All posts by មេគង្គ ប៉ុស្តិ៍

ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់​អោយ​រងរបួស​ធ្ងន់​ក្រោយពី​ពួកគេ​ឆ្លងដែន​ចូលទៅ​លួច​មាន់​

​បាត់ដំបង ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ត្រូវបាន​ថៃ​បាញ់​អោយ​រងរបួស​ធ្ងន់​ក្រោយពី​ពួកគេ​ឆ្លងដែន​ចូលទៅ​ធ្វើ​សកម្មភាព​លួច​មាន់​ជល់​នៅក្នុង​ទឹកដី​ថៃ​។​
លោក អួន ខុន មេ​ប៉ុស្តិ៍នគរបាល​គីឡូ​៩ ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា ហេតុការណ៍​ពលរដ្ឋ​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់​អោយ​រងរបួស​ធ្ងន់​ខាង​លើ​នេះ​បាន​បង្ករ​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​រ៉ា​សុ​ភី ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាន ខេត្ត​ស្រះកែវ​។
ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង​២​នាក់​រួមមាន ៖ ទី​១​ឈ្មោះ រឿ​ម រឹម ហៅ​ងោ​ល​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​(​របួស​ត្រូវ​ជើង​)​។ ទី​២​ឈ្មោះ ស្រី ភក្តី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​(​របួស​ត្រូវ​ជើង​)​។​
​ជនរងគ្រោះ​ទាំង​២​នាក់​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ដេក​ដួល​នៅលើ​វាលស្មៅ​និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ក្រោយមក​ត្រូវបាន​ទាហាន​ថៃ​ដឹក​យកទៅ​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ​តែម្តង​។
លោក អួន ខុន មេ​ប៉ុស្តិ៍នគរបាល​គីឡូ​៩​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់​បាន​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ​ហើយ​បានធ្វើ​សកម្មភាព​លួច​យក​មាន់​ជល់​ហើយ​ត្រូវបាន​ពលរដ្ឋ​ថៃ​បាញ់​ដើម្បី​បង្អើល​មិនមែន​មានបំណង​បាញ់សម្លាប់​នោះទេ​តែ​បណ្តាលអោយ​ត្រូវ​ជើង​រងរបួស​កកិតៗ​ទាំង​២​នាក់​តែម្តង​។
បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ក្រុម​សាច់ញាតិ​ទៅ​ទទួលយក​ត្រឡប់មក​ព្យាបាល​បន្ត​នៅផ្ទះ​រៀងៗ​ខ្លួន​វិញ​ហើយ​៕

​

រដ្ឋសភា បើក​សម័យប្រជុំ​ពិនិត្យ​អនុម័ត​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៦

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភាជាតិ នៅ​ថ្ងៃទី​១២​ខែតុលា ឆ្នាំ​២០១៧ នេះ នឹង​បើក​សម័យប្រជុំ​ពេញអង្គ​លើក​ទី​៩ នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​៦ ក្រោម​អធិបតីភាព​សម្តេច មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។​
​ ​បើតាម​សេចក្តីជូនដំណឹង បាន​លើកឡើងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន រដ្ឋសភា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែតុលា ឆ្នាំ​២០១៧ កន្លងមកនេះ បានអនុម័ត​លើ​កាលបរិច្ឆេទ​បើក​សម័យប្រជុំ​សភាពេញអង្គ​លើក​ទី​៩ ដើម្បី​ពិនិត្យ​អនុម័ត​របៀបវារៈ​ចំនួន​៦ រួមមាន​៖
​ ​១ ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​។​
​ ​២ របាយការណ៍​ស្តីពី​សកម្មភាព​របស់រ​ដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៨ និង​លើក​ទី​៩​នីតិកាល​ទី​៥​។​
​ ​៣ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម​។​
​ ​៤ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​ទូលំទូលាយ និង​កិច្ច​ព្រម ព្រៀង​មួយចំនួនទៀត ក្រោម​កិច្ចព្រមព្រៀង​ក្របខណ្ឌ​នេះ រវាង​សមាគម​ប្រជាជាតិ​អាស៊ី អាគ្នេយ៍​(​ហៅ​កាត់​ថា អាស៊ាន​) និង​ប្រទេស​ចិន​។​
​ ​៥ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម ស្តីពី​ការទទួល បាន​សុពលភាព នៃ​ប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ប្រកាស នី​យ​ប​ត្រ តក្កកម្ម អឺរ៉ុប​។​
​ ​៦ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្ម​មាត្រា​៣៧ មាត្រា ៣៨ មាត្រា​១០៩ និង​មាត្រា​១៣៦ នៃ​ច្បាប់ ស្តីពី​ប្រកាសនីយបត្រ តក្កកម្ម អឺរ៉ុប ដែលមាន​ប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០០៣​។​
​ ​សូមបញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​អនុម័ត​សមាសភាព លេខាធិការ​សម្រាប់​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥ ចំនួន​បី​រូប​ផងដែរ រួមមាន​៖ លោកស្រី ពៅ សាវឿន លោក សត្យា វុ​ធ និង​លោក ឡុង រី​៕

