រាជធានីភ្នំពេញ ៖នៅសប្តាហ៍ក្រោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ (RDB) នឹងទម្លាក់ថវិកាពី២០ទៅ៣០លានដុល្លារអាមេរិក ដើម្បីជួយដោះស្រាយការធ្លាក់ចុះនៃតម្លៃស្រូវនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការបញ្ជាក់របស់លោកអគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពី ការប្រមូលទិញស្រូវ អង្ករសម្រាប់ការនាំចេញ ទៅកាន់ទីផ្សារអន្តជាតិ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ។
លោកអគ្គនាយករងបានបញ្ជាក់ថា តួលេខថវិកាច្បាស់់លាស់នឹងត្រូវបង្ហាញច្បាស់ យ៉ាងយូរនៅដើមសប្តាហ៍ក្រោយ គឺបន្ទាប់ពីមានចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
គួរបញ្ជាក់ថា តម្លៃស្រូវនៅកម្ពុជា បានធ្លាក់តម្លៃយ៉ាងកំហុក ជាបន្តបន្ទាប់ដោយសារតែឈ្មួញកណ្តាល ហើយប្រជាកសិករបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងផងដែរ។ ទន្ទឹមនោះកសិករក៏បានផ្ទុះការតវ៉ាថែមទៀត ទាក់ទងការធ្លាក់ចុះនៃតម្លៃស្រូវនេះ៕
បាល់ទាត់ ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កីឡាករ Sergio Aguero បានយល់ព្រមបន្តអនាគតរយៈពេលវែងរបស់គាត់ជាមួយនិងក្លិប Manchester City ដោយការចុះហត្ថលេខាលើកិច្ចសន្យាថ្មី រយៈពេល៤ឆ្នាំ ។
កីឡាសញ្ជាតិអាហ្សង់ទីនរូបនេះ បានបង្ហញទម្រង់លេងយ៉ាងល្អក្រោយការដឹកនាំរបស់លោក Pep Guardiola ដែលស៊ុតបញ្ចូលទីបានចំនួន៩គ្រាប់ក្នុងរយៈពេល៥ប្រកួតដំបូងរបស់លោក។
Aguero បច្ចុប្បន្ននេះកំពុងតែជាប់បំរាមចំនួនបីប្រកួត នៅពេលដែលកីឡាកររូបនេះ បានវាយកែងទៅលើកីឡាករ Winston Reid របស់ West Ham United កាលពីចុងសប្តាហ៍មុន។
ឥឡូវនេះលោក Guardiola បានអះអាងថា កីឡាករវ័យ២៨ឆ្នាំរូបនេះនឹងចុះកិច្ចសន្យាជាផ្លូវការជាមួយក្រុមនៅសប្តាហ៍នេះដើម្បីធានាពីអនាគតរបស់គាត់នៅកីឡាដ្ឋាន Etihad Stadium រហូតដល់ឆ្នាំ ២០២០។
គួរបញ្ជាក់ថា Aguero បានផ្ទេរចេញពីក្រុម Atletico Madrid មកចូលជាមួយនិងក្រុម Man City ក្នុងតម្លៃ៣៨លានផោន លើកិច្ចសន្យារយៈពេល៥ឆ្នាំ៕
ជប៉ុន ៖រដ្ឋមន្ត្រីការពារជាតិជប៉ុនលោកស្រី Tomomi Inada បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុននឹងបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះតាមរយៈការបណ្តុះបណ្តាលល្បាតរួមគ្នាជាមួយសហរដ្ឋអាមេរិកព្រមទាំងការធ្វើសមយុទ្ធទ្វេភាគីនិងពហុភាគីជាមួយកងទ័ពជើងទឹកក្នុងតំបន់។
