All posts by មេគង្គ ប៉ុស្តិ៍

នាយករដ្ឋមន្ត្រីអបអរសាទរ​ខួប​លើក​ទី​២៦​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​

​រាជធានី​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា  បាន​សរសេរ​តាមរយៈ Facebook របស់​សម្តេច​នៅថ្ងៃនេះ ដោយបាន​ថ្លែង​នូវ​ការដឹងគុណ ចំពោះ​ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​តស៊ូ​លះបង់ និង​បូជា​គ្រប់យ៉ាង ដើម្បី​ឯករាជ្យ​ជាតិ និង​សន្តិភាព​ជាតិខ្មែរ​។​
​តាមរយះ Facebook សម្តេច​បាន​បញ្ជាក់ថា «​ថ្ងៃនេះ គឺជា​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៧) ដែល​បាន​នាំមក​នូវ​សន្តិភាព​សម្រាប់​កម្ពុជា​។ ពិតប្រាកដ​ណាស់ គឺ​យើង​ចងចាំ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ ព្រះបាទ​សម្តេចព្រះ ន​រោ​ត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​តស៊ូ​លះបង់ និង​បូជា​គ្រប់យ៉ាង ដើម្បី​ឯករាជ្យ​ជាតិ និង​សន្តិភាព​ជាតិខ្មែរ​»​។​
​សម្តេច​បាន​បន្តថា «​ទន្ទឹមនឹង​ដំណោះស្រាយ​សន្តិភាព ដែល​ផ្សាភ្ជាប់​ជាមួយ​នយោបាយ​ឈ្នះ​-​ឈ្នះ គឺ​បានបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់​និ​ន្ន​ការ​ឈ្នះ​ទាំងអស់គ្នា​។ ដោយសារ​សន្តិភាព និង​នយោបាយ ឈ្នះ​-​ឈ្នះ​នេះហើយ ដែល​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ឲ្យ​កម្ពុជា បាន​កសាង​សង្គម​គ្រួសារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ រីកចម្រើន​មកទល់​សព្វថ្ងៃនេះ​។ បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មាន​ការអភិវឌ្ឍ​ដែរ​»​។​
​សម្តេច ហ៊ុន សែន ថ្លែងថា នៅក្នុង​ឱកាស​នៃ​ថ្ងៃ​ដ៏​វិសេសវិសាល នៃ​ខួប​លើក​ទី​២៦ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ បាន​ជូនពរ​ជនរួមជាតិ​ទាំង ក្នុង​និង​ក្រៅប្រទេស សូម​ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា និង​អរគុណ​ជនរួមជាតិ ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព ដើម្បី​កម្ពុជា​កាន់តែ​មានឱកាស អភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចម្រើន​រុងរឿង​៕

​

មួយ​យប់​ចោរលួច​ម៉ូតូ​អស់​ចំនួន​៤​គ្រឿងក្នុង​បន្ទប់​ជួល​១​កន្លែង​

​ភ្នំពេញ ៖ ក្រុមនិស្សិត​មួយក្រុម​បាននាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិនគរបាល​ស្ទឹង​មាន​ជ​យ័​ក្រោយ​ពេលដែល​ក្រុមចោរ​មួយក្រុម​បានធ្វើ​សកម្មភាព​លួច​គាស់​ទ្វារ​បន្ទប់​ជួល​ហើយ​កាច់​សោរ​ម៉ូតូ​ពួកគាត់​អស់​រហូតដល់​ទៅ​៤​គ្រឿង​។ ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​០០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ផ្លូវ​បេតុង​ចំណុច​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ភូមិ​ព្រែក​ទល់​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។​
​ម៉ូតូ​ដែល​ក្រុមចោរ​ធ្វើ​សកម្មភាព​លួច​ទៅ​បាត់​នោះ​មាន​ចំនួន​៤​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ប្រភេទ​Scoopy​ចំនួន​២​គ្រឿង និង​ម៉ូតូ​HondaC125​ចំនួន​២​គ្រឿង​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ប្រុស​ស្រី​ទាំង​៤​នាក់​បានត្រឹមតែ​មក​ដា​ក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិនគរបាល​ស្ទឹង​មាន​ជ​យ័​ប៉ុណ្ណោះ​។​
​ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​ស្ទឹង​មាន​ជ​យ័​សូម​ណូ​ម​ពរ​ដល់​អាជ្ញាធរ ជាពិសេស​លោក តេង​ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ​មេត្តាជួយ​អោយកម្លាំង​សមត្ថកិច្ច​ចុះ​ល្បាត​តាម​មូលដ្ឋាន​ផង​ព្រោះ​ពួកគាត់​រស់នៅ​មានការ​ភ័យខ្លាច​នូវ​សុខ​សុ​វត្ថ​ភាព​ដោយ​ក្រុមចោរ​ទាំង​តែងតែ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់គាត់​ជា​ញឹកញាប់​ហើយ​សមត្ថកិច្ច​ពុំ​សូវ​ចាប់​ជ​នស​ង្ស​យ័​នោះទេ​៕

