All posts by មេគង្គ ប៉ុស្តិ៍

លោកស្រី គ្លី​ន​តុ​ន ៖ ការ​គំរាម​ផ្ទុះ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​គឺជា​រឿង​គ្រោះថ្នាក់ និង​ការគិត​ខ្លី​

​សេ​អ៊ូ​ល ៖ អតីត​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) បាន​និយាយថា ការ​គំរាម​ដើម្បី​ចាប់ផ្តើម​សង្គ្រាម​នៅលើ​ឧបទ្វីប​កូរ៉េ​គឺជា​រឿង​គ្រោះថ្នាក់ និង​ការគិត​ខ្លី ហើយ​បាន​ជំរុញ​ឲ្យ​សហរដ្ឋអាមេរិក​អំពាវ​នាវ​ដល់​ភាគី​ទាំងអស់​ឲ្យ​ងាក​ទៅរក​តុ​ចរចា​។ ការលើកឡើង​របស់លោក​ស្រី​បែបនេះ​ធ្វើឡើង ខណៈដែល​លោកស្រី​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​
​លោកស្រី​បន្តថា សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក​កំពុងតែ​បង្ហាញ​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើងទៅ​លើ​ភាពជឿជាក់​របស់​សហរ​ដ្ឋ​អាមេរិក​។ ចំណែកឯ​តួនាទី​របស់​ប្រទេស​ចិន​នៅក្នុង​ការទប់ស្កាត់​កូរ៉េខាងជើង​, លោកស្រី គ្លី​ន​តុ​ន បាន​និយាយថា ប្រទេស​ចិន​ត្រូវតែ​ធ្វើ​អ្វីដែល​គេ​អាច​ធ្វើបាន​ដើម្បី​រឹតបន្តឹង​ការដាក់​សម្ពាធ​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​កូរ៉េខាងជើង ហើយ​ស្របពេល​ជាមួយគ្នា​នោះ​គឺ​ធ្វើ​ឲ្យ​ការគំរាមកំហែង​ដែល​ប្រទេស​កូរ៉េខាងត្បូង​កំពុងតែ​ប្រឈមមុខ​មានការ​ធ្លាក់ចុះ ប៉ុន្តែ​ប្រទេស​ចិន​មិនអាច​ធ្វើបាន​ទាំង​២​ទេ​។​
​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក​បាន​កើនឡើង​ខ្លាំង​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់គេ​ជា​ហូរហែ ហើយ​និង​ការកើនឡើង​នូវ​ចំណង់​ចំណូលចិត្ត​ធ្វើសង្គ្រាម​ទៅវិញទៅមក​រវាង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​៕

​

ចិន​នឹងមិន​លើកលែង​ចំពោះ​រាល់​ផែនការ​ផ្តាច់ខ្លួន​របស់​កោះ​តៃវ៉ាន់​ឡើយ​

​ប៉េកាំង ៖ ថ្លែង​នៅក្នុង​ពិធី​បើក​សមាជ​បក្សកុម្មុយនិស្ត​ចិន​កាលពី​ម្សិលមិញ ប្រធានាធិបតី​ចិន​លោក ហ្ស៊ី ជីន​ពីង (Xi Jinping) ថា ប្រទេស​ចិន​នឹងមិន​លើកលែង​ចំពោះ​រាល់​ផែនការ​ផ្តាច់ខ្លួន​ណាមួយ​របស់​កោះ​តៃវ៉ាន់​ឡើយ រាល់​ការប៉ុនប៉ង​ណាមួយ​ដើម្បី​ឯករាជ្យភាព​របស់​កោះ​តៃវ៉ាន់​នឹងត្រូវ​ជួប​ជាមួយ​ការប្រឆាំង​។​
​លោក​បញ្ជាក់ថា នៅ​ចំពោះមុខ​ប្រតិភូ​ជាង​២​ពាន់​នាក់​ដែល​បាន​ចូលរួម​ក្នុង​សមាជ​ថា ប្រទេស​ចិន​មាន​ទំនុកចិត្ត និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំបែក​ការប៉ុនប៉ង​ផ្តាច់ខ្លួន​របស់​កោះ​តៃវ៉ាន់​នៅ​គ្រប់​ទំរង់​ទាំងអស់​។ លោក​អះអាងថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​នៅក្នុង​ទីក្រុង​ប៉េកាំង​គឺជា​រដ្ឋាភិបាល​ស្របច្បាប់​តែមួយគត់​របស់​ប្រទេស​ចិន​។​
​សូមបញ្ជាក់ថា លោក ហ្ស៊ី ដែល​បាន​ក្លាយជា​មេដឹកនាំ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១២​នោះបាន​នឹង​កំពុង​ពង្រឹង​អំណាច ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​នៅ​បន្ត​ធ្វើជា​ប្រធាន​បក្សកុម្មុយនិស្ត​ចិន​ដដែល​៕

