All posts by មេគង្គ ប៉ុស្តិ៍

ចាប់​បុរស​ម្នាក់​ករណី​គំរាម​ហែកកេរ្ដិ៍​តាម​ហ្វេ​ស​ប៊ុ​ក​ដើម្បី​ទារប្រាក់​ពី​ស្ដ្រី​ខ្មែរ​ម្នាក់​នៅ​កូរ៉េ​

​កណ្ដាល ៖ បុរស​ជា​មុខសញ្ញា​ជាប់ពន្ធនាគារ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ក្រោយពី​បុរស​ជា​ជនសង្ស័យ​រូបនេះ មាន​ទំនាក់ទំនង​ជាមួយ​ស្ដ្រី​ម្នាក់​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​តាមរយៈ​ហ្វេ​ស​ប៊ុ​ករ​ហូត​ទុក​ចិ​ត្ដ​គ្នា​បាន​ថតរូប​និង​ឡាយ​វីដេអូ​អាក្រាតកាយ​ជាមួយគ្នា​ទៅវិញទៅមក តែ​ចុងក្រោយ​ជនសង្ស័យ​ខាងលើនេះ​បាន​បែកគំនិត​គំរាមកំហែង​ថា​នឹង​ហែកកេរ្ដិ៍​លាតត្រដាង​លើ​បណ​ញ​តា​ញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទារប្រាក់​ពី​ស្ដ្រី​រងគ្រោះ កាលពី​វេលា​ម៉ោង​១៣ និង​០៥​នាទី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ នៅ​ស្រុក​ហ្វា​សង​ស៊ី ខេត្ត​ចង់​គី​ឌូ ប្រទេស​កូរ៉េ ខាងត្បូង ។

​ករណី​ចាប់ខ្លួន​ខាងលើនេះ​ធ្វើឡើង​ត្រង់​ស្ថានីយ៍​ប្រេងឥន្ធនៈ LHR ស្ថិត​ក្នុងភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្ត​ខេ​ត​កណ្ដាល ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ។​
មន្ដ្រីនគរបាល​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចាប់ខ្លួនបាន​មានឈ្មោះ ផា ផាន់​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងគោម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល រីឯ​ស្ដ្រី​រងគ្រោះ​ឈ្មោះ ទ ច​.​ម​.​ន អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​ពល​ការី​នី ធ្វើការ​នៅ​ប្រទេស​កូរ៉េ ផ្នែក​គ្រឿង​រថយន្ត ។

​ក្នុងការ​ចាប់ខ្លួន​នេះ​ផងដែរ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​មាន​៖ ក្រដាស​លេខ​កូដ Wing ចំនួន​១៥​សន្លឹក សរុប​ប្រា​ក់មាន​ចំនួន​១២,៨២០​ដុល្លារ​សហរដ្ឋអាមេរិក ,​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-9967 ចំនួន​១​គ្រឿង ,​ទូរស័ព្ទ​១​គ្រឿង ,​កាបូបដៃ​ចំនួន​១ មាន​ប្រាក់​៣០​ដុល្លារ​សហរដ្ឋអាមេរិក ,​អត្តសញ្ញាណ​បណ្ណ​១​សន្លឹក ,​ខ្សែដៃ​១​ខ្សែ ផ្លាក​ទីន ,​ខ្សែក​១​ខ្សែ ,​ចិញ្ចៀន​១​វង់ និង​ខ្សែ​ចង្កេះ​១​ខ្សែ ធ្វើ​អំពី​ប្រាក់ ។ ដោយឡែក​ទ្រព្យសម្បត្ដិ​បាត់បង់​មាន ប្រាក់​សរុប​ចំនួន​៤៣,០០០​ដុល្លារ​សហរដ្ឋអាមេរិក ។​

​ប្រភព​ដដែល​បន្ដថា ក្រោយពី​ស្ដ្រី​រងគ្រោះ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​បាត់ទៅ ជនសង្ស័យ និង​ប្ដី​ស្ដ្រី​រងគ្រោះ​បាន​ស្គាល់គ្នា​តាមរយៈ​ការរៀន​ភាសា​កូរ៉េ នៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​រាប់អាន​គ្នា​ជា​មិ​ត្ដ​ភក្ដិ រហូត​ជនសង្ស័យ​ក្លាយជា​គ្រូ​បង្គោល​រៀន​ភាសា​កូរ៉េ​ជា​លក្ខណៈ​គ្រួសារ និង​ស្នាក់​នៅផ្ទះ​ជាមួយ​ក្រុមគ្រួសារ​ស្ដ្រី​រងគ្រោះ​ផងដែរ ។ លុះ​រហូតមកដល់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ដ្រី​រងគ្រោះ​បាន​សុំច្បាប់​ថៅកែ​របស់ខ្លួន មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ។ លុះ​រៀបការ​ហើយ​បាន​រយៈពេល​៥​ថ្ងៃ ស្ដ្រី​រងគ្រោះ​បាន​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើការ​បន្ដ​វិញ ។

​ចាប់តាំងពី​កំឡុង​ពេលដែល​ស្ដ្រី​រៀបការ​រួចហើយនោះ ជនសង្ស័យ​ក៏​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ជាមួយ​ស្ដ្រី​រងគ្រោះ​តាមរយៈ​សង្គម​ហ្វេ​ស​បុក រហូត​បាន​រយៈពេល​ជាង​ពីរ​ខែ គឺ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ​និង​ជនរងគ្រោះ​តែងតែ​ឆាត​ផ្ញើ​សារ​ឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ស៊ីជម្រៅ ឈានដល់​សុំ​ស្រឡាញ់គ្នា​ទៀតផង ។

​ប្រភព​ដដែល​បាន​បន្ដទៀតថា ក្រោយពី​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និត និង​សារ​រហូត​ឈានដល់​ការស្រលាញ់គ្នា ជនសង្ស័យ​និង​ជនរងគ្រោះ​ក៏បាន​ឆាត​ជា​វីដេអូ ដោយ​ថត​បង្ហាញ​កេរ​ភេទ​មើលគ្នា​ទៅវិញទៅមក ខណៈដែល​ស្ដ្រី​រងគ្រោះ​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ ។ រហូតមក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ជនសង្ស័យ បាន​បែកគំនិត​ប្រើ​មធ្យោបាយ​ទារប្រាក់​ពី​ជនរងគ្រោះ​ដោយ​គំរាមកំហែង​ថា បើ​មិន​វេរ​លុយ មក​ឲ្យ​ខ្លួន​(​ជនសង្ស័យ​)​ទេ ខ្លួន​និង​បង្ហាញ​រូបភាព​អាក្រាតកាយ​ទៅប្រាប់​ក្រុមគ្រួសារ និង​ប្ដី​ស្ដ្រី​រងគ្រោះ​ឲ្យ​ដឹង​ហើយ ។ ឮ​ដូច្នោះ ធ្វើ​ឲ្យ​ស្ដ្រី​រងគ្រោះ​មានការ​ភ័យខ្លាច​និង​ខ្លាច​មាន​ភាពអាម៉ាស់​ផង ភ្លាមនោះ​ស្ដ្រី​រងគ្រោះ​ក៏​យល់ព្រម​ផ្ញើ​ប្រាក់​ទៅ​ឲ្យ​ជនសង្ស័យ​ជា​បន្ដបន្ទាប់​ដោយ​សរុប​ទាំងអស់​មាន​ចំនួន​៤៣,០០០​ដុល្លារ​សហរដ្ឋអាមេរិក ។ រហូតមកដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៨ ដោយ​ស្ដ្រី​រងគ្រោះ​អស់​លទ្ធភាព​ក្នុង​រកលុយ​ដើម្បី​ផ្ញើ​ឲ្យ​ជនសង្ស័យ ស្ដ្រី​រងគ្រោះ​ក៏​ត្រឡប់មក​ស្រុក​ប្រទេស​កម្ពុជា​វិញ រួច​បានដាក់​ពាក្យបណ្ដឹង ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​អន្ដរាគមន៍​ស្វែងរក​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី តែម្តង​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ស្ដ្រី​រងគ្រោះ ភ្លាមនោះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវរ​ហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ស្ថានីយ៍​ប្រេងឥន្ធនៈ LHR ស្ថិត​ក្នុងភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់​លួង ស្រុក​ពញា​ឭ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

