All posts by មេគង្គ ប៉ុស្តិ៍

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ដកហូត​គ្រឿងញៀន​១​គ​.​ក្រ​. នៅ​ខណ្ឌដង្កោ​

 

​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក​ជឹម​ស៊ីថា អធិការនគរបាល​ខ​ណ្ឌ បាន​ចុះបង្ក្រាប​និង​ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​២​នាក់​ដោយ​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ទម្ងន់​១​គីឡូក្រាម រួមជាមួយ​វត្ថុតាង​មួយចំនួនទៀត​ផងដែរ​។​

​ហេតុ​ការ​ណ៏​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ម្នាក់​ឈ្មោះ យឹម ប៊ុន ឆាយ អាយុ​២៨​ឆ្នាំ ស្នាក់​ក្នុង​សង្កាត់​បេង​សាឡាង ខណ្ឌទួលគោក និង​ម្នាក់ទៀត​ឈ្មោះ​នុត លី​ណា អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​នគរ​បាន​បាន​ឲ្យ​ដេ​ង​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ហើយ​មុនពេល​ឈានដល់​ការចាប់ខ្លួន មាន​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏​ដោយ​សម្ងាត់​ទៅកាន់​នគរ​បាល​ខណ្ឌដង្កោ​ពី​សកម្មភាព​ជនសង្ស័យ​ទាំងនោះ​។​ក្រោយពេល​ទទួលបាន​ព័ត៌មាន​នេះហើយ លោក​វរៈសេនីយ៍ឯក​ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការ​បង្ក្រាប​ជន​ទាំងនោះ​ក្នុងខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ហាង​កាហ្វេ​ខាងលើ​។​

​ពេលនោះ​កម្លាំង​ន​គេ​បាន​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៥​កញ្ចប់​ទម្ងន់​១​គីឡូក្រាម បន្ទាប់មក​នគរបាល​បាន​នាំ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ទៅធ្វើ​ការសាកសួរ​នៅ​ប៉ុស្ដិ៍​ដង្កោ​រង់ចាំ​ការកសាង​សំ​ណុ​រឿង​ចាត់ការ​តាមច្បាប់​៕
​

រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ធំជាងគេ​នៅ​ខេត្តកំពត សម្ពោធ​ដាក់​ដំណើរការ​

​កំពត ៖ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​មួយ នៅ​ខេត្តកំពត នា​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្ត៍​នេះ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ការដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ គឺ​សម្តេច​ក្នុងតួនាទី​ជា​នាយករដ្ឋមន្ត្រី​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​របស់​កម្ពុជា ដូចនេះ​សម្តេច​តេ​ជោ​ប្តេជ្ញា​ថា​នឹង​បន្ត​ដឹកនាំ​ប្រទេស​យ៉ាងហោចណាស់​១០​ឆ្នាំ​ទៀត ដើម្បី​បន្តដំណើរ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។​

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ជាង​៧​ពាន់​នាក់ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍របស់​សាជីវកម្ម ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន នៅក្នុង​ស្រុក​ទូក​មាស ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សម្តែង​ការ​អរគុណ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​តែង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​សម្តេច ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។ តាមរយៈ​បទពិសោធ​ន៌​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ សម្តេច​តេ​ជោ ហ៊ុន សែន ប្តេជ្ញា​ថា នឹង​បន្ត​តំណែង​នេះ​យ៉ាងហោចណាស់​១០​ឆ្នាំ​ទៀត ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា អោយមាន​ការអភិវឌ្ឍ​ន៌​ទៅតាម​ផែនការ ។

​សូមបញ្ជាក់ថា ក្នុងប្រទេស​កម្ពុជា​នេះ បើទោះបី​ការខុស រឺ​ត្រូវ គឺជា​ការទទួលខុសត្រូវ​របស់​ហ៊ុន សែន តែ​គេ​ត្រូវ​ថ្លឹងថ្លែង​ក្នុងការ​ដឹកនាំ​រយៈពេល​៣៣​ឆ្នាំ​មកនេះ​….. នៅពេលដែល​ប្រទេស​មួយចំនួន​ប្រើប្រាស់​សេដ្ឋកិច្ច​ផែនការ​…​ពេលនោះ​កម្ពុជា​អនុវត្ត​សេដ្ឋកិច្ច​ទីផ្សារ ដែល​បើក​ឳ​កាស​អៅ​យ​វិស័យ​ឯកជន​មានការ​រីកចម្រើន​ឡើង ខណៈដែល​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ពន្យល់ថា ការដឹកនាំ​សេដ្ឋកិច្ច​តាមបែប​សេដ្ឋកិច្ច​ទីផ្សារ ដែល​បាន​ជម្រុញ​អោយ​វិស័យ​ឯកជន​មានការ​ចូលរួម​ច្រើន ហើយ​រដ្ឋ​គ្រាន់តែ​ជា​សេដ្ឋវិទូ​ត្រួសត្រាយ​គោលនយោបាយ សម្តេច​តេ​ជោ ក៏បាន​ចាត់​ថា ការប្រើប្រាស់​សេដ្ឋកិច្ច​បែប​ទីផ្សារ​របស់​កម្ពុជា នាពេល​កន្លងមក គឺ​រឿង​ជោគជ័យ​មួយ​សម្រាប់​កំណើន សេដ្ឋកិច្ច ដែល​បាន​បើកចំហរ​ទីផ្សារ និង​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា​។

ទន្ទឹមនឹង​ការអនុវត្ត​តាម​គោលនយោបាយ ទីផ្សារ​បើកចំហរ និង​សេរី​ភា​វូ​នី​យ៌​កម្ម សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា មិន​គាំទ្រ​ចំពោះ​គោលនយោបាយ​គាំពារ​និយម​នោះទេ ដោយ​សម្តេច​ជឿជាក់ថា គោលនយោបាយ​គាំពារ​និយម​នោះ នឹង​មិនអាច​ទទួលជោគជ័យ​ទេ ខណៈដែល​ដំណើរការ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​ត្រូវការ​ចាំបាច់ កិច្ចសហការ​នាំចេញ នាំចូល​រវាង​គ្នា​ទៅវិញទៅមក​។

​ដោយឡែក ចំពោះ​ខេត្តកំពត សម្តេច​តេ​ជោ បាន​សំលឹង​មើលឃើញថា កំពុងមាន​សក្តានុពល​ជាច្រើន សម្រាប់​ចូលរួម​កំណើន​សេដ្ឋកិច្ចជាតិ ដូចជា ការផលិត​អំបិល រោងចក្រ​វា​រី​អគ្គិសនី ជាពិសេស តាមរយៈ​ការបង្កើត​រៀង​ចក្រ​ផលិត​ស៊ីម៉ង់​ត៏​ថ្មី​បន្ថែមទៀត​នាពេលនេះ នឹង​អាច​បង្កើន​សមត្ថភាព​ការនាំចេញ ស៊ីម៉ង់​ត៏​ពី​កម្ពុជា​ទៅ​ក្រៅប្រទេស និង​សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​បាន​គ្រប់គ្រាន់​។

សូមបញ្ជាក់ថា បើតាម លោក​ឧកញ៉ា លាង ឃុន ដែលជា​ម្ចាស់​ភាគហ៊ុន​ធំ នៃ​សាជីវកម្ម ជីបម៉ុង អ៊ិន​ស៊ី ស៊ី​មេន បានអោយដឹងថា រោងចក្រ​ផលិត​ស៊ីម៉ង់ត៍ ដែល​ធំជាងគេ ក្នុងស្រុក​ទូក​មាស ខេត្តកំពត បាន​ចំណាយ​ទុនវិនិយោគ ២៦២​លាន​ដុល្លារ អាមេរិក ដែល​រោងចក្រ​នេះ​អាច​ផលិត​ស៊ីម៉ងត៍ បាន​៥​ពាន់​តោន​ក្នុង​មួយថ្ងៃ​។ ជាងនេះទៀត ដោយសារ ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​មកពី​ប្រទេស​ចិន អា​លឺ្ល​ម៉​ង់ ស៊ុយអែត និង​អ៊ីតាលី នឹងធ្វើ​ឲ្យ​ការបញ្ចេញ​ឧស្ម័ន​កាបូន​កាបូ​និ​ច​ចេញពី​រោងចក្រ​នេះ មាន​កម្រិត​ទាប​បំផុត និង​មាន​បទដ្ឋាន​បរិស្ថាន​ល្អ កម្រិត​អន្តរជាតិ​៕
​

