អ្នកនាំពាក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហគមអឺរ៉ុប ដែលជាប្រទេសបញ្ជាទិញទំនិញដ៏ធំពីកម្ពុជាបានចាត់ទុកបញ្ហា បច្ចេកទេសជារឿងបច្ចេកទេសនយោបាយជារឿងនយោបាយ មិនពាក់ព័ន្ធជាមួយគ្នានោះទេ ។
អ្នកនាំពាក្យរូបនេះ បានអោយដឹងយ៉ាងដូច្នេះបន្ទាប់ពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋ ទូតអាមេរិកប្រចាំកម្ពុជា និងឯកឧត្តមGeorge Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ព្រមគ្នាតែម្តង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីរសៀល ថ្ងៃទី៦ ខែ តុលា ឆ្នាំ២០១៧ នេះ។
ក្នុងការជួបពិភាក្សានេះឯកអគ្គរដ្ឋទូតទាំង២រូប បានសាទរចំពោះកម្ពុជា ដែលទើបសម្រេច បានប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៨ចំនួន១៧០ដុល្លារអាមេរិក ប្រកបដោយរលូន និងកុងសង់ ស៊ីសគ្នា ពីគ្រប់ភាគីនាពេលថ្មីៗនេះ។ឯកអគ្គរដ្ឋទូតទាំង២ ក៏បានលើកទឹកចិត្តឱ្យកម្ពុជា បន្តប្រកាន់ ភ្ជាប់នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការគោរពលក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ និងការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឱ្យបានលឿន និងមាន តម្លាភាព។
ឯកអគ្គរដ្ឋទូតទាំងពីរបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងមិនភ្ជាប់កិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជា ទិញ ទំនិញពីកម្ពុជា។
ជាការឆ្លើយតប លោក អ៊ិត សំហេង បានថ្លែងអំណរគុណដល់ប្រទេសទាំង២ ដែលបាន រួម ចំណែកក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ព្រមទាំងធានាថាកម្ពុជានឹងបន្ត គោល នយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដោយបន្តសហការជាមួយ គម្រោង រោង ចក្រកាន់តែប្រសើរ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការ អន្តរ ជាតិ ផ្សេងទៀត ដែលចុះបញ្ជីការត្រឹមត្រូវតាមច្បាប់នៅកម្ពុជា៕