​

ទ្រព្យសម្បត្តិ​លោក ដូ​ណា​ល់ ត្រាំ ធ្លាក់ចុះ​អស់​ជាង​៦០០​លាន​ដុល្លារ​

​អាមេរិក ៖ បញ្ជី​ឈ្មោះ​ជនជាតិ​អាមេរិក​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​របស់​ទស្សនាវដ្ដី​ហ្វ​ប (Forbes) បាន​បង្ហាញថា ទ្រព្យសម្បត្តិ​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ថយចុះ​អស់​ជាង​៦០០​លាន​ដុល្លារ​អាមេរិក​មក​នៅត្រឹម​៣,១​ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​លទ្ធផល លោក ត្រាំ បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​ទី​២៤៨​នៅក្នុង​បញ្ជី​ឈ្មោះ​នោះ​បន្ទាប់ពី​ជាប់​ចំណាត់ថ្នាក់​ទី​១៥៦​កាលពី​ឆ្នាំទៅ​។​
​ទស្សនាវដ្ដី​ហ្វ​ប (Forbes) បាន​និយាយថា​ការធ្លាក់ចុះ​ទ្រព្យសម្បត្តិ​របស់លោក ត្រាំ គឺ​ដោយសារ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ញូវយ៉ក​ដែល​កំពុងតែ​យ៉ាប់យ៉ឺន​ជាពិសេស​ទីតាំង​លក់រាយ​, ការចំណាយ​ទៅលើ​បណ្ដឹង និង​ការចំណាយ​ដ៏​ច្រើន​ទៅលើ​យុទ្ធនា​ការឃោសនា​ស្វែងរក​សំឡេងឆ្នោត​។​
​ស្ថាបនិក​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ (Microsoft) លោក ប៊ី​ល ហ្គេ​ត (Bill Gates) បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១​ក្នុង​បញ្ជី​ឈ្មោះ​នោះ​២៤​ឆ្នាំ​ជាប់​គ្នា​ជាមួយ​ទ្រព្យសម្បត្តិ​៨៩​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) លោក ម៉ាក ហ្សា​ក់​ឃឺ​ប៊ឺ​ក (Mark Zuckerberg) ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤​ជាមួយ​ទ្រព្យសម្បត្តិ​៧១​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​សម្រាប់​ឆ្នាំនេះ​ទ្រព្យសម្បត្តិ​សរុប​របស់​ជនជាតិ​អាមេរិក​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត​ទាំង​៤០០​នាក់​មាន​ចំនួន​២,៧​ពាន់​លាន​លាន​ដុល្លារ​អាមេរិក​កើនឡើង​ជាង​ឆ្នាំទៅ​ដែលមាន​ចំនួន​សរុប​តែ​២,៤​ពាន់​លាន​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕

​

ពលរដ្ឋ​ខ្មែរ​ជាង​៤០​ម៉ឺន​នាក់​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤០៣,២០៨​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ ខណៈ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​មាន​ចំនួន​ជាង ៥​ពាន់​នាក់ និង​អ្នក​ខុស​កែតម្រូវ​មាន​ចំនួន​ជិត​៤​ពាន់​នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​៕

