ស្កា គឺជា​ការហ្វឹកហ្វឺន​ប្រចាំឆ្នាំ​របស់ NATO ចាប់ផ្ដើម​កាលពី​ថ្ងៃ ច័ន្ទ នឹង​បន្ត​រហូតដល់​ថ្ងៃទី 6 ក​ក្កា ។

Dynamic Mongoose ឬ ចលនា​សត្វ​ស្កា ចូលរួម​ដោយ​នាវា​ប្រយុទ្ធ យន្តហោះ​តាមដាន​ផ្លូវទឹក នាវាមុជទឹក​ពីរ​គ្រឿង មកពី​ប្រទេស ដា​ណឺ​ម៉ាក អាល្លឺម៉ង់ ប៉ូឡូញ ហុ​ល្លង់ អេស្បាញ ទួរគី អាមេរិក និង​កងកម្លាំង​របស់ ន័​រ​វ៉េ ។ NATO បញ្ជាក់ថា សមយុទ្ធ​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់​ឲ្យ​កងកម្លាំង​ដែល​ចូលរួម​នូវ​សមត្ថភាព​ក្នុង​សមរភូមិ​ដែល​ស្មុគស្មាញ បង្កើន​ទំនាក់ទំនង​រវាង​កង​ទ័ព​នៃ​ប្រទេស​ជា​សមាជិក និង​បង្កើន​ប្រសិទ្ធិភាព​ជំនាញ​ប្រឆាំង​នាវាមុជទឹក ។

​ទោះយ៉ាងណា Dynamic Mongoose ឬ ចលនា​សត្វ​ស្កា របស់ NATO តែង​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុង​ដែនសមុទ្រ​របស​ប្រទេស​ជា​សា​ជិ​ក ប៉ុន្តែ​ក្នុង​ឆ្នាំ 2018 នេះ Dynamic Mongoose ឬ ចលនា​សត្វ​ស្កា ត្រូវបាន​សម្រេច​ធ្វើ​នៅក្បែរ​ទីតាំង​ដែល​កងទ័ពជើងទឹក​ភាគ​ខាងជើង​របស់ រុស្ស៊ី ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​រយៈពេល 10 ឆ្នាំ ។​

​សកម្មភាព​នាវាមុជទឹក​របស់ រុស្ស៊ី កើន​ឡើងជា​លំដាប់​ក្នុង​រយៈពេល 10 ឆ្នាំ​កន្លងទៅនេះ ដោយ​រដ្ឋាភិបាល​ទីក្រុង មូ​ស្គូ បញ្ជូន​នាវាមុជទឹក​នៅ​កាន់​តំបន់​សមុទ្រ​ខាងជើង​កាន់តែច្រើន ហើយ​ធ្វើ​សកម្មភាព​កាន់តែ​យូរ​នៅ​អា​ត្ល​ង់​ទិច​ខាងជើង ពិសេស​ក្រោយពី​កងទ័ពជើងទឹក​ភាគ​ខាងជើង រុស្ស៊ី ធ្វើ​ទំនើបកម្ម​ក្នុងនោះ​មានការ​បន្ថែម​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ជាច្រើន​គ្រឿង ។ បច្ចុប្បន្ន​ប្រទេស រុស្ស៊ី កំពុង​សាងសង់​នាវ​មុជទឹក 13 គ្រឿង​បន្ថែមទៀត ហើយ​មួយចំនួន​សាងសង់​រួចរាល់ និង​កំពុង​សាកល្បង​៕

អូស្ត្រាលី សម្រេច​ទិញ​យាន​គ្មាន​មនុស្ស​សម្រាប់​យោធា​ពី​អាមេរិក​ចំនួន 6 គ្រឿង​

​អាមេរិក ៖ ប្រទេស អូស្ត្រាលី សម្រេច​ទិញ​យាន​គ្មាន​មនុស្ស​សម្រាប់​យោធា​ពី សហរដ្ឋអាមេរិក ចំនួន 6 គ្រឿង មានតម្លៃ​ជាង 5 ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើន​សមត្ថភាព​ឈ្លបយកការណ៍ និង ស៊ើបអង្កេត​របស់​កង​ទ័ព អូស្ត្រាលី ក្រោម​ផែនការ​បង្កើន​ការចំណាយ​ពីរ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​វិស័យ​ការពារជាតិ ។

​យាន​គ្មាន​មនុស្ស​ឈ្មោះ MQ-4C Triton ទិញ​ពី​ក្រុមហ៊ុន​ផលិត​យាន Northrop Grumman ក្នុង​មួយគ្រឿង​តម្លៃ​ប្រមាណ​មួយ​ពាន់​លាន​ដុល្លារ ។ យាន​កងទ័ព​ដែលមាន​ស្លាប​ដូច​ទៅនឹង​យន្តហោះ Boeing 737 នឹង​ជួយ​ឲ្យ​ប្រទេស អូស្ត្រាលី នូវ​សមត្ថភាព​ឈ្លបយកការណ៍ ដោយ​យាន​ទាំងនោះ​អាច​យក​ព័​ត៌​ពី​គ្រប់​ទីកន្លែង សម្រាប់​ភ្នាក់ងារ​សម្ងាត់​រួមគ្នា 5 ប្រទេស មាន​រហ្សនាម​ថា ភ្នែក 5 ដែលមាន សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស កាណាដា អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់ ដែលជា​ភ្នាក់ងារ​មាន​ភារកិច្ច​ឈ្លបយកការណ៍​នៅ​ទូទាំង អាស៊ីអាគ្នេយ៍ និង​ទ្វីប អង់​តាក​ទិច រហូតដល់​មហាសមុទ្រ ឥណ្ឌា និង មហាសមុទ្រ ប៉ាស៊ីហ្វិក ។​

