All posts by មេគង្គ ប៉ុស្តិ៍

ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ CNRP ត្រូវ​បង្កក​

​រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃនេះ​បានស្នើ​ទៅ​រតនាគារជាតិ ដើម្បី​សុំ​បង្កក​ការបើកប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុផល​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​ដោយ​តុលាការ នោះ​បញ្ជី​បេក្ខជន និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ទាំងអស់​នៃ​គណបក្ស​នេះ លែងមាន​សុពលភាព និង​លែងមាន​គុណសម្បត្តិ​ត​ទៀតហើយ ៕

​

ភ្លៀង​នឹង​បន្ត​តាម​បណ្ដា​រាជធានី​-​ខេត្ត​នានា​ចាប់ពី​ថ្ងៃទី​១៩-២១ វិច្ឆិកា​

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​បាន​តាមដាន​ស្ថានភាព​អាកា​ធាតុ​រួចមក ឃើញថា នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​សម្ពាធ​ទាម​សកម្ម​មួយ​បាន​នឹង​កំពុងធ្វើដំណើរ​មក​ភាគ​ខាងលិច​។ សម្ពាធ​ទាបសកម្ម​នេះ​នឹង​បន្ត​វិ​វត្ត​ទៅជា​វិ​សម្ពាធ ហើយនឹង​បន្តដំណើរ​ដល់​តំបន់​ដីសណ្ដរ​ទន្លេមេគង្គ ដែល​បង្ក​ឲ្យ មាន​ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​នានា ក្នុងនោះ រាជធានី​-​ខេត្ត​មួយចំនួន នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី ១៩-២១ វិច្ឆិកា ២០១៧៕

​

វ៉ៃខ្នោះ​តា​ចាស់​អាយុ​ជាង​៦០​ឆ្នាំ ករណី​រំលោភ​ក្មេងស្រី​ជា​អនីតិជន​

​ខេត្តព្រះវិហារ ៖ តា​ចាស់​វ័យ​ជាង​៦០​ឆ្នាំ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ បន្ទាប់ពី​តា​ល្មោភកាម​រូបនេះ​បាន​ល្បួង​ក្មេងស្រី​ជា​អ​និតិ​ជន ចាប់រំលោភ​រហូត​បាន​សម្រេច​។ ករណី​ឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​ល្ងាច ថ្ងៃទី​១៥ វិច្ឆិកា កន្លងទៅ នៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ។ ជនសង្ស័យ​ឈ្មោះ ដួង សំភេទ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ​។ ចំណែក​ក្មេងស្រី​រងគ្រោះ អាយុ​ទើប​១០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ជា​សិស្ស​និង ,​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយគ្នា​ផងដែរ​៕

​

ឧទ្ធរណ៍​ជំនុំជម្រះ​រឿងក្តី​លោក គឹម សុខ ដែល​ចោទ CPP សម្លាប់ កែម ឡី​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ សាលាឧទ្ធរណ៍​បាន​បើក​ការជំនុំជម្រះ​រឿងក្តី​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ ពាក់ព័ន្ធ​ការចោទប្រកាន់ គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក កែម ឡី ។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ លោក គឹម សុខ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​១៨​ខែ ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី ចំនួន​៨០០​លាន​រៀល ៕

​

បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ប្រមូលផ្ដុំ​នយោបាយ​ក្នុង​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់មនុស្ស​៩​នាក់​

​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​៩​នាក់​បាន​ស្លាប់បាត់​បង់ជីវិត បន្ទាប់ពី​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​កន្លែង​ប្រមូលផ្ដុំ​នយោបាយ​មួយ​នៅ​ទីក្រុង​កា​ប៊ូល​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​
​មន្ត្រី​នាំពាក្យ​ប៉ូលិស​នៅ​ទីក្រុង​កា​ប៊ូល​បាន​និយាយថា ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​គឺមាន​មន្ត្រីប៉ូលិស​ចំនួន​៧​នាក់​និង​ជន​ស៊ីវិល​ចំនួន​២​នាក់ ខណៈ​មន្ត្រីប៉ូលិស​ចំនួន​៧​នាក់ និង​ជន​ស៊ីវិល​ចំនួន​៣​នាក់​ទៀត​បាន​រងរបួស​ដោយ​ការវាយប្រហារ​នេះ​។​
​មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ណា​ជីប ដា​នី​ស បាន​និយាយថា អ្នក​វាយប្រហារ​បាន​ចុះ​បំផ្ទុះ​គ្រឿងផ្ទុះ​នៅ​ច្រក​ចូលទៅ​កន្លែង​ដែល​គេ​កំពុង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​មួយ​។​
​ទីភ្នាក់ងារ​ព័ត៌មាន​នៅ​ប្រទេស​នេះ​បាន​និយាយថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ ហើយ​ក្រុម​តា​លី​បង់​បាន​បដិសេធថា ខ្លួន​មិនបាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​ទេ​៕