​

លួច​ម៉ូតូ​បានសម្រេច តែ​ស៊យ​ជិះ​ទៅបុក​គូទ​រថយន្ត​គេ​ពីក្រោយ​

​ភ្នំពេញ ៖ ជ​នស​ង្ស​យ័​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌទួលគោក​ចាប់​ប្រគល់អោយ​នគរបាល​ស្ទឹង​មាន​ជ​យ័​ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki nex ពណ៌​ស ពាក់​ស្លាក​លខ​ភ្នំពេញ​1CY0859 បានសម្រេច​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​។ ជ​នស​ង្ស​យ័​ខាងលើ​មានឈ្មោះ អ៊ុំ ចាន់​រ៉ាត់ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា មុនពេល​កើតហេតុ​រូបគេ​បាន​ស្ពាយ​កាបូប​ដាក់​សោរ​ជាច្រើន​ប្រភេទ​ទុក​សម្រាប់ធ្វើ​សកម្មភាព​លួច​ឆ្គិះ​សោរ​ផ្ទះ​និង​ម៉ូតូ​ណា​ដែល​ទុក​ប្រហែស​ហើយ​ម៉ូតូ​ដែល​រូបគេ​លួចបាន​សម្រេច​នោះ​គី​គេ​បាន​លួច​កាច់​សោក​នៅ​ម្តុំ​ខាងក្រោយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បំរុង​និង​ទៅ​លក់​នៅ​ម្តុំ​ឃ្លាំង​រំសេវ​តែ​ចៃដន្យ​ជិះ​ដល់​មុខ​ផ្សារ​ដើម​គរ​ក៏បាន​ទៅបុក​គូទ​រថយន្ត​គេ​ពីក្រោយ​ដោយ​សមត្ថកិច្ច​ប៉ុស្តិ​ផ្សា​ដើម​គរ​សួរ​នាំទៅ​ទើប​ដឹងថា ជា​ចោរលួច​ម៉ូតូ​គេ ហើយក៏​នាំខ្លួន​ជនសង្ស័យ​ខាងលើ​មក​ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ចាត់ការ​បន្ត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងតែធ្វើការ​សាកសួរ​និង​ឃុំខ្លួន​បណ្តោះ​នៅ​ប៉ុស្តិ​នគរ​ស្ទឹង​មាន​ជ​យ័​ចាត់ការ​តាម​នីតិ​វិធិ​។ ហើយ​លោក​ម៉ៅ​សាវឿន​នាយប៉ុស្តិ​នគរបាល​ស្ទឹង​មាន​ជ​យ័​ក៏​សូម​អំពាវ​រក​ម្ចាស់​ម៉ូតូ​អោយមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិនគរបាល​ស្ទឹងមានជ័យ ហើយ​យក​ឯកសារ​ពាក់​ព​ន្ធ័​ដើម្បី​ទទួលយក​ម៉ូតូ​ទៅវិញ​៕

​

CNRP រៀបចំ​ពិធី​អបអរ​ខួប​លើក​២៦​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​

​រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​នេះ បាន​ប្រារព្ធ​ពិធី អបអរសាទរ ខួប​លើក​២៦ (២៣​តុលា​១៩៩១ ដល់​២៣​តុលា​២០១៧) នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយមាន​ការចូលរួម​ពី​មន្ត្រី​បក្ស​មួយចំនួន និង​អ្នកគាំទ្រ​ផងដែរ ។​
​ការ​ប្រារព្ធ​ពិធី​ខាងលើនេះ ខណៈដែល​ដំណឹង​នៃ​ការរំលាយ​គណបក្ស​ត្រូវ​មន្ត្រី​បក្ស​កាន់អំណាច​ទម្លាយ​ឲ្យ​ដឹងថា កាន់តែ​ខិតជិត​មកដល់ ៕

​

គណបក្ស​របស់លោក អា​បេ បន្ត​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​

​តូ​ក្យូ ៖ សារព័ត៌មាន NHK ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា គណបក្ស​សេរីនិយម​ប្រជាធិបតេយ្យ នៃ​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បន្ត​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​ផ្អែកលើ​ជ័យជម្នះ​នេះ នឹង​បើកផ្លូវ​ឱ្យ​លោក ស៊ីន​ហ្សូ អា​បេ ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ​សន្តិ​និយម អនុម័ត​ដោយ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​១៩៤៧ ក៏ដូចជា​ពង្រឹង​អំណាច​របស់លោក​កាន់តែ​ធំ​នៅ​សភា ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​កាន់អំណាច​យូរ​ជាងគេ ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​ភាព​តាន តឹង​ជាមួយ​កូរ៉េខាងជើង​។​
​យោងតាម​លទ្ធផល​ចេញផ្សាយ​ដោយ NHK គណបក្ស​សេរី​ប្រជាធិបតេយ្យ (LDP) និង​គណបក្ស Komeito ទទួល​អាសនៈ ៣១២​កៅអី ក្នុងចំណោម​អាសនៈ​សរុប ៤៦៥​កៅអី នៅក្នុង​ការបោះឆ្នោត​សភា​ជាន់​ទាប មុន​អាណត្តិ​កាលពី​ថ្ងៃអាទិត្យ​។ ក្រោយ​ការប្រកាស​លទ្ធផល​ថា គណបក្ស​ខ្លួន​ទទួល​សំឡេង​ពីរភាគបី​នៅក្នុង​សភា​ជាន់​ទាប លោក អា​បេ បាន​សន្យា​ភ្លាម​ថា លោក​នឹង​ដោះស្រាយ​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ ទីក្រុង​ព្យុងយ៉ាង ដែល​កំពុងមាន​ភាពជឿ​ន​លឿន​ទៅមុខ​លើ​បច្ចេកវិទ្យា​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​៕

