All posts by មេគង្គ ប៉ុស្តិ៍

ការដកខ្លួន​របស់​អា​មេ​រិ​ក​ចេញពី​យូណេស្កូ​នឹងធ្វើ​ឲ្យ​អាមេរិក​កាន់តែ​ឯកោ​

វ៉ាស៊ីនតោន ៖ ​ក្រុមអ្នកវិភាគបានលើកឡើង​ថា ការសម្រេចចិត្ត​របស់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ដកខ្លួន​សហ​រដ្ឋ​អាមេរិក ចេញពី​អង្គការ UNESCO គឺជា​សញ្ញា​ថ្មី​ចុងក្រោយ​បំផុត​មួយ ដែល​បង្ហាញ​ពី​ការកើនឡើង នៃ​ភាព​ឃ្លាត​ដាច់​ឆ្ងាយ​ដោយឡែក​ពី​គេ​របស់​អាមេរិក ព្រមទាំង​ដាក់​សម្ពាធ​គាបសង្កត់​របស់​ទីក្រុង​វ៉ាស៊ីនតោន មកលើ​អង្គការ​សហ​ប្រជា​តិ​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik ។​
​ក្រុមអ្នកវិភាគ​មកពី​សាកលវិទ្យាល័យ​ធំៗ នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ការធ្វើ​បែបនេះ​នឹង​គូសបញ្ជាក់​កាន់តែច្បាស់ ពី​ភាព​ឯកោ​របស់​សហរដ្ឋអាមេរិក នៅក្នុង​អង្គការ​ពិភពលោក​មួយ​នេះ ដោយ​វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន ទៅលើ​ទីក្រុង​វ៉ាស៊ីនតោន​ផ្ទាល់ ច្រើនជាង​មកលើ​អង្គការ​បេតិកភណ្ឌ​ពិភពលោក UNESCO ខណៈ​ការសម្រេចចិត្ត​ដ៏​ចម្លែក​នេះ នឹង​បង្កើន​ភាព​ឯកោ​របស់​សហរដ្ឋអាមេរិក នៅក្នុង​សហគមន៍​អន្តរជាតិ​។​
​ម្យ៉ាងវិញទៀត ការសម្រេចចិត្ត​ខាងលើ នឹងធ្វើ​ឲ្យ​អាមេរិក​ជាប់គាំង​កាន់តែខ្លាំង នៅក្នុង​រង្វង់​នៃ​ភាព​ឯកោ​ក៏ដូចជា​មន្ទិលសង្ស័យ ពាក់ព័ន្ធ​នឹង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​អង្គការ​អន្តរជាតិ ហើយ​វា​នឹង​បង្ក​ផលវិបាក​ជាខ្លាំង ដើម្បី​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​នេះ​វិញ សម្រាប់​រដ្ឋបាល​ក្រោយ​ថ្មី​ទៀត​។​
​បើតាម​ក្រុម​សាស្ត្រ​ចា​រ្យ​ជំនាញៗ​ដដែល​ថា ការសម្រេចចិត្ត​របស់ លោក ត្រាំ ក្នុង​ការដក​អាមេរិក​ចេញពី​អង្គការ UNESCO គឺ​ស្ថិតក្រោម​ក្របខណ្ឌ​នៃ​យុទ្ធនាការ​របស់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ធ្វើយ៉ាងណា​មិន​ឲ្យ​អង្គការសហប្រជាជាតិ រួមទាំង​អង្គការ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត មាន​ឥទ្ធិពល​ក្នុង​ការជួយ​ប៉ា​ឡេ​ស្ទី​ន ប្រឆាំងនឹង​អ៊ីស្រាអែល​។​
​សូម​រម្លឹកថា ម្សិលមិញ​សហរដ្ឋអាមេរិក​បានប្រកាស​ថា នឹង​ដកខ្លួន​ចេញពី​អង្គការ UNESCO នៅ​ចុងឆ្នាំ​២០១៨​ខាងមុខ ដោយ​ឈរលើ​ហេតុផល​ថា អង្គការ​បេតិកភណ្ឌ​ពិភពលោក​ត្រូវការ​ធ្វើកំណែទម្រង់​ឡើងវិញ ហើយ UNESCO មាន​ទំនោរ​ប្រឆាំងនឹង​អ៊ីស្រាអែល​៕