កំពង់ចាម ៖ ក្រុមចោរមួយក្រុមមានគ្នា៣នាក់ក្នុងនោះប្រុស២នាក់និងស្ត្រីម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកC 125 ស៊េរី 2015 ពណ៌ខ្មៅមិនមានពាក់ស្លាកលេខ បានធ្វើសកម្មភាពយកកូនកាំបិតគ្រវីគំរាមចាក់និងបានវាយលើអ្នករងគ្រោះឈ្មោះ ពុធ សាវុធ ភេទស្រី អាយុ៣៩ឆ្នាំ ប្លន់យកម៉ូតូវវេវ១គ្រឿងផលិតនៅឆ្នាំ២០១២ រួមនឹងថវិការមួយចំនួនសម្រាប់បង់ធនាគារយកទៅបាត់ បណ្តាលឲ្យអ្នករងគ្រោះសន្លប់។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ទី៦ ខែតុលា ២០១៧ ត្រង់ចំនុចវាលស្រែលើផ្លូវលេខ២២២ ខាងកើតភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ រហូតមកដល់ល្ងាចថ្ងៃដដែលសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាប់បានក្រុមចោរប្លន់ទាំងនោះនូវឡើយទេ។
កូនស្រីអ្នកងរងគ្រោះឈ្មោះ ពឿន ស្រីល័ក្ខណ អាយុ១៥ឆ្នាំ ប្រាប់ឲ្យដឹងថាៈ នៅពេលមុនកើតហេតុព្រឹកថ្ងៃខាងលើម្តាយរបស់នាងបានរៀបចំខ្លួនប្រាណ ដើម្បីធ្វើដំណើរតាមមធ្យោបាយម៉ូតូ១គ្រឿងម៉ាកវេវដោយព្រមទាំងហៅឪពុកទៅជាមួយដែរ ដើម្បីបង់លុយធនាគារឯកជននៅថ្នល់បែកចំការលើនោះ។កូនស្រីអ្នករងគ្រោះបានប្រាប់បន្តថា ដោយសារតែឪពុកមិនស្រួលខ្លួនមិនបានទៅជាមួយនឹងម្តាយនោះទេគឺម្តាយជិះម៉ូតូចេញទៅតែម្នាក់ឯង ក្រោយពីបានបង់លុយហើយក៏ឆ្លៀតទិញម្ហូបមកផ្ទះដើម្បី
សម្រាប់ស្លទទួលទាន តែនៅពេលជិះត្រឡប់មកវិញមិនទាន់នឹងដល់ផ្ទះផងនោះ ក៏ស្រាប់តែជួបនឹងក្រុមចោរមានគ្នាចំនួន៣នាក់ពាក់មួកសុវត្ថិភាពជិះម៉ូតូ១គ្រឿង ក្នុងនោះមានស្ត្រីម្នាក់ផងដែរ។បានមកធ្វើសកម្មភាពប្លន់ប្រើព្រនង់និងដៃវាយមកត្រូវក្បាលម្តាយ បណ្តាលឲ្យសន្លប់ក៏រុញទម្លាក់ផ្លូវដែលមានព្រៃដុះទ្រុបទ្រុល លុះពេលដែលងើបពីសន្លប់វិញ ប្រឹងវារឡើងមកលើផ្លូវបានជួបនឹងអ្នកឃ្វាលគោក៏ឲ្យជួយអន្តរាគមន៏រកមធ្យោបាយដឹកមកផ្ទះជាបន្ទាន់ និងបានហៅពេទ្យមកបណ្តោងសេរ៉ូមឲ្យកំពុងតែសំរាកនៅក្រោមផ្ទះ ។ ល្ងាចថ្ងៃដដែលមាននគរបាលជាច្រើននាក់ បានមកសួរនាំម្តាយជុំវិញរឿងហេតុដែលបានកើតឡើងខាងលើនោះ ម្តាយកំពុងតែមានអាការៈរកក្អួតផងដែរ ។ អ្វីដែលម្តាយបានប្រាប់នោះគឺនូវពេលដែលចោរប្លន់ម៉ូតូបានហើយ ក៏យកជិះចេញទៅទិស
ខាងកើតបាត់តែម្តង។
លោកវរសេនីយ៏ឯក ខេង ស្រេង អធិការនគរបាលស្រុកចំការលើ ប្រាប់ឲ្យដឹងដែរថា ក្រោយពីមានហេតុការណ៏ខាងលើនេះ កម្លាំងជំនាញរបស់លោកបានចុះទៅដល់ផ្ទះ របស់អ្នករងគ្រោះជាមួយនឹងនឹងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដោយបានសួរនាំអ្នករងគ្រោះតែតាមការស៊ើបអង្កេតរបស់សមត្ថកិច្ចវិញបានរកឃើញថាអ្នករងគ្រោះមានការលាក់លៀម ហើយអាចមិនពិតនោះថាមានករណីប្លន់យកម៉ូតូទេ។
សង្ស័យក្នុងពេលចេញមកផ្ទះ ពេលមកដល់ត្រង់កន្លែងស្ងាត់អ្នករងគ្រោះប្រឌិតឬរឿងធ្វើជាមានចោរមកវាយប្លន់ហើយសន្លប់ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀត ៕




