រាជធានីភ្នំពេញ ៖ អនុប្រធានក្រុមហ៊ុន GE របស់អាមេរិកកាំង លោក ចន រ៉ាយ (JonhE.Rice) ដែលកំពុងរកស៊ីនៅកម្ពុជានឹងក្លាយជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពីក្រុមមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។
មន្ត្រីរាជរដ្ឋាភិបាលបានអះអាងថា សម្ដេច ហ៊ុន សែន នឹងស្នើសុំព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដល់លោកចនរ៉ាយ (JonhE.Rice) អនុប្រធានក្រុមហ៊ុន GE របស់សហរដ្ឋអាមេរិក ដែលបាននិងកំពុង វិនិយោគនៅកម្ពុជា។
គម្រោងស្នើសុំ របស់សម្ដេចតេជោ បែបនេះ ដោយសារតែសម្ដេច មើលឃើញថា លោក Jonh E. Rice មានបទពិសោធន៍ច្រើន ក្នុងកិច្ចការអភិវឌ្ឍន៍នៅកម្ពុជា ម្យ៉ាងទៀតលោក នឹងត្រូវចូលនិវត្តន៍ ពីការងារនៃក្រុមហ៊ុន GE ផងនោះ។
លោក ចន រ៉ាយ បានសម្តែងនូវមោទនភាព ក្នុងការទទួលយកតួនាទីនេះ ដោយលោកសន្យាថា នឹងខិតខំចូលរួមបំរើដល់ការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី៕

ស៊ីដនី ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយថា អូស្ត្រាលីបានចេញមុខអំពាវនាវឲ្យសហរដ្ឋអាមេរិកខិតខំកសាងវត្តមានរបស់ខ្លួនឲ្យកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ី និងពង្រឹងទំនាក់ទំនងជាដៃគូ ដែលមានចិត្តគំនិតដូចគ្នា ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់មហាយក្សអាស៊ី គឺប្រទេសចិន។
របាយការណ៍រដ្ឋាភិបាលមួយច្បាប់ ស្តីពីគោលនយោបាយការបរទេសអូស្ត្រាលី បានលើកឡើងថា «សហរដ្ឋអាមេរិក ដែលមានភាពព្រងើយកន្តើយ ក៏ដូចជាអសកម្មនឹងជះផលប៉ះពាល់មិនល្អ ដល់សណ្តាប់ធ្នាប់ពិភពលោក។ ទន្ទឹមនោះអូស្ត្រាលីជឿជាក់ថា បញ្ហាប្រឈមអន្តរជាតិ អាចដោះស្រាយប្រកបដោយប្រសិទ្ធភាពបាន លុះត្រាតែនៅពេលមហាអំណាចពិភពលោក ដ៏ជឿនលឿន ពោរពេញដោយអានុភាព និងមានជាងគេចូលរួមក្នុងការទប់ទល់ដោះស្រាយពួកវា»។
របាយការណ៍របស់សម្ព័ន្ធមិត្តដ៏ឥតងាករេមួយរបស់សហរដ្ឋអាមេរិកមួយនេះបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ច និងរិទ្ធិអំណាច ដែលអាមេរិកធ្លាប់តែសប្បាយរីករាយនឹងទទួលបានចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី០២នោះ បច្ចុប្បន្នកំពុងមានចិនជាគូប្រជែងធំ៕

ឥណ្ឌូនេស៊ី ៖ ប្រធានមន្ត្រីបន្ថយគ្រោះមហន្តរាយបាននិយាយថា កាលពីថ្ងៃពុធព្យុះថូណាដូបានបក់បោកនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតមួយនៅខេត្តចាវ៉ាខាងកើត (East Java) នៅប្រទេសឥណ្ឌូនេស៊ីធ្វើឲ្យមនុស្សចំនួន៣៥នាក់រងរបួសនិងបំផ្លាញលំនៅឋានជាង៦០០កន្លែង។
ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានបានរាយការណ៍ថា ព្យុះថូណាដូដែលធ្វើដំណើរក្នុងល្បឿន៧០គីឡូម៉ែត្រក្នុង១ម៉ោងនេះបានវាយប្រហារបង្កការបំផ្លិចបំផ្លាញភូមិចំនួន៣កន្លែងនៅតំបន់ស៊ីដូចូ (Sidoarjo) នៅខេត្តចាវ៉ា។
រូបភាពវីដេអូបានបង្ហាញឲ្យឃើញពីកម្លាំងខ្យល់បក់កួចនាំយកវត្ថុផ្សេងៗឡើងទៅលើអាកាស ហើយនេះគឺជាលើកទី២ហើយដែលតំបន់ស៊ីដូចូបានរងការវាយប្រហារដោយព្យុះថូណាដូនៅឆ្នាំនេះ។
ទីភ្នាក់ងារបន្ថយគ្រោះមហន្តរាយនៅប្រទេសឥណ្ឌូនេស៊ីបាននិយាយថា មនុស្សប្រហែល១០០នាក់ត្រូវបានជម្លៀសចេញពីលំនៅឋានទៅរកកន្លែងមានសុវត្ថិភាពដូចជានៅតាមសាលារៀននិងព្រះវិហារជាដើម ខណៈមនុស្សមួយចំនួនទៀតបានទៅស្នាក់នៅសាច់ញាតិនៅតំបន់ផ្សេងទៀត៕