​

បុរស​ជនជាតិ​វៀតណាម​ម្នាក់​ជិះទូក​បេះ​ត្រកួន​លង់ទឹក​ស្លាប់​

​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ជិះទូក​ចុះ​បេះ​ត្រកួន​ត្រូវបាន​លង់ទឹក​ស្លាប់ ដែល​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​ស្ថិតនៅ​ផ្លូវលំ​ខាងក្រោយ​សាលា​កសិកម្ម​ភូមិ​ខ្វា​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
​ប្រភពព័ត៌មាន​ពី​ប្រពន្ធ​ជនរងគ្រោះ​ខាងលើ​បានអោយដឹងថា​នៅវេលា​ម៉ោង​៣​ទៀបភ្លឺ​ប្តី​របស់គាត់​បាន​ជិះទូក​ចុះទៅ​បេះ​ត្រកួន​ក្នុង​បឹង​ក្រោយ​ផ្ទះ​តែម្នាក់ឯង​ដូច​សព្វដង​លុះ​ព្រឹក​ឡើង​មិនឃើញ​ត្រលប់មក​ផ្ទះ​វិញ​ហើយ​អ្នក​ដែល​ជិះទូក​ទៅ​បេះ​ត្រកួន​ដូចគ្នា​ឃើញតែ​ទូក​នឹង​ត្រកួន​ពុំ​ឃើញ​គាត់​ក៏មាន​ការ​ឆោឡោ​នាំគ្នា​ចេញ​ទូក​ជួយ​រាវ​ហើយ​ក៏បាន​ស្រង់​ជនរងគ្រោះ​ដាក់​លើ​ទូក​ត្រលប់មក​ផ្ទះ​របស់គាត់​វិញ​តែ​ជា​អកុសល​បុរស​ជនជាតិ​វៀតណាម​ខាងលើនេះ​បាន​ឈ្លក់ទឹក​ស្លាប់​បាត់បង់​ជិវិត​បាត់ទៅហើយ​។​
​សមត្ថកិច្ច​បានអោយដឹង​ថា​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ​លើ​ន​ទិ​ត​អាយុ​៤៨​ឆ្នាំ​មុខរបរ​ដាំ​ត្រកួន​និង​បេះ​ត្រកួន​ប្រពន្ធ​ឈ្មោះ​ងៀង​វ៉ា​អាយុ​៣៧​ឆ្នាំ បានមក​ស្នាក់នៅ​កម្ពុជា​រយះពេល​១០​ឆ្នាំ​មកហើយ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ណ៏​ជាមួយ​នគរបាល​ជំនាញ​បាន​ចុះមក​ដ​លើ​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​សាកសព​ក្រោយពី​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានអោយដឹង​ថាស​ពបុ​រស​ខាងលើនេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ឈ្លក់​ស្លាប់​ពិតប្រាកដ​មែនហើយ​សព​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

​

ក្រុមតំណាងរាស្ត្រ CNRP ប្រកាស​មិន​ចូលរួម​ប្រជុំ​សភា​​

​រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​នូវ​សេចក្តីប្រកាស ព័ត៌មាន​ខ្លី​មួយ​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ដោយ​បញ្ជាក់ថា ក្រុម​សមាជិកសភា​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ និតិ​កាល​ទី​៨ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែតុលា ឆ្នាំ​២០១៧​នោះទេ​៕

​

មនុស្ស​ស្លាប់​កើន​ដល់​១៥​នាក់ និង​១៥០​នាក់​បាត់​ខ្លួន​ក្នុងករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​អាមេរិក

​វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា មកទល់ពេលនេះ មនុស្ស​១៥​នាក់​ហើយ​បាន​បាត់​បង់ជីវិត និង​ច្រើនជាង​១៥០​នាក់ កំពុង​បាត់​ខ្លួន ខណៈដែល​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​បាន​រីក​រាលដាល​ពាសពេញ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ​រញ៉ ដែល​ស្ថិតនៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក​។
​អាជ្ញាធរ​អាមេរិក ករណី​មនុស្ស​ស្លាប់​ខាងលើ​បាន​កើតមានឡើង​នៅក្នុង​តំបន់ សូ​ណា​ម៉ា (Sonama) ០៩​នាក់​, តំបន់ ណា​ប៉ា (Napa) ០២​នាក់​, តំបន់ មិន​ដូ​ស៊ី​ណូ (Mendocino) ០៣​នាក់​, និង តំបន់ យូ​បាន (Yuba) ម្នាក់ ខណៈ​មនុស្ស​លើសពី​១៥០​នាក់​ផ្សេងទៀត បាននិងកំពុង​តែ​បន្ត​បាត់​ខ្លួន​នៅក្នុង​តំបន់ Sonoma​។ ជាមួយគ្នានេះ​មនុស្ស​ជាង​៣,០០០​នាក់ កំពុង​បន្ត​ស្ថិតក្នុង​ទីជម្រក​សុវត្ថិភាព​ដដែល ខណៈ​ភ្លើង​ឆេះ​ព្រៃ​ចំនួន ១៧​កន្លែង ដាច់ដោយឡែក​ពីគ្នា បាន​ឆាបឆេះ​នៅលើ​ផ្ទៃដី​ប្រមាណ ៤៦,៥០០​ហិកតា ទូទាំង​រដ្ឋកា​លី​ហ្វ​រ​ញ៉ា ហើយ​សំណង់​នានា រួមមាន​ទាំង ហាង​, មន្ទីរពេទ្យ​, និង​លំនៅឋាន​យ៉ាងតិច ២,០០០​ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​ផងដែរ​៕

​

សម្តេច ហ៊ុន សែន ក្រើនរម្លឹក​ឲ្យ​ស្វែងរក​មេខ្លោង​នាំ​ធ្វើបាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង​

​រាជធានី​ភ្នំពេញ ៖ ទន្ទឹមនឹង​ការកត់សម្គាល់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ បញ្ហា​បាតុកម្ម​-​កូដកម្ម នៅតាម​បណ្តា​រោងចក្រ​នានា​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក​នោះ សម្តេច ហ៊ុន សែន បាន​ថ្លែង នូវ​ការ​រម្លឹក​ឲ្យ​ស្វែងរក​មេខ្លោង​ដែល​នាំ​ធ្វើបាតុកម្ម​នៅ​ផ្លូវ​វេ​ង​ស្រេង ហើយ​ចាប់​ពួកគេ​យកមក​សួរចម្លើយ​ឲ្យ​បាន ដោយសារតែ​បាតុកម្ម​នេះ​ជា​រូបភាព​នៃបដិ​វត្ត​ន៍ព​ណ៌ ។​
​សម្តេច ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ​-​កម្មការិនី ជាង​១​ម៉ឺន​នាក់ នៅ​រោងចក្រ​តំបន់ ផ្លូវ​វេ​ង​ស្រេង​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ ។ សម្តេច​បាន​ហៅ​ការធ្លាក់ចុះ​បាតុកម្ម​យ៉ាងគំហុក​នោះ ដោយសារ​មាន​ការយក ចិត្ត​ទុកដាក់​ពី​ថៅកែ​រោងចក្រ និង​រដ្ឋបាល​រោងចក្រ ។ សម្តេច​ថា ទាំង​ថៅកែ និង​កម្មករ​ត្រូវ ចាត់ទុក​រោងចក្រ ជា​គ្រួសារ តែមួយ បើ​គ្មាន​ថៅកែ​ក៏​គ្មាន​កម្មករ បើ​គ្មាន​កម្មករ​ក៏​គ្មាន​ថៅកែ​ដែរ​។​
​យ៉ាងណាក៏ដោយ សម្តេច​បាន​ថ្លែង​នូវ​ការ​រំលឹក​ឲ្យ​រក​មេខ្លោង ដែល​បាន​បំផុស នូវ​បដិវត្តន៍ កាលពី​អំឡុង មហា​បាតុកម្ម នៅ​ចុងឆ្នាំ​២០១៣​និង​ដើមឆ្នាំ​២០១៤ ដែល​ធ្វើឡើង​នៅតាម បណ្តោយ ផ្លូវ​វ៉េងស្រេង ហើយ​ត្រូវ​ចាប់ខ្លួន​ពួក​អ្នកធ្វើ​បាតុកម្ម មក​សួរចំលើយ​ឲ្យ​បាន ៕

