All posts by មេគង្គ ប៉ុស្តិ៍

កម្ពុជា​ទទួល​ជំនួយ​សម្រាប់​ដោះមីន​ពី​ប្រទេស​មហាអំណាច​ចិន​

​រាជធានី​ភ្នំពេញ ៖ កាលពី​ម្សិលមិញ រដ្ឋាភិបាល​នៃ​ប្រទេស​ចិន បានផ្តល់​សំភារៈ​ដែលជា​ជំនួយ​គ្មាន​សំណង​ដល់​ប្រទេស​កម្ពុជា ខណដែល​សម្ភារៈ​ទាំងនោះ​មាន ម៉ូតូ តង់​ចល័ត​ស្នាក់នៅ ឧបករណ៍​រាវ​មីន​ជាដើម ។​
​កម្មវិធី​ទ​ទូល​សម្ភារៈ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ទេសរដ្ឋមន្ត្រី សេរី​កុសល និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ៕

​

តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត​មេ​ជួញដូរ​គ្រឿងញៀន​០២​នាក់​

​ប៉េកាំង ៖ ឈ្មួយ​ជួញដូរ​គ្រឿងញៀន​០២​នាក់ ត្រូវបាន​តុលាការ​ប្រជាជន​កម្រិត​មធ្យម ក្រុង Mianyang នៃ​ខេត្ត Sichuan ភាគ​និរតី​ប្រទេស​ចិន​ផ្តន្ទាទោស​ប្រហារជីវិត ជាមួយនិង​ការព្យួរទោស​រយៈពេល​០២​ឆ្នាំ ដោយ​តុលាការ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។ សាលក្រម​កាត់ទោស​ខាងលើ​ត្រូវបាន​ប្រកាស​នា​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​
​ជុំវិញ​រឿងក្តី​នេះ​បុគ្គល ០២​នាក់ ផ្សេងទៀត​មកពី​ក្រុម​ជាមួយគ្នា ត្រូវបាន​ផ្តន្ទាទោស​អស់​មួយជីវិត ដោយ​ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ និង​ម្នាក់ទៀត ០១​ឆ្នាំ នៅក្នុង​ពន្ធនាគារ​។ ដោយឡែក​អ្នក​ដទៃទៀត​ក្នុង​ក្រុម​ឧក្រិដ្ឋ​ជននេះ ត្រូវបាន​ពិន័យ​ដោយ​ការ​ឃុំឃាំង ឬក៏​បញ្ជូន​ទៅកាន់​កន្លែង​ស្តារនីតិសម្បទា​។​
​បើតាម​សម្តី​របស់​មន្ត្រីប៉ូលិស​ខេត្ត Sichuan រឿងក្តី​ផលិត និង​ជួញដូរ​គ្រឿងញៀន​នេះ ដែលមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​សរុប​ចំនួន ៨២​នាក់ គឺជា​ករណី​គ្រឿងញៀន​ធំ​បំផុត​ពុំ​ធ្លាប់មាន​ឡើង នៅក្នុង​ខេត្ត​ភាគ​និរតី​នេះឡើយ​។ ប៉ូលិស​បញ្ជាក់ថា ក្រោយ​ចំណាយពេល​ធ្វើការ​ស៊ើបអង្កេត​អស់ ០៤​ខែ កងកម្លាំង​សមត្ថកិច្ច​ចិន​បាន​សម្រុក​ចូលទៅក្នុង​សំបុក​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះ ដែល​ស្ថិតក្នុង​ក្រុង Mianyang កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​។ នាពេលនេះ ថ្នាំញៀន​មេ​តាំ​ហ្វេ​តា​មីន​ទម្ងន់​ពីរ​គីឡូក្រាម​, មេ​តាំ​ហ្វេ​តា​មីន​ជិត​ផលិត​រួចរាល់​ទម្ងន់ ៣.២​គីឡូម៉ែត្រ​, និង​ថ្នាំ Magu ដែល​ផ្សំ​ឡើង​ពី​មេ​តាំ​ហ្វេ​តា​មីន និង​កាហ្វេ​អ៊ី​ន​ចំនួន ២,០០០​គ្រាប់ ត្រូវបាន​រឹបអូស​។ ជាមួយគ្នានេះ យានជំនិះ ០៥​គ្រឿង ក៏ត្រូវ​បាន​រឹបអូស​ដូចគ្នា​ផងដែរ រួមជាមួយ​និង​លុយ​ជាង ១.៣​លាន​យ័ន ស្មើនឹង ១៩៥,០០០​ដុល្លារ​អាមេរិក ត្រូវបាន​បង្កក​៕