​ប្រទេស អូស្ត្រាលី នឹង​ប្រើប្រាស់​យាន​ទាំងនោះ​ជាមួយនឹង​ក្រុម​យន្តហោះ​ឈ្លប​យ​ការណ៍ P-8 Poseidon ទាំង 12 គ្រឿង​របស់​កងទ័ព ។ ទោះយ៉ាងណា យាន​គ្មាន​មនុស្ស​ដំបូង​នឹង​ដំណើរការ​នៅ​ពាក់កណ្ដាល​ឆ្នាំ 2023 ហើយ​យាន​ទាំង 6 នឹង​ដំណើរការ​នៅ​ចុងឆ្នាំ 2025 ដោយមាន​មូលដ្ឋាន​នៅ​ភាគខាងត្បូង​ប្រទេស អូស្ត្រាលី ។​
MQ-4C Triton ស្ថិតក្រោម​ការស្រាវជ្រាវ​បន្ថែម​របស់​កងទ័ពជើងទឹក សហរដ្ឋអាមេរិក ។ យាន​គ្មាន​មនុស្ស​នេះ គ្រប់គ្រង​ដោយ​មនុស្ស​នៅ​មជ្ឈមណ្ឌល​បញ្ជា​លើដី មាន​សមត្ថភាព​ផ្ដល់ព័ត៌មាន​ស៊ើបអង្កេត​ជាក់លាក់​ទាំង​ទីតាំង និង ពេលវេលា លើដី លើ​សមុទ្រ និង​ព្រៃភ្នំ ព្រមទាំង​ប្រតិបត្តិ​ការស្វែងរក និង ជួយសង្គ្រោះ​។ បច្ចុប្បន្ន សហរដ្ឋអាមេរិក បាន​សាងសង់​យាន​ប្រភេទ​នេះ​ចំនួន 68 គ្រឿង ៕

សម្តេច ស ខេង ប្រជុំតម្រង់ទិសការងារ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ភ្នំពេញ ៖ គណៈកម្មការជាតិដឹកនាំតម្រង់ទិសការងារអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណកម្ម គ.ជ.ដ.អ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិដឹកនាំតម្រង់ទិសការងារ អត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅសាលប្រជុំក្រសួងក្រសួងមហាផ្ទៃ នា ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ។

លទ្ធផលនៃកិច្ចប្រជុំសម្រេចបានដូចខាងក្រោម ៖
1. បានអនុម័តកំណត់ហេតុប្រជុំសាម័ញ្ញលើកទី១របស់គណៈកម្មការជាតិដឹកនាំតម្រង់ទិសការ ងារអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណកម្ម គ.ជ.ដ.អ។

2. បានពិភាក្សានិងផ្តល់អនុសាសន៏មួយចំនួនលើ គោលការណ៏ណែនាំ រួមមាន
ក. បានឯកភាពលើគោលបំណង ចម្បងៗទាំងបីគឺ (១) បំពេញកាតព្វកិច្ចជាអន្តរជាតិដើម្បីធា នាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋានទាំងអស់ (២) បង្កើតលក្ខខណ្ឌច្បាប់ចាំបាច់សម្រាប់ បង្កើតប្រព័ន្ធគួឲ្យទុកចិត្ត និងមានប្រសិទ្ធភាព ក្នុងការកំណត់អត្តសញ្ញាណប្រជាជនទាំងអស់ (៣) អនុញ្ញាតិឲ្យមានការផលិតស្ថិតិប្រជាជនដ៏ត្រឹមត្រូវ និងទាន់ពេលវេលាសំរាប់គោល បំណងនៃការធ្វើផែនការ។

ខ. បានឯកភាពលើគោលការណ៏សំខាន់ៗមួយចំនួនដែលចំណុចទាំងនោះបានកំណត់នៅក្នុង ផែនការយូទ្ធសាស្ត្រស្តីពី អត្តសញ្ញាណកម្ម ឆ្នាំ ២០១៧-២០១៨ រួចហើយ រួមមាន (១) ច្បាប់ និងកំណត់តែគោលការណ៏និងនិតិវិធីសំខាន់ៗ (២) គោលការណ៏ការចុះបញ្ជីជាសកល និងជាកាតព្វកិច្ច (៣) គោលការណ៏ចុះបញ្ជីជាលក្ខណៈបន្តជាប់រហូត និងជាអចិន្ត្រៃយ៏ (៤) អត្តសញ្ញាណតែមួយសំរាប់មនុស្សម្នាក់ (៥) អត្ថន័យនៃអត្តសញ្ញាណបុគ្គល (៦)ចុះបញ្ជីត្រូវ មានកំណត់ត្រាផ្លូវការ (៧) ទិន្នន័យរួម និងការពង្រីកការប្រើប្រាស់ (៨) ការសំងាត់ និងសន្តិ សុខទិន្នន័យ។

គ. ដោយឡែកមានចំណុចមួយចំនួនទៀត ដែលនៅមានភាពស្រពិចស្រពិល ដែលចាំបាំត្រូវ មានការពិភាក្សាឲ្យបានច្បាស់លាស់បន្ថែមទៀត ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធរួមមាន (១) ការចុះបញ្ជីជាសកម្ម ដើម្បីធានានូវភាពពេញលេញ (២) ប្រព័ន្ធវិមជ្ឈការដែលមានគណនេយ្យ ភាព (៣)ការផ្តល់ធនធាន ដោយនិរន្តរភាព (៤) តួនាទីរបស់អ្នកផ្តល់ព័ត៌មាន (៥) តួនាទីរបស់ IPIS (៦) តួនាទីតុលាការ (៧) លក្ខណៈសម្បត្តិមន្ត្រីអត្រានុកូលដ្ឋាន៕