រុស្ស៊ី ៖ មនុស្សយ៉ាងហោចណាស់១៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្ដក្រុងបុកជាមួយនឹងរថភ្លើងនៅឯតំបន់ Vladimir ស្ថិតនៅភាគខាងកើតទីក្រុងម៉ូស្គូ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធររុស្ស៊ីដែលដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។
អាជ្ញាធរបន្តថា គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រមាណ៣ និង៣៩នាទីព្រឹកថ្ងៃសុក្រ (ម៉ោងនៅក្នុងតំបន់) នៅចំពេលរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿង បានឆ្លងផ្លូវនៅពេល ភ្លើងចេញសញ្ញាពណ៌ក្រហម ពេលកំពុងមានល្បឿនលឿន ជាហេតុធ្វើឱ្យបុកគ្នាពេញមួយទំហឹង នៅលើផ្លូវដែកនៃស្ថានីយរថភ្លើង Pokrov។ អាជ្ញាធរបញ្ជាក់ថា អ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
បើតាមក្រុមអ្នកស៊ើបអង្កើតសន្និដ្ឋានជាបឋមថា គ្រោះថ្នាក់នេះអាចបណ្ដាលមកពីការរំលោភលើបទដ្ឋានសុវត្ថិភាព៕

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ឈ្មោះពលរដ្ឋប្រមាណជិត៣០០០នាក់ ត្រូវបានលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ។ ដោយឡែកក្នុងរយៈពេល៣៤ថ្ងៃ នៃដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត៣១ម៉ឺននាក់ ៕


រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថា ប្រជាពលរដ្ឋជាង៥០០គ្រួសារដែលកំពុងរស់នៅតាមប្រឡាយស្ទឹងមានជ័យ នឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ក្រោយការស្ថាបនាប្រឡាយនិងផ្លូវអមសងខាងប្រឡាយនេះ បានបញ្ចប់រួចរាល់។ ទន្ទឹមនោះរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំតបណ្តាញទឹកស្អាត ភ្លើងអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋរួមនឹងការដាក់បង្គោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ដើម្បីអោយតំបន់នេះក្លាយជាទីក្រុងស្ទឹងមានជ័យ យ៉ាងស្រស់ត្រកាលតែម្តង ។
អាជ្ញាធររាជធានីភ្នំពេញបានបង្ហាញពីគម្រោងខាងលើនេះកាលពីព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ២០១៧ក្នុងវេទិកាសាធារណៈស្តីពីគម្រោងស្តារនិងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ដែលមានប្រជាពលរដ្ឋរងផលប៉ះពាល់ជាង៥០០គ្រួសារ នៅក្នុងទីអារាមវត្តស្ទឹងមានជ័យ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យដែល គ្រោងនឹងធ្វើការអភិវឌ្ឍន៍នេះមានប្រវែង១៣៥០ម៉ែត្រ ស្ថិតក្នុងទឹកដីខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់តែម្តង ៕


រាជធានីភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់ ការបង់ថ្លៃ ឆ្លងកាត់ស្ពាន និងផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ ។ តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ចាប់ពីវេលា ម៉ោង០០៖០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ការធ្វើដំណើរឆ្លងកាត់ស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែព្នៅ នឹងមិនតម្រូវឲ្យបង់ថ្លៃឆ្លងកាត់ទៀតឡើយ ៕



រាជធានីភ្នំពេញ ៖ គណបក្សបក្សខ្មែររួបរួមជាតិ ដែលអតីតគ្រប់គ្រងដោយលោក ញ៉ឹក ប៊ុនឆៃ នៅថ្ងៃទី០៦ ខែតុលានេះ បានចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយ បានប្រកាសគាំទ្រនូវ ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ទាក់ទងបទក្បត់ជាតិ ។
គេមិនដឹងថា ហេតុដូចម្តេចបានជាគណបក្សខ្មែររួបរួមជាតិ ទើបចេញមុខប្រកាសគាំទ្រចំណាត់ ការរបស់រាជរដ្ឋាភិបាលក្នុងការចាប់ខ្លួនមេបក្សប្រឆាំងនោះទេ ព្រោះថា សេចក្តីថ្លែងការណ៍បែប នេះវាគួរតែធ្វើភ្លាមៗ បន្ទាប់ពីចំណាត់ការរបស់រាជរដ្ឋាភិបាល ៕


