រាជធានីភ្នំពេញ៖នៅវេលារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចចម្រុះឡោមព័ទ្ធ និងចាប់ក្រុមចោរប្លន់ចំនួន៣នាក់ មានប្រុសមានស្រីដែលសម្ងំលាក់ខ្លួនក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មើសុខ រិទ្ធី អាយុ២៦ឆ្នាំ ២-ឈ្មោះដាវីត អាយុ១៨ឆ្នាំ និង៣-នារីឈ្មោះឃុន ផៃ អាយុ១៦ឆ្នាំ ហើយក៏ជាសង្សារជនឈ្មោះដាវីតផងដែរ។ យ៉ាងណាក៏ដោយ ដែលខណៈពេលនេះ កម្លាំងកំពុងស្រាវជ្រាវបន្តចាប់បក្សពួកចោរប្លន់បន្តទៀត៕


រាជធានីភ្នំពេញ៖ជនសង្ស័យម្នាក់ បានចូលទៅភ្ជង់ប្លន់យកទូរស័ព្ទ ចំនួន៧គ្រឿងពីអ្នកលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នាវេលាម៉ោងជាង១រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ។ សកម្មភាពនោះត្រូវបានគេចាត់ទុកថា ជាចោរថ្លើមធំមែន ។
សាក្សីនៅកន្លែងកើតហេតុនិយាយថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿងប្រដាប់ដោយសាក់កាដូមួយ បានទៅឈប់នៅមុខតូប លក់ទូរស័ព្ទ។ ពេលនោះជនសង្ស័យបានដើរចូលទៅហើយ បានទាញកាំភ្លើងខ្លីមួយដើម ទៅភ្ជង់ជនរងគ្រោះ តែម្តង ហើយក៏ប្រញ៉ាប់ប្រញ៉ាល់ប្រមូលទូរស័ព្ទចំនួន៧គ្រឿង ប្រុងរត់គេចខ្លួន ប៉ុន្តែពេលរៀបឡើងម៉ូតូនោះស្រាប់តែ កម្លាំងនគរបាលល្បាតនៅក្បែរនោះ លឺសំឡេងជនរងគ្រោះស្រែក ក៏ចុះទៅជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យភ័យរត់ចោលម៉ូតូ ហើយកាន់កាំភ្លើងជាប់ដៃ ចូលទៅក្នុងផ្សារនាគមាសបាត់។
យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំង នគរបាលកំពុងធ្វើការឡោមព័ទ្ធតាមចាប់ជនសង្ស័យរូបនេះយកមកផ្តន្ទាទោស៕



រាជធានីភ្នំពេញ៖ជនជាតិរ៉ូម៉ានីម្នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅថ្ងៃទី១៨ ខែសីហា ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ប្រភេទកូកាអ៊ីនជិត៥គីឡូក្រាម ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
ជនសង្ស័យមានឈ្មោះ VARADI ADRIAN-CALIN ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិរ៉ូម៉ានី និងម្នាក់ទៀតឈ្មោះ CHUKWUE MEKA អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ។ សមត្ថកិច្ចបញ្ជាក់ថា នសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃឃាត់ខ្លួនជាក់ស្ដែង កាលពីរសៀលថ្ងៃទី១៤ ខែសីហា នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយដឹកជញ្ជូនចេញពីប្រទេសប្រេស៊ីល ចូលមកកម្ពុជាតាមជើងយន្តហោះ QR970៕


