នេប៉ាល់៖អាជ្ញាធរក្នុងតំបន់និយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ពីលើផ្លូវ ហើយបន្តធ្លាក់ចុះពីលើភ្នំមួយបណ្តាលឲ្យមនុស្ស៣៣នាក់ និង៣៥នាក់ផ្សេងទៀតរងបរួស នៅក្នុងស្រុក Kavrepalanchok ប្រទេសនេប៉ាល់ ។ នេះបើតាមសារព័ត៌មានស៊ិនហួ។
អនុប្រធានការិល័យមន្ត្រីស្រុក លោក Bhim Kanta Sharma បានឲ្យដឹងថា មានក្រុមអ្នកធ្វើដំណើរ ៣៥នាក់ទៀត បានទទួលរងរបួស ហើយកំពុងត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅកាន់រដ្ឋធានី Kathmandu ដើម្បីទទួលការព្យាបាល ដែលមានចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។លោកបញ្ជាក់ថា ចំនួននៃអ្នកស្លាប់ អាចនឹងមានការកើនឡើង។
ទោះជាយ៉ាងណាមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយនោះទេ។ រថយន្តក្រុងនេះ បានធ្លាក់ប្រមាណជាង៣០០ម៉ែត្រ ចុះពីលើភ្នំ៕


រាជធានីភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការសម្របសម្រួល ពីតំណាងអយ្យការ បានបន្តយុទ្ធនាការចុះឃាត់ខ្លួនកម្មករជនជាតិចិន១៩០នាក់ នៅការដ្ឋានសំណង់ Sino Great Wall នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានថ្លែងថា ការឃាត់ខ្លួនពួកគេនេះ គឺមូលហេតុដោយសារតែពួកគេបានលួចឆ្លងដែន ស្នាក់នៅ និងធ្វើជាកម្មករសំណង់ដោយខុសច្បាប់ ក្នុងការដ្ឋានសំណង់ Sino Great Wall មួយនេះ។ លោកបញ្ជាក់ថា ជនបរទេសទាំងអស់កំពុងស្ថិតក្រោមការត្រួតពិនិត្យ ឯកសារ លិខិតឆ្លងដែន ទិដ្ឋាការ និងសៀវភៅការងារ ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍៕


រាជធានីភ្នំពេញ៖នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៥ករណី ឃាត់ខ្លួនមនុស្ស១៦នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៣នាក់ មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ៣.១៨ក្រាម ៤កញ្ចប់ធំ និង២២កញ្ចប់តូច-កូកាអ៊ីន (cocaine) ៤គីឡូក្រាម។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់ និងនគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួន៦នាក់៕

រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៩នាក់ រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២៣គ្រឿង រួមមានម៉ូតូចំនួន១៨គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំ១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ស្រវឹង, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, មិនប្រកាន់ស្តាំ និងប្រជែង ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២២នាក់ (យប់១៤នាក់)។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,៩៨៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២៣៦គ្រឿង និងពិន័យសរុបចំនួន១,៧៥២គ្រឿង ៕

រាជធានីភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍សម្រាប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕

ដោយ៖សុខណាត
មណ្ឌលគិរី៖នៅយប់ថ្ងៃទី១៣វេលាម៉ោង១២ និង៤០នាទីឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦មានករណីឪពុកបានចាប់រំលោភកូនខ្លួនឯងបង្កើតបានសំរេចនៅលើផ្ទះរបស់ខ្លួនតែម្តង។ ករណីចាប់រំលោភនេះកើតឡើងនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ជនសង្ស័យដែលជាឪពុកបង្កើតមានឈ្មោះ តុត ព្រុត ភេទប្រុស អាយុ៥៦ ឆ្នាំជនជាតិព្នង រស់នៅភូមិរវាក់ឃុំរយ៉ ស្រុកកោះញែក ខេត្ត មណ្ឌលគិរី។ រីឯជនរងគ្រោះមានឈ្មោះ ព.រ ភេទស្រី អាយុ២២ឆ្នាំរស់នៅភូមិឃុំខាងលើដូចគ្នាបាននិយាយរាប់ប្រាប់អោយដឹងថា នៅវេលាម៉ោង១២យប់ឪពុករបស់ខ្លួនបានចាប់រំលោភរហូតបានសំរេច ហើយនៅពេលនោះខ្លួនក៏បានរត់ចេញពីផ្ទះទៅពួនសំងំនៅចំការក្បែរភូមិកើតហេតុ។ លុះព្រឹកឡើងនាងក៏បានដើរចេញពីចំការសំដៅទៅរកផ្លូវធំក៏បានជួបប្រជាពលរដ្ឋជិះម៉ូតូក៏សុំដោយសារដើម្បីទៅដាក់ពាក្យបណ្តឹងតែម្តង។
បើយោងតាមសំដីរបស់លោក វរសេនីយត្រី ខ្លូត សុឃា អធិការស្រុកកោះញែកបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ព.រ គឺពិតជាត្រូវឪពុកបង្កើតចាប់រំលោភដូចដែលនាងបានរៀបរាប់មកពីខាងលើពិតប្រាកដមែន។ លោកបានបន្តទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយភ្លាមនោះលោកក៏បានដឹកនាំកំលាំងចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់តែម្តង ហើយបានឃាត់ខ្លួនជនសង្ស័យនៅផ្ទះរួចនាំមកសួរបំភ្លឺនៅអធិការស្រុក កោះញែក។
ក្រោយពីការសួនាំរបស់លោកវរសេនីយត្រី ខ្លូត សុឃា អធិការស្រុកកោះញែក ជនសង្ស័យឈ្មោះ ពុត ព្រុត បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនបង្កើតពិតប្រាកដមែន។
ក្រោយពីសួរនាំចប់លោកបានបញ្ជួនសុំណុំរឿងបន្តទៅស្នងការខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ប៉ែនសុផល
បាត់ដំបង៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះបានបញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់តុលាការពាក់ព័ន្ធក្នុងករណីជួញដូរថ្នាំញៀនដោយខុសច្បាប់។
លោកស៊ាន សុណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានប្រាប់អោយដឹងថា៖កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធទៅនឹងករណីជួញដូរថ្នាំញៀនក្នុងបទល្មើសជាក់ស្ដែងបានចំនួន៣នាក់កាលពីវេលាម៉ោង២២-៤៥នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិអូរចារ សង្កាត់អូចារ ក្រុងបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួនមាន៖ទី១ឈ្មោះ កែវ លីហេងភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី២ឈ្មោះស្រេង ម៉ារ៉ាឌី ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។ ទី៣ឈ្មោះភួង សុគន្ធា ហៅខួច ភេទស្រី អាយុ១៧ឆ្នាំរស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
វត្ថុតាងដកហូតបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៧កញ្ចប់=១៧-៨៤ក្រាម ទូរស័ព្ទដៃចំនួន៣គ្រឿង ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន១គ្រឿង ដែកកេះចំនួន៤និងសម្ភារះកែច្នៃសំរាប់ជក់និងវិចខ្ចប់ថ្នាំញៀនលក់មួយចំនួនទៀត។
ដោយឡែកអធិការស្រុកកំរៀងឃាត់ខ្លួនបានចំនួន២នាក់ក្នុងបទល្មើសជាក់ស្ដែងកាលពីវេលាម៉ោង១១ និង០០នាទី កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១ឈ្មោះសាយ រ៉ូ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅក្រុមទី១៤ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ទី២ឈ្មោះហៀង សុខន ហៅង៉ោល ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាwy)ចំនួន៤គ្រាប់ និងប្រភេទម្សៅក្រាមពណ៌ស ចំនួន១កញ្ចប់តូចផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនកសាងសំណុំរឿងនិងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕




ដោយ៖ប្រុញ វិធិន
ក្រចេះ៖ រថយន្តសាំងយ៉ុងដឹកឈើប្រណិតប្រភេទធ្នង់ បម្រុងលោតឆត្រ័យកទៅលក់នៅខេត្តត្បូងឃ្មុំ និងប្រទេសវៀតណាមមួយគ្រឿង ត្រូវកម្លាំងសម្ថកិច្ចចម្រុះ ចុះបង្ក្រាប់បាននៅស្រុកសំបូរ កាលពីម្សិលមិញនេះ ។
លោក ផេង លូង នាយរងសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានអោយដឹងថា ដោយមានការសហការគ្នារវាង កម្លាំងស្នាក់ការសន្តិសុខ៧០៨ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើសណ្ដាន់ ដឹកនាំដោយលោក លីម ចន្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ បានចុះបង្ក្រាបរថយន្តសាំងយ៉ុងដឹកឈើប្រណីត ១គ្រឿង កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំនុចភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
លោក បន្តថា ឈើប្រណីតទាំងនោះ ជាប្រភេទឈើធ្នង់ មានចំនួន ៨២ដុំ និងឈើសុក្រំ ប្រភេទលេខ១ ចំនួន ១០សន្លឹក ស្មើនឹងជាង ២ម៉ែត្រគូប។
លោក នាយរងសង្កាត់ បន្តទោយដឹងទៀតថា រថយន្តសាំងយ៉ុង និងវត្ថុតាងខាងលើ ត្រូវបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្ត។
លោក ផេង លូង នាយរងសង្កាត់ បញ្ជាក់ថា នៅក្នុងរយៈពេល៤ថ្ងៃជាប់ៗគ្នានេះ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែសីហានេះ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប់រថយន្តដឹកបទល្មើសព្រៃឈើបានចំនួន ៤គ្រឿង តាមផ្លូវជាតិលេខ៧ នៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ៕




រាជធានីភ្នំពេញ៖នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍សហការជាមួយនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានចុះបង្ក្រាបជនជាតិចិនចាប់ជំរិតតាមប្រព័ន្ធអ៊ិនធើរណេត និងឃាត់ខ្លួនបាន៦នាក់ នៅភូមិគ្រឹះលេខ២៤ ផ្លូវលេខ២ ក្នុងបូរីពិភពថ្មី នៅទល់មុខសាលាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ភ្នាក់ងាររាយការណ៍ថា ក្នុងចំណោមជនជាតិចិនទាំង៦នាក់នោះ គឺមានស្ត្រី២នាក់ ហើយសមត្ថកិច្ចក៏បានអូសឧបករណ៍អេឡិចត្រូនិកសម្រាប់ប្រព្រឹត្តបទល្មើសចាប់ជំរិតមួយចំនួន៕