​

រថយន្តក្រុង​បុក​គ្នា​​បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់​ស្លាប់

​រុស្ស៊ី ៖ ប៉ូលិស​តំបន់​បាន​និយាយ​ពីថ្ងៃ​ព្រហស្បតិ៍​ថា រថយន្តក្រុង​និង​រថយន្ត​ធំ​បាន​បើក​បុក​គ្នា​នៅ​ភាគ​កណ្ដាល​ប្រទេស​រុស្ស៊ី​ស្លាប់​មនុស្ស​យ៉ាងតិច​១៥​នាក់​។​
​ប៉ូលិស​នៅ​តំបន់​ម៉ា​រីអែ​ល​នៅ​ប្រទេស​រុស្ស៊ី​បាន​និយាយថា រថយន្ត​ទាំង​២​នេះ​បាន​បើក​បុក​គ្នា​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​នៅ​ខាងក្រៅ​ទីក្រុង​យ៉ូ​ស្កា​អូ​ឡា (Yoshkar Ola) នៅ​តំបន់​ម៉ា​រី​អែល​ដែល​ស្ថិតនៅ​ចម្ងាយ​៧៦៥​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​ម៉ូស្គូ​នៅ​ប្រទេស​រុស្ស៊ី​។​
​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ពី​យប់មិញ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​ចំនួន​១៥​នាក់​ក្រោយពី​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅតាម​ផ្លូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈ​មនុស្ស​ចំនួន​៤​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុងនោះ​មាន​មនុស្ស​ចំនួន​២​នាក់​រងរបួស​ធ្ងន់​។​
​ប៉ូលិស​បញ្ជាក់ថា ដើមហេតុ​នៃ​គ្រោះថ្នាក់​នេះ​គឺ​រថយន្តក្រុង​កំពុងធ្វើដំណើរ​តាមផ្លូវ ហើយ​ក៏បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយទៀត​ធ្វើ​ឲ្យ​ជ្រុល​ទៅបុក​នឹង​រថយន្ត​ធំ​ដឹកឈើ​ដែល​កំពុងធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​តែម្ដង ហើយ​អាកាសធាតុ​អាចជា​កត្តា​ចម្បង​នៃ​គ្រោះថ្នាក់​នេះ​ព្រោះ​នៅ​តំបន់​នោះ​មានការ​ធ្លាក់​ព្រិល​ខ្លាំង​៕


​

គ​.​ជ​.​ប បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ពី​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការចុះឈ្មោះ​បោះឆ្នោត​

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នឹង​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ ពី​លទ្ធផល​បណ្ដោះអាសន្ន នៃ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ក្រោម​វត្តមាន​លោក ឯម សុផាត សមាជិក គ​.​ជ​.​ប នៅ​ទីស្ដីការ គ​.​ជ​.​ប​៕

​

ព្រឹក​នេះ​សភា​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​កម្ពុជា​នៅ​ព្រឹក​នេះ​បាន​បើក​សម័យប្រជុំ​របស់ខ្លួន​លើក​ទី​៩ ដើម្បី​ពិភាក្សា​និង​អនុម័ត លើ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៨ និង​របៀបវារៈ មួយចំនួន ក្រោម​អ​ធីប​តី​ភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី​សមាជិកសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៥​រូប ។​
​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បាន​ឲ្យ​ដឹងថា សម័យប្រជុំ​ពេញអង្គ រដ្ឋសភា នីតិកាល​ទី​៥ លើក​ទី​៩ មាន​របៀបវារៈ​ដូចជា​៖
១៖​ការបោះឆ្នោត​ជ្រើស​តំណាង​សមាជិក គណៈកម្មការ​នានា នៃ​រដ្ឋសភា​បន្ថែមចំនួន ០២​រូប​។​
២៖ ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៨
៣៖ ការពិភាក្សា​និង​អនុម័ត​នូវ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​៖
១. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ស្តីពី​ការចៀសវាង​យកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ ពន្ធ​ពាក់ព័ន្ធ និង​ពន្ធ​លើ​ប្រាក់ចំណូល​។​
២. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៣. កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រាជរដ្ឋាភិបាល នៃ​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​យ៉ាង​ឌឺ​ពើរ​តួន​នៃ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៤៖ កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។​
៥៖ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦៕

​

កាណាដា​ផ្តល់ជំនួយ​ជាង​១៣​ម៉ឺន​ដុល្លារ​ដើម្បី​បោសសំអាត​មីន​នៅ​កម្ពុជា​

​រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​កាណាដា បានសម្រេច​ផ្តល់ជំនួយ​ជាង​១៣​ម៉ឺន​ដុល្លារ ដើម្បី​សកម្មភាព​បោសសំអាត​មីន និង​ជួយ​ជនក្រីក្រ​រងគ្រោះ​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា ។​
​ការសម្រេច​ផ្តល់ជំនួយ​របស់​កាណាដា​ដល់​កម្ពុជា​នេះ ធ្វើឡើង​ក្នុង​រវាង​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​២ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន ជាមួយ​លោកស្រី ALLISION STEWART តំណាង​ស្ថានទូត​កាណាដា ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។​
​ទេសរដ្ឋមន្ត្រី​លោក លី ធុជ អនុប្រធាន​ទី​២ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​បាន​បញ្ជាក់ថា នេះ​ជា​ជំហាន​ថ្មី​មួយទៀត ដែល​កាណាដា បានសម្រេច​ផ្តល់ជំនួយ​ដល់​កម្ពុជា បន្ទាប់ពី​បាន​ផ្អាក​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ ចំពោះ​ការគាំទ្រ​លើ​វិស័យ​បោសសម្អាត​មីន និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការល្អ​រវាង​កម្ពុជា និង​ប្រទេស​កាណាដា​៕

​

តុលាការ​កំពូល​ប្រកាស​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​

​រាជធានី​ភ្នំពេញ ​៖ នៅ​ម៉ោង​១៧ និង​០៥​នាទី​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល​បានប្រកាស​សាលដីកា​សម្រេច​ឱ្យ រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។​
​ជាមួយគ្នានេះ​តុលាការ​ក៏បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ មិនឱ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ផងដែរ​៕

​

រឿងក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រកាស​សាលដីកា​នៅ​ល្ងាច​នេះ​

​រាជធានី​ភ្នំពេញ ៖ សាលដីកា​របស់​តុលាការ​កំពូល ដែល​កាត់ទោស «​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​» នឹងត្រូវ​ប្រកាស​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តែម្តង ដោយ​មិន​រង់ចាំ​ដល់​ថ្ងៃស្អែក​នោះទេ​។ នេះ​បើ​អ្នកនាំពាក្យ​តុលាការ​កំពូល​លោក អ៊ុក គឹម​សិទ្ធិ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅមុននេះ ៕

​

រថយន្ត​ជាង​៣០​គ្រឿង​បុក​បន្ត​គ្នា​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ស្លាប់​១៨​នាក់​