ខេត្តត្បូងឃ្មុំ៖បុរសម្នាក់ត្រូវបានជនសង្ស័យ៣នាក់នាំគ្នាព្រួតវាយរហូតដល់ស្លាប់ក្រោយពេលផឹកស៊ីជាមួយគ្នារួច ហើយមូលហេតុនៃអំពើហិង្សានេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកអះអាងថា ជនរងគ្រោះបានជេរប្រពន្ធជនដៃដល់ម្នាក់ក្នុងចំណោម៣នាក់ខាងលើ ហើយត្រូវបានប្តីគេខឹង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ និង00 នាទីព្រលប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចឡឥដ្ឋឈ្មោះ ហេង សំបូ ហៅលីម នៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុក-ខេត្តត្បូងឃ្មុំ។
អធិការរងផែនព្រហ្មទណ្ឌនៃនគរបាលស្រុកត្បូងឃ្មុំ លោក ឡុង សារិន បានបញ្ជាក់ឲ្យបានដឹងថា ដំបូងយើងទទួលពត៍មានថា មានជនល្មើសមិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពវាយសម្លាប់ ជនរងគ្រោះឈ្មោះ ណំ លឹមហុង អាយុ ៣៩ ឆ្នាំ មុខរបរកម្មឡឥដ្ឋ មានទីលំនៅភូមិរកាឃ្នួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ក្នុងខណៈពេលជនរងគ្រោះស្រវឹងស្រា ដើរម្នាក់ឯង។
លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានដូចខាងលើ កំលាំងសមត្ថកិច្ច ជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជីរោទី២ ចុះស្រាវជ្រាវស៊ើបអង្កេត ដល់កន្លែងកើតហេតុ ហើយឈានទៅ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ ទី១ ឈ្មោះ លី យ៉ាស់យ៉ាសកម្ម អាយុ ២៦ឆ្នាំ ភេទប្រុស មុខរបកម្មករ នៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទី២ ឈ្មោះ នូ សុផាត អាយុ ៣១ឆ្នាំ ភេទប្រុស នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំនាំមកអធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅតុលាការ វិនិច្ឆ័យតាមច្បាប់។
លោកអធិការរងក៏បានបញ្ជាក់ដែរថា ករណី នេះត្រូវបានជនសង្ស័យសារភាពថាមូលហេតុក្រុមខ្លួនព្រួតវាយសំលាប់ជនរងគ្រោះគឺដោយសារជនរងគ្រោះមុនស្លាប់ប៉ុន្មានម៉ោងជេប្រពន្ធរបស់ ឈ្មោះ នូ សុផាត(ជេស្រី)៕



បាល់ទាត់៖ខ្សែបម្រើស្លាបរបស់ក្លិបកញ្ជ្រោងព្រៃ Leicester City កីឡាករ Riyad Mahrez បានចុះកិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំបន្ថែមទៀតឲ្យក្រុមមួយនេះ។
កីឡាករអន្តរជាតិអាល់ហ្សេរីរូបនេះ ធ្លាប់មានទំនាក់ទំនងក្នុងផ្លាស់ចេញពីក្លិបនៅរដូវក្តៅនេះ ប៉ុន្តែឥឡូវនេះ គាត់បាននិយាយថា អនាគតរបស់និងបន្តនៅក្លិបម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League រហូតដល់ឆ្នាំ២០២០។
Mahrez ស៊ុតបញ្ចូលទីបានចំនួន១៧គ្រាប់ ក្នុងការបង្ហាញខ្លួន១១លើកចុងក្រោយជួយកក្រុមកញ្ជ្រោងឈ្នះពានរង្វាន់ជើងឯក ក្របខ័ណ្ឌ Premier League ជាប្រវត្តិសាស្ត្ររបស់ក្លិប ។ Mahrez ក៏បានជាប់ជាកីឡាករល្អពីសមាគមកីឡាបាល់ទាត់អាជីពប្រចាំឆ្នាំនៅចុងរដូវកាល។
យ៉ាងណាមិញ លោក Claudio Ranieri បាននិយាយបញ្ជាក់ថា កីឡាករផ្សេងៗជាទៀតបានបន្តកិច្ចសន្យាថ្មីជាមួយក្រុមមួយនេះរួចមកហើយរួមមាន Wes Morgan , Jamie Vardy, Kasper Schmeichel និង Andy King ជាដើម៕

ស៊ីរី៖អង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍ថាអាជ្ញាធរស៊ីរីកំពុងធ្វើទារុណកម្ម “ទ្រង់ទ្រាយធំ” ក្នុងពន្ធនាគាររបស់រដ្ឋាភិបាលដោយរួមមានដូចជាការវាយដំ ការឆក់ខ្សែភ្លើង ការរំលោភសេពសន្ថវៈនិងការរំលោភបំពានផ្លូវចិត្ត។អង្គការនេះបានចោទប្រកាន់ថា នេះគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អង្គការឃ្លាំមើលមួយនេះបាននិយាយក្នុងរបាយការណ៍មួយថា មនុស្សជាង១៧.៧០០នាក់ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ក្នុងកន្លែងឃុំឃាំងនៅប្រទេសស៊ីរីចាប់តាំងពីជម្លោះរបស់ប្រទេសនេះបានចាប់ផ្តើមក្នុងខែមិនាឆ្នាំ២០១១ដែលជាមធ្យមមានមនុស្សជាង៣០០នាក់បានស្លាប់ជារៀងរាល់ខែ។
អ្នកណាម្នាក់ដែលគេមើលឃើញថាជាគូប្រជែងរបស់រដ្ឋាភិបាលគឺត្រូវប្រឈមនឹងហានិភ័យនៃការឃុំខ្លួន ធ្វើទារុណកម្មនិង បាត់ខ្លួនឬស្លាប់នៅក្នុងកន្លែងឃុំឃាំង។ នេះបើយោងតាមអង្គការលើកលែងទោស។
អង្គការនេះបានអះអាងថា របាយការណ៍នេះគឺផ្អែកលើបទសម្ភាសន៍ជាមួយអ្នកនៅរស់ពីការធ្វើទារុណកម្មចំនួន៦៥នាក់ដោយភាគច្រើនជាជនស៊ីវិលដែលបានរៀបរាប់អំពីការរំលោភបំពានដ៏រន្ធត់និងលក្ខខណ្ឌឃោរឃៅនៅក្នុងមណ្ឌលឃុំឃាំងរបស់ទីភ្នាក់ងារចារកម្មនិងពន្ធនាគារយោធា Saydnaya ដែលស្ថិតនៅជិតដល់ក្រុងដាម៉ាស៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៥លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់៤នាក់ និងរបួសស្រាលម្នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន៨គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង យានផ្សេងៗចំនួន១គ្រឿង និងអ្នកថ្មើរជើង១នាក់។ របាយការណ៍ខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ, និងមិនប្រកាន់ស្តាំ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៦នាក់ (យប់២នាក់)។
ជាមួយគ្នានេះនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៩៦១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៣១២គ្រឿង និងពិន័យសរុបចំនួន១៦៤៩គ្រឿង៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៦នាក់ និងដកហូតមេតំហ្វេតាមីន (ice) ៥.៩៥ក្រាម, ៥កញ្ចប់ធំ និង៣៩កញ្ចប់តូច។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ នគរបាលកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, ព្រះសីហនុ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, មណ្ឌលគីរី បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់៕

រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ប្រចាំថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕

បរទេស៖លោក Joao Havelange អតីតប្រធាន FIFA និងជាសមាជិក IOC បានទទួលមរណភាពហើយកាលពីយប់មិញនេះក្នុងអាយុ១០០ឆ្នាំ។
លោក Joao Havelange បានចូលមកកាន់កាប់តំណែងជាប្រធាន FIFA ក្នុងឆ្នាំ១៩៧៤ ដល់ ១៩៩៨និង ធ្លាប់ជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពីឆ្នាំ១៩៦៣ដល់ឆ្នាំ ២០១១ ហើយលោកក៏បានលាលែងពីតំណែងដោយសារតែបញ្ហាសុខភាព។ ក្រោយមកលោកបានសម្រេចចិត្តលាលែងពីតំណែងប្រធានកិត្តិយសរបស់ FIFA នៅខែមេសា ឆ្នាំ ២០១៣ ដោយមានការស៊ើបអង្កេតរឿងពុករលួយត្រូវបានចូលមន្ទីរពេទ្យមួយឆ្នាំដោយសារតែជំងឺសួត។
គួរបញ្ជាក់ថា ក្នុងនាមលោកជាប្រធាន FIFA បានផ្លាស់ប្តូរការប្រកួត World Cup ដែលពីមុនមានតែ ១៦ ក្រុមឡើងរហូតដល់៣២ក្រុមផងដែរ៕

បាល់ទាត់៖ក្លឹបហង្សក្រហម Liverpool បានចេញមុខមកបដិសេធសំណើរបស់ក្លិបឥន្ទ្រីខៀវ Crystal Palace ក្នុងដេញថ្លៃ ៣០ លានផោន សម្រាប់ខ្សែប្រយុទ្ធ Christian Benteke។
ក្លិបឥន្ទ្រីខៀវ Crystal Palace បានដាក់តម្លៃ២៣ លានផោនបូករួមទាំងថ្លៃប្រាក់រង្វាន់៧ លានផោន តែក្លិបហង្សក្រហម Liverpool រុញចោលនូវសំណើទាំងស្រង់របស់ក្រុមឥន្ទ្រីខៀវ។
កីឡាវ័យ២៥ឆ្នាំមិនបានជាប់ជាកីឡាករជម្រើសដំបូងច្រើននោះទេក្រោយលោក Jurgen Klopp ចូលដឹកនាំកាលពីខែតុលាកន្លែទៅ ហើយនបច្ចុប្បន្ននេះកំពុងតែចង់ចាកចេញពីក្រុមមួយនេះបន្ទាប់ពីមានក្រុមជាច្រើនចង់រូបគេយកទៅរួមក្រុម។
គួរបញ្ជាក់ដែរថា Benteke បានផ្លាស់មកកាន់ក្លឹប Liverpool ក្នុងតម្លៃ ៣២.៥ លានផោន កាលពីខែកក្កដា ២០១៥ ក្រោយការដឹកនាំរបស់លោក Brendan Rodgers ព្រមទាំងរកបាន ១០ គ្រាប់៕