​

ពិព័រណ៍​ការងារ​នៅ​កោះ​ពេជ្រ នឹង​បង្ហាញផ្លូវ​សម្រាប់​អ្នកស្វែងរក​ការងារ​ធ្វើ​

​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា នឹង​រៀបចំ​ព្រឹ​ត្ត​ការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ គឺ ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០១៧ នៅ​ថ្ងៃទី​២៧ និង​២៨​ខែតុលា ខាងមុខនេះ នៅ​អគារ​កោះ​ពេជ្រ ដើម្បី​ផ្តល់នូវ​ទីកន្លែង​ជួបជុំគ្នា​ដោយ​ងាយស្រួល​សម្រាប់​និយោជក អ្នកផ្តល់​ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ​ធ្វើ និង​កម្មករនិយោជិត ក្នុងការ​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ​។​
​លោក ហៃ ប៊ុន​ឡេង អនុប្រធាន​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្តីពី ពិព័រណ៍​ការងារ និង​ផលិតផល​ជាតិ​ឆ្នាំ​២០១៧ ដែល​បានធ្វើ​នៅ​ថ្ងៃទី​១៨​ខែតុលា​នេះ​ថា ពិ​ព័រ​ណ៌​ការងារ​ឆ្នាំនេះ មាន​ក្រុមហ៊ុន​ធំៗ​ជាង​១២០ មកពី​វិស័យ​សំខាន់ៗ ដូចជា ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ បដិសណ្ឋារកិច្ច ទូរគមនាគមន៍ អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាដើម ដែល​នឹងត្រូវ​តាំង​បង្ហាញ​នៅក្នុង​បញ្ជរ​សរុប​ចំនួន​២១៦​។​
​លោក អនុប្រធាន បន្តថា ក្រៅពី​ទទួលបាន​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង អ្នកចូលរួម​នឹង​ទទួលបាន​ព័ត​មាន​ពី​ផែនការ តម្រូវការ និង​គោលនយោបាយ​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​នាពេល​បច្ចុប្បន្ន និង​អនាគត កម្មវិធីសិក្សា​អាហារូបករណ៍ វគ្គ​សិក្សា និង​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ជាច្រើន​ទៀត​។ បន្ថែម​ពីលើ​នោះ​ព័ព​រណ៍កា​រងារ​នេះ នឹងចូលរួម​លើកកម្ពស់​ការយល់ដឹង​ពី​ផលិតភាព​របស់​កម្មក​រ​និយោជិត​តាមរយៈ​ការបង្ហាញ​អំពី​វិធីសាស្ត្រ​បំពេញ ការងារ គំនិត​ច្នៃប្រឌិត​ថ្មីៗ ជំនាញ​បច្ចេកវិទ្យា​និង​ឧបករណ៍​ដែល​ជំរុញ​ដល់​ការបង្កើន​ប្រសិទ្ធិភាព និង​ស័​ក្ត​សិទ្ធ​ភាព​ក្នុង​ការងារ ឬ​អាជីវកម្ម​ឲ្យ​កាន់តែ​ប្រសើរ​។ នាឱកាស​នោះដែរ ក៏មាន​វាគ្មិន​ជាតិ និង​អន្តរជាតិ​ល្បីៗ ចូលរួម​ចែករំលែក​ចំណេះដឹង បទពិសោធន៍ ជំនាញ និង​ការអនុវត្ត​ល្អៗ លើ​ប្រធានបទ​ពាក់ព័ន្ធ​ការបង្កើន​ផលិតភាព ប្រក​ដោយ​ភាពជោគជ័យ​កន្លងមក និង​មាន​និរន្តរភាព​។​
​លោក នួន សុភៈ តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​លើកឡើងថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៧ គឺជា​ការជំរុញ​យន្តកា​រ វេទិកា​ការងារ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដើម្បី​លើកកម្ពស់​វិស័យ​ការងារ និង​ព័ត​មាន​ទីផ្សារការងារ​នៅ​កម្ពុជា ជាពិសេស​សំដៅ​ផ្តល់ឱកាស​ទូលំទូលាយ​ដល់​កម្លាំង​ពលកម្ម​ទាំង​មាន​ជំនាញ និង​មិនមាន​ជំនាញ​ឲ្យ​ទទួលបាន​ការងារ​កាន់​តែ​ប្រសើរ ចំណេញ​ពេលវេលា កាត់បន្ថយ ចំណាយ និង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់​។
​លោក កាំ​ង មូ​នី​កា តំណាង​សមាគម​រោងចក្រ​កាត់ដេរ ហៅ​កាត់​ថា GMAC បាន​លើកឡើងថា តាមរយៈ​ព្រឹត្តិការ​ប្រចាំ​ឆ្នាំនេះ កម្មករ និយោជិត អ្នក​ស្វែ​រក​ការងារ​ធ្វើ ក៏ដូចជា​យុវជន​កម្ពុជា​ទាំងអស់ នឹង​បានដឹង​កាន់តែច្បាស់​ពី​ព័ត៌មាន​ទីផ្សារ​ងារ និង​ឱកាស​ការងារ​សមរម្យ ដែល​យើង​នឹង​យកទៅ​ផ្សព្វផ្សាយ​ក្នុង​ពិ​ព័រ​ណ៌​ការងារ​នោះ​។​
​សូមបញ្ជាក់ថា ពិ​ព័រ​ណ៌​ការងារ​ខាងមុខនេះ​ត្រូវបាន​រំពឹងថា​មាន​អ្នកចូលរួម​ទស្សនា​ជាង​៣​ម៉ឺន​នាក់​ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត យុវជន អ្នកស្វែងរក​ការងារ និង​កម្មករ និយោជិត មកពី​គ្រប់​វិស័យ​៕

​

ភ្នំពេញ​ចាប់ផ្តើម​សង់ស្ពាន​ថ្ម​ថ្មី​ឆ្លងកាត់​ទន្លេសាប ឫស្សីកែវ​-​ជ្រោយចង្វា ប្រវែង​៩២២​ម៉ែត្រ