កម្ពុជា​-​ឥណ្ឌា ប្តេជ្ញា​បន្ត​ពូន​ជ្រុំ​ទំនាក់ ទំនង​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​

ភ្នំពេញ ៖ ព្រឹទ្ធសភា កម្ពុជា និង សាធារណរដ្ឋ​ឥណ្ឌា បាន​ប្តេជ្ញា​បន្ត​ព​ង្រឹ​ក​ទំនាក់ទំនង ការទូត និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពី​ឱ្យ​កាន់តែ​រឹងមាំ ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ពិសេស បន្ត​គាំទ្រ​លោកជំទាវ MANIKA JAIN ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាបកក់ក្តៅ​ថែមទៀត​។​

ការប្តេជ្ញា​នេះ បានធ្វើ​ឡើង បន្ទាប់ពី​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា​កម្ពុជា អនុញ្ញាតឱ្យ លោកជំទាវ MANIKA JAIN ចូលជួប​សម្តែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០១៨​នៅ​វិមាន​ព្រឹទ្ធសភា​។​

​ក្នុងឱកាស​នោះ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បា​នស​ម្តែ​ង​នូវ​សេចក្តី​រីករាយ ដែល​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ខណៈពេលដែល​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ឥណ្ឌា កាន់​តែមាន​ភាពកក់ក្តៅ​។ ទំនាក់ទំនង​កម្ពុជា​-​ឥណ្ឌា គឺជា​ទំនាក់ទំនង​ដែលមាន​ភាព​ស៊ីជម្រៅ​នៅក្នុង​ប្រវត្តិសាស្ត្រ ប្រកបដោយ​ទំនាក់ទំនង​វប្បធម៌​យ៉ាង​ជ្រាលជ្រៅ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ឥណ្ឌា ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ព្រមទាំង​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ ក៏បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​កសិកម្ម វប្បធម៌ បច្ចេកវិទ្យា​ព័ត៌មាន ពាណិជ្ជកម្ម និង​កា​វិនិយោគ​បន្ថែមទៀត​។​

នៅក្នុង​អាណត្តិ​នៃ​បេសកកម្ម​ការទូត​លោកជំទាវ​សន្យាថា នឹង​ខិតខំ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​ជំរុញ​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ឥណ្ឌា​។ ជាមួយគ្នានេះ ឥណ្ឌា បានដឹងថា នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ចំនួន​ពីរ គឺ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​បាន​ជូនពរ​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ទាំងពីរ ឲ្យ​ទទួលបាន​ជោគជ័យ​។​

ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​បញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ ខាង​បច្ចេកទេស ស្ថានទូត​ឥណ្ឌា​នឹង​ខិតខំ​រួមចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ព្រឹទ្ធសភា​ទាំងពីរ និង​ផ្តល់ឱកាស​ដល់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា បាន​ទៅ​បណ្តុះបណ្តាល​លើ​វិស័យ ជំនាញ​ផ្សេងៗ នៅ​ប្រទេស​ឥណ្ឌា​បន្ថែមទៀត​។​

ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​អបអរសាទរ​ចំពោះ​លោកជំទាវ ដែល​ត្រូវបាន​រដ្ឋាភិបាល​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា​។ តាមរយៈ​បេសកកម្ម​នេះ សម្តេច​ប្រធានព្រឹទ្ធសភា​មានជំនឿថា លោកជំទាវ​ឯកអគ្គរដ្ឋទូត​នឹង​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

សម្តេច​ប្រធានព្រឹទ្ធសភា បាន​អបអរ​នូវ​លទ្ធផល​នៃ​ដំណើរ​ទស្ស​និច្ច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​សាធារណរដ្ឋ​ឥណ្ឌា ដែល​បានផ្តល់​កាលានុវត្តភាព​យ៉ាង​ធំធេង ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។​

សម្តេច​ប្រធាន​បញ្ជាក់ថា នាពេលខាងមុខ កម្ពុជា​នឹងមាន​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និតិ​កាល​ទី​៤ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ខិតខំ​ថែរក្សា​សន្តិភាព សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​បង្កលក្ខណៈ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អាច​រៀបចំ​ការបោះឆ្នោត​ឲ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិ​យាស សន្តិភាព គ្មាន​អំពើហិង្សា មាន​លក្ខណៈ​សេរី និង​យុត្តិធម៌ ដែល​ទាំងអស់គ្នា​អាច​ទទួលយកបាន​។​

សម្តេច​វិបុល​សេនា​ភក្តី បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថានទូត​ឥណ្ឌា ដែល​បាន​យកចិត្តទុកដាក់​ជួយផ្តល់​អាហារូបករណ៍​រយៈពេល​ខ្លី និង​ជួយ​សម្របសម្រួល​បែបបទ​ដល់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​ជាច្រើនរូប លើ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ភាសា​អង់គ្លេស ភាពជា​អ្នកដឹកនាំ និង​វគ្គ​ជាច្រើន​ទៀត​។​

សម្តេច​វិបុល​សេនា​ភក្តី បានស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត បន្ត​ជួយ​ពង្រឹងពង្រីក​ការអនុវត្ត​អនុស្សារណៈ​យោគយល់​គ្នា​រវាង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ទាំងពីរ​បន្តទៅទៀត ជាពិសេស​ជួយ​គាំទ្រ​ដល់​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​លើ​ជំនាញ​ច្បាប់​បច្ចេកវិទ្យា​ព័ត៌មាន ទំនាក់ទំនង​អន្តរជាតិ និង​ភាសា​អង់គ្លេស​នៅ​ឆ្នាំនេះ​និង​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​

ក្នុងនាម​ព្រឹទ្ធសភា​កម្ពុជា សម្តេច​បានប្រកាស​ត្រៀមខ្លួន នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​លោកជំទាវ​ឯកអគ្គរដ្ឋទូត និង​ស្ថានទូត​ឥណ្ឌា ដើម្បី​រួមចំណែក​ដល់​ការពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​៕
​

