ខេត្តមណ្ឌលគិរី ៖ ដើម្បីការពារសុខភាព សុវត្ថិភាពចំនីអាហារជូនប្រជាពលរដ្ឋទូទៅ មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអាជ្ញាធរមូល ដ្ឋាន បានចុះត្រួតពិនិត្យទំនិញ និងចំនីអាហារ ដែលអាជីវករដាក់តាំងលក់នៅតាមផ្ទះលក់ចាប់ហួយ និងនៅ ផ្សារកោះញែក ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
ក្នុងចុះត្រួតពិនិត្យទំនិញនេះ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា គោលបំណងសំខាន់គឺដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ព្រោះកន្លងមកក្រោយពីមន្ត្រីកាំកុងត្រូលធ្វើការណែនាំឃើញថា អាជីវករ និងប្រជាពលរដ្ឋមានការយល់ដឹងច្រើន ពាក់ព័ន្ធនឹងការប្រើប្រាស់ និងការដាក់តាំងលក់ទំនិញ តែក៏នៅមានអាជីវករមួយចំនួនតូចនៅមិនទាន់យល់ដឹងច្បាស់ផងដែរ។ លោកបានបន្តថា ការត្រួតពិនិត្យនេះបានផ្តោតសំខាន់ទៅលើទំនិញ វេចខ្ចប់ស្រាប់ ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញគ្មានអនាម័យ គ្មានសុវត្ថិភាព និងទំនិញដែលមានលាយសារធាតុគីមីហាមឃាត់ ។ ក្នុងនោះដែរ មន្ត្រីជំនាញកាំកុងត្រូល បានធ្វើតេស្តរកសាធាតុគីមីបូរ៉ាក់ទៅលើ មីលឿង ប្រហិត យីហឺក្រៀម សសៃគុយទាវ នំបញ្ចុក លត ត្រីងៀត និងបន្ត រកសារធាតុគីមីហាមឃាត់ទៅលើស្ករត្នោត ទឹកសណ្តែកបណ្តុះ ទឹកខ្ញីហាន់ ថែមទាំងពិនិត្យមើលបង្គារស្រស់ មឹកស្រស់ ជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់នោះទេ។ បន្ទាប់ពីធ្វើតេស្តរួចមក មន្ត្រីកាំកុងត្រូលបានបន្តស្វែងរក ទំនិញដែលមិនមានគុណភាព ក៏ដូចជាទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាជីវករដាក់តាំងលក់នៅផ្សារកោះញែក ជាលទ្ធផលការត្រួតពិនិត្យនេះ ក៏បានរកឃើញនូវភេសជ្ជះចម្រុះចំនួន០៤គីឡូក្រាម ហួសកាលបរិច្ឆេទ ត្រូវបានមន្ត្រីជំនាញធ្វើការដកហូតយកទៅរក្សាទុកដើម្បីធ្វើការដុតកំទេចចោលនៅពេលក្រោយ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យទំនិញនេះដែរ មន្ត្រីកាំកុងត្រូល បានធ្វើការណែនាំបន្ថែម ដល់អាជីវករពាណិជ្ជករឲ្យមានយល់ដឹង និង មានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និង ត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបាន បិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និង អ្នកប្រើប្រាស់ អោយបានយល់ដឹងពីរូបភាពជាបឋម នូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕


វ៉ាស៊ីនតោន ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃទី១៥ ខែតុលា ពោលគឺប៉ុន្មានថ្ងៃមុននេះ កងនាវិករួមទាំងក្រុមជំនាញមកពីទីភ្នាក់ងារការពារមីស៊ីលអាមេរិក នៅលើនាវាពិឃាត USS McFual បានបាញ់សាកល្បងមីស៊ីល SM-6 ដោយជោគជ័យ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
កងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថាការបាញ់ធ្វើតេស្តមីស៊ីល Standard Missile-6 (SM-6) ចេញពីនាវាពិឃាដមួយគ្រឿង ដែលមានបំពាក់ប្រព័ន្ធបាញ់ស្ទាក់មីស៊ីលផ្លោង Aegis។ប៉ុន្តែយោធាអាមេរិកមិនបានបញ្ជាក់ថា មីស៊ីលនេះបានចាប់ស្ទាក់គោលដៅណាមួយដែរ ឬក៏អត់ឡើយ។
ដោយឡែកសម្រាប់មីស៊ីល SM-6 ដែលត្រូវបានធ្វើតេស្តនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីអំឡុងខែសីហាកន្លងទៅ ចេញពីនាវាចម្បាំង USS John Paul Jones វិញនោះ បានកម្ចាត់ការគំរាមកំហែងមីស៊ីលផ្លោងដោយជោគជ័យ។
គួរបញ្ជាក់ថា SM-6 គឺជាប្រភេទមីស៊ីលតែមួយគត់លើលោក ដែលមានសមត្ថភាពប្រឆាំងនឹងគោលដៅ ទាំងនៅលើអាកាសផង, នៅលើគោកផង, និងចាប់ស្ទាប់មីស៊ីលផ្លោងផង៕

រាជធានីភ្នំពេញ ៖ អំឡុងនៃពិធីផ្ទេរនិងទទួលស្ពាន និងផ្លូវ ពីក្រុមហ៊ុនឧញ៉ាលី យ៉ុងផាត់ឯខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី១៥ តុលា លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសចំនួន២ទៀត ថែមទាំងផ្លូវក្រោមដីផង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសនៅរង្វង់មូលចោមចៅ និងច្រមុះជ្រូក ក្បាល់ថ្នាល់ដែលជាផ្លូវកែងរវាងផ្លូវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) និងផ្លូវ២៧១ ព្រមទាំងធ្វើផ្លូវក្រោមដីផងដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ខណៈបច្ចុប្បន្នពលរដ្ឋរស់នៅភ្នំពេញ មានជាង៣លាននាក់ និងចំនួនយានយន្តកាន់តែកើនឡើងជាបន្តបន្ទាប់នោះ ៕


រាជធានីភ្នំពេញ ៖ មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះហាងមួយមានស្លាកយីហោ «អេស ធី ស៊ី កុំព្យូទ័រ» ស្ថិតនៅម្ដុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានឆក់យកជីវិតមនុស្សរហូតដល់៤នាក់ (ប្រុសទាំងអស់) ដែលស្លាប់នៅក្នុងអណ្តាតភ្លើងទាំងកណ្តាលរាត្រី។
មន្ត្រីដដែលបន្តថា អគ្គិភ័យនេះបានឆាបឆេះតាំងពីម៉ោងជាង១១យប់ថ្ងៃ រហូតដល់ម៉ោង១ និង២០នាទីយប់ឆ្លងចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ទើបពន្លត់ទាំងស្រុង និងជួយអន្តរាគមន៍យកសាកសពចេញពីខាងក្នុងផ្ទះមូលហេតុនៃការឆាបឆេះនេះ។ ចំណែកមូលហេតុនៃឆាប់ឆេះនេះសមត្ថកិច្ចសង្ស័យថា អាចមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងនោះដែរ គេក៏ឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌ និងមន្ត្រីរដ្ឋបាលមួយចំនួន ចុះជួយអន្តរាគមន៍ក្នុងហេតុការណ៍នោះផងដែរ៕


រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្លាស់ប្តូរអភិបាលខេត្តបាត់ដំបង ដោយតែងតាំង លោក ងួន រតនៈ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ច័ន្ទ សុផល ដែលត្រូវចូលនិវត្តន៍ ៕


រាជធានីភ្នំពេញ ៖ រដ្ឋសភាបានអនុម័តម្តងមួយៗនៃសេចក្តីស្នើច្បាប់ទាំងអស់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ត្រូវបានកិច្ចប្រជុំសភា ពេញអង្គអនុម័តរួចហើយ ដោយសម្លេង៦៧លើ៦៧ នេះបើយោងតាមការប្រកាសរបស់កិច្ចប្រជុំសភាពេញអង្គ នាមុននេះបន្តិចនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។
សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គបានអនុម័តរួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