​

កម្ពុជានឹងរងឥទ្ធិពល​ព្យុះ​ទី​២០​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែតុលា

​រាជធានី​ភ្នំពេញ ៖ ឥទ្ធិពល​ព្យុះ​ទី​២០ ឈ្មោះ ខា​ណុន នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ច្រើន​កន្លែង​ទៀតផង​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧​នេះ​។ នេះ​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ព្យុះ​ទី​២០​ឈ្មោះ ខា​ណុន ដែល​បាន​វិវត្តន៍​ខ្លួន​ពី​សម្ពាធ​ទាប និង​កំពុង​ស្ថិតនៅ​ភាគ​ខាងជើង ប្រទេស​ហ្វីលីពីន ហើយ​ពេលធ្វើ​ដំណើរ​ដល់​សមុទ្រ​ចិន​ខាងត្បូង នឹង​បង្កើន​ឥទ្ធិពល​ទៅជា​ព្យុះ​ទី​ហ្វុ​ង ឆ្ពោះ​មក​ទិស​ខាងលិច ក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕

​

ល្បួង​ក្មេងស្រី​យកទៅ​រំលោភ​​ ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពត​បាន​ចាប់​ឃាត់​បុរស​ល្មោភកាម​ម្នាក់ ដែល​បាន​ល្បួង​ក្មេងស្រី​ជា​អនីតិជន​អាយុ​១៦​ឆ្នាំ ទៅ​រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច ខណៈដែល​កា​ឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​ម្សិលមិញ ស្ថិតនៅ​ភូមិ​ស្រែ​ចែង ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សៅ ណុប អាយុ​២២​ឆ្នាំ រសនៅ​ភូមិ ឃុំ កន្លែង​ឃាត់ខ្លួន​ខាងលើ​។ ចំណែក​ក្មេងស្រី​រងគ្រោះ​អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កំណប់ ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្តកំពត​។​សមត្ថកិច្ច​នគរបាល​ដដែល​បាន​បន្តថា ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ពីបទ​លួងលោម​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ​ដែល​បាន​ប្រព្រឹត្តធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវ កាលពី​វេលា​ម៉ោង​១១៖៣០​នាទី​យប់ នា​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​។​
​បើតាម​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ប្រើល្បិច​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ទៅ​ហូប​ស៊ុប នៅ​ផ្សារ​ត្រពាំង​អណ្ដើក ហើយ​ជនសង្ស័យ ក៏​ដឹក​ជនរងគ្រោះ​ទៅ​ដេក​នៅ​បន្ទប់ សាលារៀន​នៅ​ម្ដុំ​ផ្សារ អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ហើយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនរងគ្រោះ​បា​នស​ម្រ​ច​តែម្តង​។ ក្រោយពី​បែកការណ៍ ក្រុមគ្រួសារ​ខាង​ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​តែម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សាកសួរ នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

​

បញ្ជូន​ជនសង្ស័យ​១០​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

​ខេត្តក្រចេះ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​១០​នាក់ នឹងត្រូវ​សមត្ថកិច្ច​ជំនាញ​បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​ថ្ងៃទី​១៣ ខែតុលា នេះ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ប្រព្រឹត្តទៅ​នៅក្នុង​ទីតាំង​ស្តុក​ឈើ​កែឆ្នៃ​ឈើ​មួយកន្លែង​ក្នុងស្រុក​ចិត្រ​បុរី ។​
​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១០​នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ភូមិសាស្ត្រ​ខាងលើ ហើយក៏​ជា​កន្លែង​ទីតាំង​ស្តុក និង​កែច្នៃ​ឈើ​ខុសច្បាប់​ផងដែរ​។ ដោយឡែក​ក្មេងស្រី​៣​នាក់​ផ្សេងទៀត​ទើបនឹង​មកពី​ខេត្តព្រៃវែង​ទៅលេង​ផ្ទះ​បងប្អូន​ក្បែរ​ទីតាំង​លើ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ថា មិនមាន​ជាប់​ពាក់ព័ន្ធ​ក៏​សម្រេច​ដោះលែង​វិញ​៕