នាយករដ្ឋមន្ត្រី ចាត់ទុក​ការលក់​ស្ថាប័ន គយ​ឲ្យ​ឯកជន គឺ​លក់​អធិបតេយ្យ​ជាតិ

​ភ្នំពេញ ៖ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​រំលឹក​ពី​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុង​ការមិន​លក់​ស្ថាប័នគយ ក្នុង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទៅអោយ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង ដោយ​សម្តេច​បាន​ពន្យល់​ថា បើ​សម្តេច​ធ្វើតាម​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ គឺ​សំដៅលើ​ធនាគារពិភពលោក កាលពី​ឆ្នាំ​២០០៦ ដែល​ស្នើ​សុំអោយ​លក់​ភាគហ៊ុន​៥០​ភាគរយ​របស់​ស្ថាប័នគយ​នោះ ប្រហែល​ពេលនេះ កម្ពុជា នឹងត្រូវ​បាត់បង់​ចំណូល​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយខែៗ ខណៈដែល​ចំណូល​ជា​មធ្យម​ប្រចាំខែ​របស់​ស្ថាប័នគយ នាពេល​បច្ចុប្បន្ន មាន​ប្រមាណ​២០​រយ​លាន​ដុល្លារ​អាមេរិក​។ សម្តេច​តេ​ជោ បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ។​

​សម្តេច ចាត់ទុកថា កា​លក់​ស្ថាប័នគយ គឺជា​ការលក់​អធិបតេយ្យ​ជាតិ ព្រោះ​ស្ថាប័នគយ​មិនអាច​ស្ថិតនៅក្រោម​ការ​គ្របគ្រង​របស់ ឯកជន​បានទេ ហើយ​ស្ថាប័នគយ​ក៏មាន​ភារៈកិច្ច​សំខាន់ ក្នុងការ​បង្ក្រាប​បទល្មើស​នានា ទាំង​លើផ្លូវ​ទឹក និង​អាច​ប្រើ​អា​វុ​ទ្ធ​យុទ្ធ​ភ័​ណ្ឌ​សម្រាប់​ការបង្ក្រាប​បទល្មើស​លើផ្លូវ​អាកាស​ទៀតផង​។​

​សម្តេច​បាន​ថ្លែងថា ខ្ញុំព្រះករុណា​គ្រាន់តែ​រំលឹកថា បើ​កាលពី​ឆ្នាំ​២០០៦ ខ្ញុំ​សម្រេចចិត្ត​លក់​គយ តាម​ការជួយ​ផ្ចុងផ្តើម​តាម​ស្ថាប័នហិរញ្ញវត្ថុ នៅពេលនោះ យើង​នឹង​ខាតបង់​ចំណូល​ពាក់កណ្តាល គឺ​ប្រមាណ​១០០​លាន​ដុល្លារ​ក្នុង​មួយខែៗ​…​ប្រទេស​ធំៗ​ខ្លះ​តាំងខ្លួន​ជា​អ្នកសេដ្ឋកិច្ច តែ​ជាក់ស្តែង​ទើប​មាន​ប្រទេស​៣​ប៉ុណ្ណោះ​ដែល​លក់​ស្ថាប័នគយ​របស់​រដ្ឋ​៕​

លោក ប៉ាន សូរ​ស័ក្តិ សរសើរ​ពី​កំណើន សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង


​ស្ទឹងត្រែង ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​មោទនភាព​ចំពោះ​ស្ថានភាព​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅក្នុង​ខេត្តស្ទឹងត្រែង ជាពិសេស​សមិទ្ធផល​ការងារ​ដែល​ប្រសូត​ចេញពី​កិច្ចសហការ​ល្អ និង​ភាព​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​ទាំងអស់ នៅក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្ទឹងត្រែង នៅក្រោម​ការដឹកនាំ​រប​ស់​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ។​

​នៅក្នុង​ឱកាស​តែងតាំង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ថ្មី លោក ប៉ាន សូរ​ស័ក្តិ បាន​កោតសរសើរ​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ដែល​កន្លងមក​បាន​លះបង់​កម្លាំងកាយ​ចិត្ត ក្នុងការ​បំពេញការងា​រ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ ដើម្បី​ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម ឲ្យ​ក្លាយទៅជា​អង្គភាព​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់ ។

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត​ស្ទឹងត្រែង ដែល​កន្លងមក​បានផ្ដល់​នូវ​កិច្ចសហការ​ល្អ និង​តែង​គាំទ្រ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម ដូចជា​ចូលរួម​តាមដាន​ស្ថានភាព​ថ្លៃទំនិញ និង​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ទីផ្សារ ចុះ​ផ្សព្វផ្សាយ​ច្បាប់ និង​បទ​ប​ញ្ញ​ត្ដិ​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម ព្រមទាំង​សហការ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ពាណិជ្ជកម្ម​ផ្សេងៗ​ជាដើម​។​

​លោក​មានប្រសាសន៍​បញ្ជា​ក់​ទៅកាន់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ថា ត្រូវគោរព​តាម​ឋានានុក្រម​ការងារ ដូច​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ដោយ​មិនត្រូវ​ប្រើ​ឥទ្ធិពល និង​អំណាច​របស់ខ្លួន ដើម្បី​ទាញយក​ផលប្រយោជន៍​ខុស​នឹង​ច្បាប់​ឡើយ ។​

​សូមបញ្ជាក់ថា ស្ទឹងត្រែង​គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ចុង​ខាងជើង​នៃ​ប្រទេស​កម្ពុជា ជាប់​ព្រំដែន​ជាមួយ ប្រទេស​ឡាវ ដែលមាន​ភាព​អំណោយផល​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ដោយសារ​មាន​ផលិតផល និង​ដំណាំ​សក្តានុពល​ជាច្រើន​ដូចជា ត្រី​ទឹកសាប​ធំៗ (​ប៉ា​សេ​អ៊ី និង​ប៉ា​វ៉ា​) ម្នាស់​ទឹកឃ្មុំ កាហ្វេ ណែម​សាច់​ត្រី ក្រឡាន កាពិ​ផាវ ត្រី​ជូរ និង​ផ្អក​ត្រី​ប្រា ដើម្បី​ផ្គត់​ផ្គត់​ទីផ្សារ​ក្នុងប្រទេស និង​នាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ ។