ចៅៗ​លេង​ភ្លើង​ឆេះ​ផ្ទះ​អស់ លោកយាយ​អាយុ​៩០​ឆ្នាំ​រួចផុតជីវិត​

​ខេត្តកំពង់ឆ្នាំង លោកយាយ អាយុ​៩០​ឆ្នាំ​ម្នាក់ បាន​រត់​ផុត​ជីវិត ទាំង​ព្រលឹងចុងសក់ ខណៈ ដែល​កំពុង ស​ម្រា​ន លង់លក់ ស្រាប់តែ​អគ្គីភ័យ បាន​ឆាបឆេះ​ផ្ទះ​លោកយាយ យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ ។​ហេតុ​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៦ ខែ​កុ​ម្ហះ ឆ្នាំ​២០១៨ នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​បាន​ទៅពិនិត្យ​កន្លែងកើតហេតុ បានអោយដឹងថាៈ លោកយាយ រងគ្រោះ​មានឈ្មោះ ជា សាត អាយុ​៩០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លោកយាយ​រស់នៅ​តែម្នាក់ឯង លើផ្ទះ​ដែលមាន​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ និង​បាំងជញ្ជាំង​ស្លឹក ក្រាល​រនាប ឬ​ស្សី ។​លោកយាយ​មានកូន​ក្មួយ​រស់នៅ​ជិតខាង ជា​អ្នក​បីបាច់​ថែរ​រក្សា ដោយ​ផ្ត​ល់បាយ​ម្ហូប គ្រប់ពេលវេលា ។ នៅ​ថ្ងៃកើតហេតុ លោកយាយ​កំពុង​សម្រាល​លង់លក់ ក្រោមផ្ទះ ដោយ​ពុំ​ដឹង ថាៈ មាន​ភ្លើង​ឆេះ​ផ្ទះ​ទេ ។

អ្នកជិតខាង​បាន​ប្រាប់​សមត្ថកិច្ច​ថាៈ អណ្តាតភ្លើង​បាន​ឆេះ​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ តែ​លោកយាយ​ស​ម្រា​ន​លក់ មិនដឹង​ខ្លួន ពេល​នោះបាន​អ្នកជិតខាង​ស្ទុះ​ទៅ​ចាប់​លើក​លោកយាយ​ចេញ ពីក្រោម ផ្ទះ ហើយ​បាននាំគ្នា​ជួយ​ពន្លត់អគ្គីភ័យ ជាមួយគ្នា​នោះដែរ រថយន្ត​ពន្លត់អគ្គីភ័យ​២​គ្រឿង​បាន​ទៅ ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ តែ​អគ្គីភ័យ​បាន​ឆាប់ឆេះ​ផ្ទះ​លោកយាយ អស់​ទៅហើយ សល់​តែ​គ្រោងផ្ទះ​តែប៉ុណ្ណោះ ។ សមត្ថកិច្ច​បានបញ្ជាក់​ពី​មូលហេតុ​ថាៈ បណ្តាលមកពី​ចៅៗ​លោកយាយ​លេង​ភ្លើង ទើប​បណ្តាលអោយ​មានកា​រ​ឆាបឆេះ​បែបនេះ ។

ចំពោះ​ការខូចខាត មានផ្ទះ​មួយ​ខ្នង​ទំហំ​៤​គុណ​៦​ម៉ែត្រ ប្រាក់​លោកយាយ ២៥​ម៉ឺន​រៀល និង​ទ្រ​ព្វ​សម្បត្តិ​មួយចំនួនទៀត ។​សំណាង​ណាស់​ក្នុង​ហេតុ​ការ​នោះ​មិន​បណ្តាលអោយមាន​មនុស្ស​រងគ្រោះ​ទេ ចំណែក លោកយាយ​បាន​អ្នកជិតខាង​ជួយ​ទាន់ពេលវេលា ៕

​

កម្មករសំណង់​របស់​សណ្ឋាគារ​ថ្មី​មួយកន្លែង​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​ផ្ទុះ​ការតវ៉ា​រឿង​មិនបាន​បើក​ប្រាក់ខែ​

​ព្រះសីហនុ ៖ សណ្ឋាគារ​ថ្មី​មួយ​មិនទាន់​មានឈ្មោះ​ត្រូវបាន​កម្មករសំណង់​ជាច្រើន​នាក់​តវ៉ា រឿង​មិន​បើកប្រាក់​ខែ​អោយ​ពួកគាត់​ខណៈពេលដែល​ក​ម្មករ​ទាំងនោះ​អត់លុយ​ទិញ​បាយ​ហូប នៅក្នុង​សកម្មភាព​តវ៉ា​នោះ​កម្មករ​បាន​ឃាត់ទុក​រថយន្ត​ម៉ាក​ឡង់​គ្រឹស​រ័ សេរី​ចាស់​១​គ្រឿង​និង​ម៉ូតូ​មួយគ្រឿង​ក្នុង​គោលបំណង​ស្វែងរក​ដំណោះស្រាយ​។​

​ករណីនេះ​កើតឡើង​ក្នុង​ការដ្ឋាន​សណ្ឋាគារ​ថ្មី​មួយកន្លែង​(​មិនទាន់​មានឈ្មោះ​)​ស្ថិតនៅ​តាមផ្លូវ​សណ្ឋាគារ​វិមាន​ខ្សាច់​ស អូរ​ឈើទាល​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​។​

​តំណាង​កម្មករ ដែល​អះអាងថា ពួកគេ​មានការ​ខកខាន​មិនបាន​បើក​ប្រាក់ខែ និង​គ្មាន​ដំណោះស្រាយ​។​

​ទោះជា​យ៉ាងនេះ​ក្តី នៅ​ពុំទាន់​ទទួលបាន​ការបំភ្លឺ​ពី​ភាគី​អ្នកទទួលខុសត្រូវ​ខាង​ម្ចាស់​សំណង់ និង​ការ​បញ្ជាក់បន្ថែម​ពី​សមត្ថកិច្ច​ទៅលើ​រឿងហេតុ​នេះ​នៅឡើយ​គិត​ត្រឹម​ម៉ោង​១១​ព្រឹក ថ្ងៃទី​០៦ ខែ កុម្ភៈ ឆ្នាំ​២០១៨​នេះ​៕
​

ពលរដ្ឋ​ក្រុងព្រះសីហនុ​ប្រតិកម្ម​ខណៈ​រោងចក្រ​ក្រឡុក​បេតុង​មួយ​ចាប់ផ្ដើម​សាងសង់​កណ្ដាល​ទីក្រុង​

