All posts by មេគង្គ ប៉ុស្តិ៍

ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​មនុស្ស​៨​នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ផែនការ​ភេរវកម្ម

​ម៉ាឡេស៊ី ៖ មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​ដោយ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ថ្មីៗ​នេះ​ពីព្រោះ​គេ​មាន​ភស្តុតាង​មួយចំនួន​បង្ហាញថា សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​បង្ក​ការព្រួយបារម្ភ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​ប្រជាពលរដ្ឋ​ពហុ​ជាតិ​សាសន៍​និង​ពហុ​សាសនា​។​
​ឧបនាយករដ្ឋមន្ត្រី​លោក អះ​ម៉ា​ដ ហ្សា​ហ៊ី​ដ ហា​មី​ឌី បាន​និយាយថា គោលបំណង​សំខាន់​របស់​ក្រុម​ជ្រុលនិយម​នេះ​គឺ​ចង់បង្ហាញ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​ថា ប្រទេស​ម៉ាឡេស៊ី​មិនមាន​សិទ្ធិសេរីភាព​ផ្នែក​សាសនា​នោះទេ​។ លោក​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ក្រុម​ជនសង្ស័យ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមប្រឆាំង​ភេរវកម្ម​ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការវាយប្រហារ​ភេរវកម្ម​នៅ​ប្រទេស​នេះ​។​
​គួរ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២៧​ខែកញ្ញា​ដល់​ថ្ងៃទី​៦​ខែតុលា មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅតាម​តំបន់​មួយចំនួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​សង្ស័យថា រៀបចំ​សកម្មភាព​ភេរវកម្ម កេណ្ឌ​អ្នកទោស​ឲ្យ​ចូលរួម​ក្រុម​ភេរ​វករ និង​ផែនការ​វាយប្រហារ​លំនៅ​ឋាន​ពលរដ្ឋ​គោរព​សាសនា​អ៊ីស្លាម គ្រឹ​ស្ត​សាសនា និង​សាសនា​ហិណ្ឌូ​ដើម្បី​បង្កើត​ជម្លោះ​នៅ​ប្រទេស​នេះ​៕

មនុស្ស​៥​នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន​

​ប៉ា​គី​ស្ថាន ៖ មន្ត្រី​មូលដ្ឋាន​បាន​និយាយថា ក្រុម​ខ្មាន់កាំភ្លើង​បានសម្លាប់​ពលរដ្ឋ​មូស្លីម​និកាយ​សៀ (Shia) ចំនួន​៥​នាក់​មកពី​សហគមន៍​ជនភាគតិច​ហា​ហ្សា​រ៉ា (Hazara) នៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​
​ការវាយប្រហារ​នេះ​បានកើត​ឡើង​នៅ​ខេត្ត​បា​ឡូ​គី​ស្ថាន​ជាទី​ដែល​ជនជាតិភាគតិច​ហា​ហ្សា​រ៉ា​ជិត​កន្លះ​លាន​នាក់​បាន​តាំងទី​លំនៅ​នៅ​ទីនោះ​តាំងពី​ពួកគេ​បាន​រត់គេច​ពី​អំពើហិង្សា​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលជា​ស្រុកកំណើត​របស់ខ្លួន​កាលពី​៤​ទសវត្សរ៍​មុន​។​
​មន្ត្រីប៉ូលិស​ម្នាក់​បាន​និយាយថា ក្រុម​អ្នក​វាយប្រហារ​បាន​បើក​ការបាញ់ប្រហារ​ពីលើ​ម៉ូតូ​មួយគ្រឿង​ក្រោយពី​បាន​សុំ​ឲ្យ​រថយន្ត​មួយគ្រឿង​ឈប់​នៅតាម​ផ្លូវ​រួចហើយ​។ មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា ក្រុម​អ្នក​វាយប្រហារ​បាន​បាញ់សម្លាប់​បុរស​ចំនួន​៥​នាក់​ដែល​កំពុងធ្វើដំណើរ​ទៅ​លក់ដូរ​បន្លែ​នៅ​ផ្សារ​មួយកន្លែង​បន្ទាប់មក​ក្រុម​ខ្មាន់កាំភ្លើង​បាន​រត់គេចខ្លួន ហើយ​មកដល់ពេលនេះ​មិនទាន់មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការបាញ់ប្រហារ​នេះ​នៅឡើយ​ទេ​៕


​

ករណី​ចាប់រំលោភ​សម្លាប់​ក្មេងស្រី​បោះ​សព​ចោល​ក្នុង​ទន្លេ​នៅ​កោះដាច់ តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​១៥​ឆ្នាំ​