រាជធានីភ្នំពេញ៖មកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់ប្អូនជីដូនមួយតារាសម្តែង ខៀវ សុខារ៉ាវី កាលពីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រភពដដែលបានបន្តថាជនសង្ស័យទាំងបីនាក់នេះមានពីរនាក់ជាសាច់ញាត្តិរបស់អតីតតារាសម្តែងខៀវសុខារ៉ាវី(ម្ចាស់ហាងមីនីម៉ាត)ពីព្រោះក្រោយកើតហេតុភ្លាមៗរូបគេនៅទីនោះ។ដូច្នេះកម្លាំងអាវុធហត្ថក៍ធ្វើការឃាត់ខ្លួនតែម្តងជាមួយជនសង្ស័យម្នាក់ទៀត ។ បើទោះបីម្តាយខៀវសុខារ៉ាវីបានអះអាងថាកូនប្រុសរបស់គាត់មិនមែនជាឃាតកបាញ់សម្លាប់ជនរងគ្រោះក៏ដោយ ។ សមត្ថកិច្ចអះអាងថា ការឃាត់ខ្លួនជនសង្ស័យគឺតាមរយះកាមេរ៉ាសុវត្ថិភាព និងភស្តុតាងមួយចំនួនទៀត ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីឃាតកម្មនេះបានកើតឡើងនៅម៉ោង ប្រមាណ៩៖១៥នាទី យប់ថ្ងៃទី១៣ ខែសីហាឆ្នាំ២០១៦ស្ថិតនៅហាងមីនីម៉ាតផ្ទះលេខ165Eoផ្លូវព្រះស៊ីសុវត្ថិខណ្ឌដូនពេញក្បែរផ្សារាត្រី។តាមដំណើររឿងមុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល៨យប់ ជនរងគ្រោះ ឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ កំពុងអង្គុយផឹកស្រាបៀរតែម្នាក់ឯងនៅមុខម៉ាត។ លុះដល់វេលាម៉ោង ៨៖៣០នាទី ទៅម៉ោង៩ ស្រាប់តែមានជនមិនស្គាល់មុខ ពី៤ទៅ៥នាក់ បានសម្រុកចូល ទៅក្នុងម៉ាត ដោយមានអាវុធគ្រប់ដៃ និងអាយកូមគ្រប់ដៃ។
ប្រភពបានបន្តថាភ្លាមៗនោះជនបង្កបានរុញជនរងគ្រោះចូលទៅក្នុងម៉ាតរួចបាញ់ពីរគ្រាប់ទៅលើជនរងគ្រោះនិងបាញ់មួយគ្រាប់ទៀតចំជញ្ជាំងបណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកេតុមាលាមុនយកសពទៅតម្កល់ទុកនៅវត្តចាស់ខណ្ឌជ្រោយចង្វារ។
ក្រោយបាញ់សម្លាប់ជនរងគ្រោះហើយជនល្មើសមិនបានទៅណាទេថែមទាំងនៅជជែកជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ទៀតផង។ ដូច្នេះកម្លាំងអាវុធហត្ថ ក៏បានឃាត់ខ្លួន ឈ្មោះ ខៀវ ថនវណ្ឌឌី ប្អូនប្រុសបង្កើត ខៀវ សុខារ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ សឺន ច័ន្ទណារិណ អាយុ២៣ឆ្នាំ បុគ្គលិកនៅក្នុងម៉ាត ព្រមទាំងជនម្នាក់ទៀត ៕

ញូវយ៉ក៖តាមផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះបន្តិចបានឲ្យដឹងថា មានករណីផ្ទុះមួយនៅក្នុងអាកាសយានដ្ឋាន JFK Airport ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ហើយអ្នកដំណើរត្រូវបានជម្លៀស ចេញរកកន្លែងសុវត្ថិភាព។
សាក្សីនៅក្នុងអាកាសយានដ្ឋាន បានរាយការណ៍មកថា បានឮសំឡេងស្នូរគ្រាប់កាំភ្លើង នៅក្នុងច្រកចេញដំណើរ Terminal 8 នៅវេលាម៉ោង ៩និង៣០នាទីយប់ (ត្រូវនឹងម៉ោង ៨ និង៣០នាទីព្រឹក ម៉ោងនៅកម្ពុជា)។ ក្រោយពីទទួលបានព័ត៌មាននេះ ប៉ូលិសបានជម្លៀសអ្នកដំណើរចេញ និងស្វែងរកជនសង្ស័យ ប៉ុន្តែប៉ូលិសមិនបានបញ្ជាក់ថា ពិតជាមានករណីដូចសេចក្ដីរាយការណ៍នោះឡើយ។
អ្នកដំណើរមួយចំនួនបានបង្ហោះសារនៅលើ Twitter ថា ជើងហោះហើរបស់ពួកគេត្រូវបានបង្វែរទៅកាន់អាកាសយានដ្ឋានផ្សេង ខណៈដែលប៉ូលិសជាច្រើនបាននិងកំពុងតែធ្វើការស៊ើបអង្កេត ហើយផ្លូវមួយចំនួននៅក្បែរអាកាសយានដ្ឋានត្រូវបានបិទ៕