រាជធានីភ្នំពេញ ៖ នៅសប្តាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន OCIC នឹងចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើង នៅស្តុបរង្វង់មូលនាងគង្ហីង ។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសាធារណការរាជធានីភ្នំពេញ ។
មន្រី្តរូបនោះបញ្ជាក់ថា ការសាងសង់ស្ពានថ្មីជើងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុប មិនប៉ះពាល់ចរាចរ និងធានាបានសុវត្ថិភាព ៕


ប៉ាគីស្ថាន ៖ មន្ត្រីនាំពាក្យសាលារដ្ឋាភិបាលនិយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតបានវាយប្រហារកន្លែងគោរពបូជានិកាយស៊ីអ៊ីតមួយកន្លែងដែលមានអ្នកគោរពបូជាជាច្រើននៅទីនោះនៅក្នុងភូមិដាច់ស្រយាលមួយនៅភាគនិរតីប្រទេសប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ដោយសម្លាប់មនុស្សចំនួន២០នាក់ និងរបួសយ៉ាងតិច២៥នាក់។
មន្ត្រីនាំពាក្យរដ្ឋាភិបាលខេត្តបាលូគីស្ថានបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀតដោយសារអ្នករងរបួសមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយថា ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់ក៏មានកូនក្មេង៥នាក់ ស្ត្រីម្នាក់ និងមន្ត្រីប៉ូលិសម្នាក់ផងដែរ។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា អ្នកវាយប្រហារបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅពេលកងសន្តិសុខបានឆែកឆេរខ្លួនអ្នកវាយប្រហារនៅកន្លែងគោរពបូជានៅភូមិមួយស្ថិតនៅចម្ងាយប្រហែល៤០០គីឡូម៉ែត្រខាងកើតទីក្រុងកេតា (Quetta) ដែលជាទីរួមខេត្តបាលូគីស្ថាននៅប្រទេសប៉ាគីស្ថាន។
ក្រោយរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីមានការវាយប្រហារនេះហើយ ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕

អ៊ុយក្រែន ៖ រដ្ឋសភានៅប្រទេសអ៊ុយក្រែនបានបង្ខំចិត្តផ្អាកសម័យកាលប្រជុំរបស់ខ្លួនដោយសារសមាជិកសភាមានការខ្វែងគំនិតគ្នាបន្តិចបន្តួចចំពោះសេចក្ដីព្រៀងច្បាប់ដែលជាចំណុចក្ដៅបំផុតមួយពាក់ព័ន្ធនឹងដែនដីនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនដែលកំពុងគ្រប់គ្រងដោយក្រុមឧទ្ទាម។
សេចក្ដីព្រាងច្បាប់ដែលតាក់តែងឡើងដោយប្រធានាធិបតីប្រទេសអ៊ុយក្រែនគឺលោក ផេត្រូ ប៉ូរ៉ូសេនកូ បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមសមាជិកសភារួមទាំងគណបក្សសាម៉ូផូមិចផងដែរ។ នៅពេលខ្វែងគំនិតគ្នាដោយសារតែច្បាប់នេះមិនបានបញ្ជាក់ច្បាស់ពីការគ្រប់គ្រងដែនដីនៅតំបន់នោះ ក្រុមសមាជិកសភាដែលប្រឆាំងជំទាស់នឹងសេចក្ដីព្រាងច្បាប់នេះបាននាំគ្នាសម្រុកឡើងទៅកន្លែងវេទិការបស់ប្រធានរដ្ឋសភាដែលជាហេតុធ្វើឲ្យគេពន្យារពេលសម័យប្រជុំរហូតដល់ថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះគឺយោងទៅលើផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥សម្រាប់ដែនដីនៅភាគខាងកើតប្រទេសអ៊ុយក្រែនក្រោមការសម្របសម្រួលដោយប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង៕

ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅថ្ងៃនេះ ថា ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧តទៅ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ នឹងលែងបង់ប្រាក់ដើម្បីអាចឆ្លងកាត់ទៀតហើយ ព្រោះរាជរដ្ឋាភិបាល នឹងទិញយកមកគ្រប់គ្រងវិញ។ នេះជាការខិតខំប្រឹងប្រែង និងជាការយកចិត្ដទុកដាក់មួយទៀតរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលតែងតែគិតគូរដោះស្រាយរាល់ទុក្ខលំបាក និងបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ប្រមុខរាជរដ្ឋាភិបាល បានបង្ហោះសារជូនដំណឹងនេះ នៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៥ ខែតុលានេះ ថា”ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកំពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ចាប់ពីម៉ោង០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ ស្ពាន និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ (ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) នឹងត្រូវធ្វើដំណើរដោយមិនបាច់បង់ថ្លៃឆ្លងកាត់ទៀតទេ រាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ”។
ជាមួយគ្នានេះសម្តេចតេជោហ៊ុន សែន បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។ ក្នុងនោះសម្ដេចតេជោសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍ពីការសម្រេចរបស់រាជរដ្ឋាភិបាលនេះ៕

SONY DSC
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីពិនិត្យលើរបៀបវារៈ៖
(១)ការពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យ
ប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៥ (២)ការពិនិត្យលើសមាសភាពលេខាធិការ
សម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥ចំនួនបីរូប(៣)ការពិនិត្យ និងសម្រេចលើសេចក្តី
ព្រាងរបៀបវារៈនិងកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ក្រៅពីនេះ
មានរបៀបវារៈបន្ថែមចំនួនពីរទៀតរួមមាន÷(១)ការពិនិត្យលើសំណើសុំបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់
ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះរវាងសមា
គមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន (២)ការពិនិត្យនិងសម្រេច
លើសេចក្តីព្រាងរបៀបវារៈទី៦ សម្រាប់សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់យកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៧ ខាងមុខនេះបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ដែលក្នុងនោះមានរបៀបវារៈ ចំនួន៦រួមមាន÷(១)ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ (២)
របាយការណ៌ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩
នីតិកាលទី៥ (៣)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម
(៤)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តី
ពីការទទួលស្គាល់សុពលភាពនៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុបរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (៥)ការពិភាក្សានិងអនុម័តសេចក្តី
ព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦នៃច្បាប់ស្តីពី
ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មដែល
ត្រូវប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រកម/០១០៣/00៥ ចុះថ្ងៃទី២២ ខែមករា
ឆ្នាំ២០០៣ (៦)ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ
ពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំ
ទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះរវាងសមាគម
ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន៕

ភ្នំពេញ ៖ កិច្ចប្រជុំចុងក្រោយរបស់គណៈកម្មការប្រឹក្សាការងារ នៅវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នេះ បានបោះឆ្នោតយកតួលេខ១៦៥ដុល្លារ ដើម្បីដំឡើងប្រាក់ឈ្នួល ដល់កម្មករនៅឆ្នាំ២០១៨ ដោយបូកនឹងប្រាក់បន្ថែមពីរាជរដ្ឋាភិបាលចំនួន៥ដុល្លារទៀត ស្មើនឹង ១៧០ដុល្លារក្នុងមួយខែ។
ជារៀងរាល់ឆ្នាំ ក្រោយការបោះឆ្នោតជ្រើសរើសតួលេខនេះរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងសម្រេចបន្ថែម៥ដុល្លារថែមទៀត ពីលើតួលេខរបស់ គណៈកម្ម ការ ប្រឹក្សាការងារ។ ដូច្នេះប្រាក់ឈ្នួលរបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង នឹងឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨ គឺកើនឡើង១៧ដុល្លារទៀត បើធៀបនឹង ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ មានចំនួនទាបបំផុត ១៥៣ដុល្លារ ដោយមិនទាន់រាប់បញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលរាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា ប្រមុខបានដាក់គោលនយោបាយ ដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ ជា រៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៨ ខាងមុខនេះប្រាក់ឈ្នួលអប្បបរមាជាផ្លូវការ ស្មើនឹង១៧០ដុល្លារ ក្នុងនោះមានប្រាក់បន្ថែមរបស់រាជរដ្ឋាភិបាលចំនួន៥ដុល្លារផងដែរ៕