លោក ប៉ាន សូរ​ស័ក្តិ ថ្លែងថា បើ​បាត់បង់​សន្តិភាព​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​

​កំពង់ចាម ៖ ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ បាន​គូសបញ្ជាក់ថា សន្តិភាព​គឺជា​កត្តា​សំខាន់ ដើម្បី​ធានា​ដល់​ដំណើរ​ការកសាង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏ដូចជា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ ហើយ​បើសិន​បាត់បង់​សន្តិភាព នោះ​កម្ពុជា​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។​

លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ដូច្នេះ នាឱកាស​អញ្ជើញ​ជា​អធិបតីភាព នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ឧបដ្ឋានសាលា និង​សមិទ្ធផល​នានា​របស់ វត្ត​អម្ពវ័ន ហៅ​វត្ត​ស្រោង ដែលមាន​អាយុកាល ៦១​ឆ្នាំ ស្ថិតនៅក្នុង​ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន​ប្រជាពលរដ្ឋ អំពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ស្តារ និង​កសាង​ប្រទេស​ចេញពី​ចំណុចសូន្យ ដោយ​ត្រូវ​ប្រឈម​បញ្ហា និង​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​រាប់រយ​ជំពូក ដើម្បី​ដឹកនាំ​នាវា​កម្ពុជា មកកាន់​ត្រើយ​សុខសន្តិភាព និង​វឌ្ឍនភាព​ដូច​បច្ចុប្បន្ន ។ ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្នកំពុង​ធ្វើ​សមាហរណកម្ម​ខ្លួន​យ៉ាងសកម្ម​ទៅក្នុង​តំបន់ និង​ពិភពលោក ហើយ​បាន​ក្លាយជា​ប្រទេស​គោលដៅ ដែលមាន​ភាព​ទាក់ទាញ​សម្រាប់​វិស័យ​ទេសចរ​ណ៏ និង​វិនិយោគ ជាមួយនឹង​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​គិត​ជា​មធ្យម ៧% ក្នុង​រយៈពេល ២​ទស្សវត្ស​ចុងក្រោយ ។​

លោក បន្តថា ជាមួយ​វឌ្ឍនភាព​ដ៏​ប្រសើរ​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា មានឱកាស​បង្កើន​ជីវភាព និង​ប្រាក់ចំណូល​កាន់តែ​សមរម្យ ដើម្បី​ឆ្លើយតប​នឹង​ការវិវត្តន៍​នៃ​សាកលភាវូបនីយកម្ម​។ ក្នុង​រយៈពេល ៥​ឆ្នាំនេះ ប្រាក់បៀវត្ស​អប្បបរមា​របស់​មន្ត្រីរាជកា​រ បាន​កើនឡើង​បី​ដង ហើយ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ និយោជិត ក៏បាន​កើនឡើង​ជាង​ពីរដង​ផងដែរ​» បាន​អះអាង​បន្ថែម​។​

គួរ​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ ២០១៧​កន្លងមកនេះ ក្រុមការងារ​ចុះ​ពង្រឹង​ឃុំ​ជ្រៃវៀន បាន​ចំណាយ​ពេលវេលា និង​ធនធាន​ជាច្រើន ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​របស់​ប្រជាជន និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ក្នុងនោះ​ក្រុមការងារ​បាន​ជួយឧបត្ថម្ភ​ដល់​ស្ត្រី​សម្រាលកូន ក្នុង​ម្នាក់ ១០​ម៉ឺន​រៀល និង​គ្រួសារ​សព​មួយ​គ្រួសារ ២០​ម៉ឺន​រៀល ព្រមទាំង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត គិត​ជា​ថវិកា​សរុប មាន​ចំនួន ២.៩១៥​លាន​រៀល និង​ប្រាក់​ដុល្លារ​ចំនួន ១៥៦.៣៨៤​ដុល្លារ​។ លើសពីនេះ ក្រុមការងារ​ជន​បង្គោល​យុវជន​ថ្នាក់កណ្តាល ក៏បាន​ជួយឧបត្ថម្ភ​អង្ករ​ចំនួន ២​តោន រៀងរាល់ខែ ដល់​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក និង​បាន​ចុះ​ចែក​ស្បៀង​ជូន​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​ថែមទៀត​៕
​

សម្តេច​ក្រឡាម​ហោម​ចាត់ទុក រាជធានី​ភ្នំពេញ ជា​មូលដ្ឋាន​ដ៏​សំខាន់ ក្នុងការ​ពង្រឹង​សន្តិភាព និង​ស្ថេរភាព​

​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បានចាត់ទុក រាជធានី​ភ្នំពេញ ជា​បេះដូង​របស់​ជាតិ និង ជា​កន្លែង​ប្រមូលផ្តុំ​នូវ​បញ្ហា​ទាំងឡាយ នាពេល​កន្លងមក រាជធានី​ភ្នំពេញ​ពិតជា​ដើរតួ​សំខាន់​ជាមួយនិង​ក្រសួង ស្ថាប័ន និង​សមត្ថកិច្ច ពាក់ព័ន្ធ​ក្នុងការ​ពង្រឹង​សន្តិភាព​ស្ថេរភាព ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ តាំងពី​ថ្នាក់ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ការចូលរួម​របស់​ប្រជាពលរដ្ឋ​។

ការបញ្ជាក់​របស់​សម្ដេច​ក្រឡាហោម​សខេង​បានធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​ពុធ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៨​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​នៅ​សាលា​រាជធានី​ភ្នំពេញ​។​
​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា ការចូលរួម​របស់​ប្រជាពលរដ្ឋ ដែល​មិន​ធ្វើ​អ្វី​ឱ្យមាន​ការរំខាន និង​ប៉ះពាល់​ដល់​សុខសន្តិភាព និង​ស្ថេរភាព​នយោបាយ​នោះ ចាត់ទុកថា​ជាការ​ចូលរួម​ដ៏​ធំធេង បើទោះជា​គាត់​មិនមែនជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ដោយ តែ​បាន​ប្រកាន់​នូវ​ឥរិយាបទ មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សន្តិភាព​ដែល​បាន​កើតមក​ដោយ​កិច្ចខិតខំ​ប្រឹង​ប្រែ​ដ៏​លំបាក​បំផុត​។​

​ទាក់ទិន​និង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​នៅ​រាជធានី​ភ្នំពេញ​វិញ​សម្តេច​ក្រឡាហោម​បាន​ទទួលស្គាល់ថា នៅមាន​បញ្ហា​ប្រឈម និង​ការលំបាក​ជាច្រើន តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ ព្រោះថា​ជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស​រស់នៅ​ច្រើន រាល់​បញ្ហា​ទាំងឡាយ​គឺ​បាន​កើតមានឡើង ពិសេស​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ និង​បញ្ហា​ចរាចរ ដែល​កើតឡើង​ដោយសារ កំណើន​នៃ​មធ្យោបាយ និង ការ​មក​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពី​គ្រប់ទិសទី ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ប៉ុន្តែ​សម្តេច ក្រឡាហោម​បានចាត់ទុក​ថា នេះ​ជា​ឱកាស​របស់​កម្ពុ​ជាមួយ​ដែរ បើសិនជា​មិនបាន​ជួបប្រទះ​បញ្ហា​ខាងលើនេះ​ទេ ប្រហែលជា​គ្មាន​ឱកាស ដើម្បី​និង​រៀបចំ​ស្ថានការណ៍​នេះ​ឱ្យ​ល្អប្រសើរ​ដែរ​។ បើ​គ្មាន​ការកើនឡើង​នៃ​មធ្យោបាយ ឬ មនុស្ស​នៅក្នុង​ទីក្រុង​ទេ ក៏​ជាការ​បញ្ជាក់ថា ប្រទេស​នោះ​គ្មាន​ការអភិវឌ្ឍន៍ និង​រីកចំរើន​នោះដែរ​។​