​

ភ្លើង​ឆេះ​ព្រៃ​នៅរដ្ឋ​កាលី​ហ្វ​រ​ញ៉ា សម្លាប់​មនុស្ស​កើនឡើង​ដល់​៣១​នាក់​ហើយ​

​អាមេរិក ៖ អាជ្ញាធរ​​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ដល់​៣១​នាក់​ហើយ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា ដែលជា​ភ្លើង​ឆេះ​ព្រៃ​សម្លាប់​មនុស្ស​ច្រើន​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​សារព័ត៌មាន The Guardian ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​
​អាជ្ញាធរ​បញ្ជាក់ថា មនុស្ស​ពីរ​នាក់​បន្ថែមទៀត​ត្រូវគេ​រាយការណ៍​ថា បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​នេះ​បានធ្វើឱ្យ​ចំនួន​អ្នក​សា្ល​ប់​កើនឡើង​ពី ២៩​នាក់​ដល់​៣១​នាក់ ខណៈ​តំបន់​រងគ្រោះ​ខ្លាំងជាងគេ គឺ​នៅ​តំបន់ ណា​ប៉ា (Napa) និង សូ​ណូ​ម៉ា (Sonoma) នៃ​ភាគ​កណ្ដាល​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដោយ​ភ្លើង​បាន​ឆាប់ឆេះ​លើ​ផ្ទៃដី ៥២,០០០​ហិកតា និង​បង្ក​ផលប៉ះពាល់​ដល់​តំបន់​ផលិត​ស្រា​ដ៏​ធំ​ផងដែរ​។ ទន្ទឹម​នោះ​មនុស្ស​ជាង ៥,០០០​នាក់ កំពុង​បន្ត​ស្ថិតក្នុង​ទីជម្រក​សុវត្ថិភាព​ដដែល រីឯ​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ច្រើនជាង ៨,០០០​នាក់ កំពុង​តស៊ូ​ប្រយុទ្ធ​នឹង​អណា្ដ​ត​ភ្លើង​៕

​

ថ្នាក់ដឹកនាំ​ការពារជាតិ​ចុះទៅ​តំបន់​រកឃើញគ្រាប់បែក​គីមី​អាមេរិក

​ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អមដំណើរ​ដោយ​មន្ត្រី​ក្រសួងការពារជាតិ និង​មន្ត្រីជាន់ខ្ពស់​នៃ​កងកម្លាំងប្រដាប់អាវុធ​ជាច្រើនរូប បានធ្វើ​ដំណើរ​ចុះ​មកដល់​តំបន់​គ្រាប់បែក​គីមី​អាមេរិក ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម ស្ថិតនៅក្នុង​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង បន្ទាប់​គ្រាប់បែក​គីមី​សល់​ពី​សម័យ​សង្គ្រាម ជាច្រើន​គ្រាប់​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។​
​សូមជម្រាប់ថា កម្លាំង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី និង​កម្លាំង​មជ្ឈមណ្ឌល​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​រកឃើញ​គ្រាប់បែក​គីមី​បន្សល់​ពី សម័យ​សង្គ្រាម​រហូតដល់ ១៥​ទីតាំង​ហើយ​នៅក្នុង​ឃុំ​គគី​។ តាម​ការប៉ាន់ស្មាន​អាច​នឹងមាន​គ្រាប់បែក​ជាច្រើន​ទៀត បន្សល់​នៅក្នុង​ឃុំ​នេះ ដែល​មិនទាន់​រកឃើញ​នៅឡើយ​៕