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើអោយមានការធ្វើ វិសោធនកម្មច្បាប់ ស្តីពីអាយុចូលនិវត្តន៌របស់គ្រូបង្រៀន ឡើងដល់អាយុ៦៥ឆ្នាំ ដែលនាពេលបច្ចុប្បន្ន ច្បាប់ចូលនិវត្តន៌សម្រាប់មន្ត្រីរាជការ បានកំណត់អាយុចូលនិវត្តន៌ ត្រឹមអាយុ៦០ឆ្នាំ។
សម្តេចតេជោ បានប្រគល់កិច្ចការនេះ ដល់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើការជាមួយ ក្រសួងមុខងារសាធារណៈ ដើម្បីឈានទៅដល់ ការធ្វើវិសោធនកម្មច្បាប់ចូលនិវត្តន៌ថ្មីវិញ។ការស្នើ នេះ គឺជាចំនុចសំខាន់មួយ ដែលសម្តេចតេជោ បានលើកឡើង នៅក្នុងទិវាគ្រូបង្រៀនឆ្នាំ២០១៧ ក្រោមប្រធានបទ«គ្រូបង្រៀនជាវិស្វករព្រលឹងនៃយុវជនជំនាន់ក្រោយ » ដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៥ ខែតុលា ម្សិលមិញនេះ។
មូលហេតុដែលស្នើអោយពន្យារពេលអាយុចូលនិវត្តន៌សម្រាប់គ្រូបង្រៀនដល់អាយុ៦៥ឆ្នាំនេះ ដោយសារ ជាក់ស្តែងក្នុងពេលបច្ចុប្បន្ន គ្រូភាគច្រើនដែលបានចូលនិវត្តន៌ហើយនោះ នៅតែអាចបង្រៀនសិស្សបានដដែល ប៉ុន្តែពួកគាត់ត្រូវបានបញ្ចូលក្នុងគ្រូជាប់កិច្ចសន្យា រឺគ្រូក្រៅម៉ោងប៉ុណ្ណោះ។
បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗក្រសួងត្រូវការជ្រើសរើសគ្រូបង្រៀនថ្មី ប្រមាណ៣០០០នាក់ សម្រាប់មកជំនួសគ្រូបង្រៀនដែលត្រូវចូលនិវត្តន៌។ ប៉ុន្តែការជ្រើសរើសគ្រូថ្មីបន្ថែមនេះ មិនទាន់គ្រប់តម្រូវការនៅឡើយទេ ខណៈចំនួនសិស្ស និងសាលារៀន មានការកើនឡើងជារៀងរាល់ឆ្នាំ។ ពេលបច្ចប្បន្ន ប្រទេសកម្ពុជាមាន បឋមសិក្សា ចំនួន៧១៤៤! អនុវិទ្យា ចំនួន១២៤៥! វិទ្យាល័យ ចំនួន៤៨៦! គ្រឺះស្ថានឧត្តមសិក្សាចំនួន១១៥ ដែលមានសិស្សកំពុងសិក្សាប្រមាណ៣លាននាក់។ តាមរយៈការចុះជួបផ្ទាល់របស់នាយករដ្ឋមន្ត្រី ជាមួយលោកគ្រូអ្នកគ្រូ នៅតាមសាលារៀននៃបណ្តារាជធានីខេត្តទូទាំងប្រទេស ក្នុងរយៈពេលប្រមាណពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បី កសាងអគារសិក្សាថ្មីបន្ថែមជាច្រើន។ ជាងនេះទៀត រាជរដ្ឋាភិបាលបានតម្លើងប្រាក់ខែជាបន្តបន្ទាប់ដល់គ្រូបង្រៀន ដែលនៅក្នុងឆ្នាំ២០១៧ នេះប្រាក់ខែអប្បបរមាគឺ ៩៥ ម៉ឺនរៀល! ហើយនៅឆ្នាំ ២០១៨ ខាងមុខនេះ នឹងកើនឡើងដល់ជាង ១លានរៀល៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