​

មេទ័ពអ៊ីរ៉ង់​ព្រមាន​ថា ​នឹង​ផ្តល់​មេរៀន​ថ្មី​ដល់​សហរដ្ឋអាមេរិក

​តេ​ហេ​រ៉ង់ ៖ ជា​ឆ្លើយតប​នឹង​ការគំរាមកំហែង​ប្រឆាំងនឹង ទីក្រុង​តេ​ហេ​រ៉ង់ អ្នកនាំពាក្យ​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់ លោក Masoud Jazayeri បាន​ព្រមាន​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ថា កងកម្លាំង​អ៊ីរ៉ង់​នឹង​ផ្ដល់​មេរៀន​ថ្មី​មួយ​ដល់​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
​លោក Masoud Jazayeri ដែលជា​មេញ្ជា​ការ​កងកម្លាំង ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ផង​នោះបាន​បញ្ជាក់​ដូច្នេះ​ថា «​មើលទៅ​វា​ហាក់ដូចជា​រដ្ឋបាល​ដូ​ណា​ល់ ត្រាំ ចេះតែ​ពាក្យសន្យា​នឹង​មាត់​តែប៉ុណ្ណោះ ដូច្នេះ​ពួកគេ​គួរតែ​ទទួលរង​វិបត្តិ​ខ្លះ​ដើម្បី​យល់​ពី អត្ថន័យ​នៃ​អំណាច​ថ្មី​នៅលើ​ពិភពលោក​…​ហើយ​វា​ដល់​ពេលដែល​យើង​ត្រូវ​បង្រៀន​ពី​មេរៀន​ថ្មី​ដល់​សហរដ្ឋអាមេរិក​»​។​
​ការ​ថ្លែង​បែបនេះ​របស់លោក Masoud Jazayeri ធ្វើឡើង​បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក នាំគ្នា​ចុះផ្សាយ​ថា​លោក ដូ​ណា​ល់ ត្រាំ ទំនងជា​អាច​នឹង​ប្រកាស​បោះបង់ចោល​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​នៅ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​តាម​អ្វីដែល​លោក​ធា្ល​ប់​បាន​សន្យា​នៅ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ឆ្នាំ​២០១៥​។
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​រំពឹងថា នឹងដាក់​បញ្ចូល​កងក​ម្លាំ​ង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ IRGC ទៅក្នុង​បញ្ជីខ្មៅ​នៃ​រដ្ឋ​គាំទ្រ​ភេរ​វករ​។ ក៏ប៉ុន្តែ គេ​ក៏​រំពឹង ដែរ​ថា​ទណ្ឌកម្ម​របស់​ទីក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ជះឥទ្ធិពល​ដល់​ជម្លោះ​នៅ​អ៊ីរ៉ាក់ និង​ស៊ី​រី ជាទី​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​តេ​ហេ​រ៉ង់ គាំទ្រ​ភាគី​ជម្លោះ​រៀងៗ​ខ្លួន ខណៈ​អ៊ីរ៉ង់​បាន​ព្រមាន​ថា នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​រួមមាន​ទាំង​កម្លាំងយោធា បើសិនជា​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​នេះ​មែន​នោះ​៕

​

​បង្ក្រាប​រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណីត​១​គ្រឿង​ដែលបម្រុងឆ្លងទៅវៀតណាម

​ខេត្តរតនគិរី ៖ រថយន្ត​បា​ឡែ​ន​១​គ្រឿង ដែល​បង្កប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​បម្រុង​ឆ្លងដែន​ចេញទៅ​ប្រទេស​វៀតណាម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​ត្រូវ​កម្លាំងយោធា​១០២ បង្ក្រាបបាន​នៅក្បែរ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។ ការបង្ក្រាប​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៦ និង​៣០​នាទី​ព្រលប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​
​តាម​សមត្ថកិច្ច​បានដឹងថា រថយន្ត​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នេះ ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2l-8827 ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​មួយ​រថយន្ត និង​ឆែក​នៅក្នុង​រថយន្ត​រក​ឃើញ​ស្លាក​លេខ​១​គូរ​ថែម​ទៀតផង​។ ដោយឡែក​ម្ចាស់​រថយន្ត​ដែល​បង្ក្រាបបាន​នេះ ត្រូវគេ​ស្គាល់​ថា ជា​មន្ត្រី​សមត្ថកិច្ច​១​រូប​នៅក្នុង​ស្រុក​អូ​រយ៉ា​ដាវ​។​
​បច្ចុប្បន្ន​វត្ថុតាង និង​រថយន្ត ត្រូវបាន​កម្លាំងយោធា​ប្រគល់​ទៅ​ឲ្យ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ប​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​ឈើ​មិនទាន់បាន​ធ្វើការ​វាស់វែង​នៅឡើយ​ទេ​៕