សម្តេច​ក្រឡាហោម​បញ្ជាក់ទៀតថា កម្ពុជា​សុទ្ធចិត្ត​ទទួលយក នូវ​បញ្ហា​ប្រឈម​ទាំងនោះ ដើម្បី​ធ្វើការ​សិក្សា ស្រាវជ្រាវ​ពី​មូលហេតុ​ពិតប្រាកដ ហើយ​ដាក់ចេញ​នូវ​វិធានការ​សមស្រប ដោះស្រាយ​ជា​បន្តបន្ទាប់ ដូចដែល​បានធ្វើ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ រួមមាន​៖​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ការបង្ក្រាប​គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ អំពើចោរកម្ម ជាដើម​។​
​សម្តេច​បាន​សង្កត់ធ្ងន់​ថា រាជធានី​ភ្នំពេញ ក៏ដូចជា​បណ្តា​ខេត្ត​នានា ការរក្សាបាន​នូវ​សន្តិសុខសម្រាប់​បំរើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ​គឺជា​ព្រឹ​ត្ត​ការ​ដ៏​អស្ចារ្យ​មួយ សម្រាប់​ប្រទេស​ដែល​ទើបតែ​ចេញពី​សង្គ្រាម​ដូច​កម្ពុជា ហើយ​កន្លងទៅនេះ​បាន​អនុវត្ត នូ​វលិ​ទ្ធិ​ប្រជា​ធិ​តេ​យ្យ សេរី​ពហុបក្ស ធ្វើការ​បោះឆ្នោត​ទទួលបាន​ជោគជ័យ​ជាច្រើនលើក ដែលជា​មោទនភាព​របស់​ជាតិ​។​

សម្តេច​ឧបនាយករដ្ឋមន្ត្រី​បន្ថែមថា សម្រាប់​ឆ្នាំ​២០១៨​នេះ ក៏​ជា​ឆ្នាំ​ដ៏​សំខាន់ ដែល​កម្ពុជា​នឹងមាន​ការបោះឆ្នោត​រហូត​ដល់​ទៅ​២ គឺ​ការបោះឆ្នោត​ព្រឹទ្ធសភា​និតិ​កាល​ទី​៤ និង ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ និតិ​កាល​ទី​៦ ដែលជា​ព្រឹត្តិការ​នយោបាយ​ដ៏​ធំ ដែល​អាចជា​ការបកស្រាយ និង​ពន្យល់​ដល់​មតិសាធារណៈ ពិសេស​អន្តរជាតិ​ឱ្យឃើញថា កម្ពុជា​នៅតែ​បន្ត​ដើរ​លើផ្លូវ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​យ៉ាងពិត​ប្រាកដ​។​មួយវិញទៀត កម្ពុជា​បាន​ចូលរួម​អនុវត្ត នយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងនោះ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ​យកចិត្តទុកដាក់ ពិសេស​កំណែទម្រង់​ពាក់ព័ន្ធ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជាដើម​។ ដោយឡែក​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ ដែលជា​កំណែទម្រង់​មួយ​មាន​អត្ថន័យ​ជ្រាលជ្រៅ ដល់​ការពង្រឹង​ស្ថេរភាព​នយោបាយ ការពង្រឹង​ល​ទិ្ធ​ប្រជាធិបតេយ្យ ពង្រឹង​ភាព​ធ្វើជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ និង​ការ​ជម្រុញ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​យ៉ាងណា​សម្តេច ក្រឡាហោម បានបញ្ជាក់​បន្ថែមថា រាល់​សមិទ្ធិផល​ដែល​រាជធានី​ភ្នំពេញ​សម្រេច បាន​ក្នុង​ឆ្នាំ​កន្លងទៅនេះ គឺ​បានរួម​ចំណែក​យ៉ាងពិត​ប្រាកដ ទៅក្នុង​ជោគជ័យ​រួម​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ នាយករដ្ឋមន្ត្រី និង​បានធ្វើឱ្យ​សុខសន្តិភាព​មាន​យ៉ាងរឹងមាំ មាន​ស្ថេរភាព​នយោបាយ យ៉ាង​ល្អប្រសើរ មានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រីកចំរើន គួរឱ្យកត់សម្គាល់​និង​ជា​មោទនភាព​។ សម្តេច​ក្រឡាហោម សុំឱ្យ​ថ្នាក់ដឹកនាំ និង​គ្រប់ភាគី​ពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​អនុវត្ត​សកម្មភាព​នេះ​តទៅទៀត ដើម្បី​ប្រយោជន៍ ប្រជាជន និង​ប្រទេសជាតិ​៕
​

ដីភ្នំ​ជាច្រើន​នៅ​ស្រុក​ទឹកឈូ​កំពុង​រង​ការទន្ទ្រាន​យក​ធ្វើជា​កម្ម​សិទ្ធ

​ខេត្តកំពត ៖ ភ្នំ​ជាច្រើន​កន្លែង​នៅ​ស្រុក​ទឹកឈូ​ខេត្តកំពត​ក្នុង​គ្រា​បច្ចុប្បន្ននេះ បាន និង​កំពុង​រង​ការ​រុករាន​ទន្ទ្រាន​កាយ​ដី​លក់ និង​ជីក​កាយ​ហ៊ុំព័ទ្ធ​របង​យក​ដីភ្នំ​ធ្វើជា​កម្មសិទ្ធិ​។​

​ជាក់ស្ដែង​នៅ​ជួ​ភ្នំ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ភាគច្រើន​ភ្នំ​ទាំងនោះ​កំពុង​ទទួលរង​ការកាប់បំផ្លាញ​ព្រៃឈើ​និង​កាយ​យក​កម្ទេច​គ្រោះ​លក់​តែ​អាជ្ញាធរ​គ្រប់​ថ្នាក់​ហាក់ដូចជា​មិន​ចាប់អារម្មណ៍​ក្នុង​រឿងនេះ​សោះ ចំណែក​ប្រជាពលរដ្ឋ​បាន​និយាយ​ដូចៗ​គ្នា​ថា អ្នក​កាយ​ដីភ្នំ​លក់ និង​អ្នក​ហ៊ុំព័ទ្ធ​ដីភ្នំ​នោះ​មិនមាន​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ធ្វើ​ទេ គឺ​សុទ្ធតែ​អ្នកមាន​លុយ មានអំណាច​ទើប​អាចធ្វើ​ទៅបាន​។ ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​អំពាវនាវ​អោយ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ពិនិត្យមើល​ផង​ព្រោះ​អ្នក​ទន្ទ្រាន​យក​ដីភ្នំ​ហួស​បង្គោល​រដ្ឋបាល​ព្រៃឈើ​ទៅហើយ​។​

​នៅ​រសៀល​ថ្ងៃទី​៧ កុ​ម្ភះ ឆ្នាំ​២០១៨ នេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​បាន​ចុះទៅពិនិត្យ​នៅ​ជួ​ភ្នំ​រិ​ក​រិល​នោះ​លោក​ហុក ជា​កុសល នាយរង​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត​បាន​និយាយប្រាប់​អោយដឹងថា ដីភ្នំ​ទាំង​ត្រូវបាន​គេ​ដាំ​កូនឈើ​គ្រប់​ប្រភេទ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដដែល​នេះ​បាន​និយាយប្រាប់​អោយដឹងថា ការកាយ​ដី​ហ៊ុំព័ទ្ធ​នេះ​គឺ​សម្រាប់​ការពារ​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវក្ដៅ​ខ្លាំង​ខាងមុខ​។​លោក ហុក ជា​កុសល និយាយថា យើង​កំពុង​សាកសួរ​ពី​ករណី​ដីភ្នំ​មួយទៀត​។​

​លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពត​និយាយប្រាប់​អោយដឹងថា អ្នក​ដែល​រឹង​ទ​ទឺង​រំលោភ​យក​ដីភ្នំ​នោះ ខាង​រដ្ឋបាល​ព្រៃឈើ​បាន​ណែនាំ​ច្រើនដង​ដែរ​ហើយ ប៉ុន្តែ​បើ​នៅតែ​មិន​រាងចាល​អាចដាក់​ពាក្យបណ្ដឹង​ទៅ​តុលា​ការអោយ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕
​

ជប៉ុន​ចង់ឱ្យ​កម្ពុជា​បញ្ជូន​កម្មសិក្សាការី​ទៅ​បណ្តុះបណ្តាល​ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន

​ភ្នំពេញ ៖ ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន (JCIA) បាន​ជម្រាប ជូន​ដល់​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថា អង្គការ​និង​ក្រសួង​សង្គមកិច្ច​កម្ពុជា មានបំណង ចង់​បញ្ជូន​កម្មសិក្សាការី​ទៅធ្វើ​ការបណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ខាង​ផ្នែក​ថែទាំ​មនុស្ស​ចាស់​។​

​ក្នុងជំនួប​ពិភាក្សា​ការងារ​នៅ​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​៦ ខែ​កុ​ម្ភះ​នេះ រវាង ឯកឧត្តម​បណ្ឌិត​អ៉ិ​ត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​និង លោក ហ្វូ​មី​អូ យ៉ាម៉ាដា ប្រធាន​អង្គការ​សមាគម​សហប្រតិបត្តិការ កម្ពុជា​ជប៉ុន បានបញ្ជាក់​ការទាមទារ​ចង់​ឲ្យ​កម្មសិក្សាការី​ធ្វើការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន ដោយសារ ធនធានមនុស​ស្ស​ផ្នែក​ថែទាំ​មនុស្ស​ចាស់​នៅ​ជប៉ុន​មាន​កម្រិត​ទាប​នៅឡើយ បន្ទាប់មក​កម្មសិក្សាការី​ក៍​អាច យក​ជំនាញ​នេះ​មកប្រើប្រាស់​នៅ​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ កម្ពុជា​នឹងមាន​ចំនួន​មនុស្ស​ចាស់​កើនឡើង ដូច​ប្រទេស​ជប៉ុន​ដែរ ដូច្នេះ​ក៍​ត្រូវការ​អ្នក​ដែលមាន​សមត្ថភាព​ខាង​ថែទាំ​មនុស្ស​ចាស់​ដូចគ្នា​។
​លោក​ប្រធាន​អង្គ​បានលើកឡើង​ទៀតថា ទាក់ទង​ទៅនឹង​សេវា​ថែទាំ​មនុស្ស​ចាស់ ខាង​អង្គការ​របស់ លោក​ធ្វើយ៉ាងណា​គៀងគរ​អ្នកវិនិយោគទុន​របស់​ជប៉ុន​មក​កម្ពុជា​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត ដូច្នេះ​គឺ​ត្រូវការ ការសហការ និង​ការគាំទ្រ​ពី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជា​អោយបាន​ច្រើន​បន្តទៀត​។​

​ឯកឧត្តម​បណ្ឌិត​អ៉ិ​ត សំហេង បាន​ឆ្លើយតប​ដល់​ភាគី​ជប៉ុន​ថា កម្ពុជា​កំពុងតែ​រៀបចំ​អភិវឌ្ឍ​អោយមាន ប្រព័ន្ធ​គោលនយោបាយ និង​ធនធានមនុស្ស​សម្រាប់​សេវា​នេះ ដែល​កន្លងមក​រដ្ឋាភិបាល​កម្ពុជា​បានដាក់​ឲ្យ ប្រើប្រាស់​នូវ​គោលនយោបាយ​ស្តីពី​មនុស្ស​ចាស់ ហេតុដូច្នេះ ក្រោម​គោលនយោបាយ​នេះ​ត្រូវការ​អភិវឌ្ឍ​នូវ ធនធានមនុស្ស​ផ្នែក​សេវា​ថែទាំ​មនុស្ស​ចាស់​នេះ​ជា​ចាំបាច់​។​

ជាមួយគ្នានេះ ភាគី​ជប៉ុន​បានបញ្ជាក់​បន្ថែមថា ខាង​អង្គ​ការមិន​ត្រឹមតែ​ខិតខំ​ព​ន្លឿ​ន​ទៅលើ​ការបណ្តុះ បណ្តាល​ខាង​ធនធានមនុស្ស​ទេ គឺ​នឹង​ផ្តល់​ខាង​គ្រូ​បង្គោល​ដើម្បី​ហ្វឹកហាត់​ទៅដល់​កម្មសិក្សាការី​ផងដែរ​។ កម្ម សិក្សា​ការី​ថែទាំ​មនុស្ស​ចាស់​វា​ខុសប្លែក​ពី​កម្មសិក្សាការី​ផ្សេងៗ​ទៀត គឺ​តម្រូវអោយ​គាត់​ចេះ​ភាសា​ជប៉ុន​ឲ្យ​បាន ច្រើន​ដើម្បី​ងាយស្រួល​ទំនាក់ទំនង ព្រោះ​កិច្ចការងារ​នេះ​ធ្វើ​រវាង​មនុស្ស​និង​មនុស្ស ដែល​អាចមាន​បញ្ហា​ខ្លះ​នឹង កើតមានឡើង​កំឡុងពេល​ធ្វើ​កិច្ចការ​នេះ​៕
​

មន្ទីរ​ពន្ធដារ​ខេត្ត​ព្រះសីហនុ​បើក​យុទ្ធនា​ការចុះ​ត្រួតពិនិត្យ​ការបង់ពន្ធ​ផ្លូវ​លើ​រថយន្ត​

​ខេត្ត​ព្រះសីហនុ​៖​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៧​។ សេចក្ដីជូនដំណឹង​ស្ដីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ចូល​បង់ពន្ធ​ដែល​អនុវត្ត​នៅ​ថ្ងៃទី​១៥ មិថុនា រហូតដល់​ថ្ងៃ​៣០ ខែវិច្ឆិកា​។​

​ក្រសួង​សេដ្ឋកិច្ច បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ អង្គភាព​ពន្ធដារ​នឹង​ចុះ​ត្រួតពិនិត្យ និង​ផាកពិន័យ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​ទាំងឡាយណា​ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លងទៅ នឹងត្រូវ​បង់ពន្ធ និង​បង់ប្រាក់​ពិន័យ ១០០% នៃ​ប្រាក់​ពន្ធ​ដែល​ត្រូវ​បង់​។​

ដោយឡែក សំរាប់​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ នេះ មន្ទីរ​ពន្ធដារ​ខេត្ត​ព្រះសីហនុ មន្ត្រី​ជំនាញ​ពន្ធដារ សហការ​ជាមួយ​កម្លាំងចម្រុះ​បាន​ចុំ​ត្រួតពិនិត្យ​ផ្លូវ​លើ​រថយន្ត​គ្រប់​ប្រភេទ ដែល​កំពុង​ធ្វើ​ចរាចរណ៍​នៅក្នុង​ខេត្ត​នេះ​។​
លោក សុខ ចំណាន មន្ត្រី​ពន្ធដារ ដែល​កំពុង​ចុះ​អនុវត្ត​ត្រួតពិនិត្យ​ពន្ធ​បានអោយដឹងថា​៖​ការចុះអនុវត្ត​ត្រួតពិនិត្យ​លើ​ពន្ធ​ផ្លូវ​នេះ​គឺមាន រយៈពេល​៣​ខែ​។​
​នៅថ្ងៃនេះ​ផងដែរ គឺជា​ថ្ងៃ​ចុះ​អនុវត្ត​ពិនិត្យ​ពន្ធ​ផ្លូវ​លើកដំបូង លោក ឃើញថា រថយន្ត​ដែល​មិនទាន់​បង់ពន្ធ​ផ្លូវ គឺមាន​ច្រើន ជាពិសេស​រថយន្ត​ដែល​ជនជាតិ​ចិន​កំពុង​ប្រើប្រាស់​តែម្តង​។

លោក សុខ ចំណាន សូម​ធ្វើការ​អំពាវនាវ សូមអោយ​បងប្អូន​ដែលមាន​រថយន្ត​ហើយ​តែ​មិនទាន់បាន​បង់ពន្ធ​ផ្លូវ​ប្រចាំឆ្នាំ ២០១៧ នោះ​សូម​ចូលរួម​បង់ពន្ធ​អោយបាន​គ្រប់គ្នា​។​

​ចំណែក​ប្អូនប្រុស ឈ្មោះ រី ណា ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​វិញ​បានអោយដឹងថា​៖​ការបង់ពន្ធ​ផ្លូវ​ជូន​រដ្ឋ​យ៉ាង​ដូច្នេះ គឺ​ល្អ​ណាស់ ព្រោះ​រដ្ឋ​អាច​ប្រមូល ថវិកា នេះ​យកទៅ​កសាង​ផ្លូវ​បន្ថែមទៀត​។​