​ចិន ៖ មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ស្លាប់​បាត់បង់​ជិវិត និង​២១​នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើយ​ឡើង​ដោយសារ​យានយន្ត​ជាង​៣០​គ្រឿង​បាន​បុក​ត​គ្នា ព្រោះតែ ចុះ​អ័ព្ទ​នៅលើ​ផ្លូវ​អ៊ិ​ច​ប្រេ​ស វេ​យ៍ (expressway) មួយ​ខ្សែ​ស្ថិតក្នុង​ខេត្ត​អាន​ហួយ (Anhui) ភាគ​ខាងកើត​ប្រទេស​ចិន​កាលពី​ម្សិលមិញ​។​
​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ភ្លើង​បានចាប់ផ្តើម​ឆាបឆេះ​នៅពេលដែល​យានយន្ត​មួយគ្រឿង​បាន​បើក​ទៅបុក​ធុង​ប្រេង​របស់​រថយន្តក្រុង ហើយ​បណ្តាល​ឲ្យ​ឆាបឆេះ​យានជំនិះ​ជាច្រើន​ទៀត​។ ឧទ្ធម្ភាគចក្រ​សង្គ្រោះបន្ទាន់​មួយគ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ​ភ្លាមៗ បន្ទាប់ពី​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​យក​មនុស្ស​១៧​នាក់​ចេញពី​គំនរ​រថយន្ត​ដែល​បាន​ឆាបឆេះ​។ អាជ្ញាធរ​បញ្ជាក់ថា តាម​ការស៊ើបអង្កេត​ប​ឋ​ម​បាន​បង្ហាញថា យានជំនិះ​យ៉ាងតិច​៧០​គ្រឿង​ត្រូវបាន​រង​ការខូចខាត ដោយ​ក្នុង​រថយន្ត​ដឹកទំនិញ​ធំៗ​ត្រូវបាន​ខូចខាត​ខ្លាំងជាងគេ​។​
​ដោយឡែក​បើតាម​មន្ទីរពេទ្យ​ក្នុង​តំបន់​បាន​និយាយថា ជនរងគ្រោះ​ភាគច្រើន​បាន​រងរបួស​ឆ្អឹង និង​ខួរក្បាល នៅពេលដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
​ជាមួយគ្នា​នោះ​នាយកដ្ឋាន​អាកាសធាតុ​ក្នុង​តំបន់​បាន​និយាយថា ការចុះ​អ័ព្ទ​នឹង​ប្រហែលជា​បន្ត​កើតមានឡើង ហើយ​ក៏បាន​ដាស់តឿន​អ្នកបើកបរ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ​៕

​

រញ្ជួយ​ដី​កម្រិត ៥.៤ រ៉ិ​ច​ទ័​រ​វាយប្រហារ​ភាគ​និរតី​ប្រទេស​កូរ៉េខាងត្បូង​

​កូរ៉េខាងត្បូង ៖ ការរញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កម្រិត ៥.៤ រិច​ទ័​រ​បាន​វាយប្រហារ​ភាគ​និរតី​ប្រទេស​កូរ៉េខាងត្បូង​កាលពី​រសៀល​ថ្ងៃ​ពុធ​ដែលជា​ការរញ្ជួយ​ដី​ដ៏​មាន​ឥទ្ធិពល​បំផុត​ទី​ពីរ​នៅលើ​កំណត់ត្រា​នៅក្នុង​ប្រទេស​ដែល​កម្រ​មានការ​រញ្ជួយ​ខ្លាំង ។​
​រដ្ឋបាល​ឧតុនិយម​កូរ៉េ​បាន​និយាយថា ការរញ្ជួយ​ដី​ដែល​ត្រូវបាន​គេ​ដឹង​នៅ​ទូទាំងប្រទេស​រួមទាំង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ផង​នោះបាន​វាយប្រហារ​នៅ​ជម្រៅ​រាក់​ដែលមាន​ចំងាយ​ប្រាំបួន​គីឡូម៉ែត្រ​នៅ​ជិត​ទីក្រុង​ឧស្សាហកម្ម Pohang នៅ​ម៉ោង​ប្រហែល ២ និង ៣០ នាទី​រសៀល ខណៈដែល​ឧបទ្វីប​កូរ៉េ​កម្រ​មានការ​ព្រួយបារម្ភ​អំពី​ការរញ្ជួយ​ដី​នេះ​នោះទេ ។​
​ប៉ុន្តែ​សកម្មភាព​រញ្ជួយ​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពីព្រោះ​ការកើនឡើង​សកម្ម​ភាពជា​ញឹកញាប់​ជាការ​បង្ហាញ​ដំបូង​ថា​កូរ៉េខាងជើង​បានធ្វើ​តេស្ត​នុយក្លេអ៊ែរ ។​
​ទីក្រុង​កំពង់ផែ Pohang របស់​កូរ៉េខាងត្បូង​គឺជា​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន Posco ដែលជា​ក្រុមហ៊ុន​ផលិត​ដែកថែប​ធំ​បំផុត​ទី​បួន​របស់​ពិភពលោក ។​រូបថត និង​ខ្សែ​វីដេអូ​ដែល​ត្រូវបាន​ផ្ញើ​ទៅ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​បានបង្ហាញ​ពី​ជញ្ជាំង និង​គ្រឿង​សង្ហា​រឹមរ​លំបាក់​នៅក្នុង​ផ្ទះរ​ប​ស់មនុស្ស ។​
​ទីភ្នាក់ងារ​រ៉េ​អា​ក់ទ័រ​នុយក្លេអ៊ែរ​ក្នុងស្រុក​បាន​ដំណើរការ​ដោយ​គ្មាន​ការរំខាន ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប​ដោយ​លើកឡើង​ពី​មន្ត្រី​នៅ​ក្រុមហ៊ុន Korea Hydro និង Nuclear Power ។​
​សូមបញ្ជាក់ថា ការរញ្ជួយ​ដី​ភាគច្រើន​បាន​កត់ត្រា​នៅ​ភាគខាងត្បូង​គឺ​ការរញ្ជួយ​កម្រិត ៥.៨ រ៉ិ​ច​ទ័​រដែ​ល​បាន​វាយប្រហារ​លើ​ទីក្រុង Gyeongju ភាគ​អាគ្នេយ៍​កាលពី​ខែកញ្ញា​ឆ្នាំមុន ៕