​ខេត្តស្ទឹងត្រែង​ក៏មាន​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ស្រស់ស្អាត ដូចជា ទឹកធ្លាក់​ល្បាក់ខោន ទឹកធ្លាក់​អូរ​ចាប អាង​ត្រី​ផ្សោត​អន្លង់​ស្វាយ​ធំ បូរី​អូរ​ស្វាយ អូរ​ឬ​ស្សី​កណ្តាល កោះ​ព្នៅ និង​ប្រាសាទព្រះធាតុ​ជាដើម ៕​

បុរស​២​នាក់​ត្រូវ​ទឹក​ហូរ​កួច​លង់ទឹក​ស្លាប់​នៅ​តំបន់​កម្សាន្ត​ទឹកធ្លាក់​ជ្រាវ ខេត្ត កំពង់ស្ពឺ​

​កំពង់ស្ពឺ ៖ បុរស​វ័យ​ចំណាស់​២​នាក់​បាន​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ទៅលេង​តំបន់​ទេសចរណ៍ ជ្រាវ ហើយ​ស្រាប់តែ​មេឃ​ធ្លាក់ភ្លៀង​ពីលើ​ភ្នំ​បណ្តាលអោយមាន​ទឹក​ហូរ​ខ្លាំង​កួច​ធ្លាក់​ពីលើ​ភ្នំ​យ៉ាងគំហុក (​ដូច​ទឹកបាក់​ទំនប់​)​បណ្តាលអោយ​បោក​ជាមួយ​ថ្មរ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​តែម្តង​។ ហេតុការណ៍​លង់ទឹក​ស្ទឹង​ស្លាប់​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី រសៀល​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ស្ទឹង​ក្រាំង​ពន្លៃ ចំណុចដើម​ជ្រៃ​ធំ ស្ថិតនៅ​ក្នុងភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​របស់លោក ហ៊ុន សុខ​ហុន អធិការនគរបាល​ស្រុក​ថ្ពង​បាន​និយាយ​អោយដឹងថា ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​ចំនួន​០២​នាក់​នេះ​ទី​០១ មានឈ្មោះ​មុំ សេង ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​៥​ឃុំ​សាលា​លេខ​៥ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​នឹង​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ​គឺ​ម ផាន់ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​និង ជា​ម្ចាស់​ចម្ការ​ផងដែរ​។​លោក អធិការ​ស្រុក​បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ ពួកគាត់​បាន​នាំ​កូនក្មួយ​មកលេង​តំបន់​ទឹកធ្លាក់​ជ្រាវ រួចហើយ​បន្ត​មកលេង​នៅ​ចំណុចកើតហេតុ​ខាងលើ ក្នុង​ចម្ការ​ក្រូច​របស់​ឈ្មោះ គឹម ផាន់ ។​

​ក្រោយពី​ក្រុម​ជនរងគ្រោះ​កំពុង​លេង​ទឹក​ក្នុង​ស្ទឹង​នោះ ក៏មាន​ភ្លៀង​មួយ​មេ​ធំ​នៅ​ចំណុច​ភ្នំ​ជ្រាវ ទើប​បង្ក​ឱ្យ​ទឹកស្ទឹង​ខាង​បាន​ជន់​ឡើង​ខ្លាំង​ភ្លាមៗ​។​ទឹកជំនន់​ហូរ​ពី​ខាងលើ​យ៉ាងគំហុក​បាន​បោក​ទាញ​ជនរងគ្រោះ​ឈ្មោះ មុំ សេង ពេល​ឃើញ​ដូចនេះ ឈ្មោះ គឺ​ម ផាន់ ក៏បាន​ស្ទុះ​លោ​តទៅ​ជួយ​ក៏បាន​ទឹក​បោក​ទាញ​បាត់​ខ្លួន​ទាំងពីរ​នាក់​តែម្ដង​។

​កម្លាំង​នគរបាល​ប៉ុស្តិ៍​អម​លាំង ដោយ​សហការ​ជាមួយ​ប្រជា​ការពារ ដែល​ការពារ​នៅ​ទី​នោះបាន​អន្តរាគមន៍​ចុះ​រាវរក​រហូតដល់​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ទើប​រកឃើញ​សព​នៅ​ចំណុច​ក្រោម​ស្ពាន​ភូមិ​ទឹក​ចេញ ចំងាយ​២០០​ម៉ែត្រ​។​សមត្ថកិច្ច​មូលដ្ឋាន​ក្រោយពី​ជួយ​រក​សព​ឃើញ ក៏បាន​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ដោយ​មិនអោយ​ទាំង​សមត្ថកិច្ច​ថតរូប​បុរស​ម្នាក់​ដែល​នៅ​ខេត្តកំពង់ឆ្នាំង ទុកជា​ឯកសារ​ទៀតផង ៕

កម្ពុជា សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​កំពង់ផែ​ទឺ​ក​ជ្រៅ​ក្រុង​ព្រះសីហនុ​

​ព្រះសីហនុ ៖ ចំណត​ផែ​ពហុ​បំណង​ស្ថិតនៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវបាន​បើកសម្ពោធ អោយ​ដំណើរការ​ជា​ផ្លូវការ​ហើយ នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា រួម​និង​វត្តមាន​ចូលរួម​របស់​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ផងដែរ​។