​

មនុស្ស​១១​នាក់​ស្លាប់ ក្នុងករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋកា​លី​ហ្វ​រ​ញ៉ា

អាមេរិក ៖ អភិបាលរដ្ឋ​កាលី​ហ្វ​រ​ញ៉ា​លោក ចឺ​រី ប្រោ​ន (Jerry Brown) បាន​និយាយថា មនុស្ស​១១​នាក់​ហើយ​បាន​បាត់​បង់ជីវិត ក្នុង​គ្រោះ​អគ្គិភ័យ​ភ្លើង​ឆេះ​ព្រៃ​ដ៏​សន្ធោសន្ធៅ​មួយ​ដែល​បាននិងកំពុង​តែ​វាយប្រហារ​តំបន់​ភាគ​ខាងជើង នៃ​រដ្ឋកា​លី​ហ្វ​រ​ញ៉ា និង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ក៏ដូចជា​អគារ​ពាណិជ្ជកម្ម​១,៥០០​ពាន់​ខ្នង ខណៈដែល​មនុស្ស​ប្រមាណ​២០,០០០​នាក់​ត្រូវ​បង្ខំ​ជម្លៀស​ខ្លួន​ចេញពី​កន្លែង​ជ្រកកោណ​របស់​ពួកគេ​ថែម​ទៀតផង​។ នេះ​បើតាម​សារព័ត៌មាន BBC​។​
​លោក​អភិបាល​បន្តថា លោក​បានសម្រេច​ប្រកាសអាសន្ន​នៅក្នុង​តំបន់ Napa, Soma, និង Yuba ខណៈដែល​អណ្តាតភ្លើង​បាន​បន្ត​រីក​រាលដាល​ទៅកាន់​ទិស ខាងត្បូង​រក​តំបន់ San Francisco Bay​។ ទន្ទឹម​នោះ​លោក Brown ក៏បាន​ពង្រីក​សេចក្តីប្រកាស​អាសន្ន​នេះ​ទៅដល់​តំបន់​ចំនួន​០៤​ទៀត នៅ​ភាគ​ខាងជើង​រដ្ឋ រួមជាមួយ​និង​តំបន់ Orange នៅ​ភាគខាងត្បូង​។
​គួរ​បញ្ជាក់ថា ភ្លើង​ឆេះ ព្រៃ​ចំនួន​១៥​ដាច់ដោយឡែក​ពីគ្នា នៅលើ​ផ្ទៃដី​ប្រមាណ​ជិត​០៣​ម៉ឺន​ហិកតា ក្នុង​ភាគ​ខាងជើង​រដ្ឋកា​លី​ហ្វ​រ​ញ៉ា ចាប់​តាំងតែ​ពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ (​ពេលវេលា​នៅ​ភាគ​ខាងលិច​អាមេរិក​)៕

​

រឿង​គ្រឿងញៀន​ជាង​១៤​គីឡូ​ផ្តន្ទាទោស​បុរស​នី​ហ្សេ​រី​យ៉ា​ម្នាក់​ជាប់គុគ​មួយជីវិត​

​រាជធានី​ភ្នំពេញ ៖ រឿង​ជួញដូរ​គ្រឿងញៀន​ជាង​១៤​គីឡូក្រាម នៅ​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៧​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ​ឈ្មោះ IHEONU GRABRIEL ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ដាក់ពន្ធនាគារ​អស់​មួយជីវិត និង​ពិន័យ​ជា​ប្រាក់ ៨០​លាន​រៀល​ចូល​ជា​ថវិការដ្ឋ ពីបទ​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ១៤,៤៦៨.៥០​ក្រាម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ច្រកទ្វា​ព្រំដែន អន្តរជាតិ​កម្ពុជា​-​វៀតណាម ស្មាច់ (​ត្រពាំង​ថ្លុ​ង​) ខេត្ត​ត្បូងឃ្មុំ ៕

