រាជធានីភ្នំពេញ៖នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវជនសង្ស័យ៣នាក់ប្រដាប់ដោយកាំភ្លើងប្លន់យកម៉ូតូ ជិះរត់គេចដោយសុវត្ថិភាព ដែលករណីនេះកើតឡើងនៅវេលាម៉ោង០១ និង៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឯមសិក្សាបឹងត្របែក ផ្លូវលេខ១៣៥ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះមានឈ្មោះ អាហ្សា ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាអ្នកបំរើការងារនៅ KTV។ តាមការឲ្យដឹងពីនារីរងគ្រោះបានបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាក លេខបន្ទាយមានជ័យ 1A-5513 ចេញពីធ្វើការ លុះជិះមកដល់ចំណុចកើតហេតុក៏មាន ជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងពីក្រោយ ហើយស្រែកឲ្យនាងឈប់ បើមិនឈប់ពួកវានឹងបាញ់សម្លាប់។ ដោយភ័យពេក នាងក៏បានឈប់ម៉ូតូ ហើយជនសង្ស័យបានប្លន់យកម៉ូតូ ជិះចេញដោយសុវត្ថិភាពតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែង កើតហេតុបានត្រឹមតែមកដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍ផ្សារដើមថ្កូវ ដើម្បីសួរនាំ និងកំណត់មុខសញ្ញាតែប៉ុណ្ណោះ៕

រាជធានីភ្នំពេញ៖រថយន្ត២គ្រឿងបើកក្នុងល្បឿនលឿនដូចគ្នាបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្ត១គ្រឿងជ្រុលទៅបុកទម្លុះទ្វាររូត២ជាន់បុកចូលទៅផ្ទះលក់កាហ្វេ គុយទាវ បណ្ដាលឲ្យម្ចាស់ផ្ទះភ័យស្ទើរលស់ព្រលឹងគ្រប់ៗគ្នា។ ហេតុការណ៍នេះកើតឡើងនាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចំណុចនៅចំណុចផ្ទះលក់កាហ្វេ គុយទាវ យីហោ វេង លី ផ្លូវលេខ៤៣២កែងនឹងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា មុនកើតហេតុគេបានឃើញរថយន្តទាំងពីរគ្រឿង ដែលមួយគ្រឿងម៉ាក ស៉ីណា ពណ៌ស ស្លាកលេខភ្នំពេញ 2AC-8209 បានជ្រុលទៅបុកចូលផ្ទះ លក់បាយ និងគុយទាវត្រង់ផ្លូកែង និងមួយគ្រឿងទៀម៉ាកបាឡែន ពណ៌ប្រផេះ ដែលជ្រុះស្លាកលេខ ភ្នំពេញ 2AG-6525 បានបើករត់បាត់។
ប្រភពដដែលបានបន្តទៀតថា រថយន្តទាំង២ ខាងលើបើកបរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៤៣២ លុះបើកមកដល់ផ្លូវកែងនឹងផ្លូវ១៦៣ ធ្វើឲ្យរថយន្តទាំង២ បុកគ្នាយ៉ាងពេញទំហឹងតែម្តង ដែលបណ្តាលឲ្យរថយន្តបាឡែន ជ្រុះស្លាកលេខនៅកន្លែងកើតហេតុ បើករត់បាត់ រឺឯរថយន្តស៉ីណាវិញ បានជ្រុលទៅបុកចូលផ្ទះ ដែលបើកលក់បាយគុយទាវ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតទ្វារផ្ទះមួយផ្ទាំងធំ និងខូចខាតម៉ូតូ៣គ្រឿង ។
ក្រោយកើតហេតុរថយន្តស៊ីណា ដែលបុកចូលផ្ទះគេ ត្រូវបានចរាចរណ៍ស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ រីឯរថយន្តបាឡែន ដែលជ្រុះស្លាកលេខ នៅកន្លែងកើតហេតុ ហើយព្យាយាមបើករត់ គឺសមត្ថកិច្ចនឹងស្រាវជ្រាវ រករថយន្តនិងម្ចាស់រថយន្ត នោះដើម្បីមកដោះស្រាយគ្នានៅពេលក្រោយ៕



រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៦នេះ តុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការពេញទាំងមូល។ ការសម្រេចនេះ ធ្វើឡើងដោយកំបាំងមុខជនជាប់ចោទទាំង៣នាក់ តែចាត់ទុកជាចំពោះមុខ ។
ជនជាប់ចោទក្នុងសំណុំរឿងនេះ រួមមានលោក ថោង សារ៉ាត់ ហៅជិន អាយុ៣៨ឆ្នាំ អតីតមានងារជាឧកញ៉ា និងជាម្ចាស់បុរី៩៩៩ ឪពុកឈ្មោះ ថោង ចំរើន ហៅ តាំង ចំរើន អាយុ៦៣ឆ្នាំ និង ម្តាយឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ។
គួរបញ្ជាក់ថា លោក ថោង សារ៉ាត់ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និង ឪពុកម្ដាយ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ចំនួន១១ដើម ប្រព្រឹត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្ទះលេខ៩២១ ផ្លូវលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ៕

ខេត្តពោធិ៍សាត់៖ក្មេងស្រីអាយុ៤ឆ្នាំ ម្នាក់បានពុលដំឡូងមីស្លាប់គួរអាសូរនៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីពុលដំឡូងមីស្លាប់នេះ ឈ្មោះ រ៉ា ស្រីលក្ខ័ មានឪពុកឈ្មោះ ជា រ៉ា អាយុ៥៣ឆ្នាំ និងមានម្តាយឈ្មោះ នួន សារ៉ន អាយុ៥០ឆ្នាំ ពួកគាត់មានកូន២នាក់ ប្រុសម្នាក់ និងម្នាក់ទៀត ជាជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារនេះតែងតែស្ងោរដំឡូងមីហូបរៀងរាល់២-៣ថ្ងៃម្តង មិនដែលពុលទេ ទើបតែយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កុមារីរងគ្រោះ ហូបរួចក៏ក្អួតចេញដំឡូងមីមកវិញអស់ ហើយគ្រួសារស្មានថាមិនអី ក៏ឲ្យផឹកទឹកឃ្មុំហើយនាំគ្នាដេកទៅ លុះដល់ម៉ោង១រំលងអធ្រាត្រថ្ងៃទី១៤ ខែសីហា ទើបដឹងថា កូនស្រីបានស្លាប់បាត់ទៅហើយ៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងសមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់ មនុស្ស ១៤នាក់ (ស្រី១នាក់) ក្នុងនោះមុខសញ្ញាជួញដូរ ១០នាក់ និងមុខសញ្ញាប្រើប្រាស់ ៤នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ២២,៣៥ក្រាម, ១កញ្ចប់ធំ និង៤៣កញ្ចប់តូច។
យោងតាមរបាយការណ៍នគរបាលជាតិបានបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. មន្ទី បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ២២,៣៤ក្រាម, ទី២. ភ្នំពេញ បង្រា្កប ១ករណីឃាត់ខ្លួន៣នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ១០កញ្ចប់តូច, ទី៣. កណ្ដាល បង្រា្កប ៣ករណីឃាត់ខ្លួន៥នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង៣៣កញ្ចប់តូច, ទី៤. សៀមរាប បង្រា្កប ១ករណី ឃាត់ខ្លួន ៤នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ០,០១ក្រាម៕

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់ ៦នាក់ និងរបួសស្រាល ២នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន ១១គ្រឿង រួមមាន ម៉ូតូ ចំនួន៦គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង និងរថយន្តធុនធំ ចំនួន២គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក, ស្រវឹង ២លើក (ស្លាប់ ២នាក់), មិនគោរពសិទ្ធិ ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់៤នាក់) ។
ជាមួយគ្នានោះម្សិលមិញនេះលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមានចំនួន ២ ៣៥៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១ ០៧៤គ្រឿង និងពិន័យសរុប ចំនួន ១ ២៨២គ្រឿង៕

រាជធានីភ្នំពេញ៖ព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ដោយបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕

ដោយ៖ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ឈើគ្រញូងដែលជាប្រភេទឈើដ៏មានតម្លៃ និងស្ទើរតែផុតពូជនៅក្នុងទឹកដីកម្ពុជាទៅហើយនោះ ក្នុងទឹកដីខេត្តស្ទឹងត្រែងនៅតែមានក្រុមឈ្មួញធ្វើសកម្មភាពលួចដឹកជញ្ជូនតាមរថយន្ដទំនើបៗទៅលក់នៅវៀតណាមជាបន្តបន្ទាប់ បើទោះបីជាមានការទប់ស្កាត់ពីសំណាក់សមត្ថកិច្ចជំនាញយ៉ាងណាក៏ដោយ។
ជាក់ស្តែងនៅថ្ងៃទី១៣ ខែសីហា ២០១៦កន្លងទៅនេះ ខាងកម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចេញធ្វើការបង្ក្រាបនិងឃាត់រថយន្ត០១គ្រឿង ដែលផ្ទុកឈើប្រណិតប្រភេទឈើគ្រញូងចេញពីភូមិសាស្ត្រគីឡូម៉ែត្រលេខ៨ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដើម្បីយកទៅលក់នៅទីផ្សារគោលដៅ តែលុះមកដល់
ចំនុចជិតគល់ស្ពានសេកុង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ធ្វើការប្រដេញតាមពីក្រោយនិងបានឃាត់ជាប់នៅក្នុងក្រុងស្ទឹងត្រែង ខណៈដែលក្រុមឈ្មួញបានបើករថយន្ដរត់គេចចូលក្នុងដីឡូរបស់ប្រជាពលរដ្ឋនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
បើតាមមន្ត្រីនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបរថយន្ដដឹកបទល្មើសខាងលើនេះ គឺខាងកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចាប់បានតែឈើក្រញូងចំនួន១៩ដុំតែប៉ុណ្ណោះ ចំណែករថយន្ដនិងមនុស្សមិនត្រូវបានឃាត់ខ្លួននិងដកហូតនោះឡើយ ព្រោះខណៈនោះបទល្មើសត្រូវបានទម្លាក់ចោល រីឯរថយន្តក៏ត្រូវបានក្រុមឈ្មួញបើករត់គេចខ្លួនបានដោយសុវត្ថិភាព ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា រថយន្ដដែលក្រុមឈ្មួញដឹកបទល្មើសឈើក្រញូងនោះ ត្រូវបានខាងសមត្ថកិច្ចចំណាំយ៉ាងច្បាស់ថា ជាប្រភេទរថយន្តលុចស៊ីស៤៧០ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2K.5454ផងដែរ ។
បច្ចុប្បន្ន ឈើគ្រញូងចំនួន១៩ដុំ ត្រូវបានរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញ៕



ខេត្តក្រចេះ៖កម្លាំងនគរបាលស្រុកស្នួល និងកម្លាំងនគរបាលអន្តរាគមន៍ជាច្រើននាក់បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបមុខសញ្ញាមេខ្លោង ជួញដូរគ្រឿងញៀនបានពីរនាក់ ក្នុងនោះមានម្នាក់ជាស្ត្រីជនជាតិវៀតណាម និងដកហូតបានគ្រឿងញៀនចំនួន៣៥កញ្ចប់តូច-ធំ និងមធ្យម។
អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ទោ ចាន់ សុគីម បានឲ្យដឹងថា បន្ទាប់ពីមានការចុះស្រាវជ្រាវ និងកំណត់លើមុខសញ្ញា ជនសង្ស័យច្បាស់ កម្លាំងនគរបាលក្រោមការ ដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រី លន់ សុផាត នៅព្រលប់ថ្ងៃទី១២ សីហាបានបើក ប្រតិបត្តិការបង្ក្រាបលើមុខសញ្ញាជនសង្ស័យបានម្នាក់ឈ្មោះ ស៊ុន ពណ្ណារ៉ា ហៅរ៉ា អាយុ៣២ឆ្នាំ ជាមុសញ្ញាជួញដូរ គ្រឿងញៀន រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។
ក្រោយការចាប់ខ្លួនកម្លាំងនគរបាលបានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកកបានចំនួន៦កញ្ចប់ មាន១កញ្ចប់ធំ ២កញ្ចប់ មធ្យមនិង២កញ្ចប់តូច។ លោកវរសេនីយ៍ទោ បានបញ្ជាក់ឲ្យ ដឹងទៀតថា ក្រោយពីនគរបាលបានឃាត់ខ្លួនជនសង្ស័យរូបនេះមកសាកសួរ កម្លាំងនគរបាលក្រោមការសម្របសម្រួល ពីស្ថាប័នអយ្យការ ក៏ឈានទៅឃាត់ខ្លួនបន្តលើស្ត្រីជនជាតិវៀតណាមម្នាក់ទៀតឈ្មោះ ង្វៀង ធីវៀង អាយុ២៧ឆ្នាំ នៅនិងលំនៅឋានក្នុង ឃុំស្នួល ស្រុកស្នួល និងបានឆែក ឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកក២៩កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំ ២កញ្ចប់មធ្យម ២២កញ្ចប់តូច និងថ្នាំញៀនគ្រាប់ចំនួន៣គ្រាប់ ព្រមទាំងសម្ភារសម្រាប់ម្រើឲ្យការជួញដូរ បានមួយ ចំនួនធំ។
ជនសង្ស័យលើករណីជួញដូរគ្រឿងញៀន ទាំងពីរនាក់ ដែលទើបតែបង្ក្រាបបាន គឺនគរបាលជំនាញ ស្រុកកំពុងតែសាកសួរ និងមាន វិធានការកសាងសំណុំរឿង ព្រមទាំងវត្ថុតាងគឿងញៀនដែលបានចាប់រឹបអូសបញ្ជូនទៅស្នងការដ្ឋាន ដើម្បីមានចំណាត់ការបន្ត៕