​

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង​នឹងធ្វើ​តេស្ដ​មី​ស៊ី​ល​ជាថ្មីទៀត​នៅមុន​ដំណាច់​ឆ្នាំនេះ​

​សេ​អ៊ូ​ល ៖ ភ្នាក់ងារ​ស៊ើប​ការណ៍សំងាត់​កូរ៉េខាងត្បូង (NIS) បាន​អះអាងថា កូរ៉េខាងជើង​អាច​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ជាថ្មី​ម្ដងទៀត​នៅមុន​ដំណាច់ឆ្នាំ​២០១៧ នេះ គ្រា​ដែល​សកម្មភាព​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មី​ស៊ី​ល​មាន​កាន់តែ​ច្រើនឡើង​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង​យ៉ុ​ន​ហាប់​។​
​តាម​របាយការណ៍​រប​ស់ NIS ដាក់ជូន​សភា​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា «​ខណៈ​សកម្មភាព​យានយន្ដ​មាន​កាន់តែ​ច្រើនឡើង នៅឯ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មី​ស៊ី​ល​មួយ របស់​កូរ៉េខាងជើង ការធ្វើ​តេស្ដ​ម៉ូ​ទ័​រ​មួយ​ទំនងជា​ត្រូវបាន​ធ្វើឡើង​រួចទៅហើយ​…​ដូច្នេះ​ថា វា​មាន​អាចទៅរួច​ថា​កូរ៉េខាងជើង​នឹង​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​ជាថ្មី​ម្ដងទៀត​នៅមុន​ដំណាច់ ឆ្នាំ​២០១៧​នេះ ដោយ​សំអាង​លើ​ការគំរាមកំហែង ពី​សំណាក់​សហរដ្ឋអាមេរិក​ជា​លេស​បង្កើន​សមត្ថភាព​មី​ស៊ី​ល និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ទី​អវកាស​ដោយ​សន្តិវិធី​»​។ ទន្ទឹម​នោះ NIS បាន​បន្ថែមថា រ៉ូង​ក្រោម​ដី​លេខ​០៣ នៃ​ទីតាំង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ Punggye-ri ទំនងជា​បាន​ត្រៀម​រួចជាស្រេច​សម្រាប់​ការធ្វើ​តេស្ដ​នុយក្លេអ៊ែរ ដោយ​រង់ចាំតែ​បញ្ជា ពី​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន តែប៉ុណ្ណោះ​៕

​

រដ្ឋសភា​ប្រាប់​អតីត​តំណាងរាស្ត្រ CNRP ប្រគល់​សម្ភារៈ​របស់រ​ដ្ឋ​ជូន​រដ្ឋសភា​វិញ​

​រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា លោក ឡេង ប៉េងឡុង បានចេញ​លិខិត​មួយច្បាប់​ប្រាប់​ឲ្យ​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើបតែ​ត្រូវបាន​រំលាយ ដោយ​អំណាច​សាលដីកា​តុលាការ​កំពូល ប្រគល់​សម្ភារៈ​របស់រ​ដ្ឋ ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​វិញ​៕ ព័ត៌មាន​លម្អិត​សូមមេត្តា​អាន​លិខិត​ខាងក្រោម​៖