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​រំលោភ និង​សម្លាប់​ក្មេងស្រី​អាយុ​១០​ឆ្នាំ រួច​បោះ​សព​ចោល​ក្នុង​ទឹកទន្លេ​នៅ​កោះដាច់ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណង​ជា​ប្រាក់​ទៅ​គ្រួសារ​ជនរងគ្រោះ​ចំនួន​៨០​លាន​រៀល ក្រោម​បទ​ចោទ «​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ​» ។​ ការប្រកាសសាលក្រមនេះធ្វើឡើងកាលពីម្សិលមិញ។
​ជនជាប់ចោទ​ឈ្មោះ ហ៊​ន សុខ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១០ នៅ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន​កោះដាច់​។ មុនពេល​ត្រូវ​ចាប់ខ្លួន រស់នៅ​ភូមិ​រនៈ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​។ ដោយឡែក ជនរងគ្រោះ​មានឈ្មោះ ឌ​.​ត អាយុ​១០​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣​ខ នៃ​សាលាបឋមសិក្សា​សម្តេចឪ រស់នៅ​ជាមួយ​ឪពុកម្តាយ​ភូមិ​កោះដាច់ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា​។
​សូម​រម្លឹកថា កាលពី​ល្ងាច​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៧ ខណៈដែល​ជនរងគ្រោះ​ដើរ​មកពី​សាលារៀន សំដៅ​ទៅផ្ទះ​ម្នាក់ឯង លុះដល់​ចំណុចកើតហេតុ​ខាងលើ ជនជាប់ចោទ​បាន​ហៅ​ជនរងគ្រោះ មក​ជិះ​ម៉ូតូ​ជាមួយ រួច​ឌុប​ជនរងគ្រោះ ទៅ​ច្រាំងទន្លេ​ជា​កន្លែង​ស្ងាត់ ហើយ​សុំ​ជនរងគ្រោះ​រួមភេទ ប៉ុន្ដែ​ជនរងគ្រោះ​មិន​ព្រម ពេលនោះ ជនជាប់ចោទ​បាន​ចាប់​ក្រៀក​ឱប​ជនរងគ្រោះ​ផ្ដួល​ទៅលើ​ដី តែ​ជនរងគ្រោះ​បាន​រើ​បំរាស់​រួច ក៏​រត់​ចេញពី​ជនជាប់ចោទ​។ ដោយ​ខ្លាច​ជនរងគ្រោះ​និយាយប្រាប់​ឪពុកម្ដាយ ទើប​ជនជាប់ចោទ​បាន​ដេញតាម​ចាប់​ជនរងគ្រោះ​បាន រួច​ចាប់​ច្របាច់ក និង​អូស​ទៅ​ច្រមុជ​ទឹក​សម្លាប់ចោល​ក្នុង​ទន្លេ​តែម្តង​។ ចំណែក​សព​ក្មេងស្រី​រងគ្រោះ​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះ អ​ណ្តែ​ក​ក្នុង​ទន្លេ នៅ​ចំណុច​ភូមិ​ចុះ​កោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វា កាលពី​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​៕

​

ត្រឹមតែ​០៤​ថ្ងៃ​ពលរដ្ឋ​ស៊ី​រី​២៥០​នាក់​ស្លាប់ ក្រោមការវាយប្រហា​រដឹក​នាំ​ដោយ​អាមេរិក​

​ដា​ម៉ាស ៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) បាន​អះអាងថា ការវាយប្រហារ​តាមផ្លូវ​អាកាស​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅក្នុង​ទីក្រុង​រ៉ា​កា (Raqqa) របស់​ប្រទេស​ស៊ី​រី​ក្នុងអំឡុងពេល ០៤​ថ្ងៃ​កន្លងទៅនេះ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​យ៉ាងតិច​២៥០​នាក់ ស្លាប និង​ជាច្រើន​នាក់​រងរបួស ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) ដែលមាន​មូលដ្ឋាន​នៅក្នុង​ចក្រភព​អង់គ្លេស​បាន​អះអាង​ទៀតថា ប្រតិបត្តិការ​តាមផ្លូវ​អាកាស​ធ្វើឡើង​ដោយ​ក្រុមចម្រុះ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក បាន​ផ្តាច់​យកអាយុ​ជីវិត​ប្រជាជន​ស៊ីវិល​ស្លូតត្រង់ យ៉ាងហោចណាស់​ចំនួន​១,១១៧​នាក់ ដោយ​ក្នុងនោះ​រួមមាន​កុមារ​២៦៧​នាក់ និង​ស្ត្រី​១៦៤​នាក់ បើ​គិត​ចាប់​តាំងតែ​ពី​ខែមិថុនា ឆ្នាំ​២០១៧​។ SOHR បាន​ឲ្យ​ដឹងថា ៨៥​ភាគរយ នៃ​ទីក្រុង Raqqa ត្រូវបាន​វាយ​រំដោះ​ចេញពី​ការគ្រប់គ្រង​របស់​ក្រុម​សកម្មប្រយុទ្ធ ISIS ហើយ​៕