លោកស្រី Inada បានថ្លែងក្នុងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិថា ការបង្កើនរបស់ជប៉ុននៅក្នុងតំបន់នេះដែលជាកន្លែងសហរដ្ឋអាមេរិក និងជប៉ុនមានការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងទាមទារទឹកដីយ៉ាងទូលំទូលាយរបស់ប្រទេសចិន និងរួមបញ្ចូលទាំងការកសាងសមត្ថភាពសម្រាប់បណ្តាប្រទេសឆ្នេរសមុទ្រផងដែរ។
លោកស្រី Inada បាននិយាយថា ប្រសិនបើពិភពលោកអត់ឱនចំពោះការប៉ុនប៉ងផ្លាស់ប្តូរនីតិរដ្ឋហើយអនុញ្ញាតឲ្យច្បាប់មិនត្រឹមត្រូវទទួលបានជោគជ័យនោះ “នឹងមានផលវិបាកជាសកល”៕
រាជធានីភ្នំពេញ ៖លោក សុខ ឥសាន អ្នកនាំពាក្យ CPP បានបញ្ជាក់ថា សំណើរបស់លោក លឺ ឡាយស្រេង ដែលផ្ញើថ្វាយព្រះមហាក្សត្រ គឺមានលក្ខណៈលម្អៀង និងជាការចាប់បង្ខំព្រះមហាក្សត្រឱ្យចូលរួមនយោបាយ។ ប៉ុន្តែដើម្បីដោះស្រាយរឿងនេះលោក លឺ ឡាយស្រេង គួរតែណែនាំ ដល់មេដឹកនាំគណបក្សប្រឆាំង ឱ្យចេះគោរពច្បាប់ល្អជាង។ ការបញ្ជាក់បែបនេះ របស់លោក សុខ ឥសាន គឺបន្ទាប់ពីលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្ស ហ្វ៊ុន ស៊ីនប៉ិច បានដាក់លិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំឲ្យព្រះអង្គមានព្រះរាជអន្តរាគមន៍ ដោះស្រាយបញ្ហានយោបាយនៅកម្ពុជា ។
ទាក់ទងលិខិតនោះលោក សុខ ឥសាន ថ្លែងថា លោក លឺ ឡាយស្រេង អ្វីដែលលោកនិយាយគឺគាត់និយាយ តាមមនោសញ្ចេតនាអារម្មណ៍លម្អៀង ទៅរកគណបក្សប្រឆាំង បើយកល្អក្នុងនាមព្រឹទ្ធាចារ្យម្នាក់ដែលដឹងខុសដឹងត្រូវ សូមឱ្យគាត់ណែនាំអ្នកប្រព្រឹត្តល្មើសច្បាប់ ឱ្យឈប់ប្រព្រឹត្តល្មើសច្បាប់ទៅវាច្បាប់ហើយ មិនបាច់អន្តរាគមន៍ដល់ព្រះករុណានោះទេ ។
លោក សុខ ឥសាន បានបន្តថា ព្រះមហាក្សត្រ ទ្រង់មានព្រះរាជតម្រិះរបស់ព្រះអង្គ ហើយមិនអាចនរណាចាប់បង្ខំព្រះអង្គបានទេ បើទ្រង់យល់ថាជារឿងចាំបាច់ព្រះអង្គនឹងមាន ព្រះរាជតម្រិះដោយខ្លួនឯង មិនចាំបាច់នរណាទៅដាស់តឿនទេ ហើយអ្នកខ្លះមានទាំងនិយាយពាក្យមិនសមរម្យជាមួយព្រះករុណាផងធ្វើហាក់ដូចជា ព្រះករុណាទ្រង់មិនស្វែងយល់អ្វីទាំងអស់ ។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ CNRP មួយរូបបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា លិខិតរបស់លោក លឺ ឡាយស្រេង ផ្ញើថ្វាយព្រះមហាក្សត្រនោះគឺធ្វើតាមគំនិតនិងការស្នើសុំពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈដែលគណបក្សនេះ កំពុងជួបបញ្ហាខាងផ្លូវច្បាប់មិនអាចដោះស្រាយបាន ៕