​

សមាជិក គ​.​ជ​.​ប ៣​រូប​កូតាអតីត CNRP ដាក់ពាក្យ​សុំលាលែង​ពី​តំណែង

​រាជធានី​ភ្នំពេញ ៖ អនុប្រធាន និង​សមាជិក​ចំនួន​៣​រូប​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ពាក្យ​លាលែង​ពី​តួនាទី និង​មុខតំណែង​។ នេះ​ប​បើ​យោង​លិខិត​សុំលាលែង​របស់​ពួកគេ​ទាំង​៣​នាក់ ដែល​បានដាក់​ចូលទៅ​រដ្ឋសភា​កាលពី​ម្សិលមិញ​។​
សមាជិក គ​.​ជ​.​ប ដែល​បានដាក់​ពាក្យ​លាលែង​ពី​តំណែង​នោះ​រួមមាន លោក គួ​យ ប៊ុន​រឿង អនុប្រធាន​គ​.​ជ​.​ប​, លោក រ៉ុង ឈុន សមាជិក​គ​.​ជ​.​ប និង​លោកស្រី តែ ម៉ា​នី​រ៉ុង សមាជិក​គ​.​ជ​.​ប​។ ការលាលែង​នេះ បាន​កើតឡើង​ក្រោយពី​តុលាការ​កំពូល នៃ​ប្រទេស​កម្ពុជា សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ទៅនឹង​អំពើ​ក្បត់ជាតិ​។ ចំណែក​លោក ហ៊ីង ធី​ឫទ្ធិ សមាជិក​គ​.​ជ​.​ប កូតា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែរនោះ បានប្រកាសថា លោក​មិន​លាលែង​ពី​តំណែង របស់លោក​ឡើយ​។ លោក​បាន​ថ្លែង​បញ្ជាក់​តាម​លិខិត​របស់លោក​ថា គ​.​ជ​.​ប ជា​ស្ថាប័ន​ឯករាជ្យ ហើយ​លោក​នឹង​បម្រើ​ស្ថាប័ន​នេះ​ត​ទៅមុខទៀត​៕

​

អតីតមន្ត្រី CNRP សល់​រយៈពេល​៤​ថ្ងៃ​ទៀត ដើម្បី​ចូលរួម​ជាមួយ CPP

​រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​មូលដ្ឋាន ឃុំ​/​សង្កាត់ ស្រុក​/​ខេត្ត របស់ CNRP នៅមាន​រយៈពេល​៤​ថ្ងៃ​ទៀត សម្រាប់​ការពិចារណា​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ នេះ​បើ​យោងតាម ការចុះផ្សាយ​របស់​សារព័ត៌មាន​ហ្វ្រេស៍​ញូ​ស៍ ដែល​បាន​ដកស្រង់​សំដី​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ។​
​បណ្តាញ​ព័ត៌មាន​ហ្វ្រេស​ញូ​ស៍បាន​ចុះផ្សាយ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រមុខ​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស​តាម​បណ្តាញ Fresh News ឲ្យ​ដឹងថា ការស្ម័គ្រចិត្ត​ចុះចូល​ពី សំណាក់​អតីតមន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឱសានវាទ​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា​ប៉ុណ្ណោះ​។​
​តាម​ហ្វ្រេស​ញូ​ស៍​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​កិច្ចសម្ភាសន៍​ដ៏​ពិ​សេសមួយ​ជាមួយ​លោក លឹម ជា​វុត្ថា នាយក​ប្រតិបត្តិ​បណ្តាញ​ព័ត៌មាន Fresh News ឲ្យ​ដឹងថា​៖ «​ការស្ម័គ្រចិត្ត​ចុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា​ប៉ុណ្ណោះ ព្រោះ​ការរៀបចំ​បញ្ជី​ក្រុមប្រឹក្សាឃុំ​សង្កាត់​ថ្មី ដើម្បី​បញ្ជូន​ទៅកាន់ គជប នឹងត្រូវ​បិទ​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា​, ប្រសិនបើ​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា​ទៅ ការចុះ​ចូល​នៅតែ​បន្ត​ដដែល ប៉ុន្តែ​មិន​ផ្តល់​តួនាទី​អ្វី​នោះទេ​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រសាសន៍​អំពាវនាវ​ឲ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​កាត់​រំលាយ សូម​ប្រញាប់ប្រញាល់​ចុះចូល​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ទទួលបាន​នូវ​តួនាទី​ឋានៈ​អ្វីៗ​ដដែល ព្រោះ​ការកំណត់​ពេលវេលា​ត្រឹម​ថ្ងៃទី​២៤​នេះ​ធ្វើឡើង​តាម​លក្ខ​ខ័​ណ្ឌ​របស់​គជប ៕