​

ពុំមាន​ការតវ៉ា​របស់​សកម្មជន ឬ​អ្នកគាំទ្រ CNRP នៅមុខ​តុលាការ​ឡើយ​

​រាជធានី​ភ្នំពេញ ៖ សវនាការ​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្បត់ជាតិ​របស់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បានធ្វើ​ឡើង​ដោយ​ពុំមាន​ការតវ៉ា​ពី​សកម្មជន​របស់​គណ​បក្សប្រឆាំង​ទេ បើទោះជា​លោកស្រី មួរ សុខ​ហួរ អនុប្រធាន​គណបក្ស​នេះ​បាន​អំពាវនាវ​ឱ្យ​សកម្មជន និង​អ្នកគាំទ្រ ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការ​ក៏ដោយ​។​
​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ​លោកស្រី មួរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការ​កំពូល​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ការកាត់ទោស​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕


​

ឆែកឆេរ​កន្លែង​ធ្វើ​អាជីវកម្ម​១​កន្លែង​សង្ស័យ ជួល​កន្លែង​ស្ទី​ត​យ៉ូ​ផ្តល់​ពត៌មាន​ទៅ​ក្រៅប្រទេស​

​ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ក្រុង​បាត់ដំបង​ចុះ​ឆែកឆេរ​កន្លែង​ធ្វើ​អាជីវកម្ម​១​កន្លែង​យីហោ (​រតនៈ​សំនៀង​)​ស្ថិតនៅ​ភូមិ​កម្មករ​, សង្កាត់​ស្វាយប៉ោ​,​ក្រុង​នឹង​ខេត្តបាត់ដំបង ដែល​សង្ស័យថា បាន​ជួល​កន្លែង​ស្ទី​ត​យ៉ូ​លួច​ធ្វើ​ព័ត៌មាន​ទៅខាង​ក្រៅប្រទេស ខណៈដែល​ការចុះ​ឆែកឆេរ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​១១ និង​៣០​នាទី ដែល​ដឹកនាំ​ដោ​យក​ម្លាំ​អយ្យកា​អម​សាលាដំបូង​ខេត្ត​។
​តាម​សម្តី​ម្ចាស់​ទីតាំង​បាន​ប្រាប់ថា មិន​ការជួល​អោយ​បុគ្គល​ណា​ម្នា​ក់មក​លួច​ជួល​ធ្វើ​ព័ត៌មាន​ដូច​ការសង្ស័យ​នោះឡើយ គឺ​មានតែ​អតិថិជន​មក​ច្រៀង​ជា​លក្ខណៈ​ឯកជន និង​ជា​លក្ខណៈ​គ្រួសារ​ទេ ហើយ​ការបើក​អាជីវកម្ម​នេះ​ក៏មាន​អាជ្ញាប័ណ្ណ និង​ការទទួលស្គាល់​ពី​ក្រសួង​ជា​យូរ​ឆ្នាំ​មកហើយ​ដែរ​៕

​