រាជធានីភ្នំពេញ ៖សាលក្រមផ្តន្ទាទោស លោក កឹម សុខា នឹងត្រូវចូលជាស្ថាពរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ប្រសិនបើសាម៉ីខ្លួនមិនប្តឹងឧទ្ធរណ៍។ នេះបើយោងតាមការបញ្ជាក់របស់លោក គឹម សុន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ទាក់ទងសាលក្រមនោះ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ច បានយកលិខិតឲ្យដំណឹងពីសាលក្រម អំពីការ «ផ្តន្ទាទោសដាក់ពន្ធនាគារលោក កឹម សុខា កំណត់០៥ខែ និងពិន័យប្រាក់៨០ម៉ឺនរៀល» ទៅបិទមុខផ្ទះលោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញផងដែរ៕
ខេត្តបាត់ដំបង ៖កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាយដំរាំបានអោយដឹងថា ប្រជាពលរដ្ឋខណៈដើរកាច់អុសនៅវេលាម៉ោង១០.០៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានប្រទះឃើញគ្រាប់មីននិងគ្រាប់កាំភ្លើងមិនទាន់ផ្ទុះប្រភេទធ្ងន់ចំនួន៧គ្រាប់ដោយគ្រាប់មួយចំនួននៅមានប្រសិទ្ធនៅឡើយ ជាប្រភេទគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម។
គ្រាប់មីននិងគ្រាប់កាំភ្លើងខាងលើរួមមានគ្រាប់មីនប្រភេទ៧២ចំនួន១គ្រាប់ គ្រាប់អ៊ឹម៧៩ចំនួន៣គ្រាប់និងគ្រាប់បែកដៃប្រភេទ១២៨២ ចំនួន៣គ្រាប់ ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចបានរាយការណ៍ដល់មន្ត្រីជំនាញស៊ីម៉ាកយកទៅរក្សាទុករងចាំពេលវេលាកម្ទេចចោលបន្ត៕
អាមេរិក ៖ក្មេងស្បែកខ្មៅជនជាតិស្បែកខ្មៅអាយុ១៣ឆ្នាំម្នាក់ត្រូវប៉ូលិសរដ្ឋ Ohio សហរដ្ឋអាមេរិកបាញ់សម្លាប់ បន្ទាប់ពីក្មេងប្រុសនោះ ព្យាយាមទាញកាំភ្លើងខ្យល់ ចេញពីខោរបស់ខ្លួន នៅពេលដែលប៉ូលិសចាប់ខ្លួន។
បើយោងតាមទូរទស្សន៍ប៊ីប៊ីស៊ីចេញផ្សាយ ព័ត៌មាននៅថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា មន្ត្រីប៉ូលិសដែលបានឆ្លើយតបទៅនឹងហេតុការណ៍នេះបាននិយាយថា ខ្លួនបានទទួលនូវព័ត៌មាន ដែលបានប្រាប់ថាមានការកើតឡើង អំពើចោរប្លន់ប្រដាប់អាវុធមួយ នៅក្នុងទីក្រុង Columbus ហើយបន្ទាប់មកគេក៏បានឃើញ ជនសង្ស័យ៣នាក់ ដែលក្នុងនោះមានក្មេងប្រុស នោះម្នាក់ផងដែរ។
ភ្លាមៗនោះបុរស២នាក់ទៀត បានរត់គេចខ្លួនបាត់ នៅពេលដែលក្មេងប្រុស១៣ឆ្នាំនោះ ត្រូវបានប៉ូលីសឃាត់ខ្លួន និងក្រោយមកត្រូវបានបាញ់សម្លាប់ ហើយបានអះអាងថាកាំភ្លើងដែលក្មេងប្រុសនោះ បានប្រើប្រាស់គឺជាកាំភ្លើងខ្យល់ ដែលអាចបង្កការគំរាមកំហែង ដល់អាយុជីវិតប៉ូលីស៕
រាជធានីភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់ CPP ថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្លាំងសមត្ថកិច្ចនឹងចាប់ខ្លួនលោក កឹម សុខា ប្រសិនបើសេចក្តីសម្រេច ចុងក្រោយរបស់តុលាការកំពូល ដោយតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីទុកជាបានការដដែលនេះ។
លោក សុខ ឥសាន អ្នកនាំពាក្យ CPP បានថ្លែងដូច្នេះ ដើម្បីឆ្លើយតបនឹងការប្រកាសរបស់គណបក្សសង្គ្រោះជាតិ អំពីផែនការធ្វើបាតុកម្មប្រឆាំងនឹងសាលក្រមរបស់ តុលាការ ពាក់ព័ន្ធនឹងរឿងក្តីរបស់លោក កឹម សុខា ដែលត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសរយៈពេល៥ខែ និងពិន័យ៨០ម៉ឺនរៀល។
លោក សុខ ឥសាន បានបញ្ជាក់ថា «តាមផ្លូវច្បាប់ប្រសិនបើតុលាការកំពូល និងសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រម របស់សាលាដំបូងបិទផ្លូវតវ៉ា ពេលនោះអាជ្ញាធរនឹងចាត់វិធានការណ៍ចាប់ខ្លួនលោក កឹម សុខា, ហើយប្រសិនបើមានការប្រឆាំងតវ៉ានោះ រាជរដ្ឋាភិបាលនឹងមិន នៅស្ងៀមនោះទេ នឹងធ្វើការបង្ក្រាបហើយ។
អ្នកនាំពាក្យ CPP ដដែលបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបំផ្លាញខ្មែរក្រហមឲ្យរលំរលាយបាន ទាំងអង្គការយោធា និងអង្គការនយោបាយ ចុះទម្រាំបាតុកម្មប៉ុណ្ណឹងធ្វើមិនបានយ៉ាងមិចនោះ ៕
រាជធានីភ្នំពេញ ៖នៅព្រឹកថ្ងៃសុក្រនេះកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកលិខិតឲ្យដំណឹងពីសាកក្រមអំពីការ «ផ្តន្ទាទោសដាក់ពន្ធនាគារលោក កឹម សុខា ទៅបិទមុខផ្ទះលោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សាលក្រមនោះ គឺសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារកំណត់០៥(ប្រាំ)ខែ និងពិន័យជាប្រាក់ចំនួន៨០០.០០០(ប្រាំបីសែ)រៀល ពីបទបដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោសតាមមាត្រា ៥៣៨ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ៕
រាជធានីភ្នំពេញ ៖យ៉ាងហោចណាស់ក្នុងមួយឆ្នាំៗរដ្ធបានខាតបង់ថវិការជាតិខ្ទង់លានដុល្លាពីការលួចយកភ្លើងរបស់រដ្ធទៅបំរើអោយសេវាឯកជន ដែលទង្វើនេះគឺជាអំពើពុករលួយមាន លក្ខណះជាប្រព័ន្ធ។
បើតាមប្រភពពីប្រជាពលរដ្ធរស់នៅក្នុងខណ្ឌឫស្សីកែវនិងព្រែកព្នៅនិយាយថា បច្ចុប្បន្នភ្លើងរដ្ឋនៅក្នុងខណ្ឌទាំងពីរខាងលើនេះ ត្រូវបានមន្ត្រីអគ្គសនីឃុបឃិតគ្នាលួចយកទៅផ្គត់ផ្គង់សេវាឯកជនអោយឈ្មួញផលិតទឹកកកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ប្រជាពលរដ្ឋបានអះអាងថា នៅក្នុងខណ្ឌឫស្សីកែវ និងព្រែកព្នៅមានទីតាំងផលិតទឹកកកចំនួន៣កន្លែងធំៗជារបស់ឈ្មួញមួយរូប(សូមលាក់ឈ្មោះសិន) ដែលគេសង្ស័យថា អាចជាប់ពាក់ព័ន្ធក្នុងការលួចភ្លើងរដ្ឋយកទៅប្រើប្រាស់ខុសច្បាប់ ដោយមានការឃុបឃិតគ្នាពីមន្ត្រីអគ្គិសនីប្រព្រឹត្តអំពើពុករលួយជាលក្ខណៈប្រពន្ធ និងមានឈ្មោះ កែវ រតនា ជាមន្ត្រីPM ដែលត្រូវជាប្អូនបង្កើតលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំផងដែរ ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋ។