​

សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រារព្ធ​ពិធី​បង្សុកូល និង​រាប់បាត្រ​ឧ​ទ្ទិ​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​លើ​ស្ពាន​កោះ​ពេជ្រ

​រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បានចេញ​នូវ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការ ប្រារ​ព​ពិធីសូត្រមន្ត បង្សុកូល និង​រាប់បាត្រ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លើ​អតីត​ស្ពាន​ពេជ្រ​នៃ​ទីក្រុង​កោះ​ពេជ្រ ។​
​តាម​សេចក្តីជូនដំណឹង​ពិធី​នេះ​នឹង​រៀបចំ​ធ្វើ​នៅវេលា​ម៉ោង​៧ និង​០០​នាទី ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខនេះ នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ​នៃ​ទីក្រុង​កោះ​ពេជ្រ​៕

​

ដំរី​អាស៊ី​ជិត​ផុត​ពូជ​២​ក្បាល​ត្រូវ​រថភ្លើង​បុក​ស្លាប់​នៅ​ប្រទេស​ឥណ្ឌា​

​ឥណ្ឌា ៖ សត្វ​ដំរី​អាស៊ី​ជិត​ផុត​ពូជ​ចំនួន​២​ក្បាល​ត្រូវបាន​រថភ្លើង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បុក​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ជិត​ទីក្រុង​ហ្គូ​វ៉ា​ហា​ទី​នៅ​ភាគ​ឦសាន​ប្រទេស​ឥណ្ឌា​។​
​មន្ត្រី​អភិរក្ស​សត្វព្រៃ​លោក ប្រូ​ឌី​ប​តា បា​រូ បាន​និយាយថា សត្វ​ដំរី​ដែល​ស្លាប់​ទាំង​២​ក្បាល​នេះ​គឺ​ស្ថិតនៅ​ចំណោម​ហ្វូង​ដំរី​ចំនួន​១៥​ក្បាល​ដែល​បាន​ដើរ​ផ្សងព្រេង​ឆ្លងទៅ​ចូលក្នុង​តំបន់​នេះ​ដើម្បី​រក​ចំណី​នៅមុន​ពេល​ព្រះអាទិត្យ​រះ​កាលពី​ថ្ងៃអាទិត្យ​។ មន្ត្រី​អភិរក្ស​រូបនេះ​បាន​បញ្ជាក់ថា ហ្វូង​ដំរី​ទាំងនេះ​បាននាំគ្នា​ដើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង ហើយ​ដំរី​២​ក្បាល​ដែល​ស្លាប់​នេះ​បាន​ដើរ​ក្រោយ​គេ​ដែល​ត្រូវបាន​រថភ្លើង​បុក​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។​
​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​រដ្ឋ​អាស្សា​ម​ជា​តំបន់​ដែលមាន​សត្វ​ដំរី​អាស៊ី​រាប់ពាន់​ក្បាល​តាំង​ជម្រក​នៅ​ទីនោះ ហើយក៏​តែងតែ​រងគ្រោះ​ដោយសារ​រថភ្លើង​បុក​បណ្ដាល​ឲ្យ​ស្លាប់​ឬ​របួស​ជាប្រចាំ​ផងដែរ​៕