​

ភ្លៀង​នឹង​បន្ត​ធ្លាក់​ចាប់ពី​ថ្ងៃទី​១៣ រហូតដល់​ថ្ងៃទី​២២ ខែតុលា​

​រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ទទួលរង​នូវ​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​ភាគ​ខាងជើង ចាប់ពី​ថ្ងៃទី​១១ ខែតុលា ដែល​ធ្វើឱ្យមាន​ភ្លៀង​ធ្លា​ក់នៅ​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃទី​១៣ ដល់​២២ ខែតុលា ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ តាម​ការព្យាករណ៍​ខាងលើ​បញ្ជាក់ថា នេះ​រាជធានី និង​ខេត្ត​ជាច្រើន​របស់​កម្ពុជា អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​។ ចំណែក​ទឹកទន្លេ​ក៏​នឹង​ហក់​ឡើងជា​ថ្មី​ផងដែរ​៕

​

ការចូល​ទស្សនា​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ឈប់​យកលុយ​ថ្លៃ​សំបុត្រ​ទៀតហើយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧​នេះ បានប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន សុខាអូតែល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» និង​រមណីយដ្ឋាន​បូកគោ ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង ០០៖០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧​តទៅ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​តាមរយៈ Facebook ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល មាន​សេចក្តី​រីករាយ សូម​ជម្រាបជូន​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា ក្រុមហ៊ុន សុខា អូ​តែ​ល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» និង​រមនីយដ្ឋាន​បូកគោ ដែល​នឹង​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង ០០:០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ តទៅ​។​
​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​នេះ នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ជនរួមជាតិ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​បាន​ឡើងទៅ​ទស្សនា​កម្សាន្ដ​នៅលើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ ជាពិសេស​បាន​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​និង​សែន​មនោ​រម្យ និង​ស្វែងយល់​អំពី​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដ៏​មានតម្លៃ ដែលមាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​។ បងប្អូន​ជនរួមជាតិ នឹងមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឡើងទៅ​កាន់​តំបន់​រមណីយដ្ឋាន​បូ​គោ ដើម្បី​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌ និង​សាសនា ក៏ដូចជា​ការគោរព​ប្រតិបត្តិ​ពិធី​ប្រពៃណី​សាសនា​នៅលើ​តំបន់​ប្រវត្តិសាស្ដ្រ​នេះ​។ លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹមថា ដំណោះស្រាយ​នេះ ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូ​គោ​» ក៏ដូចជា​នៅ​របៀង​ទេសចរណ៍​ភាគខាងត្បូង ជាពិសេស​តំបន់ឆ្នេរ មានការ​កើនឡើង​បន្ថែមទៀត សំដៅ​រួមចំណែក​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​»៕

​

លោក សុខ ឥសាន ជំរុញ​ឲ្យ​លោក គឹម សុខ បង្អត់អាហារ​​រហូត​ទៅ​

​រាជធានី​ភ្នំពេញ ៖ លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ កាលពី​ថ្ងៃទី​៦ ខែតុលា​នេះ បាន​សរសេរ​សំបុត្រ​មួយច្បាប់ ដោយ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ ការទាមទារ​របស់លោក គឹម សុខ នោះ​គឺ​វិធានការ​បង្អត់ អាហារ ( មិន​ហូបបាយ ) និង​សាច់ ឬ​ម្ហូបអាហារ​មាន​សាច់ នោះទេ​។ ប៉ុន្តែ​លោក​ហូប​ទឹក​បបរស​ជាមួយ​អំបិល និង​បន្លែ​ស្រុះទឹកក្ដៅ​ជំនួស​វិញ​។ បើតាម​លោក គឹម សុខ កូដកម្ម​នេះ​ឈប់​ទៅបាន លុះ​ណា​មានការ​ដោះលែង​លោក កឹម សុខា មាន​សេរីភាព និង​មានឱកាស​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ឡើងវិញ​។​
​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​បែប​ចំអក​ទៅ​លោក គឹម សុខ វិញ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម តេ​ឡេ​ក្រាម ដោយ​ពន្យុះ​ឲ្យ​លោក គឹម សុខ បន្ត​បង្អត់អាហារ​ខ្លួនឯង​រហូត​ទៅ មិនបាច់​ផ្អាក​ទេ ហើយ​បើ​បង្អត់​បបរ​ទៀត​ក៏​ជាការ​កាន់តែ​ប្រសើរ​។​
​លោក​សុខ ឥ​សាន្ត បាន​លើកឡើងថា គឹម សុខ បាន​ប្រើ​មធ្យោបាយ​បង្អត់បាយ ដើម្បី​ដាក់​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល​និង​តុលាការ​ឲ្យ​ដោះលែង​ការចោទប្រកាន់ កឹម សុខា ពី​ទោស​ក្បត់ជាតិ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ បើ កឹម សុខា​មិន​ត្រូវបាន​ដោះលែង​ទេ គឹម សុខ នៅតែ​បង្អត់បាយ​ខ្លួនឯង​ដដែល​តរៀង​ទៅ ។​
​យ៉ាងណាក៏ដោយ អ្នកជំនាញ​សុខាភិបាល​បាន​លើកឡើងថា ការធ្វើ​ដូច​លោក គឹម សុខ មិន​ហៅថា បង្អត់អាហារ​នោះទេ ព្រោះ​បើ​ហុត​ទឹក​បបរ ហូប​បន្លែ ផ្លែឈើ​វា​កាន់តែ​ធ្វើ​ឲ្យ​មនុ​ស្សមាន​សុខ​ភាពល្អ​ទៅវិញ​ទេ ៕