​មិន​ខុសគ្នា​នោះទេ បង ប្រុស ឈ្មោះ មុំ សុ​ម៉ាលី អ្នកបើកបរ រថយន្ត អោយ​ក្រុមហ៊ុន ឯកជន បានអោយដឹងថា​៖​ការបំពេញ​កាតព្វកិច្ច​បង់ពន្ធ​ផ្លូវ ជូន​រដ្ឋ​នេះ ល្អ​ណាស់ ព្រោះ​បើសិនជា​មិនបាន​បង់ពន្ធ​នោះទេ រដ្ឋ​នឹង​បាត់បង់​ប្រាក់ចំណូល ហើយ​ការបង់ពន្ធ​ផ្លូវ​នេះ រដ្ឋ​អាច​យក ថវិកា​ទាំងនេះ​ទៅ​អភិវឌ្ឍ​ប្រទេសជាតិ​អោយមាន​ការ រីកចំរើន​បន្ថែមទៀត​៕
​

យុវ​សិស្ស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខណៈ​បើករថយន្ត បុក​រះ​ម៉ូតូ​របួស​កម្មករ​២​នាក់​

 

​ខេត្ត​ព្រះសីហនុ ៖ យុវ​សិស្ស​ម្នាក់​ត្រូវបាន នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ខណៈ​យុវ​សិស្ស​ម្នាក់​អាយុ​១៦​ឆ្នាំ​រូបនេះ ដែល​សមត្ថកិច្ច​អះអាងថា​បើករថយន្ត​ដោយ​គ្មាន​បណ្ណ​បើកបរ និង​មិនទាន់​គ្រប់​អាយុ​អោយ​បើកបរ​រថយន្ត​ផង​នោះ បាន​បើកបរ​រថយន្ត​មួយគ្រឿង​ទៅបុក​ប៉ះ​នឹង​ម៉ូតូ​របស់​កម្មករសំណង់​ដែល​ចេញពី​ធ្វើការ​ជិះ​ឌុប​គ្នា​២​នាក់​បណ្តាល​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​ទាំង​២​នាក់ ហើយ​ត្រូវបាន​គេ​ជួយ​បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃទី​៧​កុម្ភៈ ឆ្នាំ​២០១៨​នៅតាម​ផ្លូវ​បេ​តុ បុរី​គុជ​អាស៊ី​។​

បើតាម​សមត្ថកិច្ច​បញ្ជាក់ថា មុន​កើតហេតុ​យុវជន​ជា​សិស្សសាលា​រូបនេះ​ឈ្មោះ​សុ​ត ហ៊ុយ​សែ​អាយុ​១៦​ឆ្នាំ​រៀន​នៅ​សាលា​ជីវិត បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា​ផ្លាកលេខ​ព្រះ​សី​ហន 2A 1807​ជិះ​គ្នា​៣​នាក់ អម​ជាមួយនិង​រថយន្ត​រប​ស់​មិត្ត​ភ័ក្តិ​មួយគ្រឿង​ផ្សេងទៀត​តាមផ្លូវ​បេតុង​បុរី​គុជ​អាស៊ី ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ លុះ​កម​ដល់​ចំណុចកើតហេតុ​រថយន្ត​ក៏​ជ្រុល​ទៅបុក​ប៉ះ​លើ​ម៉ូតូ​មួយគ្រឿង​ផ្លាកលេខ កណ្តាល​1B 5517 របស់​កម្មករសំណង់​ដែល​ចេញពី​ធ្វើការ បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​រងរបួស រីឯ​រថយន្ត​មួយគ្រឿង​ទៀត​របស់​មិត្ត​ភ័ក្តិ​មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ​។​

ករណីនេះ សមត្ថកិច្ច​បាន​នាំយក​វត្ថុតាង​និង​អ្នកបើកបរ​វ័យក្មេង​រូបនេះ​ទៅកាន់​កា​រិ​យា​ល​យ័​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ដំ​ស្រាយ​តាមផ្លូវ​ច្បាប់​៕
​

ក្នុងចំណោម​វត្ត​២៣​នៅ​ក្រុង​ប៉ោយប៉ែត វត្ត​បា​លិ​លេ​យ្យ​រង​ការរិះគន់​

​ប៉ោយប៉ែត ៖ វត្ត​មួយ​ក្នុងចំណោម​២៣​វត្ត​នៅ​កណ្ដាល​ទីក្រុង​រង​ការរិះគន់​ពី​អ្នកស្រុក​រួមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត រង​ការរិះគន់​គ្មាន​ការអភិវឌ្ឍ​រួមទាំង​ពិធី​បុណ្យទាន​ធំៗ​ស្ងាត់​ខុសពី​វត្ត​ដទៃ ប្រៀបបាន​ដូចជា​វត្ត​នៅ​ឆ្ងាយ​គ្មាន​មនុស្ស​រស់នៅ​។ វត្ត​ដែល​រង​ការរិះគន់​ពី​សំណាក់​ពលរដ្ឋ​ថា​គ្មាន​អភិវឌ្ឍន៍​នោះ​គី​មានឈ្មោះ វត្ត​បា​លិ​លេ​យ្យ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ឋិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​អ្នកស្រុក​និយាយ​គ្រប់គ្នា​ថា វត្ត​ខាងលើនេះ​កកើត​មុន​វត្ត​ផ្សេងៗ​ក្នុងចំណោម​វត្ត​ទូទាំង​ក្រុងមាន​ចំនួន​២៣​វត្ត​ដោយ​វត្ត​ទាំងនោះ​មាន​ការកសាង​រួចរាល់​មាន​ក្បាច់រចនា​ប​ទ្ម​ដ៏​ល្អ​ប្រណីត​ដោយឡែក​ព្រះវិហារ​មួយ​ត្រូវបាន​សាងសង់​តាំងពី​ឆ្នាំ​២០០១ ប៉ុន្តែ​ហាក់​ជាប់គាំង​មិន​ទៅមុខ​ម្តង​ធ្វើ​ម្តង​អត់ ។ ប្រសិនបើ​អ្នកធ្វើដំណើរ​ធ្លាប់​ឆ្លងកាត់​ក្រុង​ប៉ោយប៉ែត អតីត​ស្រុក​អូរជ្រៅ ឬ​ឆ្លង​ទៅមក​ដី​ថៃ អ្នកណា​ក៏​ស្គាល់​ដែរ ។ រៀងរាល់​ពេលដែល​មាន​ពិធីបុណ្យ​ទាន​ធំៗ​វត្ត​ម្តងៗ មួយ​នេះ​ពុំ​សូវ​មាន​ពុទ្ធបរិស័ទ​ចេញចូល​នោះទេ ខុសប្លែក​ពី​វត្ត​ដទៃ ។​អ្នកស្រុក​បានលើកឡើង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត ទាំងមូល​ហាក់បីដូច​មិនមាន​ការចាប់អារម្មណ៍​មកលើ​វត្ត​នេះឡើយ ដោយ​មិនដឹង​មូលហេតុ​អ្វី​នោះទេ​ពេល​មាន​ពិធីបុណ្យ​អ្វីមួយ​កើតឡើង ពេល​ក្រុម​អ្នកសារព័ត៌មាន​សាកសួរ​នាំ​លើ​បញ្ហា​នេះ​តាអាចារ្យ និង​ពុទ្ធបរិស័ទ​នៅ​ទីនោះ​មិនមាន​វាចារ​ហាក់បីដូចជា​លាក់​លៀម ពិបាក​ក្នុងការ​បញ្ចេញមតិ ដេញដោល​សួរ​គ្នា​ទៅវិញ​។​

​ជុំវិញ​វត្ត​រង​ការរិះគន់​ខាងលើនេះ​លោក ស៊ាន សេង​ហុក ប្រធានការិយាល័យ​ធម្មការ និង​សាសនា​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា បញ្ហា​វត្ត​បា​លិ​លេ​យ្យ ដែល​មិន​អភិវឌ្ឍន៍​មិន​ទៅមុខ​នោះ ព្រោះថា ចៅអធិការ​វត្ត និង​គណៈកម្មការ​ឬ​អាចារ្យ និង​ចៅអធិការ​វត្ត មិន​ចុះសម្រុង​នឹង​គ្នា​ដោយសារ​ចៅអធិការ​វត្ត​មួយ​នេះ ធ្វើ​អ្វី​មិន​ស្តាប់​គេឯង​ជម្នះ​យកតែ​ត្រូវ​អត្តនោម័ត​តែម្នាក់ឯង ទើប​ក្រុម​គណៈកម្មការ និង​ចៅអធិការ​វត្ត​មួយ​នេះ​ចាំមើល​បំណាំ​គ្នា ទើប​ការកសាង​មិន​ទៅមុខ​។​