រាជធានីភ្នំពេញ ៖ ខណៈនេះសភាបានអនុម័តជាឯកច្ឆ័ន្ធច្បាប់ ស្តីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ហើយកំពុងបន្តពិភាក្សា និងអនុម័តច្បាប់ចំនួន២បន្តទៀត ។
សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គ ពិភាក្សា និងអនុម័តរួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

រាជធានីភ្នំពេញ ៖ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងអ្នកតំណាងរាស្ត្រ ជាឯកច្ឆ័ន្ធ ដោយសំឡេង ៦៧នៃចំនួនសមាជិកសភាទាំងមូល។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីស្នើវិសោធនកម្មច្បាប់ ទាំង៤ ដែលពាក់ព័ន្ធទៅនឹងនិតិវិធីនៃការរំលាយគណបក្សសង្គ្រោះជាតិ ។
ច្បាប់ទាំងបួន ដែលស្នើធ្វើវិសោធនកម្ម ហើយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេច ដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសភានាព្រឹកនេះមាន៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់។ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
កត់សម្គាល់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃនេះផងដែរ ប៉ុន្តែតំណាងរាស្ត្របក្សប្រឆាំងអវត្តមាន៕

អូទ្រីស ៖ លោក Sebastian Kurz ប្រធានគណបក្សប្រជាជន (People’s Party) បានប្រកាសពីការទទួលជ័យជំនះលើការបោះឆ្នោត ហើយការទទួលបានជោគជ័យនេះធ្វើឲ្យលោកក្លាយមេដឹកនាំវ័យក្មេងជាងគេនៅលើពិភពលោកកាលពីយប់មិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
គណបក្ស People’s Party ដែលមានវ័យត្រឹមតែ៣១ឆ្នាំរូបនេះ ទទួលបានជ័យជំនះចំនួន ៣១,៥ភាគរយ នៃលទ្ធផលឆ្នោត, បន្ទាប់មកគណបក្ស Social Democrats ២៧,១ភាគរយ និងគណបក្ស Freedom Party ២៥,៩ភាគរយ៕

សូម៉ាលី ៖ អាជ្ញាធរសូម៉ាលីបានឲ្យដឹងថា មនុស្សស្លាប់២៣១នាក់ និង២៧៥នាក់ផ្សេងទៀតបានទទួលរងរបួស ដោយសារការវាយប្រហារពីសំណាក់រថយន្តដឹកទំនិញ បំផ្ទុះគ្រាប់បែកមួយគ្រឿង នៅក្នុងរដ្ឋធានី របស់ប្រទេសសូម៉ាលី។ អាជ្ញាធរបញ្ជាក់ថា ការវាយប្រហារនៅថ្ងៃសៅរ៍នេះ គឺជាការវាយប្រហារសម្លាប់មនុស្សច្រើនជាងគេបំផុតតែមួយគត់ មិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិកមួយនេះ។
ជាមួយគ្នានេះប្រធានាធិបតី Mohamed Abdullahi Farmaajo បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ជួយបរិច្ចាកឈាម ជួយសង្គ្រោះជនរងគ្រោះ។ ទន្ទឹមនោះរដ្ឋាភិបាលសូម៉ាលី ក៏បានស្តីបន្ទោសចំពោះក្រុមភេរវកម្ម Al-Shabab ថា បានធ្វើការវាយប្រហារនេះ ខណៈក្រុមភេរវកម្មមួយនេះមិនទាន់មានការបកស្រាយនៅឡើយនោះទេ៕