​ភ្នំពេញ ៖ ដោយសារ​ប្រទេស​មាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍន៍ ការធ្វើដំណើរ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ពិតជា​សំខាន់​ណាស់ រាជរដ្ឋាភិបាល​ក៏បាន​សម្រេចចិត្ត​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ថ្មី​មួយទៀត​ទុក​ជូន​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ទៅមក​ឆ្លងកាត់​ពី​តំបន់​ជ្រោយចង្វារ​ផ្លូវជាតិ​លេខ​៦ មក​តំបន់​ឬ​ស្សី​កែវ​ផ្លូវជាតិ​លេខ​៥​។​
​កាលពី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ត្រៀម​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧​ខាង​មុននេះ​។ ស្ពាន​ថ្មី​មួយ​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​បញ្ជៀ​ស​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៦ ឆ្លង​ចូល​ផ្លូវជាតិ​លេខ​៥​។​
​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប មាន​ទីតាំង​ឆ្លង​ទន្លេសាប លើ​តម្រង់ផ្លូវ​សាលា​ដែក ក្នុង​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វា​ប្រវែង​៩២២​ម៉ែត្រ ទទឹង ២០,៥​ម៉ែត្រ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង ១,២៥​ម៉ែត្រ​សងខាង កម្ពស់​សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន ៣៤​ម៉ែត្រ សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ៤​សសរ គម្លាត​ពីគ្នា ១២០​ម៉ែត្រ គន្លង​ខ្សែ​យានយន្ត​ទទឹង ៣,៧៥​ម៉ែត្រ គន្លង​ធ្វើចរាចរ​ចំនួន ២​ខ្សែ​ទៅ ២​ខ្សែ​មក ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កម្ពស់​នាវាចរ​ក្រោម​ស្ពាន អតិបរមា​នៅ​រដូវវស្សា ១០,៥​ម៉ែត្រ កម្ពស់​នាវាចរ​ក្រោម​ស្ពាន អប្បបរមា​នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ ដាក់​ស្លាក​សញ្ញា​ចរាចរ​។​
​សូមបញ្ជាក់ថា មុនពេល​វត្តមាន​ស្ពានថ្ម​ប្រណីត​ថ្មី​នេះ​កើតឡើង ក៏មាន​ការសាងសង់​ស្ពាន បា​ឡេ​មួយ​ខ្សែ ស្របគ្នា​នឹង​ស្ពានថ្ម​ថ្មី​នេះដែរ ដើម្បី​បញ្ជៀ​ស​ចរាចរ ខណៈ​ស្ពាន មិត្តភាព កម្ពុជា​-​ជប៉ុន ត្រូវបាន​បិទ​ការធ្វើ​ចរាចរ ដើម្បី​ជួសជុល​ឡើងវិញ​ដែលមាន​រយៈពេល​រហូត​ដល់​ទៅ​២​ឆ្នាំ​នោះ​។ ស្ពាន​បា​ឡេ​នេះ នឹង​រំដោះ​ការកកស្ទះ​ចរាចរ ពី​រាជធានី​ភ្នំពេញ ទៅ​ផ្លូវជាតិ​លេខ​៦ និង​ផ្លូវជាតិ​លេខ​៥ បន្ទាប់ពី​សាងសង់​ហើយ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​៕

​

អាជ្ញាធរ​មូលដ្ឋាន​ត្រូវមាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ

​ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ​លោក នួន សុ​ផា​រ័ត្ន ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ រួមគ្នា​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​នៅក្នុង​មូលដ្ឋាន ដែល​ខ្លួន​គ្រប់គ្រង​ឱ្យបាន​ល្អ ជៀង​វៀង​ទុក​បញ្ហា​ចោល ដែលនាំឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាក់ថ្នាំង​ចិត្ត ដោយសារ ការមិន​អើពើ​របស់​អាជ្ញាធរ​ដែល​ជា​ម៉ែឪ​ផ្ទាល់​។​
​ការស្នើ​នេះ​បាន​ធ្វើឡើង​នៅក្នុង​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​២​នៅ​ខណ្ឌ​៧​មករា នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ​។ លោក​អភិបាលរង​បាន​លើកឡើងថា តាមរយៈ​វេទិការ​នៅថ្ងៃនេះ ទទួលបាន​សំនួរ សំណើរ និង​សំណូមពរ​ផ្ទាល់មាត់​ចំនួន​៨ និង​ជា​លាយ​លក្ខ​អក្សរ​ចំនួន​១៥ ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​ពលរដ្ឋ ។ វេទិការ​នេះ​មាន​សារសំខាន់​ណាស់ ដែលជា​ការទទួលខុសត្រូវ​មួយ​របស់​រដ្ឋបាល​ដែនដី នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ដោយ​ត្រង់ៗ​។
​លោក​បញ្ជាក់ថា ការចូលរួម​មតិយោបល់​របស់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ បង្ហាញថា កម្ពុជា​បាន​អភិវឌ្ឍន៍​ខ្លួន​មក​ឆ្ងាយ​ហើយ ពោលគឺ​ប្រទេស​មានការ​រីកចំរើន មាន​សន្តិភាព​ពេញលេញ មាន​សន្តិសុខ សុវត្ថិភាព​យ៉ាង​ល្អប្រសើរ ហើយ​ប្រជាជនមាន​សិទ្ធិ​បញ្ចេញ​មតិយោបល់​ពី​កង្វល់​រួម​ក្នុង​មូលដ្ឋាន ដើម្បីឱ្យ​អាជ្ញាធរ​យកទៅ​ពិនិត្យ​និង​ដោះស្រាយ​ជូន​។ ប៉ុន្តែ​អ្វីដែល​ត្រូវ​ដោះស្រាយ​នៅ​ចំពោះមុខ​គឺ​សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង​សេចក្តីសុខ​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​”​។ បញ្ហា​ទាំងនេះ ទាមទា​ឱ្យមាន​ការចូល​រួមសហកា​រ​គ្នា​យ៉ាង​ស្អិតរ​មួ​ត រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ដែល​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​។​
​ជាមួយគ្នា​នោះ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា បើ​ចង់ឱ្យ​មូលដ្ឋាន​ឱ្យបាន​ស្អាត ល្អ លឿង​គឺ​ទាមទា​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​លើ​គ្រប់ផ្នែក ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បីឱ្យ​មូលដ្ឋាន​រស់នៅ​មានការ​អភិវឌ្ឍន៍​។​
​យ៉ាងណា លោក​បញ្ជាក់ថា ស្របពេល​ស្រុកទេស មាន​សុខសន្តិភាព មាន​សុវត្ថិភាព​គ្រប់គ្រាន់ ប្រជាជន​ត្រូវការ​រស់នៅ​មាន​សណ្តាប់​ធ្នាប់ មាន​អនាម័យ​ល្អ មាន​បរិស្ថាន​ស្អាត ជាពិសេស​មានការ​អភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ​តាម​មូលដ្ឋាន​ឱ្យបាន​ស្អាត​ល្អ​ផងដែរ​។ ដើម្បីឱ្យ​ការអភិវឌ្ឍ​មូលដ្ឋាន​បាន​អាច​ប្រព្រឹត្តិទៅបាន​ល្អប្រសើរ គឺ​ត្រូវការ​ចាំបាច់​ពី​ការចូលរួម​របស់​ប្រជាជន ហើយ​ប្រជាជន​ក៏ត្រូវ​តែមាន​ការយល់ដឹង​ពី​ការរស់នៅ​ស្អាត និង​ផ្តល់​ក្តី​សុខ​ដល់​អ្នកដទៃ​ផងដែរ​៕