​

តំណាងរាស្ត្រ CNRP លោក ឡុង ប៊ុ​ន្នី ប្រកាស​ចុះចូល​ជាមួយ CPP

​រាជធានី​ភ្នំពេញ ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង ប៊ុ​ន្នី ប្រចាំ​មណ្ឌល​ព្រៃវែង ដាក់​លិខិត​គោរព​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ចុះចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈដែល​ការប្រកាស​នេះ​ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អំពី​ការចូល​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​តំណាងរាស្ត្រ ចៅសង្កាត់ មេឃុំ ឬ​ជំទប់ ឬ​ជំទប់ ឬ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧។

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ក្នុងពេលដែល​សម្តេច​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ និយោជិត​ជាង​៤​ពាន់​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ថា នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​រំលាយ​ក្រោម​ការចោទប្រកាន់ថា «​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ​» មេឃុំ​-​ចៅសង្កាត់ មកពី​គណបក្សប្រឆាំង​មួយ​នេះ នៅតែ​រក្សា​តំណែង​ដដែល​ប្រសិនបើ ពួកគេ​ព្រម​មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ជំនឿ​ចិត្ត​រហូតដល់​ជាង​៩៩​ភាគរយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រំលាយ ហើយ​មិនអាច​យក​សហគមន៍​អន្តរជាតិ​មក​ដាក់​សម្ពាធ​បាន​នោះឡើយ​៕​

​

បង្ក្រាប​ទីតាំង​ហ្គេម​១​កន្លែង​ឃាត់​មនុស្ស​២២​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​

​ខេត្តបាត់ដំបង ៖ ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ដឹកនាំ​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​ផ្ទាល់​ដោយ​លោក​អនុសេនីយ៍ទោ សាយ ម៉ៅ បាន​ចុះ​សហការ​ជាមួយ​កំលាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង និង​កំលាំង​ការិយាល័យ​ជំនាញ​បាន​ចុះបង្ក្រាប​ទីតាំង​ហ្គេម​តាម​ប្រព័ន្ធ​អ៊ី​ន​ធី​ណិ​ត​អន​ឡាញ​ខុសច្បាប់​ចំនួន​១​ទីតាំង ដែលមាន​ស្លាក​យីហោ​ឈ្មោះ SE7EN ឃាត់​មនុស្ស​២២​នាក់ រួម​និង​វត្ថុតាង​មួយចំនួនទៀត​នៅវេលា​ម៉ោង ១៤១០​នាទី ថ្ងៃទី ២២ ខែ តុលា ឆ្នាំ​២០១៧ នៅក្នុង​ក្រុង​បាត់ដំបង ត្រង់ចំណុច​ក្រុមទី ៣៩ ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​
​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​២២​នាក់​និង​វត្ថុតាង​ដកហូត​សរុប​រួមមាន ៖ 1-​ម៉ាស៊ីន system Unit ចំនួន ៣៨ គ្រឿង ។ 2-​អេក្រង់ LCD Computer ចំនួន ៣៩​គ្រឿង​។ 3-Hard Disk Camera ចំនួន​១ គ្រឿង​។ 4- ម៉ូតូ​ចំនួន​១៨​គ្រឿង
​បច្ចុប្បន្ន​ក្រុម​បង្ការ​បង្ក្រាប បាន​បញ្ជូន​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

​

ទាហាន​ឈុតខ្មៅ​ថៃ​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​៣​នាក់​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​

ខេត្តបាត់ដំបង ៖ ពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​កម្លាំង​ទាហាន​ឈុតខ្មៅ​ថៃ​កង​រយ​លេខ​១៣០៣​ឃាត់ខ្លួន​ខ​ណះ​ដែល​ពួកគេ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៤-៣០ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ឃៅ​ចង​ខែម ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​
ពលរដ្ឋ​ខ្មែរ​ត្រូវបាន​ឃាត់ខ្លួន ៖ ទី​១-​ឈ្មោះ នុត ភា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ​។ ទី​២-​ឈ្មោះ នុត កញ្ញា ភេទ​ស្រី អាយុ​១២​ឆ្នាំ​។ ទី​៣-​ឈ្មោះ ម៉ាច លី​ណា ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​ទាំង​៣​នាក់​មាន​ទីលំនៅ​ស្ថិតក្នុង​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បីនាក់​ក្រោយពី​ទាហាន​ថៃ​ឃាត់ខ្លួន​អប់រំ​នៅ​និង​កន្លែង​រួចមក​បានប្រគល់​មកអោយ​អាជ្ញាធរ​ខ្មែរ​និង​បានអោយ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​៕

​

លោក លឺ ឡាយស្រេង បង្ហោះ​សារ​ឆ្លើយតប​ថា គ្មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ​ទេ