​ការសាងសង់​ចំណត​ផែ​ពហុ​បំណង​ថ្មី​នេះ បាន​ចំណាយ​រយៈពេល​៤២​ខែ ចាប់​តាំង​ខែមករា ឆ្នាំ​២០១៥ និង​បានបញ្ចប់​នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៨​នេះ ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ៧៤​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ក្នុង​ក្របខណ្ឌ​នៃ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​ពហុ​បំណង​កំពង់ផែ​ក្រុងព្រះសីហនុ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ទទួលបន្ទុក​លើ​ការបង់ពន្ធ និង​អាករ​ផ្សេងៗ​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ចាត់ទុកថា​ប្រទេស​ជប៉ុន​ជា​ដៃគូ​អភិវឌ្ឍ​ធំ​ទី​២​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ជាពិសេស គ្រាន់តែ​ការអភិវឌ្ឍន៍​កំពង់ផែ​ក្រុងព្រះសីហនុ ភាគី​ជប៉ុន បានផ្តល់​ហិរញ្ញប្បទាន​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ហើយ បើ​គិត​មកដល់​ពេលបច្ចុប្បន្ន​។ សម្តេច​តេ​ជោ បាន​ថ្លែងថា ចំណត​ផែ​ពហុ​បំណង​នេះ បាន​បង្កើន​សមត្ថភាព​មួយផ្នែកធំ​បន្ថែមទៀត​សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​ពីមុន​អាច​ទទួល​នាវា​ដឹកទំនិញ​ចូល​ចត​ត្រឹម​ចំណុះ​១​ម៉ឺន​តោន​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់​ពេលនេះ គឺអាច​អោយ​នាវា​ដឹកទំនិញ​ខ្នាត​ធំ​ទម្ងន់​៥​ម៉ឺន​តោន ចូលមក​ចត​ដោយផ្ទាល់​បាន និង​អាច​ស្រូបយក​នូវ​ចំណែក​ទីផ្សារ​រហូតដល់​ជាង​៧០% នៃ​ចរាចរណ៍​ទំនិញ​ចេញ​-​ចូល​សរុប​របស់​ប្រទេស​កម្ពុជា​។​ចំណត​ផែ​ពហុ​បំណង​នេះ នឹង​ជួយ​គាំទ្រ​ដល់​មូលដ្ឋាន​ភស្តុភារ​សម្រាប់​ផ្គត់ផ្គង់​ការរុករក​ប្រេង និង​ការធ្វើ​អាជីវកម្ម​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ដែល​នឹង​ជំរុញ​ដល់​ការអភិវឌ្ឍ​ផែ្ន​ក​ឧស្សាហកម្ម​ប្រេង​បន្ថែមទៀត​ផងដែរ​។​

​សម្តេច​តេ​ជោ បាន​លើកឡើងថា ទោះជា​ពេលនេះ​កម្ពុជា​បាន​ពង្រីក​ចំណត​ផែ​ពហុ​បំណង មាន​ជម្រៅ​ទឹក​១៣​ម៉ឺ​ត្រក​ន្លះ​ក៏ដោយ តែ​កម្ពុជា នឹង​ចាប់ផ្តើម​សាងសង់​កំពង់ផែ​ទឹក​ជ្រៅ​ថ្មី​មួយទៀត ជម្រៅ​១៤​ម៉ឺ​ត្រក​ន្លះ តម្លៃ​២០៣​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ចាប់ផ្តើម​សាងសង់ នា​ឆ្នាំ​២០១៩ ហើយ​គ្រោង​បញ្ចប់​នា​ឆ្នាំ​២០២៣ ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​។ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា កំណើន​តម្រូវការ​ជា​បន្តបន្ទាប់​នេះ គឺ​បង្ហាញ​យ៉ាងច្បាស់​ពី​ស្ថេរភាព​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។ ដើម្បី​ប្រមូល​ធនធាន​សម្រាប់​គម្រោង​អភិវឌ្ឍ​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ដែរ​ថា មិន​លក់​ទៅអោយ​ឯកជន​នោះឡើយ ទោះ​មាន​ក្រុមហ៊ុន​ជាច្រើន​ចង់បាន​កំពង់ផែ​នេះ​ក្តី ប៉ុន្តែ​វិធី​ដ៏​ល្អ​គឺ កំពង់ផែ​បាន​បោះ ប័ណ្ណ​មូល​ប័ត​លក់​រួចមកហើយ​។

តាម​ការបញ្ជាក់​របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឲ្យ​ដឹងថា ចំណត​ផែ​ពហុ​បំណង ដែល​សម្ពោធ​បើក​ឲ្យ​ដំណើរ​រការ​ជា​ផ្លូវការ​នាពេលនេះ រួមមាន​៖ ចំណត​ផែ​ទំនិញ​រាយ​ប្រវែង ៣៣០​ម៉ែត្រ ជម្រៅ​ទឹក ១៣,៥​ម៉ែត្រ និង​ចំណត​ផែ​មូលដ្ឋាន​ផ្គត់ផ្គង់​ភស្តុភារ​សម្រាប់​ការរុករក​ប្រេង​ប្រវែង ២០០​ម៉ែត្រ ជម្រៅ​ទឹក ៧,៥​ម៉ែត្រ​។ ចំណត​ផែ​ពហុ​បំណង​នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​ច្រកទ្វារ​សេដ្ឋកិច្ចជាតិ​មួយ​ដ៏​សំខាន់ សម្រាប់​ដោះដូរ​ផលិតផល​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ពិភពលោក ដោយបាន​ត​ភ្ជាប់​ទៅនឹង​ផ្លូវជាតិ​លេខ​២, លេខ​៣, លេខ​៤ ផ្លូវ​រថភ្លើង និង​ជាពិសេស​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕

ក្រូចថ្លុង​ខេត្តក្រចេះត្រូវបាន​ប្រកាស​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​កម្រិត​អន្តរជាតិ​