​

​រថ​យន្តដឹកឈើ​ប្រណីត​១​គ្រឿង​ត្រូវសមត្ថកិច្ច​បង្ក្រាប

ខេត្តរតនគិរី ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូ​រយ៉ា​ដាវ​ស្ទាក់​ចាប់បាន​រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​។​
​ប្រតិបត្តិ​ការបង្ក្រាប​នេះ ដឹកនាំ​ដោយ​លោក ស៊ឹម លីន អភិបាលរង​ស្រុក​អូ​រយ៉ា​ដាវ ជា​ប្រធាន​ចម្រុះ និង លោក កង សារឿន ប្រធាន​ចម្រុះ​ខេត្ត បាន​ដឹកនាំ​កម្លាំង សហការគ្នា​ឃាត់​រថយន្ត​ដឹកឈើ​ប្រណិត​១​គ្រឿង ម៉ាក MAZDA ស៊េរី​ចាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2B- 8631 បាន​ផ្ទុក​ឈើប្រណិត​ជាច្រើន​ដុំ​នៅក្នុង​រថយន្ត​។ បច្ចុប្បន្ន​វត្ថុតាង​នឹង​រថយន្ត​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ប​កែវ​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

​

មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​១០​រូប​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ តែងតាំង ដំឡើង និង​ផ្តល់​ឋានៈ​បន្ថែម​

​រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង ដំឡើង និង​ផ្តល់​ឋានៈ​ដល់​មន្ត្រី​១០​រូប នៅក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​
​តាម​ព្រះរាជក្រឹត្យ​នេះ ក្នុងចំណោម​មន្ត្រី​ទាំង​១០​រូបនោះ មាន​៧​រូប ត្រូវបានតែងតាំង​ជា និង​ផ្តល់​ឋានៈ​ជា​អនុប្រធាន និង​សមាជិក ដែលមាន​ឋានៈ​ស្មើ​ចាប់ពី​អគ្គនាយក រហូតដល់​រដ្ឋលេខាធិកា​រ​។ ចំណែក​៣​រូប​ផ្សេងទៀត រួមមាន មាន​សមាជិក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​ម្នាក់ ត្រូវបាន​ដំឡើង​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​មន្ត្រី​២​នាក់​ទៀត​ទេ ត្រូវបានតែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ពាក្យបណ្តឹង និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស៊ើបអង្កេត និង​អប់រំ​សិទ្ធិមនុស្ស​៕

​

លោក ត្រាំ គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​

​វ៉ាស៊ីនតោន ៖ ភ្នាក់ងារ​សារព័ត៌មាន The Guardian បាន​រាយការណ៍​ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កំពុង ពិចារណា​ថា​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ដកទ័ព នៅ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ក្នុងអំឡុង​នៃ​ទស្សនកិច្ច​ទៅកាន់​ប្រទេស កូរ៉េខាងត្បូង​ក្នុងពេល​ខាងមុខ ខណៈ​មាន​របាយការណ៍​បង្ហាញ​ថា ប្រធានាធិបតី​រូបនេះ​អាច​នឹង​ប្រឈមមុខ​ជាមួយ​កូរ៉េខាងជើង​។​
​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap News បានឱ្យដឹងថា តំបន់​ដកទ័ព​ដែល​បែងចែក​ប្រទេស កូរ៉េ​ទាំងពីរ ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០ ដល់​១៩៥៣ នឹង​ក្លាយជា​ទីតាំង​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ក្នុង​តំបន់​អាស៊ី​។ ក្នុងនោះដែរ​ប្រធានាធិបតី​មហាអំណាច​រូបនេះ​ក៏​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស ជប៉ុន ចិន វៀតណាម និង​ហ្វីលីពីន​ផងដែរ​។​
​ជាមួយគ្នានេះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើកដំបូង​ទៅកាន់​ឧបទ្វីប​កូរ៉េ ក្នុងនាម​ជា​ប្រធានាធិបតី​នេះ​ត្រូវបាន​គេ​រំពឹងថា គឺជា​ការបញ្ជូនសារ​ដ៏​មុតមាំ​មួយ​ទៅកាន់​ប្រទេស កូរ៉េខាងជើង​៕