​សូមបញ្ជាក់ថា នៅក្នុង​ខែមករា ឆ្នាំ​២០១៨ កន្លងទៅ​ថ្មីៗ​នេះ ប្រធាន​ក្រុមហ៊ុន​កាស៊ីណូ WINSOR អតីត PARADISH បានស្នើ​សុំ​ជួយ​អភិវឌ្ឍន៍​ដូចជា​ចាក់ដី​ចាក់​បេតុង ដោយ​មើលឃើញ​ពី​ការខ្វះខាត​មិនតែប៉ុណ្ណោះ​ប្រធាន​ក្រុមហ៊ុន​បាន​ចុះ​ពិនិត្យ​បរិវេណ​វត្ត និង​វាស់វែង​ជាមួយ​ក្រុម​ជំនាញ​សំណង់​ខ្មែរ​ថៃ​ផងដែរ បែរជា​ចៅអធិការ​វត្ត​ខាងលើ​បដិសេធ​មិនឱ្យ​កសាង​ទៅវិញ ធ្វើ​ឲ្យ​គណៈកម្មការ​វត្ត និង​អាជ្ញាធរ​មានការ​ខឹងសម្បា​រ​យ៉ាងខ្លាំង ពី​បញ្ហា​នេះ​ផងដែរ​។

​ទាក់ទិន​ចៅអធិការ​វត្ត​បា​លិ​លេ​យ្យ ព្រះនាម ជា សំបូរ ហៅ ជា គឹម​យឿ​ត ហៅ ម៉ៃ ថៃ​សាន់ មិនអាច​សុំ​ការបកស្រាយ​បានឡើយ ព្រោះថា លេខ​ទូរស័ព្ទ​របស់ ព្រះអង្គ​ដែល​អ្នកសារព័ត៌មាន​ធ្លាប់​ស្គាល់ មិនអាច​ទាក់ទង​បាន​៕​

មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ម្ហូបអាហារ​ខូចគុណភាព និង​គ្មាន​ច្បាប់

​ប៉ោយប៉ែត ៖ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដែល​ទើប​ចូលកាន់​តំណែង​លោក សាន វិជ្ជា​សា​រ៉ាវុធ ជំនួស​លោក ស៊ាន ស៊ី​ណាត ដែល​ថ្នាក់លើ​ផ្ទេរ​កិច្ច​ទៅ​ខេត្តកំពង់ចាម​បាន​ដឹកនាំ​ក្រុមការងារ​សហការ​ណ៍​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ចុះ​ត្រួតពិនិត្យ​ទំនិញ បន្លែ ត្រី សាច់ និង​ម្ហូបអាហារ​។​

​ការចុះ​ត្រួតពិនិត្យ​ទំនិញ​លើ​ទីផ្សារ​នេះ​បាន​ធ្វើឡើង​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។
​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​បន្ទាយមានជ័យ ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បន្ត​ចុះ​ធ្វើតេស្ត​បឋម (Test Kit) សរសៃ​មី​ធំ បាញ់​កាញ់ សរសៃ​គុយ​ទាយ បង្គា លើ​ចំណីអាហារ​បរិភោគ​ដើម្បី​រក​សារធាតុ ដែលនាំឱ្យ​គ្រោះថ្នាក់​ដល់​សុខភាព ព្រមទាំង​ត្រួតពិនិត្យ​ទំនិញ​ហួស​សុពលភាព ខូចគុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​នាំចូល​។​

​លោក​បន្តថា ដើម្បី​ធានា​ដល់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ជា​អ្នក​ទទួលទាន​នោះ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្ត ជា​ញឹកញាប់​បាន​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន ដោយ​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រ​ប្រជាពលរដ្ឋ ទាំង​អ្នកលក់ និង​អ្នកទិញ បាន​យល់ដឹង​ពី​ផលប៉ះពាល់​ដល់​សុខភាព ចំពោះ​ទំនិញ​ម្ហូបអាហារ ដែល​ខូចគុណភាព ហួស​កាលបរិច្ឆេទ​កំណត់ និង​គ្មាន​ច្បាប់​អនុញ្ញាត​។ ជាក់ស្តែង​នៅថ្ងៃនេះ មន្ត្រី​ជំនាញ​បាន​ចុះមក​ធ្វើតេស្ត​បឋម​(Test Kit) ទៅលើ​ចំនីអាហារ​បរិភោគ​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ផ្សារ​ដើម្បី​រកសារ​ធាតុ​ទៅលើ មឹក បង្គា សរសៃ​គុយទាវ សណ្តែកបណ្តុះ ជ្រួក​ស្ពៃ និង​ចំណីអាហារ​ផ្សេងៗ​មួយចំនួនទៀត ។​

​មន្ត្រី​កាំកុងត្រូល​ប្រមូលបាន កម្ទេច​មី នំ ទឹកក្រូច​ដប​តូចធំ ម្សៅ​គោ​ជល់ និង​មុខទំនិញ​ចម្រុះ​ជាច្រើន​មុខ​ទៀត​៕​

ឈ្មួញ​ដឹកឈើ​ប្រណីត​រាល់​យប់​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​មិន​ប៉ះពាល់​

​កំពង់​ស្ពឺះ ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​ម្នាក់​មានឈ្មោះ កាន ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​កូនបង្កើត​របស់លោក យឺន សុផាន ដែលជា​មេ​ឈ្មួញ​ដ៏​ធំ​រកស៊ី​បទល្មើស​ព្រៃឈើ​ប្រចាំ​តំបន់​ស្រុក​ភ្នំស្រួច អាង​អំណាច​ខ្លួន​ជាម​ន្ត្រី​យោធា​អង្គរក្ស បាន​ដឹកជញ្ជូន​ឈើប្រណិត​តាម​រថយន្ត​ជា​រៀងរាល់​យប់​បើទោះបីជា​អ្នកសារព័ត៌មាន​រាយការណ៍​ទៅ​ជំនាញ​និង​ជាពិសេស​ថ្នាក់លើ​បាន​បញ្ជារ​ទៅ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មីៗ​ចុះទៅ​បង្ក្រាប​យ៉ាងណាក៏ដោយ​មិនដែល​លោក​បង្ក្រាបបាន​ម្តងណា​ឡើយ ដោយ​រាល់ពេល​រាយការណ៍​គឺ​តែងតែ​ក្រុម​ឈ្មួញ​ដឹងខ្លួន​មុន​ដឹកឈើ​ចេញផុត​ទើប​ជំនាញ​ចុះទៅ​ដល់ មូលហេតុ​នេះ​មុន​ដឹងថា​តើ​ក្រុម​ឈ្មួញ​ទទួលដំណឹង​ហើយ​ដឹកឈើ​ជំលៀស​ចេញពី​កន្លែង​ស្ទូច​ដាក់​លើ​រថយន្ត​ដោយ​វិធី​ណា​នោះទេ ទើប​រាល់​ពេលដែល​ថ្នាក់លើ​បញ្ជា​ជា​អោយ​ជំនាញ​ចុះទៅ​បង្ក្រាប​តែងតែ​បែកការណ៍​ជានិច្ច​?