រុស្ស៊ី៖រុស្ស៊ីបានប្រើប្រាស់ប្រទេសអ៊ីរ៉ង់ធ្វើជាមូលដ្ឋានមួយដើម្បីបើកការវាយប្រហារអាកាសប្រឆាំងពួកសកម្មប្រយុទ្ធស៊ីរី ពង្រីកយុទ្ធនាការអាកាសរបស់ខ្លួនក្នុងប្រទេសស៊ីរី និងបង្កើនការចូលពាក់ព័ន្ធរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា។
នៅក្នុងទង្វើមួយដែលបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ក្រុងមូស្គូជាមួយក្រុងតេអេរ៉ង់ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយប្រភេទ Tupolev-22M3 និង Sukhoi-34 របស់រុស្ស៊ីបានប្រើប្រាស់មូលដ្ឋានអាកាស Hamadan របស់អ៊ីរ៉ង់ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសស៊ីរី។
វាជាលើកដំបូងហើយដែលប្រទេសរុស្ស៊ីបានប្រើទឹកដីនៃប្រទេសផ្សេងក្រៅពីស៊ីរីដើម្បីបើកការវាយប្រហារបែបនេះចាប់តាំងពីវិមានក្រឹមឡាំងបើកយុទ្ធនាការទម្លាក់គ្រាប់បែកមួយដើម្បីគាំទ្រលោកប្រធានាធិបតីស៊ីរី Bashar al-Assad ក្នុងខែកញ្ញាឆ្នាំមុន។
ការដាក់ពង្រាយនៅអ៊ីរ៉ង់នឹងបង្កើនរូបភាពរបស់រុស្ស៊ីជាតួអង្គកណ្តាលនៅក្នុងតំបន់មជ្ឈិមបូព៌ានិងអនុញ្ញាតឲ្យកងទ័ពអាកាសរុស្ស៊ីកាត់បន្ថយពេលវេលាហោះហើរហើយបង្កើនការទម្លាក់គ្រាប់បែក។
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ដែលបាននិយាយថា រដ្ឋាភិបាលទីក្រុងតេរ៉ង់និងមូស្គូនាពេលឥឡូវនេះកំពុងចែករំលែកទីតាំងជាមួយគ្នា។
ប្រទេសទាំងពីរសុទ្ធតែគាំទ្រលោក Assad ។ បន្ទាប់ពីពន្យាពេល រុស្ស៊ីបានផ្គត់ផ្គង់ឲ្យអ៊ីរ៉ង់នូវប្រព័ន្ធការពារមីស៊ីល S-300 របស់ខ្លួនដើម្បីបង្ហាញជាភស្ដុតាងនៃការកើនឡើងភាពជាដៃគូ ។
ទំនាក់ទំនងរវាងទីក្រុងតេរ៉ង់និងមូស្គូកាន់តែកក់ក្តៅចាប់តាំងពីអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងមួយកាលពីឆ្នាំមុនជាមួយមហាអំណាចពិភពលោកដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការលើកលែងទណ្ឌកម្មផ្នែកហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុបនិង សហរដ្ឋអាមេរិក៕

ខេត្តបន្ទាយមានជ័យ៖កម្មករខ្មែ២នាក់ដែលស៊ីឈ្នួលធ្វើស្មៅដំឡូងឲ្យថៃនៅស្រុកអារញ្ញប្រាថេតខេត្តសា កែវប្រទេសថៃត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធម៌កាលពីម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។ លុះនៅវេលាម៉ោង១២យប់រំលងអធ្រាត្រថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៦នេះសពជនរងគ្រោះទាំង២នាក់ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានសហការគ្នាជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនសព ពលករកម្ពុជា តាមច្រកទ្វារតំបន់ស្រុកម៉ាឡៃដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
លោកវរ:សេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានឲ្យដឹងថាសពជនរងគ្រោះទាំង២នោះមានឈ្មោះ អេង ដេត ភេទប្រុស អាយុ ២៥ឆ្នាំ ២មានឈ្មោះ អេង ណា ភេទប្រុស អាយុ២០ឆ្នាំ ទាំងពីរនាក់ មានទីលំនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកវរ:សេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ឲ្យដឹងទៀតថាសពទាំង២នាក់មានមុខរបរជាកម្មករធ្វើស្មៅដំឡូងឲ្យថៃនៅស្រុកអារញ្ញប្រាថេត ខេត្តសាកែវ ប្រទេសថៃមុនពេលកើតហេតុនោះជនរងគ្រោះបានទៅជំរះស្មៅឲ្យថៃជាធម្មតាស្របពេលនោះមានភ្លៀងអមទៅដោយរន្ទះផងក៏បានបាញ់បុរសទាំង២នាក់នេះស្លាប់តែម្តង។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះសពនេះជារឿងមួយគួរឲ្យសោកស្តាយជាទីបំផុត៕



មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