​

ចាប់ពី​ឆ្នាំ​២០១៨ ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល នគរបាល កងទ័ព នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​សម្រាប់​ការឆ្លង​ទន្លេ​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​ជា​សាធារណ​កាលពី​ព្រឹក​មិញ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពី​ឆ្នាំ​២០១៨​តទៅ ស្ត្រី​ជា​មន្ត្រីរាជការ​ស៊ីវិល នគរបាល និង​កងទ័ព នឹង​ទទួលបាន ប្រាក់​៨០​ម៉ឺន​រៀល សម្រាប់​ការឆ្លង​ទន្លេ សម្រាប់​កូន​មួយ ។ ចំណែក​ស្ត្រី​សម្រាល​បានកូន​ភ្លោះ​២​ទទួលបាន​ប្រាក់​១,៦០​លាន​រៀល , កូនភ្លោះ​បី​ទទួលបាន​ប្រាក់ ២,៤​លាន​រៀល ។​
​សម្តេច​បាន​បន្ថែមថា បច្ចុប្បន្ន​ស្ត្រី​ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ ស៊ីវិល នគរបាល និង​កងទ័ព មាន​សរុប​ប្រមាណ​៩​ម៉ឺន​នាក់​។ តែ​ក្នុងនោះ​ស្ត្រី​មាន លទ្ធភាព​មានកូន​មាន​ប្រមាណ​តែ ១០,៨៤៤​នាក់ ដែល​ក្នុងនោះ​មន្ត្រីរាជការ​ស៊ីវិល មាន ១០,៣៦០​នាក់ នគរបាល​មាន​ចំនួន ១៩៤ និង​កងទ័ព​មាន​ចំនួន ២៥០​នាក់​។​
​សម្តេច ហ៊ុន សែន បាន​ថ្លែង​អះអាងថា ចាប់ពី​ឆ្នាំ​២០១៨​តទៅ ការឧបត្ថម្ភ​សម្រាប់​ស្ត្រី​ឆ្លង ទន្លេ​ផ្នែក​កម្មករ និយោជិត​ត្រូវ​ចំណាយ​ប្រមាណ ១០​លាន​ដុល្លារ និង​សម្រាប់​ស្ត្រី​ជា​មន្ត្រីរាជការ ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​មាន​ប្រមាណ​២​លាន​ដុល្លារ ៕

​

តុលាការ​កំពូល​តម្កល់​ទោស​អតីត​ឧត្ដមសេនីយ៍ ឈឿន ចាន់ថន អោយ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​ដដែល​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៧​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​បានប្រកាស​សា​ដីកា​សម្រេច​តម្កល់​ទោស​អតីត​ឧត្ដមសេនីយ៍ឯក​យោធា ឈឿន ចាន់ថន អាយុ​៤១​ឆ្នាំ ដាក់ពន្ធនាគារ​១៥​ឆ្នាំ​ដដែល​ក្រោម​ការចោទប្រកាន់​ពីបទ​”​រំលោភ​លើ​ទំនុកចិត្ត , បំផ្លិចបំផ្លាញ​ដោយ​ចេតនា , គៃបំបាត់​ដោយ​ទុច្ចរិត , លក់ដូរ​និង​ចែកចាយ​អាវុធ , បំផ្លិចបំផ្លាញ​នូវ​សម្ភារៈ​យោធា​សម្រាប់​បម្រើការ​ប្រយុទ្ធ​និង​ខ្វះ​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព​”​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០០៧ តាម​មាត្រា​៦០១ មាត្រា​៤៤៧ មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​២០​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​និង​គ្រាប់រំសេវ និង មាត្រា​៩​នៃ​ក្រឹត្យច្បាប់​លេខ​០៤​ឆ្នាំ​១៩៨១ ។​
​កាលពី​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៧​តុលាការ​កំពូល បាន​បើកសវនាការ​ជំនុំជម្រះ ទោស​អតីត​ឧត្ដមសេនីយ៍ឯក​យោធា ឈឿន ចាន់ថន នាពេល​សវនាការ​ជនជាប់ចោទ​បាន​ឆ្លើយ​បដិសេធថា ខ្លួន​មិនបាន​ប្រព្រឹត្ត​អ្វី​ដូច​តុលាការយោធា​ចោទប្រកាន់​នោះទេ ហើយ​សូម​ស្នើ​ឲ្យ​តុលាការ​កំពូល​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​គួរ​បញ្ជាក់ថា អតីត​ឧ​ត្ត​ម​សេនីយ៍​ឯក​ឈឿន ចាន់ថន ហៅ​ម៉ៅ មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១១ រួមជាមួយ​អង្គរក្ស​៣​នាក់​ផ្សេងទៀត​នៅក្នុង​ភូមិគ្រឹះ​តម្លៃ​ជិត​១​លាន​ដុល្លារ លេខ​៦៥ ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។​
ការចាប់ខ្លួន​គួរឱ្យភ្ញាក់ផ្អើល​នេះ គឺ​បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ដកហូត​ឋានន្តរស័ក្តិ និង​តួនាទី​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១១​មានន័យថា ការចាប់ខ្លួន​នេះ​ធ្វើ​បន្ទាន់​តែម្តង​។ ជាមួយគ្នានេះ ក៏មាន​អនុក្រឹត្យ​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​យឹម លាង ឱ្យទទួល​តំណែង​ជា​មេបញ្ជាការ​កង​អង្គរក្ស​ជំនួស​វិញ​៕