​ព្រះសីហនុ ៖ នៅក្នុង​ទឹកដី​នៃ​ក្រុងព្រះសីហនុ មួយរយៈ​ពេល​ចុង​ក្រោយនេះ​គេ​ឃើញ​មានការ​រីកចម្រើន​នៃ​អគារ​សំណង់​កប់​ពពក​ជាច្រើន​បាន​លេច​ជា​រូបរាង​ស្ទើរ​ពាសពេញ​ទីក្រុង ពិសេស​តាម​បណ្ដោយ​ឆ្នេរ ស្រប​ពេលដែល​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ជា​ថ្នាក់ដឹកនាំ​ខេត្ត​មួយរូប​ដែល​តែងតែ ខិតខំ រិះរក​គ្រប់​មធ្យោបាយ​ដើម​ធ្វើយ៉ាងណា​ឲ្យ​ខេត្ត មាន​ភាពល្អ​ប្រសើរឡើង​ពី​ការបណ្ដាក់ទុន​របស់​ជ​ន​ជាតិ​បរទេស​ផង​នោះ​។​
​ជាក់ស្ដែង​ពេលនេះ​ក៏មាន​ផងដែរ នៅ​ក្រុមហ៊ុន​(​រោងចក្រ​ឡុង​បេតុង​) ជាច្រើន​ក្នុង​ក្រុង ដែល​កំពុងដំណើរការ​យ៉ាង​មមាញឹក​ក្នុង​វិស័យនេះ​។​ហើយ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​ក្រុងព្រះសីហនុ​ទាំងមូល មាន​ចម្ងល់​យ៉ាងខ្លាំង​អ្នកខ្លះ​ក៏​ដឹង​តាមរយៈ​កម្មករ អ្នកខ្លះ​ក៏​មិនទាន់​បានដឹង​នោះដែរ​។ ក្នុង​ចម្ងល់​និង​ការដឹង​នោះ គឺ​ការដែល​កំពុង​រៀបចំ​កា​រ​សាងសង់​នៅ​សំណង់​មួយ​របស់​អ្នកមាន​លុយ​និង​មានអំណាច​លោក ឧកញ៉ា​ម្នាក់ ដែល​ល្បីឈ្មោះ ក្នុងស្រុក​ខ្មែរ​។​
​បើតាម​ប្រភព​មួយ​ពី​សាលាខេត្ត​ព្រះសីហនុ​ដែល​បាន​បង្ហើប​ឲ្យ​អ្នកសារព័ត៌មាន​យើង​ដឹងថា «​ពេលនេះ​ស្ថានីយ​រថភ្លើង​ដែល​កំពុងដំណើរការ​ស​ព្វ​ថ្ងៃ ស្រាប់តែ​នៅមុខ​ស្ថានីយ​រថភ្លើង​បាន​ចង់​ក្លាយជា “​ក្រុមហ៊ុន ក្រឡុក​បេតុង​របស់លោក ឧកញ៉ា ខណៈពេលដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពេលនេះ អ្នក​ដែល​បានដឹង រិះគន់​យ៉ាងខ្លាំង​ទៅលើ​ក្រុមហ៊ុន ក្រឡុង​បេតុង​ដែល​កំពុង​សាងសង់​នេះ​)​។​អ្វីដែល​ប្រជាពលរដ្ឋ​បានលើកឡើង​នោះ​ពិតជា​មិន​ខុស​នោះទេ ពួកគាត់​មើលឃើញថា ចំពោះ​ការសាងសង់​ក្រុមហ៊ុន​(​ក្រឡុក​បេតុង​) នៅ​កណ្ដាល​បេះដូង​ក្រុងព្រះសីហនុ ជា​ក្រុង​ទេសចរណ៍​ដ៏​ស្រស់ស្អាត​នេះ អាច​បង្ក​ផលប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ និង​សុខភាព​ពលរដ្ឋ​ជិតខាង​, បំផ្លាញ​បរិយាកាស​ជុំវិញ​, និង​បង្ក​ការកកស្ទះ​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ​, ស្រប​ពេលដែល​ផ្លូវ​សេដ្ឋកិច្ច​កំពុងផែ​ស្វយ័ត ក្រុងព្រះសីហនុ​មានការ​កកស្ទះ​ចរាចរណ៍​សឹងតែ​រាល់​ថ្ងៃនោះ​។​
​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក្រឡុក​បេតុង មួយ​ឈ្មោះ “​អ៊ុយ​ម​ញុ​ង​” ដែល​ស្ថិត​នៅជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ឃ្លាំង​លើ សង្កាត់​លេខ​១ ក្រុង​.​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវបាន​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ខេត្ត​សម្រេច​ឲ្យ​ធ្វើ​ការបិទ​និង​រុះរើ​ចេញពី​តំបន់​នេះ ដោយសារតែ​បាន​បង្ក​ផលប៉ះពាល់​ជាខ្លាំង ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ពិសេស​សាលារៀន ឃ្លាំង​លើ​តែម្ដង​។​
​យោងតាម​លិខិត​នៃ​ការស្នើសុំ របស់​អ្នកតំណាង​ឈ្មោះ (​នី សុជាតិ​) ជា​តំណាង​អ្នកឧកញ៉ា​ម្នា​កដោយ សុំ​មិន​បញ្ចេញ​ឈ្មោះ បានស្នើ​សុំ​ទៅ​សាលាខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨ ដោយ​ស្នើសុំ​សាងសង់​រោងចក្រ​លាយ​បេតុង​មួយ​នេះ​។​
​ទោះជា​យ៉ាងណាក៏ដោយ​បើតាម​ប្រសាសន៍ របស់​បងប្អូន​ប្រជាពលរដ្ឋ​ច្រើ​នាក់​រួមជាមួយ លោក រាជ ដាវី ប្រធាន​ក្រុមទី​១៣ ភូមិ​៣ សង្កាត់​លេខ​៣ ដំណាង​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ទីនេះ បាន​លើកឡើងថា លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បើ​មានការ​បង្កើត​រោងចក្រ​លាយ​បេតុង ក្នុង​តំបន់​មុខ​រ៉ា​ជាប់​ផ្លូវជាតិ​លេខ​៤​នេះ ដូច្នេះ​លោក​ក៏​សូម​អំពាវនាវ​ដល់​ថ្នាក់​ដឹង​នាំ​ខេត្ត​ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ផងដែរ​សូមមេត្តា​គិតគូរ​ឲ្យ​បាន​ទាន់ពេលវេលា​៕

​

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចុះ​ពិនិត្យ​ការងារ​ផ្ទាល់ នៅ​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​

​ព្រៃវែង ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​សកម្មភាព​ពាណិជ្ជកម្ម​នៅ​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ២០១៨ និង​បានបង្ហាញ​មោទនភាព ចំពោះ​សកម្មភាព​បំពេញការងារ​របស់​ស​ម​ត្ថ​កិច្ច​ចម្រុះ ប្រចាំ​ច្រកព្រំដែន​អន្តរជាតិ​នេះ ដែល​បាន​ប្រឹងប្រែង​ទប់ស្កាត់​រាល់​កម្ម​ភាព​នាំ​ទំនិញ​ចូល​ខុសច្បាប់ ដើម្បី​ការពារ​អត្ថប្រយោជន៍​ពាណិជ្ជករ និង​ធុរជន​ក្នុងស្រុក ជាពិសេស​ធានាបាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សមធម៌ ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការបំពេញភារកិច្ច​រប​ស់​សមត្ថកិច្ច​ចម្រុះ និង​បាន​លើកទឹកចិត្ត​មន្ត្រី​ទាំងអស់ បន្ត​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយគ្នា​ថែមទៀត ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​កាន់តែ​ខ្ពស់ និង​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​កាន់តែច្រើន ជាពិសេស​ពាណិជ្ជករ ផលិតករ និង​ធុរជន ដែល​ប្រកប​ធុរកិច្ច​នៅក្នុង​ខេត្តព្រៃវែង​។​