រាជធានីភ្នំពេញ ៖ រង្វង់មូលកាំកូស៊ីធី ដែលមានទីតាំងនៅជាប់ព្រំប្រទល់រវាងខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក នឹងត្រូវបាត់រូបរាងពីរាជធានីភ្នំពេញ នៅមុនពិធីបុណ្យអ៊ំទូក និងជំនួសដោយភ្លើងស្តុបវិញ ស្រប ពេលដែលថ្មីៗនេះមានរង្វង់មូលចំនួន២កន្លែងរួចហើយ ដែលត្រូវបានយកចេញ និងបានជំនួស ដោយភ្លើងស្តុបដូចគ្នាដែរ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការដាក់ភ្លើងស្តុបជំនួសរង្វង់មូលវិញនេះ ធ្វើ ឡើងដោយសារតែនៅចំណុចរង្វង់មូលកាំកូស៊ីធីនេះ មានការកកស្ទះចរាចរខ្លាំងជារៀងរាល់ថ្ងៃ ដោះស្រាយមិនចេញ និងក្រោយពីសិក្សាទៅមើលឃើញថា មានតែឈូសយករង្វង់មូលចេញ ទើប ដោះស្រាយបញ្ហាកកស្ទះបាន ទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចឈួសរង្វង់មូលនេះចេញតែ ម្តង។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹង នៅ ព្រឹកថ្ងៃទី១៤ តុលានេះ ថា ក្រុមការងារនឹងធ្វើសកម្មភាពដោយដាក់គ្រឿងចក្រឈួសឆាយរង្វង់មូលកាំកូស៊ីធី ចេញតែម្តង នៅរាត្រីទី១៤ ខែតុលា នេះ ដើម្បីប្តូរពីរង្វង់មូលទៅជាភ្លើងស្តុបបញ្ជា ចរាចរណ៍វិញ ។ លោកបន្តថា ការងារតំឡើងភ្លើងស្តុបថ្មី ជំនួសឱ្យរង្វង់មូលនៅចំណុចនេះ រដ្ឋបាល រាជធានីភ្នំពេញមានគម្រោងធ្វើអោយបានរួចរាល់នៅមុនព្រះរាជពិធីបុណ្យអ៊ុ ទូក អកអំបុក សំពះព្រះខែ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ មានន័យថា ព្រះរាជពិធីបុណ្យអុំ ទូក អកអំបុក សំពះព្រះ មកដល់ស្តុបថ្មីនេះ ចាប់ផ្តើមដំណើរការតែម្តង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា ភ្លើងស្តុបរង្វង់មួលកាំកូស៊ីធី នឹងបំពាក់ ភ្លើង ស្តុប ភ្លើងសញ្ញាមិនខុសគ្នាប៉ុន្មានពីស្តុបរង្វង់មួលទួលគោក និងស្តុបនាងគង្ហីងប៉ុន្មានឡើយ ដោយសារតែនៅចំណុចស្តុបទាំងនេះ មានផ្លូវច្រើនត្រូវឆ្លងកាត់ ហើយក្រោយការបំពាក់ភ្លើងស្តុប សញ្ញាចរាចរណ៍រួចហើយ ចំណុចរង្វង់មូលកាំកូស៊ីធីនេះហើយ វា នឹងអាចដោះស្រាយចរាចរណ៍ បានល្អប្រសើរជាងមុន ជាក់ជាមិនខានឡើយ៕


ខេត្តស្ទឹងត្រែង ៖ កាលពីយប់ថ្ងៃទី១៤តុលាកន្លងទៅថ្មីៗនេះមានករណីឃាតកម្មដ៏សាហាវ១កើតឡើងនៅស្រុកសៀមប៉ាង ឃុំព្រែកមាស ភូមិពងគ្រៀលនៅចំនុចទួលវែង ដោយជន សង្ស័យបានធ្វើសកម្មភាព មកលើកុម៉ាច្របាប់ករួចហើយ ច្រកចូលការុង អូសយកទៅទំលាក់ក្នុងទឹកស្រះស្លាប់តែម្ដងនៅក្នុងទីតាំងភូមិកើតហេតុខាងលើ។ ឪពុកម្ដាយរបស់កុមាររងគ្រោះបានឲ្យដឹងផងថា ដោយបាត់កូនអត់ឃើញក៏ដើររក តែរកមិនឃើញ លុះព្រឹកឡើងថ្ងៃទី១៥តុលាក៏ប្រទះឃើញសាកសពកូននៅក្នុងការុងអណ្ដែតក្នុងទឹតស្រះនោះ។
បើតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថា កុមារាម្នាក់ដែលបានស្លាប់នោះមានឈ្មោះ ម៉ៅ តយ ភេទប្រុស អាយុ៤ឆ្នាំ ឪពុកឈ្មោះ សន ម៉ៅ អាយុ៣៩ ម្ដាយឈ្មោះ ចាន់លី អាយុ៣៨ឆ្នាំរស់នៅ ភូមិកើតហេតុខាងលើ។ សមត្ថកិច្ចបានបន្ថែមថា ជនសង្ស័យដែលបានធ្វើសកម្មភាព សម្លាប់មកលើកុមារាម្នាក់នោះនៅ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេហើយក៏មិនដឹងពីមូលហេតុអ្វីដែរបានជាជនសង្ស័យសម្លាប់កុម៉ារាម្នាក់នោះដែរ។ ប៉ុន្តែសមត្ថកិច្ចនិងបន្តស្រាវជ្រាវ វែកមុខរក ឃាតករនោះមកផ្ដន្ទាទោសទៅតាមច្បាប់ឲ្យបាន។ ដោយឡែកសាកសពកុមារារងគ្រោះបន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចហើយសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕



ខេត្តរតនគិរី ៖ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ហាក់ ហ័ន បានដឹកនាំកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តចុះត្រួតពិនិត្យធ្វើកុសលវិច្ច័យលើសាកសពយុវជន២នាក់បន្ទាប់ពីយុវជនទាំង២នោះបានបាត់បង់ជីវិតនៅក្នុងអណ្តូងរ៉ែមាសក្រុមហ៊ុនមាសស្គូហ្គោលដោយសារធុងយោងរ៉ែដាច់ធ្លាក់ពីលើមកក្រោម។
យុវជន២នាក់ស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ នៅក្នុងក្រុមហ៊ុនធ្វើរ៉ែមាស «មាសស្គូហ្គោ»ត្រង់ចំណុចអណ្តូងរ៉ែមាស។
បើតាមការអោយដឹងពីកម្មករធ្វើការជាមួយគ្នាថា យុវជនទាំង២នាក់រងគ្រោះដោយសារដាច់ធុងយោងអាចម៌ដីធ្លាក់ពីលើបន្ទាប់ពីធុងយោងនោះបានដាក់ស៊ីម៉ងចុះទៅបាតរណ្តៅហើយពេលយោងធុងនោះឡើងមកវិញបានកម្ពស់ប្រមាណជាង២០ម៉ែត្រក៏ដាច់ទឹកអន្សាធ្លាក់មកវិញត្រូវយុវជនទាំង២ដែលនៅខាងក្រោមបណ្តាលឲ្យបាក់ចង្កេះ បាក់ថ្កាមទាំង២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ប្រភពបានបន្តថា ជនរងគ្រោះទាំងពីរនាក់បងប្អូនមានឈ្មោះ ទី១ ឆក សារុំ ភេទប្រុស អាយុ២២ឆ្នាំ ទី២ឈ្មោះ ឆក សារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរនាក់ជាបងប្អូនបង្កើតមានទីលំនៅភូមិកប្បា ឃុំមេម៉ង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ទើបតែមកធ្វើការក្នុងក្រុមហ៊ុននេះបានជាងមួយសប្តាហ៍តែប៉ុណ្ណោះហើយប្រាក់កម្រៃម្នាក់ៗទទួលបាន៣ម៉ឺនរៀលក្នុង១ថ្ងៃ។
បន្ទាប់ពីកើតហេតុខាងក្រុមហ៊ុនបានរាយការណ៍មកសមត្ថកិច្ចនគរបាលខេត្ត ហើយដឹកសាកសពជនរងគ្រោះទាំង២មកវត្តភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដើម្បីប្រគល់ជូនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីដឹកនាំកម្លាំងជំនាញចុះធ្វើកុសលវិច្ច័យ។
បើយោងតាមការឲ្យដឹងពីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តថា ជនរងគ្រោះទាំង២ពិតជាគ្រោះថ្នាក់ដោយសារឧប្បវហេតុខាងលើពិតប្រាកដមែន។
បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួចលោកព្រះរាជអាជ្ញារងបានបញ្ចាឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារឫក្រុមហ៊ុនដើម្បីចាត់ចែងបន្ត។
បើតាមការឲ្យដឹងពីតំណាងក្រុមហ៊ុនរ៉ែមាស«មាសស្គូហ្គោ»របស់ក្រុមហ៊ុនឥណ្ឌានោះថា សាកសពទាំង២ត្រូវបានក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុងទាំងជួលឡានពេទ្យដឹកសាកសពនិងធ្វើបុណ្យនៅខេត្តត្បូងឃ្មុំ។ លោកបានបន្តថា ចំណែកការសងសំណងទៅលើសាកសពទាំងពីរលោកមិនទាន់ដឹងថាខាងក្រុមហ៊ុនសងប៉ុន្មាននោះទេ ក៏ប៉ុន្តែលោកដឹងថា ខាងបេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា ប ស ស និងធានាចិញ្ចឹមម្តាយជនរងគ្រោះអស់មួយជីវិត៕