​
​

កោះ Alaska របស់​អាមេរិក​រង​ការវាយប្រហារ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦.៦​រ៉ិ​ច​ទ័​រ

​វ៉ាស៊ីនតោន ៖ សារព័ត៌មាន Channel News Asia ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​កំរិត ៦.៦​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​មកលើ​តំបន់ឆ្នេរ​ភាគ​ខាងលិច​នៃ​រដ្ឋ អា​ឡា​ស្កា (Alaska) ដែល​ស្ថិតនៅ​ភាគ​ពាយ័ព្យ​សហរដ្ឋអាមេរិក​។​
​វិទ្យាស្ថាន​ស្ទាបស្ទង់​ភូមិសាស្ត្រ​អាមេរិក (USGS) រញ្ជួយ​ដី​មាន​ជំរៅ​ញ័រ​រញ្ជួយ​១១១.៨​គីឡូម៉ែត្រ ពី​ក្នុង​ស្រទាប់ដី និង​មាន​ចំងាយ ៦០​គីឡូម៉ែត្រ ពី​កោះ​បាល់​ដឺ (Buldir) នៃ​ទីប្រជុំ​កោះ អា​លឿ​ធាន (Aleutian) ដែលមាន​ប្រជាជន ៨,០០០​នាក់ កំពុង​រស់នៅ​។ ប៉ុន្តែ​ភ្លាមៗ​បែបនេះ មិនទាន់មាន​សេចក្ដីរាយការណ៍​ពី​ការខូចខាត ឬ​ជនរងគ្រោះ និង​មិនមាន​សេចក្ដី​ព្រមាន​ណាមួយ​ថា អាច​កើតមាន​រលក​យក្ស​ស៊ូណាមិ​ឡើយ​៕

​

សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​ភាគ​ខាងកើត និង​ពាយព្យ​នៃ​ប្រទេស​ចិន​

​ប៉េកាំង ៖ ទីភ្នាក់ងារ​អង្កេត​ជាតិ​បាន​និយាយ​ពីថ្ងៃ​អាទិត្យ​ថា អាកាសធាតុ​ត្រជាក់​បានចាប់ផ្ដើម​វាយប្រហារ​ផ្នែក​ភាគច្រើន​នៅ​ភាគ​ខាងជើង និង​ពាយព្យ​នៃ​ប្រទេស​ចិន​ដោយ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ផងដែរ​។​
​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​និយាយថា តំបន់​មួយចំនួន​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ដូចជា​ខេត្ត​ស៊ីន​ជាំ​ង ខេត្ត​សាន​ស៊ី និង​ហ្គា​ន​ស៊ូ​ព្រមទាំង​នៅ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លី​នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់​រហូតដល់​ជាង​១២​អង្សា​ចាប់ពី​ថ្ងៃអាទិត្យ​រហូតដល់​ថ្ងៃ​អង្គារ​។ ទីភ្នាក់ងារ​ឧតុនិយម​នេះ​បាន​បន្ថែមទៀតថា តំបន់​មួយចំនួន​រួមទាំង​ខេត្ត​ឆឹង​ហៃ (Qinghai) នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​នឹងមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ផងដែរ​។​
​ទីភ្នាក់ងារ​នេះ​បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃអាទិត្យ​ដល់​ថ្ងៃ​ពុធ​សីតុណ្ហភាព​ចុះ​ត្រជាក់​នឹង​បន្ត​រាលដាល​ទៅ​ភាគខាងត្បូង​ប្រទេស​ដោយ​ធ្វើ​ឲ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​តំបន់​ភាគច្រើន​ស្ថិតនៅ​ភាគ​កណ្ដាល​និង​ខាងកើត​នៃ​ប្រទេស​ចិន​ហើយ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ចរាចរណ៍​នៅ​ទីនោះ​៕