​សូមបញ្ជាក់ថា ដើម្បី​ពង្រឹង​សកម្មភាព​ពាណិជ្ជកម្ម​ក្នុងប្រទេស ជាពិសេស​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ធានាបាន​នូវ​ការធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​សមធម៌ ក្រសួងពាណិជ្ជកម្ម​បា​ដាក់ចេញ​នូវ​គោលនយោបាយ​កំណែទម្រង់​សំខាន់ៗ ជាមួយ​សកម្មភាព​ជាច្រើន​។ បច្ចុប្បន្ន ក្រសួង​បាន​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​មួយចំនួន ដើម្បី​ដាក់​ឆ្លង​ទីស្តីការគណៈរដ្ឋមន្ត្រី និង​រដ្ឋសភាជាតិ ហើយ​ច្បាប់​ឧបាស្រ័យ​ពាណិជ្ជកម្ម ដែលមាន​គោលដៅ​ការពារ​អត្ថប្រយោជន៍​ពាណិជ្ជករ និង​ធុរជន​ជាតិ ទប់ស្កាត់​ការហូរចូល​ដោយ​គំហុក​នូវ​ទំនិញ​បរទេស និង​ការលក់​បង្ខូច​តម្លៃ ក៏​ត្រូវបាន​ព្រះមហាក្សត្រ ឡាយ​ព្រះ​ហ​ស្ថ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ផងដែរ​។

​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ការនាំ​អង្ករ​ចេញ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន ៦៣៥,៦៧៩​តោន​។ សម្រាប់​នៅក្នុង​ខែមករា ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៦២,៦២៣​តោន ទៅកាន់​ទីផ្សារ​សំខាន់ៗ​ជាង ៦០ ទូទាំង​ពិភពលោក​។ ដោយឡែក សម្រាប់​ច្រកព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម ចំនួន​ជាង ៣៧​ម៉ឺន​តោន​៕
​

សំណុំរឿង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​អតីត CNRP នឹង​ជម្រះ​នៅ​ថ្ងៃទី​៩ កុម្ភៈ​

​ភ្នំពេញ ៖ រឿងក្តី​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាងមុខនេះ បើកសវនាការ​ជំនុំជម្រះ​។ នេះ​យោងតាម​ដីកា​របស់​តុលាការ​កំពូល ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែកុម្ភៈ នេះ​។​

​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ឃឹម ប៊ុណ្ណ អនុប្រធាន​តុលាការ​កំពូល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជា​តំណាង​មហាអយ្យការ ។​

​គួរ​បញ្ជាក់ថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេច​ដូចគ្នា​ផ្តន្ទាទោស លោក អ៊ុ សំអាន ដាក់ ពន្ធនាគារ រយៈពេល ២​ឆ្នាំ ៦​ខែ និង ពិន័យ​ជា​ប្រាក់ ចំនួន ៤​លាន​រៀល​ក្រោម​ការចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ។​

​តុលាការ​រកឃើញថា លោក អ៊ុំ សំអាន មាន​ចេតនា​បង្ក ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យមាន ការរើសអើង​ជាតិ​សាសន៍​តាមរយៈ​ការសរសេរ និង​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា វៀតណាម ។​

​លោក អ៊ុំ សំអាន ជាប់ចោទ​ចំនួន​ពីរ​បទល្មើស គឺ​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង តាម​មាត្រា ៤៩៥ និង​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​ដែល ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី ភ្នំពេញ និង​ព្រះរាជាណាចក្រ កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ ៕
​

​ទុក​រថយន្ត​ចោល​ហើយ​នាំ​ប្រពន្ធ​កូន​ចូល​មើល​តន្ត្រី​ចោរលួច​បាត់​

​កំពង់ចាម ៖ ភាពអសន្តិសុខ ក្នុង​ក្រុង​កំពង់ចាម​បានកើត​ទ្បើង​ជា​បន្តបន្ទាប់ ដែល​ធ្វើអោយ គោលនយោបាយ​ភូមិ ឃុំ​សុ​វត្តិភាព ថយចុះ​មួយ​កំ​រឹត និង​ជាការ​ព្រួយ​បារ​ម្មណ៍ របស់​ប្រជាពលរដ្ឋ​។​

ជាក់ស្តែង នៅ​ថ្ងៃទី​៣ កុ​ម្ភះ​ឆ្នាំ​២០១៨​មាន​ករណី លួច​រថយន្ត​មួយគ្រឿង ក្នុង​ពិធី​ប្រគំ​តន្ត្រី​របស់​ស្រា​បៀរ ហ្គែ​ន​ស្បឺត ក្នុង​ក្រុង​កំពង់ចាម​។ ក្រោយពី​កើតហេតុ​កំលាំង​ជំនាញ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ចាម បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ ករណី ចោរកម្ម បង្ករ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បានធ្វើ​សកម្មភាព​លួច​រថយន្ត អស់​រយះពេល​២​ថ្ងៃ​ហើយ មិនទាន់បាន​លទ្ធ​នៅ​ទ្បើ​យ​។​

សមត្ថកិច្ច​បានអោយដឹង​ថា ថ្ងៃទី 3 ខែកុម្ភៈ​ឆ្នាំ 2018​នៅ វេលា​ម៉ោង 22 និង 30 នៅ ប៉ុស្តិ៍នគរបាល សង្កាត់​កំពង់ចាម បានទទួល​បណ្ដឹង​មួយ​ពី ឈ្មោះ​អី​ុ​ត ធីតា​ភេទ​ស្រី អាយុ 55 ឆ្នាំមាន​ស្រុកកំណើត​នៅ ភូមិ​ផ្សារ​ថ្មី ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្តកំពង់ចាម បាន​ប្ដឹង​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បាន​លួច​រថយន្ត​របស់ខ្លួន​នៅត្រង់ចំណុច​ក្រោយ​របង​ខាងត្បូង​មន្ទីរ​វប្បធម៌​ខេត្តកំពង់ចាម ក្នុងភូមិ​ទី 15 សង្កាត់​កំពង់ចាម​កាលពី​ថ្ងៃទី 3 ខែកុម្ភៈ​ឆ្នាំ 2018 ។​

ម្ចាស់​រថយន្ត ខាងលើ​បាន​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី 3 ខែ​កុ​ម្ភះ ឆ្នាំ​2018 អ្នកស្រី និង​ក្រុមគ្រួសារ​បាន​ជិះ​រថយន្ត បា​ទ្បែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ​2z-9020 មក​ទុក​នៅ​ខាងត្បូង មន្ទីរ​វប្ប​ធ​ម៍​ខេត្តកំពង់ចាម ហើយ​នាំគ្នា ចូ​ូ​ល​ទៅ​មើល​ការប្រគំ​តន្ត្រី ។​

ប្រហែល​ជាង​មួយ​ម៉ោង​ក្រោយមក អ្នកស្រី​និង​ក្រុមគ្រួសារ បានចេញ​មកវិញ ស្រាប់តែ​បាត់​រថយន្ត​ពី​កន្លែង​ទុក​ខាងលើ​រក មិនឃើញ តែម្តង​។​

អ្នកស្រី​បានបញ្ជាក់​ថា រថយន្ត​បាត់ ក្នុង ចន្លោះ​ម៉ោង​19 ទៅ​ម៉ោង​19​និង​30​នាទី ថ្ងៃ​ដដែល​។​

ប្រភពពី​មន្ត្រីនគរបាល​បានអោយដឹងថា រហូតមកដល់​ថ្ងៃទី​5 ខែ​កុ​ម្ភះ​ឆ្នាំ​2018​នេះ​ពុំទាន់​បាន​លទ្ធផល​នៅ​ទ្បើ​យ​៕
​