រាជធានីភ្នំពេញ៖សមត្ថកិច្ចបានឃាត់ខ្លួនក្រុមអ្នកតវ៉ាពាក់អាវខ្មៅចំនួន៤នាក់ នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីពួកគេនៅតែប្រមូលប្តុំគ្នាតវ៉ាសម្រាប់ថ្ងៃចន្ទពណ៌ខ្មៅ ក្នុងគោលបំណងបន្តទាមទារ ឲ្យដោះលែងអគ្គលេខាធិការរង គណៈកម្មាធិការ ជាតិរៀប ចំការបោះឆ្នោត(គ.ជ.ប)និងមន្ត្រីសិទ្ធិមនុស្ស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៤នាក់។
សកម្មជនដីធ្លីនោះ មកពីសហគមន៍បុរីកីឡាចំនួន៨នាក់ កូនក្មេងប្រហែល១០នាក់ ដែលដឹកនាំដោយឈ្មោះ ស ស៊ន និងឈ្មោះភោគ សុភីន បាននាំគ្នាប្រមូលផ្តុំនៅមុខអគារទី៩ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
សមត្ថកិច្ចឲ្យដឹងថា សកម្មជនដែលត្រូវឃាត់ខ្លួនទាំង៤នាក់រួមមាន ៖ ឈ្មោះស ស៊ន ភេទស្រីអាយុ៥៧ឆ្នាំ , ឈ្មោះភោគ សុភីន ភេទស្រី , ឈ្មោះណាត ស្រីណាក់ ភេទស្រី , ឈ្មោះនូ សាត ភេទប្រុស ជាសមាជិកCNRPសង្កាត់អូរឫស្សីទី១ខណ្ឌ៧មករា៕


កុងហ្គោ៖មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់៤២នាក់ត្រូវបានសម្លាប់នៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីថ្ងៃអាទិត្យនៅក្នុងអ្វីដែលរដ្ឋាភិបាលរៀបរាប់ថាជាការសម្លាប់រង្គាលមួយដើម្បីសងសឹកចំពោះប្រតិបត្តិការយោធានៅក្នុងតំបន់នេះ។
អ្នកនាំពាក្យកងទ័ព Mak Hazukay បាននិយាយថា ការវាយប្រហារនោះត្រូវបានធ្វើឡើងដោយកងកម្លាំងសម្ព័ន្ធមិត្តប្រជាធិបតេយ្យ (ADF) ដែលជាក្រុមប្រដាប់អាវុធឥស្លាមមួយនៃប្រភពដើមអ៊ូហ្គង់ដា។ លោក Hazukay បាននិយាយទៀតថា ពួកឧទ្ទាម ADF បានចៀសវាងទីតាំងកងទ័ព ហើយមកនិងសម្លាប់រង្គាលប្រជាជនដើម្បីជាការសងសឹកចំពោះប្រតិបត្តិការយោធានៅក្នុងតំបន់នេះ។
ក្រុមនេះមានវត្តមាននៅប្រទេសកុងហ្គោរយៈពេលជាងពីរទសវត្សរ៍មកហើយនិងត្រូវបានគេចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្លា។ ជនរងគ្រោះត្រូវបានគេប្រទះឃើញក្នុងសង្កាត់ Rwangoma នៅជាយក្រុង Beni ។ នេះបើយោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលគឺលោក Lambert Mende ។
គួរបញ្ជាក់ថា ការសម្លាប់នេះបានកើតឡើងបីថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Joseph Kabila បានធ្វើដំណើរទៅកាន់តំបន់នេះហើយសន្យាថានឹងធ្វើអ្វីគ្រប់យ៉ាងក្នុងអំឡុងពេលកាន់អំណាចរបស់ខ្លួនដើម្បីនាំមកនូវសន្តិភាពនិងសន្តិសុខជូនប្រទេស៕