​

​ផ្ទុះ​ឆេះ​រថយន្ត​ដឹក​ប្រេង​ បង្កឲ្យមនុស្ស​១៣៩​នាក់​ស្លាប់ និង​របួស​

​ហ្គា​ណា ៖ មន្ត្រី​អាជ្ញាធរ​បាន​និយាយ​ពីថ្ងៃ​ម្សិលមិញ​នេះ​ថា រថយន្ត​ដឹក​ប្រេង​មួយគ្រឿង​បាន​ផ្ទុះ​ឆេះ​ស្ថានីយ​ប្រេង​មួយកន្លែង​បន្ទាប់មក​មានការ​ផ្ទុះ​មួយទៀត​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​៧​នាក់​ស្លាប់ និង​១៣២​នាក់​ទៀត​រងរបួស​នៅ​ជាយ​ទីក្រុង​អាក្រា នៅ​ប្រទេស​ហ្គា​ណា​។​
​អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​នៅ​ប្រទេស​ហ្គា​ណា​និយាយថា រថយន្ត​ដឹក​ប្រេង​នេះ​បាន​ផ្ទុះ​នៅ​ជិត​ស្ថានីយ​ប្រេង​ដែល​រង​ការឆាបឆេះ​ដោយសារ​ការផ្ទុះ​រថយន្ត​នេះ​។ អនុរដ្ឋមន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា អគ្គិភ័យ​ដោយសារ​ការផ្ទុះ​លើក​ទី​១​ត្រូវបាន​គ្រប់គ្រង​បាន​ហើយ ប៉ុន្តែ​សេវា​ពន្លត់​អគ្គិភ័យ​នៅ​កំពុង​ព្យាយាម​គ្រប់គ្រង​ការផ្ទុះ​ឆេះ​ជា​លើក​ទី​២​ទៀត​។​
​គួរ​បញ្ជាក់ថា ហ្គា​ណា​ដែលជា​ប្រទេស​ផលិត​ឧស្ម័ន និង​ប្រេង​មួយ​នោះបាន​ទទួលរង​គ្រោះថ្នាក់​មួយចំនួន​ក្នុងពេល​ថ្មីៗ​នេះ​រួមទាំង​ការផ្ទុះ​មួយ​បានកើត​ឡើង​នៅ​ឆ្នាំ​២០១៥​ដែល​បានសម្លាប់​ចំនួន​ប្រហែល​១០០​នាក់​ផងដែរ​៕

​

មន្ត្រី​ចិន​ជាង​១.៣៤​លាន​នាក់ ត្រូវ​តុលាការកាត់​ទោសទណ្ឌ​ពីបទ​ពុករលួយ​

​ប៉េកាំង ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សាយ​ថា គិត​ចាប់តាំងពី ឆ្នាំ​២០១៣​មក មន្ត្រី​ជាន់​ទាប​នៅក្នុង​ប្រទេស​ចិន ប្រហែលជា ១.៣៤​លាន​នាក់ ត្រូវ​បានដាក់​ទោសទណ្ឌ នៅក្រោម​ក្របខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើពុករលួយ​ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​។​
​គណៈកម្មការ​មជ្ឈិម​សម្រាប់​អធិការកិច្ច​វិន័យ (CCDI) បាន​និយាយថា អ្នក​ត្រូវ​ដាក់ទោស​សម្រាប់​អំពើពុករលួយ កាលពី​ឆ្នាំ​២០១៣ ក្នុងនោះ​រួមមាន​ទាំង​មន្ត្រី​ថ្នាក់ភូមិ ៦៤៨,០០០​នាក់ និង​បទឧក្រិដ្ឋ​ភាគច្រើន ដែល​ពួកគេ​បាន​ប្រព្រឹត្ត​គឺមាន ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​តូចតាច​។ ប៉ុន្តែ CCDI បញ្ជាក់ថា យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​មាន​គោលដៅ​ច្រើនតែ​ទៅលើ​មន្ត្រី​ថ្នាក់ភូមិ និង​ស្រុក ការតាមប្រមាញ់ ឬក៏​ការកំណត់​គោល​លើ​មន្ត្រីជាន់ខ្ពស់​បែរជា​ធ្លាក់ចុះ​ទៅវិញ​។
​ការលើកឡើង​ខាងលើ​របស់ CCDI ធ្វើឡើង​នៅមុន​ពេល​គណបក្ស​កុម្មុយនីស្ដ​ចិន នឹង​បើក​សមាជ​បក្ស​លើក​ទី​១៩ នៅ​ចុងខែ​តុលា​នេះ ដែលជា​ឱកាស​ឱ្យ​លោក ស៊ី ជី​ពីង ពង្រឹង​អំណាច និង​គោលនយោបាយ​របស់លោក ជាពិសេស​គឺ​យុទ្ធនាការ​ប្រឆាំងនឹង​អំពើពុករលួយ​នេះ​តែម្ដង​៕