​ប្តីប្រពន្ធ​ឈ្លោះ​គ្នា បែរជា​ចង់អោយ​មនុស្ស​មួយ​រថយន្តក្រុង​រងគ្រោះ​ជាមួយ​

ប្តី​ប្រព​ន្
​កំពង់ចាម ៖ បុរស​ម្នាក់ ត្រូវ​អ្នកដំណើរ​ក្នុង​រថយន្តក្រុង​ចាប់វាយ​យ៉ាងដំណំ បន្ទាបពី​រូបគាត់​បាន​ទាញ​កាច់ចង្កូត​រថយន្តក្រុង អោយ​ទ្បើង​លើ​ទ្រូងផ្លូវ​ព្រោះ​មាន​កំហឹង​ឈ្លោះ​ជាមួយ​ប្រពន្ធ បង្ករ​អោយមាន​ការ​ភ​យ័​រន្ធត់​កាលពី​ថ្ងៃទី 04 ខែកុម្ភៈ​ឆ្នាំ 2018 វេលា​ម៉ោង 9. 30​នាទី​នៅលើ​ផ្លូវជាតិ លេខ​6 ចំណុច​បង្គោល​គីឡូ​ម៉ែត​លេខ 70​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។ លោក ប្រាក់ សុ​គុណ អធិការនគរបាល ស្រុក​ជើងព្រៃ បានអោយដឹងថា មុន​កើតហេតុ មាន​រថយន្តក្រុង 1 គ្រឿង​ម៉ាក​ហ៊ិ​ន ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A. 1863 បើកបរ​ដោយ​ឈ្មោះ​ភុំ​.​ណាក់​ភេទ​ប្រុស​អាយុ 25 ឆ្នាំ​ទីលំនៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយ​ណ៏ ខេត្តកំពង់ធំ ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ​ឆ្ពោះទៅ​សៀមរាប​។​

ពេលមកដល់​កន្លែងកើតហេតុ រថយន្ត​នេះ​ស្រាប់តែ​ឡើង​នៅលើ​សួន​កណ្ដាល​ទ្រូងផ្លូវ​។​
តាម​ការបំភ្លឺ​របស់​អ្នកដំណើរ​នៅលើ​រថយន្ត បានអោយដឹងថា មាន​អ្នកជិះ​លើ​រថយន្ត ឈ្មោះ​សំ សុ​ជាន ភេទ​ប្រុស​អាយុ 30 ឆ្នាំ​ទីលំនៅ​ភូមិ​គោក​ចាន់ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប​និង​ប្រពន្ធ​ឈ្មោះ​តឹ​ប​.​នី​ន​អាយុ 29​ឆ្នាំ បាន​ឈ្លោះប្រកែក​គ្នា​នៅលើ​រថយន្ត​ហើយ​ស្រាប់តែ​បុរស​ជា​ប្តី​បាន​ទាញ​ចង្កូតរថយន្ត​បណ្តាលអោយ​ឡើងលើ​ទ្រូងផ្លូវ​តែម្តង តែ​សំណាងល្អ អ្នកបើកបរ រថយន្ត មាន​ស្មារតី ហ្នឹង​នរ​បាន​ជាន់​ហ្វ្រាំង​ទាន់ពេលវេលា ទើប​រថយន្ត​មិន​ក្រ​ទ្បា​ប់​។​

ពេលនោះ​អ្នកធ្វើដំណើរ​នៅក្នុង​រថយន្ត​បាន​ចាប់​ឈ្មោះ​ជាម​.​ជាន​ចង​និង​វាយ​បណ្តាល​ឲ្យ​មាន​របួសស្នាម​តែម្តង​។​
លោក​អធិការ​បាន​បន្តថា ករណីនេះ​បណ្ដាល​ឲ្យ​
__​ខូច​រថយន្ត 1​គ្រឿង​លក្ខណៈ​ស្រាល​
_​ខូច​ស្មៅ​លំអ​នៅលើ​ទ្រូងផ្លូវ​មួយចំនួន​
_​របួស​មនុស្ស​1 នាក់​ឈ្មោះ​ជាម​.​ជាន​ជា​ជនបង្ករ​ទាញ​ចង្កូតរថយន្ត​ហើយ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ជើងព្រៃ​។​
លោក​អធិការ​បាន​បញ្ជាក់ថា វត្ថុតាង​រថយន្ត 01 គ្រឿង​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរ​បាល​ស្រុក​ជើងព្រៃ​និង​បាន​ឃាត់ខ្លួន​ជនបង្ករ ឈ្មោះ សំ សុ​ជាន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​
​កសាង​សំណុំរឿង​តាម​និតិ​វិធី ពីបទ​ល្មើស​បង្ករ​អោយមាន​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​។​
ជនសង្ស័យ​បានធ្វើ​តេ​ស្តិ​គឺមាន​សារជាតិ​ញៀន​ក្នុង​ខ្លួន​ពេញ និង សុំ​ប្រគល់​រថយន្ត​ជូន​ជនរងគ្រោះ​យកទៅ​ជួលជុល​ប្រើប្រាស់​វិញ​៕
​

នាវា​ទេ​ចរណ៍ SAPPHIRE PRINCESS នាំ​ភ្ញៀវ​ចំនួន​២៦៥៨​នាក់ ចូល​ចត​កម្សាន្ត​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖ លោក​វរសេនីយ៍ឯក កៅ សារា​ណា នាយ​ប៉ុ​ស្ត៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ ឆ្នាំ​២០១៨ នាវា​ទេសចរណ៍ ឈ្មោះ​SAPPHIRE PRINCESS បាន​នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន ២៦៥៨​នាក់ ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ដោយ​សុវត្ថិភាព ក្នុង​ដំណើ​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា រយៈពេល​មួយថ្ងៃ មុននឹង​ចាកចេញ​ពី​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស​ថៃ ។​

​នាវា ឈ្មោះ SAPPHIRE PRINCESS មាន​សញ្ជាតិ​BARMUDA
​មាន​បណ្តោយ ២៨៨​ម៉ែត្រ ទទឹង ៣៦​ម៉ែត្រ ជម្រៅ​ទឹក ៨,៣​ម៉ែត្រ នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៦៥៨​នាក់ ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​មួយថ្ងៃ ភ្ញៀវទេសចរ​សរុប​ចំនួន ២៦៥៨ នាក់ នេះ មាន ស្រី ចំនួន ១៤៣២ នាក់ មាន ៤០ សញ្ជាតិ និង​មាន​នាវិក​ចំនួន ១០៧៩ នាក់ ស្រី ២២៥​នាក់ មាន ៥២​សញ្ជាតិ ។​

​នាវា SAPPHIRE PRINCESS នាំ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍ ចាក​ចេញពី​កំពង់ផែ​ប្រទេស​ថៃ ចូល​ចត​នៅ​កំពង់ផែ​អន្តជាតិ​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី ព្រឹក ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នាវា SAPPHIRE PRINCESS មាន​គម្រោង​នឹង​នាំ​ភ្ញៀវទេសចរ​ចាកចេញ​ពី​កំពង់ ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង ១៦​ៈ​០០​នាទី ល្ងាច​ថ្ងៃ​ដដែល ឆ្ពោះទៅកាន់​ប្រទេស​ថៃ ។​