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងពាណិជ្ជកម្ម​ជា​សេនាធិការ បានប្រកាស​ដាក់​ផលិតផល​ក្រូចថ្លុង​កោះ​ទ្រង់ ក្នុង​ខេត្តក្រចេះ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI )​បន្ទាប់ពី​ផលិតផល​កំពុងមាន​ឈ្មោះ​ល្បី​លើ​គុណភាព​ឆ្ងាញ់ ហើយ​ការដាក់បញ្ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះដែរ វា​នឹង​អាចអោយ​កសិករ​និង​អ្នក​ផលិត​ទទួលបាន​ផលប្រយោជន៍​ច្រើន​បន្ថែមទៀត ។

​ដើម្បី​បង្កើន​ភាពល្បីល្បាញ​នៃ​ផលិតផល​ក្រូចថ្លុង​កោះ​ទ្រង់ ក្នុង​ខេត្តក្រចេះ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បានសម្រេច​ដាក់បញ្ចូល​ជា​ផ្លូវការ​នូវ​ផលិតផល​មួយ​នេះ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ( GI ) និង​បានប្រកាស​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ម្សិលមិញ​នេះ ក្រោម​វត្តមាន​លោក ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ។

​នៅក្នុង​ពិធី​ប្រកាស​ដាក់​ជា​ផ្លូវការ​នេះដែរ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះ ទើប​ក្រសួងពាណិជ្ជកម្ម ដែលមាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា ជា​សេនាធិការ បាន​ខិតខំ​ផ្តួចផ្តើម​គម្រោង​អភិវឌ្ឍន៍ «​ក្រូចថ្លុង​កោះ​ទ្រង់​» ឲ្យ​ទៅជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ដោយ​ប្រើប្រាស់​ជំនួយ​បច្ចេកទេស និង​ហិរញ្ញប្បទាន ផ្តល់​តាមរយៈ​អង្គការ​កម្ម​សិ​ទិ្ធ​បញ្ញា​ពិភពលោក រហូត ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​មោទនៈ នេះ​ចាត់ទុកជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​ក្រសួងពាណិជ្ជកម្ម​បន្ថែម​ពីលើ​សមិទ្ធផល​ជាច្រើន​ដែល​ក្រសួង​ទទួលបាន​នាពេល​កន្លងមក​។ ការដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ក្រូចថ្លុង​កោះ​ទ្រង់ នឹង​ជួយ ការពារ​អត្តសញ្ញាណ​ផលិតផល​ប្រពៃណី បង្កើត​ឱកាស​ការងារ និង​បង្កើន​ប្រាក់ចំណូល​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ព្រមទាំង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ។
​លោក​បន្តថា ចាប់តាំងពី​ក្រសួងពាណិជ្ជកម្ម បាន​ជំរុញ​ការអភិវឌ្ឍ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ «​ក្រូចថ្លុង​កោះ​ទ្រង់​» បានធ្វើ​ឲ្យ​តម្លៃ​ក្រូចថ្លុង កើនឡើង​ពី ៥.០០០ រៀល រហូតដល់ ១២. ០០០ ក្នុង​មួយ​ផ្លែ ហើយនឹង​បន្ត​កើនឡើង​ថែមទៀត នាពេល​អនាគត ។

​លោកស្រី ជាន រី​ណា ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់​ខេត្តក្រចេះ​បានអោយដឹងថា បច្ចុប្បន្ន​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ​ទ្រង់​ក្រចេះ មាន​សមាជិក​ដែលជា​ផលិតករ និង​អាជីវករ​សរុប​ចំនួន ១៥៥​គ្រួសារ មកពី​សង្កាត់​កោះ​ទ្រង់ ឃុំ​វឌ្ឍនៈ​និង​មាន​ដើម​ក្រូចថ្លុង​សរុប​ចំនួន ១៣.៧៩០​ដើម ហើយ​ក្នុងនោះ​ក្រូចថ្លុង ២.៤៧៤​ដើម​អាច​ទទួលផល ។ ការដាក់បញ្ចូល​ជា​ផ្លូវការ​នូវ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​ក្រូចថ្លុង​កោះ​ទ្រង់ នឹងធ្វើ​អោយ​អ្នក​ដាំ​ក្រូចថ្លុង កោះ​ទ្រង់​ក្រចេះ អាច​ទទួលបាន​ផលប្រយោជន៍​បន្ថែមទៀត ដូចជា​ទទួលបាន​កេរ្តិ៍ឈ្មោះ​កាន់តែ​ល្បី​និង​កាន់​តែមាន​អ្នក​ស្គា​ល់ពី​គុណភាព​ក្រូចថ្លុង​នៅ​កោះ​ទ្រង់។

​លោកស្រី Allexandra Grazioli ( អេ​ឡិច​ហ្សា​ន់​ដ្រា ហ្ក្រា​ហ្ស៊ូ​លី ) តំណាង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​បានអោយដឹង​ថា ក្នុង​ពិភព​សាកលភាវូបនីយកម្ម​ដែល​យើង​កំពុង​រស់នៅ​បច្ចុប្បន្ននេះ ពិត​ជាមាន​សារសំខាន់​ណាស់​សម្រាប់​ផលិតករ ដើម្បី​បង្កើត​និង​បង្ហាញ​ផលិតផល​របស់ខ្លួន ប្រសិនបើ​ពួកគេ​ចង់​ទទួលជោគជ័យ​និង​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតករ​និង​ប្រតិបត្តិ​ករ​ដទៃទៀត​នៅក្នុង​ទីផ្សារ​សាកលលោក​។ ចក្ខុវិស័យ​ស្តីពី​ការប្រើប្រាស់​កម្មសិទ្ធិបញ្ញា អោយ​បានល្អ​បំផុត​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បានបង្ហាញ​នៅថ្ងៃនេះ ហើយក៏​បានបង្ហាញ​ផងដែរ​នៅ​វេទិកា​អន្តរជាតិ​និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ។