​

លោក ខៀវ សុភ័គ ​ប្រតិកម្ម​តប​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ប្រតិភូ​សហភាព​អឺរ៉ុប​បានចេញ​នូវ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​ការរំលាយ​បក្សប្រឆាំង​អាច​នឹងធ្វើ​ឲ្យ​បាត់បង់​កិត្យានុភាព​នៃ​ដំណើរការ​បោះឆ្នោត​នោះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ត្រូវបាន​ដកស្រង់​សំដី​ដោយ VOD ដោយ​ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ធ្វើឡើង​តាម​ខ្លួន​នឹកឃើញ​តែប៉ុណ្ណោះ ។​
​លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​គោរព​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​បើទោះជា​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ក៏មាន​គណបក្ស​ផ្សេងទៀត​ចូលរួម សម្រាប់​ការបោះឆ្នោត​ដែរ ។​
VOD បាន​ដកស្រង់​សំដី​លោក ខៀវ សុភ័គ ផ្សាយ​ថា ជាការ​ពិតណាស់ កាល​ហ្នឹង (​ការបោះឆ្នោត​ឃុំ​សង្កាត់ ឆ្នាំ​២០១៧) ប្រជាពលរដ្ឋ​អត់​បានដឹងថា បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ដឹកនាំ​ដោយ​បុគ្គល​ឈ្មោះ កឹម សុខា ដែលជា​ជន​ក្បត់ជាតិ​។ ទើបតែ​នៅពេលនេះ​លោក​ដឹង​ហើយ​ថា អ្វីដែល​លោក កឹម សុខា បានធ្វើ​គឺជា​ការ​ធ្វើឡើង ដោយ​តាម​ការណែនាំ​របស់​បរ​ទេស​ដែល​ចង់​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ឆ្ពោះទៅកាន់​ប្រទេស ដូចជា​ស៊ី​រី ឬ​លី​ប៊ី ជាដើម​។ ដូច្នេះ ប្រជាពលរដ្ឋ​កម្ពុជា គាត់​បាន​ដកឃ្លា មក​ពិចារណា​អំពី​សន្លឹកឆ្នោត​របស់ខ្លួន​ហើយ នៅ​ឆ្នាំ​២០១៨ ។ លោក​បញ្ជាក់​បន្ថែមថា ជំហរ​របស់​រដ្ឋាភិបាល មិនអាច​ថយក្រោយ​នោះទេ តែ​ថា ការសម្រេច​រំលាយ ឬ​មិន​រំលាយ​យ៉ាងណា​នោះ គឺ​ស្ថិត​ទៅលើ​ការសម្រេច​តុលាការ​កំពូល ៕

​

ក្រសួង​ជំរុញ​ឱ្យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទប់ស្កាត់​​ការឆ្លង​ជំងឺអេដស៍​ពេល​បុណ្យអុំទូក​