ម៉ិចស៊ីកូ ៖ គ្រោះរញ្ជួយដីមួយកម្រិត៥.៤រ៉ិចទ័រ បានវាយប្រហារជាថ្មីម្តងទៀតនៅភាគអាគ្នេយ៍ នៃប្រទេសម៉ិចស៊ីកូ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយនៅមុនបន្តិច។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងថា ហេតុការណ៍រញ្ជួយផែនដីខាងលើ មានចំណុចរំញ័រនៅប៉ុន្មាន ០៩គីឡូម៉ែត្រពីភាគខាងក្រុង សាន់ ឌីអូនីស៊ីយ៉ូ ឌែល ម៉ា (San Dionisio del Mar) ដែលស្ថិតនៅភាគអាគ្នេយ៍ម៉ិចស៊ីកូ ហើយវាមានជម្រៅប្រមាណ ៥៩.៥២គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រ។
ទោះបីយ៉ាងណានៅពុំទាន់ទទួលបានសេចក្តីរាយការណ៍ ស្តីពីមនុស្សរងគ្រោះ ឬការបំផ្លិចបំផ្លាញ ក៏ដូចជារលកយក្សស៊ូណាមិ ដែលអាចបង្កឡើងនៅឡើយទេ៕


ប៉េកាំង ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានគយរបស់ប្រទេសចិនបាននិយាយថា ការនាំចូលពីប្រទេសកូរ៉េខាងជើងមកកាន់ប្រទេសចិនបានធ្លាក់ចុះរហូតដល់ទៅ៣៧.៩% នៅក្នុងខែកញ្ញាបើធៀបទៅនឹងឆ្នាំមុន ដែលនេះបានបង្ហាញពីការធ្លាក់ចុះចំនួន៧ខែជាប់គ្នា។
អ្នកនាំពាក្យបានបន្ថែមថា ការនាំចូលនូវធ្យូងថ្ម, រ៉ែដែក និងសម្លៀកបំពាក់ត្រូវបានធ្លាក់ចុះទាំងអស់កាលពីខែកញ្ញា។ រីឯការនាំចេញពីប្រទេសចិនទៅកាន់ប្រទេសកូរ៉េខាងជើងនៅក្នុងខែកញ្ញាក៏បានធ្លាក់ចុះចំនួន៦.៧%ផងដែរ ប្រសិនបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើគិតនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០១៧នេះ, ការនាំចូលពីប្រទេសកូរ៉េខាងជើងមកកាន់ប្រទេសចិនបានធ្លាក់ចុះចំនួន១៦.៧% ពោលគឺ១.៤៨ពាន់លានដុល្លារអាមេរិកបើធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែការនាំចេញរបស់ប្រទេសចិនទៅកាន់ប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំនេះមានការកើនឡើងចំនួន២០.៩% ពោលគឺ២.៥៥ពាន់លានដុល្លារអាមេរិក ដែលកំណើននេះបានធ្វើឲ្យមានអតិរេកពាណិជ្ជកម្មជាមួយប្រទេសកូរ៉េខាងជើងចំនួន១.០៧ពាន់លានដុល្លារអាមេរិកនៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ។
សូមជម្រាបថា ប្រទេសចិនក៏បានចូលរួមក្នុងការបង្កើនការដាក់ទណ្ឌកម្មពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសកូរ៉េខាងជើងកាលពីខែកញ្ញា បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងនុយក្លេអ៊ែរលើកទី៦របស់គេផងដែរ ៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