​បន្ទាប់ពី​មានការ​ចោទប្រកាន់ និង​ប្រកាស​ប្តឹង​ពី​គណបក្ស​ហ្វ៊ុន​ស៊ុន​ប៉ិច កាលពី​ថ្ងៃទី​២១ ខែ តុលា ម្សិលមិញ​នេះ ពាក់ព័ន្ធ​ទៅនឹង​ការប្រមាថ​ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រ និង​ប្រមាថ​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ រួចមក នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ លោក លឺ ឡាយស្រេង បាន បង្ហោះ​សារ​តាម​បណ្តាញ​សង្គម Facebook ផ្ទាល់ខ្លួន​របស់លោក ដោយ​ទទួលស្គាល់ថា លោក បាន​និយាយ​ជ្រុលជ្រួស​ខ្លះៗ​អញ្ចឹង​មែន ប៉ុន្តែ​លោក​បាន​បដិសេធថា លោក​គ្មាន​ចេតនា​ប្រមាថ​ដល់ ព្រះ​ចេស្តា​របស់​ព្រម​ហា​ក្សត្រ​នោះទេ​។
​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៧ ខ្សែ​វីដេអូ​ឃ្លី​ប​រយៈពេល​ជាង​៤​នាទី ត្រូវបាន Facebook ដែល​ធ្លាប់តែ​ទម្លាយ​រឿងអាស្រូវ​របស់​អ្នកនយោបាយ​ឈ្មោះ សីហា បាន បង្ហោះ ពី​ការសន្ទនា​រវាង​លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​លោកស្រី គី លំអង អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុន​ស៊ិន ពាក់ព័ន្ធ​នឹង​ព្រះករុណា ព្រះ មហាក្សត្រ និង​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ​។​
​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានផ្តល់​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ ជាមួយ​អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​រសៀល​ថ្ងៃទី​២១ តុលា នេះ​ថា លោក ទទួលបាន​ព័ត៌មាន​រួច​នេះហើយ គឺ​លោក លឺ ឡាយស្រេង បាន​ប្រមាថ​ព្រះ​ចេស្តា​ព្រះករុណា​ហើយ គាត់​ជេរ​ទាំង​សម្តេចក្រុមព្រះ​ថែមទៀត​ផង​» ។​
​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ លោក លឺ ឡាយស្រេង បាន​បង្ហោះ​សារ តាម​បណ្តាញ​សង្គម Facebook ផ្ទាល់ខ្លួន​របស់លោក ដោយ​ការពារ​ចំពោះ​ការ​ថ្លែង​សន្ទនា រវាង លោក ជាមួយនិង​លោកស្រី គី លំអង ថា លោក​គ្មាន​ចេតនា​ប្រមាថ​ព្រះ​ន​ហា​ក្សត្រ​នោះឡើយ ។​
​សូមបញ្ជាក់ថា បន្ទាប់ពី​បែកធ្លាយ​នូវ​ព័ត៌មាន​ស្តីពី​ការសន្ទនា​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចោទប្រកាន់ និង​ប្រកាស​ប្តឹង​លោក លឺ ឡាយស្រេង ដោយ​អះអាងថា បាន​ប្រមាថ​ព្រះ​ចេស្តា ដ៏​ធ្ងន់ធ្ងរ​ជា​ចំពោះ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ រាស្ត្រ​ខ្មែរ និង​ជេរប្រមាថ​សម្តេច ក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ផងដែរ​៕

https://youtu.be/gkN8ZsFk69A

 

​

ពលករខ្មែរ៥នាក់ដែលជាប់ឃុំត្រូវថៃ ដោះលែងឱ្យមកកម្ពុជាវិញ

ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​៥​នាក់​មកឱ្យ​អាជ្ញាធរ​កម្ពុជា​បន្ទាប់ពី​រួច​ជាប់ឃុំ​នៅក្នុង​ប្រទេស​ថៃ​
​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ដោះលែង និង​ប្រគល់​មកឱ្យ​អាជ្ញាធរ​កម្ពុជា ដោយសារតែ​ពួកគាត់​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន ខណៈដែល​ពួកគាត់​បាន​ព្យាយាម លួច​ឆ្លងដែន​ខុសច្បាប់ និង​លួច​កាប់​ឈើ​គ្រញូង ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ ដាក់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​
​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៥​នាក់ ដែល​ថៃ​បាន​បញ្ជូនមក​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ជាំ​កាល​វេលា​ម៉ោង​១ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ ដែល​ទី​១​ឈ្មោះ មិន មាស ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ ទី​២​ឈ្មោះ អ៊ី ជីន ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ ទី​៣​ឈ្មោះ កែវ រឿន ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ ទី​៤​ឈ្មោះ បាន សុក ភេទ​ប្រុស​អាយុ ៣៥​ឆ្នាំ អ្នក​ទាំងអស់​រស់នៅ ភូមិ​អូរ​ទឹកថ្លា ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ហើយ​ត្រូវ​ទាហាន​ថៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​។ ចំណែក​ម្នាក់ទៀត​ឈ្មោះ ឈុន ទីន ភេទ​ប្រុស​អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​អ្នក​ទាំង​៤​ខាងលើ ដែល​ត្រូវបាន​ទាហាន​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ច្រក​វាល​ខ្សាច់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ថៃ កាត់ទោស​ចោទ ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង ដោយ​ជាប់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​
​គួរ​បញ្ជាក់ថា ក្នុងអំឡុង​ឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ថៃ បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មកឱ្យ​កម្ពុជា តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ច្រក​អន្តរជាតិ​ជាំ និង​ច្រករបៀង​ជប់​គគីរ ដែល​ភាគច្រើន សុទ្ធតែជា​អ្នកទោស ជាប់ពន្ធនាគារ​នៅ​ប្រទេស​ថៃ ដោយ​ជាប់ចោទ​ពីបទ​ឆ្លងដែន ខុសច្បាប់ និង​លួច​កាប់​ឈើ​គ្រញូង​៕