​

កម្ពុជា និង​UN បង្កើត​កម្មវិធី​លើកកម្ពស់​សមត្ថភាព និង​វិជ្ជាជីវៈ​យុវជន​កម្ពុជា​

​ភ្នំពេញ ៖ អង្គការ​សហ​ប្រជាជ​តិ​ប្រចាំ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី​រួមគ្នា​ដើម្បី​មុខរបរ​និង​ឱកាស​ការងារ​សមរម្យ​សម្រាប់​យុវជន​នៅ​កម្ពុជា ដែល​គម្រោង​នេះ​ត្រូវបាន​បើក​កិច្ចប្រជុំ​ជា​លើកទីមួយ​របស់ខ្លួន នៅ​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៧ ដែល​ដឹកនាំ​ដោយ​សហប្រធាន មាន ឯកឧត្តម​បណ្ឌិត​អ៊ិត​សំហេង​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកជំទាវ Claire Van der Vaeren​អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា នៅ​ទីស្តីការក្រសួង​ការងារ​។
​លោក​បណ្ឌិត អ៊ិត សំហេង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅក្រោយ​កិច្ចប្រជុំ​នោះ​ថា កិច្ចប្រជុំ​នៅថ្ងៃនេះ មាន​គោលបំណង​ដើម្បី​ឧទ្ទេសនាម សមាជិក​-​សមាជិការ គណៈ​ប្រឹក្សា​ភិ​បាល ដែលមាន​របៀបវារៈ​ចំនួន​បី បាន​លើ​មក​ពិភាក្សា និង​ធ្វើការ​អនុម័ត ក្នុងនោះ​មាន ៖ និតិ​វិធី​ដំណើរការ​សកម្មភាពរ​បស់​ក្រុមប្រឹក្សា​គម្រោង​, ការពិនិត្យ​និង​អនុម័ត​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​របស់​គណៈ​ប្រឹក្សា​ភិ​បាល​ពិគ្រោះ​យោបល់ និង ការពិនិត្យ​និង​អនុម័ត​លើ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​របស់​កម្មវិធី​សម្រាប់​ឆ្នាំ​ទី​១​។​
​នៅ​ឆ្នាំ​ទីមួយ​នេះ កម្មវិធី​រួមគ្នា គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៤​លាន​ដុល្លារ សម្រាប់​ដំណើរការ​កិច្ចការ​ជាច្រើន​របស់​គម្រោង​លើ​ឱ្យ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការកសាង​សមត្ថភាព​យុវជន នឹង​ការបង្កើត​ឱកាស​ការងារ​សមរម្យ​ដែល​នឹងត្រូវ​ចាប់ផ្តើម​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ទៅ​។ គណៈ​ប្រឹក្សា​ភិ​បាល បានទទួល​សិទ្ធិ​ប្រទាន​ពី​ម្ចាស់ជំនួយ​ទីភ្នាក់ងារ​ស្វី​ស​ដើម្បី​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ដើម្បី​ធ្វើការ​សម្រេចចិត្ត​នានា ដោយ​យោងតាម​គោលបំណង អភិក្រម និង​វិសាលភាព​របស់​គម្រោង ដូចដែល​បានកំណត់​នៅក្នុង​ឯកសារ​គម្រោង​ជា​ធរមាន​។
​កម្មវិធី​រួមគ្នា​របស់​អង្គការសហប្រជាជាតិ​ស្តីពី​មុខរបរ និង​ការងារ​សម្រាប់​យុវជន នៅ​កម្ពុជា​នេះ និង​កាន់តែ​ជំរុញ​ដល់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ នូវ​គោលដៅ​នៃ​គោលនយោបាយ​ជាតិ​ធំៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ កម្មវិធី​រួមគ្នា​នេះ ចាប់ផ្តើម​រយៈពេល​២​ឆ្នាំ ពី​ខែកញ្ញា ឆ្នាំ​២០១៧ ដល់​ខែសីហា​ឆ្នាំ​២០១៩ ដើម្បី​អភិវឌ្ឍន៍ យុវជន និង​ស្ត្រី​វ័យក្មេង​កាន់តែ​ច្រើនឡើង​ឱ្យទទួល​បាន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព ហើយ​អ្វី​ដែលជា​ការរំពឹងទុក​ក្នុងការ​សម្រេច​ឱ្យបាន​គឺ យុវជន និង​ស្ត្រី​វ័យក្មេង​ទទួលបាន​ការអប់រំ​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ប្រកបដោយ​គុណភាព និង​ការស្ម័គ្រចិត្ត​ដើម្បី​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវ​: និង​បច្ចេកទេស​។ ក្រៅពីនេះ យុវជន និង​ស្ត្រី​វ័យក្មេង​ទាំង​ក្នុង​និង​ក្រៅ​សាលា​បានទទួល ជំនាញ អាជីវកម្ម និង​សហគ្រាស​គ្រប់គ្រាន់​ដើម្បី​អភិវឌ្ឍ​សហគ្រាស​ប្រកបដោយ​និរន្តរភាព​ជាពិសេស​យុវជន​បានទទួល​អត្ថ​ប្រ​យោ​ជ​ន៏​ពី​ហានិភ័យ​នៃ​ការរំលោភបំពាន​និង​ការរើសអើង​នៅ​កន្លែង​ការងារ​។​
​លោកស្រី Claire Van der Vaeren​បាន​លើកឡើងថា ការអនុវត្ត​កម្មវិធី​រួមគ្នា​នេះ​កើតឡើង ខណៈពេលដែល​ឆ្នាំ​២០៣០ និង​គោលដៅ​អភិវឌ្ឍន៍​ចីរភាព​អំពាវនាវ​ឲ្យ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​សម្រាប់​ការងារ​និយោជិត​ជាពិសេស​គោលដៅ​ទី​៨​។ ក៏ដូចជា​ការអំពាវនាវ​កាត់បន្ថយ​ឲ្យ​បាន​ច្រើន​នូវ​សមាមាត្រ​នៃ​យុវជន​ដែល​មិនទាន់​ទទួលបាន​ការងារ ការបណ្តុះបណ្តាល​ឆ្នាំ​២០២០ និង​អំពាវនាវ​ឲ្យ​មានការ​អនុវត្តន៍​នៅ​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​ភាព​គ្មាន​ការងារ​ធ្វើ និង​លើកកម្ពស់​កញ្ចប់​ការងារ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ឆ្នាំ​២០២០ ហើយ​កម្មវិធី​រួមគ្នា​នេះ​នឹង​ឆ្លើយតប​ទៅដល់​គោលដៅ​រួមគ្នា​ផងដែរ​។
​សូមបញ្ជាក់ថា សមាជិក​-​សមាជិកា​គណៈ​ប្រឹក្សា​ភិ​បាល​នេះ​មាន​១១​រូប​ក្នុងនោះ​មកពី​តំណាង​ជាន់ខ្ពស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ទីភ្នាក់ងារ​ស្វី​ស​ដើម្បី​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​អង្គការ​អន្តរជាតិ​ខាង​ការងារ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​អង្គការសហប្រជាជាតិ​ផ្នែក​អប់រំ​វិទ្យាសាស្ត្រ​និង​វប្ប​ធ៌​ម​មូលនិធិ​សហប្រជាជាតិ​សម្រាប់​កុមារ​កម្មវិធី​ស្ម័គ្រចិត្ត​សហប្រជាជាតិ​និង​ក្រុមប្រឹក្សា​យោបល់​យុវជន​របស់​អង្គការសហប្រជាជាតិ​៕