​

ស្ត្រី​ម្នាក់​បាន​ស្លាប់​ពេល​​សម្រាលកូន​នៅ​មន្ទីរសម្ភព ម៉ា​នី ក្រុង​តាខ្មៅ​

​កណ្តាល ៖ ថ្មីៗ​នេះ គេ​សង្កេតឃើញ​មាន​ករណី​ស្ត្រី​មាន​ផ្ទៃពោះ​ស្លាប់​ជា​បន្តបន្ទាប់ ពេល​ចូលទៅ​សម្រាលកូន​នៅក្នុង​មន្ទីរសម្ភព​នានា ដែល​ករណីនេះ ត្រូវបាន​មហាជន​និយាយថា បណ្តាលមកពី​ការធ្វេសប្រហែស របស់​ក្រុមគ្រូពេទ្យ ពិសេស​គ្មាន​វិជ្ជាជីវៈ​បច្ចេកទេស​ច្បាស់លាស់ ទើប​បណ្តាលឱ្យមាន​ករ​ណី​នេះ​កើតឡើង ។
​ជាក់ស្តែង កាលពី​វេលា​ម៉ោង ជាង​៧​យប់ ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ បាន​ទៅ​សម្រាលកូន​នៅឯ​មន្ទីរ «​សម្រាក​ព្យាបាល និង​សម្ភព ម៉ា​នី » ក្រុង​តាខ្មៅ ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​បាន​បែក​ទឹកភ្លោះ​ស្លាប់​ភ្លាមៗ​ចោល​កូន​ដែល​ទើបនឹង​កើត ។
​ស្ត្រី​រងគ្រោះ​មានឈ្មោះ រឿន ដា​នី ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធើ្វ​ធៀប​ការ​-​មាន​ស្រុកកំណើត​ភូមិ​កំពង់​ព្រឹង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​បើតាម​លោក ស កែវ​ពិសិដ្ឋ អធិការ​ក្រុង​តាខ្មៅ បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ស្ត្រី​ម្នាក់​ទៅ​សម្រាលកូន​នៅ​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ម៉ា​នី កាលពី​យប់​ថ្ងៃទី​៧ តុលា​នោះ គឺ​ពិតជា​បាន​ស្លាប់​នៅក្នុង​មន្ទីរ​សំរាក​ពិតមែន ដោយពេល​ភ្លាមៗ​នោះ លោក​ក៏​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​ទៅតាម​ជំនាញ​របស់​នគរបាល​យុ​ត្តិ​ធ​ម៍ ។​
​លោក​អធិការ​បាន​បញ្ជាក់ថា​៖ បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចមក ជនរងគ្រោះ​ស្លាប់ ដោយសារ​បែក​ទឹកភ្លោះ តែ​ចំពោះ​ករណីនេះ លោក​នៅ​មិនទាន់​អាចសន្និដ្ឋាន​បានទេ​ថា ជនរងគ្រោះ​ស្លាប់​ដោយ​អាការ​:​នេះ ឬ​ក៍​ស្លាប់​ដោយសារ​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ ដោយសារ​កិច្ចការ​នេះ ជា​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​។ ករណីនេះ​លោក​បាន​រាយការណ៍​ទៅ​ស្ថាប​ន័​តុលាការ​ហើយ ក្នុងនោះ​លោក​ក៏​កំពុង​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បន្ត​ផងដែរ​។​
​តាម​ការបំភ្លឺ​របស់​ម្តាយ​ជនរងគ្រោះ ឈោះ្ម​ឆាយ សោ​ភណ្ឌ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​មេផ្ទះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ជនរងគ្រោះ បាន​ប្រាប់​ម្តាយ​ថា ឈឺពោះ គាត់​ក៏បាន​រៀបចំ​ឥ​វ៉ាន់ ដើម្បី​មក​សម្រាលកូន នៅ​មន្ទីរពេទ្យ​សម្ព​ព ម៉ា​នី ពេលមកដល់​គ្រូពេទ្យ​ក៏បាន​យក​ជនរងគ្រោះ ចូលក្នុង​បន្ទប់ លោកគ្រូ​ពេទ្យ​ក៏បាន​ដាក់​សេរ៉ូម​ឲ្យ​ជនរងគ្រោះ បាន​ប្រហែល​មួយសន្ទុះ ជនរងគ្រោះ​ក៏បាន​ឈឺពោះ​បែក​ទឹកភ្លោះ ហើយ​គ្រូពេទ្យ​ក៏បាន​ចាប់ផ្តើម​យក​ជនរងគ្រោះ ឡើងលើ​គ្រែ​ដើម្បី​សម្រាលកូន ដោយ​ជនរងគ្រោះ​ខំប្រឹង​បង្កើតកូន​ចេញមក ក៏​សន្លប់​នៅពេលនោះ គ្រូពេទ្យ​ក៏​ជួយសង្គ្រោះ​ទារក​រួចហើយ ក៏​ជួយសង្គ្រោះ​ជនរងគ្រោះ ប៉ុន្តែ​ធ្លាក់ឈាម​ច្រើន ដោយ​ជនរងគ្រោះ​មាន​អារម្មណ៍​ថប់​ទ្រូង គ្រូពេទ្យ​ក៏បាន​ជួយសង្គ្រោះ​សង្កត់​ទ្រូង ប៉ុន្តែ​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​ជនរងគ្រោះ​បាន ក៏​ដាច់ខ្យល់​ស្លាប់បាត់​តែម្តង​។​
​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អ្នកយកព័ត៌មាន បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​ប្រធាន​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព ម៉ា​នី នេះដែរ ប៉ុន្តែ​មិនអាច​ទំនាក់ទំនង​បានទេ កាលពី​ព្រឹក​ថ្ងៃទី​៨ តុលា ឆ្នាំ​២០១៧ នេះ​​។