​

កម្មករ និយោជិត ត្រួវបាន​ឈប់​ពេល​បុណ្យអុំទូក​៣​ថ្ងៃ ដោយ​មិន​កាត់​ប្រាក់​ឈ្នួល

​
ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១៩ ខែតុលា កន្លងមកនេះ បាន ចេញ​សេចក្ដីជូនដំណឹង​ដល់​នាយក​ម្ចាស់​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ទាំងអស់ ស្ដីពី​ការអនុញ្ញាតឱ្យ​កម្មករ និយោជិត បាន​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក រយៈ ពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​៤ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧ ខាងមុខនេះ​។
​យោងតាម​សេចក្តីជូនដំណឹង​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន
​បញ្ជាក់ថា ក្នុងករណី​ចាំបាច់​បំផុត ដែល​សហគ្រាស គ្រឹះស្ថាន មិនអាច​បញ្ឈប់​សកម្ម​ភាព​របស់ខ្លួន​បាន​ក្នុងឱកាស​បុណ្យអុំទូក​ខាងមុខនេះ ម្ចាស់​នាយក សហគ្រាស គ្រឹះ​សា្ថ​ន ត្រូវ​សម្របសម្រួល​ជាមួយ​កម្មក រ​និយោជិត ឲ្យ​មានការ​ស្ម័គ្រចិត្ត ព្រមទាំង​បែងចែក​ពេល វេលា និង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​នេះ​ឱ្យបាន​សមស្រប​។
​ ​ក្នុង​សេចក្ដីជូនដំណឹង​ដដែល​នេះ ក៏បាន​លើកឡើងថា​៖ កម្មករ និយោជិត​ដែល​ធ្វើការ​ក្នុង​ថ្ងៃបុណ្យ​ជាតិ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់​នេះ នឹងមាន​សិទ្ធិ​ទទួលបាន​នូវ​ប្រាក់​បំណាច់​បន្ថែម ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ដូច​ថ្ងៃ​ធ្វើការ​ធម្មតា​»​ផងដែរ​៕

​

សួនច្បារ​ដ៏​ធំ​បំផុត​របស់​កម្ពុជា នឹង​សង់​នៅ​ក្រុង​សែន​មនោ​រម្យ ប្រើ​ថវិកា​ជាង​៣​លាន​ដុល្លារ​