អាហ្វហ្គានីស្ថាន ៖ មន្ត្រីមូលដ្ឋានបាននិយាយថា ការវាយប្រហារអត្តឃាតមួយបានសម្លាប់មនុស្សចំនួន៨នាក់ និងធ្វើឲ្យមនុស្សចំនួន១៧នាក់ទៀតរងរបួសនៅខេត្តណានហ្គាហានៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីនាំពាក្យអភិបាលខេត្តណានហ្គាហាបាននិយាយថា ជនវាយប្រហារបានបំណងបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតសំដៅទៅរកស្នងការប៉ូលិសម្នាក់ដែលបានបណ្ដេញជនវាយប្រហារចេញពីការងារក្នុងពេលថ្មីៗនេះ។ ទោះយ៉ាងណាស្នងការប៉ូលិសរូបនេះអាចគេចផុតពីការវាយប្រហារដោយមិនបានរងគ្រោះអ្វីទេប៉ុន្តែកូនរបស់លោកចំនួន២នាក់ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំង៨នាក់នេះ។
មន្ត្រីនាំពាក្យអភិបាលខេត្តបានបញ្ជាក់ថា អ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតនៅជិតលំនៅឋានរបស់ស្នងការប៉ូលិសរូបនេះជាទីដែលក្រុមអ្នកគាំទ្របានប្រមូលផ្ដុំគ្នាអំពាវនាវសុំឲ្យរដ្ឋាភិបាលផ្ដល់តំណែងការងារឲ្យជនប្រហារនេះវិញ៕

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់កាដូរកិត្តិយស ដល់បងប្អូនក្នុងអតីតបក្សសង្គ្រោះ ដើម្បីរៀបចំការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើប្រយោជន៍ប្រជាជនរហូតដល់ ម៉ោង៩:០០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការពន្យារពេលនេះ គឺដើម្បីទុកឱកាសពេលវេលាបងប្អូន ពូ មីង រៀបចំខ្លួន ហើយដោយសារចរន្តនៃការចូលរួមក្នុងជីវភាពនយោបាយជាមួយ CPP កាន់តែច្រើនឡើង។
ជាពិសេសជាងនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់កាដូដ៏ធំជូនបេក្ខជនបម្រុងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនជាប់ឆ្នោតនឹងទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សា ឬជំទប់ នៅពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ប្រមុខនៃរាជរដ្ឋាភិបាលក៏បានលើកឡើងផងដែរថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់បងប្អូន ដែលបានឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ តែមិនបានជាប់ឆ្នោត «នឹងទទួលបានប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះ នៅពេលដែលបងប្អូនយល់ព្រមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»៕

រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងទៅសួរចម្លើយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅគុគត្រពាំងថ្លុង នៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ នេះបើយោងតាមលិខិតអញ្ចើញ ដែលត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី ផ្ញើទៅកាន់ក្រុមមេធាវីការពារក្ដីរបស់លោក លោក កឹម សុខា កាលពីថ្ងៃទី០៧ ខែវិច្ឆិកាកន្លងមកនេះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង កាលពីដើមខែកញ្ញា ដោយចោទពីបទក្បត់ជាតិ ខណដែលមន្ត្រីជាន់ខ្ពស់ CNRP ប្រមាណ១១៨នាក់ទៀត ត្រូវបានហាមមិនឲ្យធ្វើសកម្មភាពនយោបាយចំនួន៥ឆ្នាំ ដោយពាក់ព័ន្ធករណីលោក កឹម សុខា នេះផងដែរ ៕

រាជធានីភ្នំពេញ ៖ លោក សោម សូររីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បានប្រាប់អ្នកសារព័ត៌មានថា គ.ជ.ប បានបែងចែក អាសនៈរបស់គណបក្ស សង្គ្រោះជាតិចំនួន៥៥អាសនៈ ជូនទៅ គណបក្សដទៃរួចរាល់អស់ហើយ ហើយបានបញ្ជូន ទៅរដ្ឋសភាផងដែរ ។
មន្ត្រី គ.ជ.ប រូបនោះបានបញ្ជាក់ថា ចំនួនអាសនៈ ៥៥នេះ ត្រូវបានបែងចែកដូចខាងក្រោម៖
១. គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៤១អាសនៈ
២. គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ
៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១អាសនៈ
៤. គណបក្សខ្មែរឈប់ក្រ ៥អាសនៈ
៥. គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ៦អាសនៈ ៕