​

​ឆេះ​ផ្ទះ​ជួល​សម្រាប់​កម្មករ​ចំណាកស្រុក​នៅ​ចិន​ស្លាប់​មនុស្ស​១៩​នាក់​

​ប៉េកាំង ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​ចិន​បាន​រាយការណ៍​ពីថ្ងៃ​អាទិត្យ​ថា គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​នៅផ្ទះ​ល្វែង​ជួល​មួយចំនួន​នៅ​ភាគខាងត្បូង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដោយបាន​សម្លាប់​មនុស្ស​ចំនួន​១៩​នាក់ និង​ចំនួន​៨​នាក់​ទៀត​រងរបួស​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​បាន​និយាយថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​រយៈពេល​៣​ម៉ោង​ដើម្បី​គ្រប់គ្រង​អគ្គិភ័យ​នេះ​។ លំនៅឋាន​នេះ​ភាគច្រើន​ត្រូវបាន​ជួល​ក្នុង​តម្លៃថោក​ឲ្យ​កម្មករ​ចំណាកស្រុក​ដែល​បាន​ប្រើ​កម្លាំង​ពលកម្ម​ខ្លាំង​តែ​ទទួលបាន​ប្រាក់បៀវត្សរ៍​ទាប​នៅក្នុង​ទីក្រុង​ប៉េកាំង​។​
​ទោះយ៉ាងណា​មកដល់ពេលនេះ គេ​មិនទាន់មាន​ព័ត៌មាន​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​នៅឡើយ​ទេ​៕


​

ប៉ះទង្គិច​គ្នា​មុនពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ស្លាប់​មនុស្ស​៤​នាក់​

​កេ​ន​យ៉ា ៖ ក្រុម​មេដឹកនាំ​បក្សប្រឆាំង​នៅ​ប្រទេស​កេ​ន​យ៉ា​និយាយថា ប៉ូលិស​កំពុង​ប្រើ​កាំភ្លើង និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រីក្រ​ក្នុង​ទីក្រុង​មួយកន្លែង​ដែល​តវ៉ា​ប្រឆាំង​ការសម្លាប់​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ក្នុងការ​វាយប្រហារ​មួយ​ដែល​គេ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជាតិ​សាសន៍​។​
​ប៉ូលិស​នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី​ប្រទេស​កេ​ន​យ៉ា​លោក ចា​ផេ​ត កូ​ម បានចាត់ទុក​ការសម្លាប់​មនុស្ស​កាលពី​យប់​ថ្ងៃអាទិត្យ​ថា អំពើ​ឃាតកម្ម ហើយ​មេបក្ស​ប្រឆាំង​លោក រ៉ៃ​ឡា អូ​ឌី​ង​ហ្គា និយាយថា អ្នកស្លាប់​ទាំងនេះ​គឺ​រស់នៅ​សហគមន៍​មួយ​ដែល​គាំទ្រ​គណបក្សប្រឆាំង​របស់លោក​។ មេបក្ស​ប្រឆាំង​រូបនេះ​ក៏បាន​បញ្ជាក់ដែរថា សមាជិកសភា​ម្នាក់​ក៏បាន​រង​ការបាញ់ប្រហារ​របួស​ជើង​នៅពេល​ធ្វើបាតុកម្ម​នេះដែរ ហើយ​លោក​បាន​សុំ​ឲ្យ​អន្តរជាតិ​ជួយ​ធ្វើ​អន្តរាគមន៍​ពី​វិបត្តិ​នយោបាយ​នេះ​។​
​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​ជាតិ​សាសន៍​នៅ​ប្រទេស​នេះ​បាន​កើនឡើង​ខ្លាំង​តាំងពី​តុលាការ​បាន​បដិសេធ​ការជាប់ឆ្នោត​ជាថ្មី​របស់​ប្រធានាធិបតី​លោក អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា កាលពី​ខែសីហា​ក្រោយពី​លោក អូ​ឌី​ង​ហ្គា បាន​ជំទាស់​នឹង​ជ័យជម្នះ​នេះ​នៅ​តុលាការ​កំពូល​ដោយសារ​ការលួចបន្លំ​សន្លឹកឆ្នោត​៕


​

ពលរដ្ឋ​ខ្មែរ​ចំនួន​១៥​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ខណៈ​លួច​ចូល​កាប់​ឈើ​គ្រញូង​

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​១៦​នាក់​ដែល​ក្នុងនោះ​មាន​ពលករ​ខ្មែរ​ចំនួន​១៥​នាក់ ផង​នោះ ត្រូវបាន​កំលាំងចម្រុះ​ថៃ​ធ្វើការ​ចាប់ខ្លួន ព្រមទាំង​បាន​បញ្ជូនទៅ​អោយកំលាំង​ជំនាញ​ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ដើម្បី​សាកសួរ​បន្ត​ផងដែរ ខណៈដែល​ពួកគេ​ទាំងអស់គ្នា​បាន​លបលួច​ចូលទៅ​កាប់ និង​ស្ពាយ​ឈើ​គ្រញូង​ជាច្រើន​ផ្ទាំង ចេញពី​តំបន់​ព្រៃ​ហាមឃាត់​។​
​យោងតាម​របាយការណ៍​របស់​ភាគី​ថៃ​បានអោយដឹងថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ៧ ព្រឹក កំលាំងចម្រុះ​ដែលមាន​ក្រុម​ទាហាន​ឈុតខ្មៅ តម្រួត មន្ត្រី​អនុរក្ស​តំបន់ ឧទ្យាន​ជាតិ ប៉ាង​ស៊ី​ដា និង​កំលាំង​រដ្ឋបាល​ព្រៃឈើ សរុប​ប្រមាណ​៣០​នាក់​បានធ្វើ​ការឡោមព័ទ្ធ និង​រុក​ចូលទៅ​ក្នុងព្រៃ ក្នុង​តំបន់ហាមឃាត់​ខាងលើ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​ជាច្រើន​នាក់​បាន​លបចូល​ទៅក្នុង​ព្រៃ​ដើម្បី​ស្ពាយ​ផ្ទាំង ឈើ​គ្រញូង​ចេញមកក្រៅ ប្រគល់​ទៅអោយ​មេ​ឈ្មួញ​ខ្មែរ​។​
​នៅក្នុង​កិច្ចប្រតិបត្តិការ​ចម្រុះ​នេះ កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​១៦​នាក់ ដែល​ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​ជនជាតិខ្មែរ​ចំនួន​១៥​នាក់ ព្រមទាំង​បាន​ដកហូត​ឈើ​គ្រញូង​បាន​ចំនួន ៤៣ ផ្ទាំង កាំភ្លើង​កែច្នៃ ចំនួន​៦​ដើម​និង​កញ្ឆា​មួយចំនួន​ដែល​ទីតាំង​នៃ​ការឃាត់ខ្លួន​នេះ​ស្ថិតក្នុង​តំបន់​ម៉ៃ​សិរី​ចំប៉ា​ក្នុង​ឃុំ​ណង​ម៉ាក​ហ្វា​យ ស្រុក​
​វ​ឌ្ឍ​នា​ណៈ​ខន​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​រួចមក​សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងអស់ ទៅកាន់​ផែ្ន​ក​រដ្ឋបាល​ព្រៃឈើ ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ដើម្បី​សាកសួរ​បន្ត រក​មេក្លោង​ដែល​នៅ​ពី​ក្រោយខ្នង ក្នុងការ​អនុវត្ត តាមផ្លូវ​ច្បាប់ ៕

​

ឯកឧត្តម គួច ចំរើន អញ្ជើញ​សម្ពោធ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ផ្អាវ​

​ខេត្តកំពង់ចាម ៖ ឯកឧត្តម គួច ចំរើន អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ចាម សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ផ្អាវ និង សំណេះសំណាល​ជាមួយ ក្រុមការងារ​ស្រុក​បាធាយ​និង​ប្រជាពលរដ្ឋ​ចូលរួម​ជាង​១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​
​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ផ្អាវ ឯកឧត្តម មានប្រសាសន៍ ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ ថា ប្រទេស មាន​សុខសន្តិភាព រីកចំរើន​ដល់​សព្វថ្ងៃនេះ ដោយ​គុណបំណាច់ របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ជាពិសេស គឺ​សម្តេច តេ​ជោ ហ៊ុន សែន ផ្តើមកសាង​ដោយ ឯកឧត្តម គួច ចំរើន និង​លោកជំទាវ ចំនួន​២០.៩៨៥​ដុល្លារ​លោក​ជី ប៊ុន ថន និង​អ្នកស្រី ផ្តល់​ទីតាំង​សាងសង់ មាន​ទំហំ​៥២៥​ម៉ែត្រការ៉េ
​លោក​ឧកញ៉ា ទី សុភាព និង​លោកជំទាវ ចំនួន​២៥០០​ដុល្លារ ឧកញ៉ា ស្រី ចាន់ ថន ចំនួន​១០០០ នៅ​ក្នង​ឱកាស​នោះ ឯកឧត្តម គួច ចំ រើ​ន បាន​ថ្លែង​អំណរ​អគុណ​ដល់​បងប្អូន​ទាំងអស់​បាន​ចូលរួម​ថវិកា​ផ្ទល់​ខ្លួន​ដើម្បី​រួមចំណែក ក៏​សាង​ទី​ស្នាក់​គណៈបក្ស​ប្រជាជន​កម្ពុជា ឃុំ​ផ្អាវ ស្រុក​បាធាយ​យើង​នេះ​៕

​

​ស្នាក់​​ការកណ្តាល CNRP នៅ​សង្កាត់​ចាក់អង្រែ​ក្រោម​ត្រូវបាន​ទម្លាក់​ស្លាក​

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ស្លាក​ទី​ស្នាក់​កណ្តាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្ន​ពេញ ត្រូវបាន​ចុះ​រុះរើ ទម្លាក់​ចេញ​ហើយ​ក្រោយ​តុលាការ កាត់ទោស​រំលាយចោល និង​ការចេញ​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​។​
​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បានចេញ​លិខិត​មួយទៀត បង្គាប់​ឲ្យ​អាជ្ញាធរ គ្រប់​រាជធានី​-​ខេត្ត ចាប់ផ្ដើម​ចុះ​អនុវត្ដ​សាលដីកា របស់​តុលាការ​កំពូល ដោយ​ទម្លាក់​ស្លាក​, បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំងប្រទេស ក្រោយពី​គណបក្ស​នេះ​ត្រូវបាន​តុលាការ​កាត់ទោស​រំលាយចោល​៕

​

ក្រសួង​សម្រេច​លុបឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​បញ្ជី​គណបក្សនយោបាយ

​រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញ​សេចក្តីប្រកាស​សម្រេច​លុប​ឈ្មោះ គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​បញ្ជី​គណបក្សនយោបាយ នៅ​ក្រសួងមហាផ្ទៃ នេះ​បើ​យោងតាម​សេចក្តីប្រកាស ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​។​
​ការចេញ​សេចក្តីប្រកាស​សម្រេច​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​បញ្ជី​ឈ្មោះ​របស់​ក្រសួងមហាផ្ទៃ ធ្វើឡើង​បន្ទាប់ពី​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​បានប្រកាស​កាត់​រំលា​យគ​ណ​បក្ស​សង្គ្រោះ​ជាតិ​៕

​

ក្រសួង​បង្គាប់​ឲ្យ​អាជ្ញាធរ​ចុះ​អនុវត្ដ​សាលដីកា​តុលាការ​កំពូល

​រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បានចេញ​លិខិត​មួយទៀត បង្គាប់​ឲ្យ​អាជ្ញាធរ គ្រប់​រាជធានី​-​ខេត្ត ចាប់ផ្ដើម​ចុះ​អនុវត្ដ​សាលដីកា របស់​តុលាការ​កំពូល ដោយ​ទម្លាក់​ស្លាក​, បដា និង​ពាក្យស្លោក​ផ្សេងៗ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំងប្រទេស ក្រោយពី​គណបក្ស​នេះ​ត្រូវបាន​តុលាការ​កាត់ទោស​រំលាយចោល​។​
​សូមបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​របស់​កម្ពុជា បានប្រកាស​សាលដីកា​សម្រេច​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ពី​ថ្ងៃ​ចេញ​ដីកា​នេះ​តទៅ ដោយសារតែ​គណបក្ស​នេះ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ជា​ប្រព័ន្ធ​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា​។ ជាមួយគ្នានេះ តុលាការ​កំពូល ក៏បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ផងដែរ​៕

​