ភ្ញៀវទេសចរ​ធ្វើដំណើរ​តាម​នាវា SAPPHIRE PRINCESS ភ្ញៀវ​ដែលមាន​សញ្ជាតិ​ច្រើនជាងគេ មានដូចជា ជនជាតិ អង់គ្លេស មាន​ចំនួន ៩៩៩ នាក់ ជនជាតិ អូស្ត្រាលី ៥៣៨​នាក់ និង ជនជាតិ អា​មេ​រិច ៥២៣​នាក់ ក្រៅពីនោះ​មាន​ភ្ញៀវទេសចរ​សញ្ជាតិ​ផ្សេងៗ​ទៀត ៕
​

សប្តាហ៍​ក្រោយ មន្ត្រី​ពន្ធដារ​នឹង​ទៅ​ចុះ បញ្ជី​អចលនទ្រព្យ ដល់​លំនៅឋាន​ផ្ទាល់​

​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​តទៅ អគ្គនាយក​ដ្ឋា​ពន្ធដារ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចុះ​ផ្ដល់​សេវា​ពន្ធដារ​លើ​ការចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ ដល់ទី​តាំងរបស់​ម្ចាស់​អចលនទ្រព្យ ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​បើតាម​សេចក្ដីជូនដំណឹង ការចុះ​ផ្ដល់​សេវា​ពន្ធដារ លើ​ការចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព ព័ត៌មាន​អចលនទ្រព្យ​នេះ ធ្វើឡើង​ដើម្បី​ស្រង់​ស្ថិតិ ថតរូប​ទីតាំង និង​សាកសួរ​ព័ត៌មាន​មួយចំនួន​អំពី​អចលនទ្រព្យ​ដូចជា អត្តសញ្ញាណ​ម្ចាស់​អចលនទ្រព្យ និង​ព័ត៌មាន​ចាំបាច់​ផ្សេងៗ​ទៀត ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​អចលនទ្រព្យ ដែល​បាន​ចុះបញ្ជី នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ជាមួយគ្នា​នោះ ក្រុមការងារ​នឹងធ្វើ​ការផ្សព្វផ្សាយ ពីបទ​ប្បញ្ញា​ត្តិ​ស្ដីពី​ពន្ធដារ ការផ្ដល់សេវា​ចុះបញ្ជី និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ ព្រមទាំង​សេវា​ពន្ធដារ​ផ្សេងទៀត ជូន​ម្ចាស់​អចលនទ្រព្យ​គ្រប់រូប ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។​

​ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​ចៀសវាង​ការចំណាយ​ពេលវេលា អគ្គនាយកដ្ឋាន​ពន្ធដា​រ​ស្នើ​ឲ្យ​ម្ចាស់​អចលនទ្រព្យ​ទាំងអស់​ត្រៀមលក្ខណៈ​ជាមុន និង​រៀបចំ​ចម្លង​ទុក នូវឯ​សារ​ពាក់ព័ន្ធ​មួយចំនួន ជូន​ក្រុមការងារ​ដូចជា​៖

១.​ករណី​អចល​ទ្រព្យ បាន​ចុះបញ្ជី​ពន្ធដារ​រួចរាល់ ត្រូវមាន​៖ បង្កាន់ដៃ​បង់ពន្ធ​លើ​អចលនទ្រព្យ ប័ណ្ណ​សម្គាល់​ការបង់ពន្ធ​អចលនទ្រព្យ (​កាត់​សម្រាប់​បង់ពន្ធ​អចលនទ្រព្យ​)

២.​ករណី​អចលនទ្រព្យ មិនទាន់​ចុះបញ្ជី​ពន្ធដារ​ត្រូវមាន ៖ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សំបុត្រ​បញ្ជាក់​កំណើត​ឬ​លិខិតឆ្លងដែន​សម្រាប់​ជនបរទេស ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតបញ្ជាក់​លំនៅ​, ប័ណ្ណ​សម្គាល់​សិទ្ធិ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អចលនទ្រព្យ​ដែល​បញ្ជា​ក់ដោយ​អាជ្ញាធរ​ឃុំ សង្កាត់​ឡើងទៅ​៕
​

ជនដៃដល់​បាញ់សម្លាប់​មន្ត្រី​៣​រូប​នៅ​ស្រុក​អូ​ររ​លែ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនមក​ភ្នំពេញ​

​មណ្ឌលគិរី ៖ ក្រុម​ជនដៃដល់​ដែល​បាន​បាញ់សម្លាប់​មន្ត្រី​ប៉េអឹម មន្ត្រី​បរិស្ថាន និង​មន្ត្រី​អង្គការ WCS នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ក្បែរ​ព្រំដែន​វៀ​រណាម កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​ចាប់​ខ្លួ​បាន​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ហើយ​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​ខ្លួន​ជនសង្ស័យ​មក​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​។

​ជនដៃដល់​ដែល​ចាប់ខ្លួន​ឈ្មោះ ផល ពេញ មាន​ឋានៈ​ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូ​ររ​លែ​។ ចំណែក​ជនសង្ស័យ​៤​នាក់​ផ្សេងទៀត បាន​ចូលមក​សារភាព​។ ។ ជនជាប់ចោទត្រូវបានបញ្ជូនមក ភ្នំពេញ  ដើម្បីបន្តនីតិវិធី។

​សូមជម្រាបថា ក្នុង​សំណ​រឿងនេះ មនុស្ស​ចំនួន​៥​នាក់ ក្នុងនោះ​មាន​មន្ត្រី​យោធា​ការពារ​ព្រំដែន​ចំនួន​០៣​នាក់ និង​មន្ត្រីនគរបាល​ការពារ​ព្រំដែន​២ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ក្នុងករណី​បាញ់សម្លាប់​យ៉ាង​ព្រៃផ្សៃ​លើ​មន្ត្រី​ប៉េអឹម មន្ត្រី​បរិស្ថាន​និង​មន្ត្រី​អង្គការ WCS នៅ​ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ក្បែ​ព្រំដែន​វៀ​រណាម កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨៕
​

លោក កឹម សុខា បាន​បញ្ជូន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​មកដល់​សាលាឧទ្ធរណ៍ ដើម្បី​ចូលរួម​សវនាការ​

​ភ្នំពេញ ៖ ជន​ត្រូវ​ចោទ កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្នកំពុង​ជាប់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បញ្ជូនមក​ស​ភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​០១ ថ្ងៃ​កុម្ភៈ ឆ្នាំ​២០១៨ នេះ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ។ ក្រុម​អ្នកសារព័ត៌មាន ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ​សាលាឧទ្ធរណ៍​ទេ ។ សវនាការ​នេះ ដឹកនាំ​ដោយ​លោក លោក ផូ ពៅ​ស៊ុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ និង លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុន​ជា ជា​តំណាង​មហាអយ្យការ ។​

​សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​មានការ​បែកធ្លាយ​វីដេអូ មួយ​បង្ហាញថា លោក​បាន​សារភាព​អំពី​ការ​អនុវត្តតាម​ការបង្គាប់​បញ្ជា​របស់​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា ជា​យូរណាស់​មកហើយ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​ឃុំខ្លួន ដាក់ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ល្មើស “​ក្បត់ជាតិ​”​ដែល​អាច​ប្រឈមមុខ​នឹង ការជាប់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ទៅ​៣០​ឆ្នាំ​។ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញថា លោក កឹម សុខា ជាប់ចោទ​ប្រកាន់​ពីបទ “​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស​”​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ទោះបី​ជាមាន​បណ្តឹង​ជំទាស់ និង​បណ្តឹងសុំ​នៅក្រៅ​ឃុំ​ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​នា​ថ្មីៗ​នេះ ទាំង​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល បានសម្រេច​ទាត់ចោល​បណ្តឹង​របស់ ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹម សុខា ដែល​ប្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឃុំខ្លួន លោក កឹម សុខា ដោយ​ស្ថាប័ន​តុលាការ អះអាងថា ការសម្រេច​ឃុំខ្លួន លោក កឹម សុខា ជា​រឿង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​៕
​

កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នឹង​ពិភាក្សា​ត្រៀម​ធ្វើ​វិសោធនកម្ម​រដ្ឋ ធម្មនុញ្ញ​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ សុក្រ​ស្អែក ដើម្បី​ពិភាក្សា​ត្រៀម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​ដើម្បី​បើក​លទ្ធភាព​ឲ្យ​នាយករដ្ឋមន្ត្រី​ធ្វើការ​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី តែងតាំង​រដ្ឋលេខាធិកា​រ ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​ទៀត​នោះទេ​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា​បាន បញ្ជាក់ថា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃស្អែក​នេះ នឹងធ្វើ​ការ ពិភាក្សា​លំអិត​ពី​ការត្រៀម​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បើកផ្លូវ​ឲ្យ​នាយក​រដ្ឋ មន្ត្រី​អាចដាក់​ស្នើ​តែងតាំង​រដ្ឋលេខាធិកា​តា​ម​ក្រសួង ត្រឹម​ព្រះរាជ​ក្រិត ដោយ មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​នោះទេ​។ បើតាម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ពន្យល់ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​នឹងធ្វើ​ឲ្យ​គណៈរដ្ឋមន្ត្រី​អាច​បង្រួម​ពី​ក្បាល​ធំ​ខ្លួន​តូច​បាន​ផងដែរ​។ តាម​ការគ្រោងទុក​កិច្ចប្រជុំពេញអង្គ​ក៍​នឹង​ត្រៀម​ពិភាក្សា​ដើម្បី​ធ្វើ​វិសោធនកម្ម​ដោយ​បំពេញបន្ថែម​នៅក្នុង​ក្រមព្រហ្មទណ្ឌ​ពី​ការប្រមាថ​ព្រះ​ចេស្តារ​ព្រះមហាក្សត្រ​។​

គួររម្លឹកថា កាលពី​ថ្ងៃទី​០១ ធ្នូ ឆ្នាំមុន រដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​បំណង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពីមុន​ដំណាច់ឆ្នាំ​២០១៧ ពី​ការកាត់បន្ថយ​ចំនួន​ក្រុមប្រឹក្សា​គណៈរដ្ឋមន្ត្រី​ឲ្យ​នៅ​តិចតួច​។ ក្រុមការងារ​នេះ ដឹកនាំ​មាន ឯ​.​ឧ អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្វើជា​ប្រធាន ឯ​.​ឧ ឆេង សារឿន រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ជា​អនុប្រធាន និង​អមដោយ​សមាជិក​៨​រូប​ទៀត ដែល​សុទ្ធសឹងតែ​ជា​អ្នកច្បាប់​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្រសួងមហាផ្ទៃ​ជាដើម​។ ក្រុមការងារ​ថ្មី​នេះ មាន​ភារកិច្ច​ជា​សេនាធិការ នាយករដ្ឋមន្ត្រី ក្នុងការ​សិក្សា​ស្រាវជ្រាវ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្តួចផ្តើម​អំពី​ជម្រើស​នានា​ក្នុង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​តាម​ការចាំបាច់ ស្របតាម​មាត្រា​១៥១​ថ្មី និង​មាត្រា ១៥៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។
​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹងថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុ​ជាមាន​ចំនួន​៣​ចំណុច​រួមមាន ទី​១. ការកាត់បន្ថយ​សមាស​ភាព​រាជរដ្ឋាភិបាល ឬ​ការផ្តល់​តួនាទី​រដ្ឋលេខាធិការ នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ​, ទី​២. ការគិត​អគតិ​មកលើ​កម្ពុជា​ឬ​ប្រៀបប្រដូច​កម្ពុជា​ទៅនឹង​ប្រទេស​មួយចំនួន​ដែល​កំពុងមាន​សង្គ្រាម​ហែកហួរ និង​ទី​៣. ទប់ស្កាត់​ការជ្រៀតជ្រែក​គោលការណ៍​ប្រឆាំង​មកពី​ប្រទេស​ខាងក្រៅ​ជាដើម​។ ពិសេស​ជាង​នេះ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថ្មី នឹងមាន​ការបន្ថែម​កា​រ​កំណត់​ទោស​ឲ្យ​ធ្ងន់ធ្ងរ ចំពោះ​ជន​ទាំងឡាយណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ​ផងដែរ​៕

​

តម្លៃ​ប្រេងសាំង​ឡើងដល់​៤០០០ រៀល​ក្នុង​មួយ​លីត្រ នៅ​ដើមខែ​កុម្ភៈ នេះ

​
​ភ្នំពេញ ៖ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ បាន​កំណត់ថា ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ តម្លៃ​ប្រេងសាំង​ដែល​លក់រាយ​នៅតាម​បណ្តា​ស្ថាន​យ៍​ប្រេង​ឥន្ទ​នៈ​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រូវ​លក់​ក្នុងតម្លៃ​មិនអោយ​លើសពី ៤០០០ រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងសាំង​ធម្មតា និង តម្លៃ​មិន​អោយលើស ៣៨០០ រៀល​សម្រាប់​ប្រេ​ស​ម៉ា​ស៊ូ​ត​។​

​បើ​ធៀប​នឹង​កាល​ពីស​ប្តា​ហ៌​មុន ប្រេងសាំង​ធម្មតា ដែលមាន​តម្លៃ​៣៩៥០​រៀល​ក្នុង​មួយ​លីត្រ បាន​ឡើង​៥០​រៀល​បន្ថែមទៀត​ក្នុង​ដើមខែ​កុម្ភៈ​នេះ​។ ដោយឡែក​សម្រាប់​តម្លៃ​ប្រេងសាំង​សូ​ពែរ ដែល​មិនបាន​ដាក់បញ្ចូល​ក្នុង​រូបមន្ត​គណនា​តម្លៃ​ប្រេង​រៀងរាល់​១០​ថ្ងៃ​ម្តង របស់​ក្រសួងពាណិជ្ជកម្ម នោះ​មានតម្លៃ​ប្រែប្រួល​ទៅតាម​ក្រុមហ៊ុន​ផ្គត់ផ្គង់​នីមួយៗ ដែល​នៅក្នុង​ថ្ងៃទី​១ ខែកុម្ភៈ​នេះ មានតម្លៃ​ចន្លោះ​ពី ៤២០០​រៀល ដល់​៤៣០០​រៀល ក្នុង​មួយ​លីត្រ​។ គួរ​កត់សំគាល់ថា តម្លៃ​ប្រេងសាំង​លក់រាយ​នៅ​កម្ពុជា បាន​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ខណៈដែល​ប្រេង​ឆៅ​ក្នុង​ទីផ្សារ​ពិភពលោក បាន​ឡើងថ្លៃ​លើស​៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែលជា​ការកើនឡើង​ខ្ពស់បំផុត​ក្នុង​រយៈពេល ២ ឆ្នាំ​មកនេះ ៕
​