​មណ្ឌលគិរី ៖ សួនច្បារ​ដែលមាន​ទំហំ​ដល់​ទៅ​ជាង​២០​ហិកតា ដែល​ចាត់ទុកថា ជា​សួនច្បារ​ដ៏​ធំ បំផុត​ក្នុងប្រទេស​កម្ពុជា​នោះ ជិត​នឹងមាន​វត្តមាន​ផុស​ឡើង​ចំ​កណ្តាល​ទីក្រុង​សែន​មនោ​រម្យ របស់​ខេត្តមណ្ឌលគិរី នាពេល​ឆាប់ៗ​ខាងមុខនេះ ក្រោម​កញ្ចប់​ថវិកា​ស្ថាបនា​ជាង​៣​លាន​ដុល្លារ របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្រា​ដែល​ខេត្ត​ដាច់ស្រយាល​មួយ​នេះ បាន​បន្សល់ទុក​ព្រលាន​យន្ត ហោះ​ប្រវែង​ជាង​២​គីឡូម៉ែត្រ អំណោយ ផល​សម្រាប់​ការស្ថាបនា​សួនច្បារ​ដ៏​ធំ​នេះ​ឡើង ។​
​ ​លោក ឡុង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២០ តុលា​នេះ​ថា សួន ច្បារ ដែល​គ្រោង និង​ដាក់ឈ្មោះថា សួនឧទ្យាន​សែន​មនោ​រម្យ​នេះ ជា​អតីត​ព្រលានយន្តហោះ ដែល បន្សល់ទុក​ពី​សម័យ​អតីតកាល ហើយ​បច្ចុប្បន្ន​ដំណើរការ​សាង់សង់​សួនច្បារ​យក្ស​នេះ គឺ​បាននិងកំពុង ចាប់ផ្ដើម​ជា​ជំ​ហ៊ាន​ហើយ ក្រោម​ការសហការ​គ្នា រវាង​អាជ្ញាធរខេត្ត​មណ្ឌលគិរី ជាមួយ​ក្រសួង​រៀបចំ​ដែន ដី​នគររូបនីយកម្ម និង​សំណង់ ដែលមាន​អ្នកជំនាញ​ច្បាស់លាស់ មក​ដឹកនាំ​ស្ថាបនា ។ លោក​បន្តថា សួនឧទ្យាន​សែន​មនោ​រម្យ ដែល​កំពុង​ស្ថាបនា​គឺមាន​ទំហំ​លើ​ផ្ទៃដី ២១២.៥៥៣ ម៉ែត្រក្រឡា មាន​ប្រវែង បណ្តោយ​១២០០​ម៉ែត្រ មាន​លក្ខណៈ​ជា​សួនឧទ្យាន​រុក្ខសាស្ត្រ រៀបចំ​ដាំ​ដុះ​រុក្ខជាតិ​សម្បូរបែប ក្នុង​គោល បំណង​សិក្សា​ស្រាវជ្រាវ ការកម្សាន្ត និង​ទស្សនា​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។​
​អភិបាលក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ទៀតថា នៅលើ​សួនឧទ្យាន​នេះ​នឹងមាន​កសាង រៀបចំ​ជា សួនឧទ្យាន​បែប Classic អាច​ប្រើប្រាស់​បាន​លើ​មនុស្ស​គ្រប់គ្នា មាន​ទាំង​ការ​ក្រាល​ថ្ម​ក្រា​នី​ត កន្លែង​ក្មេង លេង កន្លែង​ហាត់ប្រាណ កន្លែង​តាំងពិព័រណ៍ មណ្ឌលកីឡា លំហរ​ពហុ​មុខងារ កន្លែង​វិនិយោគ និង បង្គន់ អនាម័យ​ជាដើម ហើយ​ក្នុងនោះដែរ​ក៏មាន ការដាំ​រុក្ខជាតិ​សំខាន់ៗ ដែល​បង្ហាញ​អំពី អត្តសញ្ញាណ ខេត្តមណ្ឌលគិរី រួមជាមួយ​វប្បធម៌​ជនជាតិ​ភ្ន​ង ព្រមទាំង​មាន ការដាក់​តាំង​ពិ​ព័​ណ​វត្ថុ​បូរាណ និង​ការ បង្ហាញ​អត្តសញ្ញាណ​ជាតិ​ផ្សេងៗ​ផងដែរ ។ លោក​អភិបាលក្រុង​បញ្ជាក់ថា សួនច្បារ​ថ្មី​នេះ នា​អនាគត​ក៏ អាច ជួយ​ទាក់ទាញ​ចំនួន​អ្នក​ទេសចរណ៍​បន្ថែម​ទ្វេដង​សម្រាប់​ខេត្តមណ្ឌលគិរី​ផងដែរ ។​
​សូម​រម្លឹកថា ក្នុង​វេទិការ​ជាតិ​លើ​ទី​២ ស្តីពី​ការ​កា​ពារ​និង​អភិរក្ស​ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​២២ ខែសីហា នោះដែរ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា អតីត​ព្រ​លា​ន្ត​យន្តហោះ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មិន​ប្រគល់​ឲ្យ​ឯកជន​ណាមួយ​នោះទេ តែ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ ត្រូវ​ទៅ​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​សួនឧទ្យាន​ដ៏​ធំ​បំផុត​របស់​កម្ពុជា​វិញ ។ សម្តេច​ថ្លែង​កោតសរសើរ​ថា ទីក្រុង​ដែលមាន​ផ្លូវ​ល្អ​នា​ថ្ងៃ​អនាគត​គឺ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្រុង​បាន​លុង ខេត្តរតនគិរី និង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ដែល​ក្រុង​ទាំងនោះ​នឹង​ក្លាយជា​ក្រុង​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​យ៉ាងសំខាន់​របស់​កម្ពុជា នាពេល​អនាគត​៕

​

ខេត្តកំពង់ឆ្នាំង ត្រៀម​បញ្ជូន​ទូក​២៩ និង​កីឡាករ​ជិត​១.៥០០នាក់ មកប្រកួត​នៅ​ភ្នំពេញ