ប្រភពដដែលបន្តថា ទីតាំងផលិតទឹកកកទាំង៣កន្លែងខាងលើធ្លាប់ត្រូវបានមន្ត្រីជំនាញផ្នែកអគ្គិសនីចុះ បង្ក្រាបជាច្រើនដងមកហើយនាពេលកន្លងទៅ ប៉ុន្តែរហូតដល់ពេលនេះសិប្បកម្មទឹកកកខាងលើនៅតែអាចដំណើការបានយ៉ាងរលូនដដែលគ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ។ ក្នុងនោះមានទីតាំងផលិតទឹកកកមួយកន្លែងនៅម្តុំខាងលិចផ្សារព្រែកព្នៅ ត្រូវបានខាងមន្ត្រីអគ្គិសនីក្រោមការគ្រប់គ្រងដឹកនាំដោយលោក កែវ រតនៈ ជាអគ្គនាយកយកត្រង់ហ្វូរភ្លើងទៅដាក់ផ្ទាល់ដៃនៅក្នុងដីឡូត៍ទីតាំងផលិតទឹកកកនោះតែម្តងជាហេតុធ្វើអោយមជ្ឈដ្ឋានប្រជាពលរដ្ឋមានការសង្ស័យថា អាចជាការឃុបឃិតគ្នារវាងមន្ត្រីអគ្គិសនី ហើយនិងឈ្មួញឯកជនដើម្បីលួចប្រើប្រាស់ភ្លើងរបស់រដ្ឋខុសច្បាប់ ជាហេតុធ្វើអោយរដ្ឋបាត់បង់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះដែរ លោក កែវ រតនា ដែលប្រភពអះអាងថាគឺជាមន្ត្រីPM និងត្រូវជាប្អូនប្រុសបង្កើតលោកអគ្គនាយកអគ្គិសនីកម្ពុជាដែលធ្វើជាខ្នងបង្អែកអោយឈ្មួញទឹកកកខាងលើនោះ មិនទាន់អាចស្វែងរកសុំការបំភ្លឺបាននៅឡើយទេព្រោះគ្មានលេខទូរស័ព្ទ។
ដោយឡែកលោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ព្រោះទូរស័ព្ទរបស់លោកមិនអាចទទួលការហៅចូលបាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនឹងស្វាគមន៍គ្រប់ពេលវេលាបើសិនជាមានការបកស្រាយណាមួយ។ ចំពោះព័ត៌មានបន្ថែមនិងមានផ្សាយជូនជាបន្តបន្ទាប់ទៀត៕
ប៉ាគីស្ថាន ៖ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រភ្លើងបុកពីរខ្សែបុកគ្នានៅស្រុក Multan ស្ថិតនៅចំកណ្តាល ប្រទេសប៉ាគីស្ថានបានកើនឡើងដល់០៦នាក់ហើយ ខណៈដែល១៥០នាក់ផ្សេងទៀតរង។ នេះបើតាម ការផ្សាយពីសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
មន្ត្រីប៉ូលិសមូលដ្ឋានបាននិយាយថា ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈអ្នករងរបួសភាគច្រើន ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំង។ លោកបន្តថា ការបុកគ្នាបានបណ្តាលឲ្យ ក្បាលរថភ្លើងមួយខ្ទាតចេញពីផ្លូវដែក និងទូររថភ្លើងចំនួន បួនក៏បានរមាលធ្លាក់ចេញពី ផ្លូវដូចគ្នាដែរ។
មន្ត្រីដដែលបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរ បានធ្វើដំណើរពីទីក្រុង Peshawar ភាគពាយ័ព្យឆ្ពោះទៅទីក្រុង Karachi នៃភាគខាងត្បូងប្រទេស បានបុកនឹងរថភ្លើង ដឹកទំនិញដែលទើបតែធ្វើដំណើរបាន ១៥នាទី ប៉ុណ្ណោះចេញពីស្ថានីយ Multan ស្ថិតនៅក្នុងស្រុក Multan នៃខេត្ត Punjab៕