ជាក់ស្តែង​កាលពី​វេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ ឈ្មួញ​ឈ្មោះ កាន ជា​មន្ត្រី​យោធា​នៅ​ACO ដែលជា​កូន​របស់​មេ​ឈ្មួញ​ធំ​ឈ្មោះ​យឺ​ម សុផាន​បាន​កំពុងតែ​ស្ទូច​ឈើប្រណិត​ដាក់​លើ​រថយន្ត​នៅក្នុង​ភូមិ​ព្រៃ​កា​ហៀ​ច ឃុំ​ក្រាំង​ដឺ​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ពេលនោះ​បណ្តាញ​បាន​រាយការណ៍​ហើយ​អ្នកសារព័ត៌មាន​បាន​ទូរ​សព្ទ័​ទៅ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក​បាន​បញ្ជារ​ទៅ​លោក ជា សារ៉ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​ទើប​ឡើងកាន់តំណែង​ថ្មីៗ​ចុះទៅ​បង្ក្រាប​ប៉ុន្តែ អ្នករាយការណ៍​មក​ថា​មិនឃើញ​មាន​កម្លាំង​ជំនាញ​ចុះទៅ​ក្បែរ​កន្លែង​ដែល​ឈ្មួញ​កំពុងតែ​ស្ទូច​ឈើប្រណិត​នោះឡើយ ទង្វើ​របស់លោក​ជា សារ៉ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​នេះ​ហាក់បីដូចជា​លោក​ខ្លាច​អំណាច​ឈ្មួញ​ឈ្មោះ កាន ឬក៏​លោក​ខ្លាច​អំណាច​លោក យឺន សុផាន់​ជា​មេ​ឈ្មួញ​ដ៏​ធំ ឬមួយ​លោក​បានទទួល​លាភសក្ការៈ​ហើយ​មិន​ហ៊ាន​បង្ក្រាប​នោះ​។​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​ពី​លោក​ជា សារ៉ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​បានទេ​។​

​ដោយឡែក​លោក ឈៀង តុលា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ស្ពឺ​បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ័​អោយដឹងថា​បន្ទាប់ពី​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​មកអោយ​លោក លោក​ក៏បាន​បញ្ជា​ទៅ​ជំនាញ គឺ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ លោក​ជា សារ៉ន ថា​មិនមាន​ក្រុម​ឈ្មួញ​កំពុង​លើក​ឈើ​ដូច​ការរាយការណ៍​នោះឡើយ លោក​ក៏​ត្រឡប់មកវិញ​ទៅ​។​
​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា​ប្រសិនបើ​លោក​ស៊ើប​ដឹងថា​មន្ត្រី​ថ្នាក់ក្រោម​របស់លោក​មិនបាន​ធ្វើការ ឬក៏​មានការ​ពាក់​ព​ន្ធ័​និង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ​នៅក្នុង​ខេត្ត​រលាយ​ហិនហោច​នោះ លោក​និង​មាន​វិធានការ​និង​វិន័យ​ផ្ទៃក្នុង​ការងារ​របស់លោក ហើយ​អាច​ប្រឈម​និង​ការងារ​សព្វថ្ងៃ​ក៏មាន​។​ដោយសារតែ​រាល់ថ្ងៃនេះ​សម្តេច​ក្រឡាហោម​ស ខេង ចេញ​សារា​ចរណ៍​លេខ​០១ មិន​អោយមាន​កម្លាំង​ណា​ដាក់កុង​ត្រូ​ជជុះ លោក​ពិបាក​ក្នុង​ការធ្វើការងារ​បន្តិច មិន​ថ្វី​ទេ ថ្ងៃស្អែក​លោក​និង​កោះហៅ​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ប្រជុំ​ជាបន្ទាន់​។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា​លោក​ប្រធាន​មន្ទីរ​កសិកម្ម​និង​ធ្វើការ​ដុសក្អែល​លោក​ជា សារ៉ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​ថ្មី​នេះ​ចេញ​ម្តង​ហើយ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​ផ្សេងៗ​ទៀត​អោយមាន​មនសិការ​ក្នុងការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​មួយ​នេះ​ថែរក្សា​ទុកអោយ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ព្រៃឈើ​នៅ​ថ្ងៃ​អនាគត​ផង​៕
​

តុលាការខេត្ត​រតនគិរី​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​យុត្តិធម៌​ព្រហ្មទណ្ឌ​

​ខេត្តរតនគិរី ៖ កិច្ច​ជួបប្រជុំ​វិភា​ក្សា​មួយ ដែល​សាលា​ល​ដំបូង​ខេត្ត បានរៀបចំ​ឡើង ដើម្បី​ពង្រឹង​អង្គភាព​ពាក់ព័ន្ធ ក្នុង​វិស័យ​យុត្តិធម៌ ព្រហ្មទណ្ឌ រវាង​ស្ថាប័ន​អយ្យការ ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ និង​រកដ​ដំណោះស្រាយ​អំពី​បញ្ហា​ប្រឈម នៅពេល​អនុវត្ត​ច្បាប់​។​

កិiច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​អាគារ សណ្ឋាគារ រតន​ស៊ី​ធី ដោយមាន​ការចូលរួម រវាង​ស្ថាប័ន​អយ្យការ ដែលមាន លោក ឈុន ច័ន្ទ​សីហា អនុប្រធាន​សាលាដំបូង​ខេត្ត លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ចៅក្រម​សាលាដំបូង​ខេត្ត ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​ពន្ធនាគារ​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត លោក​ប្រធាន​ពន្ធដា​ខេត្ត លោក​ប្រធាន​សាខា​កាំកុងត្រូល និង​លោកស្រី អ្នកនាង​កញ្ញា​។​

លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តរតនគិរី បានបញ្ជាក់​ក្នុង​ឧកាស​នោះ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​មួយ​ដែល​ស្ថាប័ន​អយ្យការ សាលាដំបូង​ខេត្ត និង​មន្ត្រីនគរបាល​យុត្តិធម៌ បាន​ជួបជុំគ្នា ដើម្បី​ប្រជុំ​ពង្រឹង​ការងារ​អង្គភាព​ពាក់ព័ន្ធ ក្នុង​វិស័យ​យុត្តិធម៌​ព្រហម្ម ដើម្បី​លើក​ទិសដៅ ផែនការ​ឆ្នាំ​២០១៨ និង​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន ក្នុង​សកម្មភាព​អនុវត្ត​។ ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​ច្បាប់ ដើម្បី​ធ្វើ​ឲ្យ​មាន​កំណើន​សេចក្ដីទុកចិត្ត​ពី​ប្រជាពលរដ្ឋ ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់ និង ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ល្អ ក្នុង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ជាពិសេស ការចែករំលែក​ព័ត៌មាន ការពិភាក្សា​អំពី​បញ្ហា​ប្រឈម ការដោះស្រាយ​រួមគ្នា ក្នុងការ​អនុវត្ត​ច្បាប់ ការចាត់ការ​លើ​បណ្ដឹង​អាជ្ញា លើកកម្ពស់​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​កុមារ​។​

ដើម្បី​ញ៉ាំង​គោលបំណង​ខាងលើ​ឪ្យ​បានសម្រេច ព្រះរាជអាជ្ញា​ត្រូវ​រៀបចំ និង​ដឹកនាំ​អង្គប្រជុំ ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​យុត្តិធម៌​ព្រហ្មទណ្ឌ ឲ្យ​បាន​ទៀងទាត់ យ៉ាងហោចណាស់ ២​ខែម្ដង​។ បើ​ករណី​ចាំបាច់ និង​បន្ទាន់ ព្រះរាជអាជ្ញា ត្រូវ​រៀបចំ​ប្រជុំ​ជាមួយ​អង្គភាព​នោះ​ភ្លាម ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្ដែង​ឲ្យ​ទាន់ពេលវេលា​។​
ក្នុង​កិច្ចប្រជុំ​នោះដែរ មានការ​ពិភាក្សា​សំណួរ ដោះស្រាយ​បញ្ហា​ប្រឈម​នានា រវាង​ស្ថាប័ន​អយ្យការ និង​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​បាន​អនុវត្ត​ច្បាប់​ជួប​បញ្ហា​ប្រឈម​កន្លងមក​ផងដែរ​។

កិច្ច​ប្រ​ចុំ​នេះ​ត្រូវបាន​បញ្ចប់​នៅវេលា​ម៉ោង​១១:៣០​នាទី ដោយបាន​ពិភាក្សា​ផ្ដល់យោបល់​អំពី​ច្បាប់ និង​នីតិវិធី​ផ្សេងៗ អំពី​ច្បាប់​ផងដែរ​៕
​

កាំកុងត្រូល​បើក​បន្ទប់​ពិសោធន៍​ខ្នាតតូច​ទី​២​ដើម្បី​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ពី​វៀតណាម​