​គួរ​បញ្ជាក់ថា តាមរយៈ​ក្រសួងពាណិជ្ជកម្ម រាជរដ្ឋាភិបាល​បាន ខិតខំ​ដាក់បញ្ចូល​ផលិតផល​មួយចំនួនទៀត​ក្រៅពី​ក្រូចថ្លុង​កោះ​ទ្រង់ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ដូចជា ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ ជាដើម​៕

ក្រសួង​ប្រៃស​ណីយ៍ព្រមាន​ក្រុមហ៊ុន ទូរស័ព្ទ​ចល័ត​ករណី​លក់​ស៊ីម​

​ភ្នំពេញ ៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​នានា ដែល​ស៊ីម​កាត​មិនមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ប័ណ្ណ ដោយ​ត្រូវ​ប្រឈមមុខ​នឹង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ដោយ​គ្មាន​ក្ដី​អនុគ្រោះ​ឡើយ​៕
​សូម​អាន​សេចក្តីប្រកាស​ខាងក្រោម ៖​

បុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តកោះកុង​ពីថ្ងៃ​ទី​១៤-១៦ ខែធ្នូ​

​កោះកុង ៖ ឆ្នាំនេះ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្តកោះកុង ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបាន​កំណត់​យក​ថ្ងៃ​សៅរ៍ ទី​១៥ ខែធ្នូ ឆ្នាំ ២០១៨ ។​

នៅ​ខេត្តកោះកុង នា​ចុង​ឆ្នាំនេះ ត្រូវបាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​សរសេរ​លិខិត​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ ជម្រាបជូន​លោកស្រី មិថុនា ភូ​ថង អភិបាល ខេត្តកោះកុង ពី​កាលបរិច្ឆេទ​រៀបចំ​ពិធីបុណ្យ​សមុទ្រ លើក​ទី​៧ ជុំ​ទី​២ ឆ្នាំ​២០១៨ និង​ដើម្បី​ត្រៀម​សហការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ ឆ្នាំនេះ ឲ្យ​ទទួលបាន​ជោគជ័យ​។​

គួររម្លឹកថា ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤ ជា​រៀងរាល់ឆ្នាំ ត្រូវបាន​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ដែល​សហការ​ដោយ​ក្រសួងទេសចរណ៍ ដោយ​ចាប់​ផ្តើមដំបូង​កាលពី​ឆ្នាំ​២០១២ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​អបអរសាទរ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​បាន​ក្លាយជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សកលលោក កាលពី​ឆ្នាំ​២០១១​។​

កាលពី ឆ្នាំ​២០១៧ បុណ្យ​សមុទ្រ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ “​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន​” ក្រោម​ពាក្យស្លោក “​និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍ​” បានធ្វើ​ឡើង នៅ​ខេត្ត​កែប ចាប់ពី​ថ្ងៃទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧​។​

​ក្រៅពី​ជួប​ប្រារព្ធ​ពិធី ថ្លែង​សន្ទរកថា តាំងពិព័រណ៍ និង​ប្រគំ​តន្ត្រី​ជាដើម ក្នុង​ពិធីបុណ្យ​សមុទ្រ រៀងរាល់ឆ្នាំ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្រិតសម្រាំង​ជ្រើសរើស​កីឡា​ច្រើន​ប្រភេទ ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ រួមមាន កីឡា​រត់ប្រណាំង ទូកក្តោង ទ្រី​យ៉ា​ត្លុង បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ កីឡា​រាំ​អន្តរជាតិ ស្គី​ទឹកកក ប្រណាំង​កង់ ប្រដាល់​យុទ្ធ​គុន​ចម្រុះ (MMA) ចំបាប់​ឆ្នេរ​ខ្សាច់ គុន​ខ្មែរ និង​កីឡា​ថាសហោះ ជាដើម​។​

​ក្រសួងទេសចរណ៍​ធ្លាប់បាន​បញ្ជាក់ ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ឈរលើ​មូលដ្ឋាន​កំណើន​នេះ ក៏​ទាមទារ​ឲ្យ​មានការ​គិតគូរ និង​គ្រប់គ្រង​ឲ្យ​ហ្មត់ចត់ ដោយ​ត្រូវមាន​ផែនការ​អភិវឌ្ឍ និង​គ្រប់គ្រង​ទេសចរណ៍ ពិសេស​ស្របពេល ដែល​ពិភពលោក​ទាំងមូល បាន និង​កំពុង​ប្រឈម​នឹង​ការវិវត្ត​ថ្មីៗ​ឥតឈប់ឈរ​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​។

ការអភិវឌ្ឍ​ទីក្រុង​តំបន់ឆ្នេរ​ឲ្យ​ក្លាយជា​ទីក្រុង​បៃតង​មិន​ត្រឹមតែ​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​និរន្តរភាព​នៃ​ធនធាន​តំបន់ឆ្នេរ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា និង​កំសាន្ត​កាន់តែច្រើន​ថែមទៀត​ផង​។​ក្នុងន័យនេះ ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ថា យើង​ចាំបាច់​ត្រូវ “​រួម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​” ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឲ្យ​មាន​និរន្តរភាព ហើយ​ទីក្រុង​ជាប់​ឆ្នេរ ត្រូវជា​ជ័យលាភី​ទីក្រុង​ស្អាត និង​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ស័ក្តិ​សមជា “​ឆ្នេរសមុទ្រ​កម្ពុជា​៖ តារា​រះ​នា​ទិសនិរតី​”៕​

អគ្គី​ភ​យ័​ឆាបឆេះ​ផ្ទះ​​អស់​២០​ខ្នង​ទាំង​ព្រឹក នៅ​ខណ្ឌមានជ័យ​

​ភ្នំពេញ​៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​២០ ខ្នង​ស្មើនឹង​៣១​គ្រួសារ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា នេះ នៅ​ភូមិ​ក្បាល​ទំនប់​ទី​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ ពុំទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ តែ​អាច​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ។