​ភ្នំពេញ ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ផ្សព្វផ្សាយ​របស់​រដ្ឋ​ទាំងអស់​បង្កើន​ការផ្សព្វផ្សាយ​អំពី​ការទប់ស្កាត់​ជំងឺអេដស៍​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ ដើម្បី​ផ្តល់​ជា​សារ​ជូន​ដល់​ប្រជាពលរដ្ឋ​មានការ​យល់ដឹង និង​មានការ​ប្រុងប្រយ័ត្ន​នៃ​ការឆ្លង​មេរោគ​អេដស៍​បន្ថែមទៀត​។​
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​របស់​ក្រសួង កាលពី​ព្រឹក​ថ្ងៃទី​១០ តុលា​នេះ​នៅ​ទីស្តីការក្រសួង​លោក មាស សោ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​មានប្រសាសន៍ថា​គណៈកម្មកា​រ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​របស់​ក្រសួង​ព័ត៌មាន​នឹង​រៀបចំ យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​ខាងមុខនេះ​ដែលជា​ពិធីបុណ្យ​ដែលមាន​ប្រជា​ល​រដ្ឋ​មកលេង​កម្សាន្ត​ច្រើន​នៅ​ភ្នំពេញ​។​
ឯកឧត្ដម​អនុរដ្ឋលេខាធិការ​បញ្ជា​ក់ថា បញ្ហា​អេដស៍​បច្ចុប្បន្ននេះ នៅតែ​ជា​បញ្ហា​ប្រឈម បើទោះបីជា​ជំងឺអេដស៍​នៅ​កម្ពុ​ជាមាន​ការថយចុះ​ក៏ដោយ តែ​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន ហើយ​ត្រូវ​រួមគ្នា​ទប់ស្កាត់​ជំងឺអេដស៍​នេះ​ដើម្បី​លប់បំបាត់​ជម្ងឺអេដស៍​នេះ​ឱ្យបាន​តាម​គោលដៅ​នៅ​ឆ្នាំ​២០២០​ខាងមុខ ហើយ​ថា ដើម្បី​សម្រេច​គោលដៅ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន ត្រូវ​បន្ត​ផ្សព្វផ្សាយ​អោយបាន​ខ្លាំងក្លា​តាមរយៈ​ជា​សារ​អប់រំ តាម​កាសែត វិទ្យុ និង​ការរត់​អក្សរ​តាម​កញ្ចក់​ទូរទស្សន៍​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍​អោយបាន​កាន់​ច្រើន​បន្ថែមទៀត ដើម្បី​ជា ប្រយោជន៍​ដល់​សាធារណជន​បាន​យល់ដឹង​អំពី​ផលប៉ះពាល់ និង​ផលវិបាក​ដែល​បង្ករ​ឡើង​ដោយ​ជំងឺអេដស៍​។ ជាមួយគ្នានេះ​ឯកឧត្ដម​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ដែល​គ្រោង​មក​កំសាន្ដ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក សូម​ការពារ​ខ្លួន និង​បង្កើន​ការប្រុងប្រយ័ត្ន​កុំអោយ​ឆ្លង​មេរោគ​អេដស៍​ឱ្យសោះ ពោលគឺ​សូមកុំ​នាំ​អេដស៍​ចូល​ផ្ទះ​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

​

នាយក​សាលា​ស្ទេ​ម​ហ្វ​ត​ប្រមូល​លុយ​ពី​អ​ណា​ព្យាបាល​សិស្ស​រាប់សិប​ម៉ី​ន​ដុល្លារ​បិទទ្វារ​សាលា​រត់​គេចខ្លួនបាត់​

​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើងខ​ណះ​អាណាព្យាបាល​សិស្សសាលា​អន្តរជាតិ​ស្ទេ​ម​ហ្វ​ត​បាន​បញ្ជូន​កូនៗ​របស់គាត់​មក​មករៀ​ន​ឃើញ​សាលារៀន​ចាក់សោរ​បិទទ្វារ​ក៏មាន​ការ​ឆោឡោ​គ្រប់ៗ​គ្នា​
​ហេតុ​ការ​ណ៏​ភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៧​ស្ថិតនៅ​ចំណុច​ផ្លូវ​បេតុង​ក្បែរ​ផ្ទះសំណាក់​ស្ទឹង​លាភ​ក្នុងភូមិ​១​សង្កាត់​ស្ទឹង​មាន​មានជ័យ​១ ខណ្ឌមានជ័យ​។​
​បើ​យោងតាម​សម្តី​របស់​អាណាព្យាបាល​សិស្សសាលា​អន្តរជាតិ​ស្ទេ​ម​ហ្វ​ត​បានអោយដឹងថា​នៅពេលដែល​គាត់​ដឹក​កូនៗ​របស់គាត់​មក​រៀន​ក៏​ប្រទះឃើញ​សាលា​ចាក់សោរ​ទ្វារ​ស្ងាត់​ពុំ​ឃើញ​មាន​គ្រូ​សូម្បីតែ​ម្នាក់​ដោយមាន​តែ​បុរស​សន្តិសុខ​ម្នាក់​ដែល​យាម​នៅក្នុង​សាលា​ហើយក៏​បាន​សួរ​សន្តិសុខ​ទើប​សន្តិសុខ​ប្រាប់ថា​នាយក​សាលា​រត់​បាត់​ហើយ​ទើប​ពួកគាត់​នាំគ្នា​ជ្រួលច្របល់​និង​អស់សង្ឃឹម​ដោយ​ពួកគាត់​បាន​បង់លុយ​អោយទៅ​នាយក​សាលា​ក្នុង​ម្នាក់ៗ​រាប់រយ​ពាន់​ដុល្លារ ហើយ​សាលា​ឯកជន​អន្តរជាតិ​ស្ទេ​ម​ហ្វ​ត​ខាងលើនេះ​បាន​បើក​ដំណើរការ​រយះពេល​ជិត​៦​ឆ្នាំ​មកហើយ​ដោយ​ពួកគាត់​អួត​ស​សើ​រថា​សាលា​ខាងលើ​ការបង្រៀន​របស់​គ្រូ​មានគុណ​ភាពល្អ​ណាស់​ដោយ​កូនៗ​របស់​ចេះ​សរសេរ​និង​អាន​ភាសារ​ខ្មែរ​និង​អង់គ្លេស​បានល្អ​ណាស់​មិនគួរ​លោកនាយក​សាលា​នេះ​លេង​មួយ​ក្បាច់​ជិះសេះ​លេង​ដៃ​វិច​លុយ​រត់ចោល​សិស្ស​បែបនេះ​ទេ​នាយក​សាលា​ខាងលើនេះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​លី សុខុមាល​គី កំពុងតែ​រត់គេចខ្លួន​
​ក្រោយពី​ដឹងថា​នាយក​សាលា​នេះ​ឆបោក​ភ្លាម​ក្រុម​អាណាព្យាបាល​ខាងលើ​បាននាំគ្នា​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹង​មាន​ជ​យ័​អោយជួយ​អន្តរា​គម​ន៏​និង​រក​យុត្តិធម៌​អោយ​ពួកគាត់​ដែលជា​ជនរងគ្រោះ​ផង​៕

