មន្ត្រី​រាជរដ្ឋាភិបាល​អះអាងថា គ្មាន​ករណី​ចាប់ខ្លួន​លោក កឹម សុខា ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ទោះបីជា​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​បំផុស​ឲ្យ​មាន​ភាព​ជ្រួលច្របល់ និង​បំផ្ទុះ​កំហឹង​ដល់​អ្នកគាំទ្រ ទាក់ទង​ការប្រឈមមុខ​នឹង​តុលាការ​របស់លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ រហូត​មានការ​អះអាងថា តុលាការ​នឹង​ចាប់ខ្លួន​លោក កឹម សុខា នៅ​ថ្ងៃទី​០៩ ខែកញ្ញា​នេះ ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បានចេញ​មុខមក​អះអាងថា សំណុំរឿង​លោក កឹម សុខា មិនទាន់​ឈានដល់​ការចាប់ខ្លួន​នោះទេ ។​
​ផ្តល់​បទ​សម្ភាស៍​ជាមួយ​អ្នកសារព័ត៌មាន នាពេល​ថ្មីៗ នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា នឹង​គ្មាន​ការចាប់ខ្លួន​លោក កឹម សុខា ដូច​ការព្រួយបារម្ភរ​បស់​មនុស្ស​មួយចំនួន​នោះឡើយ បើទោះបី​សាលក្រម​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៦​ខាងមុខនេះ សម្រេច​ផ្តន្ទាទោស​រូបលោក​ក៏ដោយចុះ ។​
​លោក គឹម សន្តិភាព បាន​ថ្លែង​អះអាងថា តាម​អ្វីដែល​យើង​បានដឹង​នោះ នៅពេលនេះ លោក កឹម សុខា ស្ថិតក្នុង​ឋានៈ​ជា​ជនជាប់ចោទ ក្នង​បទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បទល្មើស​នេះ​អាច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន​រៀល​ទៅ​១​លាន​រៀល​»​។ ហេតុនេះ​នៅពេល​ជំនុំជម្រះ ជាគោលការណ៍​តុលាការ​មិនអាច​សម្រេច​ផ្តន្ទាទោស​លើសពី​កម្រិត​ទោស ដែល​បានកំណត់​ក្នុង​ច្បាប់​នោះឡើយ​។ ចឹ​ង​ករណីនេះ​ជនជាប់ចោទ​អាច​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ក្នុង​ចន្លោះ​ពី​១​ខែ ទៅ ៦​ខែ​តែប៉ុណ្ណោះ ។​
​លោក គឹម សន្តិភាព បាន​បញ្ជាក់ថា បើ​តុលាការ​សម្រេច​ផ្តន្ទាទោស​រយៈពេល​ក្រោម ១​ឆ្នាំ​បែបនេះ យោងតាម​មាត្រា​៣៥៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ តុលាការ​មិនអាច​ចេញ​នូវ​សេចក្តីសម្រេច​ពិសេស​ណាមួយ​ទាក់ទង​នឹង​ការឃុំខ្លួន ឬ​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​បានទេ ទោះ​មាន​វត្តមាន​ជនជាប់ចោទ ឬ មិនមាន​វត្តមាន​ជនជាប់ចោទ​ក្នុងពេល​សវនាការ​នោះ​ក៏ដោយ ។ លោក​បន្តថា ប្រសិនបើ​តុលាការ​ចេញប្រកាស​សាលក្រម​នៅ​ថ្ងៃ​៩ ខាងមុខ សម្រេច​អំពី​ការផ្តន្ទាទោស​លើ​ជនជាប់ចោទ​ក៏ដោយ ក៏​សាលក្រម​នេះ​ពុំទាន់​ចូល​ជា​ស្ថាពរ​នៅឡើយ ដែល​មិនអាច​អនុវត្ត​ភ្លាម​បាន​នោះទេ គឺ​លុះណាតែ​សាលក្រម​ចូល​ជា​ស្ថាពរ ទើប​តុលាការ​អាចអនុវត្ត​សេចក្តីសម្រេច ដែល​បានកំណត់​តាម​សាលក្រម​ស្ថាពរ​នេះ ។​
​លោក គឹម សន្តិភាព បាន​លើកយក​មាត្រា​៣៨២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ បញ្ជាក់ថា ក្នុងករណី​មាន​វត្តមាន​ជនជាប់ចោទ​ក្នុងពេល​សវនាការ​សាលក្រម​នោះ ជា​សាលក្រម​ចំពោះមុខ ដែល​ទុក​រយៈពេល ១​ខែ សម្រាប់​បណ្តឹង​ឧ​ទ្ទ​រណ៍ គិតពី​ថ្ងៃ​ប្រកាស​សាលក្រម ។ ប៉ុន្តែ​បើ​ក្នុងករណី​ពុំមាន​វត្តមាន​ជនជាប់ចោទ​ក្នុងពេល​សវនាការ តែ​ជនជាប់ចោទ​ទទួលបាន​ការជូនដំណឹង​ត្រឹមត្រូវ​តាមច្បាប់ សាលក្រម​នោះ ជា​សាលក្រម​ចាត់ទុក​ចំពោះមុខ ដែល​ទុក​រយៈពេល ១​ខែ សម្រាប់​បណ្តឹង​ឧ​ទ្ទ​រណ៍ គិតពី​ពេល​ទទួលដំណឹង​អំពី​សាលក្រម ។​
​ទាក់ទង​ករណី​លោក កឹម សុខា នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្មាន​ថ្ងៃនេះ បានរៀបចំ​ជើង​ព្រួយ​យ៉ាងរឹងមាំ ដើម្បី​ការពារ​លោក កឹម សុខា ព្រោះតែ​ខ្លាច​តុលា​ការចេញ​ដីកាចាប់ខ្លួន​លោក កឹម សុខា ។ ទន្ទឹម​នោះ​នៅ​ទីស្នាក់ការ CNRP គេ​ឃើញ​មាន​អ្នកគាំទ្រ​បាន​មកជា​បន្តបន្ទាប់​តាម​ការអំពាវនាវ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ៕

fn-2016-06-09-11-04-01-0