​ភ្នំពេញ ៖ ទូកប្រណាំង​មាន​៣​ប្រភេទ គឺ​ទូក​ចែវ ទូក​អុំ និង​ទូក​ខ្នាត​អន្តរជាតិ របស់​ខេត្តកំពង់ឆ្នាំង ចំនួន ២៩ ទូក រួម​នឹង​ក្រុម​កីឡាករ​សរុប​ចំនួន​១.៤៩០​នាក់ បានរៀបចំ​រួចជាស្រេច នឹងត្រូវ​ធ្វើ​ពិធី​ជូន​ដំណើរ នៅ​ថ្ងៃទី ៣១ ខែតុលា ឆ្នាំ​២០១៧ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​នៅ​ថ្ងៃទី​២ ដល់ទី ខែវិច្ឆិកា ខាងមុខ នេះ នៅ​រាជធានី​ភ្នំពេញ ហើយ​ពិធី​នេះដែរ​នឹងធ្វើ​ឡើង​នៅ​វត្ត​កំពង់ត្រឡាច ស្ថិត​ក្នុងភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដែលជា​ទីតាំង​ធ្លាប់​ប្រារ​ព្ឋ​ធ្វើជា​រៀងរាល់ឆ្នាំ ។
​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ គណៈកម្មការ​រៀបចំ​បុណ្យ​អំ​ទូក​ខេត្ត​បានអោយដឹងថា ទូក ទាំង ២៩ របស់​ខេត្តកំពង់ឆ្នាំង មាន​ទូក​ចែវ​បុរស​១៤​ទូក , ទូក​ចែវ​នារី ១​ទូក​, ទូក​អុំ​បុរស​ខ្នាត​វែង ១​ទូក ,​ទូក​អុំ​នារី​ខ្នាត វែង​១​ទូក និង​ទូក​ខ្នាត​អន្តរជាតិ​ចំនួន​១២​ទូក​, គឺ​បាន​កើនឡើង​ចំនួន​៨​ទូក ច្រើន ជាង​ឆ្នាំ​២០១៦ ដែល​មានតែ​២១​ទូក ។ ចំណែក​កីឡាករ​ដែល​ត្រូវ​ប្រកួត​មាន​ចំនួន ១០៤១​នាក់ ស្រី ៩៩​នាក់ ,​និង​កីឡាករ​បំរុង​មាន​៤៤៩​នាក់ ស្រី ៣៤​នាក់ សរុប​កីឡាករ​ទាំងអស់​មាន​ចំនួន ១.៤៩០ នាក់ ស្រី​១៣៣​នាក់ ហើយ​ចំនួន​កីឡាករ​ក៍បាន​កើនឡើង​ជាង​ឆ្នាំ​២០១៦ ចំនួន ៤០២​នាក់​ដែរ ព្រោះ ឆ្នាំ​២.០១៦​មានតែ ១.០៨៨​នាក់ ។ ទូក​ទាំង​២៩​ទូក នោះ​មាន​៖ ទូក​មកពី ស្រុក​បរិបូរ​ណ៌​ចំនួន​៣​ទូក ជា​ប្រភេទ​ទូក​ចែវ​បុរស​- ទូក​មកពី ស្រុក​រលាប្អៀរ​មាន​ចំនួន​៤​ទូក ជា​ប្រភេទ ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ -​ទូក​មកពី​ស្រុក​កំពង់ត្រឡាច​មាន​៨​ទូក ក្នុងនោះ ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​មាន​៤​ទូក , ទូក​អុំ​បុរស ខ្នាត វែង​១​ទូក ,​ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក ,​និង​ទូក​ចែវ​បុរស​ចំនួន​២​ទូក​-​ទូក​មកពី​ស្រុក​កំពង់​លែងមាន​១​ទូក ជា​ទូក​ចែវ​បុរស – ទូក​មកពី​ក្រុង​កំពង់ឆ្នាំង​មាន​១​ទូក ជា​ទូក​ចែវ​បុរស -​និង​ទូក មកពី ស្រុក​ជល​គី​រី​មាន ចំនួន​១២​ទូក ក្នុងនោះ​មាន​ទូក​ចែវ នារី​១​ទូក​,​ទូក​ចែវ​បុរស​៧​ទូក​និង​ទូក​ខ្នាត​អន្តរជាតិ​មាន​ចំនួន​៤​ទូក​។
​សូម​បញ្ជាក់ដែរថា នៅ​ប៉ុន្មាន​ថ្ងៃនេះ គេ​សង្កេតឃើញ​មាន ទូក​នៅតាម​បណ្តា​ស្រុក​មួយចំនួន បាន​ទម្លាក់​ចូល​ទឹកជា​បណ្តើ​រហើយ ដូចជា ទូក​ឈ្មោះ​សម្តេចចៅហ្វា​វាំង​គង់​,​ទូក​ឈ្មោះ ទួល​ពិ​ស្រី​ជ័យ សូរ​វង្ស កំពង់ព្រះ​,​ទូក​ឈ្មោះ​ព្រះទីនាំង​សារាយអណ្តែត​ចង្ហាន់​ហុយ និង​រួម​ទូក​មួយចំនួនទៀត ។ ដោយឡែក​ទូក​ឈ្មោះ កំពង់លែង​សែន​ជ័យ​បារ​ម៉ី​ពោធិ​អណ្តែត របស់​ស្រុក​កំពង់លែង ទើបនឹង​ទម្លាក់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា នេះ​ទេ ចំណែក​ទូក​ឈ្មោះ ទេពធីតា​សែន​ជ័យ​បារ​ម៉ី​មាន​រិ​ទ្ឋ របស់​ក្រុង កំពង់ឆ្នាំង ក៏​ទើប​នឹងធ្វើ​ពិធី​ទម្លាក់​ទឹក​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា នេះដែរ ៕

 