ខេត្តព្រះសីហនុ ៖នៅព្រឹកមិញនេះ ក្រុមអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធខេត្តព្រះសីហនុ ដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ បានចុះទៅរុះរើរៀបចំសណ្តាប់ធ្នាប់ និងដេញអាជីវករចេញពីផ្សារកងកេង ទៅលក់នៅផ្សារស្មាច់ដែងវិញ បន្ទាប់ពីមានបណ្តឹងរបស់អាជីវករចំនួន៨៨នាក់ បានសម្រេចដកថយវិញបន្ទាប់ពីមានការតវ៉ាពី អាជីវករនៅផ្សារកងកេងប្រមាណជិត២០០នាក់ ដោយអះអាងថាមិនមានអាជីវករចំនួន៨៨នាក់ តាមបណ្តឹងដែលបានប្តឹងនោះទេ៕
ខេត្តកំពង់ធំ ៖សពនារីវ័យក្មេងម្នាក់ត្រូវបានប្រជាពលរដ្ឋ ក្នុងភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ប្រទះឃើញអណ្តែតទឹក ដោយអាក្រាតល្វែងក្រោម បន្ទាប់ពីក្រុមគ្រួសារ និងសមត្ថកិច្ចកំពុងស្វែងរក ខណៈនារីខាងលើ បានបាត់ខ្លួនក្នុងទឹកស្ទឹង នៅចំណុចមុខរោងចក្រចាស់ ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ។
ពាក់ព័ន្ធហេតុការណ៍ខាងលើនេះ សមត្ថកិច្ចនគរបាល ក្រុងស្ទឹងសែនបានឱ្យដឹងថា សពដែលគេប្រទះឃើញ មានឈ្មោះ ហ សធ អាយុ២៣ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ត្រូវបានគេប្រទះឃើញ បន្ទាប់ពីបានបាត់ខ្លួន ២ថ្ងៃកន្លងទៅ។
ទាក់ទងហេតុការណ៍នេះ ត្រូវបានសមត្ថកិច្ច អះអាងថា ជាករណីលង់ទឹកស្លាប់ ដោយសារសារធាតុស្រវឹង ការអះអាងយ៉ាងដូច្នេះ គឺផ្អែកលើការបញ្ជាក់ ពីក្រុមសមត្ថកិច្ចជំនាញប ច្ចេកទេស និងវេជ្ជបណ្ឌិត ដែលបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ។ ប៉ុន្តែព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះ និងប្រុសស្នេហ៍ ឈ្មោះ ប រ ដែលមកស្នាក់នៅ បណ្តោះអាសន្នក្នុងភូមិនេះ ព្រមទាំងមិត្តភក្តិ ប្រុសស្នេហ៍ ៣-៤នាក់ បាននាំគ្នាផឹកស្រា នៅចំណុចវាលមាត់ស្ទឹង មុខរោងចក្រចាស់ ហើយអ្នកទាំងពីរខាងលើ បាននាំគ្នា ចូលគុម្ពោតរពាក់បាត់ គេសង្ស័យថា ពួកគេនាំគ្នា ទៅលេងល្បែងស្នេហ៍ក្តៅសាច់ មួយសន្ទុះ ហើយពួកគេ ក៏បាននាំគ្នាមកវិញ បន្ទាប់ពីរួចរាល់។
ពួកគេបន្តផឹកស៊ីទៀត មួយសន្ទុះធំ ពួកគេក៏នាំគ្នា ចុះក្នុងទឹកស្ទឹងម្តង ដែលចំណុចនេះ គេមិនដឹងថា ពួកគេចុះទៅ បន្តល្បែងក្តៅសាច់ក្នុងទឹក ដើម្បីប្តូររសជាតិ ឬពួកគេ ចុះងូតទឹកនោះឡើយ ស្រាប់តែមួយសន្ទុះធំ ភាគីប្រុសស្នេហ៍ ក៏បានរត់ឡើងលើគោកវិញ ទាំងត្រហេបត្រហប ហើយនារីជាដៃគូ ក៏បាត់ខ្លួនជាមួយខ្សែទឹកហូរ រឹមៗបាត់ទៅ៕
Posts navigation
មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