ខេត្តកែប៖ស្ដ្រីភ្ញៀវទេសចរជនជាតិបារាំង៣នាក់ អាយុប្រហែល២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនអស់មួយយប់ នៅក្នុងព្រៃភ្នំកែប ប៉ុន្តែពួកគេត្រូវបានកម្លាំងនគរបាល និងកម្លាំងប្រតិបត្តិការរកឃើញវិញហើយ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅកន្លែងលក់សំបុត្រចូលឧទ្យានកែប ខេត្តកែប។
ទាក់ទិនករណីនេះ ស្នងការនគរបាលខេត្តកែប លោក អី សំអុល បានឲ្យដឹងថា តាមការបញ្ជាក់ពី ឈ្មោះ អ៊ុយ សារ៉ាត់ ម្ចាស់ម៉ូតូកង់បីដែលដឹកភ្ញៀវទេសចរខាងលើ បានប្រាប់ថា ម៉ោង១៦ និង២០នាទី គាត់បានដឹកភ្ញៀវស្រីបារាំងទាំងបីនាក់ ទៅភ្នំកែបលុះដល់កន្លែងលក់សំបុត្រចូលឧទ្យានកែបពួកគេចុះដើរ បំណងទៅមើលថ្ងៃលិចនៅទីនោះ ដោយបានសន្យាឲ្យគាត់ទៅចាំទទួល ពួកគេនៅច្រកចេញពីខាងកើតភ្នំ។
លោកស្នងការបានបញ្ជាក់ថា ផ្លូវនេះប្រវែង៨គីឡូម៉ែត្រ លុះដល់ម៉ោង១៨ និង០០ គាត់ទៅចាំនៅគោលដៅណាត់ តែមិនឃើញភ្ញៀវបរទេសនោះ ត្រឡប់មកវិញ ក្រោយមកគាត់បានមកប្ដឹងនគរបាលខេត្ត ប្រចាំឆ្នេរកែបឲ្យជួយរក។ ក្រោយទទួលបានព័ត៌មានភ្លាម លោកបានមកដល់គោលដៅចាត់តាំងកម្លាំងប្រចាំការនៅស្នងការដ្ឋាន កម្លាំងប្រចាំឆ្នេរកែប សហការជាមួយឧទ្យានុរក្ស ដែលមានកម្លាំងរួម២០នាក់ ចេញរុករក សារចុះសារឡើង ច្រើនលើកដល់ម៉ោង១ និង០០រំលងអធ្រាត្រ តែមិនទាន់បានឃើញទេ ដោយសារយប់ងងឹតពិបាកមើល។
លោកឧត្តមសេនីយ៍ត្រី បន្ថែមទៀតថា លុះព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ត្រីជនជាតិបារាំង ដែលបាត់ពីយប់មិញត្រូវបានរកឃើញវិញហើយ ដោយពួកគេវង្វេងនៅក្នុងព្រៃ ហើយដេកក្នុងព្រៃភ្នំកែបពេញមួយយប់។ ក្រោយរកឃើញស្ដ្រីភ្ញៀវបរទេសទាំង៣នាក់ ត្រូវបានបញ្ជូនតាមរបស់សមត្ថកិច្ចមកសម្រាក់ នៅផ្ទះសំណាក់នៅកំពតវិញផងដែរ។
ករណីដូចគ្នានេះ បានកើតឡើងម្តងហើយ ដោយក្រុមគ្រួសារជនជាតិបារាំងមានគ្នា៤នាក់ និងមេគ្គុទេសន៍ទេសចរណ៍ម្នាក់បានវង្វេងផ្លូវបាត់ខ្លួនក្នុងតំបន់ទេសចរណ៍ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ហើយត្រូវបានអាជ្ញាធររុករកឃើញត្រឡប់មកវិញ៕


មូស្គូ៖យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហានេះបានឲ្យដឹងថា ទីបញ្ជាការធំរបស់ក្រុមឧទ្ទាម ISIS នៅក្នុងទីក្រុង Deir ez-Zor ប្រទេសស៊ីរី ត្រូវបានយន្តហោះចម្បាំងទម្លាក់គ្រាប់បែកធន់ធំរបស់រុស្ស៊ីបានវាយកម្ទេច។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានថ្លែងឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ប្រភេទ Tu-22M3 ចំនួន ៦គ្រឿង បានបើកការវាយប្រហារតាមដែនអាកាសទៅលើក្រុមឧទ្ទាម ISIS ដោយក្នុងនោះបានវាយកម្ទេចទីបញ្ជាការធំរបស់ ISIS ចំនួនពីរកន្លែង ដែលមានទីតាំងផ្ទុករំសេវចំនួន៦កន្លែង, រថក្រោះ២គ្រឿង, រថយន្តដឹកទ័ព៤គ្រឿង, កាំភ្លើងយន្ត រួមនឹងអាវុធយុទ្ធភណ្ឌផ្សេងៗជាច្រើនទៀត៕

មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