ជប៉ុន​អនុម័ត​ឲ្យ​ប្រើ​ថ្នាំ Remdesivir ​ព្យាបាល​អ្នកជំងឺ​កូ​វិដ​១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2020 ក+ ក-

​តូ​ក្យូ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជប៉ុន​លោក Katsunobu Kato បាន​និយាយថា ប្រទេស​ជប៉ុន​បានអនុម័ត​ឲ្យ​ប្រើ​ថ្នាំ Remdesivir សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វិដ​១៩ ជា​លើកដំបូង​នៅក្នុង​ប្រទេស​។ នេះ​បើ​យោង​តាមប្រភព​ពី Reuters​។​

​ក្រសួងសុខាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹងថា​ថ្នាំពេទ្យ Remdesivir ដែលផលិតដោយក្រុមហ៊ុន​អាមេរិក​ឈ្មោះ Gilead Sciences នឹងត្រូវ​គ្រូពេទ្យ​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ទៅលើ​អ្នកជំងឺ COVID-19 ដែលមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ ថ្នាំ​នេះ​គឺជា​ថ្នាំ​ដំបូង​បំផុត ដែល​ទទួលបាន​ការអនុញ្ញាត​ជា​ផ្លូវការ​នៅ​ជប៉ុន ដើម្បី​ព្យាបាល COVID-19 ខណៈ​កាលពី​សប្តាហ៍​មុន វា​ត្រូវបាន​អាជ្ញាធរ​ជំនាញ​ផ្នែក​ឱសថ​របស់​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ ក្នុងករណី​បន្ទាន់​សម្រាប់ COVID-19​។​

​គួរ​ជម្រាប​ថា ក្នុងប្រទេស​ជប៉ុន មាន​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប​ចំនួន​១៥,៥៧៤​នាក់ ក្នុងនោះ​ស្លាប់​៥៩០​នាក់​។ អ្នកជា​សះស្បើយ​មាន​ចំនួន ៤.៥៨៧​នាក់​៕