​សូម​រំលឹកថា​៖ មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព នៅ​ក្រុង​តាខ្មៅ គឺ​កើតមាន​ករណី ស្ត្រី​សម្រាលកូន​ស្លាប់​ញឹកញាប់​ណាស់ ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ ក្រសួងសុខាភិបាល និង​ស្ថាប​ន័​ពាក់​ព​ន្ធ័​មេត្តា​ពិនិត្យ និង​ជួយ​ចាត់វិធានការ​ទៅលើ​គ្រូពេទ្យ ដែល​គ្មាន​ជំនាញ​ច្បាស់លាស់​ផង ។ ពួកគាត់​កំពុង​រង់ចាំ​មើលថា តើ​ស្ថាប័ន័តុលាការ នឹងមាន​វិធានការ​បែបណា​ទៅលើ​ករណីនេះ ៕

​

អាមេរិក និង​សហភាព​អឺរ៉ុប ចាត់ទុក​បញ្ហា​បច្ចេកទេស មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​

​អ្នក​នាំពា​ក្ស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក និង​សហគម​អឺរ៉ុប ដែលជា​ប្រទេស​បញ្ជា​ទិញ​ទំនិញ​ដ៏​ធំ​ពី​កម្ពុជា​បានចាត់ទុក​បញ្ហា បច្ចេកទេស​ជា​រឿង​បច្ចេកទេស​នយោបាយ​ជា​រឿង​នយោបាយ មិន​ពាក់ព័ន្ធ​ជាមួយគ្នា​នោះទេ ។​
​អ្នកនាំពាក្យ​រូបនេះ បានអោយដឹង​យ៉ាង​ដូច្នេះ​បន្ទាប់ពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានទទួល​ជួប​ជាមួយ​ឯកឧត្តម William A. Heidt ឯកអគ្គ​រដ្ឋ ទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​ឯកឧត្តម​George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ព្រម​គ្នា​តែម្តង ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ កាលពី​រសៀល ថ្ងៃទី​៦ ខែ តុលា ឆ្នាំ​២០១៧ នេះ​។​
​ក្នុងការ​ជួបពិភាក្សា​នេះ​ឯកអគ្គរដ្ឋទូត​ទាំង​២​រូប បាន​សាទរ​ចំពោះ​កម្ពុជា ដែល​ទើប​សម្រេច បាន​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៨​ចំនួន​១៧០​ដុល្លារ​អាមេរិក ប្រកបដោយ​រលូន និង​កុង​សង់ ស៊ី​ស​គ្នា ពី​គ្រប់ភាគី​នាពេល​ថ្មីៗ​នេះ​។​ឯកអគ្គរដ្ឋទូត​ទាំង​២ ក៏បាន​លើកទឹកចិត្ត​ឱ្យ​កម្ពុជា បន្ត​ប្រកាន់ ភ្ជាប់​នូវ​យន្តការ​ត្រីភាគី ការសន្ទនា​សង្គម ការគោរព​លក្ខខណ្ឌ​ការងារ ការគោរព​សិទ្ធិសេរីភាព អង្គការ​វិជ្ជាជីវៈ និង​ការដោះស្រាយ​បញ្ហា​ទំនាក់ទំនង​វិជ្ជាជីវៈ និង​វិវាទ​ការងារ​ឱ្យបាន​លឿន និង​មាន តម្លាភាព​។
​ឯកអគ្គរដ្ឋទូត​ទាំងពីរ​បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប​នឹងមិន​ភ្ជាប់​កិច្ចខិតខំ ប្រឹងប្រែង​របស់​កម្ពុជា ក្នុង​ការគោរព​លក្ខខណ្ឌ​ការងារ ទៅនឹង​ភាព​តានតឹង​ផ្នែក​ផ្សេង​ទៀតឡើយ​។ សហរដ្ឋអាមេរិក និង​សហភាព​អ៊ឺរ៉ុប​នឹង​បន្ត​បើក​ទីផ្សារ​របស់ខ្លួន​ដល់​កម្ពុជា និង​បង្កើន​ការបញ្ជា ទិញ ទំនិញ​ពី​កម្ពុជា​។
​ជាការ​ឆ្លើយតប លោក អ៊ិត សំហេង បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ទាំង​២ ដែល​បាន រួម ចំណែក​ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​ការងារ​នៅ​កម្ពុជា ព្រមទាំង​ធានាថា​កម្ពុជា​នឹង​បន្ត គោល នយោបាយ​ផ្សារភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ ដោយ​បន្ត​សហការ​ជាមួយ គម្រោង រោង ចក្រ​កាន់តែ​ប្រសើរ ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO-BFC) អង្គការ GIZ និង​អង្គការ អន្តរ ជាតិ ផ្សេងទៀត ដែល​ចុះបញ្ជី​ការត្រឹមត្រូវ​តាមច្បាប់​នៅ​កម្ពុជា​៕

​