​

អាមេរិក​ទាមទារ​ឲ្យ​អង្គការ​យូណេស្កូ​ធ្វើកំណែទម្រង់​មូលដ្ឋាន​ឡើងវិញ​

​វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ទាមទារ​ឲ្យ​អង្គការ​យូណេស្កូ ធ្វើកំណែទម្រង់​មូលដ្ឋាន​ឡើងវិញ នឹង​បានប្រកាសថា ខ្លួន​នឹង​ដក​សមាជិកភាព​ចេញពី​ភ្នាក់ងារ​វប្បធម៌​មួយ​នេះ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មើលឃើញថា អង្គការ​នេះ​បាន​ប្រឆាំងនឹង​ប្រទេស អ៊ីស្រាអែល​ដោយ​ភាពលំអៀង​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ​។​
​ក្នុង​សេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក បាន​និយាយថា ខ្លួន​បានដាក់​ញ្ញត្តិ​ទៅ​ប្រធាន​អង្គការ​យូណេស្កូ លោកស្រី Irina Bokova នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។ ទន្ទឹម​នោះ​សហរដ្ឋអាមេរិក មានបំណង​ស្នើ​កាន់​តួនាទី​ជា​អ្នក​អង្កេត​ការណ៍​អចិន្ត្រៃយ៍​ក្នុង​អង្គការ​នេះ​ជំនួស​វិញ​។​
​សូមជម្រាបថា អង្គការ​យូណេស្កូ (UNESCO) ជា​ភ្នាក់ងារ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការសហប្រជាជាតិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង ប៉ារីស និង​មាន​សមាជិក​ចំនួន​១៩៥​ប្រទេស​។​
​គួរ​បញ្ជាក់ថា ការដក​សមាជិកភាព​របស់​សហរដ្ឋអាមេរិក​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។ សហរដ្ឋអាមេរិក​បាន​ផ្អាក​មូលនិធិ​ដល់​អង្គការ​យូណេស្កូ តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ បន្ទាប់ពី​អង្គការ​នេះ បោះឆ្នោត​ដាក់​ប៉ា​ឡេ​ស្ទី​ន​ជា​សមាជិក​៕

​

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ចុះ​វាស់ដី​ជម្លោះ​ដី​រុំា​រ៉ៃ​រវាង​ពលរដ្ឋ ជាមួយ​បុរី «CamCoCity»

​រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នេះ​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រើ​កណ្ដាប់ដៃ​ដែក​ដឹកនាំ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង បើក​ប្រតិបត្តិ​ការដឹកនាំ​កម្លាំងចម្រុះ ចុះទៅ​ត្រួតពិនិត្យ​ធ្វើការ​វាស់វែង​កំណត់​ព្រំដី​ឲ្យ​បានច្បាស់លាស់​ជូន​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ ជា​ម្ចាស់​បណ្ដឹង បាន​បាត់បង់​ដីធ្លី​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ​។​
​ការចុះ​ត្រួតពិនិត្យ​វាស់វែង​កំណត់​ព្រុំ​ដីធ្លី ធ្វើឡើង​ស្ថិតនៅ​បរិវេណ​ជុំវិញ​ដី​ក្នុង​បុរី «CamCoCity» ភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​៕

​

មនុស្ស​១៥​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ជំនន់​ទឹកភ្លៀង​នៅ​ប្រទេស​វៀតណាម​

​វៀតណាម ៖ ខ្យល់ព្យុះ​ត្រូ​ពិ​កបាន​វាយប្រហារ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​កាលពីដើម​សប្ដាហ៍​នេះ​ដោយ​នាំមក​នូវ​ការ​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​នៅ​តំបន់​នេះ និង​ផ្នែក​ជាច្រើន​ទៀត​នៅ​ភាគ​ខាងជើង​ប្រទេស​នេះ​បង្ក​ជា​ទឹកជំនន់​បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់​ស្លាប់ និង​៨​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​
​មន្ត្រី​គ្រោះមហន្តរាយ​បាន​និយាយថា មនុស្ស​ចំនួន​៨​នាក់​រួមទាំង​ក្មេង​២​នាក់​ផងដែរ​បាន​ស្លាប់​នៅ​ខេត្ត​ង៉េ​អាន (Nghe An) នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​។ ចំណែក​នៅ​ខេត្ត​ថា​ញ់​ហាវ​នៅជាប់​ខេត្ត​ង៉េ​អាន​វិញ មាន​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ ខណៈ​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​នៅ​ហាវ​ប៊ី​ញ​នៅ​ខាងជើង​ប្រទេស​នេះ ខណៈ​មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ និង​ចំនួន​៥​នាក់​ទៀត​ត្រូវគេ​រាយការណ៍​ថា​កំពុង​បាត់​ខ្លួន​នៅឡើយ​នៅ​ខេត្ត​យ៉េន​បៃ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​។​
​សូមបញ្ជាក់ថា វៀតណាម​គឺជា​ប្រទេសមួយ​ងាយ​រងគ្រោះ​ដោយ​ព្យុះភ្លៀង និង​ទឹកជំនន់​ដែល​បានសម្លាប់​មនុស្ស​រាប់រ​យ​នាក់​ជា​រៀងរាល់ឆ្នាំ​៕