​ស្វាយរៀង ៖ ដើម្បី​សម្រួល​ដល់​ការវិភាគ​ទំនិញ​ម្ហូបអាហារ នៅតាម​ច្រក​ត្រួតពិនិត្យ​ព្រំដែន និង​ទីផ្សារ សំដៅ​ការពារ​សុខមាលភាព​ប្រជាជន និង​ផលប្រយោជន៍​សេដ្ឋកិច្ច តាមរយៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​ហានិភ័យ អគ្គនាយកដ្ឋាន​កាំកុងត្រូល បានដាក់​ឲ្យ​ដំណើរការ​មន្ទីរពិសោធន៍​ខ្នាតតូច​ទី​២ នៅ​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង ក្រោម​គណ​:​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ស្វាយរៀង​។
​
ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ដែល​រៀបចំឡើង កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​គូសបញ្ជាក់ថា មន្ទីរពិសោធន៍​ខ្នាតតូច​នេះ នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង ក្នុងការ​ត្រួតពិនិត្យ​ទំនិញ ជាពិសេស​ធានា​បា​នូវ​ភាព​អនុលោម​តាម​កម្មវិធី​អភិក្រម​គ្រប់គ្រង​ហានិភ័យ ផ្អែកលើ​មូលដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់​។ លើសពីនេះ មន្ទីរពិសោធន៍​នេះ ក៏​នឹង​ឆ្លើយតប​ទស្សនទាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បានចាត់ទុក​បញ្ហា​សុវត្ថិភាព​ចំណីអាហារ គឺជា​ចំណុច​អវិជ្ជមាន​ទី​១ ក្នុងចំណោម​ចំណុច​អវិជ្ជមាន​ទាំង​១២ ដែល​ត្រូវធ្វើ​ការដោះស្រាយ​។
​
លោក​រដ្ឋមន្ត្រី ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​កាំកុងត្រូល​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេច​ឈាន​ទៅបាន​លទ្ធផល​ការងារ​ជាច្រើន​ដូចជា ការ​រឹបអូស​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​ចរាចរ​នៅលើ​ទីផ្សារ ការទប់ស្កាត់ និង​កម្ទេច​ទំនិញ​ពុំមាន​ភាព​អនុលោម​ផ្នែក​គុណភាព និង​សុវត្ថិភាព នៅតាម​ច្រក​នាំចេញ​-​នាំចូល​។​ល​។

​ទន្ទឹមគ្នា​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តែផ្តាំ​ដល់​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ថ្មី បន្ត​ពង្រឹង​ការត្រួតពិនិត្យ​ទំនិញ​នៅតាម​ទីផ្សារ​នានា​ថែមទៀត ព្រមទាំង​ស្វែងយល់​អំពី​បទពិសោធន៍​ថ្មីៗ ពី​ប្រទេសជិតខាង​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​ត្រូវខិតខំ​កៀងគរ​ជំនួយ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ សម្រាប់​បម្រើ​ដល់​សកម្មភាព​ការងារ ធានាបាន​នូវ​អនុលោមភាព​របស់​ទំនិញ​នាំចូល​-​នាំចេញ ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាជន​។

​គួរ​រំលឹក​ដែរ​ថា តាមរយៈ​ការដាក់ឱ្យ​អនុវត្តន៍​នូវ​ថវិកា​កម្មវិធី ដែលជា​ផ្នែក​នៃ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ក្រសួងពាណិជ្ជកម្ម បានធ្វើការ​សម្របសម្រួល​លើ​គម្រោង​កសាង​មន្ទីរពិសោធន៍​ខ្នាតតូច​ចំនួន​បី ក្នុង​ឆ្នាំ​២០១៦ នៅ​ខេត្ត​ព្រះសីហនុ ខេត្តស្វាយរៀង និង​ខេត្តបន្ទាយមានជ័យ​។ នៅក្នុង​ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​កសាង​បញ្ចប់​អាគារ​បី​ថែមទៀត នៅ​ខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ខេត្តតាកែវ​។ ចំណែក​នៅក្នុង​ឆ្នាំ ២០១៨​នេះ អគ្គនាយកដ្ឋាន នឹង​បន្ត​កសាង​អាគារ​ចំនួន​បី​ទៀត នៅ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ ខេត្តព្រះវិហារ និង​ខេត្តបន្ទាយមានជ័យ ៕​

តុលាការ​កោះហៅ​ឈ្មួញ​ដី​២​នាក់ ពាក់ព័ន្ធ​បណ្តឹង​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​

​ភ្នំពេញ​៖ យោងតាម​ប្រភពពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហើប​ថា លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ បានចេញ​ដីកាកោះ ចំនួន ២​ច្បាប់ បង្គាប់​ឱ្យ​ឈ្មួញ​រកស៊ី​ដី ២​នាក់​ចូលខ្លួន​ទៅ​បំភ្លឺ ពាក់ព័ន្ធ​ដំណើររឿង ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​។​

​យោងតាម​ដីកា​កោះហៅ លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ ឈ្មោះ សេង ដាលីន ភេទ​ស្រី និង​ឈ្មោះ ឡាយ សំណាង អាយុ ៣៦ ឆ្នាំ​ទីលំនៅ​ផ្ទះ​លេខ​២៦​អឺ​សេ​រ៉ូ ផ្លូវ​៣៣៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចូលខ្លួន​ទៅកាន់ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ស្តាប់​ការសាកសួរ ពាក់ព័ន្ធ ដំណើររឿង ដែល​ដើមបណ្តឹង​ឈ្មោះ ស៊ីម តារា ប្តឹង​ពីបទ ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត​។​

​ប្រភព​ប​ពី​មន្ត្រី​សាលាដំបូង​បានឱ្យដឹង​ផងដែរ​ថា កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៨ កន្លងទៅ ដើមបណ្តឹង​ឈ្មោះ ស៊ីម តារា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​ទី​១ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ សេង ដាលីន និង​ឈ្មោះ ឡាយ សំណាង ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​អ្នក​ទាំង​២​នាក់​ថា បាន ឆបោក គំរាមកំហែង​ប្តឹង​បរិហារ និង​រំលោភ​លើ​ទំនុកចិត្ត​។​

​ពាក្យបណ្តឹង​នោះ បាន​បញ្ជាក់ថា កាលពី​អំឡុង​ឆ្នាំ​២០១៦ ដើមបណ្តឹង​ឈ្មោះ ស៊ីម តារា បាន​ទិញ​ដី​ឡូ​តិ៍ ចំនួន ៣១២​ឡូ​តិ៍ ពី​ឈ្មោះ សេង ដាលីន និង​ឈ្មោះ ឡាយ សំណាង មាន​ទីតាំងនៅ​ភូមិ​សេរី​សម្បត្តិ សង្កាត់​គង​ណ​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​លក់​បន្ត​ឱ្យ​អតិថិជន​។​

​ការទិញ​លក់​ដី​ឡូ​តិ៍​នេះ ដើមបណ្តឹង​បាន​បង់ប្រាក់​រំលស់​ទៅឱ្យ​ឈ្មោះ សេង ដាលីន និង​ឈ្មោះ ឡាយ សំណាង ជាប្រចាំ​ខែ បាន​ជិត​៧០​ម៉ឺន​ដុល្លារ រួចរាល់ ប៉ុន្តែ​ឈ្មោះ សេង ដាលីន និង​ឈ្មោះ ឡាយ សំណាង មិន​ព្រម​រត់ការ​កាត់​ប្លង់ដី​នោះ​ឱ្យ​ដើមបណ្តឹង ឬ​អតិថិជន​ដែល​ទិញ​ដី​ពី​គម្រោង លក់​ដី​ឡូ​តិ៍ អភិវឌ្ឍន៍​លំនៅដ្ឋាន អង្គ​បុ​ស្ប នោះទេ ថែមទាំង​គំរាម​រំលាយ​កិច្ចសន្យា​ទិញ​លក់​ដី​ឡូ​តិ៍​រវាង​ពួកគេ និង​ដើមបណ្តឹង​ថែម​ទៀតផង​។​

​ដោយ​មើលឃើញថា ភាគី​អ្នកលក់​មានគំនិត​ទុច្ចរិត ទើប​ដើមបណ្តឹង​សម្រេច​ដាក់ពាក្យ​ប្តឹង​តែម្តងទៅ ដើម្បីឱ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​៕
​

សីតុណ្ហភាព​នៅកម្ពុជា នឹង​ធ្លាក់ចុះ​​ខ្លាំង​ពី​ពេលនេះ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ​

កម្ពុជា នឹង​ធ្លាក់ចុះ​សីតុណ្ហភាព​ខ្លាំង​ពី​ពេលនេះ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ​