រាជធានីភ្នំពេញ ៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង នៅលើមហាវិថីព្រះសីហនុ ជិតសួនច្បារវិមានឯករាជ្យ ដោយមានជនជាតិបរទេស២នាក់ បើកម៉ូតូធំឌុបគ្នាយ៉ាងបោះពួយយ៉ាងលឿន ទៅបុកនឹងអ្នកដើរហាត់ប្រាណជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ប្រភពបញ្ជាក់ថា បន្ទាប់ពីបុកអ្នកដើរឆ្លងផ្លូវហើយ នេះម៉ូតូ របស់ជនបរទេស បានរេចង្កូតជ្រុលទៅបុកនិងរថយន្ត ម៉ាក់ ហាយឡែនឌឺ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-2816 មួយគ្រឿង ដែលចតទុកស្ងៀម នៅលើក្នុងទិសដៅស្របគ្នា ចំពីក្រោយពេញទំហឹង បណ្តាលអោយ បុរសជនជាតិបរទេសជិះម៉ូតូទាំងពីរនាក់ ហោះផ្លោងខ្ទាតចេញពីគ្នារៀងៗខ្លួននិងបណ្តាលអោយ បាក់កស្លាប់ នៅនិងកន្លែងទាំងពីរនាក់ ថែមទៀត
ភ្លាមៗនេះចំពោះជនរងគ្រោះទាំង៣នាក់ គេមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ៕


អាមេរិក ៖ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គការចំនួន១៣របស់ចិននិងកូរ៉េខាងជើងដែលក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា បានជួយរារាំងការរឹតត្បិតនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនិងគាំទ្រដល់ប្រទេសតាមរយៈការធ្វើពាណិជ្ជកម្ម។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសសកម្មភាពនេះមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានដាក់ប្រទេសកូរ៉េខាងជើងចូលក្នុងបញ្ជីរដ្ឋឧបត្ថម្ភអំពើភេរវកម្មវិញ។
ការដាក់ទណ្ឌកម្មថ្មីនេះបានបង្ហាញពីការផ្តោតការយកចិត្តទុកដាក់របស់រដ្ឋបាលលោក Trump លើការធ្វើឲ្យខូចពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងជើងដែលខ្លួនបាននិយាយថា គឺជាគន្លឹះក្នុងការដាក់សម្ពាធទីក្រុងព្យុងយ៉ាងឲ្យងាកចេញពីមហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរអាចវាយប្រហារសហរដ្ឋអាមេរិក។
លោក Steven T. Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារបាននិយាយថា “ការកំណត់នេះនឹងដាក់ទណ្ឌកម្មបន្ថែមទៀតហើយដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងនិងមនុស្សដែលពាក់ព័ន្ធហើយវាគាំទ្រដល់យុទ្ធនាការដាក់សម្ពាធអតិបរិមារបស់យើងដើម្បីបំបែករដ្ឋឃាតកម្ម”។
ការដាក់ទណ្ឌកម្មនេះរួមមានការដាក់បញ្ចូលក្នុងបញ្ជីនៃក្រុមហ៊ុនចិនចំនួន៣គឺក្រុមហ៊ុន Dandong Kehua Economy & Trade Co., Dandong Xianghe Trading Co., និង Dandong Hongda Trade Co., ដែលក្រសួងរតនាគារនិយាយថា បានធ្វើពាណិជ្ជកម្មក្នុងចំនួនទឹកប្រាក់ជាង៧៥០លានដុល្លាររួមគ្នាជាមួយកូរ៉េខាងជើង។
ទណ្ឌកម្មទាំងនេះក៏បានដាក់បញ្ចូលលោក Sun Sidong និងក្រុមហ៊ុន Dandong Dongyuan Industrial Co. របស់គាត់នៅក្នុងបញ្ជីខ្មៅផងដែរ។ នៅក្នុងរបាយការណ៍កាលពីខែមិថុនា អង្គការ C4ADS បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក Sun Sidong គឺជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងរវាងក្រុមហ៊ុនចិនដែលមានសមាមាត្រពាណិជ្ជកម្មយ៉ាងច្រើនជាមួយកូរ៉េខាងជើង។
ទណ្ឌកម្មថ្មីនេះក៏បានប៉ះពាល់ដល់ក្រុមហ៊ុនកូរ៉េខាងជើងជាច្រើនផងដែរដែលបញ្ជូនកម្មករទៅប្រទេសមួយចំនួនដូចជារុស្ស៊ី ប៉ូឡូញ កម្ពុជានិងចិន។ អាជ្ញាធរអាមេរិកបាននិយាយថា ពួកគេកំពុងស្វែងរកការកាត់ផ្តាច់ប្រាក់ដែលកូរ៉េខាងជើងរកបានពីការនាំចេញពលករ៕

រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានបក្សកាន់អំណាចសម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា នៅកម្ពុជាគ្មានវិបត្តនយោបាយទេ ហើយក៏គ្មានអ្នកនយោ បាយដែលមានវិបត្តិ ហើយកម្ពុជាក៏គ្មានអ្នកទោសនយោបាយដែរ មានតែអ្នកនយោបាយដែល ជាប់ទោសព្រហ្មទណ្ឌ ។ សម្តេចបញ្ជាក់ថា ខណដែលគណបក្សប្រឆាំងបានអំពាវនាវឲ្យបរទេស បញ្ឈប់ទិញទំនិញពីកម្ពុជានោះ គឺជាការសម្លាប់កម្មករ កម្មការិនី មិនមែនសម្លាប់ ហ៊ុន សែន នោះទេ ៕

រាជធានីភ្នំពេញ ៖ កញ្ញា នី មុន្នីនាថ តារាសម្តែងភាពយន្តដ៏ល្បីម្នាក់នឹងត្រូវចូលបំភ្លឺតុលាការ ពាក់ព័ន្ធនឹងពាក្យបណ្តឹងទាមទារប្រាក់ របស់អតីតគូដណ្តឹង ដែលជាអាណិកជនខ្មែរ នៅអាមេរិក នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ នេះបើយោងតាមដីការបស់តុលាការក្រុងភ្នំពេញ ។
សូមរម្លឹកថា អតីតគូដណ្តឹងនាង នី មុន្នីនាថ គឺលោក អ៊ឹង សូឡាង បានដាក់ពាក្យបណ្តឹងដោយទាមទារឱ្យនាងសងជំងឺចិត្ត ដល់ខ្លួនចំនួន៥ម៉ឺនដុល្លារ បន្ទាប់ពីអ្នកទាំងពីរកាត់ផ្តាច់ការទាក់ទងគ្នា។ តាមពាក្យបណ្តឹងលោក អ៊ឹង សូឡាង បានចាត់ទុក នី មុន្នីនាថ ថា បោកយកប្រាក់របស់ខ្លួនក្នុងពេលទាក់ទងជាមួយគ្នា ដោយនៅក្នុងនោះ លោកបានទិញរបស់របរមានតម្លៃមួយចំនួនឱ្យនាង តែដល់ពេលធ្លាក់វីសាទៅនៅអាមេរិកជាមួយគ្នានោះ ត្រូវនាងបដិសេធទៅវិញ។
យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗកន្លងមកនៅលើហ្វេសប៊ុករបស់ នី មុន្នីនាថ បានបង្ហោះសារគួរឲ្យចាប់អារម្មណ៍ថា «ចង់និយាយច្រើនណាស់ តាមចិត្តខឹងតាមចិត្តក្ដៅ ប៉ុនែ្តពាក្យចាស់ពោលថាបើចង់ឈ្នះសត្រូវ ត្រូវធ្វើចិត្តឱ្យត្រជាក់» ៕


អ៊ីរ៉ាក់ ៖ ក្រុមមន្ត្រីនៅប្រទេសអ៊ីរ៉ាក់និយាយថា មនុស្សចំនួន៣២នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅក្នុងរថយន្តធំមួយគ្រឿងដែលផ្ទុកដោយគ្រឿងផ្ទុះ នៅទីផ្សារមួយនៅក្នុងទីក្រុងមួយដែលកំពុងតែប្រទាញប្រទុងគ្នារវាងប្រទេសអ៊ីរ៉ាក់និងតំបន់ឃើដនៅប្រទេសនេះ។
ប៉ូលិសនិងមន្ត្រីមន្ទីរពេទ្យនៅប្រទេសអ៊ីរ៉ាក់និយាយថា ការផ្ទុះយ៉ាងខ្លាំងដែលបានកើតឡើងនៅទីក្រុងទូសខូម៉ាតូ (Tuz Khormato) នៅតំបន់ឃើដកាលពីល្ងាចថ្ងៃអង្គារនោះបានធ្វើឲ្យមនុស្សចំនួន៣២នាក់បានស្លាប់ និងយ៉ាងតិច៧៥នាក់ទៀតរងរបួស។ មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះក៏មានកងកម្លាំងសន្តិសុខនៅប្រទេសអ៊ីរ៉ាក់យ៉ាងតិច៦នាក់ផងដែរ។
សូមបញ្ជាក់ថា ទីក្រុងទូសខូម៉ាតូស្ថិតនៅចម្ងាយប្រហែល២១០គីឡូម៉ែត្រខាងជើងទីក្រុងបាកដាដនៅប្រទេសអ៊ីរ៉ាក់ ហើយបច្ចុប្បន្នរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ និងតំបន់ឃើដកំពុងប្រទាញប្រទូងគ្នាក្នុងការគ្រប់គ្រងទីក្រុងមួយនេះ៕

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍របស់បក្សកាន់អំណាចបានឲ្យដឹងថា មកដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតតំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានរបស់ CNRP សរុប៤៣៣នាក់បានសម្រេចចិត្ត សុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយ ចំនួននេះ មិនបាន១០%ទេ បើប្រៀបធៀបទៅនឹងចំនួនអតីតមន្ត្រីថ្នាក់មូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិ ។ ប៉ុន្តែវាក៏ជាចំនួនមិនតិចនោះដែរ ខណដែលគេរំពឹងថា អតីតមន្ត្រីគណបក្សប្រឆាំងដែលត្រូវបាន រំលាយនឹងបន្តចូលរួមជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់ទៀតក្នុងរយះពេល២ថ្ងៃដែលជាឱសានវាទកំណត់ដោយប្រធានគណបក្សកាន់អំណាច ៕

ហ្ស៊ីមបាវ៉េ ៖ កាលពីថ្ងៃអង្គារ ប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នាសម្ដែងការសប្បាយចិត្តយ៉ាងខ្លាំងដោយអ្នកខ្លះស្រែកច្រៀង និងខ្លះទៀតស្រែកហ៊ោលាយឡំដោយការចុចស៊ីផ្លេរថយន្តនៅតាមដងផ្លូវនៅទីក្រុងហារ៉ារ៉េក្រោយពីប្រធានាធិបតីប្រទេសស៊ីមបាវ៉េបានប្រកាសចុះចេញពីតំណែងកាលពីយប់មិញនេះក្រោយពីបានកាន់អំណាចរយៈពេល៣៧ឆ្នាំមកនេះ។
លោកប្រធានាធិបតី រ៉ូប៊ឺត មូហ្គាបេ (Robert Mugabe) បានលាលែងពីតំណែងកាលពីថ្ងៃអង្គារដោយសាររងសម្ពាធខ្លាំងពីយោធាដែលបានឃុំខ្លួនលោកនៅក្នុងផ្ទះ ពីសមាជិកសភានៃគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងព្រមទាំងពីប្រជាពលរដ្ឋភាគច្រើនដែលបានជួបជុំគ្នាតាមផ្លូវនិយាយថា ការកាន់អំណាចរយៈពេល៣៧ឆ្នាំគឺល្មមគ្រប់គ្រាន់ហើយ។
លោក មូហ្គាបេ ដែលត្រូវបានគេចាត់ទុកថាជាប្រមុខរដ្ឋចាស់វស្សាជាងគេក្នុងពិភពលោកនោះបាននិយាយក្នុងលិខិតរបស់លោកថា គេគួរតែអនុវត្តតាមនីតិវិធីក្នុងការជ្រើសរើសប្រធានាធិបតីថ្មី គឺមិនត្រូវពន្យារពេលដល់ថ្ងៃស្អែកនោះទេ។
លោកបានបន្ថែមទៀតថា ការសម្រេចចិត្តចុះចេញពីតំណែងរបស់លោកនេះគឺជាធ្វើឡើងដោយស្ម័គ្រចិត្តនិងគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជាទីបំផុត ដូច្នេះហើយទើបបានជាលោកសម្រេចចិត្តផ្ទេរអំណាចដោយគ្មានការបង្ហូរឈាមបន្តិចបែបនេះ៕

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជួបគ្នាជាលើកទី១ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ដោយអំណាចតុលាការកំពូល ដើម្បីពិភាក្សាលើបញ្ហាមួយចំនួន សំខាន់ការបន្តពង្រឹងកិច្ច សហប្រតិបត្តិការ ឲ្យកាន់តែប្រសើរថែមទៀត។
តាមគេហទំព័រក្រសួងមហាផ្ទៃ បានឲ្យដឹងថា នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចជំនួបរវាងសម្តេចក្រឡាហោម ស ខេង និងលោក William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺផ្តោត លើប្រធានបទសំខាន់ចំនួន៣ ៖ ១. កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ២.ការងារ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ៣.ការធ្វើមាតុភូមិនិវត្តនរបស់ប្រជាពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិក។
យោងតាមគេហទំព័រក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេចក្រឡាហោម បានមានប្រសាសន៍ថា កម្ពុជានៅតែឯកភាពនូវអ្វីដែលបានព្រមព្រៀងគ្នា និងចង់ឱ្យ ភាគីអាមេរិកពិចារណា ពន្យាពេលសិន ពិសេសអ្នកមានជម្ងឺធ្ងន់ធ្ងរទុក ឱ្យពួកគាត់ព្យាបាល សះស្បើយសិន។ ចំពោះពលរដ្ឋដែលបានទៅអាមេរិកក្រោយឆ្នាំ១៩៩៤ សម្តេចនិងពិចារណាឱ្យបានច្បាស់លាស់ ហើយបានស្នើឱ្យភាគីអាមេរិកចាត់មន្ត្រីជំនាញរបស់អាមេរិក និងកម្ពុជាធ្វើការសហការគ្នា ធ្វើកិច្ចការនេះ ឱ្យបានល្អបំផុតដែលអាចធ្វើបាន។
លោក William A.Heidt បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា ដែលបានទប់ស្កាត់ជនល្មើស ដែលបានប្រព្រឹត្តអំពើ អាណាចារលើកុមារចំនួន ១៣រូប ដែលមិនឱ្យចូលមកកម្ពុជា។ នេះជាការងារល្អមួយប្រសើរ និងកោតសរសើរ ហើយអាមេរិកនិងបន្តការសហការ ជាមួយអាជ្ញាធរសមត្ថកម្ពុជា ថែមទៀតដើម្បីទប់ស្កាត់បទល្មើស ការជួញដូរមនុស្ស។
ជាថ្មីម្តងទៀត សម្តេចក្រឡាហោម បានបញ្ជាក់ថាកិច្ចការផ្សេងៗ ដែលក្រសួងមហាផ្ទៃ មានជាមួយសហរដ្ឋអាមេរិក កម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការធ្វើការរួមគ្នា ឱ្យកាន់តែប្រសើរទ្វេរឡើង៕


នីហ្សេរីយ៉ា ៖ អ្នកនាំពាក្យប៉ូលិសរដ្ឋ Adamawa បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្ស៥០នាក់បានស្លាប់ ដោយសារករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយនៅព្រះវិហារមួយកន្លែងក្នុងក្រុង Mubi ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា «ពួកយើងទទួលដំណឹងថា មានហេតុការណ៍បំផ្ទុះគ្រាប់នៅឯព្រះវិហារមួយកន្លែង ក្នុងក្រុង Mubi ហើយមនុស្ស៥០នាក់បានបាត់បង់ជីវិត។ ក្មេងប្រុសជំទង់ម្នាក់វ័យខ្ទង់១៧ឆ្នាំ មានពាក់អាវបង្កៃគ្រាប់បៃ បានបន្លំខ្លួនចូលទៅក្នុងព្រះវិហារ ជាមួយនិងអ្នកប្រតិបត្តិសាសនាដទៃទៀត។ ភ្លាមៗក្រោយពីបួងសួងរួចយុវជនរូបនោះ ក៏បានបំផ្ទុះគ្រាប់បែកនៅជាប់ខ្លួន»។
ទោះបីយ៉ាងណា តួលេខអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ខណៈមនុស្សជាច្រើននាក់ ដែលបានរងរបួស ក្នុងហេតុការណ៍ដ៏អាក្រក់នេះ កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យនានា នៅភាគខាងជើងក្រុង Mubi ជាទីដែលការវាយប្រហារ បានកើតឡើងនៅក្នុងបរិវេណនៃតំបន់ Kunu Araha៕


រាជធានីភ្នំពេញ ៖ តុលាការកំពូល គ្រោងនឹងជំនុំជម្រះក្តីលោកហេង ពៅ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធសំណុំរឿងប៉ុនប៉ងបាញ់សម្លាប់ឧកញ៉ាថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព កាលពីឆ្នាំ១៩៩៨កន្លងទៅ ។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍កន្លងទៅបានសម្រេចផ្តន្ទាទោសក្រុមលោក ហេង ពៅ , លោក លី រ៉ាស៊ី និងលោក ផេង ផៃ ដាក់ពន្ធនាគារចន្លោះពី១៦ឆ្នាំទៅ១៨ឆ្នាំនិងសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងរាប់ម៉ឺនដុល្លារអាមេរិក ក្រោមបទចោទ ប៉ុនប៉ងសមគំនិតឃាតកម្មគិតទុកជាមុន ៕

រាជធានីភ្នំពេញ ៖ តាមសារព័ត៌មានក្នុងស្រុកចុះផ្សាយថា កាលពីរសៀលថ្ងៃអង្គារ៍ម្សិលមិញនេះ រដ្ឋសភាបានដកហូតរថយន្តស៊េរីចំនួន៥គ្រឿងរបស់ ប្រធានគណៈកម្មការរដ្ឋសភាចំនួន៥រូប មកពីគណបក្សសង្គ្រោះជាតិ ដើម្បីយកមកទុកជា សម្បត្តិរដ្ឋវិញ ។
លោក ញ៉ែម សាវើយ អគ្គលេខាធិការរងរដ្ឋសភាបានប្រាប់អ្នកសារព័ត៌មានថា ក្រៅពីអតីតប្រធានគណៈកម្មាការរដ្ឋសភាទាំង៥នោះ អគ្គលេខាធិការរងរដ្ឋសភាចំនួន៣រូប មកពីគណបក្សសង្គ្រោះជាតិ ក៏ត្រូវដកហូតរថយន្តរដ្ឋត្រឡប់មកវិញដែរ ប៉ុន្តែពេលនេះ មិនទាន់ប្រមូលអស់នៅឡើយទេ។ ដោយឡែក សម្ភារផ្សេងៗទៀត ក៏ត្រូវបានអតីតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ប្រគល់ជូនរដ្ឋសភាជាបន្តបន្ទាប់ ផងដែរ ៕


ហ្ស៊ីមបាវ៉េ ៖ ទីបំផុតប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក Robert Mugabe បានសម្រេចចិត្តដាក់លិខិតលាលែងចេញពីមុខតំណែងហើយ ក្រោយកាន់អំណាចជាង៣៧ឆ្នាំមកនេះ ខណៈសភាកំពុងបើកសម័យប្រជុំរបស់ខ្លួនដើម្បីត្រួតពិនិត្យលើសំណើដកតំណែងពីរូបលោក។ នេះបើយោងតាមសារព័ត៌មាន AP ។
ការសម្រេចចិត្តបែបនេះរបស់លោក Mugabe នៅឡើងនៅចំពេលសភាកំពុងបើកសម័យប្រជុំ បន្ទាប់ពីលោកបានបដិសេធមិនព្រមប្រកាសលាលែងពីតំណែងជាប្រធានាធិបតី ដោយថែមទាំងសន្យាទៀតថាលោកនឹងបន្តធ្វើជាប្រធានបក្សរហូតដល់ថ្ងៃសមាជបក្ស ដែលនឹងត្រូវប្រព្រឹត្តទៅនៅខែធ្នូខាងមុខ បើទោះជាសមាជិកគណបក្សកាន់អំណាច Zanu-PF នៅក្នុងប្រទេសហ្ស៊ីមបាវេ បានអំពាវនាវ និងទុកពេលឱ្យលោកត្រឹមថ្ងៃចន្ទ លាលែងពីតំណែងដោយខ្លួនឯងក៏ដោយ។
សូមបញ្ជាក់ថា វិបត្តិនៅហ្ស៊ីមបាវ៉េ ផ្ទុះឡើងនៅក្រោយពេល លោក Mugabe បណ្ដេញលោក Mnangagwa ពីតំណែងអនុប្រធានាធិបតី និងមានបំណងចង់ឱ្យប្រពន្ធរបស់លោកកាន់តំណែងជាអនុប្រធានាធិបតី៕

អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកបានសម្រេចចិត្តជ្រើសរើសប្រទេសកូរ៉េខាងជើងដាក់ជារដ្ឋមួយដែលគាំទ្រក្រុមភេរវករចំពេលដែលភាពតានតឹងនុយក្លេអ៊ែរកំពុងកើនឡើងខ្លាំងនៅលើឧបទ្វីបកូរ៉េ។
លោក ត្រាំ បាននិយាយថា ការជ្រើសរើសនេះនឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសកូរ៉េខាងជើង ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់អាមេរិកក្នុងការដាក់សម្ពាធអតិបរិមាប្រឆាំងទៅនឹងប្រទេសឯកោមួយនេះ។ លោក ត្រាំ បាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា បន្ថែមពីលើការគំរាមកំហែងដល់ពិភពលោកដោយកម្មវិធីនុយក្លេអ៊ែរ, កូរ៉េខាងជើងបានគាំទ្រម្តងហើយម្តងទៀតចំពោះសកម្មភាពភេរវកម្មអន្តរជាតិរួមទាំងឃាតកម្មនៅលើទឹកដីបរទេស។
ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីអាមេរិកបានលើកឡើងថា ការសម្លាប់លោក គីម ជុងណាម ដែលជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីដើមឆ្នាំនេះថាជាសកម្មភាពភេរវកម្ម។
សូមបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានដាក់បញ្ចូលសាជាថ្មីក្នុងបញ្ជីរដ្ឋដែលគាំទ្រក្រុមភេរវករជាមួយប្រទេសអ៊ីរ៉ង់, ស៊ូដង់ និងស៊ីរី បន្ទាប់ពីប្រទេសដ៏សម្ងាត់មួយនេះត្រូវបានដកចេញពីបញ្ជីកាលពី៩ឆ្នាំមុន៕

រាជធានីភ្នំពេញ ៖ រដ្ឋសភាបានសម្រេចលុប ឈ្មោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប និងទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុបជាង១០០នាក់ ចេញពីបញ្ជីក្របខណ្ឌ ហើយពួកគេត្រូវបានបញ្ចប់មុខងារ និងប្រាក់ខែចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ ។ នេះបើយោងតាមការឲ្យដឹងពីលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ហើយត្រូវបានសារព័ត៌មានដកស្រង់យកមកចុះផ្សាយនៅថ្ងៃនេះ ។
ទន្ទឹមនោះរដ្ឋសភាក៏បានស្នើសុំឲ្យឯកឧត្តម លោកជំទាវ ទាំងអស់នោះមេត្តាប្រគល់សម្ភារៈរបស់ រដ្ឋឲ្យអគ្គលេខាធិការដ្ឋានសភាវិញចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ៕

ភ្នំពេញ ៖ កុមារាម្នាក់ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពវៃសម្លាប់នៅវាលស្រែក្បែរស្រះទឹកយ៉ាងអាណោចអាធ័ម ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ស្ថិតនៅកណ្តាលវាលស្រែក្នុងភូមិអន្លង់គងចាស់សង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។
កុមារាដែលត្រូវជនសង្ស័យវាយសម្លាប់ឈ្មោះ លន រុន ភេទប្រុសអាយុ១៣ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុខាងលើកំពុងតែដើរខ្វាលគោនៅកន្លេងកើតហេតុជនសង្សយ័ត្រូវបានឃាត់ខ្លួនបានភ្លាមៗ ឈ្មោះ វ៉ា រដ្ឋា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នោក្នុងភូមិកើតហេតុជាជនដៃដល់។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលបានសម្លាប់ក្មេងប្រុសខ្វាលគោជាមនុស្សដែលប្រប្រាស់ថ្នាំញៀននិងផឹកស្រាស្រវឹងប្រហែលជាបែកថ្នាំទើបមកដល់ជួបចំណុចកើតហេតុស្រាប់តែបានជួបនិងកុមារាខាងលើកំពុងតែដើរខ្វាលគោបានស្ទុះទៅចាប់វៃនិងច្របាច់កហើយជ្រលក់ទៅក្នុងទឹកទុំបធ្វើអោយក្មេងប្រុសនោះឈ្លោះទឹកស្លាប់ ចំណែកជនសង្ស័យភ្លាមៗនោះបំរុងតែរតលគេចខ្លួនត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចឃាត់បានយកទៅសាកសួរនៅប៉ុស្តិនគរបាលព្រៃស។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងទៀតថាជនសង្ស័យនិងកុមារាជាមនុស្ស័មិនដែលស្គាល់គ្នាតែជនសង្ស័យជាមនុស្សដែលប្រើប្រាស់ថ្នាំញៀនច្រើនទើបធ្វើអោយជនសង្ស័យអាចបែកទើបឃើញក្មេងដើរស្មានតែជាសត្រូវទើបសម្លាប់។
បច្ចុន្នប្បជនសង្ស័យកំពុងតែសាកសួរនៅប៉ុស្តិនគរបាលព្រៃសដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោចាត់កាតាមភូវច្បាប់៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