​

ពលរដ្ឋ​ខ្មែរ​ជិត​៣៤​ម៉ឺន​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី

​រាជធានី​ភ្នំពេញ ៖ រយៈពេល​៣៨​ថ្ងៃ នៃ​ដំណើរ​ការបើក​ឲ្យ​ចុះឈ្មោះ​បោះឆ្នោត គឺ​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣៣៨,០១៨​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ខណៈដែល​អ្នក​ត្រូវ​លុបឈ្មោះ​ចេញ​មាន​ចំនួន ៣,៤០៧​នាក់ និង​អ្នក​ខុស​កែតម្រូវ​មាន​ចំនួន ៣,០៤៩​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​៕

​

ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​មនុស្ស​៨​នាក់​សង្ស័យ​ពាក់ព័ន្ធ​នឹង​ផែនការ​ភេរវកម្ម

​ម៉ាឡេស៊ី ៖ មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​ដោយ​សង្ស័យថា មានការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ថ្មីៗ​នេះ​ពីព្រោះ​គេ​មាន​ភស្តុតាង​មួយចំនួន​បង្ហាញថា សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​បង្ក​ការព្រួយបារម្ភ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​ប្រជាពលរដ្ឋ​ពហុ​ជាតិ​សាសន៍​និង​ពហុ​សាសនា​។​
​ឧបនាយករដ្ឋមន្ត្រី​លោក អះ​ម៉ា​ដ ហ្សា​ហ៊ី​ដ ហា​មី​ឌី បាន​និយាយថា គោលបំណង​សំខាន់​របស់​ក្រុម​ជ្រុលនិយម​នេះ​គឺ​ចង់បង្ហាញ​ឲ្យ​សាធារណជន​ចាប់អារម្មណ៍​ថា ប្រទេស​ម៉ាឡេស៊ី​មិនមាន​សិទ្ធិសេរីភាព​ផ្នែក​សាសនា​នោះទេ​។ លោក​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ក្រុម​ជនសង្ស័យ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមប្រឆាំង​ភេរវកម្ម​ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការវាយប្រហារ​ភេរវកម្ម​នៅ​ប្រទេស​នេះ​។​
​គួរ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​២៧​ខែកញ្ញា​ដល់​ថ្ងៃទី​៦​ខែតុលា មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅតាម​តំបន់​មួយចំនួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​សង្ស័យថា រៀបចំ​សកម្មភាព​ភេរវកម្ម កេណ្ឌ​អ្នកទោស​ឲ្យ​ចូលរួម​ក្រុម​ភេរ​វករ និង​ផែនការ​វាយប្រហារ​លំនៅ​ឋាន​ពលរដ្ឋ​គោរព​សាសនា​អ៊ីស្លាម គ្រឹ​ស្ត​សាសនា និង​សាសនា​ហិណ្ឌូ​ដើម្បី​បង្កើត​ជម្លោះ​នៅ​ប្រទេស​នេះ​៕