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែលមាន​វត្តមាន​តាំងពី​អគ្គិភ័យ​ឆាបឆេះ​រហូតដល់​រលត់ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ថា លំនៅឋាន​ដែល​ឆាបឆេះ ជា​លំនៅឋាន​សង់​ជាប់​គ្នា យ៉ាង​រដឹក​តែម្តង ។ ក្នុង​ហេតុការណ៍​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​នោះទេ​។​

​លោក បញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ ឆាបឆេះ​អស់​រយៈពេល​១​ម៉ោង​ដោយ​កម្លាំង​ប្រើប្រាស់ រថយន្ត ពន្លត់​អគ្គិភ័យ​អស់​២៧​គ្រឿង ក្នុងនោះ​៥​គ្រឿង មកពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​២២ គ្រឿង​ទៀត​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ អណ្តាតភ្លើង​ត្រូវ​រលត់​សូន្យសុង​ទៅវិញ នៅវេលា​ម៉ោង​៦៖២០​នាទី ។

​ក្នុង​ការចុះ​អន្តរាគមន៍ កម្លាំង​ជំនាញ​អគ្គិភ័យ មានការ​លំបាក​ខ្លាំង ព្រោះ​ស្ថានភាព​ផ្លូវ​នៅ​តំបន់​កើត ហេតុ​ជា​ផ្លូវ​មាន​លក្ខ​ណះ​តូចចង្អៀត ពិបាក​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ ចូលទៅ​អន្តរាគមន៍​បាញ់ ទឹក​ពន្លត់ ដូច្នេះហើយ​ត្រូវ​ប្រើពេល​យូរ​៕​

ដឹក​ប្រពន្ធ​ទៅលេង​កូន​នៅ​ស្រុកកំណើត ត្រូវ​រថយន្តបុក​កិន​ប្រពន្ធ​ស្លាប់​

​ភ្នំពេញ ៖ បុរស​ជា​ប្តី បាន​ឌុប​ប្រពន្ធ​ធ្វើដំណើរ​បំណង​នាំគ្នា​ទៅលេង​ស្រុកកំណើត តែ​បែរជា អកុសល ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ទាក់​ដៃ​ម៉ូតូ​របស់ខ្លួន​ជាមួយនឹង​ម៉ូតូ​កង់​បី បណ្តាល​ឲ្យ​ធ្លាក់​ស្ត្រី​ប្រពន្ធ ហើយ​ត្រូវ​រថយន្ត​សាធារណៈ​ក្រុង​ដឹក​អ្នកដំណើរ​មកពី​ក្រោយ បុក​កិន ចំក្បាល​បណ្តាលអោយ​ស្លាប់​ភ្លាមៗ ខណៈ​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​។ ហេតុការណ៍​នេះ បាន កើតឡើង​នៅវេលា​ម៉ោង ១៧​និង​២៥​នាទី ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ ២០១៨ នៅលើ​ស្ពាន ជ្រោយចង្វា​ថ្មី សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បុរស​ជា​ប្តី​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ប្រពន្ធ​របស់គាត់​មានឈ្មោះ ម៉ី ស្រី​ពៅ អាយុ​២៧​ឆ្នាំ មុខរបរ​ជា​កម្មការិនី រោងចក្រ ស្នាក់នៅ​ម្តុំ​ពោធិ៍ចិនតុង ជាមួយគ្នា​។ មុនពេល​កើតហេតុ គាត់​ជា​ប្តី និង​ប្រពន្ធ បាន​ជិះ​ម៉​តូ​ឌុប​គ្នា​ចាក​ចេញពី​បន្ទប់​ជួល ដើម្បី​ទៅលេង​កូន​នៅឯ​ស្រុកកំណើត នៅ​ស្រុក ពារាំង ខេត្តព្រៃវែង ប៉ុន្តែ​ពេលដែល​មកដល់​លើ​ស្ពាន​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ស្របពេល ដែល​មេឃ​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​ផង​នោះ គឺ​ម៉ូតូ​របស់គាត់​បាន​ទាក់​ដៃចង្កូត​ជាមួយនឹង​រ៉ឺម៉ក់​កង់​បី បណ្តាល​ឲ្យ​ធ្លាក់​ប្រពន្ធ​របស់​ពីលើ​ម៉ូតូ ខណៈនោះ​ក៏មាន​រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ​មកពី​ក្រោយ ក៏​បុក​កិន​ប្រពន្ធ​ពីក្រោយ​តែម្តង​។

​បុរស​ដដែល​បន្តទៀត​ថា ភ្លាមៗ​នោះ គាត់​បាន​ស្ទុះ​ទៅ​លើក​ប្រពន្ធ​គាត់​ឡើង តែ​ជា​អកុសល ប្រពន្ធ​របស់គាត់​ក្រូ​វ​បាន​រថយន្ត​កិន​ចំក្បាល​ស្លាប់បាត់​ហើយ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច ខ្លួន​បាត់ បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​ប៉ុណ្ណោះ រីឯ ម៉ូតូ​កង់​បី ក៏​គេច​បាត់​ដែរ​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា ពណ៍​ខ្មៅ ស្លាក​លេខ កណ្តាល​១B-៨១២៤​។ រីឯ​រថយន្ត​មនុស្ស ស្លាប់ នោះ ជា​រថយន្តក្រុង​របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ មាន​ស្លាក​លេខ រដ្ឋ ៣៧-៣-០០១៧ ។​

​ក្រោយពេល​កើតហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្ស​ទុក​បណ្តោះអាសន្ន ចំណែក​សព​ស្ត្រី​រងគ្រោះ​ត្រូវបាន​បុរស​ដែលជា​ប្តី​ដឹក​យកទៅ​ស្រុកកំណើត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​