​

អ្នកស្លាប់​កើន​ដល់​២១​នាក់​ក្នុងករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា

​អាមេរិក ៖ អាជ្ញាធរ​បាន​និយាយថា មកទល់ពេលនេះ​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើងដល់​២១​នាក់ ស្របពេល​ជាមួយគ្នា​លំនៅឋាន និង​ក្រុមហ៊ុន​ចំនួន​៣៥០០​កន្លែង​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ាស​ហ​រដ្ឋ​អាមេរិក​ក៏ត្រូវ​បាន​បំផ្លាញ​ផងដែរ​។​
​ភ្លើង​បាន​ឆេះ​ព្រៃ​ចំនួន​២២​កន្លែង​នៅក្នុង​ស្រុក​ចំនួន​៩​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​បាន​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​៦៨ ៧៩៧​ហិកតា​គិត​ចាប់តាំងពី​ភ្លើង​នេះ​បាន​ឆេះ​ជា​លើកដំបូង​កាលពី​យប់​ថ្ងៃអាទិត្យ ហើយ​មន្ត្រី​មូលដ្ឋាន​បានចាត់ទុក​គ្រោះថ្នាក់​បានសម្លាប់​មនុស្ស​ច្រើនជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅក្នុង​រដ្ឋ​នេះ​។​
​ពេលនេះ​មនុស្ស​ជាង​៥៥០​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ​នៅក្នុង​ស្រុក​សូ​ណូ​ម៉ា ប៉ុន្តែ​គេ​មិន​ច្បាស់​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​នេះ និង​ប៉ុន្មាន​នាក់​ទៀត​ដែល​មិនបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​នេះ​។​
​សូមបញ្ជាក់ថា ស្រុក​សូ​ណូ​ម៉ា​នេះ​គឺជា​ស្រុក​មួយ​សម្បូរ​ដើម​ស្រល់​ហើយ​តែងតែ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​គឺមាន​កម្រិត​មួយ​ខ្លាំង​ជាង​ពេលណា​ទាំងអស់​នៅក្នុង​ប្រវត្តិសាស្ត្រ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​៕


​

​មនុស្ស​១៦​នាក់ស្លាប់ និង​៨​នាក់របួស ​ក្នុងកុបកម្ម​នៅ​ពន្ធនាគារ​មួយកន្លែង​នៅ​ម៉ិ​ក​ស៊ិ​ក