​

ឧទ្ធរណ៍​សម្រេច​តម្កល់​ទោស​លោក សួន សេរី​រដ្ឋា ជាប់ពន្ធនាគារ​៥​ឆ្នាំ​ដដែល

​រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​ដដែល​ករ​ណី​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​។ ការសម្រេច​បែបនេះ​ធ្វើឡើង​ក្រោយ​បញ្ចប់​ការសួរដេញដោល​កាលពី​រសៀល​ម្សិលមិញ​។​
​សូម​រំលឹកថា លោក សួន សេរី​រដ្ឋា ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ពាក់ព័ន្ធ​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​កងទ័ព​កម្ពុ​ជា​។​
​នៅក្នុង​សារ​របស់ លោក សួន សេរី​រដ្ឋា ដែល​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី​១២​ខែ សីហា ឆ្នាំ​២០១៧ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ពេល​សង្គ្រាម កើតឡើង​ជាមួយ នឹង ប្រទេស​លាវ​នោះ​លទ្ធផល​វា​ហ្នឹង​មិន​ខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយ នឹង ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូលបាន​លុយកាក់​សប្បាយ​ជាមួយ​ស្រី​ញី យ៉ាង​គគ្រឹកគគ្រេង​!​។ ពីព្រោះ​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ​។ ចំណែកឯ​ពួក​មេៗ ពាក់​ផ្កាយ និង កូន​លោកធំៗ ដែល​នៅ​ជួរ​ក្រោយ​ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់ ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​» ។​
​សារ​របស់ លោក សួន សេរី​រដ្ឋា បានធ្វើឱ្យ​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​កងទ័ព និង​មេបញ្ជាការ​កងទ័ព​នៅ​ទូទាំងប្រទេស ហើយ​ពួកគាត់​ចាត់ទុកថា ជា​ទង្វើ​មួយ​ដែល​មិនអាច​អត់ឱន​ឱ្យបាន​៕

​

បំផ្ទុះ​គ្រាប់បែក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​សម្លាប់​មនុស្ស​២០​នាក់​ និង​១៦០​នាក់​របួស​

​កា​ប៊ុល ៖ អាជ្ញាធរ​នៅក្នុង​តំបន់​បាន​និយាយកាលពីម្សិលមិញថា មនុស្ស​យ៉ាងហោចណាស់​២០​នាក់​ត្រូវបាន​សម្លាប់ និង​១៦០​នាក់​ផ្សេងទៀត​រងរបួស នៅក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅក្បែរ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ប៉ូលិស មួយកន្លែង​ក្នុង​ទីក្រុង ហ្គា​ដែ​ស (Gardez) នៃ​ខេត្ត ផាក​ធា (Paktia) ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ​។​
​សមាជិក​ម្នាក់​មកពី​ក្រុមប្រឹក្សា ខេត្ត Paktia លោក អា​ឡា​ម ម៉ឺ ប្រា​ហ៍​រ៉ា​ម (Alam Mir Bahram) បាន​បញ្ជាក់ថា ក្រុម​សកម្មប្រយុទ្ធ​មាន​គ្នា​ប្រហែលជា ០៦​នាក់ បាន​ដឹកនាំ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដោយ​ប្រើ​រថយន្ដ​ពីរ​គ្រឿង នៅក្បែរ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ប៉ូលិស និង​បង្ក​ជាការ​ខូចខាត​ធ្ងន់ធ្ងរ​ផងដែរ​។ លោក​បន្តថា ជនរងគ្រោះ នៅក្នុង​ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​នេះ ភាគច្រើន​ជា​ប៉ូលិស និង​ជន​ស៊ីវិល​។
​ទោះបីយ៉ាងណា​នៅ​ពុំទាន់​មាន​ក្រុម​ណាមួយ ចេញមុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ ខណៈ​អាជ្ញាធរ​កំពុង​ដាក់​ការសង្ស័យ លើ​ក្រុម​ឧទ្ទាម​តា​លី​បង់ ដែល​តែងតែ​ដឹកនាំ​សកម្មភាព​វាយប្រហារ​របៀបនេះ ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ​រដ្ឋាភិបាល​៕