​

ប៉ះទង្គិច​គ្នា​នៅ​ភាគ​ខាងលិច​ប្រទេស​អេ​ហ្ស៊ី​ប​បណ្តាល​ឲ្យ​មនុស្ស​៣៥​នាក់​ស្លាប់​

​គែរ ៖ មន្ត្រី​សន្តិសុខ និង​សុខាភិបាល​អេ​ហ្ស៊ី​ប​បាន​អះអាងថា មាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​ដោយ​អាវុធ​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​ក្នុង​តំបន់ បា​ហារី​យ៉ា (Bahariya) នៅលើ​វាល​ខ្សាច់​ភាគ​ខាងលិច​ប្រទេស បណ្តាល​ឲ្យ​កងកម្លាំង​យោធា និង​ប៉ូលិស​អេ​ហ្ស៊ី​ប​យ៉ាងតិច​៣៥​នាក់​បាត់​បង់ជីវិត​។ នេះ​បើតាម ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​
​ហេតុការណ៍​នេះដែរ ក្រុម​ឧទ្ទាម​ជ្រុលនិយម​មួយក្រុម​មានឈ្មោះ​ថា ហាស​ម៍ (Hasm) បាន​ចេញមុខ​អះអាងថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ និង​បាន​និយាយថា មន្ត្រី​សន្តិសុខ​អេ​ហ្ស៊ី​ប​យ៉ាងហោចណាស់ ២៨​នាក់​បាន​ស្លាប់ និង​៣២​នាក់ ផ្សេងទៀត​បានទទួលរ​ងរ​បួស​។​
​ជាមួយគ្នានេះ​ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ក្រុម​ភេរ​វករ​មួយចំនួន​ក៏បាន​ស្លាប់​ផងដែរ តែ​មិនបាន​ផ្តល់​តួលេខ​ជាក់លាក់​អំពី​ជនរងគ្រោះ ឬមួយ​ក៏​ព័ត៌មាន​លម្អិត​បន្ថែម​នោះឡើយ​។
​សូមបញ្ជាក់ថា ចាប់​តាំងតែ​ពី​កង​កម្លាំងយោធា​អេ​ហ្ស៊ី​ប បាន​ទម្លាក់​អតីត​ប្រធានាធិបតី លោក មូ​ហាម​ម៉ា​ដ មឺ​ស៊ី (Muhammad Mursi) ដែលមាន​ប្រភព​មកពី​ក្រុម Muslim Brotherhood មក ក្រុម​សកម្មប្រយុទ្ធ​បាន​បង្កើន​សកម្មភាព​វាយប្រហារ​របស់​ពួកគេ ជា​បន្តបន្ទាប់​ទៅលើ​កងទ័ព​ក៏ដូចជា​ប៉ូលិស​អេ​ហ្ស៊ី​ប​៕

​

មេឃុំ​ប​ល្ល័​ង្គ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​ការ​តាម​ចាប់ខ្លួន​

​ខេត្តកំពង់ធំ ៖ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សមត្ថកិច្ច​បាននិងកំពុង​តាម​ចាប់ខ្លួន មេឃុំ​ប​ល្ល័​ង្គ​ម្នាក់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ខណៈដែល​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​មេភូមិ​ត្រស់ ម្នាក់​រួចហើយ ពាក់ព័ន្ធ​ការឃុបឃិត​ស៊ី​ញ៉េ​យល់ព្រម​លក់​ផ្ទះ និង​ដី​មួយកន្លែង ដែល​តុលាការ​ហាមឃាត់ ស្ថិតនៅ​ភូមិ​តា​ឌុ​ក ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ។​
​ព្រះរាជអាជ្ញា​បញ្ជាក់ថា ពួកគេ​ទាំង​២​នាក់ ត្រូវ​ចោទប្រកាន់ ពីបទ​ផ្សំគំនិត​បង្វែរ​វត្ថុ​រឹបអូស ប្រព្រឹត្តទៅ​នៅ​ភូមិ​តា​ឌុ​ក ពោល​មេភូមិ​ត្រស់​រូបនេះ បាន​ទៅ​រត់ការ​លក់​ដី និង​ផ្ទះមួយ​កន្លែង ឲ្យ​ស្ដ្រី​ឈ្មោះ ជា ស៊ីវ​ណៃ ដែល​ដី និង​ផ្ទះ​នោះ​ត្រូវបាន​តុលាការ​ដាក់​ហាមឃាត់​លក់ និង​ផ្ទេរ​។​
​យ៉ាងណាក៏ដោយ តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មេឃុំ​ប​ល្ល័​ង្គ ដែល​ជាប់​ពាក់ព័ន្ធ​បានគេច​ខ្លួន បន្ទាប់ពី​ដឹងខ្លួន​ថា ស៊ី​ញ៉េ​យល់​ព្រមទាំង​ខុសច្បាប់ ក្នុងករណីនេះ ។​
​គួរ​បញ្ជាក់ថា ប្រធានភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ លោក អ៊ុន ហេង អាយុ​៥៦​ឆ្នាំ និង​ស្ដ្រី​ម្នាក់​ឈ្មោះ ជា ស៊ីវ​ណៃ អាយុ​៤២​ឆ្នាំ ត្រូវបាន​តុលាការខេត្ត​កំពង់ធំ ចេញ​ដីកា​សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ជាប​ណ្ណោះ​អាសន្ន ដោយសារតែ​ពួកគេ​ទាំង​២​នាក់ បាន​ឃុបឃិត​រត់ការ​លួច​លក់​ដី និង​ផ្ទះមួយ​កន្លែង ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់ មិន​ឲ្យ​មានការ​លក់ ឬ​ផ្ទេរ​នោះឡើយ ៕

​