​ម៉ិ​ក​ស៊ិ​ក ៖ មន្ត្រី​បាន​និយាយថា មនុស្ស​ចំនួន​១៦​នាក់​ស្លាប់ និង​៨​នាក់​ទៀត​រងរបួស​ក្នុង​អំពើ​កុបកម្ម​នៅ ពន្ធ​គារ​មួយ​នៅ​រដ្ឋ​នូ​វ៉ូ​ឡេ​អូន​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដោយ​ក្នុងនោះ​មាន​ឆ្មាំ​ពន្ធនាគារ​ចំនួន​២​នាក់​ផងដែរ​បាន​រងរបួស​ធ្ងន់ ខណៈដែល​រដ្ឋាភិបាល​នៅក្នុង​រដ្ឋ​នេះ​បាន​និយាយ​ពីថ្ងៃ​ម្សិលមិញ​ថា អ្នកទោស​ចំនួន​៣​នាក់​ទៀត​បាន​ស្លាប់​ដោយ​ត្រូវ​របួសធ្ងន់​ពេក​មិនអាច​សង្គ្រោះបាន​។​
​ក្រុមមន្ត្រី​ពាក់ព័ន្ធ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា គេ​មិនទាន់​ធ្វើ​កោសល្យវិច័យ​រួច​នៅឡើយ​ទេ​ក្នុងការ​កំណត់ថា តើ​មាន​អ្នកទោស​ប៉ុន្មាន​នាក់​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​កងក​ម្លាំ​ង​ប៉ូលិស​រដ្ឋ និង​ប៉ូលិស​សហព័ន្ធ​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​អំពើ​នេះ​។​
​សូមបញ្ជាក់ថា អំពើ​កុប​កម្មនេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ដោយ​ក្រុម​អ្នកទោស​បាន​ចាប់​ឆ្មាំ​ពន្ធនាគារ​ជា​ចំណាប់ខ្មាំង ហើយ​បាន​វាយដំ និង​គំរាម​ទម្លាក់​ពួកគេ​តាម​ដំបូល​អគារ​ពន្ធនាគារ​។​
​គួរ​រំលឹក​ដែរ​ថា កាលពី​ខែមីនា​ឆ្នាំ​២០១៧ អ្នកទោស​ចំនួន​៤​នាក់​បាន​ស្លាប់ ហើយ​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៦ អ្នកទោស​ចំនួន​៤៩​នាក់​បាន​ស្លាប់​ដោយសារតែ​អំពើ​ស្រដៀង​គ្នា​នេះ​ផងដែរ​៕


​

ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់​អោយ​រងរបួស​ធ្ងន់​ក្រោយពី​ពួកគេ​ឆ្លងដែន​ចូលទៅ​លួច​មាន់​

​បាត់ដំបង ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ត្រូវបាន​ថៃ​បាញ់​អោយ​រងរបួស​ធ្ងន់​ក្រោយពី​ពួកគេ​ឆ្លងដែន​ចូលទៅ​ធ្វើ​សកម្មភាព​លួច​មាន់​ជល់​នៅក្នុង​ទឹកដី​ថៃ​។​
លោក អួន ខុន មេ​ប៉ុស្តិ៍នគរបាល​គីឡូ​៩ ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា ហេតុការណ៍​ពលរដ្ឋ​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់​អោយ​រងរបួស​ធ្ងន់​ខាង​លើ​នេះ​បាន​បង្ករ​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​រ៉ា​សុ​ភី ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាន ខេត្ត​ស្រះកែវ​។
ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង​២​នាក់​រួមមាន ៖ ទី​១​ឈ្មោះ រឿ​ម រឹម ហៅ​ងោ​ល​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​(​របួស​ត្រូវ​ជើង​)​។ ទី​២​ឈ្មោះ ស្រី ភក្តី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​(​របួស​ត្រូវ​ជើង​)​។​
​ជនរងគ្រោះ​ទាំង​២​នាក់​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ដេក​ដួល​នៅលើ​វាលស្មៅ​និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ក្រោយមក​ត្រូវបាន​ទាហាន​ថៃ​ដឹក​យកទៅ​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ​តែម្តង​។
លោក អួន ខុន មេ​ប៉ុស្តិ៍នគរបាល​គីឡូ​៩​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់​បាន​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ​ហើយ​បានធ្វើ​សកម្មភាព​លួច​យក​មាន់​ជល់​ហើយ​ត្រូវបាន​ពលរដ្ឋ​ថៃ​បាញ់​ដើម្បី​បង្អើល​មិនមែន​មានបំណង​បាញ់សម្លាប់​នោះទេ​តែ​បណ្តាលអោយ​ត្រូវ​ជើង​រងរបួស​កកិតៗ​ទាំង​២​នាក់​តែម្តង​។
បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ក្រុម​សាច់ញាតិ​ទៅ​ទទួលយក​ត្រឡប់មក​ព្យាបាល​បន្ត​នៅផ្ទះ​រៀងៗ​ខ្លួន​វិញ​ហើយ​៕

​