រាជធានីភ្នំពេញ៖នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះកម្លាំងនគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់មនុស្ស១៨នាក់ ក្នុងនោះមុខសញ្ញាជួញដូរ១៤នាក់ និងមុខសញ្ញាប្រើប្រាស់៤នាក់ រឹបអូសមេតំហ្វេតាមីន (ice) ១២.៣ក្រាម, ៩កញ្ចប់ធំ និង៣កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ១.៧១ក្រាម និង១០៨០គ្រាប់។
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួននៅ៖ ភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, កំពង់ចាម បង្ក្រាប២ករណីឃាត់ខ្លួន៦នាក់, សៀមរាប បង្ក្រាប៣ករណីឃាត់ខ្លួន ៦នាក់, កោះកុង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, បន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕

ដាម៉ាស់៖ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS បានចាប់មនុស្សចំនួន២,៥០០នាក់ធ្វើជាចំណាប់ខ្មាំងនៅខេត្តភាគខាងជើងប្រទេសស៊ីរី ដើម្បីជម្លៀសកងកម្លាំងរបស់ខ្លួនចេញពីតំបន់នោះ ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិហួរ។
បើតាមប៉ូលិសស៊ីរីបាននិយាយ ពួកសកម្មប្រយុទ្ធយកជនស្លូតត្រង់ទាំងនោះធ្វើជា ខែលការពារ រួចកម្លាំងរបស់ពួកវាក៏ចាប់ផ្តើមដកចេញពីតំបន់ Manbej ភាគខាងជើង ប្រទេសស៊ីរី ដែលស្ថិតនៅក្បែរព្រំដែន ប្រទេសតួកគី នោះតែម្តង។ រថយន្តពួក ISIS សរុបជាង ៥០០គ្រឿង បានដឹកសុទ្ធតែក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិលដែលត្រូវបាន ពួកគេចាប់ជាចំណាប់ខ្មាំងចំនួន ២,៥០០នាក់។
គួរបញ្ជាក់ថា ISIS បានថមថយកម្លាំងជាខ្លាំងនៅតំបន់ Manbej នៃខេត្ត Aleppo ភាគខាងជើងប្រទេសស៊ីរី ដែលជាទីតាំងចុងក្រោយ របស់ពួកគេនៅក្នុងតំបន់ ដែលជាប់នឹង ព្រំដែនតួកគីនេះ៕

រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់១១នាក់ និងរបួសស្រាល១២នាក់។
របាយការណ៍ដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំចំនួន៤គ្រឿង ។ របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, ស្រវឹង, កត្តាយានយន្ត, ងងុយដេក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់១០នាក់)។
នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៤,០៩៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,៧៥៣គ្រឿង និងពិន័យសរុបចំនួន ២,៣៤៦គ្រឿង៕

រាជធានីភ្នំពេញ៖ស្ថានភាពកម្ពស់ទឹកនៅតាមបណ្តាស្ថានីយជលសាស្ត្រនានាសម្រាប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦នេះ រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕

រាជធានីភ្នំពេញ៖កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ សាលារាជធានីភ្នំពេញ ចេញសេចក្តីប្រកាសជាបន្ទាន់មួយ បានស្នើឲ្យគណបក្សសង្គ្រោះជាតិ បញ្ឈប់ជាបន្ទាន់រាល់សកម្មភាព ពាក់ព័ន្ធយុទ្ធនាការពណ៌ខ្មៅ ជារៀងរាល់ថ្ងៃច័ន្ទ ចាប់ពីពេលនេះតទៅ។
ការប្រកាសរបស់សាលារាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅគណបក្សសង្គ្រោះជាតិនឹងចូលរួមគាំទ្រយុទ្ធនាការស្លៀកពាក់ខ្មៅ ជារៀងរាល់ថ្ងៃច័ន្ទ ដើម្បីទាមទារឲ្យមានការដោះលែងសកម្មសិទ្ធិមនុស្ស ក៏ដូចជាសកម្មជននយោបាយដែលកំពុងជាប់ពន្ធនាគារ។
នៅក្នុងលិខិត ផ្ញើជូនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សាលារាជធានីភ្នំពេញ បានចាត់ទុកថា «ការប្រកាសចូលរួមរបស់គណបក្សប្រឆាំងនេះ គឺជាការបំផុស ញុះញង់ កៀរគរកម្លាំងអង្គការ សមាគមក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលជាទង្វើខុសច្បាប់ បង្កឲ្យមានការចលាចលក្នុងសង្គម និងមានចរិកផ្ទុយពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល»៕

រាជធានីភ្នំពេញ៖លោក នេត សាវឿន បានព្រមានដកមេប៉ុស្តិ៍នគរបាលខេត្តព្រៃវែង ចំនួន៧នាក់ ដែលមិនសកម្មការងារ ឬការងារខ្សោយរួមទាំងឥរិយាបថមិនសូវល្អ ។ ប៉ុន្តែលោកបញ្ជាក់ថា ទុករយះពេល២ខែ ដើម្បីឲ្យមេប៉ុស្តិ៍ទាំង៧នាក់នោះ កែប្រែកំហុសខាងលើសិន។
យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា លោកនាយឧត្តមសេនីយ៍នៅក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្តព្រៃវែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ បានមានប្រសាសន៍ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧ ដែលខ្សោយ ទី១.ប៉ុស្តិ៍នគរបាល រដ្ឋបាលអំពិលក្រៅ, ទី២.ប៉ុស្តិ៍នគរបាល រដ្ឋបាលឫស្សីសាញ់, ទី៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា, ទី៤.ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរទ្រេត, ទី៥.ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្ជ្រៀច, ទី៦.ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោងខាងត្បូង និងទី៧.ប៉ុស្តិ៍នគរបាល រដ្ឋបាលកំពង់សឹង្ហ ។ ចំណុចដែលខ្សោយនោះ ទី១. ការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ទី២.កម្មវិធីការងារអត់ច្បាស់លាស់ និងទី៣. ការឆ្លើយតបជាមួយប្រជាពលរដ្ឋ មានភាពយឺតយ៉ាវ ។
លោកនាយឧត្តមសេនីយ៍ បានបន្ថែមថា ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ត្រូវរុញពីខ្សោយឲ្យឡើងទៅមធ្យម ទី១.ពង្រឹងការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ទី២.ត្រូវមានកម្មវិធី ការងារច្បាស់លាស់, ទី៣.ប្តូរឥរិយាបទទំនាក់ទំនង ឆ្លើយតបជាមួយប្រជាពលរដ្ឋ, ទី៤.ពង្រឹងជំនាញនគរបាលប៉ុស្តិ៍។ ជាមួយគ្នានោះ លោក ក៏បានជំរុញឲ្យស្នងការ និងអធិការស្រុក-ក្រុង បញ្ចុះកម្លាំងរបស់ខ្លួន ទៅជួយប៉ុស្តិ៍ នគរបាលរដ្ឋបាល ណាដែលខ្វះខាតកម្លាំងផងដែរ៕


មេគង្គប៉ុស្តិ៍លើបណ្តាញសង្គម
ព័ត៌មានគួរចាប់អារម្មណ៍