ប៉េកាំង ៖ អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនប្រឆាំងដាច់ខាតចំពោះរាល់ការដាក់ទណ្ឌកម្មឯតោភាគីមកលើពលរដ្ឋ ឬអង្គភាពរបស់ខ្លួនដោយរដ្ឋាភិបាលប្រទេសដទៃ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងប៉េកាំង លោក លូ កាង (Lu Kang) អ្នកនាំពាក្យឲ្យក្រសួងការបរទេសចិនបានលើកឡើងម្តងហើយម្តងទៀតចំពោះគោលជំហររបស់ប្រទេសចិនប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក។ លោក លូ បានបន្ថែមថា បណ្តាប្រទេសផ្សេងទៀតអាចដោះស្រាយបញ្ហាពាក់ព័ន្ធតាមរយៈការចែករំលែកព័ត៌មាន និងសហប្រតិបត្តិការជាមួយប្រទេសចិន។
ការថ្លែងបែបនេះរបស់អ្នកនាំពាក្យរូបនេះធ្វើឡើងបន្ទាប់ពីរតនាគារអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញបានសម្រេចចិត្តនៅក្នុងការដាក់ទណ្ឌកម្មថ្មីប្រឆាំងទៅនឹងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កូរ៉េខាងជើង ព្រមទាំងរូបវ័ន្តបុគ្គល និងក្រុមហ៊ុនចិនដែលធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង។
លោកអះអាងថា ការដាក់ទណ្ឌកម្មនោះគឺជាចំណាត់ការថ្មីមួយរបស់សហរដ្ឋអាមេរិកដើម្បីធ្វើឲ្យកូរ៉េខាងជើងក្លាយជាប្រទេសឯកោដោយសារតែការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់គេ និងដើម្បីបង្អាក់ប្រាក់ចំណូលរបស់គេផងដែរ៕

រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនីចំនួនជិត២០នាក់មប្រើការងារនៅរោងចក្រយ័នស៊ីហ្គាមិននៅតំបន់ឧស្សាហកម្មកាណាឌីយ៉ា ស្ថិតនៅក្នុងអគារលេខ១២ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យបានដួលសន្លប់ជាបន្ដបន្ទាប់នៅវេលាម៉ោង៩ និង២៥ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកម្មករ កម្មការិនីដួលសន្លប់នេះ មកពីថ្នាំសេឡិចដែលជាងធ្វើបានភាយនៅក្នុងរោងចក្រនោះ។ ក្រោយមានហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ខណ្ឌពោធិ៍សែនជ័យ៕


ស្ស៊ីមបាវ៉េ ៖ កាលពីថ្ងៃពុធអតីតអនុប្រធានាធិបតីស្ស៊ីមបាវ៉េលោក អេមមឺសុន ណាង៉ាវ៉ា (Emmerson Mnagagwa) បានវិលត្រឡប់មកកាន់រដ្ឋធានីហារ៉ារ៉េ (Harare) វិញជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ ខណៈដែលនៅថ្ងៃទី២៤ ខែវិច្ឆិកានេះលោកនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់មួយនេះ។
ថ្លែងទៅដល់ប្រជាពលរដ្ឋស្ស៊ីមបាវ៉េ នៅទីស្នាក់ការកណ្តាលគណបក្សកាន់អំណាចកាលពីរសៀលថ្ងៃពុធម្សិលមិញ អនគតប្រធានាធិបតីរូបនេះបានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋចំពោះការជឿជាក់ និងការគាំទ្ររបស់ពួកគេ និងកោតសរសើរចំពោះសកម្មភាពរបស់យោធា។ លោក ណាង៉ាវ៉ា (Mnangagwa) បានប្តេជ្ញាឆន្ទៈរបស់លោក និងជំរុញឲ្យពលរដ្ឋស្ស៊ីមបាវ៉េទាំងអស់ចូលរួមចំណែកនៅក្នុងការបង្កើតការងារ និងកែប្រែសេដ្ឋកិច្ចជាតិឡើងវិញ ក្នុងអំឡុងពេលលោកបម្រើការនៅក្នុងអាណត្តិរបស់លោក មូហ្គាបេ ដែលនៅសល់រហូតដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៨។
សូមបញ្ជាក់ថា បន្ទាប់ពីការលាលែងពីតំណែងរបស់លោក រ៉ូបឺត មូហ្គាបេ (Robert Mugabe) កាលពីថ្ងៃអង្គារ, លោក ណាង៉ាវ៉ា (Mnangagwa) ត្រូវបានគណបក្សកំពុងកាន់អំណាចជ្រើសរើសឲ្យឈរឈ្មោះជាប្រធានាធិបតីស្ស៊ីមបាវ៉េថ្មី ដែលនឹងត្រូវបានតែងតាំងដោយសភា។ លោក ណាង៉ាវ៉ា (Mnangagwa) នឹងក្លាយជាប្រធានាធិបតីស៊ីមបាវ៉េទី៣ចាប់តាំងពីប្រទេសមួយនេះបានទទួលឯករាជ្យកាលពីឆ្នាំ១៩៨០មក៕


រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមទៅពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន នៅលើបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ និងទីតាំងណាមួយក្នុងឃុំ សង្កាត់ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។
បើតាម គ.ជ.ប ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានអ្នកចុះឈ្មោះសរុបចំនួន៥៣៦,៦៧៤នាក់។ ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតមាន ចំនួន២១,៦៧១នាក់ និងប្រជាពលរដ្ឋដែលស្នើសុំធ្វើការកែតម្រូវឈ្មោះ និងទិន្នន័យមានចំនួន៥,៥៧២នាក់។ សរុបជាលទ្ធផលបណ្ដោះអាសន្ន អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ សរុមមានចំនួន៨,៣៨០,២៤០នាក់ ស្មើនឹង៨៤,៨០% បើធៀបទៅនឹងចំនួនប៉ាន់ស្មាន អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួន៩,៨៨២,៧៤៦នាក់។
សូមបញ្ជាក់ថា ប្រសិនបើពលរដ្ឋខកខានមិនបាន ទៅពិនិត្យឈ្មោះដោយផ្ទាល់ លើបញ្ជីដែលត្រូវបិទផ្សាយនៅសាលាឃុំ សង្កាត់ទេនោះ ពលរដ្ឋអាចពិនិត្យមើលឈ្មោះរបស់ខ្លួនឯង នៅលើគេហទំព័រ www.voterlist.org.kh ក៏បាន៕



ឥណ្ឌា ៖ កងកម្លាំងអាកាសប្រទេសឥណ្ឌាកាលពីថ្ងៃពុធម្សិលមិញបានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលដែលមានល្បឿនលឿនបំផុតក្នុងពិភពលោកនៅឈូងសមុទ្របេនហ្គាល់។
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប្រទេសឥណ្ឌាបាននិយាយថា មីស៊ីលនេះត្រូវបានទម្លាក់ចេញពីយន្តហោះស៊ូខូ-៣០ (Sukhoi-30) ហើយថា ម៉ាស៊ីនមីស៊ីលដំណាក់កាលទាំងពីរបានបាញ់ចេញត្រង់ៗឆ្ពោះទៅកាន់គោលដៅឈូងសមុទ្របេនហ្គាល់។ ចំណែកក្រសួងការពារជាតិឥណ្ឌាបាននិយាយថា ប្រទេសឥណ្ឌាបង្កើតបានមីស៊ីលទប់ទល់នឹងនាវាចម្បាំងដោយបាញ់សាកល្បងជោគជ័យចេញពីយន្តហោះចម្បាំងស៊ូខូ-៣០របស់កងទ័ពអាកាស។
ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងនាវាចម្បាំងនេះនឹងបង្កើនប្រតិបត្តិការប្រយុទ្ធរបស់កងកម្លាំងទ័ពអាកាសជាមួយនឹងក្រុមទាហានទ័ពព្រៃ។ មីស៊ីលប្រាម៉ូស ALCM មានទម្ងន់២,៥តោននិងជាអាវុធដែលមានទម្ងន់ធ្ងន់បំផុតដែលត្រូវបានផ្ទុកនៅលើយន្តហោះចម្បាំង Sukhoi-30៕

ខេត្តបាត់ដំបង ៖ ជើងងខ្លាំងពីរនាក់ជំនាញខាងឆក់កាបូបប្រចាំខេត្តត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំចុះប្រត្តិបត្តិការផ្ទាល់ដោយលោកអនុសេនីយ៍ឯក ឈឿង គឹមសុងបង្ក្រាបកាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៤០នាទី នៅចំណុចសណ្ឋាគារផាក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបងត្រូវបានឃាត់ខ្លួននោះ ទី១. ឈ្មោះ សឺម សីហា ហៅ ង៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី២. ឈ្មោះ អេង ឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ សែ លីដា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រីឯវត្ថុតាងដកហូតរួមមាន ៖ កាបូបស្បែកកាន់ដៃចំនួន០១ និងសំភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នក្រុមបង្ការ បង្ក្រាបបានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា EDC ប្រកាសផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៣នេះរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដើម្បីពង្រីកផ្លូវ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជាទាំងស្រុង៖


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