​

ចាប់បាន​ឃាតករ​ដែល​សម្លាប់​កុមារ​ម្នាក់ រួច​ច្រក​សព​ក្នុង​ការុង​បោះចោល​ក្នុង​ទឹក

​ខេត្តស្ទឹងត្រែង ៖ កាលពី​ល្ងាច​ថ្ងៃទី​១៧ ​ខែតុលា​នេះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ កំរិតធ្ងន់​នៃ​ស្នងការ​នគ​បាល​ខេត្ត បាន​បង្ហាញមុខ​ជនសង្ស័យ ដែល​បានសម្លាប់​​កុមារា​ម្នាក់​ដែល​បាន​ច្របាប់​ក រួចហើយ​ច្រក​ការុង​ទំលាក់​ក្នុង​ទឹកស្រះ​ស្លាប់​នោះ​។​
​បើ​សម្ដី​របស់លោក វរសេនីយ ឯក ឌួង ស៊ីវ​ត្ថា នាយ​កា​រិ​ល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឲ្យ​ថា ជនសង្ស័យ​មានឈ្មោះ ម៉ី នាង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពង​គ្រោល ឃុំ​ព្រែ​កមាស​ស្រុក​សៀម​ប៉ាង​។​
​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៤ ខែតុលា​កន្លងទៅ​ថ្មីៗ​មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ចំណុច​ទួល​វែង​ស្ថិតនៅ​ភូមិ​ពង​គ្រោល ឃុំ​ព្រែក ស្រុក​សៀម​ប៉ាង ដែល​ជនសង្ស័យ​បានសម្លាប់​កុមារា​ម្នាក់​ឈ្មោះ ម៉ៅ តយ អាយុ​៤​ឆ្នាំ ដែល​ជនសង្ស័យ​ធ្វើការ​សម្លាប់​ដោយ ច្របាប់​ករួច​ច្រកចូល​ការុង​យកទៅ​ទំលាក់​ក្នុង​ទឹកស្រះ​ស្លាប់​តែម្ដង​។ ឪពុក​កុមារា​រងគ្រោះ មានឈ្មោះ ឌី សន​ម៉ៅ និង​ម្ដាយ​ឈ្មោះ ចាន់ ថា​លី អ្នក​ទាំងបី​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​លោកនាយ​កា​រិ​ល័យ​បញ្ជក់​ថា ជនសង្ស័យ​ដែល​សម្លាប់​កុមារា​នោះ​អាច​បណ្ដាលមកពី​មានទំនាស់​រវាង​ក្មេង និង​ក្មេង​ដែល​ឧស្សា​ឈ្លោះ​គ្នា (​កុមារ​ដូចគ្នា​)៕

​

អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​មាន​ជាង​៣៩​ម៉ឺន​នាក់​

​រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣៩៣,៥៩៣​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ខណៈ​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញ​មាន​ចំនួន ៥,០៦១​នាក់ និង​អ្នក​ខុស​កែតម្រូវ​មាន​ចំនួន​៣,៧៣៧​នាក់​។​
​តាម​ការប៉ាន់ស្មាន​រប​ស់ គ​.​ជ​.​ប ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​មក​ចុះ​បោះឆ្នោត ក្នុង​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៧ មាន​ជាង​១.៦​លាន​នាក់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​៩.៨​លាន​នាក់​៕

​

ទីបំផុត​រុស្ស៊ី​ចុះហត្ថលេខា​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា បន្ទាប់ពី​ប្រទេស​ចិន​បញ្ចេញ​ទណ្ឌកម្ម​ជាច្រើន​នោះ ពេលនេះ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​មួយ ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង ដើម្បី​អនុវត្តន៍​ទៅតាម​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សាសន្តិសុខ នៃ​អង្គការសហប្រជាជាតិ​។
​សេចក្តីសម្រេច​ដែលមាន​ការចាត់វិធានកា​រ​ជាពិសេស លើ​វិស័យសេដ្ឋកិច្ច​នេះ ត្រូវបាន​ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅនឹង ការបាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ​។ ប្រទេស​រុស្ស៊ី​ត្រូវបាន​គេ​មើលឃើញថា មិនបាន​បញ្ចេញ​ចំណាត់ការ​ធំដុំ​ណាមួយ ដើម្បី​ដាក់បន្ទុក​លើ​កូរ៉េខាងជើង​នោះឡើយ ដោយសារតែ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​សម្ព័ន្ធមិត្ត​ដ៏​សំខាន់បំផុត នៅ​តំបន់​អាស៊ី​បូព៌ា​មួយ​នេះ​៕

​

ការប្រមូល​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០១៧​នេះ កើនឡើង​១៦.៩៣%

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ចេញ​របាយការណ៍ ស្តីពី​ការប្រមូល​ផល​ស្រូវ​រដូវវស្សា ឆ្នាំ​២០១៧​នេះ ដោយ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ប្រជាកសិករ​ប្រមូល​ផល​បាន​ជាង​៤៤៤,៨១២​ម៉ឺន​ហិកតា ស្មើនឹង​១៦,៩៣​ភាគរយ​។ ឆ្នាំ​២០១៧​នេះ ប្រជាកសិករ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​លើ​ផ្ទៃដី ២,៦០១,០៣២​ហិកតា​។ សូម​អាន​ព័ត៌មាន​លម្អិត​ដូចខាងក្រោម ៖

​

គ ជ ប នឹង​បង្ហាញ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​២០ តុលា

​ភ្នំពេញ ៖ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹងមាន​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី ដំណើរ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការចុះឈ្មោះ​បោះឆ្នោត នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧​ខាងមុខនេះ​។
​គ​.​ជ​.​ប បាន​បញ្ជាក់ថា កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ នឹង​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ ក្រោម​អធិបតីភាព ឯកឧត្តម ឌុ​ច សុន សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​អង្គប្រជុំ​។​
​ក្នុង​កិច្ចប្រជុំ​នឹង​ផ្សព្វផ្សាយ​នេះ​រួមមាន​៖ ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ករ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ​-​សង្កាត់​, លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង​អំពាវនាវ​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ព្រោះ​ជិត​ដល់​កាលបរិច្ឆេទ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​៕

​